មេរៀនទី 76
អាលម៉ា 11
សេចក្តីផ្ដើម
នៅពេលអាលម៉ា និងអាម៉ូលេកបានបន្ដបង្រៀនដល់ប្រជាជនអាំម៉ូណៃហា ចៅក្រមផ្នែកច្បាប់ម្នាក់ឈ្មោះស៊ីអែសរ៉ុម បានផ្ដល់ប្រាក់ដល់អាម៉ូលេកឲ្យបដិសេធនឹងវត្តមាននៃព្រះ ។ ស៊ីអែសរ៉ុមក៏បានព្យាយាមក្រឡាស់ពាក្យរបស់អាម៉ូលេក និង បានបង្ខូចការបង្រៀនរបស់គាត់អំពីព្រះយេស៊ូវគ្រីស្ទ ។ នៅពេលអាម៉ូលេកបានការពារខ្លួនគាត់ទាស់នឹងការប៉ុនប៉ងរបស់ស៊ីអែសរ៉ុមដែលចង់សម្លាប់គាត់ គាត់បានថ្លែងទីបន្ទាល់ថា សេចក្ដីសង្គ្រោះចេញពីអំពើបាបមកតែតាមរយៈព្រះយេស៊ូវគ្រីស្ទប៉ុណ្ណោះ ។ អាម៉ូលេកក៏បានថ្លែងទីបន្ទាល់ថា មនុស្សទាំងអស់នឹងត្រូវរស់ឡើងវិញ ហើយនឹងបាននាំមក “ ហៅឲ្យឆ្លើយខាងមុខវេទិកានៃព្រះគ្រីស្ទ ដ៏ជាព្រះរាជបុត្រា និង ព្រះវរបិតាដ៏ជាព្រះ និងព្រះវិញ្ញាណបរិសុទ្ធ ” នៅថ្ងៃជំនុំជម្រះ ( “ អាលម៉ា 11:44 ) ។
យោបល់សម្រាប់ការបង្រៀន
អាលម៉ា 11:1–25
អាម៉ូលេកបដិសេធការល្បួងរបស់ស៊ីអែសរ៉ុមក្នុងការបដិសេធមិនទទួលស្គាល់វត្តមាននៃព្រះ
សូមឲ្យសិស្សគិតអំពីអ្វីមួយ ដែលពួកគេមានដែលមានតម្លៃខ្លាំងដល់ពួកគេ ដែលពួកគេនឹងមិនលក់វាឡើយ ។ សូមឲ្យសិស្សពីរបីនាក់ប្រាប់ពីអ្វីដែលពួកគេបានគិតដល់ ហើយនិងមូលហេតុដែលរបស់ទាំងនោះមានតម្លៃខ្លាំងដល់ពួកគេ ។
សូមពន្យល់ថា អាលម៉ា 11 បន្ដដំណើររឿងនៃអាលម៉ា និងអាម៉ូលេកដែលបង្រៀនប្រជាជនអាំម៉ូណៃហា ។ នៅពេលអាម៉ូលេកបានបង្រៀន គាត់ត្រូវបានដេញដោលដោយចៅក្រមផ្នែកច្បាប់ឈ្មោះថា ស៊ីអែសរ៉ុម ដែលបានផ្ដល់ប្រាក់ជាថ្នូរនឹងអ្វីមួយដែលមានតម្លៃបំផុតដល់អាម៉ូលេក ។
សូមឲ្យសិស្សសិក្សា អាលម៉ា 11:21–22 ដើម្បីរកមើលតម្លៃប្រាក់ដែលស៊ីអែសរ៉ុមបានផ្ដល់ដល់អាម៉ូលេក និងពីមូលហេតុផង ។ សូមឲ្យសិស្សរាយការណ៍ពីអ្វីដែលពួកគេបានរៀន ។
សូមបង្ហាញថា ការពន្យល់របស់មរមនអំពីប្រព័ន្ធរូបិយវត្ថុសាសន៍នីហ្វៃនៅក្នុង អាលម៉ា 11:4–19 ជួយយើងឲ្យយល់ពីទំហំនៃការសូកប៉ាន់របស់ស៊ីអែសរ៉ុម ។ សូមជួយសិស្សឲ្យយល់ថា អុនតៃ ជាចំណែកនៃប្រាក់ដែលមានតម្លៃបំផុត ( សូមមើល អាលម៉ា 11:6, 11–13 ) ។ មួយអុនតៃស្មើនឹងប្រាក់ខែប្រហែលមួយសប្ដាហ៍សម្រាប់ចៅក្រមម្នាក់ ( សូមមើល អាលម៉ា 11:3, 11–13 ) ដែលមានន័យថា ប្រាំមួយអុនតែស្មើនឹងប្រាក់ខែប្រហែលប្រាំមួយសប្ដាហ៍សម្រាប់ចៅក្រម ។
-
ហេតុអ្វីបានជាការផ្ដលរបស់ស៊ីអែសរ៉ុមទាក់ទាញដល់មនុស្សខ្លះ ?
