មេរៀនទី 43
យ៉ាកុប 1–យ៉ាកុប 2:11
សេចក្តីផ្ដើម
ក្រោយពីការស្លាប់របស់នីហ្វៃ សាសន៍នីហ្វៃបានចាប់ផ្ដើម « បណ្ដោយខ្លួនឲ្យប្រព្រឹត្តអំពើទុច្ចរិត » នៅក្រោមរជ្ជកាលរបស់ស្ដេចថ្មីមួយអង្គ ( យ៉ាកុប 1:15 ) ។ យ៉ាកុប និងប្អូនប្រុសរបស់គាត់ គឺយ៉ូសែប ត្រូវបានតែងតាំងដោយនីហ្វៃឲ្យធ្វើជាសង្ឃ និង គ្រូនៃប្រជាជន ហើយពួកគេបានធ្វើការដោយឧស្សាហ៍ព្យាយាមដើម្បីបញ្ចុះបញ្ចូលប្រជាជនឲ្យប្រែចិត្ត ហើយមករកព្រះគ្រីស្ទ ។ យ៉ាកុបបានគោរពតាមការបញ្ជារបស់នីហ្វៃ ដើម្បីកត់ត្រាការបង្រៀន វិវរណៈ និង ការព្យាករណ៍ដ៏ពិសិដ្ឋទាំងឡាយនៅលើផ្ទាំងតូច ។
យោបល់សម្រាប់ការបង្រៀន
យ៉ាកុប 1:1–8
យ៉ាកុបកត់ត្រាសេចក្ដីពិតដ៏ពិសិដ្ឋ និង ធ្វើការដើម្បីជួយដល់អ្នកដទៃឲ្យមករកព្រះយេស៊ូវគ្រីស្ទ
សូមឲ្យសិស្សផ្ដល់ឧទាហរណ៍នានានៃងារខុសៗគ្នានៃអ្នកដឹកនាំបព្វជិតភាពទាំងឡាយ ។ ( ចម្លើយអាចរួមមាន ព្យាការី និង សាវក អ្នកដឹកនាំសិទ្ធិអំណាចទូទៅ ប្រធានសេ្ដក ប៊ីស្សព និង ប្រធានកូរ៉ុម ។ សូមអញ្ជើញសិស្សពីរបីនាក់ឲ្យចែកចាយសង្ខេបៗពីរបៀបខ្លះៗ ដែលអ្នកដឹកនាំបព្វជិតភាពទាំងឡាយបានប្រទានពរដល់ជីវិតរបស់ពួកគេតាមរយៈការបម្រើបព្វជិតភាព ។
សូមពន្យល់ថា នីហ្វៃបានតែងតាំងប្អូនប្រុសក្មេងរបស់គាត់ យ៉ាកុប និង យ៉ូសែប ជាសង្ឃ និង គ្រូនៃប្រជាជននេះ ( សូមមើល នីហ្វៃទី2 5:26; យ៉ាកុប 1:18 ) ។ នៅពេលនីហ្វៃជិតដល់ចុងបញ្ចប់នៃជីវិតរបស់គាត់ហើយ គាត់បានឲ្យយ៉ាកុបទទួលបន្ទុកលើផ្ទាំងទាំងឡាយដែលមានកំណត់ត្រានៃប្រជាជនរបស់ពួកគេ ។
សូមអញ្ជើញសិស្សឲ្យអាន យ៉ាកុប 1:1–4 ដោយស្ងាត់ស្ងៀម ។ សូមឲ្យពួកគេរកមើលអ្វីដែលនីហ្វៃបានបញ្ជាដល់យ៉ាកុបឲ្យកត់ត្រានៅលើផ្ទាំងនេះ និង ពីមូលហេតុផង ។ ( អ្នកអាចស្នើថា សិស្សគួរតែគូសចំណាំការណែនាំរបស់នីហ្វៃទៅដល់យ៉ាកុប ) ក្រោយពីសិស្សមានពេលអានគ្រប់គ្រាន់ហើយ សូមអញ្ជើញពួកគេពីរបីនាក់ឲ្យប្រាប់សិស្សក្នុងថ្នាក់ពីអ្វីដែលពួកគេបានរកឃើញ ។
