មេរៀនទី 61
ម៉ូសាយ 18
សេចក្តីផ្ដើម
ក្រោយពីអ័ប៊ីណាដៃស្លាប់ អាលម៉ាបានបង្រៀនពាក្យសម្ដីរបស់អ័ប៊ីណាដៃដោយសម្ងាត់ក្នុងចំណោមប្រជាជន ។ អ្នកដែលជឿតាមគាត់ បានប្រមូលផ្ដុំគ្នានៅឯទឹកនៃមរមនដើម្បីរៀនបន្ថែម ។ អាលម៉ាបានចែកចាយសារលិខិតនៃ « ការប្រែចិត្ត និង សេចក្ដីប្រោសលោះ និង សេចក្ដីជំនឿទៅលើព្រះអម្ចាស់ » ( ម៉ូសាយ 18:7 ) ។ អ្នកដែលបានទទួលការបង្រៀនរបស់គាត់ ហើយបានប្រែចិត្តចេញពីអំពើបាបរបស់ពួកគេបានចូលទៅក្នុងសេចក្ដីសញ្ញានៃការជ្រមុជទឹក ។ ប្រជាជនមានជំនឿទៅលើសេចក្ដីសញ្ញានេះ ហើយពួកគេបានជួយគ្នាទៅវិញទៅមកខាងសាច់ឈាម និង ខាងវិញ្ញាណ ។
យោបល់សម្រាប់ការបង្រៀន
ម៉ូសាយ 18:1–16
អាលម៉ាបង្រៀន និង ជ្រមុជទឹកដល់ប្រជាជន
សូមបង្ហាញរូបភាពអ័ប៊ីណាដៃនៅចំពោះមុខស្ដេចណូអេ ( 62042; សៀវភៅរូបភាពដំណឹងល្អ [ ឆ្នាំ 2009 ] លេខ 75 ) ។ សូមចង្អុលទៅពួកសង្ឃនៅខាងក្រោយរូបភាព ។ សូមពន្យល់ថា ម៉ូសាយ 18 ប្រាប់ពីបទពិសោធន៍របស់អាលម៉ា ដែលជាសង្ឃម្នាក់របស់ស្ដេចណូអេ ។
សូមឲ្យសិស្សម្នាក់អាន ម៉ូសាយ 18:1, 3–6 ឮៗ ។ សូមឲ្យសិស្សរកមើលអ្វីដែលអាលម៉ាបានធ្វើ ក្រោយពីស្ដាប់ឮទីបន្ទាល់របស់អ័ប៊ីណាដៃហើយ ។ ក្រោយពីសិស្សរាយការណ៍ពីអ្វីដែលពួកគេបានរៀនហើយ សូមឲ្យពួកគេមើលទៅឌីយ៉ាក្រាមរបស់ពួកគេដែលបង្ហាញពីសេចក្ដីសង្ខេបនៃការធ្វើដំណើរនៅក្នុង ម៉ូសាយ 7–24 ។ សូមណែនាំពួកគេឲ្យគូសទឹកនៃមរមននៅក្នុងកន្លែងសមរម្យ ។ ( សម្រាប់ឌីយ៉ាក្រាមពេញលេញ សូមមើលសេចក្ដីបន្ថែមនៅចុងបញ្ចប់នៃសៀវភៅណែនាំនេះ ។ )
សូមពន្យល់ថា អាលម៉ាមានបំណងចំពោះការបង្រៀនរបស់គាត់ដើម្បីរៀបចំប្រជាជនដល់ពិធីបុណ្យជ្រមុជទឹក ។ សូមឲ្យសិស្សគិតអំពីពិធីបុណ្យជ្រមុជទឹករបស់ពួកគេ ។ ដើម្បីជួយពួកគេឲ្យសញ្ជឹងគិតពីអ្វីដែលពិធីបុណ្យជ្រមុជទឹករបស់គេមានន័យចំពោះគេ អ្នកអាចសួរសំណួរដូចខាងក្រោម ៖
-
តើអ្នកនៅចាំអ្វីខ្លះអំពីបទពិសោធន៍របស់អ្នក ?