សូមឲ្យសិស្សម្នាក់អាន អាលម៉ា 11:23–25 ឮៗ ។
-
តើចម្លើយរបស់អាម៉ូលេកបង្ហាញអ្វីខ្លះអំពីគាត់ ?
-
យោងតាម អាលម៉ា 11:25 តើស៊ីអែសរ៉ុមបានគ្រោងធ្វើអ្វី ប្រសិនបើអាម៉ូលេកទទួលយកការផ្ដល់ឲ្យរបស់គាត់នោះ ? តើភាពស្រដៀងគ្នាទៅនឹងអ្វីដែលសាតាំងធ្វើ នៅពេលមនុស្សចាញ់ក្នុងការល្បួងរបស់គាត់មានដូចម្ដេចខ្លះ ?
ដើម្បីជួយសិស្សឲ្យរកមើលពីរបៀបដែលអាម៉ូលេកអាចប្រឆាំងនឹងសំណើររបស់ស៊ីអែសរ៉ុម សូមសរសេរឃ្លាខាងក្រោមនៅលើក្ដារខៀន ៖ ខ្ញុំនឹងពុំ … អ្វីដែលផ្ទុយនឹងព្រះវិញ្ញាណនៃព្រះអម្ចាស់ឡើយ ។
សូមឲ្យសិស្សម្នាក់អាន អាលម៉ា 11:22 ។ សូមឲ្យសិស្សក្នុងថ្នាក់រកមើលពាក្យដែលអាម៉ូលេកបានប្រើដើម្បីបំពេញប្រយោគនេះ ។
-
តើមានពាក្យផ្សេងទៀតអ្វីខ្លះដែលយើងអាចដាក់ក្នុងចន្លោះនោះដែលអាចជួយយើងឲ្យពឹងផ្អែកលើព្រះវិញ្ញាណបរិសុទ្ធដើម្បីប្រឆាំងនឹងការល្បួង ? ( “ ធ្វើ” “ គិត” ឬ “ មើល” ) ។
សូមឲ្យសិស្សនិយាយពីគោលការណ៍មួយដោយផ្អែកលើ អាលម៉ា 11:22 ដែលអាចជួយពួកគេឲ្យចងចាំពីរបៀបដែលពួកគេអាចយកឈ្នះលើការល្បួង ។ ខណៈពេលដែលចម្លើយរបស់សិស្សអាចខុសគ្នា ពួកគេគួរបង្ហាញពីគោលការណ៍ដូចខាងក្រោម ៖ នៅពេលយើងពឹងផ្អែកទៅលើព្រះវិញ្ញាណបរិសុទ្ធ យើងអាចយកឈ្នះលើការល្បួង ។( អ្នកអាចស្នើថា សិស្សគួរសរសេរគោលការណ៍នេះនៅក្នុងព្រះគម្ពីររបស់ពួកគេក្បែរ អាលម៉ា 11:22 ) ។
-
តើអ្នកគិតថា ការឆាប់ធ្វើតាមការបំផុសនៃព្រះវិញ្ញាណបរិសុទ្ធអាចជួយយើងឲ្យយកឈ្នះលើការល្បួងដោយរបៀបណា ?
សូមអានការប្រឹក្សាខាងក្រោមពីប្រធាន ប៊យដ៏ ឃេ ផាកកឺ នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ៖
“ ប្រសិនបើអ្នកធ្លាក់ក្នុងរឿងដែលអ្នកមិនគួរទៅ ឬ ប្រសិនបើអ្នកទាក់ទងនឹងមនុស្សដែលទាញអ្នកចេញទៅក្នុងទិសដៅខុស នោះជាពេលដែលអ្នកមានឯករាជ្យភាព ពេលប្រើឯកសិទ្ធិរបស់អ្នក ។ សូមស្ដាប់តាមសំឡេងនៃព្រះវិញ្ញាណ ហើយអ្នកនឹងមិនដែលត្រូវវង្វេងឡើយ ។
“ … ក្នុងនាមជាអ្នកបម្រើរបស់ព្រះអម្ចាស់ម្នាក់ ខ្ញុំសន្យាថា អ្នកនឹងត្រូវបានការពារ និង បាំងពីការវាយប្រហារនៃឧបសគ្គនានា ប្រសិនបើ អ្នកគោរពតាមការបំផុសគំនិតដែលមកពីព្រះវិញ្ញាណបរិសុទ្ធ ” (“Counsel to Youth,” Ensignឬលេអាហូណា,ខែ វិច្ឆិកា ឆ្នាំ 2011, ទំព័រ 18 ) ។
ដើម្បីជួយសិស្សឲ្យយល់ និងមានអារម្មណ៍ពីសារៈសំខាន់នៃការបំផុសគំនិតខាងក្រោមនៃព្រះវិញ្ញាណបរិសុទ្ធ សូមសួរសំណួរខាងក្រោម ៖
-
តើស្ថានភាពណាខ្លះដែលយុវជនអាចត្រូវបានល្បួងឲ្យធ្វើផ្ទុយទៅនឹងទីបន្ទាល់របស់ពួកគេ ?
