បណ្ណាល័យ
នីហ្វៃទី 4


សេចក្តីផ្តើម​អំពីគម្ពីរ​នីហ្វៃទី​បួន ៖ គម្ពីរ​នីហ្វៃ

ហេតុអ្វី​បានជា​ត្រូវសិក្សា​គម្ពីរ​នេះ ?

នៅពេល​សិស្ស​សិក្សា​នីហ្វៃទី 4 ពួកគេ​នឹង​រៀន​អំពី​ពរជ័យ​ដែល​កើត​មាន​ដល់​ប្រជាជន​ដែល​រួបរួមគ្នា​នៅក្នុង​ការរស់នៅ​តាម​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ ។ ដោយ​ធ្វើ​តាម​ការបម្រើ​របស់​ព្រះអង្គ​សង្គ្រោះ​នៅក្នុង​ចំណោម​កូនចៅ​របស់​លីហៃ ប្រជាជន​ទាំងអស់​នៅ​ទូទាំង​ដែនដី​បាន​ប្រែចិត្ត​ជឿ ។ នៅពេល​ពួកគេ​គោរព​តាម​ព្រះបញ្ញត្តិ​ទាំងឡាយ នោះពួកគេ​បាន​អររីករាយ​នឹង​សេចក្ដី​សុខសាន្ដ ការរីកចម្រើន និង​ពរជ័យ​ខាង​វិញ្ញាណ​ដ៏​អស្ចារ្យ ។ មរមន​បាន​ប្រកាស​ថា « ហើយ​ពិត​ជា​គ្មាន​ប្រជាជន​ណា​ដែល​រីករាយ​សប្បាយ​ជាង​ប្រជាជន​ដែល​បាន​ត្រូវ​បង្កើត​ដោយ​ព្រះហស្ដ​នៃ​ព្រះ​ឡើយ » ( « នីហ្វៃទី 4 1:16 ) ។ សិស្ស​ក៏​នឹង​រៀន​ពី​មេរៀន​ដ៏​សំខាន់​ចេញ​ពី​ការធ្លាក់​ចុះ​បន្ដិចម្ដងៗ​របស់​ប្រជាជន​នេះ​ទៅ​ក្នុង​ស្ថានភាព​មួយ​នៃ​អំពើទុច្ចរិត​ផងដែរ ។

តើ​នរណា​ជា​អ្នក​សរសេរ​គម្ពីរ​នេះ ?

មរមន បាន​ចងក្រង ហើយ​សង្ខេប​កំណត់ត្រា​ទាំងបួន​ដើម្បី​បង្កើត​ជា​គម្ពីរ​នីហ្វៃទី 4 ។ គម្ពីរ​ដំបូង​គេ​បង្អស់​ត្រូវបាន​ដាក់​ឈ្មោះ នីហ្វៃ ។ នីហ្វៃ​គឺជា​កូនប្រុស​របស់​នីហ្វៃ ដែល​ជា​សិស្ស​ម្នាក់​ក្នុង​ចំណោម​សិស្ស​ទាំង​ដប់ពីរ​ដែល​ត្រូវបាន​ជ្រើសរើស​ដោយ​ព្រះអម្ចាស់ អំឡុងពេល​ការបម្រើ​របស់​ទ្រង់​នៅ​ក្នុង​ចំណោម​កូនចៅ​របស់​លីហៃ ( សូមមើល នីហ្វៃទី 3 11:18–22, 12:1 ) ។ អ្នកសរសេរ​បី​រូប​ទៀត​គឺ​ជា​កូនប្រុស​របស់​នីហ្វៃ​គឺ អេម៉ុស និង កូនប្រុស​របស់​អេម៉ុស​គឺ អេម៉ុស និង​អាំម៉ារ៉ុន ( សូមមើល នីហ្វៃទី 4 1:19, 21, 47 ) ។

តើ​គម្ពីរ​នេះ​ត្រូវបាន​សរសេរ​សម្រាប់​នរណា ? ​ហេតុអ្វី ?