ប្រសិនបើសិស្សមិនបានលើកឡើងទេ សូមបង្ហាញឃ្លាចុងក្រោយគេបង្អស់នៃ យ៉ាកុប 1:4— « ដោយយល់ដល់ប្រជាជនរបស់យើង » ។
-
តើឃ្លា « ដោយយល់ដល់ប្រជាជនរបស់យើង » មានអត្ថន័យយ៉ាងណាដែរ ? ( ដើម្បីជាប្រយោជន៍ដល់ពួកគេ )
សូមអញ្ជើញសិស្សម្នាក់ឲ្យអាន យ៉ាកុប 1:5–6 ឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់រកមើលអ្វីដែលព្រះអម្ចាស់បានបើកសម្ដែងដល់យ៉ាកុប និង យ៉ូសែប ថានឹងជួយពួកគេឲ្យបង្រៀនដល់ប្រជាជនរបស់ពួកគេ ។ ( អ្នកអាចពន្យល់ថា « សេចក្ដីបារម្ភដ៏ខ្លាំង » សំដៅលើការព្រួយជាខ្លាំងរបស់ពួកគេទៅលើប្រជាជននេះ )
-
តើព្រះអម្ចាស់បានបើកសម្ដែងអ្វីខ្លះ ដល់យ៉ាកុប និង យ៉ូសែប ? ( ទ្រង់បានបង្ហាញពួកគេពីអ្វីដែលនឹងកើតឡើងដល់សាសន៍នីហ្វៃនៅក្នុងពេលអនាគត ហើយទ្រង់បានសម្ដែងពីសេចក្ដីលម្អិតអំពីការយាងមកនៃព្រះគ្រីស្ទ )
-
តើការដឹងពីរឿងទាំងនេះអាចជួយយ៉ាកុប និង យ៉ូសែបនៅក្នុងការបង្រៀនប្រជាជនរបស់ពួកគេដោយរបៀបណា ?
សូមសរសេរពាក្យ បញ្ចុះបញ្ចូល នៅលើក្ដារខៀន ។ សូមឲ្យសិស្សអាន យ៉ាកុប 1:7–8ដោយស្ងាត់ៗ ដោយរកមើលនូវអ្វីដែលយ៉ាកុប និង យ៉ូសែបចង់បញ្ចុះបញ្ចូលប្រជាជនរបស់គេឲ្យធ្វើនោះ ។ ( អ្នកអាចស្នើថា សិស្សគួរតែគូសចំណាំនូវអ្វីដែលពួកគេបានរកឃើញនោះ ) សូមអញ្ជើញសិស្សបីបួននាក់ឲ្យសរសេរនៅលើក្ដារខៀន នូវរឿងមួយដែលពួកគេរកឃើញ ។
យោងតាមអ្វីដែលសរសេរនៅលើក្ដារខៀននោះ សូមអញ្ជើញសិស្សឲ្យចង្អុលទៅឃ្លាមួយ ឬ ពីរដែលពួកគេចង់យល់បន្ថែមទៀត ។ នៅពេលសិស្សចង្អុលទៅឃ្លាទាំងនេះហើយ សូមសាកសួរក្រែងមានសិស្សផ្សេងទៀតអាចជួយពន្យល់ថាបាន ។ នៅក្នុងការពិភាក្សានេះ និយមន័យខាងក្រោមអាចជួយបានច្រើន ៖
