បណ្ណាល័យ
មេរៀន​ទី 20 ៖ នីហ្វៃ​ទី​1 19


មេរៀនទី 20

នីហ្វៃទី​ 1 19

សេចក្តី​ផ្ដើម

នៅក្នុង​ជំពូក​នេះ នីហ្វៃ​បាន​ពន្យល់​ថា មនុស្ស​ខ្លះ​មិន​បាន​គោរព​ដល់​ព្រះ​នៃ​អ៊ីស្រាអែល ជា​ព្រះយេស៊ូវគ្រីស្ទឡើយ ។ តាម​ការប្រៀបធៀប ពួកគេ​បាន​ជាន់ឈ្លី​ព្រះយេស៊ូវគ្រីស្ទ​នៅក្រោម​ជើង​របស់​ពួកគេ ដោយ​ពួកគេ​មិន​រវល់​នឹង​ទ្រង់ ហើយ​បដិសេធ​ស្ដាប់​តាម​ការប្រឹក្សា​របស់​ទ្រង់ ។ នីហ្វៃ ក៏​បាន​និយាយ​ទាក់ទង​នឹង​ការបង្រៀន​របស់​ព្យាការី​ពី​បុរាណ ដែល​បាន​ព្យាករណ៍​ថា អ្នកទាំងឡាយ​នោះ​ដែល​ទទួល​ខុសត្រូវ​ចំពោះ​ការវាយ និង ការឆ្កាង​ព្រះអង្គ​សង្គ្រោះ ក៏​ដូចជា​កូនចៅ​របស់​ពួកគេ នឹង​ត្រូវ​បាន​ខ្ចាត់ខ្ចាយ និង រងទុក្ខ​រហូតដល់​ពួកគេ​បាន​ប្រែដួងចិត្ត​របស់​គេ​ទៅ​រក​ព្រះអម្ចាស់​វិញ ។ នៅពេល​នោះ ព្រះអម្ចាស់​នឹង « នឹក​ឃើញ​សេចក្ដីសញ្ញា​ទាំងឡាយ ដែល​ទ្រង់​បាន​ធ្វើ​ជាមួយ​នឹង​ពួកអយ្យកោ​របស់​ពួកគេ » ( នីហ្វៃ​ទី​1 19:15 ) ។ នីហ្វៃ​បាន​ពន្យល់​ថា គាត់​បាន​សរសេរ​រឿង​ទាំងនេះ ដើម្បី​បញ្ចុះបញ្ចូល​ដល់​ប្រជាជន​របស់​គាត់ ដើម្បី​ឲ្យ​នឹកចាំ​ដល់​ព្រះអម្ចាស់ និង ជឿ​ដល់​ទ្រង់ ។ គាត់​ក៏​បាន​បង្រៀន​ប្រជាជន​របស់​គាត់ ឲ្យ​ប្រៀបធៀប​បទគម្ពីរ​ទៅនឹង​ខ្លួន​គេ ដើម្បី​ជួយ​ពួកគេ​ឲ្យ​ជឿ​ដល់​ព្រះអម្ចាស់ ។

យោបល់​សម្រាប់​ការបង្រៀន

នីហ្វៃទី​1 19:1–19

នីហ្វៃ​កត់ត្រា​ការព្យាករណ៍​អំពី​ព្រះយេស៊ូវគ្រីស្ទ ដើម្បី​ជួយ​ប្រជាជន​ឲ្យ​ចាំ​ពី​ព្រះអង្គប្រោសលោះ​របស់​ពួកគេ ។

សូម​លើក​ព្រះគម្ពីរ​មរមន​មួយ​ក្បាល​ឡើង ។ សូម​សង្ខេប នីហ្វៃ​ទី 119:1–4ដោយ​ការពន្យល់​ថា នីហ្វៃ​ត្រូវ​បាន​បញ្ជា​ឲ្យ​ធ្វើ​ផ្ទាំង​ពីរ —មួយ​ដើម្បី​កត់ត្រា​ប្រវត្តិ ( នៃ​សាសនា ) ដ៏​ពិសិដ្ឋ​មួយ និង មួយ​ទៀត​សម្រាប់​ប្រវិត្ត​នៃ​លោកិយ​នៃ​ប្រជាជន​របស់​គាត់ ។ សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន នីហ្វៃ​ទី​1 19:3, 5–6ឮៗ ។ សុំ​ឲ្យ​សិស្សក្នុងថ្នាក់​រក​មើល​អ្វី​ដែល​នីហ្វៃ​បាន​និយាយ​អំពី​រឿងរ៉ាវ « ពិសិដ្ឋ » ។

  • តើ​ហេតុផល​អ្វី​ខ្លះដែល​នីហ្វៃ​បាន​ផ្ដល់ឲ្យ​ ចំពោះ​ការរក្សា​កំណត់ត្រា​ជារឿងមួយពិសិដ្ឋ ?

