មេរៀនទី 42
នីហ្វៃទី 2 33
សេចក្តីផ្ដើម
នីហ្វៃបានបញ្ចប់កំណត់ត្រារបស់គាត់ដោយការប្រកាសថា ពាក្យពាក្យសម្ដីដែលសរសេររបស់គាត់ថ្លែងទីបន្ទាល់អំពីព្រះយេស៊ូវគ្រីស្ទ និង បញ្ចុះបញ្ចូលមនុស្សឲ្យធ្វើល្អ ហើយកាន់ខ្ជាប់ដរាបដល់ចុងបំផុត ។ គាត់បាននិយាយថា ទោះបីជាគាត់បានសរសេរ « នៅក្នុងភាពទន់ខ្សោយ » ក្ដី ក៏ការសរសេររបស់គាត់នឹងមាន « តម្លៃដ៏ធំ » និង « បានធ្វើជាខ្លាំង » សម្រាប់អស់អ្នកទាំងឡាយដែលនឹងអានវាផងដែរ ( សូមមើល នីហ្វៃទី 2 33:3–4 ) ។ គាត់បានថ្លែងទីបន្ទាល់ថា ការសរសេររបស់គាត់គឺជា « ព្រះបន្ទូលទាំងឡាយនៃព្រះគ្រីស្ទ » ហើយថាប្រជាជននឹងទទួលខុសត្រូវចំពោះព្រះចំពោះចម្លើយរបស់ពួកគេទៅកាន់ការសរសេរនោះ ( សូមមើល នីហ្វៃទី 2 33:10–15 ) ។
យោបល់សម្រាប់ការបង្រៀន
នីហ្វៃទី 2 33:1–2
នីហ្វៃបង្រៀនអំពីព្រះចេស្ដានៃព្រះវិញ្ញាណបរិសុទ្ធក្នុងការនាំសេចក្ដីពិតទៅដល់ដួងចិត្តរបស់យើង
សូមគូសរូបភាពដូចខាងក្រោមនេះនៅលើក្ដារខៀន ៖
-
តើមានភាពខុសគ្នាយ៉ាងណារវាងសារលិខិតមួយដែល ទៅដល់ ដួងចិត្តរបស់នរណាម្នាក់ និង សារលិខិតមួយដែល ទៅក្នុង ដួងចិត្តរបស់នរណាម្នាក់នោះ?
សូមអញ្ជើញសិស្សម្នាក់ឲ្យអាន នីហ្វៃទី 2 33:1 ឮៗ ។ បន្ទាប់មក សូមឲ្យសិស្សសញ្ជឹងគិតពីសំណួរខាងក្រោមដោយស្ងាត់ស្ងៀម ។
-
តើអ្នកគិតថា ហេតុអ្វីបានជាវាសំខាន់ដែលព្រះវិញ្ញាណបរិសុទ្ធនាំសេចក្ដីពិត ទៅដល់ ដួងចិត្តរបស់យើង ប៉ុន្ដែមិនមែន ទៅក្នុង ដួងចិត្តរបស់យើងនោះ ?
