បណ្ណាល័យ
មេរៀន​ទី 47 ៖ យ៉ាកុប 5:52–77; យ៉ាកុប 6


មេរៀន​ទី 47

យ៉ាកុប 5:52–77; យ៉ាកុប 6

សេចក្តីផ្ដើម

នៅក្នុង​មេរៀន​មុន សិស្ស​បាន​ចាប់ផ្ដើម​សិក្សា​ការប្រៀបធៀប​របស់​ស៊ីណូស​អំពី​ដើម​អូលីវ​ស្រុក និង ដើម​អូលីវ​ព្រៃ ។ នៅក្នុង​មេរៀន​នេះ ពួកគេ​នឹង​សិក្សា​អំពី​ផ្នែក​ចុងក្រោយ​នៃ​ការប្រៀបធៀប ដែល​ម្ចាស់​ចំការ​បាន​ធ្វើការ​ជាមួយ​នឹង​អ្នកបម្រើ​របស់​គាត់​ជា​លើក​ចុងក្រោយ​ដើម្បី​ជួយ​ដើមឈើ​នោះ​ឲ្យ​មាន​ផ្លែ​ល្អ ។ ពួកគេ​ក៏​នឹង​សិក្សា​អំពី យ៉ាកុប 6 ដែល​យ៉ាកុប​បាន​និយាយ​អំពី​ការប្រៀបធៀប​នោះ និង ដាស់តឿន​ប្រជាជន​របស់​គាត់​ឲ្យ​ប្រែចិត្ត ។

យោបល់​សម្រាប់​ការបង្រៀន

យ៉ាកុប 5:52–60

នៅក្នុង​ការប្រៀបធៀប​អំពី​ដើម​អូលីវ​ស្រុក និង ដើម​អូលីវ​ព្រៃ​នេះ ម្ចាស់​ចំការ​បាន​សង្គ្រោះ​ដើមឈើ​នោះ ហើយ​បាន​ជួយ​វា​ឲ្យ​មាន​ផ្លែ​ល្អ

មុនពេល​សិស្ស​មក​ដល់ សូម​គូស​រូបភាព​ដើម​ឈើ​បី​ដើម​នៅលើ​ក្ដារខៀន ។

ដើម​អូលីវ​បី​ដើម

សូម​រំឭក​សិស្ស​ថា នៅក្នុង​មេរៀន​មុន ពួកគេ​បាន​ចាប់ផ្ដើមសិក្សា​ការប្រៀបធៀប​របស់​ស៊ីណូស​អំពី​ដើម​អូលីវ​ស្រុក និង ដើម​អូលីវ​ព្រៃ​នៅក្នុង យ៉ាកុប 5 ។ នៅ​ចុងបញ្ចប់​នៃ​មេរៀន​នោះ ដើម​ឈើ​ទាំងអស់​នៅក្នុង​ចំការ​បាន​នាំ​មក​នូវ​ផ្លែ​អាក្រក់ ( សូម​មើល យ៉ាកុប 5:30–42 ) ។ នេះ​តំណាង​ឲ្យ​ការក្បត់​សាសនា​ដ៏​ធំ ។

ដើម្បី​រំឭក​ពី​មេរៀន​មុន សូម​បែងចែក​សិស្ស​ក្នុង​ថ្នាក់​ជា​ដៃគូ ។ សូម​ឲ្យ​ដៃគូ​នីមួយៗ​ពិភាក្សា​គ្នា​ពី​ចម្លើយ​របស់​ពួកគេ​ចំពោះ​ប្រយោគ​ដែល​មិន​ពេញលេញ​ខាងក្រោម ( អ្នក​អាច​សរសេរ​ប្រយោគ​ទាំងនេះ​នៅលើ​ក្ដារខៀន ) ៖

  1. ម្ចាស់​ចំការ​តំណាង​ឲ្យ …

  2. ការខិតខំ​របស់​ម្ចាស់​ចំការ ដើម្បី​សង្គ្រោះ​ដើមឈើ​របស់​គាត់​តំណាង​ឲ្យ …

  3. រឿង​មួយ​ដែល​ខ្ញុំ​បាន​រៀន​អំពី​ព្រះយេស៊ូវគ្រីស្ទ​មក​ពី​ពាក្យ ឬ សកម្មភាព​របស់​ម្ចាស់​ចំការ​នោះ​គឺ …

