មេរៀនទី 147
អេធើរ 6
សេចក្តីផ្ដើម
ក្រោយពីការរៀបចំស្របតាមព្រះបញ្ញត្តិទាំងឡាយរបស់ព្រះអម្ចាស់ហើយ ពួកប្រជាជនយ៉ារេឌបានឡើងទៅក្នុងភេត្រា ដោយទុកចិត្តថា ព្រះអម្ចាស់នឹងនាំពួកគេឆ្លងកាត់ការធ្វើដំណើរដ៏ពិបាករបស់គេទៅកាន់ដែនដីសន្យា ។ ព្រះអម្ចាស់បានបញ្ជូនខ្យល់ដែលរុញភេត្រាដោយរលកសមុទ្រ និងជ្រមុជទៅក្នុងទឹកជាច្រើនដង ប៉ុន្ដែខ្យល់បានច្រានភេត្រាទាំងនោះទៅដល់ដែនដីសន្យា ។ ក្នុងការស្ថាបនាខ្លួនគេនៅក្នុងដែនដីថ្មីនេះ ប្រជាជនបានជ្រើសរើសឲ្យមានស្ដេចមួយអង្គ ទោះបីជាមានការព្រមានពីបងប្រុសរបស់យ៉ារេឌក្ដី ។
យោបល់សម្រាប់ការបង្រៀន
អេធើរ 6:1–12
ព្រះអម្ចាស់បណ្ដាលឲ្យមានខ្យល់បក់ដល់ភេត្រារបស់ពួកសាសន៍យ៉ារេឌទៅកាន់ដែនដីសន្យា
សូមសរសេរឃ្លាដូចខាងក្រោមនៅលើក្ដារខៀនមុនចាប់ផ្ដើមបង្រៀន ៖
សូមបង្ហាញថា ទាំងនេះគឺជាឧទាហរណ៍នៃរឿងដែលព្រះអម្ចាស់ចង់ឲ្យយើងធ្វើ ។ ទោះជាយ៉ាងណាក្ដី ក៏ប្រជាជនខ្លះគិតថារឿងទាំងនេះពិបាកធ្វើខ្លាំងណាស់ ។ សូមឲ្យសិស្សគិតអំពីឧទាហរណ៍ផ្សេងទៀតដែលអាចបន្ថែមទៅក្នុងបញ្ជីនេះ ។ សូមពន្យល់ថា ដំណើររឿងនៃការធ្វើដំណើររបស់ពួកសាសន៍យ៉ារេឌទៅកាន់ដែនដីសន្យារួមមានគោលការណ៍ជាច្រើនដែលអាចដឹកនាំយើង នៅពេលយើងគិតថាវាពិបាកនឹងធ្វើតាមអ្វីដែលព្រះអម្ចាស់បានបញ្ជាឲ្យយើងធ្វើ ។ សូមអញ្ជើញសិស្ស នៅពេលពួកគេសិក្សា អេធើរ 6 ឲ្យរកមើលគោលការណ៍នានាដែលនឹងជួយពួកគេឲ្យទប់ទល់នឹងឧបសគ្គនានាដូចជាអ្វីដែលបានសរសេរនៅលើក្ដារខៀន ។
សូមឲ្យសិស្សម្នាក់អាន អេធើរ 2:24–25 ឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់មើលតាម ដោយរកមើលការព្រមានរបស់ព្រះអម្ចាស់ដល់ពួកសាសន៍យ៉ារេឌអំពីភាពលំបាកនៃការធ្វើដំណើររបស់ពួកគេទៅកាន់ដែនដីសន្យា ។
-
តើព្រះអម្ចាស់បានសន្យាថាទ្រង់នឹងធ្វើអ្វីខ្លះ ដើម្បីជួយដល់ពួកសាសន៍យ៉ារេឌឲ្យធ្វើដំណើរដោយសុវត្ថិភាពទៅកាន់ដែនដីសន្យា ?