-
តើឪពុកម្ដាយ គ្រូបង្រៀន និង អ្នកដឹកនាំរបស់អ្នកជួយអ្នកឲ្យរៀបចំពិធីបុណ្យជ្រមុជទឹកដោយរបៀបណា ?
-
តើអ្នកកោតសរសើរដល់អ្វីច្រើនជាងគេអំពីពិធីបុណ្យជ្រមុជទឹកនាពេលឥឡូវនេះ ជាងពេលដែលអ្នកទទួលពិធីបុណ្យជ្រមុជទឹកនោះ ?
សូមពន្យល់ថា រឿងនៃការបង្រៀនរបស់អាលម៉ា និង ការជ្រមុជទឹកដល់ប្រជាជននៅឯទឹកនៃមរមនអាចជួយយើងឲ្យទទួលបានការយល់ដឹងបន្ថែមទៀតអំពីសេចក្ដីសញ្ញានៃពិធីបុណ្យជ្រមុជទឹក ។
សូមឲ្យសិស្សអាន ម៉ូសាយ 18:2, 7 ដោយស្ងៀមស្ងាត់ ដោយរកមើលអ្វីដែលអាលម៉ាបានបង្រៀនដល់ប្រជាជន នៅពេលគាត់បានរៀបចំពួកគេសម្រាប់ពិធីបុណ្យជ្រមុជទឹក ។
-
យោងតាមខគម្ពីរទាំងនេះ តើគោលលទ្ធិ និង គោលការណ៍មួយណាដែលអាលម៉ាបានសង្កត់ធ្ងន់លើនោះ ?
-
តើអ្នកគិតថា ការយល់ដឹងពីសេចក្ដីពិតទាំងនេះអាចជួយមនុស្សខ្លះឲ្យរៀបចំសម្រាប់ពិធីបុណ្យជ្រមុជទឹកដោយរបៀបណា ?
ដើម្បីជួយសិស្សឲ្យយល់ពីអ្វីដែលពួកគេអាចធ្វើដើម្បីកាន់តាមសេចក្ដីសញ្ញានៃពិធីបុណ្យជ្រមុជទឹក និង ដើម្បីជួយពួកគេឲ្យកោតសរសើរដល់ពរជ័យដែលពួកគេនឹងទទួលបានជាលទ្ធផល សូមចម្លងតារាងខាងក្រោមនេះនៅលើក្ដារខៀន ៖ សូមកុំបញ្ចូលប្រយោគ ឬ សេចក្ដីយោងព្រះគម្ពីរនៅពាក់កណ្ដាលខាងក្រោមនៃតារាងនេះ ។
ខ្ញុំនឹង … |
ព្រះសន្យា … |
---|---|
សូមជួយទទួលបន្ទុកគ្នាទៅវិញទៅមកដើម្បីឲ្យបន្ទុកនោះបានស្រាល ។ ( សូមមើល ម៉ូសាយ 18:8 ) ។ សូមទួញយំជាមួយនឹងអ្នកណាដែលទួញយំ ( សូមមើល ម៉ូសាយ 18:9 ) ។ សូមកំសាន្ដទុក្ខដល់អស់អ្នកណាដែលកំពុងត្រូវការកំសាន្ដទុក្ខ ( សូមមើល ម៉ូសាយ 18:9 ) ។ ឈរជាសាក្សីដល់ព្រះនៅគ្រប់ពេល និង គ្រប់សេចក្ដី និង គ្រប់ទីកន្លែង ( សូមមើល ម៉ូសាយ 18:9) ។ បម្រើព្រះអង្គ ហើយកាន់តាមព្រះបញ្ញត្តិទាំងឡាយរបស់ទ្រង់ ( សូមមើល ម៉ូសាយ 18:9 ) ។ |