នៅពេលសិស្សសញ្ជឹងគិតអំពីសំណួរនេះ សូមអានឮៗនូវសេចក្ដីថ្លែងការណ៍ខាងក្រោមដោយអែលឌើរ ដេវីឌ អេ. បែដណា នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ។ សូមពន្យល់ថា នៅក្នុងសេចក្ដីថ្លែងការណ៍នេះ អែលឌើរបែដណា កំពុងនិយាយអំពី នីហ្វៃទី 2 33:1 ។
« សូមកត់ចំណាំពីរបៀបដែលព្រះចេស្ដានៃព្រះវិញ្ញាណនាំសារលិខិត ទៅដល់ ប៉ុន្ដែមិនមែនចាំបាច់ ទៅក្នុង ដួងចិត្តនោះទេ ។ « គ្រូបង្រៀនម្នាក់អាចពន្យល់ បង្ហាញ លួងលោម ហើយធ្វើទីបន្ទាល់ និងធ្វើយ៉ាងដូច្នោះដោយមានអំណាច និងប្រសិទ្ធភាពខាងវិញ្ញាណ ។ នៅទីបញ្ចប់ ទោះជាយ៉ាងណាក្ដី អត្ថន័យនៃសារលិខិតមួយ និង សាក្សីនៃព្រះវិញ្ញាណបរិសុទ្ធបានទំលុះទៅក្នុងដួងចិត្ត បើសិនជាអ្នកទទួលនោះអនុញ្ញាតឲ្យវាចូលទៅនោះ » ( « Seek Learning by Faith »[ សុន្ទរកថាថ្លែងទៅកាន់អ្នកអប់រំសាសនា CES នៅថ្ងៃទី 6 ខែ កុម្ភៈ ឆ្នាំ 2006 ] ទំព័រ 1 si.lds.org ) ។
សូមអញ្ជើញសិស្សម្នាក់ឲ្យអានឮៗនូវសេចក្ដីថ្លែងការណ៍ខាងក្រោមដោយអែលឌើរ ជើរ៉ល អិន. ឡាន នៃពួកចិតសិបនាក់ ៖
« ហេតុអ្វីបានជាគ្រាន់តែ ទៅដល់ ដួងចិត្ត ? សិទ្ធិជ្រើសរើសរបស់បុគ្គល គឺពិសិដ្ឋខ្លាំងណាស់ដែលព្រះវរបិតាសួគ៌នឹងមិនដែលបង្ខំដល់ដួងចិត្តរបស់មនុស្សនោះទេ ទោះបីជាដោយព្រះចេស្ដាដ៏និរន្ដរ៍របស់ទ្រង់ទាំងអស់ក្ដី ។ … ព្រះអនុញ្ញាតឲ្យយើងក្លាយជាអ្នកយាម ឬ អ្នកចាំទា្វរ នៃដួងចិត្តផ្ទាល់របស់យើង ។ ដោយសារឆន្ទៈសេរីរបស់យើងផ្ទាល់ យើងត្រូវតែបើកដួងចិត្តរបស់យើងចំពោះព្រះវិញ្ញាណ » ( « Opening Our Hearts » Ensignឬលីអាហូណា ខែ ឧសភា ឆ្នាំ 2008 ទំព័រ 33 ) ។
-
តើអ្វីដែលសម្រេចថាតើសារលិខិតមួយចូលក្នុងដួងចិត្តរបស់មនុស្សម្នាក់ដោយរបៀបណា ?
-
តើនៅពេលណាដែលអ្នកបានមានអារម្មណ៍ថា សារលិខិតដំណឹងល្អមួយបានចូលក្នុងដួងចិត្តរបស់អ្នក ? តើការណ៍នេះប្រាប់អ្វីខ្លះ ដល់អ្នកអំពីដួងចិត្តអ្នកនាពេលនោះ ?
សូមឲ្យសិស្សអាន នីហ្វៃទី 2 33:2ដោយស្ងាត់ស្ងៀម ដោយស្វែងរកពីរបៀបដែលមនុស្សជាច្រើនឆ្លើយតបនឹងព្រះវិញ្ញាណបរិសុទ្ធ នៅពេលពួកគេមានចិត្តរឹងរូស ។ អ្នកអាចពន្យល់ថា ពាក្យ « ឥតប្រយោជន៍ » មានន័យថា « គ្មានអ្វីទាំងអស់ » ។ ដើម្បី « រាប់ [ ការសរសេរទាំងឡាយ ] ទុកជារបស់ឥតប្រយោជន៍ទៅវិញ » គឺគិតថាវាឥតមានតម្លៃអ្វីទេ ។
-
តើអ្វីខ្លះជាដំណើរប្រព្រឹត្ត និង ឥរិយាបថរបស់មនុស្សដែលមានចិត្តរឹងរូសនោះ ?
