មេរៀនសិក្សានៅផ្ទះ
នីហ្វៃទី 3 17–22 ( មេរៀនទី 26 )
សេចក្តីផ្ដើម
មេរៀននេះអាចជួយសិស្សឲ្យយល់ពីការយកចិត្តទុកដាក់ និងសេចក្ដីមេត្តាករុណាដែលព្រះអង្គសង្គ្រោះមានដល់រាស្ត្ររបស់ទ្រង់ ។ លើសពីនេះទៀត នៅពេលសិស្សរំឭកពីការណែនាំរបស់ព្រះអម្ចាស់ឲ្យអធិស្ឋាន ពួកគេអាចគិតពីរបៀបដើម្បីធ្វើឲ្យការអធិស្ឋានផ្ទាល់ខ្លួន និងជាគ្រួសាររបស់គេកាន់តែមានន័យថែមទៀត ។
យោបល់ទំាងឡាយសម្រាប់ការបង្រៀន
នីហ្វៃទី 3 17
ព្រះអង្គសង្គ្រោះព្យាបាលអ្នកឈឺ អធិស្ឋានដល់ព្រះវរបិតាសម្រាប់ប្រជាជន និងប្រទានពរដល់កូនចៅរបស់ពួកគេ
សូមឲ្យសិស្សគិតអំពីបុគ្គលដែលចេះជួយទុក្ខធុរៈបំផុតដែលពួកគេស្គាល់ ។ បន្ទាប់មក សូមសួរថា ៖ តើអ្នកបានគិតអំពីនរណា ? តើបុគ្គលនេះបង្ហាញសេចក្ដីស្រឡាញ់ដល់អ្នកដទៃ និងដល់អ្នកដោយរបៀបណា ?
សូមបង្ហាញរូបភាពព្រះយេស៊ូវព្យាបាលសាសន៍នីហ្វៃ ( Gospel Art Book [ ឆ្នាំ 2009 ] លេខ 83 ) និងព្រះយេស៊ូវប្រទានពរដល់កូនចៅសាសន៍នីហ្វៃ ( Gospel Art Book លេខ 84 ) ។ បន្ទាប់មក សូមសួរថា ៖ តើអ្នកបានរៀនអ្វីខ្លះអំពីសេចក្ដីស្រឡាញ់របស់ព្រះអង្គសង្គ្រោះចំពោះប្រជាជន អំឡុងពេលការសិក្សារបស់អ្នកក្នុងព្រះគម្ពីរមរមនកាលពីសប្ដាហ៍មុននេះ ?
សូមសរសេរសេចក្ដីពិតខាងក្រោមនៅលើក្តារខៀន៖ ព្រះអង្គសង្គ្រោះមានសេចក្ដីមេត្តាករុណាជាខ្លាំងដល់យើង ។ នៅពីក្រោមប្រយោគនេះ សូមសរសេរសេចក្ដីយោងខាងក្រោម ៖ នីហ្វៃទី 3 17:7, 9, 11, 15–17, 21, 24 ។ សូមឲ្យសិស្សរំឭកខគម្ពីរទាំងនេះ ហើយជ្រើសរើសខគម្ពីរមួយដែលបង្ហាញជាពិសេសពីសេចក្ដីពិតដែលបានសរសេរនៅលើក្ដារខៀន ។ ក្រោយពីមានពេលគ្រប់គ្រាន់ហើយ អ្នកអាចសួរសំណួរខាងក្រោមនេះ ៖
-
តើខគម្ពីរដែលអ្នកបានជ្រើសរើសនេះបង្ហាញថា ព្រះអង្គសង្គ្រោះមានសេចក្ដីមេត្តាករុណាជាខ្លាំងដល់យើងដោយរបៀបណា ?
-
តើអ្នករៀនអ្វីខ្លះអំពីព្រះអង្គសង្គ្រោះនៅក្នុងការដែលទ្រង់បានបម្រើដល់ប្រជាជន « ម្ដងម្នាក់ៗ » នោះ ? ( នីហ្វៃទី 3 17:21 ) ។
-
តើការដឹងអំពីសេចក្ដីមេត្តាករុណារបស់ព្រះអង្គសង្គ្រោះអាចជួយអ្នកឲ្យអនុវត្តសេចក្ដីជំនឿដ៏អស្ចារ្យបន្ថែមទៀតទៅលើទ្រង់ ហើយមានអារម្មណ៍ពីសេចក្ដីស្រឡាញ់ដ៏ធំចំពោះទ្រង់ដោយរបៀបណា ?
