សេចក្តីផ្តើមអំពី នីហ្វៃទីបី ព្រះគម្ពីរនីហ្វៃ
ហេតុអ្វីបានជាសិក្សាគម្ពីរនេះ ?
ក្នុងការសិក្សាពីនីហ្វៃទី 3 សិស្សនឹងរៀនអំពីព្រះបន្ទូល និងសកម្មភាពរបស់ព្រះអង្គសង្គ្រោះអំឡុងពេលបម្រើបីថ្ងៃក្នុងចំណោមសាសន៍នីហ្វៃ ។ ប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន បានបង្រៀនថា ៖ « នីហ្វៃទី 3 រួមមានវគ្គមួយចំនួនដែលធ្វើឲ្យចិត្តរំជើបរំជួល និងមានឥទ្ធិពលលើសព្រះគម្ពីរទាំងអស់ ។ វាថ្លែងទីបន្ទាល់អំពីព្រះយេស៊ូវគ្រីស្ទ ព្យាការីរបស់ទ្រង់ និងគោលលទ្ធិនៃសេចក្តីសង្គ្រោះ » (« The Savior’s Visit to America » Ensign, ខែ ឧសភា ឆ្នាំ 1987, ទំព័រ 6 ) ។ នៅពេលសិស្សឃើញពីរបៀបដែលព្រះយេស៊ូវគ្រីស្ទបានបង្ហាញសេចក្ដីមេត្តាដល់ប្រជាជន « ម្ដងមួយៗ » ពួកគេអាចកោតសរសើរកាន់តែខ្លាំងដល់ការព្រួយបារម្ភរបស់ទ្រង់ដល់ពួកគេម្នាក់ៗ ( សូមមើល នីហ្វៃទី 3 11:15; 17:21 ) ។ ពួកគេអាចរៀនពីមេរៀនដ៏សំខាន់ៗពីគំរូដ៏សុចរិតនៃអ្នកទាំងឡាយណា ដែលបានរៀបចំខ្លួនដើម្បីទៅជួបនឹងព្រះអង្គសង្គ្រោះ ។ ពួកគេក៏បានរៀនពីគំរូទុច្ចរិតនៃអ្នកទាំងឡាយណាដែលមិនបានរៀបចំទៅជួបនឹងព្រះអង្គសង្គ្រោះ ។
តើអ្នកណាជាអ្នកសរសេរគម្ពីរនេះ ?
លោកមរមនបានសង្ខេបកំណត់ត្រាពីផ្ទាំងចំណារធំរបស់នីហ្វៃដើម្បីបង្កើតជាគម្ពីរនីហ្វៃទី 3 ។ គម្ពីរនេះដាក់ឈ្មោះតាមនីហ្វៃ ( ជាកូនប្រុសរបស់នីហ្វៃ ) ដែលបានបម្រើពីមុន អំឡុងពេល និងក្រោយពេលដែលព្រះអង្គសង្គ្រោះបានយាងមកជួបនឹងប្រជាជន ។ អំឡុងពេលមានអំពើទុច្ចរិតដ៏ខ្លាំងដែលកើតឡើងមុនពេលព្រះយេស៊ូវគ្រីស្ទបានយាងមក នីហ្វៃបានធ្វើការងារ « ដោយអានុភាព និងដោយសិទ្ធិអំណាចដ៏ធំ » ( នីហ្វៃទី 3 7:17 ) ។ ការខិតខំរបស់លោកគឺជាការចាប់ផ្ដើមមួយនៃការបម្រើរបស់ព្រះយេស៊ូវគ្រីស្ទ ដែលព្រះបន្ទូល និងទង្វើររបស់ទ្រង់នាំឲ្យមានការយកចិត្តទុកដាក់នៅក្នុងនីហ្វៃទី 3 ។ ខណៈពេលដែលកំពុងសង្ខេបផ្ទាំងចំណាររបស់នីហ្វៃ ព្យាការីមរមនក៏បានបញ្ចូលបទអត្ថាធិប្បាយ និងទីបន្ទាល់របស់គាត់ដែរ ( សូមមើល នីហ្វៃទី 3 5:8–26; 26:6–12; 29–30 ) ។
តើគម្ពីរនេះត្រូវបានសរសេរសម្រាប់អ្នកណា និងហេតុអ្វី ?
មរមនមានបំណងឲ្យអត្ថបទរបស់លោកនៅក្នុងនីហ្វៃទី 3 បានទៅដល់មនុស្សពីរក្រុម ។ ក្រុមទីមួយ លោកបានពន្យល់ថា លោកបានសរសេរវាសម្រាប់កូនចៅលីហៃ ( សូមមើល នីហ្វៃទី 3 26:8 ) ។ ក្រុមទីពីរ មរមនបានបញ្ជាក់ពីសាសន៍ដទៃនៅក្នុងជំនាន់ចុងក្រោយ និងបានកត់ត្រាពីការព្រមានរបស់ព្រះអម្ចាស់ឲ្យ ពួកគេមករកទ្រង់ ហើយក្លាយជាផ្នែកមួយនៃប្រជាជនក្នុងសេចក្ដីសញ្ញារបស់ទ្រង់ ( សូមមើល នីហ្វៃទី 3 30 ) ។ គម្ពីរនីហ្វៃទី 3 បញ្ជាក់ពីការអញ្ជើញនេះដោយមានសាក្សីដ៏មានអានុភាពពីព្រះយេស៊ូវគ្រីស្ទ និងការបញ្ជាក់ទៅលើសារៈសំខាន់នៃសេចក្ដីសញ្ញា ។
តើនៅពេលណា និងនៅកន្លែងណាដែលគម្ពីរនេះត្រូវបានសរសេរ ?