សូមរំឭកសិស្សថា ដើម្បីប្រឈមនឹងរលក ព្រមទាំងខ្យល់ផង ពួកសាសន៍យ៉ារេឌបានសាងសង់ភេត្រាជាច្រើនដែល « ជិតជាខ្លាំងដូចជាចានមួយ » ( អេធើរ 2:17 ) ដោយមានប្រហោងនៅខាងលើ និងខាងក្រោមដែលអនុញ្ញាតឲ្យពួកគេទទួលបានខ្យល់ពីខាងក្រៅ ។ សូមឲ្យសិស្សម្នាក់អាន អេធើរ 6:1–4 ឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់មើលតាម និងរកមើលរបៀបផ្សេងទៀតដែលពួកសាសន៍យ៉ារេឌបានរៀបចំដើម្បីប្រឈមទៅនឹងភាពលំបាកទាំងនេះ ។
-
តើអ្នកគិតថា វាមានន័យយ៉ាងណា ដែលពួកសាសន៍យ៉ារេឌបានចុះភេត្រា « ដោយទីពឹងដល់ព្រះអម្ចាស់ ជាព្រះរបស់ពួកគេ » ? ( ពួកគេបានទុកចិត្តទៅលើព្រះក្នុងការយកចិត្តទុកដាក់ និងការថែទាំដល់ពួកគេ ) ។
-
តើអ្នកគិតថា ហេតុអ្វីបានជាវាសំខាន់សម្រាប់ពួកសាសន៍យ៉ារេឌដើម្បីទីពឹងដល់ព្រះអម្ចាស់ ក្រោយពីបានធ្វើអ្វីៗទាំងអស់ដែលពួកគេអាចធ្វើដើម្បីរៀបចំខ្លួនគេហើយនោះ ?
-
ហេតុអ្វីបានជាវាអាចនឹងពិបាកទុកចិត្តទៅលើព្រះអម្ចាស់នៅក្នុងស្ថានភាពបែបនេះ ? ( ប្រសិនបើសិស្សមិនបាននិយាយនូវចំណុចខាងក្រោមនេះទេ អ្នកអាចបង្ហាញថា ពួកសាសន៍យ៉ារេឌត្រូវតែកសាងភេត្រាផ្ទាល់ខ្លួនរបស់ពួកគេ ពួកគេមិនអាចកាច់ចង្កូតទូកទាំងនោះបាននោះទេ ហើយពួកគេក៏មិនដឹងពីផ្លូវទៅកាន់ដែនដីសន្យា ឬរយៈពេលនៃការធ្វើដំណើរដែរ ) ។
ដើម្បីជួយសិស្សឲ្យ មើលឃើញ ពីព្រឹត្តិការណ៍ដែលបានតំណាលប្រាប់នៅក្នុង អេធើរ 6 សូមឲ្យពួកគេគូសគម្រោងសាមញ្ញមួយនៃភេត្រារបស់ពួកសាសន៍យ៉ារេឌនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីរ ឬ សៀវភៅសរសេរក្នុងថ្នាក់ ។ បន្ទាប់មក សូមឲ្យពួកគេគូស ឬសរសេរនូវមាតិកានៃភេត្រាស្របតាម អេធើរ 6:1–4 ។
សូមឲ្យសិស្សពីរបីនាក់ប្ដូរវេនគ្នាអានឮៗពី អេធើរ 6:5–11 ។ សូមឲ្យសិស្សក្នុងថ្នាក់មើលរូបភាពរបស់គេដែលបានគូសហើយនោះ នៅពេលពួកគេស្ដាប់ និងស្រមៃនូវអ្វីដែលវាអាចមានអារម្មណ៍បែបណាក្នុងការធ្វើដំណើរនៅក្នុងទូកបែបនោះ ។
-
តើអ្នកគិតថា តើអ្វីជាការពិបាកក្នុងការធ្វើដំណើរនៅក្នុងភេត្រារបស់ពួកសាសន៍យ៉ារេឌ ?
-
យោងតាម អេធើរ 6:11 តើពួកសាសន៍យ៉ារេឌបានធ្វើដំណើររឿងរបៀបនេះអស់រយៈពេលប៉ុន្មាន ?