« ចូលក្នុងសេចក្ដីសម្រាករបស់ទ្រង់ » —ការចូលក្នុងសេចក្ដីសម្រាករបស់ព្រះអម្ចាស់ មានន័យថាការរីករាយនឹងសេចក្ដីសុខសាន្ដនៅក្នុងជីវិតនេះ និង ការទទួលបាននូវ « ភាពពោរពេញនៃសិរីល្អ [ របស់ព្រះ ] នៅក្នុងជីវិតបន្ទាប់ពីជីវិតនេះ ( គ . និង ស . 84:24 ) ។
« យល់ដល់សារៈប្រយោជន៍នៃការសុគត [ របស់ព្រះគ្រីស្ទ ] » —និយមន័យមួយនៃ យល់ដល់សារៈប្រយោជន៍ គឺមើល ឬ ពិនិត្យដោយប្រុងប្រយ័ត្ន ។ នៅពេលយ៉ាកុបបានសរសេរថា គាត់ចង់បញ្ចុះបញ្ចូលប្រជាជនឲ្យ « ជឿដល់ព្រះគ្រីស្ទ យល់ដល់សារៈប្រយោជន៍នៃការសុគតរបស់ទ្រង់ » គាត់អាចមានន័យថា គាត់ចង់ឲ្យពួកគេពិនិត្យពីដង្វាយរបស់ព្រះយេស៊ូវគ្រីស្ទដោយប្រុងប្រយ័ត្ន យល់ពីសារៈសំខាន់របស់វា និង ទទួលបានទីបន្ទាល់ផ្ទាល់ខ្លួនមួយអំពីវា ។
« លីឈើឆ្កាងទ្រង់ » —ឃ្លានេះសំដៅទៅលើឆន្ទៈរបស់យើងដើម្បីបដិសេធចំពោះខ្លួនឯងទៅនឹងការមិនការដឹកនាំពីព្រះ និង ចំណង់ខាងលោកិយ ហើយកាន់តាមព្រះបញ្ញត្តិទាំងឡាយរបស់ព្រះអម្ចាស់ ( សូមមើល ការបកប្រែដោយយ៉ូសែប ស្ម៊ីធ ម៉ាថាយ 16:26 [ នៅក្នុង ម៉ាថាយ 16:24 លេខយោង d ] ; លូកា 9:23; នីហ្វៃទី2 9:18 ) ។ វាក៏សំដៅទៅលើឆន្ទៈរបស់យើងក្នុងការកាន់ខ្ជាប់ និង ពលិកម្ម នៅពេលយើងធ្វើតាមព្រះអង្គសង្គ្រោះ ។
« ស៊ូរងនូវការអាម៉ាស់នៃមនុស្សលោក »—ឃ្លានេះសំដៅទៅលើការកាន់តាមព្រះបញ្ញត្តិទាំងឡាយ ថ្វីបើមានសម្ពាធពីពិភពលោក ការអាម៉ាស់ និង ការប្រឆាំងជំទាស់ដែលមកដល់សិស្សរបស់ព្រះយេស៊ូវគ្រីស្ទជាញឹកញាប់ក្ដី ។
សូមឲ្យសិស្សសង្ខេបនូវអ្វីដែលពួកគេបានរៀនពី យ៉ាកុប 1:1–8 អំពីទំនួលខុសត្រូវរបស់អ្នកដឹកនាំបព្វជិតភាពទាំងឡាយ ។ នៅពេលសិស្សចែកចាយគំនិតរបស់ពួកគេ សូមបញ្ជាក់ថា អ្នកដឹកនាំបព្វជិតភាពទាំងឡាយធ្វើការដោយឧស្សាហ៍ព្យាយាមដើម្បីជួយយើងឲ្យមករកព្រះគ្រីស្ទ ។( អ្នកអាចសរសេរគោលការណ៍នេះដាក់លើក្ដារខៀនបាន ) ។
-
តើអ្នកដឹកនាំបព្វជិតភាពទាំងឡាយរបស់យើង ធ្វើការដើម្បីជួយយើងឲ្យមករកព្រះគ្រីស្ទដោយរបៀបណា ?
