មេរៀនសិក្សានៅផ្ទះ
អេធើរ 4–12 ( មេរៀនទី 30 )
សេចក្តីផ្ដើម
មេរៀននេះផ្ដោតទៅលើ អេធើរ 12:23–41 ។ លោកមរ៉ូណៃបានបង្រៀនពីមូលហេតុដែលប្រជាជនមានភាពទន់ខ្សោយ និងអ្វីដែលពួកគេត្រូវធ្វើដើម្បីយកឈ្នះលើភាពទន់ខ្សោយទាំងនោះ ។
យោបល់សម្រាប់ការបង្រៀន
អេធើរ 4–11; 12:6
ពួកសាសន៍យ៉ារេឌរីកចម្រើនឡើង ហើយត្រូវបានប្រទានពរ នៅពេលពួកគេសុចរិត
សូមឲ្យសិស្សបីនាក់រំឭក និងសង្ខេបពីជំពូកខាងក្រោមនេះ ដោយប្រើការសង្ខេបជំពូក ៖ អេធើរ 4–5; អេធើរ 6; និង អេធើរ7–11 ។ សូមឲ្យសិស្សម្នាក់ទៀតរំឭក អេធើរ 12:6 ។ សូមឲ្យពួកគេចែកចាយដល់សិស្សនូវគោលការណ៍មួយ ឬពីរដែលពួកគេបានរៀន ។
អេធើរ 12:23–41
លោកមរ៉ូណៃបង្ហាញពីការបារម្ភអំពីរបៀបដែលពួកសាសន៍ដទៃនឹងឆ្លើយតបចំពោះព្រះគម្ពីរមរមន
សូមសរសេរពាក្យ រឹងមាំ នៅលើក្តារខៀនម្ខាងហើយពាក្យ ទន់ខ្សោយ នៅលើក្តារខៀនម្ខាងទៀត ។ សូមឲ្យសិស្សមានពេលសញ្ជឹងគិតពីអ្វីដែលពួកគេមានអារម្មណ៍ថាជាភាពរឹងមាំរបស់គេ និងអ្វីជាភាពទន់ខ្សោយ ឬភាពមិនគ្រប់គ្រាន់របស់គេពីរបី ។ សូមពន្យល់ថានៅក្នុង អេធើរ 12 លោកមរ៉ូណៃបានបង្រៀនពីរបៀបដែលភាពទន់ខ្សោយរបស់យើងក្លាយទៅជាភាពខ្លាំងពូកែ ។
សូមឲ្យសិស្សម្នាក់អាន អេធើរ 12:23–25 ឮៗ ហើយសូមឲ្យសិស្សរកមើលភាពទន់ខ្សោយដែលលោកមរ៉ូណៃបានមានអារម្មណ៍ថា លោក និងអ្នកសរសេរព្រះគម្ពីរមរមនផ្សេងទៀតបានមាន ។ បន្ទាប់មក សូមសួរសំណួរទាំងឡាយខាងក្រោមនេះ ៖
-
តើអ្វីជាភាពទន់ខ្សោយដែលលោកមរ៉ូណៃបានលើកឡើងនៅក្នុងខគម្ពីរទាំងនេះ ?
-
តើលោកមរ៉ូណៃបានព្រួយបារម្ភថានឹងមានអ្វីកើតឡើង ដោយសារតែភាពទន់ខ្សោយនៃអស់អ្នកដែលបានសរសេរព្រះគម្ពីរមរមន ?