-
សម្រាប់អ្នក តើអ្វីជាសារលិខិតនៃ នីហ្វៃទី 2 33:2 ? ( សិស្សអាចឆ្លើយថា យើងជ្រើសរើសដើម្បីបើកក៏បាន ឬ បិទដួងចិត្តរបស់យើងក៏បានចំពោះការបំផុសគំនិតពីព្រះវិញ្ញាណបរិសុទ្ធ ។ សូមប្រាកដថា ពួកគេយល់ថា នៅពេលយើងបើកដួងចិត្តរបស់យើង នោះសារលិខិតមកពីព្រះវិញ្ញាណបរិសុទ្ធអាចចូលមកក្នុងដួងចិត្តរបស់យើងបាន )
មុនពេលបន្ដមេរៀនទៅមុខទៀត សូមទុកពេលឲ្យសិស្សបន្តិចដើម្បីពិចារណាដោយស្ងប់ស្ងាត់ពីស្ថានភាពនៃដួងចិត្តរបស់ពួកគេ ហើយដើម្បីសម្រេចថាតើពួកគេកំពុងអនុញ្ញាតឲ្យសារលិខិតនៃសេចក្ដីពិតចូលមកក្នុងដួងចិត្តរបស់ពួកគេដែរទេ ។
នីហ្វៃទី 2 33:3–15
នីហ្វៃពន្យល់ពីគោលបំណងនៃកំណត់ត្រារបស់គាត់ និង សេចក្ដីសង្ឃឹមរបស់គាត់ថា អ្នកអានរបស់គាត់នឹងជឿលើព្រះគ្រីស្ទ
សូមសរសេរសំណួរខាងក្រោមនៅលើក្តារខៀន ៖
សូមអញ្ជើញសិស្សឲ្យអាន នីហ្វៃទី 2 33:3–7 ដោយស្ងាត់ស្ងៀម ដោយស្វែងរកសេចក្ដីសង្ឃឹមទាំងឡាយរបស់នីហ្វៃសម្រាប់អ្នកទាំងឡាយណាដែលនឹងអានពាក្យរបស់គាត់ ។ សូមអញ្ជើញសិស្សពីរបីនាក់ឲ្យឡើងមកក្ដារខៀន ហើយបំពេញប្រយោគទាំងឡាយ ដោយប្រើពាក្យខ្លួនគេផ្ទាល់ ឬ ពាក្យរបស់នីហ្វៃ ។ ( ឃ្លាពីរបីនៅលើក្ដារខៀន នាំទៅរកចម្លើយច្រើនជាងមួយ ) ។
-
តើយើងអាចពង្រឹងទីបន្ទាល់ផ្ទាល់ខ្លួនរបស់យើងអំពីព្រះយេស៊ូវគ្រីស្ទ និង ដង្វាយធួនរបស់ទ្រង់ដោយរបៀបណា ?
សូមឲ្យសិស្សប្រាំនាក់ប្ដូរវេនគ្នាអានឮៗនៅក្នុង នីហ្វៃទី 2 33:10–14 ។ សូមឲ្យសិស្សក្នុងថ្នាក់អានតាម ដោយស្វែងរកឃ្លានៅក្នុងការលារបស់នីហ្វៃដែលមានអត្ថន័យខ្លាំងដល់ពួកគេ ។ អ្នកអាចស្នើថា សិស្សគួរតែគូសចំណាំឃ្លាទាំងនេះទុក ។
-
តើឃ្លាមួយណាដែលមានអត្ថន័យខ្លាំងចំពោះអ្នក ? ហេតុអ្វី ?