-
តើអ្នកធ្វើអ្វីខ្លះដើម្បីពឹងផ្អែកលើព្រះវិញ្ញាណបរិសុទ្ធ ? តើការណ៍នោះជួយអ្នកដោយរបៀបណា ?
-
តើនៅពេលណាដែលព្រះវិញ្ញាណបរិសុទ្ធបានជួយអ្នកឲ្យយកឈ្នះលើការល្បួង ?
សូមលើកទឹកចិត្តសិស្សឲ្យ អនុវត្ត អ្វីដែលពួកគេបានរៀនដោយការចងចាំពីគំរូរបស់អាម៉ូលេកនៅពេលពួកគេត្រូវបានល្បួងឲ្យចុះចាញ់លើជំនឿរបស់ពួកគេលើកក្រោយ ។ សូមថ្លែងទីបន្ទាល់ថា នៅពេលពួកគេរស់នៅដោយសាកសមនឹងដៃគូនៃព្រះវិញ្ញាណបរិសុទ្ធ ពួកគេអាចទទួលបានទំនុកចិត្តដ៏ខ្លាំងជាងមុន ដើម្បីឈរសម្រាប់សេចក្ដីពិត និង យកឈ្នះលើការល្បួង ។
អាលម៉ា 11:26–40
អាម៉ូលេកថ្លែងទីបន្ទាល់ពីព្រះរាជបុត្រានៃព្រះ និង យកឈ្នះលើការល្បួងរបស់ស៊ីអែសរ៉ុមក្នុងការបង្ខូចពាក្យសម្ដីរបស់គាត់
សូមសួរសិស្សថា តើមាននរណាធ្លាប់ព្យាយាមសួរ ឬ បដិសេធនឹងជំនឿរបស់ពួកគេតាមរយៈអំណះអំណាង ឬ ការបំភាន់ទេ ។ សូមឲ្យសិស្សម្នាក់ ឬ ពីរនាក់ចែកចាយពីបទពិសោធន៍របស់ពួកគេ ។
សូមពន្យល់ថា ក្រោយពីស៊ីអែសរ៉ុមបានបរាជ័យក្នុងការឲ្យអាម៉ូលេកបដិសេធមិនទទួលស្គាល់វត្តមាននៃព្រះហើយ គាត់បានផ្លាស់ប្ដូរវិធីសាស្ដ្រ និងចាប់ផ្ដើមវាយប្រហារលើសេចក្ដីជំនឿលើព្រះយេស៊ូវគ្រីស្ទរបស់អាម៉ូលេក ។
សូមអញ្ជើញឲ្យសិស្សពីរបីនាក់ប្ដូរវេនគ្នាអានឮៗពី អាលម៉ា 11:26–35 ។ សូមឲ្យសិស្សក្នុងថ្នាក់រកមើលរបៀបដែលស៊ីអែសរ៉ុមបានព្យាយាមដើម្បីក្រឡាស់ពាក្យសម្ដីរបស់អាម៉ូលេក ។ សូមឲ្យសិស្សរាយការណ៍ពីអ្វីដែលពួកគេបានរកឃើញ ។ បន្ទាប់មក សូមអញ្ជើញឲ្យសិស្សម្នាក់អាន អាលម៉ា 11:36–37 ឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ចំណាំពីរបៀបដែលអាម៉ូលេកកែតម្រូវកំហុសដែលស៊ីអែសរ៉ុមបានបង្រៀន ។ សូមអញ្ជើញឲ្យសិស្សមើលទៅ លេខយោង 34ក ។ ( អ្នកអាចស្នើថា សិស្សគួរគូសចំណាំលេខយោង 34ក នៅក្នុងព្រះគម្ពីររបស់ពួកគេ ។ ) សូមឲ្យសិស្សម្នាក់អាន ហេលេមិន 5:10–11 ឮៗ ។
-
ហេតុអ្វីបានជាវាមិនអាចសង្គ្រោះនៅក្នុងអំពើបាបរបស់យើងនោះ ? តើអ្វីជាភាពខុសគ្នារវាងការបានសង្គ្រោះនៅក្នុងអំពើបាបរបស់យើង និង ការបានសង្គ្រោះចេញពីអំពើបាបរបស់យើង ?
សូមអញ្ជើញឲ្យសិស្សម្នាក់អាន អាលម៉ា 11:40 ឮៗ ។ សូមពន្យល់ថា ខគម្ពីរនេះរួមមានគោលការណ៍មួយដែលយើងត្រូវធ្វើតាម ដើម្បីត្រូវបានសង្គ្រោះចេញពីអំពើបាបរបស់យើង ។ សូមសរសេរគោលការណ៍ខាងក្រោមនៅលើក្ដារខៀន ៖ នៅពេលយើងជឿលើព្រះយេស៊ូវគ្រីស្ទ យើងអាចត្រូវបានប្រោសលោះចេញពីអំពើបាបរបស់យើង ។
-
តើវាមានន័យដល់អ្នកយ៉ាងណាក្នុងការជឿលើព្រះយេស៊ូវគ្រីស្ទនោះ ?