ក្រោយពីសិស្សឆ្លើយហើយ សូមឲ្យពួកគេអាននូវចម្លើយរបស់ព្រះអម្ចាស់ចំពោះការបារម្ភរបស់លោកមរ៉ូណៃនៅក្នុង អេធើរ 12:26–27 ដោយស្ងាត់ស្ងៀម ហើយរកមើលមូលហេតុដែលព្រះបានប្រទានដល់យើងនូវភាពទន់ខ្សោយ ។ ក្រោយពីសិស្សបានមានពេលអានខគម្ពីរហើយ សូមរំឭកពួកគេថា អេធើរ 12:27 គឺជាវគ្គចំណេះចំណានខគម្ពីរ ។
ដើម្បីជួយសិស្សឲ្យយល់កាន់តែច្បាស់ពីពាក្យ ភាពទន់ខ្សោយ នៅក្នុងខគម្ពីរទាំងនេះ សូមឲ្យសិស្សម្នាក់អាននូវសេចក្ដីថ្លែងការណ៍ខាងក្រោមដោយអែលឌើរ នែល អេ ម៉ាក់ស្វែល នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ។
« នៅពេលយើងអាននៅក្នុងព្រះគម្ពីរអំពី ‹ ភាពទន់ខ្សោយ › របស់មនុស្ស ពាក្យនេះរួមមានភាពទន់ខ្សោយដែលទូលំទូលាយ ប៉ុន្ដែចាំបាច់មាននៅក្នុងលក្ខខណ្ឌជាមនុស្សទូទៅ ដែលក្នុងភាពជាសាច់ និងឈាមវាមានឥទ្ធិពលដ៏ឥតឈប់ឈរ [ ឬ ឥតដាច់ ] បែបនេះមកលើភាពជាវិញ្ញាណ ។ … ប៉ុន្ដែ ដូចគ្នានឹងភាពទន់ខ្សោយនេះដែរ វារួមមានភាពទន់ខ្សោយជាពិសេស និងជាបុគ្គលរបស់យើង ដែលយើងត្រូវតែយកឈ្នះលើវា » ( Lord, Increase Our Faith [ ឆ្នាំ 1994 ], ទំព័រ 84 )
អ្នកអាចត្រូវពន្យល់ថា លក្ខខណ្ឌជាមនុស្សទូទៅ ដែលអែលឌើរ ម៉ាក់ស្វែល បានមានប្រសាសន៍អំពីនោះ សំដៅទៅលើភាពទន់ខ្សោយដែលមកកាន់មនុស្សប្រុសស្រីទាំងឡាយតាមរយៈការធ្លាក់នៃលោកអ័ដាម ។ ដោយសារតែការធ្លាក់ យើងទាំងអស់គ្នាត្រូវរងនឹងការល្បួង ហើយភាពមិនឥតខ្ចោះរបស់មនុស្សត្រូវមកបន្ថែមលើការល្បួងរៀងៗខ្លួនយើងផ្ទាល់ ។
សូមឲ្យសិស្សរកមើលគោលការណ៍មួយដែលបានបង្រៀននៅក្នុង អេធើរ 12:27 ។ បើសិនជាយើងបន្ទាបខ្លួនយើង ហើយអនុវត្តសេចក្ដីជំនឿជឿលើព្រះអម្ចាស់ នោះទ្រង់នឹងធ្វើឲ្យអ្វីដែលទន់ខ្សោយក្លាយទៅជាខ្លាំងពូកែចំពោះយើងវិញ ។
ដើម្បីលើកទឹកចិត្តឲ្យមានការអនុវត្តលើគោលការណ៍ដែលបានបង្រៀននៅក្នុង អេធើរ 12:27 នេះ សូមសរសេរឃ្លាដូចខាងក្រោមនៅលើក្ដារខៀន ៖
សូមឲ្យសិស្សសរសេរឃ្លាទាំងនេះនៅផ្នែកខាងលើនៃក្រដាសមួយ ។ នៅក្រោមចំណងជើង សូមឲ្យសិស្សសញ្ជឹងគិត និងសរសេរនាពេលឥឡូវនេះ ឬក៏ពេលក្រោយ (1) ភាពទន់ខ្សោយមួយដែលពួកគេមានអារម្មណ៍ថា ពួកគេមាន, (2) របៀបដែលពួកគេអាចបន្ទាបខ្លួនពាក់ព័ន្ធទៅនឹងភាពទន់ខ្សោយ និង (3) របៀបដែលពួកគេអាចអនុវត្តសេចក្ដីជំនឿទៅលើព្រះគ្រីស្ទ ដើម្បីឲ្យពួកគេអាចទទួលបានជំនួយពីទ្រង់ ឬក៏ព្រះគុណ ដើម្បីយកឈ្នះលើភាពទន់ខ្សោយដែលពួកគេបានសរសេរនោះ ។
នៅពេលពួកគេបានបញ្ចប់ហើយ សូមលើកទឹកចិត្តសិស្សឲ្យដាក់ក្រដាសនោះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាផ្ទាល់ខ្លួនរបស់គេ ឬនៅកន្លែងផ្សេងទៀតដែលពួកគេនឹងមើលឃើញវាញឹកញាប់ និងត្រូវបានរំឭកឲ្យចាំពីការខិតខំដែលពួកគេចង់ធ្វើ ។ សូមថ្លែងទីបន្ទាល់ដល់សិស្សថា នៅពេលពួកគេខិតខំដោយរាបសាដើម្បីយកឈ្នះលើភាពទន់ខ្សោយរបស់ពួកគេ នោះព្រះអម្ចាស់នឹងជួយ « ធ្វើឲ្យអ្វីដែលទន់ខ្សោយក្លាយទៅជាខ្លាំងពូកែចំពោះពួកគេវិញ » ( អេធើរ 12:27 ) ។
សូមឲ្យសិស្សអាន អេធើរ 12:26, 28 ដោយស្ងាត់ស្ងៀមដោយរកមើលរបៀបដែលព្រះអម្ចាស់ឆ្លើយតបទៅនឹងការបារម្ភរបស់លោកមរ៉ូណៃអំពីភាពទន់ខ្សោយរបស់លោកបន្ដទៀត ។ អ្នកអាចសួរសំណួរខាងក្រោមនេះ ៖
-
នៅក្នុង អេធើរ 12:26 លោកមរ៉ូណៃបានលើកឡើងអំពីភាពស្លូតត្រង់ ដែលជាភាពរាបសា បន្ទាបខ្លួន និងមិនរឹងរូសផ្ទុយទៅនឹងព្រះឆន្ទៈព្រះ ។ តើអ្នកគិតថា ហេតុអ្វីបានជាវាតម្រូវឲ្យមានភាពស្លូតត្រង់ដើម្បីមើលរំលងភាពទន់ខ្សោយរបស់អ្នកដទៃ ?
