មេរៀនទី 108
ហេលេមិន 5
សេចក្តីផ្ដើម
សាសន៍នីហ្វៃបានបន្ដនៅក្នុងអំពើទុច្ចរិត រហូតដល់ពួកគេភាគច្រើនបានជ្រើសយកសេចក្ដីទុច្ចរិតជាជាងសេចក្តីសុចរិត ។ នីហ្វៃ និងលីហៃបានលះបង់ខ្លួនដើម្បីបង្រៀនព្រះបន្ទូលនៃព្រះ ឪពុករបស់ពួកគេ ហេលេមិន បានបង្រៀនពួកគេឲ្យចងចាំដល់ព្រះដ៏ប្រោសលោះរបស់ពួកគេ ហើយធ្វើឲ្យទ្រង់ជាគ្រឹះនៃជីវិតរបស់គេ ។ ក្រោយពីបានបង្រៀនសាសន៍នីហ្វៃហើយ នីហ្វៃ និងលីហៃបានបង្រៀនសាសន៍លេមិន ជាប្រជាជនដែលបានចាប់ពួកគេដាក់គុក ។ ព្រះអម្ចាស់បានដោះលែងពួកគេដោយអព្ភូតហេតុ ហើយសាសន៍លេមិនភាគច្រើនបានប្រែចិត្ត ហើយបានផ្លាស់ចិត្តជឿលើដំណឹងល្អ ។
យោបល់សម្រាប់ការបង្រៀន
ហេលេមិន 5:1–13
ហេលេមិនណែនាំកូនប្រុសរបស់គាត់ឲ្យកាន់តាមព្រះបញ្ញត្តិនៃព្រះ បង្រៀនដំណឹងល្អ និងចងចាំដល់ព្រះចេស្ដាដ៏ប្រោសលោះរបស់ព្រះយេស៊ូវគ្រីស្ទ
មុនចាប់ផ្ដើមថ្នាក់ សូមរៀបចំក្រដាសឆ្នូតប្រាំមួយដើម្បីបង្ហាញ ។ ក្រដាសទីមួយសូមសរសេរឈ្មោះរបស់អ្នកនៅលើវា ។ ក្រដាសប្រាំផ្សេងទៀតគួរមានពាក្យ និងឃ្លាដូចខាងក្រោម ៖ ឪពុកម្ដាយ ដង្វាយធួននៃព្រះយេស៊ូវគ្រីស្ទ ព្យាការី ការប្រែចិត្តនាំទៅរកសេចក្តីសង្គ្រោះ និងគោរពព្រះបញ្ញត្តិ ។
សូមឲ្យសិស្សម្នាក់ៗនូវក្រដាសតូចមួយ ។ សូមពន្យល់ថាអ្នកនឹងបង្ហាញគេដោយខ្លីៗពីក្រដាសឆ្នូតប្រាំមួយដោយមានពាក្យសរសេរលើនោះ ។ បន្ទាប់មក ពួកគេនឹងសរសេរពាក្យទាំងនោះតាមការចងចាំ ។ សូមបង្ហាញសិស្សក្រដាសឆ្នូតម្ដងមួយ ។
សូមឲ្យសិស្សសរសេរពាក្យដែលពួកគេចាំ ។ បន្ទាប់មក សូមបង្ហាញក្រដាសឆ្នូតទាំងប្រាំមួយម្ដងទៀត ។ សូមសួរ ៖
-
តើវាងាយ ឬក៏ពិបាកដើម្បីចាំពាក្យ និងឃ្លាទាំងនេះទេ ?
-
តើអ្នកគិតថា មានភាពខុសគ្នាយ៉ាងណាបើអ្នកត្រូវបានប្រាប់ថា អ្នកត្រូវចាំអ្វីដែលមាននៅលើក្រដាសឆ្នូតទាំងនេះ ?