  4. ក្រោយពី​ដើមឈើ​ទាំងអស់ និង ផ្លែ​ក្នុង​ចំការ​នោះ​បាន​ប្រែទៅជា​រលួយ នោះ​ម្ចាស់​ចំការ​សម្រេច​ចិត្ត​ថា …

ក្រោយពី​សិស្ស​បាន​ពិភាក្សា​ពី​ប្រយោគ​ទាំងនេះ​ជា​ដៃគូ​ហើយ សូម​សង្ខេប​​ខ្លីៗ​អំពី​ចម្លើយ​របស់​ពួកគេ​ក្នុង​ថ្នាក់​ទាំងអស់​គ្នា ។ នៅពេល​សិស្ស​រាយការណ៍​អំពី​ចម្លើយ​របស់​ពួកគេពីប្រយោគ​ពីរ​ដំបូង​នោះ សូម​ប្រាកដ​ថា​វា​មាន​ភាព​ច្បាស់លាស់​ថា ម្ចាស់​ចំការ​តំណាង​ឲ្យ​ព្រះយេស៊ូវគ្រីស្ទ ហើយ​ថា​ការខិតខំ​របស់​គាត់​ដើម្បី​សង្គ្រោះ​ដើមឈើ​របស់​គាត់​តំណាង​ឲ្យ​ការខិតខំ​របស់​ព្រះអង្គ​សង្គ្រោះ​ដើម្បីជួយ​រាស្ដ្រ​របស់​ទ្រង់​ឲ្យ​ត្រឡប់​ទៅកាន់​ទ្រង់​វិញ ។ សិស្ស​អាច​ចែកចាយ​ពី​មេរៀន​ដ៏​មាន​តម្លៃ​ផ្សេង​គ្នា នៅពេល​ពួកគេ​បំពេញ​ប្រយោគ​ទី​បី ។ សូម​ឲ្យ​សិស្ស​ពិនិត្យ​មើល​ចម្លើយ​របស់​ពួកគេ​ចំពោះ​ប្រយោគ​ទី​បួន​ដោយ​មើល​នៅក្នុង យ៉ាកុប 5:51 ដែល​និយាយ​ថា ម្ចាស់​ចំការ​សម្រេច​ចិត្ត​ប្រណី​ដល់​ចំការ​របស់​គាត់ « បន្ដិច​ទៀត » ។

សូម​ពន្យល់​ថា មេរៀន​ថ្ងៃនេះ​គ្របដណ្ដប់​លើ​ចំណែក​ចុង​បញ្ចប់​នៃ​ការប្រៀបធៀប​នេះ ដែល​តំណាង​ឲ្យ​ថ្ងៃ​ចុងក្រោយ រួម​ទាំង​ការស្ដារឡើង​វិញ​នៃ​ដំណឹងល្អ​ផងដែរ ។

សូម​បង្ហាញ​ថា ម្ចាស់​ចំការ​សម្រេច​ចិត្ត​ថា​សង្គ្រោះ​ចំការ​នោះ ដោយ​ការបំបៅ​មែក​ជាច្រើន​ទៀត ។ សូម​ឲ្យ​សិស្ស​បី​បួន​នាក់​ប្ដូរ​វេន​គ្នា​អាន​ឮៗ​នៅក្នុង យ៉ាកុប 5:52–58 ។ សូម​អញ្ជើញ​សិស្ស​ក្នុង​ថ្នាក់​ឲ្យ​រកមើល​អ្វី​ដែល​ម្ចាស់​ចំការ​បាន​ធ្វើ ដើម្បី​បណ្ដុះ​មែក និង ឫស​ទាំងនោះ ។ ( សូម​ជួយ​សិស្ស​ឲ្យ​ឃើញ​ថា ម្ចាស់​ចំការ​បំបៅ​មែក​នោះ​ពី​ដើម​ធម្មជាតិ​ទៅ​នឹង​ដើម​ដំបូង​របស់​វា​វិញ —ដើម​ដែល​តំណាង​ឲ្យ​វង្ស​នៃ​អ៊ីស្រាអែល ។ បន្ទាប់មក គាត់​បាន​បំបៅ​មែក​នានា​ពី​ដើមឈើ​នោះ​ទៅនឹង​ដើម​ធម្មជាតិ​ផ្សេង​ទៀត ។ គាត់​ក៏​បាន​កាត់ចោល​មែក​ដែល​ល្វីង​បំផុត​បោះ​ទៅក្នុង​ភ្លើង ។ អ្នក​អាច​ប្រើ​ដើមឈើ​នៅលើ​ក្ដារខៀន ដើម្បី​បង្ហាញ​ពី​ការពន្យល់​នេះ ។ ឧទាហរណ៍ អ្នក​អាច​លុប​មែក​មួយ​ពី​ដើម​មួយ ហើយ​គូរ​មែក​ថ្មី​មួយ​នៅលើ​ដើម​មួយ​ទៀត ) ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន យ៉ាកុប 5:59 ឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ស្ដាប់​ និងស្វែងរក​អ្វី​ដែល​ម្ចាស់​ចំការ បាន​សង្ឃឹម​លើ​សកម្មភាព​ទាំងនេះ​ថា​នឹង​ជួយ​ដល់​ឫស​ដើមឈើ​នោះ ។