កំណត់ត្រាដើមដែលប្រើជាប្រភពសម្រាប់គម្ពីរនីហ្វៃទី 3 ប្រហែលត្រូវបានសរសេរនៅរវាងឆ្នាំទី 1 ម.គ.ស. និង នៃ គ.ស. ។ 35. មរមនបានសង្ខេបកំណត់ត្រាទាំងនោះនៅចន្លោះឆ្នាំ 345 នៃ គ.ស. និង ឆ្នាំ 385 នៃ គ.ស. ។ មរមនមិនបានកត់ត្រាពីកន្លែងដែលលោកស្ថិតនៅ នៅពេលលោកបានចងក្រងគម្ពីរនេះឡើយ ។
តើលក្ខណៈពិសេសមួយចំនួននៃគម្ពីរនេះជាអ្វីខ្លះ?
នីហ្វៃទី 3 ចងក្រងការបំពេញនៃការព្យាករណ៍ដែលទាក់ទងនឹងការប្រសូត ការសុគត និងការរស់ឡើងវិញរបស់ព្រះយេស៊ូវគ្រីស្ទ ( សូមមើល នីហ្វៃទី 3 1; 8; 11 ) ។ កំណត់ត្រានេះចងក្រងពីការយាងមករបស់ព្រះអង្គសង្គ្រោះទៅដល់សាសន៍នីហ្វៃ តំណាងឲ្យអ្វីដែលអែលឌើរ ជែហ្វ្រី អ័រ ហូឡិន បានហៅថាជា « ចំណុចបង្គោល ដ៏សំខាន់ នៅក្នុងប្រវត្តិសាស្ដ្រទាំងមូលនៃព្រះគម្ពីរមរមន » ( Christ and the New Covenant: The Messianic Message of the Book of Mormon [ ឆ្នាំ 1997 ], ទំព័រ 250 ) ។ ជំពូកចំនួនម្ភៃក្នុងចំណោមសាមសិបជំពូកនៅក្នុងនីហ្វៃទីបី រួមមានការបង្រៀនដែលព្រះអង្គសង្គ្រោះបានបង្រៀនដល់ប្រជាជនផ្ទាល់ ( សូមមើល នីហ្វៃទី 3 9–28 ) ។
គម្រោង
នីហ្វៃទី 3 1–5 នីហ្វៃទទួលបានកំណត់ត្រាពីឪពុករបស់លោក ។ ទីសម្គាល់នៃការប្រសូតរបស់ព្រះគ្រីស្ទត្រូវបានផ្ដល់ឲ្យ គម្រោងមួយដើម្បីបំផ្លាញដល់អ្នកជឿគឺត្រូវបានខកខាន ហើយមនុស្សជាច្រើនបានប្រែចិត្តជឿ ។ សាសន៍នីហ្វៃ និងសាសន៍លេមិនបានរួបរួមគ្នាប្រឆាំងនឹងពួកចោរកាឌីអានតុន ។ ពួកគេបានប្រែចិត្តពីអំពើបាបរបស់ខ្លួន ហើយនៅទីបញ្ចប់បានបង្រាបពួកចោរនៅក្រោមការដឹកនាំរបស់ឡាកូនីអូស និងគីឌគីឌដូណៃ ។ មរមនអធិប្បាយពីតួនាទីរបស់លោកក្នុងនាមជាសាវកម្នាក់របស់ព្រះគ្រីស្ទ និងជាអ្នករក្សាកំណត់ត្រាម្នាក់ ។
នីហ្វៃទី 3 6–7 ការរីកចម្រើនរបស់សាសន៍នីហ្វៃ នាំទៅរកភាពឆ្មើងឆ្មៃ អំពើទុច្ចរិត និងបក្សពន្ធ័សម្ងាត់ ។ រដ្ឋាភិបាលត្រូវបានផ្ដួលរំលំ ហើយប្រជាជនបែងចែកទៅជាកុលសម្ព័ន្ធ ។ នីហ្វៃធ្វើការបម្រើព្រះដោយអានុភាពដ៏ខ្លាំង ។
នីហ្វៃទី 3 8–10 កំហឹង សេចក្តីបំផ្លិចបំផ្លាញ និងភាពងងឹតជាសញ្ញាសម្គាល់នៃការឆ្កាង និងការសុគតរបស់ព្រះអង្គសង្គ្រោះ ។ ប្រជាជនទួញយំនឹងការស្លាប់របស់អស់អ្នកដែលត្រូវបានគេសម្លាប់នៅក្នុងសេចក្តីបំផ្លិចបំផ្លាញ ។ សំឡេងរបស់ព្រះយេស៊ូវគ្រីស្ទអំពាវនាវឲ្យអ្នកនៅរស់ទាំងឡាយ ប្រែចិត្ត និងមករកទ្រង់ ។
