បណ្ណាល័យ
អោមណៃ


សេចក្ដី​ផ្ដើម​អំពី គម្ពីរ​អោមណៃ

ហេតុអ្វី​បានជា​ត្រូវ​សិក្សា​គម្ពីរ​នេះ ?

តាមរយៈ​ការសិក្សា​របស់​ពួកគេ​អំពីគម្ពីរ​អោមណៃ សិស្ស​នឹង​ដឹង​ថា ព្រះអម្ចាស់​បាន​ការពារ​សាសន៍​នីហ្វៃ​ដែល​សុចរិត និង បាន​ដឹកនាំ​ពួកគេ​ឲ្យ​ទៅ​ដល់​ដែនដី​សារ៉ាហិមឡា ( សូមមើល អោមណៃ 1:7, 12–13 ) ។ ពួកគេ​ក៏​នឹង​ដឹង​អំពី​ក្រុម​ផ្សេង​ទៀត —សាសន៍​មូលេក ( ឬ ប្រជាជន​សារ៉ាហិមឡា ) និង សាសន៍​យ៉ារេឌ— ដែល​ព្រះអម្ចាស់​បាន​ដឹកនាំ​ទៅដល់​ដែនដី​សន្យា ។

តើ​នរណា​បាន​សរសេរ​គម្ពីរ​នេះ ?

គម្ពីរ​អោមណៃ​ត្រូវ​បាន​សរសេរ​ដោយ​បុរស​ប្រាំ​នាក់​ខុសគ្នា ៖ អោមណៃ អ័ម៉ារ៉ុន កេមីស អ័ប៊ីណាដុម និង អាម៉ាលេកៃ ។ អោមណៃ​គឺជា​កូនប្រុស​របស់​យ៉ារ៉ុម និង ជា​ចៅ​លួត​ប្រុស​ម្នាក់​របស់​លីហៃ និង សារ៉ា ។ គាត់​បាន​ពិពណ៌នា​ខ្លួន​គាត់​ផ្ទាល់​ថា​ជា « មនុស្ស​ទុច្ចរិត » ម្នាក់​ដែល « ពុំ​បាន​កាន់​តាម … ព្រះបញ្ញត្តិ​ទាំងឡាយ​នៃ​ព្រះអម្ចាស់ » ( អោមណៃ 1:2 ) ។ អ័ម៉ារ៉ុន ( កូនប្រុស​របស់​អោមណៃ ) កេមីស ( ប្អូនប្រុស​របស់​អ័ម៉ារ៉ុន ) និង អ័ប៊ីណាដុម ( កូនប្រុស​របស់​កេមីស ) ម្នាក់ៗ​បាន​កត់បន្ថែម​បន្ដិច​បន្ដួច​លើ​ផ្ទាំង​នោះ ។ កូនប្រុស​របស់​អ័ប៊ីណាដុម គឺ​អាម៉ាលេកៃ បាន​សរសេរ​គម្ពីរ​អោមណៃ​ភាគច្រើន និង ជា​មនុស្ស​ចុងក្រោយ​គេ​ដែល​បាន​សរសេរ​នៅលើ​ផ្ទាំង​នីហ្វៃ​តូច​នេះ ។ គាត់​បាន​ប្រគល់​បន្ដ​ផ្ទាំង​នេះ​ទៅដល់​សេ្ដច​ប៊េនយ៉ាមីន ។

តើ​គម្ពីរ​នេះ​ត្រូវ​សរសេរ​ទៅ​ដល់​អ្នកណា និង ហេតុអ្វី ?