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន នីហ្វៃ​ទី​1 19:7 ឮៗ ។ មុនពេល​គាត់​អាន សូម​ពន្យល់​ថា នៅក្នុង​ខគម្ពីរ​នេះ ឃ្លា « ព្រះ​នៃ​អ៊ីស្រាអែល » សំដៅ​ទៅ​លើ​ព្រះយេស៊ូវគ្រីស្ទ ។ ខគម្ពីរ​នេះ ក៏​បាន​បញ្ចូល​ពាក្យ គ្មាន​តម្លៃ​អ្វី​សោះ ដែល​មាន​ន័យ​ថា « គ្មាន​អ្វី​ទាំងអស់ » ។ ដែល​ចាត់ទុក​ថា​នរណាម្នាក់​គ្មាន​តម្លៃ​អ្វី​សោះ គឺការប្រព្រឹត្ត​​ដាក់​មនុស្ស​នោះ​ដូចជា​គាត់​គ្មាន​ន័យ​អ្វី​សោះ ។

  • ក្រោយពី​ការនិយាយ គាត់​រៀប​សរសេរ​តែ​អំពី​អ្វី​ដែល​ពិសិដ្ឋ តើ​នីហ្វៃ​បាន​ចាប់ផ្ដើម​សរសេរ​អំពី​អ្វី ?

  • យោង​តាម នីហ្វៃ​ទី​1 19:7 តើ​មនុស្ស​មួយ​ចំនួន​ជាន់ឈ្លី​ព្រះអង្គ​សង្គ្រោះ​នៅក្រោម​ជើង​របស់​ពួកគេ ឬ « ចាត់ទុក​ថា​ទ្រង់​គ្មាន​តម្លៃ​អ្វី​សោះ » ដោយ​របៀបណា ?

  • តើ​ការបដិសេធ​ក្នុង​ការស្ដាប់​តាម​ការប្រឹក្សា​របស់​ព្រះអម្ចាស់ ប្រៀប​ដូច​ជា​ការចាត់​ទុក​ទ្រង់​ថា​គ្មាន​តម្លៃ​អ្វី​សោះ ឬ ជាន់​ឈ្លី​ទ្រង់​នៅក្រោម​ជើង​របស់​ខ្លួន ដោយ​របៀប​ណា ?

សុំ​ឲ្យ​សិស្ស​ម្នាក់​អាន នីហ្វៃ​ទី​1 19:8–10ឮៗ ។ សុំ​ឲ្យ​សិស្សក្នុងថ្នាក់​រក​មើល​របៀប​ដែល​ប្រជាជន​នឹង​ធ្វើ​ដាក់​ព្រះអង្គ​សង្គ្រោះ ​ដូចជា​អ្វីមួយ​ដែល​គ្មាន​តម្លៃ​អ្វី​សោះ អំឡុងពេល​ការបម្រើ​ខាង​សាច់ឈាម​របស់​ទ្រង់ ។ ( អ្នក​អាចប្រាប់សិស្ស​ឲ្យ​គូស​ពាក្យ និង ឃ្លា​ដែល​ពួកគេ​រក​ឃើញ ) ។

  • តើ​ប្រជាជន​បាន​ចាត់​ទុក​ព្រះអង្គ​សង្គ្រោះ​ដូចជា​អ្វី​មួយ​ដែល​គ្មាន​តម្លៃ​អ្វី​សោះ អំឡុងពេល​ការបម្រើ​ខាង​សាច់ឈាម​របស់​ទ្រង់​ដោយ​របៀប​ណា ?

  • តើ​សេចក្ដី​លម្អិត​អ្វី​ខ្លះ​នៅក្នុង​ខគម្ពីរ​ទាំងនេះ​ដែល​បង្ហាញ​ថា ព្រះអង្គ​សង្គ្រោះ​មិន​បាន​ចាត់​ទុក​យើង​ថា​ ជា « អ្វីមួយ​ដែល​គ្មាន​តម្លៃ​សោះ » នោះ ? ( សិស្ស​គួរតែ​យល់​ថា ព្រះអង្គ​សង្គ្រោះ​បាន​រងទុក្ខូ​អ្វីៗ​ទាំងអស់​ដែល​ទ្រង់​បាន​ធ្វើ « ដោយសារ​សេចក្ដី​សប្បុរស​ជាទី​ស្រឡាញ់​របស់​ទ្រង់ និង ការអត់ធ្មត់​របស់​ទ្រង់​ចំពោះ​កូនចៅ​មនុស្ស » ) ។

  • នៅពេល​អ្នក​គិត​អំពី​ខគម្ពីរ​ទាំងនេះ តើ​អ្នក​មាន​អារម្មណ៍​យ៉ាង​ដូម្តេចចំពោះ​ព្រះអង្គ​សង្គ្រោះ ?

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន នីហ្វៃ​ទី​1 19:13−14 និង សូម​ឲ្យ​សិស្សក្នុងថ្នាក់​រក​មើល​អ្វី​ដែល​ព្យាការី​ស៊ីណូស​បាន​និយាយ ​ដែល​ជា​ហេតុផលនាំឲ្យ​អស់អ្នក​​ឆ្កាង​ព្រះអង្គ​សង្គ្រោះ ( និង កូនចៅ​របស់​ពួកគេ ) នឹង « ត្រូវ​បាន​វាយ​ដោយ​ប្រជាជន​ទាំងអស់ » ។

  • តើ​ហេតុផល​អ្វី​ដែល​ស៊ីណូស​ផ្ដល់​ចំពោះ​ហេតុផល​ដែល​អ្នកទាំងឡាយ​ដែល​បាន​ឆ្កាង​ព្រះអង្គ​សង្គ្រោះ ( និង កូនចៅ​របស់​ពួកគេ ) នឹង « ត្រូវ​បាន​វាយ​ដោយ​ប្រជាជន​ទាំងអស់ » ?