ដើម្បីឲ្យខ្ញុំអាចបានប្រោសលោះដោយព្រះ ( សូមមើល ម៉ូសាយ 18:9 ) ។ ហើយខ្ញុំបានរាប់ជាមួយនឹងពួកអ្នកនៃដំណើររស់ឡើងវិញទីមួយ ( សូមមើល ម៉ូសាយ 18:9 ) ។ ដើម្បីឲ្យខ្ញុំអាចមានជីវិតដ៏នៅអស់កល្បជានិច្ច ( សូមមើល ម៉ូសាយ 18:9 ) ។ ទ្រង់ស្រោចព្រះវិញ្ញាណទ្រង់មកលើខ្ញុំយ៉ាងបរិបូរណ៍ ( សូមមើលម៉ូសាយ 18:10 ) ។ |
សូមពន្យល់ថា មុនពេលអញ្ជើញប្រជាជនឲ្យជ្រមុជទឹក អាលម៉ាបាននិយាយទៅកាន់ពួកគេអំពីអាកប្បកិរិយា និង សកម្មភាពដែលនឹងបង្ហាញថាពួកគេបានរួចរាល់ដើម្បីធ្វើ និង កាន់តាមសេចក្ដីសញ្ញានេះជាមួយនឹងព្រះអម្ចាស់ ។ ( អ្នកអាចចង់រំឭកសិស្សថា សេចក្ដីសញ្ញាគឺជាកិច្ចព្រមព្រៀងមួយរវាងព្រះ និង មនុស្ស ប៉ុន្ដែថាព្រះ និង មនុស្ស « មិនបានធ្វើសកម្មភាពស្មើគ្នានៅក្នុងកិច្ចព្រមព្រៀងនោះទេ ។ ព្រះបានប្រទានលក្ខខណ្ឌនៃសេចក្ដីសញ្ញា ហើយមនុស្សទទួលព្រមធ្វើអ្វីដែលទ្រង់សុំពួកគេឲ្យធ្វើ ។ បន្ទាប់មក ព្រះសន្យានឹងមនុស្សពីពរជ័យមួយចំនួនចំពោះការគោរពតាមរបស់ពួកគេ » [Guide to the Scriptures, “Covenant,” scriptures.lds.org] ។ សម្រាប់ការពន្យល់នៅថ្ងៃចុងក្រោយនៃតម្រូវការសម្រាប់ការជ្រមុជទឹក សូមមើល គោលលទ្ធិ និង សេចក្ដីសញ្ញា 20:37 ។ )
សូមចែកសិស្សក្នុងថ្នាក់ជាពីរក្រុម ។ សូមឲ្យក្រុមទីមួយអាន ម៉ូសាយ 18:8–11 រកអ្វីដែលអាលម៉ាបានបង្រៀនថា យើងត្រូវមានឆន្ទៈធ្វើពេលយើងជ្រមុជទឹក ។ សូមឲ្យក្រុមទីពីរអានវគ្គដដែល ហើយរករបៀបដែលព្រះអម្ចាស់បានសន្យាថានឹងប្រទានពរដល់យើង ប្រសិនបើយើងរក្សាសេចក្ដីសញ្ញារបស់យើង ។ ក្រោយពីសិស្សមានពេលសិក្សាខគម្ពីរហើយ សូមឲ្យពួកគេបីបួននាក់ឡើងមកកាន់ក្ដារខៀន ហើយសរសេរនូវអ្វីដែលពួកគេបានរកឃើញក្នុងកូឡោនត្រឹមត្រូវ ។
ដើម្បីជួយសិស្សឲ្យកោតសរសើរដល់សេចក្ដីសញ្ញាជ្រមុជទឹករបស់ពួកគេ សូមសួរ ៖
-
តើសកម្មភាព និង អាកប្បកិរិយាអ្វីខ្លះនៅក្នុងកូឡោនទីមួយមានន័យដល់អ្នក ?
-
ហេតុអ្វីបានជាការសន្យានានាដែលសរសេរនៅក្នុងកូឡោនទីពីរសំខាន់ចំពោះអ្នក ?
