មេរៀនទី 133
នីហ្វៃ ទី 3 27
សេចក្តីផ្ដើម
ក្រោយពីកិច្ចការបម្រើរបស់ព្រះអង្គសង្គ្រោះនៅក្នុងចំណោមពួកសាសន៍នីហ្វៃមិនយូរប៉ុន្មាន ពួកដប់ពីរដែលត្រូវបានហៅថ្មីថាជាពួកសាវកសាសន៍នីហ្វៃបានជួបប្រជុំគ្នានៅក្នុងការអធិស្ឋាន និងការតមអាហារដ៏ខ្លាំងក្លាមួយ ។ ព្រះយេស៊ូវគ្រីស្ទបានលេចឡើងចំពោះពួកគេ ហើយបានឆ្លើយតបនឹងសំណួរដែលពាក់ព័ន្ធនឹងឈ្មោះដែលពួកគេដាក់សម្រាប់សាសនាចក្រ ។ ទ្រង់បានបង្រៀនពួកគេអំពីដំណឹងល្អរបស់ទ្រង់ និងបានបញ្ជាពួកគេឲ្យក្លាយដូចជាទ្រង់ ។
យោបល់ទំាងឡាយសម្រាប់ការបង្រៀន
នីហ្វៃទី 3 27:1–12
ព្រះយេស៊ូវគ្រីស្ទបង្រៀនដល់ពួកសាវកដប់ពីរនាក់ថា សាសនាចក្ររបស់ទ្រង់គួរដាក់តាមព្រះនាមរបស់ទ្រង់
សូមបំបែកសិស្សទៅជាបី ឬបួនក្រុម ។ ប្រសិនបើអ្នកមានសិស្សតិច សូមឲ្យសិស្សធ្វើការរៀងៗខ្លួន ។ សូមឲ្យក្រុមនីមួយៗ ( ឬ បុគ្គលម្នាក់ៗ ) ស្រមៃថា ពួកគេនឹងចាប់ផ្ដើមក្លិប ឬក្រុមកីឡាថ្មីមួយ ។ សូមឲ្យក្រុមនីមួយៗសម្រេចចិត្តនូវប្រភេទនៃក្លិប ឬក្រុមកីឡាដែលពួកគេនឹងបង្កើត ដូចជាក្លិបវិទ្យាសាស្ដ្រ ឬក្រុមបាល់ទាត់ ហើយបន្ទាប់មក សូមឲ្យពួកគេជ្រើសរើសឈ្មោះមួយសម្រាប់ក្លិបរបស់គេ ។ សូមឲ្យក្រុមនីមួយៗសរសេរឈ្មោះរបស់ពួកគេនៅលើក្រដាសមួយ ។ បន្ទាប់មក សូមប្រមូលក្រដាសពីក្រុមទាំងឡាយ ។ ( សកម្មភាពនេះគួរតែខ្លី ។ វាមិនគួរស៊ីពេល ឬការយកចិត្តទុកដាក់ខ្លាំងជាងលើគោលលទ្ធិ និងគោលការណ៍ទាំងឡាយនៅក្នុង នីហ្វៃទី 3 27 ឡើយ ) ។
សូមអានឮៗនូវឈ្មោះលើក្រដាសនីមួយៗ ។ ក្រោយពីអ្នកអានឈ្មោះរួចហើយ សូមឲ្យសិស្សទាយ ដោយផ្អែកលើឈ្មោះ ប្រភេទនៃក្លិប ឬក្រុមនោះ ។
-
តើឈ្មោះមួយអាចទាក់ទងទៅនឹងក្លិប និងសមាជិករបស់ក្លិបនោះយ៉ាងណា ?
សូមពន្យល់ថា ភ្លាមៗក្រោយពីការយាងមករបស់ព្រះយេស៊ូវគ្រីស្ទទៅជួបនឹងសាសន៍នីហ្វៃ ពួកសាវកសាសន៍នីហ្វៃទាំងដប់ពីររូបរបស់ទ្រង់បានរួមគ្នាតមអាហារ និងអធិស្ឋាន ( សូមមើល នីហ្វៃទី 327:1 ) ។ សូមឲ្យសិស្សពីរបីនាក់ប្ដូរវេនគ្នាអានឮៗពី នីហ្វៃទី 3 27:2–7 ។ សូមឲ្យសិស្សក្នុងថ្នាក់មើលតាម ដោយរកមើលសំណួររបស់សាវក និងចម្លើយរបស់ព្រះអង្គសង្គ្រោះ ។
-
តើព្រះអង្គសង្គ្រោះបានមានបន្ទូលយ៉ាងណាអំពីរបៀបដែលត្រូវហៅសាសនាចក្ររបស់ទ្រង់ ?