-
ហេតុអ្វីបានជាយើងត្រូវជឿលើព្រះយេស៊ូវគ្រីស្ទដើម្បីបានសង្គ្រោះចេញពីអំពើបាបរបស់យើង ?
ដើម្បីជួយសិស្សឲ្យយល់ពីរបៀបដែលសេចក្ដីជំនឿលើព្រះយេស៊ូវគ្រីស្ទដឹកនាំទៅរកសេចក្ដីប្រោសលោះតាមរយៈការប្រែចិត្ត សូមអានសេចក្ដីថ្លែងការណ៍ខាងក្រោមដោយប្រធាន ឌៀថើរ អេស្វ អុជដូហ្វ នៃគណៈប្រធានទីមួយ ៖
“ យើងត្រូវការសេចក្ដីជំនឿដ៏រឹងមាំមួយនៅក្នុងព្រះគ្រីស្ទដើម្បីអាចប្រែចិត្ត ។ សេចក្ដីជំនឿរបស់យើងត្រូវរួមមាន ‹ គំនិតដ៏ត្រឹមត្រូវមួយអំពីចរិតលក្ខណៈ ភាពតឥខ្ចោះ និង ឥរិយាបថ [ របស់ព្រះ ] › ( Lectures on Faith [1985], 38 ) ។ ប្រសិនបើយើងជឿថា ព្រះទ្រង់ជ្រាបនូវការណ៍ទាំងឡាយ ស្រឡាញ់យើង និងមានសេចក្ដីមេត្តាករុណា យើងនឹងអាចដាក់ការទុកចិត្តរបស់យើងទៅលើទ្រង់សម្រាប់សេចក្ដីសង្គ្រោះរបស់យើងដោយគ្មានរុញរាឡើយ ។ សេចក្ដីជំនឿទៅលើព្រះគ្រីស្ទនឹងផ្លាស់ប្ដូរគំនិត ជំនឿ និង អាកប្បកិរិយារបស់យើងដែលមិនត្រូវគ្នានឹងឆន្ទៈរបស់ព្រះ ” (“ Point of Safe Return,” Ensignឬលេអាហូណា,ខែ ឧសភា ឆ្នាំ 2007, ទំព័រ 100 ) ។
សូមឲ្យសិស្សធ្វើការជាដៃគូ ។ សូមឲ្យដៃគូនីមួយៗប្ដូរវេនគ្នាពន្យល់ដល់គ្នាទៅវិញទៅមកពីរបៀបដែលពួកគេនឹងឆ្លើយតប ប្រសិនបើយុវជនម្នាក់បានសួរគេនូវសំណួរដូចខាងក្រោម ៖ ( អ្នកអាចសរសេរសំណួរទាំងនេះនៅលើក្ដារខៀន ។ )
-
ហេតុអ្វីបានជាខ្ញុំត្រូវជឿលើព្រះយេស៊ូវគ្រីស្ទដើម្បីប្រែចិត្ត និង ត្រូវបានសង្គ្រោះចេញពីអំពើបាបរបស់ខ្ញុំ ?
-
តើការមានសេចក្ដីជំនឿទៅលើព្រះយេស៊ូវគ្រីស្ទបានជួយអ្នកឲ្យប្រែចិត្តដោយរបៀបណា ?
សូមថ្លែងទីបន្ទាល់ថា ដោយការមានសេចក្ដីជំនឿលើព្រះយេស៊ូវគ្រីស្ទ យើងអាចប្រែចិត្ត ត្រូវបានសង្គ្រោះពីអំពើបាបរបស់យើង និង ទទួលបានជីវិតដ៏នៅអស់កល្បជានិច្ច ។
អាលម៉ា 11:41–46
អាម៉ូលេកបង្រៀនអំពីការរស់ឡើងវិញ និង ការជំនុំជម្រះនៃមនុស្សជាតិទាំងឡាយ
ដើម្បីជួយសិស្សឲ្យគិតពីមូលហេតុដែលវាសំខាន់ដើម្បីដឹងថា យើងនឹងត្រូវបានរស់ឡើងវិញ និងជំនុំជម្រះនៅទីបញ្ចប់ សូមសួរ ៖
-
តើនរណាម្នាក់អាចរស់នៅដោយខុសគ្នាយ៉ាងណា ប្រសិនបើពួកគេជឿថា គ្មានជីវិតបន្ទាប់ពីសេចក្ដីស្លាប់នោះ ?