សូមឲ្យសិស្សអាន ម៉ូសាយ 18:12–16 ដោយស្ងាត់ៗដោយរកមើលពីរបៀបដែលអាលម៉ា និង ប្រជាជនរបស់គាត់ត្រូវបានប្រទានពរ នៅពេលពួកគេធ្វើសេចក្ដីសញ្ញាថានឹងបម្រើដល់ព្រះអម្ចាស់ ។ សូមឲ្យសិស្សរាយការណ៍ពីអ្វីដែលពួកគេរកឃើញ ។ អ្នកអាចបង្ហាញថា អាលម៉ាត្រូវបានពោរពេញដោយព្រះវិញ្ញាណនៃព្រះអម្ចាស់ នៅពេលគាត់បានរៀបចំជ្រមុជទឹកហេឡាម ហើយថាទាំងអាលម៉ានិងហេឡាមត្រូវបានពោរពេញដោយព្រះវិញ្ញាណ នៅពេលពិធីបុណ្យជ្រមុជទឹកត្រូវបានបញ្ចប់ ដោយបង្ហាញថាព្រះអម្ចាស់បានចាប់ផ្ដើមបំពេញសេចក្ដីសញ្ញារបស់ទ្រង់រួចរាល់ហើយ ដើម្បីស្រោចព្រះវិញ្ញាណរបស់ទ្រង់មកលើប្រជាជន ។
សូមចែកចាយទីបន្ទាល់របស់អ្នកថា យើងទទួលព្រះវិញ្ញាណនៃព្រះអម្ចាស់ និង ការសន្យានៃជីវិតដ៏នៅអស់កល្បជានិច្ចដោយការធ្វើ និង ការកាន់តាមសេចក្ដីសញ្ញានៃពិធីបុណ្យជ្រមុជទឹក ។
ម៉ូសាយ 18:17–30
អាលម៉ាបង្កើតសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទក្នុងចំណោមប្រជាជន
សូមអានសេចក្ដីថ្លែងការណ៍ខាងក្រោមដោយប្រធាន ហិនរី ប៊ី. អាវរិង នៃគណៈប្រធានទីមួយ ៖
« ពីថ្ងៃនៃបុណ្យជ្រមុជទឹកតាមរយៈបង្គោលខាងវិញ្ញាណនៃជីវិតរបស់យើង យើងបានធ្វើការសន្យាជាមួយនឹងព្រះ ហើយទ្រង់បានសន្យាជាមួយនឹងយើង ។ ទ្រង់តែងតែរក្សាការសន្យារបស់ទ្រង់ដែលបានផ្ដល់តាមរយៈអ្នកបម្រើមានសិទ្ធិអំណាចរបស់ទ្រង់ ប៉ុន្ដែវាជាការសាកល្បងយ៉ាងសំខាន់នៃជីវិតរបស់យើងដើម្បីឃើញថា យើងនឹងធ្វើ ហើយកាន់តាមសេចក្ដីសញ្ញារបស់យើងជាមួយនឹងទ្រង់ឬយ៉ាងណា » ( («សាក្សីនៃព្រះ » Ensign ខែ វិច្ឆិកា ឆ្នាំ 1996 ទំព័រ 30 ) ។
សូមឲ្យសិស្សមើលទៅតារាងនៅលើក្ដារខៀន ។ សូមពន្យល់ថា ពួកគេនឹងរៀនបន្ដិចទៀតនេះអំពីរបៀបដែលប្រជាជនរបស់អាលម៉ារស់នៅតាមរយៈសេចក្ដីសញ្ញានៃពិធីបុណ្យជ្រមុជទឹក និង ពីរបៀបដែលពួកគេត្រូវបានប្រទានពរដោយសារការធ្វើដូច្នោះ ។ សូមឲ្យសិស្សធ្វើការជាពីរក្រុម ។ សូមឲ្យក្រុមទីមួយសិក្សា ម៉ូសាយ 