-
តើអ្នកគិតថាឃ្លា « រលកទាំងឡាយដូចជាភ្នំ » មានន័យយ៉ាងណា ? ( អេធើរ 6:6 ) ។តើអ្នកគិតថា អ្នកនឹងមានអារម្មណ៍យ៉ាងណា ប្រសិនបើអ្នកស្ថិតនៅក្នុងភេត្រារបស់ពួកសាសន៍យ៉ារេឌ នៅពេលមានរលកបែបនោះបក់បោកមកហាក់ដូចជា « ត្រូវកប់នៅក្នុងជម្រៅសមុទ្រជាច្រើន » ? ( អ្នកអាចរំឭកសិស្សថា ពួកសាសន៍យ៉ារេឌត្រូវតែរង់ចាំភេត្រារបស់ពួកគេឲ្យអណ្ដែតឡើងទៅលើទឹក មុនពេលពួកគេអាចបើកប្រហោងដើម្បីឲ្យខ្យល់ចូល ) ។
ដើម្បីជួយសិស្សឲ្យរៀបចំដើម្បីស្វែងរកគោលការណ៍មួយ សូមសួរ ៖
-
តើពួកសាសន៍យ៉ារេឌបានបង្ហាញការទុកចិត្តរបស់ពួកគេទៅលើព្រះអម្ចាស់ នៅពេលពួកគេបានឆ្លងកាត់សមុទ្រដោយរបៀបណា ? ( សូមមើល អេធើរ 6:7, 9 ) ។
-
តើឃ្លាណាខ្លះនៅក្នុង អេធើរ 6:5–11 ដែលរៀបរាប់ពីអ្វី ដែលព្រះអម្ចាស់បានធ្វើសម្រាប់ពួកសាសន៍យ៉ារេឌ ដោយសារតែការទុកចិត្តរបស់ពួកគេទៅលើទ្រង់ ?
សូមឲ្យសិស្សអាន អេធើរ 6:12 ដោយស្ងាត់ស្ងៀម ដោយរកមើលលទ្ធផលនៃការធ្វើដំណើររបស់ពួកសាសន៍យ៉ារេឌ ។
-
ហេតុអ្វីបានជាពួកសាសន៍យ៉ារេឌបានស្រក់ទឹកភ្នែកនៃសេចក្ដីអំណរ ? តើព្រះអម្ចាស់បានប្រទាន « សេចក្ដីមេត្តាករុណាដ៏ទន់ភ្លន់ » អ្វីដល់ពួកគេ ?
ដើម្បីជួយសិស្សឲ្យរកឃើញនូវគោលការណ៍មួយដែលបានបង្ហាញដោយបទពិសោធន៍របស់ពួកសាសន៍យ៉ារេឌ សូមសួរ ៖
-
ដោយផ្អែកលើអ្វីដែលអ្នកបានរៀនពីការធ្វើដំណើររបស់ពួកសាសន៍យ៉ារេឌ តើព្រះអម្ចាស់នឹងធ្វើអ្វីសម្រាប់យើង នៅពេលយើងទុកចិត្តទៅលើទ្រង់ និងធ្វើតាមព្រះឆន្ទៈរបស់ទ្រង់ ? ( គោលការណ៍មួយនៃគោលការណ៍ទាំងឡាយដែលសិស្សគួររកឃើញគឺថា នៅពេលយើងទុកចិត្តទៅលើព្រះអម្ចាស់ និងធ្វើតាមព្រះឆន្ទៈរបស់ទ្រង់ នោះទ្រង់នឹងដឹកនាំខ្សែជីវិតរបស់យើង ។ សូមសរសេរគោលការណ៍នេះនៅលើក្ដារខៀន ។ សូមឲ្យសិស្សសញ្ជឹងគិតពីគោលការណ៍ និងចែករំលែកពី បទពិសោធន៍ ដែលបានជួយដល់ពួគគេឲ្យដឹងថា វាគឺជាការពិត ។ អ្នកក៏អាចចង់ចែករំលែករបៀបដែលអ្នកដឹងថា វាគឺជាការពិតបានដែរ ) ។