  • តើ​ម្ចាស់​ចំការ​បាន​សង្ឃឹម​ថា នឹង​មាន​អ្វី​កើតឡើង​ដល់​ឫស​នោះ ? ( គាត់​ចង់​ឲ្យ​វា « មាន​កម្លាំង » ) 

សូម​រំឭក​សិស្ស​ថា នៅពេល​នេះ ដើមឈើ​ទាំងអស់​បាន​ដុះ​ផ្លែ​អាក្រក់ ដែល​តំណាង​ឲ្យ​ពិភពលោក​ទាំងមូល​ដែល​ស្ថិត​នៅក្នុង​សភាព​មួយ​នៃ​ការក្បត់​សាសនា ។ សូម​ពន្យល់​ថា នៅពេល​ឫស​វា​មាន​កម្លាំង មែក​ផ្សេងៗ​ពេញ​មួយ​ចំការ​នឹង​ផ្លាស់ប្ដូរ « ក្រែង​មែក​ល្អ អាច​ឈ្នះ​លើ​មែក​អាក្រក់​បាន » ( យ៉ាកុប 5:59 ) ។

សូម​ប្រាកដ​ថា សិស្ស​យល់​ថា ខគម្ពីរ​ទាំងនេះ​បង្រៀន​ថា ឥទ្ធិពល​នៃ​សេចក្ដី​សញ្ញា​របស់​ដំណឹងល្អធ្វើ​ឲ្យ​កូនចៅ​របស់​ព្រះវរបិតា​សួគ៌​យក​ឈ្នះ​លើ​អំពើ​បាប និង នាំ​មក​នូវ​សេចក្ដី​សុចរិត​បាន ។

  • តើ​សេចក្ដី​សញ្ញា​នៃ​ដំណឹងល្អ​អាច​ពង្រឹង​យើង​បាន​ដោយ​របៀប​ណា ? តើ​សេចក្ដី​សញ្ញា​របស់​អ្នក​បាន​មាន​ឥទ្ធិពល​ទៅលើ​ជីវិត​របស់​អ្នក​ដោយ​របៀប​ណា ? ( អ្នក​អាច​ចែកចាយ​អារម្មណ៍​​របស់​អ្នក និង ថ្លែង​ទីបន្ទាល់​អំពី​គោលការណ៍​នេះ ) 

យ៉ាកុប 5:61–77

ម្ចាស់​ចំការ​ធ្វើការ​នៅក្នុង​ចំការ​ជាមួយ​នឹង​អ្នកបម្រើ​របស់​គាត់

សូម​អញ្ជើញ​សិស្ស​ឲ្យ​អាន យ៉ាកុប 5:61–62 ដោយ​ស្ងាត់ៗ ដោយ​រកមើល​អ្វី​ដែល​ម្ចាស់​ចំការ​បាន​ណែនាំ​អ្នកបម្រើ​របស់​គាត់​ឲ្យ​ធ្វើ និង មូលហេតុ​ដែល​គាត់​បាន​សុំ​ឲ្យ​ពួកគេ​ធ្វើ​វា ។