សូមផ្ដល់ពេលពីរបីនាទីដល់សិស្សឲ្យសរសេរនៅក្នុងកំណត់ហេតុសិក្សាព្រះគម្ពីររបស់ពួកគេអំពីរបៀបដែលព្យាការី ឬ អ្នកដឹកនាំបព្វជិតភាពទាំងឡាយផ្សេងទៀតបានជួយពួកគេនៅក្នុងតំបន់មួយ ឬ ពីរដែលពួកគេបានឃើញនៅក្នុង យ៉ាកុប 1:7–8 ។ សូមអញ្ជើញសិស្សពីរបីនាក់ឲ្យចែកចាយពីអ្វីដែលពួកគេបានសរសេរ ។ សូមរំឭកពួកគេថា ពួកគេមិនចាំបាច់ចែកចាយអ្វីៗដែលវាផ្ទាល់ខ្លួន ឬ ឯកជនពេកនោះទេ )
យ៉ាកុប 1:9–2:11
យ៉ាកុបព្រមានដល់ប្រជាជនអំពីសេចក្ដីទុច្ចរិតរបស់ពួកគេ
សូមលើកទឹកចិត្តសិស្សឲ្យសញ្ជឹងគិតអំពីសំណួរខាងក្រោម អំឡុងពេលរៀនមេរៀននេះ ៖
-
ហេតុអ្វីបានជាអ្នកដឹកនាសាសនាចក្រទាំងឡាយព្រមានយើងពីអំពើបាប ?
យ៉ាកុបបានកត់ត្រាថា ក្រោយពីការស្លាប់របស់បងប្រុសគាត់ នីហ្វៃ នោះប្រជាជនបានចាប់ផ្ដើមបណ្ដោយទៅតាមការធ្វើអំពើទុច្ចរិតមួយចំនួន ។ សូមអញ្ជើញសិស្សឲ្យអាន យ៉ាកុប 1:15–16 ដោយស្ងាត់ស្ងៀម ។ សូមឲ្យពួកគេរកមើលបញ្ហាបីយ៉ាងដែលធ្វើឲ្យយ៉ាកុបព្រួយបារម្ភ ។ ( នៅពេលសិស្សឆ្លើយរួចហើយ អ្នកអាចសរសេរពាក្យ ភាពអសីលធម៌ ភាពលោភលន់នៃលោកិយ និង អំនួត នៅលើក្ដារខៀន ) ។
សូមឲ្យសិស្សអាន យ៉ាកុប 1:17–19 ដោយស្ងាត់ៗ ដោយរកមើលអ្វីដែលយ៉ាកុប និង យ៉ូសែបបានធ្វើដើម្បីជួយប្រជាជនរបស់គាត់ ។ សូមឲ្យពួកគេរៀបរាប់ពីអ្វីដែលពួកគេរកឃើញ ។ សូមអញ្ជើញសិស្សម្នាក់ឲ្យសរសេរចម្លើយរបស់ពួកគេនៅលើក្តារខៀន ។
-
តើអ្នកគិតថា វាមានន័យយ៉ាងណាដែរ ក្នុងការទទួលបាន « ភារកិច្ចមួយមកពីព្រះអម្ចាស់ » ? ( យ៉ាកុប1:17 ) ។ ( ដើម្បីរៀនពីអ្វីដែលព្រះអម្ចាស់ចង់ឲ្យយើងធ្វើ )
សូមអញ្ជើញសិស្សម្នាក់ឲ្យអានឮៗនូវសេចក្ដីថ្លែងការណ៍ខាងក្រោមដោយអែលឌើរ ជែហ្វ្រីអ័រ.ហូឡិន នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ។ សូមឲ្យសិស្សក្នុងថ្នាក់ស្ដាប់និងស្វែងរករបៀបដែលអ្នកដឹកនាំសាសនាចក្រស្វែងរកភារកិច្ចរបស់ពួកគេមកពីព្រះអម្ចាស់ នៅពេលពួកគេរៀបចំបង្រៀននៅក្នុងសន្និសីទទូទៅ ៖