អោមណៃ​បាន​និយាយ​ថា គាត់​ត្រូវ​បាន « បញ្ជា​ពី​ឪពុក [ គាត់ ] គឺ​យ៉ារ៉ុម ថា [ គាត់ ] ត្រូវ​សរសេរ … ដើម្បី​រក្សា​ពង្សាវតារ [ របស់​ពួកគេ ] ទុក​ឲ្យ​បាន​គង់វង្ស » ( អោមណៃ 1:1 ) ។ ប្រយោគ​នេះ​ស្នើ​ថា អោមណៃ​បាន​សរសេរ​ដើម្បី​ជា​ប្រយោជន៍​ដល់​កូនចៅ​របស់​គាត់ ។ អ្នកនិពន្ធ​បីនាក់​បន្ទាប់មក​ទៀត​នៅក្នុង​គម្ពីរ​អោមណៃនោះ មិន​បាន​និយាយ​ពី​អ្នកអាន​ជាក់លាក់​ណា​មួយ ឬ និយាយ​ពី​គោលបំណង​នៃ​ការសរសេរ​របស់​គេ​នោះ​ទេ ។ ប៉ុន្ដែ​ការអញ្ជើញ​របស់​អាម៉ាលេកៃ​សម្រាប់​មនុស្ស​ទាំងអស់​ឲ្យ « ចូរ​មក​រក​ព្រះគ្រីស្ទ … ហើយ​ទទួលទាន​នូវ​សេចក្ដី​សង្គ្រោះ​របស់​ទ្រង់ » ( អោមណៃ 1:26 ) បង្ហាញ​ថា គាត់​បាន​ព្រួយ​បារម្ភ​អំពី​សេចក្ដី​សង្គ្រោះ​របស់​អ្នកទាំងឡាយ​ណា​ដែល​បាន​អាន​ពាក្យ​របស់​គាត់ ។

តើ​នៅពេល​ណា និង នៅ​កន្លែង​ណា​ដែល​គេ​សរសេរ​គម្ពីរ​នេះ ?

អ្នកនិពន្ធ​ផ្សេងៗ​គ្នា​នៃគម្ពីរ​អោមណៃ​នេះ ពេល​ខ្លះ​បាន​សរសេរ​នៅចន្លោះ​ឆ្នាំ 361 ម. គ. ស. និង ឆ្នាំ 130 ម. គ. ស. ។ អ្នកនិពន្ធ​បួន​នាក់​ដំបូង បាន​សរសេរ​នៅក្នុង​ដែនដី​នីហ្វៃ ។ អាម៉ាលេកៃ​បាន​សរសេរ​បញ្ជី​របស់​គាត់ នៅក្នុង​ដែនដី​សារ៉ាហិមឡា ។

តើ​មាន​ផ្នែក​ខុសគ្នា​អ្វី​ខ្លះ​នៅក្នុង​គម្ពីរ​នេះ ?

សៀវភៅ​អោមណៃ គឺជា​គម្ពីរ​ចុងក្រោយ​គេ​នៃ​ផ្ទាំងតូច​របស់​នីហ្វៃ ។ អោមណៃ​បាន​ចំណាយ​ពេល​យូរ​ជាង​គម្ពីរ​ផ្សេងៗ​ទៀត​នៅក្នុង​ផ្ទាំង​តូច​នេះ ។ នៅក្នុង​ព្រះគម្ពីរ​មរមន​ទាំងមូល មាន​តែ​គម្ពីរ នីហ្វៃទី 4 និង អេធើរ​ប៉ុណ្ណោះ​ដែល​មាន​រយៈពេល​យូរ​ជាង​រយៈពេល​សរសេរ​គម្ពីរ​អោមណៃ ។