  • អ្នកបម្រើ​នា​ពេល​ដំបូងក្នុង​រឿងប្រៀបធៀប​នេះ តំណាង​ឲ្យ​ព្យាការី​នៃ​ព្រះអម្ចាស់ ។ តើ​នរណា​អាច​ត្រូវ​បាន​តំណាង​ឲ្យ​ហ្វូង​អ្នកបម្រើ​នៅក្នុង​យ៉ាកុប 5:61 ? ( សូម​ជួយ​សិស្ស​ឲ្យមើល​ឃើញ​ថា អ្នក​បម្រើ​ទាំងនេះ​អាច​តំណាង​ឲ្យ​សមាជិក​សាសនាចក្រ​ទាំងអស់ ៖ ព្យាការី និង សាវក អ្នកដឹកនាំ​ទូទៅ និង អ្នកដឹកនាំ​សាសនាចក្រ​ក្នុង​ស្រុក អ្នកផ្សព្វផ្សាយ​សាសនា គ្រូបង្រៀន​តាម​ផ្ទះ , គ្រូបង្រៀន​សួរ​សុខទុក្ខ និង នរណា​ក៏​ដោយ​ដែល​ចូលរួម​នៅក្នុង​កិច្ចការ​របស់​ព្រះអម្ចាស់ ) 

  • តើ​អ្វី​ដែល​សំខាន់​អំពី​ពាក្យ យើង របស់​យើង និង ពួកយើង នៅក្នុង យ៉ាកុប 5:61–62 ? ( ព្រះអម្ចាស់​ធ្វើការ​ជាមួយ​នឹង​យើង ។ យើង​មិន​បាន​ទុក​ឲ្យ​ធ្វើ​កិច្ចការ​របស់​ទ្រង់​តែ​ម្នាក់ឯង​នោះ​ទេ ) ។

  • យោង​តាម យ៉ាកុប 5:62តើ​អ្វី​ដែល​ពិសេស​អំពី​ពេល​ដែល​អ្នក​បម្រើ​ទាំងនេះ​ត្រូវ​បាន​ហៅ​ឲ្យ​បម្រើ ? ( វា​គឺជា « លើក​ចុងក្រោយ​បង្អស់ » ដែល​ម្ចាស់​ចំការ​នឹង​កាត់​លួស​ចំការ​នោះ ។ ព្យាការី​បាន​សំដៅ « លើក​ចុងក្រោយ​បង្អស់ » នេះ​ថា​ជា « គ្រា​កាន់កាប់​ត្រួតត្រា​នៃ​ពេល​ពេញ​កំណត់ » ។ ឧទាហរណ៍ សូម​មើល អេភេសូ 1:10 និង គ. និង ស. 128:20 ) 

អែលឌើរ ដេន អេល ឡាសិន

ដើម្បី​ជួយ​សិស្ស​ឲ្យ​ឃើញ​ពី​របៀប​ដែល​ផ្នែក​នៃ​ការប្រៀបធៀប​នេះ​ទាក់ទង​នឹង​ពួកគេ សូម​ឲ្យ​សិស្ស​ម្នាក់​អាន​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​ដោយ​អែលឌើរ ដេន អេល. ឡាសិន នៃ​ក្រុម​ចិតសិប​នាក់ ៖

« [ ឥឡូវ​នេះ ] គឺជា​ពេល​វេលា​ដែល​ព្រះអម្ចាស់ និង អ្នកបម្រើ​របស់​គាត់​នឹង​ធ្វើការ​ខិតខំ​ធ្វើការ​ខ្លាំង​លើក​ចុងក្រោយ​ដើម្បី​នាំ​សារលិខិត​នៃ​សេចក្ដីពិត​ទៅ​ដល់​មនុស្ស​ទាំងអស់​នៅលើ​ផែនដី និង អប់រំ​កូនចៅ​អ៊ីស្រាអែល​ពី​បុរាណ​ដែល​បាន​បាត់បង់​អត្តសញ្ញាណ​ពិត​របស់ខ្លួន ។ …