​មរមន​មិន​បាន​បញ្ជាក់ថា​គម្ពីរ​នីហ្វៃទី 4 នេះ​ត្រូវបាន​សរសេរ​សម្រាប់​អ្នក​អាន​ជាក់លាក់​ណា​ម្នាក់​ឡើយ ហើយ​លោក​ក៏​មិន​បាន​លើកឡើង​ពី​មូលហេតុ​ដែល​លោក​បាន​សរសេរ​សៀវភៅ​នេះ​ដែរ ។ ទោះជាយ៉ាងណាក្ដី គម្ពីរ​នេះ​រួមចំណែក​ដល់​គោលបំណង​ដ៏​សំខាន់​នៃ​ព្រះគម្ពីរមរមន— ដើម្បី​ធ្វើ​ជា​សាក្សី​ថា ព្រះយេស៊ូវ​គឺជា​ព្រះគ្រីស្ទ ហើយ​ដើម្បី​ប្រកាស​ពី​សេចក្ដីសញ្ញា​នៃ​ព្រះអម្ចាស់ ( សូមមើល​ទំព័រ​ចំណងជើង​នៃ​ព្រះគម្ពីរមរមន ) ។ ​គម្ពីរនេះ​ដើរតួ​នាទី​ដូច្នេះ​ដោយ​ការបង្ហាញ​នូវ​ពរជ័យ​ដែលកើត​មាន នៅពេល​ប្រជាជន​ប្រែចិត្ត ចូលមក​រក​ព្រះយេស៊ូវគ្រីស្ទ ហើយ​ធ្វើ​សេចក្ដីសញ្ញា​ជាមួយ​នឹង​ទ្រង់ ។ គម្ពីរនេះ​ក៏​បង្ហាញ​ពី​លទ្ធផល​ដ៏​បំផ្លិចបំផ្លាញ​ដែល​កើតឡើង នៅពេល​ប្រជាជន​បដិសេធ​មិន​ព្រម​ទទួល​ព្រះអង្គ​សង្គ្រោះ និង​ដំណឹងល្អ​របស់​ទ្រង់ ហើយ​បោះបង់​សេចក្ដីសញ្ញា​របស់​ពួកគេ​ចោល ។

តើ​នៅ​ពេល​ណា និង​នៅ​កន្លែង​ណា​ដែល​គម្ពីរ​នេះ​ត្រូវ​បាន​សរសេរ ?

កំណត់ត្រា​ដើម​ត្រូវបាន​ប្រើ​ជា​ប្រភព​នៃ​គម្ពីរ​នីហ្វៃ​ទី 4 ដែល​ប្រហែល​ជា​ត្រូវបាន​សរសេរ​រវាង​ឆ្នាំ 34 .គ.ស. និង ឆ្នាំ 321 .គ.ស. ។ មរមន​បាន​សង្ខេប​កំណត់ត្រា​ទាំងនោះ​ក្នុង​ចន្លោះ​ពេល​ប្រហែល​ឆ្នាំ 345 នៃ​គ.ស. និង ឆ្នាំ 385នៃគ.ស ។ មរមន​មិន​បាន​កត់ត្រា​ពី​ទីកន្លែង​ដែល​គាត់​នៅ នៅពេល​គាត់​បាន​ចងក្រង​គម្ពីរ​នេះ​ទេ ។

តើ​មាន​លក្ខណៈ​ពិសេស​អ្វី​ខ្លះ​នៅក្នុង​គម្ពីរ​នេះ ?

មាន​តែ​ខគម្ពីរ​ចំនួន 49 ប៉ុណ្ណោះ ដែល​គម្ពីរ​នីហ្វៃទី 4 ដំណាល​ពី​រយៈពេល​មួយ​នៃ​ពេល​ជិត 300 ឆ្នាំ— ស្ទើរតែ​មួយ​ភាគ​បី​នៃ​ប្រវត្តិសាស្ដ្រ​នៃ​សាសន៍​នីហ្វៃ​ទាំងមូល​ដែល​មាន​នៅក្នុង​ព្រះគម្ពីរមរមន ។ ការសង្ខេប​នៃ​គម្ពីរ​នីហ្វៃទី 4 រួមចំណែក​ដល់​អានុភាព​របស់​វា ។ វា​លើកឡើង​យ៉ាងខ្លី​និង​ច្បាស់លាស់​ពី​ភាពផ្ទុយគ្នា​រវាង​ភាពសុចរិត​របស់​ប្រជាជន​ភា្លមៗ​បន្ទាប់ពី​ការបម្រើ​របស់​ព្រះអង្គសង្គ្រោះ​នៅក្នុង​ចំណោម​ពួកគេ និង​ភាពទុច្ចរិត​របស់​ពួកគេ​រយៈពេល​បួន​ជំនាន់​ក្រោយមក ។ ខគម្ពីរ​ចំនួន 18 ដំបូង​នៃ​គម្ពីរ​នេះ​បង្ហាញ​ពី​ពរជ័យ​ដែល​សង្គម​មួយ​រីករាយ ដែល​ការណ៍​នេះ​ត្រូវបាន​សាង​លើ​ដំណឹងល្អ​របស់​ព្រះយេស៊ូវគ្រីស្ទ ។ ខគម្ពីរ​បន្ទាប់​ក្រោយមក​រួមមាន​នូវ​សាក្សី​មួយ​នៃ​ការបំផ្លិចបំផ្លាញ​នៃ​ភាពឆ្មើងឆ្មៃ ដោយ​ការបង្ហាញ​ពី​របៀប​ដែល​សង្គម​នេះ​ចុះ​ទន់ខ្សោយ​បន្ដិចម្ដងៗ រហូត​ដល់​វា​ស្ទើរតែ​ធ្លាក់​ទៅ​ក្នុង​អំពើបាប​ទាំងស្រុង ។

