មេរៀនទី 92
អាលម៉ា 34–35
សេចក្តីផ្ដើម
ក្រោយពីអាលម៉ាបានបង្រៀនដល់ពួកសាសន៍សូរាំឲ្យជឿលើព្រះរាជបុត្រានៃព្រះ អាមូលេកបានប្រកាសពីទីបន្ទាល់ផ្ទាល់របស់គាត់លើព្រះយេស៊ូវគ្រីស្ទ ដោយផ្ដល់ជាសាក្សីទីពីរ ។ អាមូលេក ជាដៃគូរបស់អាលម៉ា បានបញ្ជា់ថា ដង្វាយធួននៃព្រះយេស៊ូវគ្រីស្ទគឺចាំបាច់សម្រាប់សេចក្ដីសង្គ្រោះដល់មនុស្សទាំងអស់ ហើយថាបុគ្គលទាំងឡាយអាចទទួលបានពរជ័យទាំងឡាយនៃដង្វាយធួន នៅពេលពួកគេអនុវត្តសេចក្ដីជំនឿរហូតដល់មានការប្រែចិត្ត ។ ពួកសាសន៍សូរាំជាច្រើនបានគោរពតាមការអញ្ជើញរបស់អាលម៉ាដើម្បីប្រែចិត្ត ។ នៅពេលពួកសាសន៍សូរាំដែលបានប្រែចិត្តត្រូវបានបណ្ដេញចេញពីដែនដីដោយសារពួកអ្នកដឹកនាំ និងពួកសង្ឃដ៏ទុច្ចរិតរបស់ពួកគេ ពួកសាសន៍នីហ្វៃ និងប្រជាជនអាំម៉ូនបានផ្ដល់អាហារ សំលៀកបពាក់ និងដែនដីសម្រាប់មរតកដល់ពួកគេ ។ ជាលទ្ធផល ពួកសាសន៍លេមិន និងពួកសាសន៍សូរាំដែលមិនបានប្រែចិត្តបានចាប់ផ្ដើមរៀបចំធ្វើចម្បាំងនឹងពួកសាសន៍នីហ្វៃ និងប្រជាជនអាំម៉ូន ។
យោបល់សម្រាប់ការបង្រៀន
អាលម៉ា 34:1–14
អាមូលេកបង្រៀនដល់ពួកសាសន៍សូរាំអំពីដង្វាយធួននៃព្រះយេស៊ូវគ្រីស្ទ
សូមសរសេរប្រយោគខាងក្រោមនៅលើក្ដារខៀន មុនចាប់ផ្ដើមបង្រៀន ។ សូមឲ្យសិស្សសរសេរនៅក្នុងសៀវភៅ ឬ ក្រដាសមួយថាតើពួកគេគិតថាប្រយោគនីមួយៗត្រូវ ឬក៏ខុស ។
ក្រោយពីសិស្សបានមានពេលកត់ត្រាចម្លើយរបស់ពួកគេហើយ សូមរំឭកពួកគេថា អាលម៉ាបានបង្រៀនដល់ក្រុមសាសន៍សូរាំមួយក្រុមពីរបៀបដើម្បីទទួលបានព្រះបន្ទូលនៃព្រះ ហើយអនុវត្តសេចក្ដីជំនឿទៅលើព្រះយេស៊ូវគ្រីស្ទ ( សូមមើល អាលម៉ា 32–33) ។ សូមសង្ខេប អាលម៉ា 34:1–7 ដោយការពន្យល់ថា អាមូលេកបានធ្វើតាមអាលម៉ាដោយការចែកចាយទីបន្ទាល់ផ្ទាល់ខ្លួនរបស់គាត់អំពីព្រះអង្គសង្គ្រោះ ។ សូមឲ្យសិស្សសិក្សាពីការបង្រៀនរបស់អាមូលេកនៅក្នុង អាលម៉ា 34:8–9, 11 ដោយស្ងាត់ៗ ដោយរកមើលឃ្លាដែលបង្ហាញថាតើប្រយោគនីមួយៗនៅលើក្ដារខៀនត្រូវ ឬក៏ខុស ។ បន្ទាប់មក សូមរំឭកប្រយោគទាំងឡាយទាំងអស់គ្នា ។ ចម្លើយត្រឹមត្រូវគឺ ៖