សូម​សរសេរ​ប្រសាសន៍​ខាងក្រោម​នៅ​លើ​ក្ដារខៀន ៖ ពួកគេ​បាន​បែរ​ចិត្ត​ចេញ ។

  • តើ​អ្នក​គិត​ថា​វា​មាន​ន័យ​ដូចម្ដេច ក្នុង​ការបង្វែ​​ចិត្ត​របស់​មនុស្ស​ម្នាក់​ចេញ​ពី​ព្រះអម្ចាស់ ?

ក្រោយពី​សិស្ស​បាន​ឆ្លើយ​ហើយ សូម​ប្រាប់សិស្សក្នុង​ថ្នាក់​ថា អ្នក​ចង់​ឲ្យ​សិស្ស​បី​បួន​នាក់​ជួយ​បង្ហាញ​ពី​របៀប​ដែល​ឃ្លា​នេះ អាច​អនុវត្ត​ចំពោះ​យើង​នា​សព្វថ្ងៃ​នេះ ។ សូម​អញ្ជើញ​សិស្ស​បី​បួន​នាក់​ឡើង​មក​កាន់​ក្ដារខៀន ។ សុំ​ឲ្យ​ពួកគេ​ម្នាក់​សរសេរ​ឧទាហរណ៍​មួយ​នៃ​សកម្មភាព​មួយ​ដែល​អាច​បង្ហាញ​ថា មនុស្ស​ម្នាក់​បានបង្វែ​ចិត្ត​របស់​គាត់​ចេញ​ពី​ព្រះអម្ចាស់ ។ បន្ទាប់មក​សុំ​ឲ្យ​ពួកគេ​ពន្យល់​អ្វី​លទ្ធផល​ខ្លះៗ ដែល​មក​ពី​ការបែរ​ចិត្ត​របស់​មនុស្ស​ម្នាក់​ចេញ​ពី​អ្វី​ដែល​ពួកគេ​បាន​សរសេរ​នោះ ។ ( ឧទាហរណ៍ សិស្ស​ម្នាក់​អាច​សរសេរ ឈប់​ការសិក្សា​ព្រះគម្ពីរ ហើយ​បន្ទាប់​មក​ពន្យល់​ថា លទ្ធផល​មួយ​នៃ​សកម្មភាព​នេះ គឺ​សមត្ថភាព​ថយ​ចុះ​ក្នុង​ការទទួល​បាន​វិវរណៈ ) ។

ក្រោយពី​សិស្ស​បី​បួន​នាក់​បាន​ពន្យល់​ពី​ឧទាហរណ៍​របស់​ពួកគេ​ហើយ សូម​ប្រាប់សិស្សក្នុង​ថ្នាក់​ថា​ ដោយ​មិន​គិត​ពី​មូលហេតុ​ដែល​យើង​អាច​បង្វែចិត្ត​របស់​យើង​ចេញ​ពី​ព្រះអម្ចាស់ យើង​អាច​ជ្រើសរើស​ដើម្បី​បែរ​ដួងចិត្ត​របស់​យើង​ត្រឡប់​មក​រក​ទ្រង់​វិញ ។ សូម​អញ្ជើញ​សិស្ស​អាន នីហ្វៃ​ទី​1 19:14−17ដោយ​ស្ងាត់ៗដោយ​រក​មើល​ការសន្យា​របស់​ព្រះអម្ចាស់​ចំពោះ​អស់​អ្នក​ណា​ដែល​បង្វែ​​ចិត្ត​របស់​ពួកគេ​ទៅ​រក​ទ្រង់​វិញ ។

  • តើ​នៅពេល​ណា​ដែល​ព្រះអម្ចាស់​កម្ចាត់​កម្ចាយ​អ៊ីស្រាអែល ? ( នៅពេល​ដែល​ពួកគេ​បែរ​ចិត្ត​របស់​ពួកគេ​ចេញ​ពី​ទ្រង់ ) ។

  • តើ​នៅពេល​ណា​ដែល​ព្រះអម្ចាស់​នឹង​ប្រមូល​ផ្តុំពួកអ៊ីស្រាអែល​វិញ ? ( នៅពេល​ដែល​ពួកគេ​បែរ​ចិត្ត​របស់​ពួកគេ​ទៅ​រក​ទ្រង់​វិញ ) ។

  • តើ​ព្រះអម្ចាស់​បាន​មាន​ព្រះបន្ទូលថា​ទ្រង់​នឹង​ធ្វើដូចម្តេច ​ចំពោះ​អ្នក​ដែល​មិន​បែរ​ចិត្ត​របស់​ពួកគេ​ប្រឆាំង​នឹង​ទ្រង់​ទៀត ?