គម្រោង

នីហ្វៃទី 4 1:1–18 ដោយ​ធ្វើ​តាម​ការបម្រើ​របស់​ព្រះយេស៊ូវគ្រីស្ទ ប្រជាជន​ទាំងអស់​ទូទាំង​ដែនដី​បានផ្លាស់​ប្រែចិត្ត ហើយ​ទទួល​បុណ្យ​ជ្រមុជទឹក ។ ពួកគេ​លែង​បែងចែក​ខ្លួនគេ​ជា​សាសន៍​នីហ្វៃ និង​សាសន៍​លេមិន​ទៀត​ហើយ ។ ពួកគេ « មាន​របស់​របរ​ទាំងអស់​រួមគ្នា » ( នីហ្វៃទី 4 1:3 ) ពួកគេ​ទទួល​បាននូវ​អព្ភូតហេតុ​ជាច្រើន ហើយ​ពួកគេ​រីកចម្រើន និង​រស់នៅ​ក្នុង​សាមគ្គីភាព និង​សុភមង្គល​អស់រយៈពេល 110 ឆ្នាំ ។

នីហ្វៃទី 4 1:19–34 នីហ្វៃ​ស្លាប់ ហើយ​កូនប្រុស​របស់​ អេម៉ុស រក្សា​កំណត់តា្រ​ទាំងឡាយ ។ ក្រោយ​មក អេម៉ុស ប្រគល់​កំណត់ត្រា​ទាំងឡាយ​ដល់​កូនប្រុស​របស់​លោក​ឈ្មោះ អេម៉ុស ។ ប្រជាជន​ជាច្រើន​បាន​អនុញ្ញាត​ឲ្យ​សាតាំង​ « ក្ដាប់​ជាប់​នូវ​ដួងចិត្ត​របស់​ពួកគេ » ( នីហ្វៃទី 4 1:28 ) ។ ការ​បែកបាក់គ្នា ភាពឆ្មើងឆ្មៃ និង​សាសនាចក្រ​ក្លែងក្លាយ​កើតឡើង​នៅ​ក្នុង​ចំណោម​ប្រជាជន ។ ពួកទុច្ចរិត​ចាប់ផ្ដើម​បៀតបៀន​សមាជិក​នៃ​សាសនាចក្រ​ដ៏​ពិត និង « ពួកសិស្ស​នៃ​ព្រះយេស៊ូវ​ដែល​បាន​នៅ​ជាមួយ​នឹង​ពួកគេ » ( នីហ្វៃទី 4 1:30 ) ។

នីហ្វៃទី 4 1:35–49 ប្រជាជន​បែងចែក​ខ្លួនគេ​ជា​សាសន៍​នីហ្វៃ និង​សាសន៍​លេមិន​ម្ដង​ទៀត ។ សាសន៍​លេមិន​ប្រឆាំង​នឹង​ដំណឹងល្អ​យ៉ាង​ខ្លាំង ហើយ​បង្កើត​ជា​បក្សសម្ពន្ធ៍​សម្ងាត់​នៃ​កាឌីអានតុន ។ នៅទីបំផុត ពួកសាសន៍​នីហ្វៃ​ក៏​ក្លាយទៅ​ជា​ទុច្ចរិត ។ អេម៉ុស​ស្លាប់ ហើយ​ប្អូនប្រុស​របស់​លោក​ឈ្មោះ អាំម៉ូរ៉ុន រក្សា​កំណត់ត្រា​មួយ​រយៈ​មុនពេល​ត្រូវបាន​ដឹកនាំ​ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ​ឲ្យ​លាក់​នូវ​បញ្ជី​ពិសិដ្ឋ​ទាំងនេះ ។