-
ខុស —« ទ្រង់នឹងធ្វើឲ្យធួននឹងអំពើបាបទាំងឡាយនៃមនុស្សលោក » ( អាលម៉ា 34:8 ) ។
-
ត្រូវ— « នោះត្រូវតែមានដង្វាយធួនមួយកើតឡើង បើពុំនោះសោតទេមនុស្សលោកទាំងអស់នឹងពុំអាចចៀសផុតពីសេចក្ដីវិនាសបានឡើយ » ( អាលម៉ា 34:9 ) ។
-
ខុស— « គ្មានមនុស្សណាម្នាកអាចបូជាលោហិតរបស់ខ្លួនផ្ទាល់ ដែលនឹងធ្វើឲ្យធួននឹងអំពើបាបទាំងឡាយនៃជនដទៃបានឡើយ » ( អាលម៉ា 34:11 ) ។
ក្រោយពីសិស្សបានពិភាក្សាចម្លើយនឹងប្រយោគទី 3ហើយ សូមសួរ ៖
-
តើអ្នកគិតថា ហេតុអ្វីបានជាព្រះយេស៊ូវគ្រីស្ទគឺជាអង្គតែម្នាក់គត់ដែលអាចធ្វើឲ្យធួនសម្រាប់អំពើបាបនៃពិភពលោក ?
ដើម្បីជួយសិស្សឲ្យឆ្លើយនឹងសំណួរនេះ សូមឲ្យពួកគេអាន អាលម៉ា 34:10, 14 ដោយស្ងាត់ៗ ។ បន្ទាប់មក សូមអានសេចក្ដីថ្លែងការណ៍ខាងក្រោមដោយអែលឌើរ រ័សុល អិម ណិលសុន នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ៖
« ដង្វាយធួនរបស់ទ្រង់គឺនិរន្ដរ៍ —គ្មានទីបញ្ចប់ឡើយ ។ វាក៏ជានិរន្ដរ៍ដែលមនុស្សជាតិទាំងអស់នឹងត្រូវបានសង្គ្រោះពីសេចក្ដីស្លាប់ដែលមិនចេះចប់ ។ វាជានិរន្ដរ៍ក្នុងន័យការរងទុក្ខដ៏ខ្លាំងមហិមារបស់ទ្រង់ ។ … វាជានិរន្ដរ៍ក្នុងបរិបទ —វាត្រូវធ្វើតែម្ដងសម្រាប់មនុស្សទាំងអស់ ។ ហើយសេចក្ដីមេត្តាករុណានៃដង្វាយធួនពង្រីកមិនត្រឹមតែដល់ចំនួនមនុស្សដ៏និរន្ដរ៍ប៉ុណ្ណោះទេ ប៉ុន្ដែវាថែមទាំងដល់ចំនួនដ៏និរន្ដរ៍នៃពិភពលោកទាំងឡាយដែលត្រូវបានបង្កើតដោយទ្រង់ ។ វាជានិរន្ដរ៍លើសពីការស្មាននៃរង្វាស់របស់មនុស្ស ឬ លើសពីការយល់ដឹងខាងសាច់ឈាម ។
« ព្រះយេស៊ូវគឺជាអង្គតែមួយគត់ ដែលអាចផ្ដល់នូវដង្វាយធួនជានិរន្ដរ៍មួយបែបនោះបាន ដោយសារទ្រង់បានប្រប្រសូតម្ដាយជាសាច់ឈាមម្នាក់ និង ពីព្រះវរបិតាខាងវិញ្ញាណ ។ ដោយសារតែការប្រសូត្រដែលមានតែមួយគត់នោះ ព្រះយេស៊ូវគឺជាអង្គដ៏និរន្ដរ៍មួយ » ( « The Atonement »Ensign,ខែ វិច្ឆិកា ឆ្នាំ 1996, ទំព័រ 35 ) ។