18:17–23 ហើយក្រុមទីពីរសិក្សា ម៉ូសាយ 18:24–30 ។ នៅពេលពួកគេអាន សូមឲ្យក្រុមទាំងពីររកមើលរបៀបខ្លះដែលអាលម៉ាបានបង្រៀនប្រជាជនពីរបៀបដែលពួកគេគួររស់នៅដើម្បីកាន់តាមសេចក្ដីសញ្ញានៃពិធីបុណ្យជ្រមុជទឹក ។ សូមឲ្យសិស្សម្នាក់ៗពីក្រុមនីមួយៗរាយការណ៍ពីអ្វីដែលពួកគេរកឃើញ ចែកចាយដល់ដៃគូដែលពួកគេបានរើសពីក្រុមមួយទៀត ។ ឬ សូមឲ្យមានតំណាងពីក្រុមនីមួយៗរាយការណ៍ពីអ្វីដែលគេបានរៀនដល់សិស្សក្នុងថា្នក់ទាំងអស់ ។
-
តើសេចក្ដីសញ្ញានៃពិធីបុណ្យជ្រមុជទឹករបស់អ្នក ជះឥទ្ធិពលដល់របៀបដែលអ្នករស់នៅរាល់ថ្ងៃដោយរបៀបណា ? ( សូមគិតពីការឲ្យសិស្សឆ្លើយនឹងសំណួរនេះ ដោយការនិយាយអំពីរបៀបដែលសេចក្ដីសញ្ញានៃពិធីបុណ្យជ្រមុជទឹករបស់ពួកគេជះឥទ្ធិពលដល់របៀបដែលពួកគេប្រព្រឹត្តជាមួយនឹងសមាជិកគ្រួសារ ប្រភេទនៃការកំសាន្ដដែលពួកគេជ្រើសរើស ឬ របៀបដែលពួកគេទាក់ទងនឹងមិត្តភក្ដិរបស់គេ ។ )
សូមឲ្យសិស្សរំឭក ម៉ូសាយ 18:17, 22, 29 ដើម្បីរកពាក្យ និង ឃ្លាដែលបង្ហាញពីរបៀបដែលប្រជាជនត្រូវបានប្រទានពរដោយការកាន់តាមសេចក្ដីសញ្ញារបស់ពួកគេ ។ សូមសរសេរនូវពរជ័យលើក្ដារខៀនពីក្រោមតារាងនៃសេចក្ដីសញ្ញានៃពិធីបុណ្យជ្រមុជទឹក ។ ( អ្នកអាចត្រូវរំឭកសិស្សថា ឃ្លា « កូនចៅនៃព្រះ » [ម៉ូសាយ 18:22] មានសេចក្ដីយោងទៅការក្លាយជា អ្នកគ្រងមរតកនៃជីវិតដ៏អស់កល្បជានិច្ចរបស់យើងតាមរយៈដង្វាយធួននៃព្រះយេស៊ូវគ្រីស្ទ [ សូមមើល ម៉ូសាយ 5:6–8, 15 ] ។ )
ដើម្បីជួយសិស្សឲ្យឃើញថា ពរជ័យដ៏អស្ចារ្យមកដល់អ្នកដែលកាន់តាមសេចក្ដីសញ្ញានៃពិធីបុណ្យជ្រមុជទឹក សូមឲ្យសិស្សមើលទៅតារាងលើក្ដារខៀន ហើយសួរ ៖
-
តើអ្នកបានឃើញមិត្តភក្ដិ សមាជិកគ្រួសារ ឬ សមាជិកវួដរបស់អ្នកត្រូវបានប្រទានពរដោយការកាន់តាមសេចក្ដីសញ្ញានៃពិធីបុណ្យជ្រមុជទឹករបស់ពួកគេដោយរបៀបណា ?
-
តើព្រះអម្ចាស់បានប្រទានពរដល់អ្នកដោយការកាន់តាមសេចក្ដីសញ្ញានៃពិធីបុណ្យជ្រមុជទឹករបស់អ្នកដោយរបៀបណា ?