-
តើហេតុអ្វីបានជាទ្រង់ដាក់ឈ្មោះសាសនាចក្រតាមព្រះនាមរបស់ទ្រង់ ?
សូមឲ្យសិស្សស្រាវជ្រាវ នីហ្វៃទី 3 27:8–12 ដោយស្ងាត់ៗដោយរកមើលការរៀបរាប់របស់ព្រះអង្គសង្គ្រោះអំពីសាសនាចក្រដ៏ពិតរបស់ទ្រង់ ។ ខណៈពេលដែលពួកគេសិក្សា សូមសរសេរឃ្លាមិនពេញលេញខាងក្រោមនៅលើក្តារខៀន៖
ក្រោយពីសិស្សបានមានពេលគ្រប់គ្រាន់សិក្សាខគម្ពីរទាំងនេះហើយ សូមសួរពួកគេពីរបៀបដែលពួកគេនឹងបំពេញប្រយោគនៅលើក្ដារខៀនដោយផ្អែកលើអ្វីដែលពួកគេបានអាន ។ ( សិស្សនឹងអាចរកឃើញនូវសេចក្ដីពិតខាងក្រោមនេះ ៖ សាសនាចក្រដ៏ពិតរបស់ព្រះយេស៊ូវគ្រីស្ទត្រូវតែបានហៅតាមព្រះនាមរបស់ទ្រង់ ហើយត្រូវបានកសាងឡើងលើដំណឹងល្អរបស់ទ្រង់ )។
-
តើអ្នកគិតថា ហេតុអ្វីបានជាវាសំខាន់ដែលសាសនាក្ររបស់ព្រះអង្គសង្គ្រោះមានព្រះនាមរបស់ទ្រង់ ?
-
តើអ្នកគិតថា វាមានន័យយ៉ាងណាដែលសាសនាចក្រត្រូវបាន « កសាងឡើងនៅលើដំណឹងល្អ [ របស់ទ្រង់ ] » ? ( នីហ្វៃ ទី 3 27:10 ) ។ អ្នកគិតថា ហេតុអ្វីបានជាវាសំខាន់ដែលសាសនាក្រត្រូវបានកសាងឡើងនៅលើដំណឹងល្អរបស់ទ្រង់ជាជាងលើកិច្ចការរបស់មនុស្ស ?
សូមឲ្យសិស្សបំពេញប្រយោគខាងក្រោមនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីរ ឬ សៀវភៅសរសេរ ៖ « ការក្លាយជាសមាជិកសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទគឺសំខាន់សម្រាប់ខ្ញុំដោយសារ …»
នីហ្វៃទី 3 27:13–22
ព្រះយេស៊ូវគ្រីស្ទផ្ដល់និយមន័យដំណឹងល្អរបស់ទ្រង់ និងបង្រៀនអ្វីដែលយើងត្រូវធ្វើដើម្បីឈរដោយឥតកំហុស នៅចំពោះព្រះភក្ត្រទ្រង់ និងព្រះបិតារបស់ទ្រង់
សូមឲ្យសិស្សគិតអំពីរបៀបដែលពួកគេបានមានអារម្មណ៍ នៅពេលពួកគេត្រូវបានគេចាប់ថាពួកគេបានធ្វើអ្វីមួយខុស ។ ( សូមកុំឲ្យពួកគេចែកចាយបទពិសោធន៍ទាំងនេះ ) ។ បន្ទាប់មក សូមឲ្យពួកគេស្រមៃថាតើការឈរនៅចំពោះព្រះភក្ត្រព្រះអម្ចាស់ដើម្បីកាត់សេចក្ដីមានទិដ្ឋភាពបែបណា ។ សូមលើកទឹកចិត្តពួកគេឲ្យសញ្ជឹងគិតពីសំណួរខាងក្រោម ៖
-
តើអ្នកនឹងមានអារម្មណ៍យ៉ាងណា នៅពេលអ្នកនៅចំពោះព្រះភក្ត្រព្រះអម្ចាស់ ប្រសិនបើអ្នកមានទោសនោះ ?