« យោងតាមច្បាប់ដ៏អស់កល្បជានិច្ច ដង្វាយធួននោះត្រូវការការលះបង់ផ្ទាល់ខ្លួនដោយការធ្វើជាមនុស្សខាងវិញ្ញាណអមតដែលអាចស្លាប់បាន ។ ហើយទ្រង់ត្រូវតែសុគត ហើយទទួលយកនូវរាងកាយរបស់ទ្រង់ផ្ទាល់ម្ដងទៀត ។ ព្រះអង្គសង្គ្រោះគឺជាអង្គតែមួយគត់ដែលអាចសម្រេចការណ៍នេះបាន ។ ដោយសារម្ដាយរបស់ទ្រង់ ទ្រង់ទទួលបានអំណាចចេះស្លាប់ ។ ដោយសារពីព្រះវរបិតារបស់ទ្រង់ ទ្រង់បានទទួលអំណាចដើម្បីឈ្នះលើសេចក្ដីស្លាប់ » ( « Constancy amid Change »Ensign,ខែ វិច្ឆិកា ឆ្នាំ 1993, ទំព័រ 34 ) ។
-
តើការបង្រៀនរបស់អាមូលេក និងសេចក្ដីថ្លែងការណ៍របស់អែលឌើរ ណែលសុន បានជួយយើងឲ្យយល់ពីមូលហេតុដែលព្រះយេស៊ូវគ្រីស្ទគឺជាអង្គតែមួយគត់ដែលអាចធ្វើឲ្យធួនសម្រាប់អំពើបាបនៃពិភពលោកដោយរបៀបណា ?
-
តើអ្នកសង្ខេបអ្វីដែលអ្នកបានរៀនកន្លងមកពី អាលម៉ា 34 អំពីដង្វាយធួននៃព្រះយេស៊ូវគ្រីស្ទដោយរបៀបណា ? ( សិស្សអាចឆ្លើយនូវសេចក្ដីពិតផ្សេងទៀត ប៉ុន្ដែសូមប្រាកដថា ពួកគេយល់ថា ដង្វាយធួននៃព្រះយេស៊ូវគ្រីស្ទដ៏និរន្ដរ៍ និងអស់កល្បជានិច្ចធ្វើឲ្យសេចក្ដីសង្គ្រោះកើតមានសម្រាប់មនុស្សជាតិទាំងអស់ ។
ដើម្បីជួយសិស្សឲ្យកោតសរសើរពីភាពចាំបាច់នៃដង្វាយធួននៅក្នុងផែនការនៃសេចក្ដីសង្គ្រោះរបស់ព្រះវរបិតាសួគ៌កាន់តែខ្លាំង សូមគិតពីការប្រើសកម្មភាពខាងក្រោម ។ អ្នកអាចសម្របសកម្មភាពនេះឲ្យស្របនឹងតម្រូវការ និងចំណាប់អារម្មណ៍របស់សិស្សដែលអ្នកបង្រៀន ។
សូមសរសេរឃ្លាខាងក្រោមនៅលើក្ដារខៀន ៖ សូមស្រមៃថាជីវិតគ្មាន …
សូមកាន់វត្ថុមួយ ដែលយុវវ័យជាច្រើនផ្ដល់តម្លៃ ( ដូចជាទូរស័ព្ទដៃមួយ ) ហើយសូមសួរ ៖
-
តើអ្នកស្រមៃថា ជីវិតនឹងទៅជាយ៉ាងណាបើគ្មានវត្ថុនេះ ?
បន្ទាប់មក សូមលើកដប ឬ កែវទឹកមួយ ( ឬអ្វីមួយដែលចាំបាច់ដើម្បីចិញ្ចឹមជីវិត ។
-
តើជីវិតនឹងទៅជាយ៉ាងណាបើគ្មានទឹកទេនោះ ?