នីហ្វៃទី 3 18–19
ព្រះយេស៊ូវបានបង្រៀនដល់ពួកសាសន៍នីហ្វៃឲ្យអធិស្ឋានដល់ព្រះវរបិតាជានិច្ច និងជួបជុំគ្នាជាញឹកញាប់
សូមបែងចែកសិស្សជាគូ ហើយសូមឲ្យដៃគូនីមួយៗបង្កើតបញ្ជីមួយស្ដីពីជីវិតនៃការល្បួងដ៏ខ្លាំងបំផុតដែលពួកគេជឿថាយុវជននាសព្វថ្ងៃនេះកំពុងមាន ។ នៅពេលពួកគេបានបញ្ចប់ សូមឲ្យដៃគូនីមួយៗអាន នីហ្វៃទី 3 18:15–20 ហើយរកមើលការណែនាំដែលព្រះអង្គសង្គ្រោះបានប្រទានសម្រាប់ការយកឈ្នះលើការល្បូង ។ សូមឲ្យសិស្សពីរបីនាក់ចែកចាយគោលការណ៍មួយដែលពួកគេរកឃើញនៅក្នុងខគម្ពីរទាំងនេះ ។ គោលការណ៍មួយដែលពួកគេអាចរកឃើញនោះគឺ ប្រសិនបើយើងប្រុងប្រយ័ត្ន ហើយអធិស្ឋានជានិច្ចទៅរកព្រះវរបិតា នោះយើងនឹងអាចតតាំងនឹងការល្បួងរបស់សាតាំងបាន ។
សូមសួរសិស្សនូវសំណួរដូចខាងក្រោម ៖
-
តើអ្នកគិតថា យុវជនម្នាក់គួរប្រុងប្រយ័ត្នចំពោះអ្វីខ្លះដើម្បីតតាំងនឹងការល្បួងមួយដែលមាននៅលើបញ្ជីរបស់អ្នក ?
-
តើយុវជនម្នាក់អាចអធិស្ឋានសូមអ្វីខ្លះ ដើម្បីជួយគេឲ្យតតាំងនឹងការល្បួងមួយដែលមាននៅលើបញ្ជីរបស់អ្នក ? តើការអធិស្ឋានដល់ព្រះវរបិតាសួគ៌ជួយអ្នកឲ្យនៅតែបន្ដរឹងមាំដោយរបៀបណា ?
ដើម្បីជួយសិស្សឲ្យពង្រឹងទីបន្ទាល់របស់ពួកគេអំពីការអធិស្ឋានជាគ្រួសារ សូមឲ្យសិស្សម្នាក់អាន នីហ្វៃទី 3 18:21 ឮៗ ។ បន្ទាប់មក សូមសួរថា ៖ តើពរជ័យអ្វីខ្លះដែលអ្នកបានទទួលពីការអធិស្ឋានជាមួយនឹងក្រុមគ្រួសាររបស់អ្នក ?
សូមឲ្យសិស្សម្នាក់អានរឿងខាងក្រោមពីប្រធាន ជែមស៍ អ៊ី ហ្វោស្ត នៃគណៈប្រធានទីមួយ ដែលបានមានប្រសាសន៍អំពីអំណាចនៃការអធិស្ឋានជាគ្រួសារ ៖
« ការអធិស្ឋានជាគ្រួសារគឺជាឥទ្ធិពលគាំទ្រដ៏មានអំណាចមួយ ។ អំឡុងពេល ដ៏ងងឹតនៃសង្គ្រាមលោកលើកទីពីរ គ្រាប់បែកទម្លាក់ទម្ងន់ 500 ផោនបានធ្លាក់នៅក្រៅផ្ទះដ៏តូចមួយរបស់បងប្រុស ផាធី ដែលជាឪពុកដ៏វ័យក្មេងនៅក្នុងទីក្រុងលីវើភូល ប្រទេសអង់គ្លេស ប៉ុន្ដេគ្រាប់បែកទម្លាក់នោះមិនបានផ្ទុះទេ ។ ភរិយារបស់គាត់បានស្លាប់ ដូច្នេះគាត់ត្រូវចិញ្ចឹមកូនទាំងប្រាំនាក់របស់គាត់តែម្នាក់ឯង គាត់បានប្រមូលពួកគេជុំគ្នានៅពេលដ៏ព្រួយបារម្ភនេះដើម្បីអធិស្ឋានជាគ្រួសារ ។ ពួកគេ ‹ បានអធិស្ឋានទាំងអស់ … ដោយស្មោះត្រង់ ហើយនៅពេលពួកគេបានអធិស្ឋានចប់ហើយ កូនៗបាននិយាយថា ៖ « ប៉ា យើងនឹងមិនអីទេ ។ យើងនឹងមិនអីទេ នៅយប់នេះនៅក្នុងផ្ទះរបស់យើង » ។