សូមឲ្យសិស្សម្នាក់អានសេចក្ដីថ្លែងការណ៍ខាងក្រោមដោយប្រធាន ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល ។ សូមឲ្យសិស្សក្នុងថ្នាក់ស្ដាប់រកអ្វីដែលគាត់បានមានប្រសាសន៍អំពីសារៈសំខាន់នៃការចងចាំការបង្រៀនដំណឹងល្អដែលយើងបានទទួល ៖
« នៅពេលអ្នកមើលក្នុងវចនានុក្រមរកពាក្យសំខាន់បំផុតនោះ តើអ្នកដឹងថាវាជាពាក្យអ្វីទេ ? វាអាចជាពាក្យ ចងចាំ ។ ដោយសារអ្នករាល់គ្នាធ្វើសេចក្ដីសញ្ញា —អ្នកនឹងដឹងអ្វីដែលត្រូវធ្វើ ហើយអ្នកដឹងពីរបៀបដើម្បីធ្វើវា— តម្រូវការដ៏ធំបំផុតរបស់យើងនោះគឺត្រូវចងចាំ » ( « Circles of Exaltation » [ address to CES religious educators នៅថ្ងៃទី 28 ខែ មិថុនា ឆ្នាំ 1968 ] ទំព័រ 5 si.lds.org ) ។
សូមពន្យល់ដល់សិស្សថា ថ្ងៃនេះពួកគេនឹងរៀនអំពីមនុស្សពីរនាក់ដែលបានផ្លាស់ប្ដូរជីវិតមនុស្សរាប់ពាន់នាក់ ដោយសារពួកគេបានចងចាំ ហើយធ្វើតាមសេចក្ដីពិតជាក់លាក់ ។ សូមលើកទឹកចិត្តសិស្សឲ្យសញ្ជឹងគិតអំឡុងពេលមេរៀនថ្ងៃនេះពីអ្វីដែលពួកគេគិតថាព្រះអម្ចាស់ចង់ឲ្យពួកគេចងចាំ ។
សូមសង្ខេប ហេលេមិន 5:1–4 ។ សូមពន្យល់ថា ដោយសារតែអំពើទុច្ចរិតរបស់ប្រជាជន នីហ្វៃបានលាលែងពីតំណែងជាមេចៅក្រម ដើម្បីគាត់និងបងប្រុសរបស់គាត់លីហៃអាចលះបង់ខ្លួនក្នុងការបង្រៀនព្រះបន្ទូលនៃព្រះ ។
សូមសរសេរសេចក្ដីយោងព្រះគម្ពីរខាងក្រោមនៅលើក្ដារខៀន ៖ ( សូមកុំបញ្ចូលពាក្យនៅក្នុងវង់ក្រចក ។
សូមឲ្យសិស្សមើលខគម្ពីរទាំងអស់ដែលមាននៅលើក្ដារខៀនត្រួសៗ ដោយរកមើលពាក្យ ចងចាំ ។ អ្នកអាចណែនាំឲ្យពួកគេគូសចំណាំគំរូនៃពាក្យនេះ ។ បន្ទាប់មក សូមឲ្យសិស្សមានពេលពីរបីនាទីអានវគ្គទាំងនេះដោយស្ងៀមស្ងាត់ ដោយរកមើលអ្វីដែលហេលេមិនចង់ឲ្យកូនប្រុសរបស់គាត់ចាំ ។ សូមឲ្យសិស្សរៀបរាប់ពីអ្វីដែលពួកគេបានរកឃើញ ។ អ្នកអាចសរសេរចម្លើយរបស់គេនៅលើក្ដារខៀន ក្បែរសេចក្ដីយោងព្រះគម្ពីរដែលត្រូវគ្នា ។
ដើម្បីជួយសិស្សឲ្យវិភាគ ហើយយល់ពីខគម្ពីរទាំងនេះ សូមសួរសំណួរដូចតទៅនេះ ៖
-
តើការចងចាំពីគំរូដ៏សុចរិតរបស់អ្នកដទៃអាចជួយអ្នកឲ្យជ្រើសរើស « ធ្វើការណ៍ល្អ» ដោយរបៀបណា ?
-
តើអ្នកធ្វើអ្វីខ្លះដើម្បីចងចាំដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ ?
សូមសរសេរប្រយោគខាងក្រោមនៅលើក្ដារខៀន ៖ ប្រសិនបើយើង … សាតាំងនឹងគ្មានអំណាចលើយើងឡើយ ។
សូមឲ្យសិស្សម្នាក់អាន ហេលេមិន 5:12 ឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់មើលតាម ដោយរកមើលរបៀបមួយដែលពួកគេអាចបំបេញប្រយោគនៅលើក្ដារខៀន ។ ទោះបីជាសិស្សអាចប្រើពាក្យខុសគ្នាក្ដី សូមប្រាកដថា ពួកគេបង្ហាញថា ប្រសិនបើយើងកសាងគ្រឹះរបស់យើងនៅលើព្រះយេស៊ូវគ្រីស្ទ សាតាំងនឹងគ្មានអំណាចលើយើងឡើយ ។ អ្នកអាចឲ្យសិស្សគូសចំណាំឃ្លានៅក្នុង ហេលេមិន 5:12 ដែលបង្ហាញពីគោលការណ៍នេះ ។ សូមបង្ហាញថា ហេលេមិន 5:12 គឺជាវគ្គចំណេះចំណានខគម្ពីរមួយ ។ អ្នកអាចណែនាំឲ្យសិស្សគួរគូសចំណាំវគ្គនេះដើម្បីឲ្យពួកគេអាចរកវាឃើញដោយងាយ ។
ដើម្បីជួយសិស្សឲ្យយល់ពីគោលការណ៍ដែលបានបង្រៀននៅក្នុងខនេះ សូមធ្វើប៉មតូចមួយ ឬផ្ទះមួយពីរបស់អ្វីមួយ ( ដូចជាប្រអប់ ឬសៀវភៅ ) ហើយសូមសួរសំណួរដូចខាងក្រោម ៖
-
ហេតុអ្វីបានជាអគារមួយចាំបាច់ត្រូវមានគ្រឹះដ៏រឹងមាំ ?