  • តើ​អ្នក​គិត​ថា​វា​មាន​ន័យ​យ៉ាង​ណា​ថាព្រះអម្ចាស់​នឹង​នឹក​ឃើញ​ពី​ប្រជាជន​ទាំងនេះ និង សេចក្ដី​សញ្ញា​ដែល​ទ្រង់​បាន​ធ្វើ​ជាមួយ​នឹង​ឪពុក​របស់​ពួកគេ ?

សូម​ជួយ​សិស្ស​ឲ្យ​យល់​ថា ព្រះអម្ចាស់​មិន​ដែល​ភ្លេច​ប្រជាជន​ទាំងនេះ​នោះ​ទេ ។ ពួកគេ​បាន​រស់នៅ​តាម​របៀប​មួយ​ដែល​ទ្រង់​មិន​អាច​ពង្រីក​ពរជ័យ​ទាំងអស់​នៃ​ដំណឹងល្អ​ទៅ​ដល់​ពួកគេ​បាន ។ នៅពេល​កូនចៅ​របស់​ពួកគេ​បែរ​ចិត្ត​ទៅ​រក​ទ្រង់ ព្រះអម្ចាស់​សន្យា​ថា​នឹង​នឹកចាំ​ពួកគេ ប្រមូល​ពួកគេ​ទៅក្នុង​សាសនាចក្រ​របស់​ទ្រង់ និង ពង្រីក​ពរជ័យ​ទាំងអស់​នៃ​ដំណឹងល្អ​ទៅ​ដល់​ពួកគេ ។

  • តើ​អ្នក​គិត​ថា​សេចក្ដី​សន្យា​នៅក្នុង ខ 15–17 មាន​ន័យ​យ៉ាង​ដូចម្ដេច​ចំពោះ​យើង ? ( គំនិត​មួយ​ដែល​គួរតែ​ចេញ​ពី​ការពិភាក្សា​នេះ​គឺថា នៅពេល​យើង​បែរ​ចិត្ត​របស់​យើង​ទៅ​រក​ព្រះអម្ចាស់ ទ្រង់​នឹងគោរព​សេចក្ដី​សញ្ញា​ដែល​យើង​បាន​ធ្វើ​ជាមួយ​នឹង​គាត់ ។

សុំ​ឲ្យ​សិស្ស​សញ្ជឹងគិត​ពី​សំណួរ​ខាងក្រោម ហើយ​សរសេរ​ចម្លើយ​នៅក្នុង​សៀវភៅកំណត់ហេតុ​សិក្សា​ព្រះគម្ពីរ​ ឬ សៀវភៅ​កត់ត្រា​ក្នុង​ថ្នាក់​របស់​ពួកគេ ។ ( អ្នក​អាច​សរសេរ​សំណួរ​ទាំងនេះ​នៅ​លើ​ក្ដារខៀន ) ។

  • តើ​សកម្មភាព​ប្រភេទ​ណា​ដែល​បង្ហាញ​ថា អ្នក និង គ្រួសារ​របស់​អ្នក​បាន​បែរ​ចិត្ត​ទៅ​រក​ព្រះអម្ចាស់​វិញ ?

  • តើ​នៅពេល​ណា​ដែល​សកម្មភាព​បែបនោះ​បាន​ជួយ​អ្នក ឬ គ្រួសារ​របស់​អ្នក​ទទួល​បាន​នូវ​ពរជ័យ​ពី​ព្រះអម្ចាស់ ?

សូម​គិត​អំពី​ការអញ្ជើញ​សិស្ស​ពីរបី​នាក់​ឲ្យ​ចែកចាយ ​ចម្លើយ​របស់​ពួកគេ​ជាមួយ​នឹងសិស្សក្នុងថ្នាក់ ។ សូម​រំឭក​ពួកគេ​ថា ពួកគេ​មិន​ចាំបាច់​ចែកចាយ​នូវ​បទពិសោធន៍​ផ្ទាល់ខ្លួនពេក​នោះ​ទេ ។

សូម​ពន្យល់​ដោយ​សង្ខេប​ថា នីហ្វៃ​មាន​បំណង​ឲ្យ​កំណត់ត្រា​របស់​គាត់​ទៅ​ដល់​សមាជិក​ទាំងអស់​ នៃ​វង្ស​អ៊ីស្រាអែល —រួម​ទាំង​យើង​ផង ។ សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន នីហ្វៃ​ទី​1 19:18−19 និង សុំ​ឲ្យសិស្សក្នុង​ថ្នាក់​រក​នូវ​អ្វី​ដែល​នីហ្វៃ​ចង់​បញ្ចុះបញ្ចូល​យើង​ឲ្យ​ធ្វើ ។ សូម​ថ្លែង​ទីបន្ទាល់​ថា នៅពេល​យើង​ចងចាំ​ព្រះអម្ចាស់ ហើយ​បែរ​ចិត្ត​យើង​ទៅ​រក​ទ្រង់​វិញ នោះ​ទ្រង់​នឹង​ប្រទាន​ពរជ័យ​នៃ​ដំណឹងល្អ​របស់​ទ្រង់​ដល់​យើង ។

នីហ្វៃ1 19:20–24

នីហ្វៃ​ពន្យល់​ពី​មូលហេតុ ដែល​គាត់​បាន​ប្រើ​ព្រះគម្ពីរ​ពី​បុរាណ​បង្រៀន​ប្រជាជន​របស់​គាត់