សូមសរសេរពាក្យ ការរស់ឡើងវិញ និង ការជំនុំជម្រះ នៅលើក្ដារខៀន ។ សូមអញ្ជើញឲ្យសិស្សសិក្សា អាលម៉ា 11:41–45 ដោយស្ងាត់ៗ ដោយរកមើលព័ត៌មានឲ្យបានច្រើនតាមដែលគេអាចធ្វើបានអំពីការរស់ឡើងវិញ និង ការជំនុំជម្រះ ។ នៅពេលសិស្សរាយការណ៍ពីអ្វីដែលពួកគេរកឃើញ សូមសរសេរចម្លើយរបស់ពួកគេនៅលើក្ដារខៀន ។ សូមប្រាកដថា ឃ្លាមួយនៅលើក្ដារខៀនបានពាំនាំសេចក្ដីពិតថា ទីបញ្ចប់ប្រជាជជនទាំងឡាយដែលរស់នៅលើផែនដីនឹងត្រូវបានរស់ឡើងវិញ ។ សូមបង្ហាញថា និយមន័យសាមញ្ញនៃការរស់ឡើងវិញនៅក្នុង អាលម៉ា 11:45៖ “ ដើម្បីកុំឲ្យពួកគេស្លាប់ទៀតឡើយ វិញ្ញាណរបស់ពួកគេនឹងមករួមជាមួយនឹងរូបកាយពួកគេវិញ ហើយពុំអាចបែកគ្នាបានទៀតឡើយ ” ។ ( អ្នកអាចលើកទឹកចិត្តសិស្សឲ្យគូសចំណាំឃ្លានេះ ក្រោយពីសិស្សបានរាយការណ៍ពីអ្វីដែលពួកគេបានរៀនហើយ អ្នកអាចស្នើថា ពួកគេគួរសរសេរសេចក្ដីពិតខាងក្រោមនៅលើទំព័រក្នុងព្រះគម្ពីររបស់ពួកគេ ៖ តាមរយៈដង្វាយធួននៃព្រះយេស៊ូវគ្រីស្ទ មនុស្សទាំងអស់នឹងត្រូវបានសង្គ្រោះ និងជំនុំជម្រះតាមកិច្ចការរបស់ពួកគេ ។
-
តើសេចក្ដីពិតមួយណានៅលើក្ដារខៀនដែលជម្រុញអ្នកឲ្យរៀបចំទៅជួបនឹងព្រះ ?
-
ហេតុអ្វីបានជាសេចក្ដីពិតទាំងឡាយអំពីការរស់ឡើងវិញនាំមកនូវសន្ដិភាព និងសេចក្ដីសង្ឃឹមដល់ពួកសុចរិត ?
សូមអញ្ជើញឲ្យសិស្សអាន ដោយស្ងាត់ៗ ដោយរកមើលឥទ្ធិពលនៃការបង្រៀនរបស់អាម៉ូលេកចំពោះស៊ីអែសរ៉ុម ។
-
តើអ្នកគិតថា ហេតុអ្វីបានជានរណាម្នាក់អាចប្រតិកម្មរបៀបនេះចំពោះការបង្រៀនរបស់អាម៉ូលេក ?
-
តើការបង្រៀនមួយណានៅក្នុង អាលម៉ា 11:41–45 ដែលអ្នកគិតថា អាចមានបញ្ហាដល់ស៊ីអែសរ៉ុម ? ហេតុអ្វី ?
សូមថ្លែងទីបន្ទាល់ថា ដោយសារតែដង្វាយធួននៃព្រះយេស៊ូវគ្រីស្ទ មនុស្សទាំងអស់នឹងត្រូវបានរស់ឡើងវិញ ហើយឈរនៅចំពោះមុខព្រះ “ ដើម្បីជំនុំជម្រះស្របតាមកិច្ចការទាំងឡាយដែលខ្លួនបានប្រព្រឹត្ត ” ( អាលម៉ា 11:44 ) ។ សូមផ្ដល់ពេលឲ្យសិស្សសញ្ជឹងគិតអំពីអ្វីដែលពួកគេបានរៀន និង ពីរបៀបដែលវាទាក់ទងនឹងពួកគេ ។ បន្ទាប់មកសូមឲ្យពួកគេសរសេរចម្លើយចំពោះសំណួរខាងក្រោមនៅក្នុងកំណត់ហេតុសិក្សាព្រះគម្ពីរ ឬ សៀវភៅសរសេរក្នុងថ្នាក់របស់ពួកគេ ។ ( អ្នកអាចសរសេរសំណួរទាំងនេះនៅលើក្ដារខៀន
-
តើអ្នកមានអារម្មណ៍យ៉ាងណា នៅពេលអ្នកគិតអំពីការរស់ឡើងវិញ និង ការទទួលការជំនុំជម្រះ ?
-
តើអ្នកត្រូវធ្វើអ្វីខ្លះដើម្បីរៀបចំដើម្បីឈរនៅចំពោះមុខព្រះ ?
-
តើសេចក្ដីជំនឿរបស់អ្នកដែលថា អ្នកនឹងត្រូវបានរស់ឡើងវិញ និងត្រូវបានជំនុំជម្រះជះឥទ្ធិពលដល់របៀបដែលអ្នកជ្រើសរើសរស់នៅរាល់ថ្ងៃដោយរបៀបណា ?
វិចារណកថា និង ព័ត៌មានសាច់រឿង
អាលម៉ា 11:28 ។ តើមានព្រះច្រើនជាងមួយឬ ?