« ប្រហែលអ្នកបានដឹងហើយ ( ប៉ុន្ដែប្រសិនបើអ្នកមិនបានដឹងទេ អ្នកគួរតែដឹង ) ថា ដោយមានករណីលើកលែងតិចតួចបំផុត នោះគ្មានបុរស ឬ ស្ដ្រីណាដែលនិយាយ [ នៅក្នុងសន្និសីទទូទៅ ] ត្រូវបានផ្ដល់ប្រធានបទមួយឲ្យនោះទេ ។ ម្នាក់ៗត្រូវតមអាហារ និងអធិស្ឋាន សិក្សា និងស្វែងរក ចាប់ផ្ដើម និងឈប់ ហើយចាប់ផ្ដើមម្ដងទៀត រហូតដល់គាត់មានទំនុកចិត្តថា សម្រាប់សន្និសីទនេះ នៅពេលនេះ វាគឺជាប្រធានបទមួយដែលព្រះអម្ចាស់ចង់ឲ្យអ្នកនិយាយនោះថ្លែងដោយមិនគិតអំពីបំណងផ្ទាល់ខ្លួន ឬ ការពេញចិត្តឯកជននោះទេ ។ … ម្នាក់ៗបានយំ ព្រួយបារម្ភ និង បានស្វែងរកការដឹកនាំរបស់ព្រះអម្ចាស់ដោយស្មោះអស់ពីចិត្តដើម្បីដឹកនាំគំនិត និង ការនិយាយរបស់គាត់ » ( « An Ensign to the Nations » Ensignឬលីអាហូណាខែ ឧសភា ឆ្នាំ 2011ទំព័រ 111 ) ។
-
តើអ្នកនិយាយនៅក្នុងសន្និសីទទូទៅធ្វើអ្វីខ្លះ ដើម្បីស្វែងរកភារកិច្ចរបស់ពួកគេមកពីព្រះអម្ចាស់នោះ ?
-
ហេតុអ្វីបានជាវាសំខាន់ដើម្បីយល់ថា អ្នកដឹកនាំសាសនាចក្រទាំងឡាយចង់បង្រៀនយើងនូវអ្វីដែលព្រះអម្ចាស់ចង់ឲ្យយើងដឹងនោះ ? តើការចាំពីរឿងនេះ អាចមានឥទ្ធិពលមកលើឥរិយាបថរបស់យើងយ៉ាងណាដែរ នៅពេលយើងស្ដាប់ពួកគាត់បង្រៀន ?
-
យោងតាម យ៉ាកុប 1:19 តើអ្វីខ្លះជាទំនួលខុសត្រូវរបស់យ៉ាកុប និង យ៉ូសែប ? ( នៅពេលសិស្សឆ្លើយ សូមប្រាកដថាពួកគេយល់ថា អ្នកដឹកនាំបព្វជិតភាពទាំងឡាយមានទំនួលខុសត្រូវដ៏ទេវភាពដែលបានផ្ដល់ទៅឲ្យពួកគាត់ដើម្បីបង្រៀននូវព្រះបន្ទូលនៃព្រះ និង ព្រមានអំពីអំពើបាប ។អ្នកអាចសរសេរសេចក្ដីពិតនេះនៅលើក្ដារខៀន )
-
ហេតុអ្វីបានជាវាគឺជាពរជ័យមួយដើម្បីមានឪពុកម្ដាយ និង អ្នកដឹកនាំសាសនាចក្រដែលព្រមានយើងពីឥរិយាបថ និង អាកប្បកិរិយាដែលពោរពេញដោយអំពើបាបនោះ ?