-
ប្រសិនបើមនុស្សជឿលើព្រះគ្រីស្ទ តើពួកគេនឹងមានអារម្មណ៍យ៉ាងណាអំពីព្រះគម្ពីរមរមន ? ( សូមមើល នីហ្វៃទី 2 33:10 ) ។
-
តើនីហ្វៃបានព្រមានថានឹងមានអ្វីខ្លះកើតឡើង ចំពោះអស់អ្នកណាដែលបដិសេធពាក្យទាំងឡាយរបស់គាត់ ? ( នៅពេលសិស្សឆ្លើយនឹងសំណួរនេះហើយ អ្នកអាចស្នើថា ពួកគេក៏គួរតែគិតអំពីរបៀបដែលពួកគេនឹងមានអារម្មណ៍នៅក្នុងវត្តមាននៃព្រះអម្ចាស់ ប្រសិនបើពួកគេជឿ និង បានធ្វើតាមពាក្យទាំងឡាយរបស់នីហ្វៃ និង ព្យាការីផ្សេងទៀត ) ។
សូមឲ្យសិស្សអាន នីហ្វៃទី 2 33:15 ដោយស្ងាត់ស្ងៀម ហើយសញ្ជឹងគិតពីពាក្យចុងក្រោយរបស់នីហ្វៃថា ៖ « ខ្ញុំត្រូវតែគោរពធ្វើតាម » ។ បន្ទាប់មក សូមផ្ដល់ពេលពីរបីនាទី ដល់ពួកគេឲ្យមើលត្រឡប់ទៅក្រោយវិញ តាមរយៈនីហ្វៃទី 1 និង 2 ដោយស្វែងរកគំរូទាំងឡាយនៃការគោរពប្រតិបត្តិរបស់នីហ្វៃ ។ ក្រោយពេលពីរបីនាទី សូមឲ្យសិស្សចែកចាយពីអ្វីដែលពួកគេបានរកឃើញ ។ ចម្លើយអាចរួមមាន ៖ ការចាកចេញពីទីក្រុងយេរូសាឡិម ការត្រឡប់ទៅទីក្រុងយេរូសាឡិមវិញដើម្បីទៅយកផ្ទាំងលង្ហិន ការត្រឡប់ទៅទីក្រុងយេរូសាឡិមវិញម្ដងទៀតដើម្បីសុំឲ្យគ្រួសាររបស់អ៊ីសម៉ាអែលចូលរួមជាមួយនឹងពួកគេ ការរក្សាផ្ទាំងទាំងពីរនោះ ការធ្វើតាមការដឹកនាំនៅលើលីអាហូណា ការកសាងសំពៅមួយ ការធ្វើដំណើរទៅដែនដីសន្យា ការបែកចេញពីលេមិន និង លេមយួល និង ការដឹកនាំប្រជាជនរបស់គាត់នៅក្នុងសេចក្ដីសុចរិត ។ នៅពេលសិស្សផ្ដល់ឧទាហរណ៍ខ្លះ អ្នកអាចសរសេរវានៅលើក្ដារខៀន ។
សូមសរសេរដូចខាងក្រោមដាក់លើក្ដារខៀន ៖ ខ្ញុំត្រូវតែ …
សូមអញ្ជើញសិស្សឲ្យបំពេញប្រយោគនេះនៅក្នុងកំណត់ហេតុសិក្សាព្រះគម្ពីរ ឬ សៀវភៅសរសេររបស់ពួកគេ ។ សូមបង្ហាញទំនុកចិត្តរបស់អ្នកថា ពួកគេអាចជ្រើសរើសដើម្បីគោរពតាមបាន ។ សូមចែកចាយគំនិតរបស់អ្នក អំពីរបៀបដែលពាក្យរបស់នីហ្វៃអាចជួយពួកគេឲ្យពង្រឹងនូវសេចក្ដីជំនឿរបស់ពួកគេទៅលើព្រះយេស៊ូវគ្រីស្ទ និង បង្កើនសមត្ថភាពរបស់ពួកគេដើម្បីធ្វើល្អ ។
ការរំឭកនីហ្វៃទី 2 ឡើងវិញ