-
តើអ្នកគិតថា ការសង់គ្រឹះយើងលើព្រះយេស៊ូវគ្រីស្ទមានន័យបែបណា?
-
តើការសន្យាអ្វីខ្លះដែលត្រូវបានធ្វើឡើងដល់អ្នកដែលសង់គ្រឹះរបស់ខ្លួននៅលើ « សិលានៃព្រះដ៏ប្រោសលោះរបស់យើង » ?
-
តើយើងអាចធ្វើអ្វីខ្លះដើម្បីសង់គ្រឹះរបស់យើងនៅលើសិលានៃព្រះយេស៊ូវគ្រីស្ទ ? ( អ្នកអាចសួរសិស្សពីរបៀបដែលសេចក្ដីពិតបានបង្រៀននៅក្នុង ហេលេមិន 5:6–11 ជាគំរូនៃរបៀបដែលយើងអាចសង់គ្រឹះរបស់យើងនៅលើព្រះយេស៊ូវគ្រីស្ទ ) ។
អ្នកអាចបង្ហាញថា ការសង់នៅលើគ្រឹះរបស់ព្រះអង្គសង្គ្រោះនឹងមិនការពារការវាយលុករបស់សាតាំងនោះទេ ប៉ុន្ដែវានឹងឲ្យយើងមានកម្លាំងយកឈ្នះលើវា ។
-
តើនៅពេលណាដែលអ្នកបានតស៊ូនឹងការល្បួង ឬស៊ូទ្រាំនឹងការសាកល្បង ដោយសារគ្រឹះរបស់អ្នកត្រូវបានសង់លើព្រះយេស៊ូវគ្រីស្ទ ?
សូមថ្លែងទីបន្ទាល់អំពីកម្លាំងដែលអ្នកបានទទួល ដោយសារអ្នកបានសង់គ្រឹះរបស់អ្នកនៅលើសិលានៃព្រះយេស៊ូវគ្រីស្ទ ។ សូមឲ្យសិស្សមានពេលសរសេរនៅក្នុងកំណត់ហេតុសិក្សាព្រះគម្ពីរ ឬ សៀវភៅសរសេររបស់ពួកគេអំពីរបៀបមួយដែលពួកគេនឹងខិតខំធ្វើតាមដោយឧស្សាហ៍ដើម្បីសង់គ្រឹះរបស់គេនៅលើសិលានៃព្រះដ៍ប្រោសលោះរបស់គេ ។
ហេលេមិន 5:14–52
ព្រះអម្ចាស់ការពារនីហ្វៃ និងលីហៃនៅក្នុងគុក ហើយសាសន៍លេមិនជាច្រើនបានប្រែចិត្តជឿ
សូមសង្ខេប ហេលេមិន 5:14–19 ដោយពន្យល់ថា នីហ្វៃនិងលីហៃបានបង្រៀនដំណឹងល្អដោយអំណាចដ៏អស្ចារ្យនៅក្នុងចំណោមសាសន៍នីហ្វៃ និងសាសន៍លេមិន ។ ជាលទ្ធផល អ្នកប្រឆាំងនឹងសាសន៍នីហ្វៃជាច្រើនបានត្រឡប់មកមានសេចក្ដីជំនឿវិញ ។ នៅក្នុងដែនដីសារ៉ាហិមឡា និងតំបន់ជុំវិញ មានសាសន៍លេមិន 8,000 នាក់ត្រូវបានជ្រមុជទឹក ។
សូមចម្លងតារាងខាងក្រោមនៅលើក្ដារខៀន ។ សូមបែងចែកសិស្សក្នុងថ្នាក់ជាគូ ហើយសុំឲ្យដៃគូនីមួយៗចម្លងតារាងនៅលើក្ដារខៀនដាក់លើក្រដាសមួយ ។ សូមឲ្យដៃគូធ្វើការរួមគ្នាដើម្បីអានវគ្គដែលមាននៅក្នុងតារាង ហើយបន្ទាប់មកសូមគូសរូបធម្មតាមួយ ឬសរសេរសេចក្ដីសង្ខេបខ្លីមួយពីអ្វីដែលវគ្គនីមួយៗពិពណ៌នា ។ ( នៅពេលសិស្សចម្លងតារាង សូមណែនាំឲ្យពួកគេទុកកន្លែងល្មមនៅក្រោមសេចក្ដីយោងព្រះគម្ពីរនីមួយៗសម្រាប់រូបភាព ឬសេចក្ដីសង្ខេបរបស់គេ ) ។