« ‹ ដូច្នេះហើយពួកគេបានចូលទៅសំរាក ទាំងនឹកឃើញពីគ្រាប់បែកទម្លាក់ដ៏សាហាវនោះដែល លិចពាក់កណ្តាលទៅក្នុងដីនៅពីមុខទ្វារគេនោះ › ។ …
« ‹ លុះស្អែកឡើង …ក្នុងរយៈពេលសែសិបប្រាំបីម៉ោងនោះ អ្នកភូមិទាំងអស់បានចាកចេញ ហើយនៅទីបំផុតគ្រាប់បែកទម្លាក់នោះត្រូវបានគេយកចេញទៅ ។ …
« ‹ តាមផ្លូវត្រឡប់មកផ្ទះវិញ បងប្រុសផាធី បានសួរមេក្រុម A.R.P.ថា « មែនហើយ តើលោកបានរកឃើញអ្វីខ្លះ ? »
« ‹ « លោក ផាធី យើងបានយកគ្រាប់ទម្លាក់នោះចេញពីទ្វាររបស់លោក ហើយបានរកឃើញគ្រាប់នោះវាអាចនឹងផ្ទុះបានគ្រប់ពេល ។ គ្រាប់បែកនោះគ្មានអ្វីខុសប្រក្រតីទេទេ ។ យើងឆ្ងល់ថា ហេតុអ្វីបានជាវាមិនផ្ទុះ › » ។ រឿងដ៏អស្ចារ្យបានកើតឡើង នៅពេលគ្រួសារអធិស្ឋានរួមគ្នា » ( « The Lifeline of Prayer » Ensign ខែ ឧសភា ឆ្នាំ 2002 ទំព័រ 61 ) ។
សូមសួរសិស្សនូវសំណួរខាងក្រោម ដោយប្រយ័ត្នចំពោះសិស្សដែលមានគ្រួសារមិនអាចអធិស្ឋានជុំគ្នាបាន ៖
-
តើអ្នកអាចធ្វើអ្វីខ្លះដើម្បីជួយគ្រួសាររបស់អ្នកឲ្យមានការអធិស្ឋានជាគ្រួសារជាទៀងទាត់ ហើយមានអត្ថន័យ ?
-
តើអ្នកគ្រោងដាក់អទិភាពលើការអធិស្ឋានជាគ្រួសារនៅក្នុងគ្រួសារអនាគតរបស់អ្នកដោយរបៀបណា ?
សូមពន្យល់ថា នៅពេលព្រះអង្គសង្គ្រោះបានត្រឡប់ទៅជាលើកទីពីរដើម្បីបង្រៀនពួកសាសន៍នីហ្វៃ ដូចដែលបានកត់ត្រានៅក្នុង នីហ្វៃទី 3 19 ទ្រង់បានទូន្មានដល់ពួកសិស្សសាសន៍នីហ្វៃឲ្យអធិស្ឋានម្ដងទៀត ។ សូមឲ្យសិស្សម្នាក់អាន នីហ្វៃទី 3 19:9, 13 ឮៗ ហើយសូមឲ្យសិស្សផ្សេងទៀតរកមើលអ្វីដែលពួកសាវកបានអធិស្ឋានសុំ ។ សូមសួរថា ៖ តើគោលការណ៍អ្វីខ្លះដែលយើងអាចរៀនពីបទពិសោធន៍របស់ពួកសិស្សសាសន៍នីហ្វៃ ? ( រឿងខាងក្រោមគឺជារបៀបមួយដែលសិស្សអាចបង្ហាញគោលការណ៍នេះ ៖ បំណង និងការអធិស្ឋានដ៏សុចរិតរបស់យើង អាចធ្វើឲ្យយើងសក្ដិសមនឹងបំពេញដោយព្រះវិញ្ញាណបរិសុទ្ធ ) ។
បន្ទាប់មក សូមសួរសិស្ស ៖ តើនៅពេលណាខ្លះដែលអ្នកធ្លាប់បានមានបំណងប្រាថ្នាដ៏ខ្លាំង ហើយបានអធិស្ឋានដោយស្មោះត្រង់សម្រាប់ការមានដៃគូជាព្រះវិញ្ញាណបរិសុទ្ធ ? តើអ្នកបានទទួលពរជ័យចំពោះការធ្វើដូច្នោះយ៉ាងដូចម្ដេច ?