« អ្នក​បាន​ចុះ​មក​ផែនដី នៅពេល​គ្រឹះ​បាន​ដាក់​ចុះ​សម្រាប់​កិច្ចការ​ដ៏​អស្ចារ្យ​នេះ ។ ដំណឹងល្អ​ត្រូវ​បាន​ស្ដារឡើង​វិញ​សម្រាប់​ជំនាន់​ចុងក្រោយ ។ សាសនាចក្រ​ត្រូវ​បាន​ស្ថាបនា​នៅ​ស្ទើរ​តែ​គ្រប់​ផ្នែក​នៃ​ពិភពលោក ។ ឈុតឆាក​នេះ​ត្រូវ​ដាក់​ឲ្យ​អនុមត័​សម្រាប់​ផ្ទាំង​វិនាកដម្ម​ចុងក្រោយ​បង្អស់ ។ អ្នក​នឹង​ជា​អ្នកសម្ដែង​ដ៏​សំខាន់ ។ អ្នក​គឺជា​អ្នកបម្រើ​នៅក្នុង​ចំណោម​អ្នកបម្រើ​ចុងក្រោយ​បង្អស់​នៅក្នុង​ចំការ​នោះ ។ … នេះ​គឺជា​ការបម្រើ​ដែល​អ្នក​ត្រូវ​បាន​ជ្រើសរើស​ឲ្យ​ធ្វើ » ( « A Royal Generation »Ensignខែ ឧសភា ឆ្នាំ 1983 ទំព័រ 33 ) ។

  • តើ​វា​មាន​ឥទ្ធិពល​ដល់​អ្នក​យ៉ាង​ណា​ដែរ ដោយ​ដឹង​ថា​អ្នក​ត្រូវ​បាន​ហៅ​ឲ្យ​បម្រើ​ជាមួយ​នឹង​ព្រះអម្ចាស់ អំឡុងពេល​ចុងក្រោយ​នៃ​ការបម្រើ​នេះ ?

  • តើ​នៅពេល​ណា​ដែល​អ្នក​មាន​អារម្មណ៍​ថា ព្រះអម្ចាស់​បាន​ធ្វើការ​ជាមួយ​អ្នក នៅពេល​អ្នក​បាន​ចូលរួម​នៅក្នុង​កិច្ចការ​របស់​ទ្រង់ ?

  • តើ​អ្នក​មាន​ឱកាស​អ្វី​ខ្លះ​ដើម្បី​បម្រើ​ដល់​ព្រះអម្ចាស់ និង ជួយ​ដល់​អ្នកដទៃ​ឲ្យ​នាំ​មក​នូវ « ផ្លែ​ល្អ » ? ( សិស្ស​អាច​និយាយ​អំពី​ការហៅ​ឲ្យបម្រើ និង កិច្ចការ​ក្នុង​សាសនាចក្រ​របស់​ពួកគេ ទំនួល​ខុសត្រូវ​របស់​ពួកគេ​ដើម្បី​ជួយ​ដល់​សមាជិក​គ្រួសារ មិត្តភក្ដិ និង អ្នកដទៃ​ឲ្យ​ខិត​ចូល​ទៅ​ជិត​ព្រះអង្គ​សង្គ្រោះ និង ឱកាស​ដែល​ពួកគេ​នឹង​មាន​ដើម្បី​បម្រើ​ដល់​ព្រះអម្ចាស់ ជា​អ្នកផ្សព្វផ្សាយ​សាសនា​ពេញ​ម៉ោង ) 

សូម​សរសេរ យ៉ាកុប 5:70–75 នៅលើ​ក្ដារខៀន ។ សូម​ណែនាំ​ខគម្ពីរ​ទាំងនេះ​ដោយ​ការពន្យល់​ថា វា​បង្រៀន​អំពី​ទំនាក់ទំនង​ដែល​ព្រះអម្ចាស់​មាន​ជាមួយ​នឹង​អ្នកបម្រើ​របស់​ទ្រង់ ។ ពួកគេ​ក៏​បាន​ពិពណ៌នា​ពី​អ្វី​ដែល​ព្រះអម្ចាស់ និង អ្នកបម្រើ​របស់​ទ្រង់​អាច​សម្រេច​បាន តាមរយៈ​កិច្ចការ​របស់​ពួកគេ​រួមគ្នា​នោះផង​ដែរ​។ សូម​អញ្ជើញ​សិស្ស​ឲ្យ​អាន​ខគម្ពីរ​ទាំងនេះ​ដោយ​ស្ងាត់ៗ ហើយ​ជ្រើសរើស​ខគម្ពីរ​មួយ​ដែល​ផ្ដល់​ជា​ការពិពណ៌នា​ដែល​ពួកគេ​ចូលចិត្ត​អំពី​ទំនាក់ទំនង​របស់​ព្រះអម្ចាស់​ជាមួយ​នឹង​អ្នកបម្រើ​​ទ្រង់ ។ ក្រោយពី​សិស្ស​មាន​ពេល​អាន​ហើយ សូម​អញ្ជើញ​ពួកគេ​ពីរ​បី​នាក់​ឲ្យ​និយាយ​ពី​ខគម្ពីរ​ដែល​ពួកគេ​បាន​ជ្រើសរើស មូលហេតុ​ដែល​ពួកគេ​ចូលចិត្ត​វា និង ពី​របៀប​ដែល​វា​អាច​ជួយ​ពួកគេ នៅពេល​ពួកគេ​បម្រើ​ដល់​ព្រះអម្ចាស់ ។