ក្រោយពីសិស្សបានពិភាក្សាពីភាពចាំបាច់នៃទឹកហើយ សូមបំពេញប្រយោគនៅលើក្ដារខៀន ដើម្បីឲ្យវាអាចទៅលើដូចខាងក្រោម ៖ សូមស្រមៃថាជីវិតគ្មានដង្វាយធួននៃព្រះយស៊ូវគ្រីស្ទ ។
-
តើជីវិតនឹងខុសគ្នាយ៉ាងណា បើសិនដង្វាយធួននៃព្រះយស៊ូវគ្រីស្ទ ? ( សូមផ្ដល់ពេលឲ្យសិស្សសញ្ជឹងគិតពីសំណួរនេះ មុនពេលឲ្យសិស្សឆ្លើយ ។ ប្រសិនបើមានពេល អ្នកអាចឲ្យពួកគេសរសេរចម្លើយទៅនឹងសំណួរនេះ ។
អាលម៉ា 34:15–41
អាលម៉ាបង្រៀនដល់ពួកសាសន៍សូរាំពីរបៀបដើម្បីអនុវត្តសេចក្ដីជំនឿចំពោះការប្រែចិត្ត
សូមបង្ហាញថា ទោះបីជាព្រះយេស៊ូវគ្រីស្ទបានធ្វើដង្វាយធួនសម្រាប់មនុស្សទាំងអស់ក្ដី យើងមិនមែនទទួលបានពរជ័យរបស់វាទាំងអស់ដោយស្វ័យប្រវត្តិនោះទេ ។ អាមូលេកបានបង្រៀនអ្វីដែលយើងត្រូវធ្វើដើម្បីទទួលបានពរជ័យទាំងអស់ដែលមានតាមរយៈដង្វាយធួន ។ សូមឲ្យសិស្សអាន អាលម៉ា 34:15–17 ដោយស្ងាត់ៗ ហើយរកមើលឃ្លាមួយដែលអាមូលេកបាននិយាយបួនដង ។ ( « សេចក្ដីជំនឿចំពោះការប្រែចិត្ត ។ » )
-
តើយើងអាចរៀនអ្វីខ្លះពី អាលម៉ា 34:15–17 អំពីអ្វីដែលយើងត្រូវធ្វើដើម្បីទទួលបានពរជ័យពេញលេញនៃដង្វាយធួន ? ( សូមប្រាកដថា សិស្សយល់ថា ដើម្បីទទួលបានពរជ័យពេញលេញនៃដង្វាយធួន យើងត្រូវអនុវត្តសេចក្ដីជំនឿចំពោះការប្រែចិត្ត ។
-
តើអ្នកគិតថា សេចក្ដីជំនឿចំពោះការប្រែចិត្តមានន័យយ៉ាងណា ?
ដើម្បីជួយសិស្សឲ្យយល់ពីអត្ថន័យនៃសេចក្ដីជំនឿចំពោះការប្រែចិត្ត សូមអានសេចក្ដីថ្លែងការណ៍ខាងក្រោមដោយប្រធាន ឌៀថើរ អេស្វ អុជដូហ្វ នៃគណៈប្រធានទីមួយ ៖
« យើងត្រូវការសេចក្ដីជំនឿដ៏រឹងមាំមួយទៅលើព្រះគ្រីស្ទដើម្បីអាចប្រែចិត្ត ។ … សេចក្ដីជំនឿលើព្រះគ្រីស្ទនឹងផ្លាស់ប្ដូរគំនិត ជំនឿ និងអាកប្បកិរិយារបស់យើងដែលមិនស្របនឹងឆន្ទៈរបស់ព្រះ ។ … ការប្រែចិត្តមានន័យថា ការផ្លាស់ប្ដូរនៃគំនិត និងដួងចិត្ត —យើងឈប់ធ្វើអ្វីដែលខុស ហើយយើងចាប់ផ្ដើមធ្វើអ្វីដែលត្រូវ » ( « Point of Safe Return » Ensignឬលេអាហូណា,ខែ ឧសភា ឆ្នាំ 2007, ទំព័រ 100 ) ។
-
តើហេតុអ្វីបានជាវាសំខាន់ដើម្បីយល់ថា ការប្រែចិត្តតម្រូវឲ្យយើងមិនត្រឹមតែឈប់ធ្វើនូវអ្វីដែលខុសប៉ុណ្ណោះទេ ប៉ុន្ដែយើងត្រូវចាប់ផ្ដើមធ្វើអ្វីដែលត្រូវ ?
-
យោងតាម អាលម៉ា 34:16 តើលទ្ធផលអ្វីនឹងមក នៅពេលយើងអនុវត្តសេចក្ដីជំនឿចំពោះការប្រែចិត្ត ?