សូមពន្យល់ថាពាក្យ ដំណឹងល្អ មានន័យថា « ព័ត៌មានល្អ » ។ សូមឲ្យសិស្សពីរបីនាក់ប្ដូរវេនគ្នាអានឮៗក្នុង នីហ្វៃទី 3 27:13–16 ហើយសូមឲ្យសិស្សរកមើលដំណឹងល្អនៅក្នុងខគម្ពីរទាំងនេះ ។ សូមឲ្យពួកគេគិតផងដែរអំពីរបៀបដែលដំណឹងល្អនេះទាក់ទងនឹងថ្ងៃដែលពួកគេនឹងឈរនៅមុខព្រះដើម្បីកាត់សេចក្ដី ។
-
ព្រះអង្គសង្គ្រោះបានថ្លែងទីបន្ទាល់ថា ទ្រង់បានមកកាន់ពិភពលោកដើម្បីធ្វើតាមព្រះឆន្ទៈរបស់ព្រះវរបិតារបស់ទ្រង់ ។ យោងតាម នីហ្វៃទី 3 27:14 តើព្រះវរបិតាសួគ៌បានបញ្ជូនព្រះយេស៊ូវគ្រីស្ទមកកាន់ពិភពលោកដើម្បីធ្វើអ្វី ?
-
ដោយផ្អែកលើ នីហ្វៃទី 3 27:13–14 តើអ្វីគឺជាគ្រឹះនៃដំណឹងល្អ ? ( ទោះបីជាសិស្សអាចប្រើពាក្យខុសគ្នាក្ដី ក៏ពួកគេគួររកឃើញនូវសេចក្ដីពិតខាងក្រោមនេះ ៖ គ្រឹះនៃដំណឹងល្អគឺថា ព្រះយេស៊ូវគ្រីស្ទបានធ្វើតាមព្រះឆន្ទៈរបស់ព្រះបិតាទ្រង់ដើម្បីសម្រេចបានដង្វាយធួន ។ អ្នកអាចសុំឲ្យសិស្សសរសេរសេចក្ដីពិតនេះនៅក្នុងព្រះគម្ពីររបស់គេក្បែរ នីហ្វៃទី 3 27:13–14 ) ។
-
ដោយសារព្រះអង្គសង្គ្រោះបានបំពេញតាមព្រះឆន្ទៈរបស់ព្រះបិតាទ្រង់ តើនឹងមានអ្វីកើតឡើងដល់មនុស្សលោក? ( យើងនឹងត្រូវបានលើកឡើងនៅចំពោះទ្រង់ដើម្បីកាត់សេចក្ដីតាមកិច្ចការរបស់យើង ។ )
សូមឲ្យសិស្សស្រាវជ្រាវ នីហ្វៃទី 327:16 ដោយស្ងៀមសា្ងត់ ដោយរកមើលកិច្ចការដែលយើងត្រូវធ្វើដើម្បីទទួលបានពរជ័យទាំងឡាយនៃដង្វាយធួន និងរៀបចំសម្រាប់ការកាត់សេចក្ដី ។ សូមឲ្យសិស្សរៀបរាប់ពីអ្វីដែលពួកគេរកឃើញ ។ សុំឲ្យសិស្សសរសេរចម្លើយរបស់ពួកគេនៅលើក្តារខៀន ។
-
យោងតាមខគម្ពីរនេះ តើពរជ័យអ្វីដែលនឹងកើតមាន ដល់អ្នកដែលប្រែចិត្ត ជ្រមុជទឹក និងកាន់ខ្ជាប់ដរាបដល់ចុងបំផុត ? ( ចម្លើយរបស់សិស្សអាចឆ្លុះបញ្ចាំងអំពីសេចក្ដីពិតខាងក្រោមនេះ ៖ ប្រសិនបើយើងប្រែចិត្ត ជ្រមុជទឹក និងកាន់ខ្ជាប់ដរាបដល់ចុងបំផុត យើងនឹងគ្មានទោសឡើយ នៅពេលយើងឈរនៅចំពោះព្រះដើម្បីកាត់សេចក្ដីនោះ ) ។
សូមឲ្យសិស្សម្នាក់អាន នីហ្វៃទី 3 27:17–19 ឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់មើលតាម ដោយរកមើលអ្វីដែលនឹងកើតឡើងដល់អ្នកណាដែលមិនប្រែចិត្ត ឬស៊ូទ្រាំដល់ទីបញ្ចប់ ។
-
ចេញពីអ្វីដែលអ្នកបានអាន ហេតុអ្វីបានជាកូនចៅរបស់ព្រះវរបិតាសួគ៌ទាំងអស់ត្រូវ ការដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ ?