នៅពេល​សិស្ស​ចូលរួម​នៅក្នុង​សកម្មភាព​នេះ សូម​ប្រាកដ​ថា​ពួកគេ​យល់​ថា ព្រះអម្ចាស់​សន្យា​នឹង​យើង​ថា​មាន​សេចក្ដី​អំណរ នៅពេល​យើង​ធ្វើការ​ជាមួយ​នឹង​ទ្រង់ ដើម្បី​សម្រេច​កិច្ចការ​របស់​ទ្រង់ ។ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់​កាន់​តែ​ច្បាស់​អំពី យ៉ាកុប 5:70–75សូម​គិត​ពី​ការសួរ​សំណួរ​ខ្លះ​ដូច​ខាងក្រោម ៖

  • តើ​ម្ចាស់​ចំការ​បាន​សន្យា​អ្វី​ខ្លះ ដល់​អ្នក​ទាំងឡាយ​ណា​ដែល​ធ្វើការ​ជាមួយ​នឹង​ទ្រង់​នោះ ? ( សូម​មើល យ៉ាកុប 5:71, 75 ) តើ​នៅពេល​ណា​ដែល​អ្នក​មាន​អារម្មណ៍​អំណរ​នៅក្នុង​កិច្ចការ​របស់​ព្រះអម្ចាស់ ?

  • តើ​អ្នក​គិត​ថា ហេតុអ្វី​បានជា​វា​សំខាន់​ដែល​អ្នកបម្រើ​បាន​ធ្វើការ « ដោយ​សមត្ថភាព​របស់​ពួកគេ » និង « ដោយ​អស់​ទាំង​សេចក្ដី​ព្យាយាម » នោះ ? ( សូម​មើល យ៉ាកុប 5:72, 74 ) ។ តើ​មេរៀន​អ្វី​ដែល​អ្នក​អាច​យក​ចេញ​ពី​ឃ្លា​ទាំងនេះ នៅពេល​អ្នក​បម្រើ​ដល់​ព្រះអម្ចាស់ ?

សូម​បញ្ចប់​ផ្នែក​នៃ​មេរៀន​នេះ ដោយ​ការសុំ​សិស្ស​ឲ្យ​ឆ្លើយតប​នឹង​សំណួរ​ខាងក្រោម​នេះ នៅក្នុង​កំណត់ហេតុ​សិក្សា​ព្រះគម្ពីរ ឬ សៀវភៅ​សរសេរ​ក្នុង​ថ្នាក់​របស់​ពួកគេ ( អ្នក​អាច​សរសេរ​វា​នៅលើ​ក្ដារខៀន ) ៖

  • នៅពេល​អ្នក​គិត​ពី​ឱកាស​របស់​អ្នក​ដើម្បី​បម្រើ​ដល់​ព្រះអម្ចាស់ តើ​អ្នក​នឹង​អនុវត្ត​សេចក្ដីពិត​ទាំងឡាយ​ដែល​យើង​បាន​ពិភាក្សា​នៅក្នុង យ៉ាកុប ជំពូក 5 យ៉ាង​ដូចម្ដេច ?