សូមឲ្យសិស្សគិតពិចារណាពីរបៀបដែលពួកគេអាចទុកចិត្តទៅលើព្រះអម្ចាស់កាន់តែខ្លាំងថែមទៀត និងធ្វើតាមការដឹកនាំរបស់ទ្រង់ នៅក្នុងស្ថានភាពលំបាកដែលពួកគេអាចជួបនាពេលនេះ ។ សូមពន្យល់ថា ពួកគេអាចស្វែងរកគោលការណ៍ផ្សេងទៀតបាននៅក្នុង អេធើរ 6:1–12 ។ សូមលុបអ្វីៗនៅលើក្ដារខៀនចោល លើកលែងតែប្រយោគអំពីការទុកចិត្តទៅលើព្រះអម្ចាស់ ។ សូមគូសភេត្រាសាមញ្ញមួយនៅលើក្ដារខៀនមួយចំហៀង ។ នៅលើក្ដារខៀនមួយចំហៀងទៀត សូមសរសេរ ដែនដីសន្យា ។
-
តើដែនដីសន្យាអាចត្រូវបានប្រៀបធៀបទៅនឹងអ្វីនៅក្នុងផែនការនៃសេចក្ដីសង្គ្រោះ ? ( ជីវិតដ៏នៅអស់កល្បជានិច្ច ) ។
-
នៅពេលយើងជួបនឹងការពិបាកនៃជីវិត តើយើងអាចធ្វើតាមគំរូរបស់ពួកសាសន៍យ៉ារេឌទាំងនេះដោយរបៀបណា ? តើព្រះអម្ចាស់ជួយយើង ដូចជាទ្រង់បានជួយដល់ពួកសាសន៍យ៉ារេឌ អំឡុងពេលការធ្វើដំណើររបស់យើងឆ្លងកាត់ជីវិតរមែងស្លាប់នេះដោយរបៀបណា ? ( ចម្លើយរបស់សិស្សគួរឆ្លុះបញ្ចាំងអំពីគោលការណ៍ខាងក្រោមនេះ ៖ ប្រសិនបើយើងទុកចិត្តទៅលើព្រះអម្ចាស់ នោះទ្រង់នឹងថែទាំយើង នៅពេលយើងលូតលាស់ធំឡើង និងរៀបចំដើម្បីទទួលបានជីវិតដ៏នៅអស់កល្បជានិច្ច ។ អ្នកអាចណែនាំ សិស្សគួរសរសេរគោលការណ៍នេះនៅក្នុងព្រះគម្ពីររបស់គេក្បែរ អេធើរ 6:5–12 ) ។
សូមឲ្យសិស្សគិតអំពីទុក្ខវេទនាដែលពួកគេបានជួបប្រទះ ឬកំពុងតែជួបនៅក្នុងជីវិតរបស់ពួកគេនាពេលបច្ចុប្បន្ននេះ ។ សូមឲ្យពួកគេសរសេរនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីរ ឬ សៀវភៅសរសេរក្នុងថ្នាក់អំពីអារម្មណ៍របស់ពួកគេមាន នៅពេលពួកគេបានឆ្លើយតបដោយសេចក្ដីជំនឿចំពោះទុក្ខវេទនាទាំងនេះ និងរបៀបដែលព្រះអម្ចាស់បានគាំទ្រពួកគេ ។
សូមអញ្ជើញសិស្សពីរបីនាក់ឲ្យចែករំលែកអ្វីដែលពួកគេបានសរសេរ ។ បន្ទាប់មក សួរសំណួរទាំងឡាយខាងក្រោមនេះ ៖
-
ដោយផ្អែកលើអ្វីដែលអ្នកបានសិក្សានៅថ្ងៃនេះ តើអ្នកមានដំបូន្មានអ្វីដែលនឹងផ្ដល់ទៅដល់នរណាម្នាក់ដែលកំពុងជួបនឹងឧបសគ្គ ឬក៏ទុក្ខវេទនានោះ ?