សូម​ចែកចាយ​​សេចក្ដីថ្លែងការណ៍​ខាងក្រោម​ដោយ​ប្រធាន ហិនរី ប៊ី អាវរិង នៃ​គណៈប្រធាន​ទី​មួយ ដែល​ដកស្រង់​ចេញពី​សុន្ទរកថា ​ថ្លែងទៅ​កាន់​អ្នកគ្រប់​គ្រង​ប្រព័ន្ធ​អប់រំ​សាសនាចក្រ ៖

« ខ្ញុំ​នឹង​សន្យា​ជាមួយ​អ្នក​អំពី​ការអាន​ព្រះគម្ពីរ​មរមន​ថា ៖ អ្នក​នឹង​ជក់ចិត្ត​នឹង​វា នៅពេល​អ្នក​យល់​ថា ព្រះអម្ចាស់​បាន​បង្កប់​សារលិខិត​របស់​ទ្រង់​ទៅ​កាន់​អ្នក​នៅក្នុង​ព្រះគម្ពីរ​នេះ ។ នីហ្វៃ មរមន និង មរ៉ូណៃ បាន​ដឹង​ការណ៍​នោះ ហើយ​អ្នក​ដែល​ដាក់​វា​ចូល​គ្នា បាន​ដាក់​ក្នុង​សារលិខិត​នោះ​សម្រាប់​អ្នក ។ ខ្ញុំ​សង្ឃឹម​ថា អ្នក​មាន​ទំនុកចិត្ត​ថា​ព្រះគម្ពីរ​នោះ​ត្រូវ​បាន​សរសេរ​សម្រាប់​សិស្ស​របស់​អ្នក ។ មាន​សារលិខិត​សាមញ្ញ ចំៗ សម្រាប់​ពួកគេ​ដែល​នឹង​ប្រាប់​ពួកគេ​ពី​របៀបដើម្បី​ធ្វើការ​ផ្លាស់ប្ដូរ ។ នោះ​គឺជា​អ្វី​ដែល​ព្រះគម្ពីរ​នេះ​និយាយ​អំពី ។ វា​ជា​ទីបន្ទាល់​មួយ​អំពី​ព្រះអម្ចាស់​យេស៊ូវគ្រីស្ទ និង ដង្វាយធួន ព្រម​ទាំង​ពី​របៀប​ដែល​វា​អាច​ធ្វើការ​នៅក្នុង​ជីវិត​របស់​ពួកគេ ។ អ្នក​នឹង​មាន​បទពិសោធន៍​មួយ​ក្នុង​ឆ្នាំ​នេះ ពី​អារម្មណ៍​នៃ​ការផ្លាស់ប្ដូរ​ដែល​មក​ដោយសារ​អំណាច​នៃ​ដង្វាយធួន ដោយសារ​ការសិក្សា​ព្រះគម្ពីរ​នេះ » ( « ព្រះគម្ពីរ​មរមន​នឹង​ផ្លាស់ប្ដូរ​ជីវិត​របស់​អ្នក » Ensignខែ កុម្ភៈ ឆ្នាំ 2004 ទំព័រ 11 ) ។

  • នៅពេល​អ្នក​សិក្សា​ព្រះគម្ពីរ​មរមន តើ​វា​មាន​ប្រយោជន៍​យ៉ាង​ណា​ដែល​ដឹង​ថា នីហ្វៃ មរមន និង មរ៉ូណៃ បាន​បញ្ចូល​សារលិខិត​សម្រាប់​អ្នក ?

សូម​ចែកចាយ​សេចក្ដីថ្លែងការណ៍​ខាងក្រោម​ដោយ​ប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន ៖

« ព្រះគម្ពីរ​មរមន​ត្រូវ​បាន​សរសេរ​សម្រាប់​យើង​នៅបច្ចុប្បន្ននេះ ។ ព្រះ​គឺជា​អ្នកនិពន្ធ​ព្រះគម្ពីរ​នេះ ។ វា​គឺជា​កំណត់ត្រា​មួយ​នៃ​ប្រជាជន​ដែល​បាន​ធ្លាក់​ចុះ ត្រូវ​បាន​ចងក្រង​ដោយ​បុរស​ដែល​ទទួល​បាន​ការបំផុស​គំនិត​សម្រាប់​ពរជ័យ​របស់​យើង ។ ប្រជាជន​ទាំងនោះ មិន​ដែល​មាន​ព្រះគម្ពីរ​នេះ​ទេ —វា​គឺ​សម្រាប់​យើង ។ មរមន ជា​ព្យាការី​ពី​បុរាណ​ដែល​ព្រះគម្ពីរ​នេះ​បាន​ដាក់​ឈ្មោះ​តាម គាត់​បាន​សង្ខេប​កំណត់ត្រា​ជាច្រើន​សតវត្សរ៍ ។ ព្រះ ដែល​ដឹង​ទីចុង​បំផុត​តាំងពី​ដើម​ដំបូង បាន​ប្រាប់​គាត់​ពី​អ្វី​ដែល​ត្រូវ​បញ្ចូល​នៅក្នុង​សេចក្ដី​សង្ខេប​របស់​គាត់ ដែល​យើង​នឹង​ត្រូវការ​សម្រាប់​ជំនាន់​របស់​យើង » ( « ព្រះគម្ពីរ​មរមន​គឺជា​ព្រះបន្ទូល​នៃ​ព្រះ » Ensign ខែ មករា ឆ្នាំ 1988 ទំព័រ 3 ) ។

