មេរៀនសិក្សានៅផ្ទះ
យ៉ាកុប 5–អោមណៃ ( មេរៀនទី 10 )
សេចក្តីផ្ដើម
នៅក្នុងមេរៀននេះ សិស្សនឹងមានឪកាសដើម្បីគិតអំពីស្រឡាញ់របស់ព្រះអម្ចាស់ចំពោះពួកគេ ដូចដែលបានបង្ហាញនៅក្នុង យ៉ាកុប 5 ។ ប្រសិនបើមានពេល អ្នកក៏អាចបង្រៀនពួកគេពី យ៉ាកុប 5 អំពីតួនាទីរបស់ពួកគេជាអ្នកបម្រើរបស់ព្រះអម្ចាស់ ។ សិស្សនឹងអាចពិភាក្សាអំពីសេចក្ដីពិតពី យ៉ាកុប 7 ដែលអាចជួយពួកគេ នៅពេលអ្នកដទៃសួរ ឬ រិះគន់ដល់សេចក្ដីជំនឿរបស់ពួកគេ ។ ពួកគេក៏នឹងមានឱកាសដើម្បីប្រាប់សិស្សក្នុងថ្នាក់អំពីរបៀបដែលពួកគេបានអនុវត្តអ្វីដែលពួកគេបានរៀនពីគម្ពីរអេណុសដែរ ។ លើសពីនេះទៅទៀត សិស្សអាចចែកចាយអ្វីដែលពួកគេបានរៀបចំអំពីវិធីដែលយើងអាចយកចិត្តទុកដាក់លើការអញ្ជើញនៅក្នុងអោមណៃឲ្យមកកាន់ព្រះគ្រីស្ទ ។ ប្រសិនបើអ្នកចង់ឲ្យពួកគេធ្វើដូច្នោះ វាអាចជួយអ្នកបើអ្នកស្នើសុំសិស្សបីបួននាក់ជាមុន ហើយអញ្ជើញពួកគេឲ្យរៀបចំដើម្បីចែកចាយការនិយាយរបស់ពួកគេនៅក្នុងថ្នាក់ ។
យោបល់សម្រាប់ការបង្រៀន
យ៉ាកុប 5–6
យ៉ាកុបដកស្រង់រឿងប្រៀបប្រដូចពីដើមអូលីវ ដើម្បីបង្ហាញថា ព្រះអម្ចាស់ធ្វើការដោយអំណត់សម្រាប់សេចក្ដីសង្គ្រោះរបស់យើង
សូមរំឭកសិស្សថា នៅក្នុងរឿងប្រៀបធៀបនៃដើមអូលីវនេះ មែកដែលចេញពីដើមអូលីវត្រូវបានខ្ចាត់ខ្ចាយក្នុងចំការទាំងមូល ។ រឿងនេះតំណាងឲ្យការខ្ចាត់ខ្ចាយនៃប្រជាជនក្នុងសេចក្ដីសញ្ញារបស់ព្រះ —វង្សនៃអ៊ីស្រាអែល— ពេញផែនដីទាំងមូល ។ ទោះយ៉ាងណាក្ដី នៅទីបញ្ចប់ ដើមអូលីវទាំងអស់នៅក្នុងចំការបានក្លាយជាពុកផុយ ( សូមមើល យ៉ាកុប 5:46 ) ។ សូមពន្យល់ថា នេះគឺតំណាងឲ្យរយៈពេលនៃការក្បត់សាសនាដ៏ធំ ។
សូមអញ្ជើញសិស្សឲ្យអាន យ៉ាកុប 5:61–62 ដោយស្ងាត់ស្ងៀម ដោយរកមើលអ្វីដែលព្រះអម្ចាស់បានបញ្ជាឲ្យអ្នកបម្រើរបស់ទ្រង់ ( ព្យាការីរបស់ទ្រង់ ) ធ្វើដើម្បីជួយដើមអូលីវទាំងឡាយបង្កើតបានផ្លែល្អម្ដងទៀត ។ បន្ទាប់មក សួរពួកគេនូវសំណួរដូចខាងក្រោមនេះ ៖
-
តើអ្នកគិតថា « អ្នកបម្រើ» ទាំងនេះអាចសំដៅទៅលើអ្នកណា ? ( អ្នកដឹកនាំសាសនាចក្រ អ្នកផ្សព្វផ្សាយសាសនា និង សមាជិកសាសនាចក្រទាំងឡាយ ។ )
-
តើអ្វីដែលប្លែកអំពីពេលវេលា ដែលអ្នកបម្រើទាំងនេះត្រូវបានហៅឲ្យបម្រើ ?