-
តើនឹងមានអ្វីកើតឡើង ប្រសិនបើយើងមិនអនុវត្តសេចក្ដីជំនឿចំពោះការប្រែចិត្តទេនោះ ? ( អ្នកអាចពន្យល់ថា « ការស្របនឹងច្បាប់ដ៏ពេញលេញនៃតម្រូវការនៃយុត្តិធម៌ » មានន័យថាត្រូវរងទុក្ខនូវលទ្ធផលពេញលេញចំពោះអំពើបាបរបស់យើង និងបាត់បង់ពរជ័យនៃជីវិតដ៏អស់កល្បជានិច្ច ។
-
យោងតាម អាលម៉ា 34:17 តើអ្វីមួយដែលយើងអាចធ្វើដើម្បីសេចក្ដីជំនឿចំពោះការប្រែចិត្ត ?
សូមឲ្យសិស្សអាន អាលម៉ា 34:17–28 ដោយស្ងាត់ៗ ។ សូមឲ្យពួកគេរកមើលអ្វីដែលអាមូលេកបានបង្រៀនដល់ពួកសាសន៍សូរាំអំពីការអធិស្ឋាន ដោយរួមមាននៅពេលណាអធិស្ឋាន និងតើត្រូវអធិស្ឋានសុំអ្វី ។
-
តើអាមូលេកបានបង្រៀនអំពីការអធិស្ឋានដែលទាក់ទងនឹងជីវិតរបស់អ្នកអ្វីខ្លះ ? តើអ្នកគិតថា ហេតុអ្វីបានជាការអធិស្ឋានជាផ្នែកមួយដ៏សំខាន់នៃការអនុវត្តសេចក្ដីជំនឿចំពោះការប្រែចិត្ត ?
-
អាមូលេកបាននិយាយថា ការអធិស្ឋានរបស់យើងនឹងមិនបានផ្ដល់ប្រយោជន៍អ្វីដល់យើង ឬ គ្មានន័យអ្វីសម្រាប់យើងទេ ប្រសិនបើយើងមិនជួយអ្នកដទៃជុំវិញយើង ( សូមើល អាលម៉ា 34:28) ។ តើអ្នកគិតថា ហេតុអ្វីបានជាវាពិត ?
ដើម្បីជួយសិស្សឲ្យគិតពីរបៀបបន្ថែមដែលយើងអាចអនុវត្តសេចក្ដីជំនឿចំពោះការប្រែចិត្ត សូមឲ្យពួកគេឆ្លើយនឹងឧទាហរណ៍ខាងក្រោម ៖
-
យុវជនម្នាក់បានបង្កើនទម្លាប់នៃការប្រើភាសាមិនសមរម្យ ។ តើរបៀបណាខ្លះ ដែលគាត់ងាចបង្ហាញសេចក្ដីជំនឿចំពោះការប្រែចិត្តដើម្បីមានសេរីភាពពីទម្លាប់នេះ ? ( ចម្លើយអាចរួមមានការអធិស្ឋានសុំជំនួយ ការសុំឲ្យសមាជិកគ្រួសារ និងមិត្តភក្ដិជួយ និងការចូលរួមក្នុងសកម្មភាពដែលអញ្ជើញឲ្យមានព្រះវិញ្ញាណ ។
-
យុវនារីម្នាក់ និងយុវជនម្នាក់បានពាក់ព័ន្ធនឹងទំនាក់ទំនងដែលមិនសមរម្យមួយ ។ ពួកគេបានមានអារម្មណ៍ពីព្រះវិញ្ញាណបរិសុទ្ធបំផុសគំនិតដល់ពួកគេថា ត្រូវបញ្ចប់ទំនាក់ទំនងនេះភ្លាម ។ តើការធ្វើតាមការបំផុសនេះអាចតំណាងឲ្យសេចក្ដីជំនឿចំពោះការប្រែចិត្តដោយរបៀបណា ? តើជំហានផ្សេងទៀតអ្វីខ្លះ ដែលពួកគេត្រូវធ្វើដើម្បីប្រាកដថា ពួកគេស្ថិតនៅលើលផ្លូវដើម្បីបំពេញតាមការប្រែចិត្ត ? ( ចម្លើយអាចរួមមានការស្វែងរកការដឹកនាំពីប៊ីស្សព ឬប្រធានសាខា និងការអធិស្ឋានសុំកម្លាំង និងការអភ័យទោស ។
-
តើការពន្យារពេលមានន័យយ៉ាងណា ? តើមូលហេតុអ្វីខ្លះ ដែលធ្វើឲ្យមនុស្សពន្យារពេល ?