« បើសិន​ជា​ពួក​លោក​បាន​ឃើញ​សម័យ​របស់​យើង និង​បាន​ជ្រើសរើស​ការណ៍​ទាំងនោះ​ដែល​អាច​មាន​តម្លៃ​អស្ចារ្យ​បំផុត​ដល់​យើង តើ​នោះ​មិន​មែន​ជា​របៀប​ដែល​យើង​គួរតែ​សិក្សា​ព្រះគម្ពីរ​មរមន​ដែរ​ទេ​ឬ​អី ? យើង​គួរតែ​សួរ​ខ្លួនឯង​ជា​ញឹកញាប់​ថា ‹ ហេតុអ្វី​បានជា​ព្រះអម្ចាស់​បំផុស​គំនិត​មរមន ( ឬ មរ៉ូណៃ ឬ អាលម៉ា ) ឲ្យ​បញ្ចូល​ការណ៍​នោះ​ក្នុង​បញ្ជី​របស់​លោក ? តើ​មេរៀន​អ្វី​ដែល​ខ្ញុំ​អាច​រៀន​ពី​នោះ ដើម្បី​ជួយ​ខ្ញុំ​រស់នៅ​ក្នុង​ពេល​នេះ និង ជំនាន់​នេះ​បាន ? » ( « ព្រះគម្ពីរ​មរមន—មូលដ្ឋាននៃ​សាសនាចក្រ​របស់​យើង » Ensign ខែ វិច្ឆិកា ឆ្នាំ 1986 ទំព័រ 6 ) ។

សូម​អញ្ជើញសិស្សក្នុង​ថ្នាក់​អាន នីហ្វៃ​ទី​1 19:22−23ដោយ​ស្ងាត់ស្ងៀម ដោយ​ស្វែងរក​ការពិពណ៌នា​របស់​នីហ្វៃ​ពី​របៀប ​ដែល​គាត់​បាន​ជួយ​បងប្អូនប្រុស​របស់​គាត់ ស្វែងរក​នូវ​សារលិខិត​សម្រាប់​ខ្លួនគេ​នៅក្នុង​ព្រះគម្ពីរ ។

  • តើ​លទ្ធផល​អ្វី ដែល​នីហ្វៃ​សង្ឃឹម​ពី​ការប្រៀបធៀប​បទគម្ពីរ​ទៅ​នឹង​ខ្លួនគាត់ និង ប្រជាជន​របស់​គាត់ ?

  • តើ​ពាក្យ ប្រយោជន៍ មាន​ន័យ​យ៉ាង​ដូចម្ដេច ? ( គុណ​ប្រយោជន៍ ផល​ប្រយោជន៍ ការទទួល​បាន​ដ៏​មាន​តម្លៃ ) ។

សូម​រៀបចំ​តារាង​ខាងក្រោម​ជា​ក្រដាស​សម្រាប់ចែក ឬ បង្ហាញ​វា​នៅ​លើ​ក្ដារខៀន និង ឲ្យ​សិស្ស​ចម្លង​វា​ដាក់​ក្នុង​សៀវភៅកំណត់ហេតុ​សិក្សា​ព្រះគម្ពីរ​របស់​ពួកគេ ។

ការប្រៀបធៀប​បទគម្ពីរ​ទៅនឹង​ខ្លួន​យើង

ការអនុវត្ត​សេចក្ដីពិត​នៃ​ព្រះគម្ពីរ

តើ​ស្ថានភាព ឬ កាលៈទេសៈ​អ្វីខ្លះ ដែល​ត្រូវ​បាន​ពិពណ៌នា​នៅក្នុង​វគ្គ​ព្រះគម្ពីរ ?

តើ​ការណ៍​នេះ​ដូចជា​ស្ថានភាព​នៅក្នុង​ជីវិត​របស់​ខ្ញុំ ឬ នៅក្នុង​ពិភពលោក​ជុំវិញ​ខ្ញុំ​យ៉ាង​ដូចម្ដេច ?

តើ​សេចក្ដីពិត ឬ សារលិខិត​អ្វី​ដែល​ត្រូវបាន​បង្រៀន​នៅក្នុង​វគ្គ​ព្រះគម្ពីរ​នេះ ?

តើ​ខ្ញុំ​អាច​ធ្វើ​តាម​សេចក្ដីពិត ឬ សារលិខិត​នេះ​នៅក្នុង​សា្ថនភាព​របស់​ខ្ញុំ ដោយ​របៀប​ណា ?