អេធើរ 6:13–18
ពួកសាសន៍យ៉ារេឌបង្រៀនកូនចៅរបស់ពួកគេឲ្យដើរចំពោះមុខព្រះអម្ចាស់ដោយបន្ទាបខ្លួន
សូមសង្ខេប អេធើរ 6:13–18 ដោយការពន្យល់ថា នៅពេលពួកសាសន៍យ៉ារេឌបានមកដល់ដែនដីសន្យា នោះពួកគេបានចាប់ផ្ដើមកសាងគ្រួសាររបស់ពួកគេ និងដាំដំណាំជាច្រើន ។ សូមឲ្យសិស្សអាន អេធើរ 6:17 ដោយស្ងាត់ស្ងៀមដោយរកមើលអ្វីដែលពួកសាសន៍យ៉ារេឌបានបង្រៀនដល់កូនចៅរបស់ពួកគេ ។ បន្ទាប់មក សួរពួកគេនូវសំណួរដូចខាងក្រោមនេះ ៖
-
តើអ្នកគិតថា វាមានន័យយ៉ាងណា « ដើម្បីដើរយ៉ាងរាបទាបនៅចំពោះព្រះអម្ចាស់ » ? តើឧទាហរណ៍ណាខ្លះដែលអ្នកបានឃើញពីមនុស្សដែលបានធ្វើតាមគោលការណ៍នេះ ? តើឪពុកម្ដាយរបស់អ្នក និងអ្នកដទៃបានលើកទឹកចិត្តដល់អ្នកឲ្យដើរយ៉ាងរាបទាបនៅចំពោះព្រះអម្ចាស់ដោយរបៀបណា ?
-
តើវាមានន័យយ៉ាងណាដើម្បីត្រូវបានបង្រៀន « ពីស្ថានលើ » ?
-
តើអ្នកគិតដូចម្តេចដែរ អំពីទំនាក់ទំនងរវាងការដើរយ៉ាងរាបទាបនៅចំពោះព្រះអម្ចាស់ និងការត្រូវបានបង្រៀនពីស្ថានលើ ? ( ចម្លើយរបស់សិស្សគួរឆ្លុះបញ្ចាំងអំពីគោលការណ៍ខាងក្រោមនេះ ៖ ប្រសិនបើយើងដើរយ៉ាងរាបទាបនៅចំពោះព្រះអម្ចាស់ នោះយើងនឹងត្រូវបានបង្រៀនមកពីស្ថានលើ ) ។
អ្នកអាចសុំឲ្យសិស្សសរសេរអំពីគ្រាមួយ នៅពេលដែលពួកគេបានមានអារម្មណ៍ថា ពួកគេ « ត្រូវបានបង្រៀនពីស្ថានលើ » ។ សូមអញ្ជើញពួកគេពីរបីនាក់ឲ្យចែករំលែកអ្វីដែលពួកគេបានសរសេរ ។ សូមឲ្យសិស្សធ្វើតាមគោលការណ៍ដែលបានកត់ត្រានៅក្នុងអេធើរ 6:17 ។
អេធើរ 6:19–30
ពួកសាសន៍យ៉ារេឌជ្រើសរើសស្ដេច
សូមសង្ខេប អេធើរ 6:19–22 ដោយការពន្យល់ថា នៅពេលលោកយ៉ារេឌ និងបងប្រុសរបស់លោកបានមានវ័យចំណាស់ទៅ ពួកសាសន៍យ៉ារេឌបានសុំឲ្យមានសេ្ដចមួយអង្គ ។ សូមឲ្យសិស្សស្រាវជ្រាវនៅក្នុង អេធើរ 6:23 ដើម្បីរកអ្វី ដែលបងប្រុសរបស់យ៉ារេឌបានព្រមានថានឹងកើតឡើង ប្រសិនបើពួកគេនឹងជ្រើសរើសស្ដេចមួយនោះ ។
សូមបញ្ចប់ដោយទីបន្ទាល់របស់អ្នកអំពីគោលការណ៍នៅក្នុងមេរៀននេះ ។