គោលលទ្ធិនៃក្រុមព្រះនៃពូកបរិសុទ្ធថ្ងៃចុងក្រោយ ( ដែលថា ព្រះវរបិតា ព្រះរាជបុត្រា និង ព្រះវិញ្ញាណបរិសុទ្ធគឺជាអង្គបីដាច់ដោយឡែកពីគ្នា ដែលរួបរួមគ្នាក្នុងគោលបំណង និងគោលលទ្ធិដោយឥតខ្ចោះ ) បានទទួលរងការវាយប្រហារពីពិភពគ្រិស្តសាសនិកនាសម័យទំនើប ។ គ្រិស្តសាសនិកដែលតាមដានការយល់ដឹងរបស់ពួកគេអំពីព្រះទៅដល់ជំនឿកាលពីសតវត្សរ៍ទីបួន និងទីប្រាំដែលប្រកាសពីគោលលទ្ធិនៃព្រះបី ( ដែលថា ព្រះវរបិតា ព្រះរាជបុត្រា និង ព្រះវិញ្ញាណបរិសុទ្ធគឺជាអង្គមិនដាច់ពីគ្នា ) ជាញឹកញាប់បានសួរសមាជិកនៃសាសនាចក្រអំពីការយល់ដឹងតែមួយរបស់យើងអំពីព្រះ ។ សំណួរដែលបានលើកឡើងដោយមានចម្លើយរបស់វានៅក្នុង អាលម៉ា 11:28–33 ក៏បានបន្សល់នូវសំណួរជាច្រើនពីគោលលទ្ធិនៃក្រុមព្រះដូចដែលបានបង្ហាញនៅក្នុងសាសនាចក្រដែលបានស្ដារឡើងវិញនេះ ។ រ៉យ ដាប់បលយូ ដកស៊ី ជាជំនួយការដល់ការិយាល័យនៃក្រុមប្រឹក្សាពួកដប់ពីរនាក់ និង ជាងារព្រឹទ្ធបុរសនៃការណែនាំសាសនា សាកលវិទ្យាល័យព្រិកហាំយ៉ង់ បានពន្យល់ពីមូលហេតុមួយដែលអាចមានសម្រាប់ចម្លើយរបស់អាម៉ូលេកថា មានព្រះ ប៉ុន្ដែមានតែមួយ ៖
«តើមានព្រះច្រើនជាងមួយឬ ? ជាញឹកញាប់ សំណួរនេះត្រូវបានលើកឡើងជាចម្លើយដល់អាលម៉ាជំពូកទី 11 ដែលស៊ីអែសរ៉ុម ជាអ្នករិះគន់ ទាស់នឹងអ្នកផ្សព្វផ្សាយសាសនាអាម៉ូលេក ។…
« ដើម្បីយល់ពីប្រសាសន៍របស់អាម៉ូលេក [ ថាមានព្រះ ប៉ុន្ដែមានតែមួយដែលពិត ហើយកំពុងរស់នៅ ] យើងត្រូវមើលទៅបរិបទទាំងមូល ។ ឆ្លងកាត់តាមប្រវត្តិសាស្ដ្រភាគច្រើន សាសន៍អ៊ីស្រាអែលជាច្រើន ( ពួកអយ្យកោនៃសាសន៍នីហ្វៃ ) ងាយនឹងទទួលយកព្រះក្លែងក្លាយជាច្រើននៃសាសន៍អេស៊ីព្ទ និង សាសន៍កាណាន ។ ទោះបីជាព្រះគម្ពីរមរមនស្ងាត់ស្ងៀមអំពីការក្បត់ជាក់លាក់ដែលដឹកនាំដោយប្រជាជននៅក្នុងទីក្រុងរបស់ស៊ីអែសរ៉ុមនៃដែនដីអាំម៉ូណៃហាក្ដី វាច្បាស់ណាស់ថា សាសន៍នីហ្វៃដែលក្បត់សាសនាខ្លះនៃជំនាន់របស់អាលម៉ា គឺគោរពរូបព្រះ —ដោយសារឪពុកសាសន៍អ៊ីស្រាអែលខ្លះរបស់ពួកគេបានធ្វើដូច្នោះ ។ នៅពេលអាលម៉ា ដែលជាដៃគូផ្សព្វផ្សាយសាសនារបស់អាម៉ូលេក ជាមេចៅក្រមក៏ដូចជាសង្ឃជាន់ខ្ពស់នៅក្នុងសាសនាចក្រ គាត់បានជួយសា្ថបនារាងកាយដ៏រឹងមាំ និង ស្មោះត្រង់មួយនៃសមាជិកសាសនចក្រជាច្រើន ។ មិនតែប៉ុណ្ណោះសោត ‹ ពួកអ្នកពុំនៅក្នុងសាសនាចក្ររបស់គេបានបណ្ដោយខ្លួនទៅតាមអំពើអាបធ្មប់ និង ការថ្វាយបង្គំរូបព្រះ › (អាលម៉ា 1:32) ។ ការក្បត់សាសនាគឺជាបញ្ហាដ៏ខ្លាំងមួយដែលក្រោយមក អាលម៉ាបានលះបង់តំណែងចៅក្រមរបស់គាត់‹ ដើម្បីខ្លួនលោកផ្ទាល់អាចទៅក្នុងចំណោមប្រជាជនរបស់លោក ឬ នៅក្នុងចំណោមប្រជាជននីហ្វៃ ដើម្បីលោកអាចផ្សាយព្រះបន្ទូលនៃព្រះដល់គេ › (អាលម៉ា 4:19) ។