នីហ្វៃទី 3 20–22
នៅថ្ងៃចុងក្រោយ ព្រះនឹងចាប់ផ្ដើមប្រមូលផ្ដុំវង្សអ៊ីស្រាអែល
សូមពន្យល់ថា ក្រោយពីការបង្រៀនដល់សាសន៍នីហ្វៃអំពីការអធិស្ឋាន នោះព្រះអង្គសង្គ្រោះបានចាប់ផ្ដើមបង្រៀនពួកគេអំពីការប្រមូលផ្ដុំវង្សអ៊ីស្រាអែលនៅថ្ងៃចុងក្រោយ ។ សូមឲ្យសិស្សម្នាក់អាន នីហ្វៃទី 3 21:9 ។ សូមឲ្យសិស្សផ្សេងទៀតមើលតាម ដោយរកមើលពាក្យដែលរៀបរាប់ពីកិច្ចការរបស់ព្រះអម្ចាស់ ។ បន្ទាប់មក សូមសួរថា ៖
-
តើអ្នកគិតថា « កិច្ចការដ៏ធំ ហើយអស្ចារ្យ » មួយសំដៅទៅលើអ្វី ? ( ការស្តារឡើងវិញនៃដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ ដែលរួមមានការលេចចេញមកនៃព្រះគម្ពីរមរមន ) ។
-
នៅក្នុងគំនិតរបស់អ្នក តើអ្វីជាការណ៍ដ៏ធំ ហើយអស្ចារ្យអំពីការស្តារឡើងវិញនៃដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ ?
សូមឲ្យសិស្សរំឭក នីហ្វៃទី 3 21:10–11 ហើយគិតអំពីអ្នកដែលព្រះអម្ចាស់កំពុងរៀបរាប់ថាជា « អ្នកបម្រើរបស់យើង » ។ សូមសួរ ៖ តើពាក្យ ឬឃ្លាអ្វីដែលជួយអ្នកឲ្យដឹងថា ព្រះអម្ចាស់កំពុងរៀបរាប់ពីព្យាការី យ៉ូសែប ស៊្មីធ ? បន្ទាប់មក សូមបង្ហាញរូបភាព យ៉ូសែប ស៊្មីធ នៅក្នុងគុកលីប៊ើធី ( Gospel Art Book លេខ 97 ) ។
សូមសួរ ៖ តើព្រះបានបង្ហាញតាមរយៈ យ៉ូសែប ស៊្មីធថា « ចំណេះដឹងរបស់ទ្រង់គឺអស្ចារ្យជាងកលល្បិចរបស់អារក្ស » ដោយរបៀបណា ?
ជាទីបញ្ចប់ សូមឲ្យសិស្សចែកចាយទីបន្ទាល់របស់ពួកគេអំពីព្យាការី យ៉ូសែប ស៊្មីធ និងការស្តារឡើងវិញនៃដំណឹងល្អ ។ សូមចែកចាយទីបន្ទាល់របស់អ្នកអំពីរឿងទាំងនេះជាមួយនឹងសិស្សរបស់អ្នក ។
មេរៀនបន្ទាប់ ( នីហ្វៃទី 3 23–30 )
សូមឲ្យសិស្សស្រមៃថា ព្រះអង្គសង្គ្រោះបានប្រាប់ពួកគេថា ទ្រង់នឹងយល់ព្រមនឹងអ្វីៗទាំងឡាយដែលពួកគេបានប៉ង ។ សូមពន្យល់ថា នៅពេលពួកគេសិក្សា នីហ្វៃទី 3 23–30 នៅសប្ដាហ៍ក្រោយ ពួកគេនឹងរៀនអំពីបុរសដប់ពីរនាក់ដែលទទួលបានបទពិសោធន៍នេះ និងអ្វីដែលពួកលោកបាន សុំ ។