-
តើមានដំណឹងល្អអ្វីសម្រាប់យើង នៅពេលយើងគិតអំពីការឈរនៅចំពោះព្រះភក្ត្រព្រះអម្ចាស់ដើម្បីកាត់សេចក្ដី ?
សូមឲ្យសិស្សម្នាក់អានឮៗនូវសេចក្ដីថ្លែងការណ៍ខាងក្រោមដោយអែលឌើរ ជែហ្វ្រី អ័រ ហូឡិន នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ៖
« ‹ ដំណឹងល្អ › [ គឺ ]ថា សេចក្ដីស្លាប់ និងនរក [ អាច ]ត្រូវបានរួចផុត ថាកំហុស និងអំពើបាប[ អាច ]ត្រូវបានយកឈ្នះ ថាមានសេចក្ដីសង្ឃឹម ថាមានជំនួយ ថាការណ៍កំបាំងនឹងត្រូវដោះស្រាយ ថាសត្រូវត្រូវបានបង្រ្កាប ។ ដំណឹងល្អគឺថាផ្នូររបស់ មនុស្សគ្រប់គ្នា [ នឹង ]ត្រូវទទេនៅថ្ងៃមួយ ថាព្រលឹងរបស់មនុស្សគ្រប់គ្នា[ អាច ]បរិសុទ្ធម្ដងទៀត ថាកូនរបស់ព្រះ គ្រប់រូប[ អាច ]ត្រឡប់មកកាន់ព្រះបិតា ដែលបានប្រទានជីវិតដល់ពួកគេម្ដងទៀត » ( « Missionary Work and the Atonement » Ensign ខែ មីនា ឆ្នាំ 2001 ទំព័រ 8, 10 ) ។
សូមឲ្យសិស្សម្នាក់អាន នីហ្វៃទី 3 27:20–21 ឮៗ ហើយសូមឲ្យសិស្សក្នុងថ្នាក់រកមើលការអញ្ជើញរបស់ព្រះអង្គសង្គ្រោះចំពោះយើង ។
-
តើអ្វីទៅជាការអញ្ជើញរបស់ព្រះអង្គសង្គ្រោះនៅក្នុងខគម្ពីរទាំងនេះ ?
ដើម្បីជួយសិស្សឲ្យគិតអំពីការខិតខំរបស់គេក្នុងការទទួលការអញ្ជើញនេះ សូមឲ្យពួកគេឆ្លើយតបនឹងសំណួរខាងក្រោមនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីរ ឬ សៀវភៅសរសេរ ។ ( អ្នកអាចសរសេរសំណួរនេះនៅលើក្ដារខៀន ឬអានវាយឺតៗដើម្បីឲ្យសិស្សអាចកត់វាបាន )។
-
ហេតុអ្វីបានជាព្រះអង្គសង្គ្រោះសព្វព្រះទ័យឲ្យអ្នកប្រែចិត្ត ហើយមករកទ្រង់ ?
-
តើអ្នកទទួលយកការអញ្ជើញរបស់ព្រះអង្គសង្គ្រោះនៅក្នុង នីហ្វៃទី 3 27:20–21 ដោយរបៀបណា ?
-
តើអ្នកអាចធ្វើអ្វីខ្លះនាថ្ងៃនេះដើម្បីរៀបចំឈរដោយឥតមានកំហុសនៅចំពោះព្រះភក្ដ្រព្រះអម្ចាស់នោះ ?