សូមពន្យល់ដោយខ្លីថា ការខិតខំទាំងនេះតំណាងឲ្យការប្រមូលនៃសាសន៍អ៊ីស្រាអែល ។ ដើម្បីជួយសិស្សឲ្យយល់ថា ពួកគេគឺជាផ្នែកមួយនៃក្រុមអ្នកបម្រើដែលត្រូវបានហៅឲ្យបម្រើនៅក្នុងចំការរបស់ព្រះអម្ចាស់នោះ សូមអានសេចក្ដីថ្លែងការណ៍ខាងក្រោមដោយ អែលឌើរ ដេន អេល. ឡាសិន នៃក្រុមចិតសិបនាក់ ។ សូមឲ្យសិស្សស្ដាប់ ហើយស្វែងរកអ្នកណាដែលជា «អ្នកបម្រើចុងក្រោយនៅក្នុងចំការ» ។
« [ ឥឡូវនេះ ] គឺជាពេលវេលាដែលព្រះអម្ចាស់ និង អ្នកបម្រើរបស់ទ្រង់នឹងខិតខំធ្វើការយ៉ាងខ្លាំងក្លាចុងក្រោយដើម្បីនាំសារនៃសេចក្ដីពិតទៅដល់ប្រជាជនទាំងឡាយនៅលើផែនដីនេះ ហើយដើម្បីកែប្រែកូនចៅនៃវង្សអ៊ីស្រាអែលពីបុរាណ ដែលបានបាត់បង់អត្តសញ្ញាណពិតរបស់ខ្លួន ។ …
« អ្នកបានមកកាន់ផែនដី នៅពេលដែលគេបានចាក់គ្រឹះក្នុងកិច្ចការដ៏អស្ចារ្យនេះ ។ ដំណឹងល្អត្រូវបានស្ដារឡើងវិញសម្រាប់ពេលចុងក្រោយបង្អស់ ។ សាសនាចក្រត្រូវបានស្ថាបនាឡើងនៅក្នុងតំបន់នានាស្ទើរតែទូទាំងពិភពលោក ។ ដំណាក់កាលនេះ គឺបង្កើតឡើងសម្រាប់ទិដ្ឋភាពដ៏ក្រៀមក្រំចុងក្រោយ ដែលនឹងត្រូវអនុម័ត ។ អ្នកនឹងក្លាយជាអ្នកលេងដ៏សំខាន់ ។ អ្នកស្ថិតនៅក្នុងចំណោមអ្នកធ្វើការចុងក្រោយបង្អស់នៅក្នុងចំការ ។ … នេះគឺជាការបម្រើចំពោះអ្វីដែលអ្នកបានជ្រើសរើស» ( « ជំនាន់រាជវង្សមួយ» Ensign ខែ ឧសភា ឆ្នាំ 1983 ទំព័រ 33 ) ។
សូមសួរសំណួរដូចខាងក្រោម ៖
-
តើអ្នកណាដែលអែលឌើរ ឡាសិន បាននិយាយថាជាអ្នកបម្រើ ឬ «អ្នកធ្វើការចុងក្រោយបង្អស់» ដែលត្រូវបានហៅឲ្យធ្វើការនៅក្នុងចំការនោះ ?
-
តើដែលអ្នកមានឱកាសអ្វីខ្លះដើម្បីបម្រើដល់ព្រះអម្ចាស់ និង ជួយអ្នកដទៃឲ្យមាន «ផ្លែល្អ» ?