សូមឲ្យសិស្សអាន អាលម៉ា 34:33 ដោយស្ងាត់ៗ ដោយរកមើលអ្វីដែលអាមូលេកបានព្រមានដល់ពួកសាសន៍សូរាំកុំឲ្យពន្យារពេលធ្វើ ។ សូមឲ្យសិស្សពីរបីនាក់ប្ដូរវេនគ្នាអានឮពី អាលម៉ា 34:32–35 ។ នៅពេលពួកគេអាន សូមឲ្យសិស្សក្នុងថ្នាក់រកកមើលលទ្ធផលនៃការពន្យារពេលការប្រែចិត្តរបស់យើង ។ នៅពេលសិស្សរៀបរាប់ពីអ្វីដែលពួកគេបានរៀន សូមសរសេរសេចក្ដីពិតខាងក្រោមនៅលើក្ដារខៀន ៖ ជីវិតនេះគឺជាពេលវេលាសម្រាប់យើងដើម្បីរៀបចំទៅជួបនឹងព្រះ ។
-
តើអ្នកនឹងពន្យល់ពីសេចក្ដីពិតនេះដល់នរណាម្នាក់ដោយរបៀបណា ?
-
សូមស្រមៃថា អ្នកមានមិត្តម្នាក់ដែលមិនគោរពតាមព្រះបញ្ញត្តិខ្លះដោយមានចេតនា ប៉ុន្ដែគ្រោងដើម្បីប្រែចិត្តក្រោយមក ។ តើអ្នកនឹងបង្រៀនមិត្តភក្ដិនេះអ្វីខ្លះ ដោយផ្អែកលើអ្វីដែលអ្នកបានរៀនពីអាលម៉ា 34:32–35 ?
សូមពន្យល់ថា អាមូលេកមិនត្រឹមតែបានព្រមានពីលទ្ធផលនៃការពន្យារពេលនៃការប្រែចិត្តប៉ុណ្ណោះទេ គាត់ក៏បានបង្រៀនអំពីពរជ័យនៃការជ្រើសរើសដើម្បីប្រែចិត្តនាពេលឥឡូវ ។ សូមឲ្យសិស្សអាន អាលម៉ា 34:30–31 ដោយស្ងាត់ៗ ហើយរកមើលពរជ័យនេះ ។
-
នៅក្នុង អាលម៉ា 34:31 តើការធានាអ្វីដែលត្រូវបានផ្ដល់ទៅដល់អ្នកដែលប្រែចិត្តនាពេលឥឡូវ ? ( « រំពេចនោះ ផែនការនៃសេចក្ដីប្រោសលោះដ៏មហិមានឹងបានមកដល់អ្នក » ។
សូមអានសេចក្ដីថ្លែងការណ៍ខាងក្រោមដោយប្រធាន ប៊យដ៍ ឃេ ផាកកឺនៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ៖
« អ្នកមិនចាំបាច់ដឹងអ្វីៗមុនពេលព្រះចេស្ដានៃដង្វាយធួននឹងធ្វើសម្រាប់អ្នកនោះទេ ។ សូមមានសេចក្ដីជំនឿលើព្រះគ្រីស្ទ ; វាចាប់ផ្ដើមធ្វើកិច្ចការនោះនៅថ្ងៃដែលអ្នកសុំ ! » ( « Washed Clean »Ensign,ខែ ឧសភា ឆ្នាំ 1997, ទំព័រ 10 ) ។
-
តើការយល់ពីការធានានេះនឹងជួយដល់យើងដោយរបៀបណា ? តើអ្នកមានអារម្មណ៍ថាដង្វាយធួនចាប់ផ្ដើមធ្វើការសម្រាប់អ្នក នៅពេលអ្នកបានចាប់ផ្ដើមទុកចិត្តលើវាតាមរបៀបណា ?