« ជាអ្នកផ្សព្វផ្សាយសាសនា អាលម៉ាបានឃើញថា ប្រជាជនជាច្រើនបានធ្លាក់យ៉ាងជ្រៅក្នុងការគោរពរូបសំណាក ។ គាត់បានរកឃើញថា ឧទហរណ៍ ប្រជាជននៅក្នុងទីក្រុងសូរ៉ាំ ‹ កំពុងតែបង្ខូចផ្លូវទាំងឡាយនៃព្រះអម្ចាស់ ហើយសូរាំដែលជាអ្នកដឹកនាំរបស់គេ កំពុងតែដឹកនាំចិត្តប្រជាជនឲ្យក្រាបថ្វាយបង្គំដល់រូបព្រះដែលគទាំងឡាយ › (អាលម៉ា 31:1) ។
« នេះគឺជាបរិបទនៃការពិភាក្សាដែលបន្ទាប់មក អាលម៉ានិងអាម៉ូលេកបានធ្វើជាមួយនឹងស៊ីអែសរ៉ុម ។ ដោយបានឃើញនៅក្នុងពន្លឺនេះ ចម្លើយរបស់អាម៉ូលេកត្រូវបានយល់យ៉ាងច្បាស់ ហើយពិតណាស់ថាត្រឹមត្រូវ ៖ មាន ‹ ព្រះពិត និង កំពុងរស់នៅ › តែមួយគត់ —ដែលមិនចែកចាយភាពជាព្រះដល់ពួកបរិវារនៃព្រះក្លែងក្លាយដែលធ្វើដោយមនុស្សនោះឡើយ » ( « I Have a Question » Ensign ខែ សីហា ឆ្នាំ 1985 ទំព័រ 11 ) ។
អែលឌើរ ជែហ្វ្រីអ័រហូឡិន បានពន្យល់ពីរបៀប និង មូលហេតុនៃជំនឿរបស់ពួកបរិសុទ្ធថ្ងៃចុងក្រោយទៅលើក្រុមព្រះដែលខុសពីជំនឿរបស់ពួកគ្រិស្តសាសនិកប្រពៃណីទៅលើព្រះទាំងបី ៖
« មាត្រានៃសេចក្តីជំនឿទីមួយ និង ដំបូងគេរបស់យើងនៅក្នុង សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយគឺ ‹ យើងខ្ញុំជឿដល់ព្រះ គឺព្រះវរបិតាដ៏គង់នៅអស់កល្បជានិច្ច និង ដល់ព្រះរាជបុត្រាទ្រង់គឺព្រះយេស៊ូវគ្រីស្ទ ហើយដល់ព្រះវិញ្ញាណបរិសុទ្ធ › [មាត្រានៃសេចក្តីជំនឿ ១:១] ។ យើងជឿលើអង្គដ៏ទេវភាពទាំងបីនេះដែលរួបគ្នាជាក្រុមព្រះតែមួយ ដែលរួបរួមគ្នាក្នុងគោលបំណង ក្នុងគ្រប់សេចក្ដី ក្នុងទីបន្ទាល់ ក្នុងបេសកកម្ម ។ យើងជឿដល់ទ្រង់ដើម្បីត្រូវបានបំពេញដោយអារម្មណ៍នៃព្រះដូចគ្នានៃសេចក្ដីមេត្តាករុណា និងសេចក្ដីស្រឡាញ់ សេចក្ដីយុត្តិធម៌ និងព្រះគុណ ការអត់ធ្មត់ ការអភ័យទោស និង ការប្រោសលោះ ។ ខ្ញុំគិតថាវាត្រឹមត្រូវដើម្បីនិយាយថាយើងជឿថា ពួកទ្រង់មានព្រះទ័យតែមួយក្នុងគ្រប់កិច្ចការដ៏សំខាន់ និង អស់កល្បជានិច្ច ប៉ុន្តែ សូមកុំជឿថាពួកទ្រង់គឺជាតួអង្គបី ដែលរួមចូលគ្នាតែមួយឡើយ ជំនឿដែលថាពួកទ្រង់គឺជាត្រៃទេពជាតួអង្គតែមួយពុំមានឡើយនៅក្នុងព្រះគម្ពីរដោយសារវាមិនពិតទេ ។…