សូម​បង្ហាញ​តារាង ដោយ​ការពន្យល់​ថា ប្រៀបធៀប មាន​ន័យ​ថា ប្រៀបប្រដូច ។ ការប្រៀបធៀប​បទគម្ពីរ​ទៅនឹង​ខ្លួន​យើង មាន​ន័យ​ថា​យើង​ប្រៀបប្រដូច​កាលៈទេសៈ​មួយ​នៅក្នុង​ព្រះគម្ពីរ​​ជាមួយ​នឹង​ស្ថានភាព​មួយ​នៅក្នុង​ជីវិត​របស់​យើង​ផ្ទាល់ ឬ នៅក្នុង​ពិភពលោក​ជុំវិញ​យើង ។ ការស្គាល់​នូវ​ភាពស្រដៀង​គ្នា​រវាង​កាលៈទេសៈ​នៅក្នុង​ព្រះគម្ពីរ និង ស្ថានភាព​នៅក្នុង​ជីវិត​របស់​យើង​ផ្ទាល់ ជួយ​រៀបចំ​យើង​ឲ្យ​ស្វែងរក និង អនុវត្ត​សេចក្ដីពិត​នៃ​ព្រះគម្ពីរ ។ សេចក្ដីពិត​ដូចគ្នា​នេះ ដែល​អនុវត្ត​ចំពោះ​មនុស្ស​ដែល​យើង​បាន​អាន​នៅក្នុង​ព្រះគម្ពីរ អាច​អនុវត្ត​ចំពោះ​យើង នៅពេល​យើង​នៅក្នុង​កាលៈទេសៈ​ស្រដៀង​គ្នា ។

ដើម្បី​ជួយ​សិស្ស​យល់​ពី​របៀប​ដែល​ការប្រៀបធៀប​នាំ​ទៅរក​ការអនុវត្តន៍ សូម​អញ្ជើញ​ពួកគេ​បំពេញ​តារាង​របស់​ពួកគេ នៅពេល​អ្នក​រំឭកឡើងវិញនូវ​វគ្គ​ចំណេះចំណាន​ខគម្ពីរ​ព្រះគម្ពីរ​មរមន​ដំបូង​ជាមួយ​នឹង​ពួកគេ នីហ្វៃ​ទី​1 3:7 ។ សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន នីហ្វៃ​ទី​1 3:7 ឮៗ ។

  • តើ​នៅក្នុង​កាលៈទេសៈ​អ្វី​ដែល​នីហ្វៃ​ឆ្លើយ​តប​ នៅពេល​គាត់​បាន​និយាយ​ពាក្យ​ទាំងនេះ ? ( គាត់​ត្រូវ​បាន​សុំ​ដោយ​ព្យាការី​ម្នាក់ —ឪពុក​របស់​គាត់ លីហៃ— ឲ្យ​ត្រឡប់​ទៅ​ទីក្រុង​យេរូសាឡិម​វិញ​ដើម្បី​ទៅ​យក​ផ្ទាំង​លង្ហិន ។ បងប្អូន​ប្រុស​របស់​គាត់ បាន​ត្អូញត្អែរ​អំពី​ការលំបាក​នៃ​កិច្ចការ​នេះ ) ។

  • តើ​កាលៈទេសៈ​របស់​នីហ្វៃ​ដូចជា​ស្ថានភាព​មួយ ​នៅក្នុង​ជីវិត​របស់​អ្នក​យ៉ាង​ដូចម្ដេច ? តើ​នៅពេល​ណា​ដែល​ព្រះអម្ចាស់​សង្ឃឹម​ថា អ្នក​នឹង​ធ្វើ​អ្វី​មួយ​ដែល​លំបាក ?

  • តើ​សេចក្ដីពិត​អ្វី​ដែល​បាន​ជួយ​នីហ្វៃ​នៅក្នុង​ស្ថានភាព​របស់​គាត់ ? ( នីហ្វៃ​បាន​ដឹង​ថា នៅពេល​ណា​ព្រះអម្ចាស់ដាក់​បញ្ញត្តិដល់​កូនចៅ​មនុស្ស នោះ​ទ្រង់​នឹង​រៀបចំ​ផ្លូវ​ដើម្បី​ឲ្យ​គេ​អាច​សម្រេច​នូវ​អ្វីៗ​នោះ ) ។

  • តើ​អ្នក​អាច​ធ្វើ​អ្វី​បាន​ដើម្បី​ធ្វើ​តាម​សេចក្ដីពិត​នេះ នៅក្នុង​ស្ថានភាព​របស់​អ្នក ?

សូម​អញ្ជើញ​សិស្ស​ពីរបី​នាក់​ឲ្យ​ចែកចាយ ​ពី​របៀប​ដែល​ពួកគេ​ប្រៀបធៀប នីហ្វៃ​ទី​1 3:7 ទៅ​នឹង​ខ្លួន​គេ និង ពី​របៀប​ដែល​ពួកគេ​អាច​អនុវត្ត​វា​នៅក្នុង​ជីវិត​របស់​ពួកគេ ។ ( សូម​រំឭក​ពួកគេ​ថា ពួកគេ​មិន​ចាំបាច់​ចែកចាយ​ព័ត៌មាន​ដែល​ផ្ទាល់ខ្លួន​ពេក​នោះ​ទេ ) ។