សូមអានសេចក្ដីថ្លែងការណ៍ខាងក្រោមដោយប្រធាន ហារ៉ូល ប៊ី លី ។ សូមឲ្យសិស្សស្ដាប់រកនូវអ្វីដែលប្រធាន លី បានហៅថាជា « ព្រះបញ្ញត្តិដ៏សំខាន់បំផុត » ។
« ឥឡូវនេះ ប្រសិនបើអ្នកបានប្រព្រឹត្តខុស សូមចាប់ផ្ដើមថ្ងៃនេះជាថ្ងៃនៃការផ្លាស់ប្ដូរជីវិតរបស់អ្នក ។ សូមផ្លាស់ប្ដូរអ្វីដែលអ្នកកំពុងធ្វើខុសនោះ ។ ព្រះបញ្ញត្តិដ៏សំខាន់បំផុតក្នុងចំណោមព្រះបញ្ញត្តិទាំងឡាយនៃព្រះគឺ ការណ៍នោះ ដែលអ្នកកំពុងមានការលំបាកបំផុតក្នុងការរក្សានៅថ្ងៃនេះ ។ ប្រសិនបើវាជាការណ៍មួយអំពីភាពមិនស្មោះត្រង់ ប្រសិនបើវាជាការណ៍មួយអំពីភាពមិនបរិសុទ្ធ ការមិនប្រាប់សេចក្ដីពិត ថ្ងៃនេះគឺជាថ្ងៃសម្រាប់អ្នកដើម្បីធ្វើការនោះ រហូតដល់អ្នកអាចបានយកឈ្នះលើភាពទន់ខ្សោយនោះ ។ … សូមធ្វើវាឲ្យត្រឹមត្រូវ ហើយបន្ទាប់មកអ្នកចាប់ផ្ដើមការណ៍មួយទៀតដែលពិបាកបំផុតសម្រាប់អ្នកដើម្បីធ្វើតាម » ( Teachings of Presidents of the Church: Harold B. Lee [ ឆ្នាំ 2000 ], ទំព័រ 30 ) ។
-
យោងតាម ប្រធាន លី តើអ្វីគឺជាព្រះបញ្ញត្តិដ៏សំខាន់បំផុត ? ហេតុអ្វី ?
សូមសរសេរប្រយោគមិនពេញលេញខាងក្រោមនៅលើក្ដារខៀន ។ សូមឲ្យសិស្សបំពេញវានៅក្នុងសៀវភៅកំណត់ហេតុសិក្សាព្រះគម្ពីរ ឬ សៀវភៅសរសេរក្នុងថ្នាក់របស់ពួកគេ ។
អាលម៉ា 35
ពួកសាសន៍សូរាំដែលប្រែចិត្តទៅរស់នៅក្នុងចំណោមពួកសុចរិត
សូមសង្ខេប អាលម៉ា 35 ដោយការពន្យល់ថា ពួកសាសន៍សូរាំជាច្រើនបានប្រែចិត្តពីអំពើបាបរបស់ពួកគេ ។ ពួកគេត្រូវបានបណ្ដេញចេញពីដែនដីដោយពួកអ្នកគ្រប់គ្រង និងពួកសង្ឃដ៏ទុច្ចរិតរបស់ពួកគេ ហើយពួកគេបានទៅរស់នៅក្នុងដែនដីយើសុនជាមួយនឹងប្រជាជនអាំម៉ូន ។ ប្រជាជនអាម៉ូនបានផ្ដល់ដែនដីឲ្យពួកគេ ហើយពួកសាសន៍នីហ្វៃបានបញ្ជូនកងទ័ពទៅការពារពួកគេ ។
សូមថ្លែងទីបន្ទាល់ថា យើងអាចទទួលបានពរជ័យនៃដង្វាយធួនរបស់ព្រះអង្គសង្គ្រោះ នៅពេលដែលយើងអនុវត្តសេចក្ដីជំនឿចំពោះការប្រែចិត្ត ។ សូមលើកទឹកចិត្តសិស្សឲ្យធ្វើតាមគំរូនៃប្រជាជនអាំម៉ូន និងសាសន៍នីហ្វៃ ដោយការបង្ហាញសន្ដានចិត្ត និងការផ្ដល់ការគាំទ្រដល់អ្នកដែលស្វែងរកដើម្បីប្រែចិត្ត ។