តារាង​នៃ​ផ្ទាំង​តូច

គម្ពីរ​អោមណៃ​ក៏​ផ្ដល់​ព័ត៌មាន​លម្អិត​ស្ដីពី​រជ្ជកាល​សេ្ដច​ម៉ូសាយ​ទីមួយ ដែល​ជា​បិតា​របស់​ស្ដេច​ប៊េនយ៉ាមីន និង ជា​ជីតា​របស់​សេ្ដច​ម៉ូសាយ​ទី​ពីរ​ផងដែរ ។ សេ្ដច​ម៉ូសាយ​ទីមួយ​បាន​ដឹកនាំ​សាសន៍​នីហ្វៃ​សុចរិត ចេញ​ពី​ដែនដី​នីហ្វៃ ហើយ​បាន​បង្រួបបង្រួម​ពួកគេ​ជាមួយ​នឹង​ប្រជាជន​សារ៉ាហិមឡា ( សូម​មើល អោមណៃ 1:12–23 ) ។ គម្ពីរ​អោមណៃ​បង្ហាញ​ថា ព្រះអម្ចាស់​បាន​ដឹកនាំ​ប្រជាជន​សារ៉ាហិមឡា ( ក៏​ត្រូវ​ស្គាល់​ថា​ជា​ប្រជាជន​ម៉ូលេក ) ចេញមក​ពី​ទីក្រុង​យេរូសាឡិម​ទៅកាន់​ដែនដី​សន្យា ក្រោយពី​លីហៃ និង គ្រួសារ​របស់​គាត់​បាន​ចាកចេញ​ពី​ទីក្រុង​យេរូសាឡិម​មិន​យូរ​ប៉ុន្មាន ( សូម​មើល អោមណៃ 1:15 ) ។

អោមណៃ​គឺជាគម្ពីរ​ទីមួយ​នៅក្នុង​ព្រះគម្ពីរ​មរមន ដែល​បាន​លើកឡើង​ពី​សាសន៍​យ៉ារេឌ ។ វា​ក៏​បាន​លើកឡើង​ផងដែរ​ថា មាន​សាសន៍​នីហ្វៃ​មួយ​ចំនួន​បាន​ចាកចេញ​ពី​ដែនដី​សារ៉ាហិមឡា ដើម្បី​ត្រឡប់​ទៅ​ដែនដី​នីហ្វៃ​វិញ ដោយ​បាន​ប្រាប់​ទុក​ជា​មុន​នូវ​ព្រឹត្តិការណ៍​ដែល​បាន​រៀបរាប់​នៅក្នុង ម៉ូសាយ 7–24 ។ នៅ​ចុង​បញ្ចប់ គម្ពីរ​អោមណៃ​បាន​ណែនាំ​ឲ្យ​ស្គាល់​ពី​សេ្ដច​ប៊េនយ៉ាមីន ហើយ​បាន​ពន្យល់​ពី​មូលហេតុ​ដែល​អាម៉ាលេកៃ​បាន​ទុក​បញ្ជី​ដ៏​ពិសិដ្ឋ​នៅ​នឹង​ទ្រង់ ( សូម​មើល អោមណៃ 1:25 ) ។

គម្រោង

អោមណៃ 1:1–3 អោមណៃ​បាន​ពិពណ៌នា​ពី​គ្រា​នៃ​សេចក្ដី​សុខសាន្ដ និង សង្គ្រាម​រវាង​សាសន៍​នីហ្វៃ និង សាសន៍​លេមិន ។

អោមណៃ 1:4–11 អ័ម៉ារ៉ុន កេមីស និង អ័ប៊ីណាដុម​សរសេរ​នៅលើ​ផ្ទាំង​តូច​របស់​នីហ្វៃ ។ នៅពេល​នេះ សាសន៍​នីហ្វៃ​ស្ថិតនៅ​ក្នុង​ស្ថានភាព​ក្បត់សាសនា​មួយ ។

អោមណៃ 1:12–30 អាម៉ាលេកៃ​កត់ត្រា​ព្រឹត្តិការណ៍​សំខាន់ៗ​ដែល​បាន​កើតឡើង នៅក្នុង​រជ្ជកាល​នៃ​ស្ដេច​ម៉ូសាយ និង ស្ដេច​ប៊េនយ៉ាមីន ។ គាត់​អញ្ជើញ​មនុស្ស​ទាំងអស់​ឲ្យ​មក​រក​ព្រះគ្រីស្ទ ។