សូមថ្លែងទីបន្ទាល់របស់អ្នកអំពីរបៀបនៃការកាន់តាមសេចក្ដីសញ្ញាបាននាំមកនូវពរជ័យក្នុងជីវិតអ្នក ។
ម៉ូសាយ 18:31–35
អ្នកដែលនៅក្នុងសាសនាចក្ររត់ចេញពីការកាប់សម្លាប់របស់ស្ដេចណូអេ
សូមសង្ខេប ម៉ូសាយ 18:31–33 ដោយការពន្យល់ថា ថ្ងៃមួយ នៅពេលអាលម៉ានិងប្រជាជនរបស់គាត់បានរួបរួមគ្នាស្ដាប់ព្រះបន្ទូលនៃព្រះអម្ចាស់ អ្នកបម្រើរបស់ស្ដេចណូអេបានរកឃើញពួកគេ ។ បន្ទាប់មកស្ដេចបានបញ្ជូនទ័ពរបស់ទ្រង់ឲ្យកម្ចាយពួកគេ ។
សូមឲ្យសិស្សម្នាក់អាន ម៉ូសាយ 18:34 ឮៗ ។ សូមចង្អុលទៅលេខយោង ក ដែលឲ្យអ្នកអានបើកទៅ ម៉ូសាយ 23:1 ។ ( អ្នកអាចឲ្យសិស្សគូសចំណាំលេខយោងនោះ ។ ) សូមពន្យល់ថាដំណើររឿងក្នុង ម៉ូសាយ 18:34 បន្ដនៅក្នុង ម៉ូសាយ 23:1 ក្រោយជំពូក 19–22 កត់ត្រាពីបទពិសោធន៍នៃប្រជាជនលិមហៃ ។ សូមឲ្យសិស្សម្នាក់អាន ម៉ូសាយ 23:1–2 ឮៗ ។
-
តើអាលម៉ា « បានប្រាប់ជាមុន » ពីគ្រោះថ្នាក់ដែលប្រជាជនរបស់គាត់នឹងជួបដោយរបៀបណា ?
សូមសរសេរគោលការណ៍ខាងក្រោមនៅលើក្ដារខៀន ៖ ព្រះអម្ចាស់បានព្រមានពួកសុចរិត នៅពេលពួកគេស្ថិតក្នុងគ្រោះថ្នាក់ ។( អ្នកអាចឲ្យសិស្សសរសេរគោលការណ៍នេះនៅគែមទំព័រក្បែរ ម៉ូសាយ 18:34 ។ ) ដើម្បីបង្ហាញពីសេចក្ដីពិតនេះ សូមអានរឿងខាងក្រោមដោយអែលឌើរ នែល អិល អាន់ឌើរសិន នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ៖
« ការធ្វើជាភ្នាក់ងារពិសេសម្នាក់របស់ FBI មិត្តភក្ដិរបស់ខ្ញុំបានស៊ើបសង្កេតពីក្រុមបទល្មើសគិតទុកជាមុនក្នុងការនាំថ្នាំញៀនខុសច្បាប់ទៅកាន់សហរដ្ឋអាមេរិក ។
« នៅក្នុងឱកាសមួយ គាត់និងភ្នាក់ងារផ្សេងទៀតបានទៅអគារមួយ ដែលពួកគេជឿថាជាកន្លែងអ្នកជួញដូរថ្នាំញៀនចែកចាយថ្នាំកូកាអ៊ីន ។ មិត្តភក្ដិរបស់ខ្ញុំប្រាប់ពីអ្វីដែលបានកើតឡើង ៖
« យើងបានគោះទ្វារនៃអ្នកជួញដូរថ្នាំញៀន ។ ជនសង្ស័យបានបើកទ្វារ ហើយពេលឃើញយើង គេបានព្យាយាមលាក់អ្វីនៅខាងក្រោយខ្នង ។ ប៉ុន្ដែវាយឺតពេលទៅហើយ យើងអាចឃើញកូកាអ៊ីននៅលើតុគេ ។