សូមឲ្យសិស្សម្នាក់អាន គោលលទ្ធិ និង សេចក្តីសញ្ញា 76:40–42 ឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់មើលតាម ដោយរកមើលការយល់ដឹងបន្ថែមទៀតអំពីមូលហេតុដែលដំណឹងល្អគឺជាព័ត៌មានដ៏ល្អមួយ ។ ( អ្នកអាចសុំឲ្យសិស្សសរសេរ គ. និង ស. 76:40–42 នៅក្នុងព្រះគម្ពីររបស់គេក្បែរ នីហ្វៃទី 3 27:13 )។
នៅដើមមេរៀននេះ អ្នកបានសុំឲ្យសិស្សសញ្ជឹងគិតអំពីអារម្មណ៍ដែលពួកគេអាចមាននៅចំពោះព្រះភក្ដ្រព្រះអម្ចាស់ ប្រសិនបើពួកគេមានកំហុស ។ នៅចំណុចនេះនៃមេរៀន សូមឲ្យពួកគេសញ្ជឹងគិតពីអារម្មណ៍ដែលពួកគេអាចមានចំពោះព្រះភក្ត្រព្រះអង្គសង្គ្រោះ ប្រសិនបើពួកគេបានស្អាតបាតតាមរយៈដង្វាយធួនរបស់ទ្រង់ និងដោយការគោរពតាមគោលការណ៍ ព្រះបញ្ញត្តិទាំងឡាយ និងពិធីបរិសុទ្ធនៃដំណឹងល្អ ។
-
ប្រសិនបើអ្នកអាចនិយាយជាមួយនឹងព្រះអង្គសង្គ្រោះនៅពេលនោះ តើអ្នកនឹងនិយាយអ្វី ?
-
ដោយផ្អែកលើអ្វីដែលបានសិក្សាថ្ងៃនេះ តើអ្នកនឹងពន្យល់ពីដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទដល់មិត្តដោយរបៀបណា ?
នីហ្វៃទី 3 27:23–33
ព្រះយេស៊ូវគ្រីស្ទណែនាំពួកសិស្សរបស់ទ្រង់ឲ្យក្លាយដូចជាទ្រង់
សូមសង្ខេប នីហ្វៃទី 327:23–26 ដោយការពន្យល់ថា ព្រះអង្គសង្គ្រោះបានប្រទានការណែនាំដល់ពួកសាវកសាសន៍នីហ្វៃទាំងដប់ពីររបស់ទ្រង់ និងបានបង្រៀនពួកលោកអំពីការទទួលខុសត្រូវរបស់ពួកលោក ។ សូមឲ្យសិស្សអាន នីហ្វៃទី 327:27 ដោយស្ងៀមស្ងាត់ដោយរកមើលព្រះបញ្ញត្តិដែលទ្រង់បានប្រទានដល់ពួកសាវកដើម្បីជួយពួកគេឲ្យបំពេញតួនាទីជាចៅក្រមរបស់ប្រជាជន ។
-
ហេតុអ្វីបានជាវាសំខាន់សម្រាប់ចៅក្រមរបស់ប្រជាជនដើម្បីក្លាយដូចជាព្រះអង្គសង្គ្រោះ ?
សូមឲ្យសិស្សរំឭក នីហ្វៃទី 327:21 ។
-
តើព្រះអង្គសង្គ្រោះបានបញ្ជាពួកសិស្សឲ្យធ្វើអ្វី ?
-
តើអ្វីទៅជាទំនាក់ទំនងរវាងការធ្វើកិច្ចការរបស់ព្រះអង្គសង្គ្រោះ និងការក្លាយដូចជាទ្រង់ ?
នៅពេលសិស្សពិភាក្សាពីសំណួរនេះ សូមសរសេរគោលការណ៍ខាងក្រោមនៅលើក្ដារខៀន ៖ ព្រះអម្ចាស់រំពឹងថាពួកសិស្សរបស់ទ្រង់ធ្វើកិច្ចការរបស់ទ្រង់ ហើយក្លាយដូចជាទ្រង់ ។
-
តើមានរបៀបណាខ្លះដែលយើងអាចក្លាយដូចជាព្រះអង្គសង្គ្រោះ ? តើមានកិច្ចការណាខ្លះដែលយើងអាចធ្វើ នៅពេលយើងធ្វើតាមគំរូរបស់ទ្រង់ ?
-
តើអ្នកធ្លាប់ត្រូវបានប្រទានពរ នៅពេលអ្នកបានព្យាយាមធ្វើតាមគំរូរបស់ព្រះអង្គសង្គ្រោះតាមវិធីណាខ្លះ ?
សូមបញ្ចប់មេរៀនដោយធ្វើទីបន្ទាល់អំពីពរជ័យដែលកើតមាន នៅពេលយើងខិតខំដើម្បីក្លាយដូចជាព្រះយេស៊ូវគ្រីស្ទ ។