នីហ្វៃទី 3 11–18 ព្រះយេស៊ូវគ្រីស្ទលេចចេញមកដល់ហ្វូងមនុស្សនៅឯព្រះវិហារបរិសុទ្ធ ហើយអញ្ជើញឲ្យមនុស្សម្នាក់ៗស្ទាបស្នាមដែកគោលនៅលើព្រះហស្ដ និងព្រះបាតរបស់ទ្រង់ ។ ទ្រង់តែងតាំងសាវកដប់ពីរនាក់ និងផ្ដល់ដល់ពួកលោកនូវសិទ្ធិអំណាចដើម្បីធ្វើពិធីបរិសុទ្ធ និងដឹកនាំសាសនាចក្រ ។ ព្រះអង្គសង្គ្រោះបង្រៀនពីគោលលទ្ធិរបស់ទ្រង់ ចេញច្បាប់នៃសេចក្តីសុចរិត និងពន្យល់ថា ទ្រង់បានបំពេញច្បាប់ម៉ូសេរួចហើយ ។ ទ្រង់ព្យាបាលជំងឺរបស់ប្រជាជន អធិស្ឋានសម្រាប់ពួកគេ ហើយប្រទានពរដល់កូនចៅរបស់ពួកគេ ។ ក្រោយពីការបម្រើសាក្រាម៉ង់ និងផ្ដល់ការបង្រៀនបន្ថែម នោះទ្រង់យាងចេញទៅ ។
នីហ្វៃទី 3 19–26 ពួកសាវកដប់ពីរនាក់បម្រើដល់ប្រជាជន ហើយព្រះវិញ្ញាណបរិសុទ្ធត្រូវបានចាក់ស្រោចមកលើពួកលោក ។ ព្រះយេស៊ូវគ្រីស្ទលេចមកជាលើកទីពីរ ហើយអធិស្ឋានសម្រាប់អ្នកទាំងឡាយណាដែលនឹងជឿលើទ្រង់ ។ ទ្រង់បម្រើសាក្រាម៉ង់ និងបង្រៀនពីរបៀបដែលព្រះវរបិតានឹងបំពេញសេចក្ដីសញ្ញារបស់ទ្រង់ជាមួយនឹងសាសន៍អ៊ីស្រាអែល ។ ព្រះអង្គសង្គ្រោះបញ្ជាប្រជាជនឲ្យសិក្សាពាក្យសម្ដីរបស់អេសាយ និងព្យាការីទាំងអស់ ហើយទ្រង់ណែនាំនីហ្វៃឲ្យកត់ត្រាពីការបំពេញនៃការព្យាករណ៍ដែលបានប្រកាសដោយសាំយូអែលជាសាសន៍លេមិននោះ ។ ទ្រង់បង្រៀនថា ព្រះវរបិតាប្រទានដល់ម៉ាឡាគី និងពន្យល់ប្រាប់ « ការណ៍ទាំងអស់ … តាំងពីដំបូងរហូតដល់ពេលដែលទ្រង់នឹងយាងមកក្នុងសិរីល្អរបស់ទ្រង់ » ( នីហ្វៃទី 3 26:3 ) ។ ហើយបន្ទាប់មក ទ្រង់ក៏យាងចេញទៅ ។
នីហ្វៃទី 3 27–28 ព្រះយេស៊ូវគ្រីស្ទយាងមក ហើយបង្រៀនដល់ពួកសាវកដប់ពីរនាក់ឲ្យហៅសាសនាចក្រតាមព្រះនាមរបស់ទ្រង់ ។ ទ្រង់បង្រៀនដំណឹងល្អ និងបញ្ជាពួកសាវករបស់ទ្រង់ឲ្យក្លាយដូចជាទ្រង់ ។ ព្រះយេស៊ូវគ្រីស្ទផ្ដល់អោយពួកសាវកទាំងដប់ពីរនាក់ស្របតាមបំណងរបស់ពួកលោក ។
នីហ្វៃទី 3 29–30 មរមនពន្យល់ថា ការលេចមកនៃព្រះគម្ពីរមរមនគឺជាទីសម្គាល់មួយដែលព្រះបានហៅឲ្យបង្រួបបង្រួមសាសន៍អ៊ីស្រាអែលនៅក្នុងថ្ងៃចុងក្រោយ ។ ព្រះអម្ចាស់ទូន្មានពួកសាសន៍ដទៃឲ្យប្រែចិត្ត ហើយក្លាយជាផ្នែកនៃរាស្ត្រនៃសេចក្តីសញ្ញារបស់ទ្រង់ ។