ដើម្បី​បញ្ចប់​មេរៀន​នេះ សូម​លើក​ព្រះគម្ពីរ​មរមន​មួយ​ក្បាល​ឡើង ។ សូម​រំឭក​សិស្ស​ថា នីហ្វៃ​បាន​គិត​ថា​ការសរសេរ​របស់​គាត់​ អំពី​ព្រះអង្គ​សង្គ្រោះ​ថា​ជា​ការណ៍​ដ៏​ពិសិដ្ឋ និង មាន​តម្លៃ​ដ៏​មហិមា​ចំពោះ​ខ្លួនគាត់ និង អ្នក​ដទៃ ។ សូម​លើកទឹកចិត្ត​សិស្ស​ឲ្យ​សិស្ស​សិក្សា​ព្រះគម្ពីរ និង ស្វែងរក​សារលិខិត​ដែល​ព្រះអម្ចាស់ និង ព្យាការី​របស់​ទ្រង់​បាន​ដាក់​បញ្ចូល​នៅក្នុង​ព្រះគម្ពីរ​សម្រាប់​ពួកយើង ។ សូម​ថ្លែង​ទីបន្ទាល់​ថា នៅពេល​យើង​ប្រៀបធៀប​បទគម្ពីរ​ទៅ​នឹង​ខ្លួនយើង យើង​នឹង​រៀន ហើយទទួល​បាន​ប្រយោជន៍​ពី​វា​វិញ ។

សូម​លើកទឹកចិត្ត​សិស្ស​ឲ្យ​សិក្សា​ព្រះគម្ពីរ​ដោយ​ខ្លួន​គេ​ផ្ទាល់ និង ស្វែងរក​វគ្គ​ដែល​ពួកគេ​អាច​ប្រៀបធៀប​វា​ទៅនឹង​ខ្លួន​គេ ។ ពួកគេ​អាច​ព្យាយាម​បញ្ចូល​ឈ្មោះ​របស់​ពួកគេ​នៅក្នុង​ខគម្ពីរ​ខ្លះ និង អាន​ខគម្ពីរ​នោះ ហាក់ដូចជា​ព្រះអម្ចាស់ ឬ ព្យាការី​របស់​ទ្រង់​កំពុង​និយាយ​ចំៗ​មក​កាន់​ពួកគេ ។ ឧទាហរណ៍ ពួកគេ​អាច​អាន​ផ្នែក​ទីមួយ​នៃ នីហ្វៃ​ទី​2 31:20ដូចនេះ ៖ « ហេតុដូច្នេះ​ហើយ អ្នករាល់​គ្នា [ បញ្ចូល​ឈ្មោះ ] ត្រូវ​តែ​ឈាន​ទៅ​មុខ​ដោយ​ខ្ជាប់ខ្ជួន​នៅក្នុង​ព្រះគ្រីស្ទ » ។

អ្នកអាច​ចែក​ក្រដាស​តារាង​ទទេ ឲ្យ​សិស្ស​ប្រើ​នៅ​ផ្ទះ ។ សូម​អញ្ជើញ​ពួកគេ​ឲ្យថា នៅ​ពេល​ដែល​ពួក​គេ​មក​ថ្នាក់រៀន​លើក​ក្រោយ សូមឲ្យ​រៀបចំ​ដើម្បី​ចែកចាយ​ពី​របៀប​ដែល​ពួកគេ​ប្រៀបធៀប​បទគម្ពីរ​ទាំងឡាយ​ទៅនឹង​ខ្លួនគេ និង ពី​របៀប​ដែល​ពួកគេ​បាន​រៀន និង បាន​ទទួល​ប្រយោជន៍​ពី​បទពិសោធន៍​នេះ ។

វិចារណកថា និង ព័ត៌មាន​សាច់រឿង

នីហ្វៃ​ទី​1 19:10–16 ។ ស៊ីណុក នីអ៊ុម និង ស៊ីណូស

នីហ្វៃ​បាន​ដកស្រង់​ពី​ការសរសេរ​របស់​ស៊ីណុក នីអ៊ុម និង ស៊ីណូស ។ ទាំងនេះ គឺជា​ព្យាការី​ក្នុង​សម័យ​ព្រះគម្ពីរ​សញ្ញា​ចាស់ ដែល​ការព្យាករណ៍​អំពី​ព្រះយេស៊ូវគ្រីស្ទរបស់​ពួកគាត់​ត្រូវបាន​កត់ត្រា​នៅក្នុង​ផ្ទាំង​លង្ហិន ហេតុដូច្នេះ​ហើយ យើង​ដឹង​ថា​ពួកគេ​បាន​រស់នៅ​មុន 600 ឆ្នាំ មុន គ. ស. ពួកគាត់​បាន​និយាយ​អំពី​ជីវិត និង ការបម្រើ​របស់​ព្រះម៊ែស៊ី និង ជោគ​វាសនា​នៃ​វង្ស​អ៊ីស្រាអែល ( សូម​មើល​ផងដែរ( សូមមើល ផងដែឬ ហេលេមិន 8:19−20 ) ។ បើ​គ្មាន​ព្រះគម្ពីរ​មរមន យើង​នឹង​មិន​ដឹង​អ្វី​ទាំងអស់​អំពី​ព្យាការី​ទាំងបី​នេះ ឬ ទីបន្ទាល់​របស់​ពួកគេ​អំពី​ព្រះយេស៊ូវគ្រីស្ទ ។

បោះពុម្ព