សូមអាន យ៉ាកុប 5:71 ឮៗទាំងអស់គ្នានៅក្នុងថ្នាក់ ។ សូមអញ្ជើញសិស្សឲ្យរកអ្វីដែលព្រះអម្ចាស់បានសន្យាដល់អ្នកដែលបានបម្រើជាមួយនឹងទ្រង់ ។ សូមសួរសិស្សអំពីពេលដែលពួកគេបានមានអារម្មណ៍ថាបានទទួលពរជ័យចំពោះការខិតខំរបស់ពួកគេក្នុងការបម្រើដល់ព្រះអម្ចាស់ ។
យ៉ាកុប 7
យ៉ាកុបពឹងផ្អែកទៅលើព្រះអម្ចាស់ នៅពេលគាត់ជួបនឹងសេរេម ហើយដឹកនាំសាសន៍នីហ្វៃមួយក្រុមធំឲ្យត្រឡប់មកកាន់ព្រះអម្ចាស់វិញ
កំណត់ចំណាំ ៖ នៅក្នុង យ៉ាកុប 7 សិស្សបានរៀនអំពីរបៀបដែលយ៉ាកុបយកឈ្នះការប្រឆាំងនឹងសេចក្ដីជំនឿរបស់គាត់ទៅលើព្រះយេស៊ូវគ្រីស្ទ ពីបុរសម្នាក់ឈ្មោះ សេរេម ដែលជាអ្នកប្រឆាំងព្រះគ្រីស្ទ ។ ខណៈពេលដែលមេរៀននេះមិនបានផ្ដោតទៅលើបទពិសោធន៍របស់យ៉ាកុបទល់នឹងសេរេម អ្នកអាចអញ្ជើញសិស្សឲ្យសង្ខេបពីព្រឹត្តិការណ៍ ហើយស្វែងរកសេចក្ដីពិតមួយដែលពួកគេបានរៀនពីគំរូរបស់យ៉ាកុប ។ ជាពិសេស អ្នកអាចសង្កត់ធ្ងន់អំពីសេចក្ដីពិតដែល យើងមិនអាចត្រូវបានរង្គោះរង្គើនៅក្នុងសេចក្ដីជំនឿរបស់យើង ប្រសិនបើទីបន្ទាល់របស់យើងស្ថិតលើវិវរណៈ និង បទពិសោធន៍ខាងវិញ្ញាណដ៏ពិតនោះ ។
អេណុស
ក្រោយពីទទួលបានការផ្ដាច់បាបហើយ អេណុសបានអធិដ្ឋានសម្រាប់អ្នកផ្សេង និង ធ្វើការដើម្បីសេចក្ដីសង្គ្រោះរបស់ពួកគេ
សូមគូសឌីយ៉ាក្រាមនេះនៅលើក្ដារខៀន ឬ នៅលើក្រដាសមួយសន្លឹក ។ សូមឲ្យសិស្សពន្យល់ពីរបៀបដែលវាទាក់ទងទៅនឹងបទពិសោធន៍របស់អេណុស ។
សូមបែងចែកសិស្សជាបីក្រុម ។ ( ប្រសិនបើអ្នកមានសិស្សតិច ក្រុមមួយអាចមានគ្នាតែម្នាក់ ។ ) សូមឲ្យក្រុមទីមួយអាន អេណុស 1:4–6 ហើយរៀបចំដើម្បីពន្យល់ពីសេចក្ដីពិតមួយ ដែលយើងអាចរៀនពីការអធិដ្ឋានរបស់អេណុសសម្រាប់ខ្លួនគាត់ ។ សូមឲ្យក្រុមទីពីរអាន អេណុស 1:9–10 ហើយរៀបចំដើម្បីពន្យល់ពីសេចក្ដីពិតមួយ ដែលយើងអាចរៀនពីចំណែកនៃការអធិដ្ឋានរបស់អេណុស ។ សូមអ្នកនៅក្នុងក្រុមទីបីអាន អេណុស 1:11–14 ហើយរៀបចំដើម្បីពន្យល់ពីសេចក្ដីពិតមួយ ដែលយើងអាចរៀនពីចំណែកនៃការអធិដ្ឋានរបស់អេណុស ។ បន្ទាប់មក សូមឲ្យសមាជិកម្នាក់នៃក្រុមនីមួយៗចែកចាយពីអ្វីដែលពួកគេបានរៀបចំ ។ សូមឲ្យសិស្សរំឭកអំពីថ្ងៃទី 3 កិច្ចការទី 9 នៅក្នុងកំណត់ហេតុសិក្សាព្រះគម្ពីររបស់ពួកគេ ហើយសូមអញ្ជើញឲ្យសិស្សពីរបីនាក់ចែកចាយពីរបៀបដែលពួកគេបានជ្រើសរើសដើម្បីអនុវត្តតាមសេចក្ដីពិតទាំងឡាយពីគម្ពីរអេណុស ។
យ៉ារ៉ុម និង អោមណៃ
អ្នករក្សាកំណត់ត្រា រៀបរាប់ពីការតស៊ូ និង ពរជ័យទាំងឡាយរបស់សាសន៍នីហ្វៃ
ប្រសិនបើសិស្សមានសំណួរអំពីចំណាកស្រុករបស់សាសន៍ផ្សេងទៀតទៅកាន់ដែនដីនៃលោកខាងលិច អ្នកអាចពិភាក្សាជាមួយនឹងពួកគេអំពីរឿងនោះនៅក្នុងសៀវភៅណែនាំការសិក្សារបស់សិស្សអំពី អោមណៃ 1:1−30 រួមទាំងសេចក្ដីថ្លែងការណ៍ដោយប្រធាន អានថូនី ដបុលយូ អាយវិនស៍ នៃគណៈប្រធានទីមួយ ។
សូមអញ្ជើញសិស្សឲ្យរំឭកអំពីការនិយាយដែលពួកគេបានរៀបចំអំពីការមកកាន់ព្រះគ្រីស្ទ ( ថ្ងៃទី 4 កិច្ចការទី 4 ) ។ ប្រសិនបើមានពេល អ្នកអាចឲ្យសិស្សបីបួននាក់ចែកចាយការនិយាយទៅកាន់សិស្សក្នុងថ្នាក់ ។ ប្រសិនបើអ្នកស្នើសុំសិស្សជាមុនឲ្យចែកចាយការនិយាយរបស់គេ សូមប្រាកដថាទុកពេលគ្រប់គ្រាន់សម្រាប់ពួកគេនិយាយ ។
សូមប្រាកដថា អ្នកអរគុណដល់សិស្សចំពោះការចូលរួមរបស់ពួកគេ ។ សូមថ្លែងទីបន្ទាល់អំពីសេចក្ដីស្រឡាញ់របស់ព្រះវរបិតាសួគ៌ និង ព្រះយេស៊ូវគ្រីស្ទដែលមានចំពោះសិស្សម្នាក់ៗ ហើយសូមបញ្ជាក់ដល់ពួកគេថា នៅពេលពួកគេមកកាន់ព្រះគ្រីស្ទដោយព្រលឹងទាំងមូល ពួកគេនឹងត្រូវបានសង្គ្រោះនៅក្នុងនគររបស់ទ្រង់ ។
មេរៀនបន្ទាប់ ( ពាក្យសំដីនៃមរមន–ម៉ូសាយ 6 )
នៅក្នុងមេរៀនបន្ទាប់ សិស្សនឹងអានអំពីទេវតាមួយអង្គរបស់ព្រះដែលបានលេចចំពោះសេ្ដចបេនយ៉ាមីន ដោយបានបង្គាប់ទ្រង់ និង ប្រាប់ទ្រង់ពីអ្វីដែលត្រូវនិយាយទៅកាន់ប្រជាជនរបស់ទ្រង់ ( សូមមើល មូសាយ 3 ) ។ សេ្ដចបេនយ៉ាមីនបានថ្លែងពាក្យទាំងនេះទៅកាន់ប្រជាជនរបស់ទ្រង់ ដែលបានទទួលបទពិសោធន៍ផ្លាស់ប្ដូរដ៏ធំមួយនៅក្នុងដួងចិត្តរបស់ពួកគេ ។