សូមចំណាយពេលខ្លះដើម្បីជួយសិស្សឲ្យរំឭកនីហ្វៃទី 2 ឡើងវិញ ។ សូមឲ្យពួកគេគិតអំពីអ្វីដែលពួកគេបានរៀនពីគម្ពីរនេះ ទាំងនៅក្នុងថ្នាក់សិក្ខាសាលា និង នៅក្នុងការសិក្សាព្រះគម្ពីរផ្ទាល់របស់ពួកគេ ។ ប្រសិនបើចាំបាច់ សូមលើកទឹកចិត្តពួកគេឲ្យមើលត្រួសៗក្នុងនីហ្វៃទី 2 ដើម្បីជួយពួកគេឲ្យចងចាំវិញ ។ សូមឲ្យពួកគេរៀបចំចែកចាយអ្វីមួយពីនីហ្វៃទី 2 ដែលបានបំផុសគំនិតពួកគេឲ្យធ្វើល្អ និង មានសេចក្ដីជំនឿទៅលើព្រះយេស៊ូវគ្រីស្ទ ដូចដែលនីហ្វៃបាននិយាយ ( សូមមើល នីហ្វៃទី ទី 2 33:4 ) ។ ក្រោយពីមានពេលគ្រប់គ្រាន់ហើយ សូមឲ្យសិស្សបីបួននាក់ចែកចាយនូវគំនិត និង អារម្មណ៍របស់ពួកគេ ។
សូមចែកចាយសេចក្ដីថ្លែងការណ៍ខាងក្រោមអំពីទំនួលខុសត្រូវដែលយើងមានដើម្បីអានព្រះគម្ពីរមរមន និង អំពីពរជ័យទាំងឡាយដែលមកក្នុងជីវិតរបស់យើង នៅពេលយើងបំពេញការទទួលខុសត្រូវនេះ ៖
ប្រធាន យ៉ូសែប ហ៉្វីលឌីង ស៊្មីធ បានមានប្រសាសន៍ថា ៖ « ចំពោះខ្ញុំ វាហាក់ដូចជាសមាជិកសាសនាចក្រគ្រប់រូបនឹងមិនដែលទទួលបានការពេញចិត្តឡើយ រហូតដល់គាត់បានអានព្រះគម្ពីរមរមនម្ដងហើយម្ដងទៀត ហើយពិចារណាពីវាយ៉ាងពេញលេញ ដើម្បីឲ្យគាត់អាចថ្លែងជាសាក្សីថា វាគឺពិតជាកំណត់ត្រាមួយដែលមានការបំផុសគំនិតពីព្រះដ៏មានមហិទ្ធិឫទ្ធិ ហើយថាប្រវត្តិសាស្ដ្ររបស់វាគឺជារឿងពិត » ( នៅក្នុងរបាយការណ៍សន្និសីទ ខែ តុលា ឆ្នាំ 1961 ទំព័រ 18 ) ។
ប្រធាន ហ្គរដុន ប៊ី. ហ៊ិងគ្លី បានបង្រៀនថា ប្រសិនបើសមាជិកទាំងឡាយនៃសាសនាចក្រអានព្រះគម្ពីរមរមន « នឹងមានរង្វាស់បន្ថែមមួយនៃព្រះវិញ្ញាណនៃព្រះអម្ចាស់មកក្នុងជីវិត [ របស់ពួកគេ ] និង នៅក្នុងផ្ទះ [ របស់ពួកគេ ] នោះការតាំងចិត្តដ៏រឹងមាំមួយដើម្បីដើរដោយការគោរពប្រតិបត្តិតាមព្រះបញ្ញត្តិទាំងឡាយរបស់ទ្រង់ និង ទីបន្ទាល់កាន់តែរឹងមាំអំពីភាពពិតដែលនៅរស់របស់ព្រះរាជបុត្រានៃព្រះ » ( « A Testimony Vibrant and True »Ensignខែ សីហា ឆ្នាំ 2005 ទំព័រ 6 ) ។
ដើម្បីបញ្ចប់មេរៀននេះ អ្នកអាចគិតពីការចែកចាយបទពិសោធន៍ផ្ទាល់ខ្លួនមួយជាទីបន្ទាល់ថា ពាក្យទាំងឡាយរបស់នីហ្វៃនៅក្នុងជំពូកនេះត្រូវបានបំពេញនៅក្នុងជីវិតរបស់អ្នក ។