ក្រោយពី​សិស្ស​បាន​មាន​ពេល​សរសេរ​គ្រប់គ្រាន់​ហើយ អ្នក​អាច​សុំ​ឲ្យ​ពួកគេ​ម្នាក់ ឬ ពីរ​នាក់​ឡើង​អាន​ចម្លើយ​របស់​ពួកគេ​ដល់​សិស្ស​ក្នុង​ថ្នាក់ ។

យ៉ាកុប 6

យ៉ាកុប​បង្រៀន​អំពី​សេចក្ដី​មេត្តាករុណា និង សេចក្ដី​យុត្តិធម៌​នៃ​ព្រះអម្ចាស់ និង អញ្ជើញ​ឲ្យ​ប្រជាជន​របស់​គាត់​ប្រែចិត្ត

សូម​បង្ហាញ​សង្ខេបៗ​អំពី យ៉ាកុប 6 ដោយ​ការពន្យល់​ថា​វា​រួមមាន​សេចក្ដី​សង្ខេប​របស់​យ៉ាកុប​អំពី​សេចក្ដី​ពិត​ទាំងឡាយ​ដែល​មាន​សារៈសំខាន់​មក​ពី​រឿង​ប្រៀបធៀប​អំពី​ដើម​អូលីវ​ស្រុក និង ដើម​អូលីវ​ព្រៃ ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន យ៉ាកុប 6:4–6 ។ សូម​ឲ្យ​សិស្ស​ពាក់​កណ្ដាល​ថ្នាក់​រកមើល​អ្វី​ដែល​យ៉ាកុប​ចង់​ឲ្យ​ប្រជាជន​របស់​គាត់​រៀន​អំពី​ព្រះអម្ចាស់ ។ ( ថា​ទ្រង់​នឹកចាំ​ដល់​ប្រជាជន​របស់​ទ្រង់ ថា​ទ្រង់ « បាន​ចូល​ជាប់​នឹង [ ពួកគេ ] » ហើយ​ថា « ព្រះពាហុ​នៃ​សេចក្ដី​មេត្តា​ករុណា​របស់​ទ្រង់​លា​ចេញ​មក​រក [ ពួកគេ ] » ។ អ្នក​អាច​ពន្យល់​ថា នៅក្នុង​វគ្គ​នេះ​ពាក្យ ចូល​ជាប់ មាន​ន័យ​ថា នៅ​ក្បែរ​ជាប់គ្នា​នឹង​អ្វី​មួយ ឬ នរណា​ម្នាក់ ) ។ សូម​ឲ្យ​សិស្ស​ពាក់​កណ្ដាល​ថ្នាក់​ទៀត​រកមើល​អ្វី​ដែល​យ៉ាកុប​បាន​លើកទឹកចិត្ត​ដល់​ប្រជាជន​របស់​គាត់​ឲ្យ​ធ្វើ ដែល​ជា​លទ្ធផល​នៃ​ការដឹង​នេះ ។ ( កុំ​ឲ្យ​ធ្វើ​ចិត្ត​គេ​រឹងរូស ប្រែចិត្ត ចូលមក​រក​ព្រះអម្ចាស់ « ដោយ​អស់​ពី​ដួងចិត្ត » ហើយ « តោង​ជាប់​ទៅនឹង​ព្រះ ដូចជា​ទ្រង់​ចូល​ជាប់​នឹង [ ពួកគេ ] ដែរ » ) ។ ក្រោយពី​សិស្ស​បាន​ប្រាប់​សិស្ស​ផ្សេង​ទៀត​ពី​អ្វី​ដែល​ពួកគេ​បាន​រៀន​ហើយ សូម​សួរ ៖

  • តើ​យ៉ាកុប​បាន​ពិពណ៌នា​ពីព្រះអម្ចាស់​ដោយ​របៀប​ណា ? តើ​វា​មាន​ន័យ​យ៉ាង​ណា​ដល់​អ្នក​ថា « ព្រះពាហុ​នៃ​សេចក្ដី​មេត្តា​ករុណា​របស់​ទ្រង់​លា​ចេញ​មក​រក​អ្នក » ?

  • តើ​អ្នក​បាន​រៀន​អ្វី​ខ្លះ អំពី​ព្រះអម្ចាស់​ក្នុង​រឿង​ប្រៀបធៀប​អំពី​ដើម​អូលីវ​ដែល​បាន​បង្ហាញ​អំពី​របៀប​ដែល​ទ្រង់​បាន​ចូល​ជាប់​នឹង​អ្នក ? តើ​អ្នក​អាច​ធ្វើ​អ្វី​ខ្លះ ដើម្បី​បង្ហាញ​ថា​អ្នក​នឹង​តោង​ជាប់​នឹង​ព្រះអម្ចាស់​នោះ ?