ក្រោយពីមានពេលគ្រប់គ្រាន់ហើយ សូមឲ្យសិស្សបង្ហាញខ្លីៗ ហើយពន្យល់ពីរូបភាព ឬសេចក្ដីសង្ខេបរបស់គេដល់ដៃគូសិស្សផ្សេងទៀត ។ ដើម្បីជួយសិស្សឲ្យយល់កាន់តែស៊ីជម្រៅក្នុងខគម្ពីរនេះ សូមសួរសំណួរដូចខាងក្រោម ៖
-
នៅពេលសាសន៍លេមិនត្រូវបានគ្របដណ្ដប់ដោយសេចក្ដីងងឹត តើសំឡេងនោះបានទាមទារឲ្យពួកគេធ្វើអ្វី ? ( សូមមើល ហេលេមិន 5:29, 32 ) ។
-
តើ ហេលេមិន 5:30 ពិពណ៌នាសំឡេងនោះដោយរបៀបណា ?
-
តើអ្នកធ្លាប់មានអារម្មណ៍ ឬឮសំឡេងខ្សឹបនៃ « សំឡេងរហៀងនៃភាពស្រទន់ឥតខ្ចោះ » នៅពេលណា ?
-
តើអ័មីណាដាប់បានបង្រៀនបងប្អូនប្រុសរបស់គាត់ឲ្យធ្វើអ្វីខ្លះដើម្បីបណ្ដេញភាពងងឹតនេះចេញ ?( សូមមើល ហេលេមិន 5:41 ) ។
-
តើមានអ្វីបានកើតឡើង នៅពេលសាសន៍លេមិនបានគោរពតាមការណែនាំរបស់អ័មីណាដាប់ និងបានអនុវត្តសេចក្ដីជំនឿលើព្រះគ្រីស្ទនោះ? ( សូមមើល ហេលេមិន 5:43–44 ) ។
សូមឲ្យសិស្សអាន ហេលេមិន 5:44–47 ដោយស្ងៀមស្ងាត់ដោយរកមើលពាក្យដែលរៀបរាប់ពីលទ្ធផលខ្លះនៃការប្រែចិត្ត ។
-
ចេញពីខគម្ពីរទាំងនេះ តើអ្នករៀនអ្វីខ្លះអំពីការប្រែចិត្ត ? ( សូមជួយសិស្សឲ្យរកឃើញសេចក្ដីពិតខាងក្រោម ៖ នៅពេលយើងអនុវត្តសេចក្ដីជំនឿលើព្រះយេស៊ូវគ្រីស្ទ ហើយប្រែចិត្តពីអំពើបាបរបស់យើង នោះព្រះវិញ្ញាណបរិសុទ្ធនឹងបំពេញដួងចិត្តយើងដោយសេចក្តីសុខសាន្ត និងសេចក្តីអំណរ ) ។
សូមសង្ខេប ហេលេមិន 5:48–52 ដោយការពន្យល់ថាសាសន៍លេមិន និងអ្នកប្រឆាំងនឹងសាសន៍នីហ្វៃដែលបានទទួលនូវអព្ភូតហេតុនេះបានចេញទៅ ហើយបម្រើដល់ប្រជាជន ហើយ « សាសន៍លេមិនភាគច្រើន » បានប្រែចិត្តជឿលើដំណឹងល្អ ។
សូមលើកទឹកចិត្តសិស្សឲ្យគិតថា តើពួកគេថ្មីៗនេះមានអារម្មណ៍សុខសាន្ដ និងអំណរនៅក្នុងជីវិតរបស់គេដែរទេ ។ ប្រសិនបើពួកគេមិនមានទេ សូមឲ្យពួកគេសញ្ជឹងគិតពីអ្វីដែលពួកគេអាចធ្វើដើម្បីសង់គ្រឹះរបស់គេនៅលើព្រះយេស៊ូវគ្រីស្ទ ហើយបណ្ដេញពពកនៃសេចក្ដីងងឹតពីជុំវិញពួកគេចេញ ។