-
តើព្រះគុណរបស់ព្រះអម្ចាស់ ( ជំនួយ ឬអំណាចដែលអាចធ្វើអ្វីៗដ៏ទេវភាពរបស់ទ្រង់ ) អាចជួយយើងកុំឲ្យកេងប្រវញ្ចប្រយោជន៍លើភាពទន់ខ្សោយរបស់អ្នកដទៃដោយរបៀបណា ?
សូមបញ្ជាក់ថា នៅពេលយើងអភិវឌ្ឍសេចក្ដីជំនឿ សេចក្ដីសង្ឃឹម និងសេចក្ដីសប្បុរស នោះព្រះគុណរបស់ព្រះអម្ចាស់នឹងជួយយើង នៅពេលយើងប្រឈមមុខនឹងភាពទន់ខ្សោយរបស់អ្នកដទៃ ។ សូមសង្ខេប អេធើរ 12:29–32 ដោយការពន្យល់ថា លោកមរ៉ូណៃបានរំឭកពីសារៈសំខាន់នៃការអនុវត្តសេចក្ដីជំនឿ ព្រមទាំងសាក្សី និងអព្ភូតហេតុនានាដែលបានមកតាមរយៈការអនុវត្តសេចក្តីជំនឿ ។ សូមឲ្យសិស្សអាន អេធើរ 12:33–35 ហើយរកមើលអ្វីដែលលោកមរ៉ូណៃបានសរសេរអំពីសារៈសំខាន់នៃការមានសេចក្ដីសប្បុរស ។
សូមសួរ ៖ តើហេតុអ្វីបានជាវាសំខាន់ដើម្បីមានសេចក្ដីសប្បុរស នៅពេលយើងប្រឈមមុខនឹងភាពទន់ខ្សោយរបស់អ្នកដទៃ ?
សូមឲ្យសិស្សចែករំលែកដល់មិត្តរបស់គេអំពីអ្វី ដែលពួកគេកំពុងធ្វើដើម្បីទទួលបានព្រះគុណរបស់ព្រះយេស៊ូវគ្រីស្ទកាន់តែពេញលេញខ្លាំងឡើងនៅក្នុងជីវិតរបស់គេ ។ បើសិនជាមានពេល អ្នកអាចសុំឲ្យសិស្សពីរបីនាក់ចែកចាយក្នុងថ្នាក់ពីរបៀបដែលការខិតខំទៅកាន់ព្រះយេស៊ូវគ្រីស្ទកាន់តែជិតបានជះឥទ្ធិពលដល់ជីវិតរបស់ពួកគេ ។
មេរៀនបន្ទាប់ ( អេធើរ 13–មរ៉ូណៃ 7 )
នៅពេលសិស្សរៀបចំសិក្សាមេរៀនបន្ទាប់ទៀត សូមអញ្ជើញពួកគេឲ្យពិចារណាពីអ្វីដូចខាងក្រោមនេះ ៖ តើនឹងមានអ្វីកើតឡើង ប្រសិនបើមិត្តភក្ដិរបស់អ្នក និងគ្រួសាររបស់អ្នកទាំងអស់ត្រូវបានសម្លាប់ ហើយអ្នកគឺជាមនុស្សតែម្នាក់គត់ ដែលនៅរស់ដែលស្មោះត្រង់ចំពោះដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទនោះ ? ទាំងលោកអេធើរ និងលោកមរ៉ូណៃបានជួបនឹងភាពឯកោប្រភេទនេះ ។ តើអ្នកអាចតស៊ូនឹងឧបសគ្គនានា ហើយទទួលបានជីវិតដ៏នៅអស់កល្បជានិច្ចដោយរបៀបណា ? មរ៉ូណៃ 7 ពន្យល់ពីរបៀបដែលសេចក្ដីជំនឿ សេចក្ដីសង្ឃឹម និងសេចក្ដីសប្បុរសមានភាពចាំបាច់ក្នុងការទទួលបានអំណោយទានទាំងនេះ ។