-
តើយ៉ាកុបបានប្រើពាក្យអ្វីខ្លះ ដើម្បីពិពណ៌នាពីរបៀបដែលពួកគេត្រូវបង្រៀន ? តើនឹងមានផលវិបាកអ្វី បើសិនជាពួកគេមិនបានបំពេញការទទួលខុសត្រូវរបស់ពួកគេនោះ ?
សូមឲ្យសិស្សគិតថាតើពួកគេមានអារម្មណ៍យ៉ាងណា ប្រសិនបើពួកគេនៅក្នុងតំណែងជាអ្នកដឹកនាំមួយដូចជាយ៉ាកុប ហើយត្រូវបំផុសគំនិតឲ្យហៅប្រជាជនឲ្យធ្វើការប្រែចិត្តពីអំពើអសីលធម៌ ភាពខាងលោកិយ និង អំនួតនោះ ។ សូមបែងចែកសិស្សទៅជាគូៗ ។ សូមអញ្ជើញដៃគូទាំងអស់ឲ្យប្ដូរវេនគ្នាអានឲ្យគ្នាទៅវិញទៅមកក្នុង យ៉ាកុប 2:1–3, 6–7, 10–11 ។ សូមឲ្យពួកគេរកមើលឃ្លាដែលបង្ហាញពីអារម្មណ៍របស់យ៉ាកុប អំពីកិច្ចការរបស់គាត់ក្នុងការហៅប្រជាជនឲ្យប្រែចិត្ត ។ ក្រោយពីមានពេលគ្រប់គ្រាន់ហើយ សូមអញ្ជើញសិស្សឲ្យចែកចាយការរកឃើញរបស់ពួកគេជាមួយនឹងសិស្សក្នុងថ្នាក់ ។
-
តើឃ្លាទាំងនេះបង្ហាញអ្វីខ្លះ អំពីអារម្មណ៍របស់យ៉ាកុបចំពោះការហៅប្រជាជនគាត់ឲ្យប្រែចិត្ត ? ( សូមធ្វើយ៉ាងណាជួយសិស្សឲ្យយល់ថា ទោះបីជាយ៉ាកុបឃើញថាការទទួលខុសត្រូវរបស់គាត់ពិបាកក្ដី ក៏គាត់នៅតែធ្វើវា ដោយសារគាត់យកចិត្តទុកដាក់នឹងប្រជាជនរបស់គាត់ និង ដោយសារគាត់ចង់គោរពតាមបញ្ញត្តិរបស់ព្រះ ) ។
សូមបញ្ចប់ ដោយឲ្យសិស្សសរសេរនៅក្នុងកំណត់ហេតុសិក្សាព្រះគម្ពីររបស់ពួកគេអំពី (1) អ្វីដែលអ្នកដឹកនាំសាសនាចក្រទាំងឡាយបានបង្រៀនពួកគេក្នុងពេលថ្មីៗនេះ និង ពីរបៀបដែលពួកគេអាចអនុវត្តវានៅក្នុងជីវិតរបស់ពួកគេ ឬ (2) របៀបដែលពួកគេអាចអនុវត្តអ្វីដែលពួកគេបានរៀននៅថ្ងៃនេះនៅក្នុងការហៅបម្រើរបស់ពួកគេនៅក្នុងថ្នាក់ ឬ គណៈប្រធានកូរ៉ុម ក្នុងការទទួលខុសត្រូវរបស់ពួកគេជាគ្រូបង្រៀនតាមផ្ទះ ឬ នៅក្នុងឱកាសដឹកនាំផ្សេងៗទៀត ។ ( អ្នកអាចសរសេរការណែនាំទាំងនេះនៅលើក្ដារខៀន ) សូមលើកទឹកចិត្តសិស្សឲ្យធ្វើតាមការទូន្មានរបស់អ្នកដឹកនាំបព្វជិតភាពរបស់ពួកគេ ។ សូមបញ្ចប់ដោយការថ្លែងទីបន្ទាល់របស់អ្នក អំពីគោលការណ៍ដែលបានបង្រៀននៅក្នុងមេរៀននេះ ។