« នៅក្នុងឆ្នាំ 325 ក្រោយ គ្រិស្តសករាជ ចក្រភពរ៉ូម៉ាំងខនស្ទេនធិនបានប្រជុំក្រុមប្រឹក្សានៃនីស៊ែដើម្បីនិយាយ —ក្នុងចំណោមរឿងផ្សេង— ពីបញ្ហាលូតលាស់នៃ ‹ ព្រះទាំងបីក្នុងការរួមគ្នា › ដែលត្រូវបានចោទនៃព្រះ ។ អ្វីដែលលេចឡើងពីការទាស់គ្នាដ៏ក្ដៅគគុកនៃពួកសង្ឃ អ្នកទស្សនវិជ្ជា និង អ្នកមានបណ្ដាស័ក្ដិខាងសាសនាបានក្លាយជាល្បីល្បាញ ( ក្រោយ 125 ឆ្នាំមក និងក្រុមប្រឹក្សាសំខាន់បីផ្សេងទៀត ) [ Constantinople ឆ្នាំ 381 ក្រោយ គ្រិស្តសករាជ Ephesus ឆ្នាំ 431 ក្រោយ គ្រិស្តសករាជ Chalcedon ឆ្នាំ451 ក្រោយ គ្រិស្តសករាជ ] ដោយសារសាសនានីសែន ដោយការកែប្រែក្រោយមកដូចជាសាសនាអាថាណាសាន ។ បដិវត្តន៍ផ្សេងគ្នាទាំងនេះ និង ការច្រំដែលនៃសាសនា —និងអ្វីផ្សេងទៀតដែលកើតឡើងរាប់សតវត្សរ៍— បានប្រកាសព្រវរបិតា ព្រះរាជបុត្រា និង ព្រះវិញ្ញាណបរិសុទ្ធថាបដិរូប ពិត វិសេសវិសាល ថិតថេរ ដូចគ្នា អនន្ដកាល និង មិនអាចស្គាល់បាន ដោយគ្មានរូបកាយ បំណែក ឬ ចំណង់ និង រស់នៅក្រៅអវកាស និង ក្រៅពេលវេលា ។ នៅក្នុងសាសនាបែបនោះ សមាជិកទាំងបីគឺជាអង្គបីដាច់ពីគ្នា ប៉ុន្ដែពួកទ្រង់គឺជាអង្គតែមួយ ‹ អាថ៌កំបាំងនៃព្រះទាំងបី › ត្រូវបានកត់ចំណាំញឹកញាប់ ។ ពួកទ្រង់គឺជាអង្គបីផ្សេងគ្នា ប៉ុន្ដែមិនមែនព្រះបីទេ គឺព្រះតែមួយប៉ុណ្ណោះ ។ អង្គទាំងបីគឺមិនអាចយល់បាន ប៉ុន្ដែជាព្រះតែមួយដែលមិនដែលអាចយល់បាន ។
« យើងយល់ស្របនឹងអ្នករិះគន់របស់យើង យ៉ាងហោចណាស់ចំពោះចំណុចនោះ —ដែលថាការកកើតបែបនោះសម្រាប់ទេវភាពគឺពិតជាមិនអាចយល់បានឡើយ ។…
« យើងប្រកាសថា វាជាភស្ដុតាងផ្ទាល់ខ្លួនពីព្រះគម្ពីរថា ព្រះវរបិតា ព្រះរាជបុត្រា និង ព្រះវិញ្ញាណបិរសុទ្ធគឺជាអង្គដាច់ពីគញនា អង្គទេវភាពបី ដោយកត់ចំណាំការបង្ហាញដ៏ច្បាស់ថាជាការអធិស្ឋានសុំអភ័យទោសដ៏អស្ចារ្យរបស់ព្រះអង្គសង្គ្រោះ … ការជ្រមុជទឹករបស់ទ្រង់ដោយដៃរបស់យ៉ូហាន បទពិសោធន៍នៅលើភ្នំលលាដ៏ក្បាល និង ការឈឺចាប់របស់ស្ទេផាន —ដោយគ្រាន់តែលើកឡើងតែបួនប៉ុណ្ណោះ »( « The Only True God and Jesus Christ Whom He Hath Sent » Ensign ឬ Liahona ខែ វិច្ឆិកា ឆ្នាំ 2007 ទំព័រ 40–41 ) ។
អាលម៉ា 11:38–39 ។ តើព្រះយេស៊ូវគ្រីស្ទជាព្រះវរបិតាដ៏អស់កល្បជានិច្ចដោយរបៀបណា ?
ប្រសិនបើសិស្សត្រូវការជំនួយដើម្បីយល់ពីរបៀបដែលព្រះយេស៊ូវគ្រីស្ទអាចជាព្រះរាជបុត្រានៃព្រះ និង ព្រះវរបិតាដ៏អស់កល្បជានិច្ច អ្នកអាចបង្រៀន ឬ រំឭកពីគំនិតបន្ថែមទាំងឡាយសម្រាប់ការបង្រៀនសម្រាប់ ម៉ូសាយ 15:1–9 នៅក្នុងមេរៀនទី 60 ។