សូម​សង្ខេប យ៉ាកុប 6:7–10 ដោយ​ការពន្យល់​ថា​ក្រោយពី​យើង​ត្រូវ​បាន « ចិញ្ចឹម​ឲ្យ​រស់​ដោយ​ព្រះបន្ទូល​ដ៏​ល្អ​នៃ​ព្រះ » នោះ​យើង​មិន​ត្រូវ​ផ្ដល់​ផ្លែ​អាក្រក់​មក​នោះ​ទេ ។ យើង​ត្រូវ​ធ្វើតាម​ពាក្យ​របស់​ព្យាការី ។ ប្រសិនបើ​យើង​មិន​ព្រម​ប្រែចិត្ត​នោះ​ទេ យ៉ាកុប​បាន​ព្រមាន​ថា យើង​នឹង​ត្រូវ​ទទួល​ខុសត្រូវ​ចំពោះ​អំពើ​បាប​របស់​យើង​នៅ​ថ្ងៃ​ជំនុំជម្រះ​របស់​ព្រះអម្ចាស់ ។ សូម​លើកទឹកចិត្ត​សិស្ស​ឲ្យ​អាន យ៉ាកុប 6:11–13ដោយ​ស្ងាត់ស្ងៀម ហើយ​រកមើល​ការទូន្មាន​ចុងក្រោយ​របស់​យ៉ាកុប ។ ក្រោយពី​ពួកគេ​បាន​ចែកចាយ​នូវ​អ្វី​ដែល​ពួកគេ​បាន​រកឃើញ​ហើយ សូម​សួរ ៖

  • ហេតុអ្វី​បានជា​វា​ជា​ការឆ្លាត​វៃ​ដើម្បី​ជ្រើសរើស​ធ្វើការ​ប្រែចិត្ត ហើយ​រៀបចំ​នា​ពេល​ឥឡូវ​នេះ​ដើម្បី​ឈរ​នៅ​ចំពោះ​ព្រះភ័ក្រ្ដ​នៃ​ព្រះអម្ចាស់ និង ត្រូវ​បាន​កាត់សេចក្ដី​ដោយ​ទ្រង់​នោះ ?

សូម​បញ្ជាក់​ថា យើងគឺ​ជា​មនុស្ស​ឆ្លាត​វៃ បើយើង​រៀបចំពី​ពេល​ឥឡូវ​នេះ​សម្រាប់ការកាត់​សេចក្ដី​ដោយ​ការប្រែចិត្ត និង ការទទួល​បាន​សេចក្ដី​មេត្តា​ករុណា​ពី​ព្រះអម្ចាស់ ។

ដើម្បី​បញ្ចប់​មេរៀន​នេះ សូម​បញ្ជាក់​ថា​ការប្រែចិត្ត មិន​ត្រឹម​តែ​រៀបចំ​យើង​សម្រាប់​ការកាត់​សេចក្ដី​នៅ​ថ្ងៃ​ចុងក្រោយ​ប៉ុណ្ណោះ​ទេ ប៉ុន្ដែ​ថែម​ទាំង​អាច​បម្រើ​ដល់​ព្រះអម្ចាស់​នា​ពេល​ឥឡូវ​នេះ​ផងដែរ ។ សូម​ថ្លែង​ទីបន្ទាល់​ដល់​សិស្ស​ថា ព្រះអម្ចាស់​ចង់​ឲ្យ​ពួកគេ​បម្រើ​ជាមួយ​នឹង​ទ្រង់ ហើយ​ស្វែងរក​សេចក្ដី​អំណរ​ជាមួយ​នឹង​ទ្រង់ ហើយ​ថា​ពួកគេ​អាច​បាន​ស័ក្ដិសម​ដើម្បី​ធ្វើ​ដូច្នោះ នៅពេល​ពួកគេ​គោរព​តាម​ព្រះបញ្ញត្តិ ប្រែចិត្ត ហើយ​ទទួល​បាន​សេចក្ដី​មេត្តា​ករុណា​របស់​ទ្រង់ ។

វិចារណកថា និង ព័ត៌មាន​សាច់រឿង

យ៉ាកុប 5 ។ សេចក្ដី​សង្ខេប​អំពី​រឿង​ប្រៀបធៀប​នៃ​ដើម​អូលីវ​ស្រុក និង ដើម​អូលីវ​ព្រៃ

រឿង​ប្រៀបធៀប​នៃ​ដើម​អូលីវ