« បុរសម្នាក់ និង ស្ដ្រីម្នាក់ដែលអង្គុយនៅតុនោះបានយកកូកាអ៊ីនចេញពីតុភ្លាម ។ យើងបានឃាត់គេមិនឲ្យបំផ្លាញភស្ដុតាងនោះទេ ដូច្នេះខ្ញុំក៏រុញជនសង្ស័យជួញដូរថ្នាំញៀនដែលពាំងទ្វារទៅម្ខាងភ្លាម ។ នៅពេលខ្ញុំរុញគេ ភ្នែកខ្ញុំនឹងភ្នែកគេសម្លឹងគ្នា ។ ដោយចម្លែក គេមិនបានបញ្ចេញថាគេខឹង ឬ ខ្លាចនោះទេ ។ គេបានញញឹមមកកាន់ខ្ញុំ ។
« ភ្នែកគេ និង ស្នាមញញឹមដ៏ស្រស់បានបញ្ជាក់ប្រាប់ខ្ញុំថា គាត់មិនអីទេ ដូច្នេះខ្ញុំក៏ដើរទៅកាន់តុនោះ ។ ឥឡូវនេះ ជនសង្ស័យនៅពីក្រោយខ្ញុំ ។ ពេលនោះ ខ្ញុំមានអារម្មណ៍ចម្លែកដ៏ខ្លាំងក្នុងគំនិតខ្ញុំថា ៖ “ សូមប្រយ័ត្នមនុស្សអាក្រក់នៅពីក្រោយភ្នែកដែលស្រទន់នោះ” ។
« ‹ ខ្ញុំក៏បែរក្រោយភ្លាមទៅមើលជនសង្ស័យ ។ ដៃរបស់គាត់ដាក់ក្នុងហោប៉ាវដ៏ធំខាងមុខរបស់គេ ។ តាមសភាវគតិភ្លាមនោះ ខ្ញុំបានចាប់ដៃគេ ហើយទាញចេញពីហោប៉ាវរបស់គេ ។ ពេលនោះទើបខ្ញុំឃើញថា គាត់បានលាក់នៅក្នុងដៃរបស់គាត់ នូវកាំភ្លើងពាក់កណ្ដាលស័្វយប្រវត្តិរៀបនឹងបាញ់ ។ សកម្មភាពរំជើបរំជួលមួយប្រាវបានកើតឡើង ហើយខ្ញុំបានដាក់ខ្នោះបុរសនោះ ។ › …
« … ព្រះវិញ្ញាណបរិសុទ្ធបានព្រមានមិត្តរបស់ខ្ញុំពីគ្រោះថ្នាក់ដល់រូបកាយ ព្រះវិញ្ញាណបរិសុទ្ធក៏នឹងព្រមានអ្នកអំពីគ្រោះថ្នាក់ខាងវិញ្ញាណដែរ » ( “ Beware of the Evil behind the Smiling Eyes,” Ensign ឬ លេអាហូណា ខែ ឧសភា ឆ្នាំ 2005 ទំព័រ 46–47 ) ។
សូមបញ្ជាក់ថា ព្រះអម្ចាស់បានព្រមានជាញឹកញាប់ដល់ពួកសុចរិតអំពីគ្រោះថ្នាក់ដែលជិតកើតមានឡើង ប៉ុន្ដែយើងមិនគួរស្មានថាយើងជាមនុស្សមិនសុចរិត ប្រសិនបើយើងមិនមានអារម្មណ៍ពីការព្រមានពីព្រះវិញ្ញាណបរិសុទ្ធរាល់ពេលដែលយើងជួបប្រទះនឹងកាលៈទេសៈដ៏គ្រោះថ្នាក់ ។
-
តើនៅពេលណាដែលអ្នកមានអារម្មណ៍ថា ព្រះអម្ចាស់បានព្រមានអ្នកពីគ្រោះថ្នាក់ខាងសាច់ឈាម ឬ ខាងវិញ្ញាណ ? ( ក្រោយពីសិស្សចែកចាយពីបទពិសោធន៍របស់ពួកគេ អ្នកអាចចង់ចែកចាយបទពិសោធន៍មួយរបស់អ្នក ។ )