មេរៀនទី 53
ម៉ូសាយ 3
សេចក្តីផ្ដើម
ដោយបន្ដថ្លែងព្រះបន្ទូលទ្រង់ទៅកាន់ប្រជាជន ស្ដេចបេនយ៉ាមីនបានដកស្រង់ព្រះបន្ទូលរបស់ទេវតាដែលបានមានបន្ទូលមកកាន់ទ្រង់ ទាក់ទងនឹងការបម្រើរបស់ព្រះយេស៊ូវគ្រីស្ទ ។ សេ្ដចបេនយ៉ាមីនបានថ្លែងទីបន្ទាល់ថា តាមរយៈសេចក្ដីជំនឿទៅលើព្រះយេស៊ូវគ្រីស្ទ និង ការប្រែចិត្ត នោះអស់អ្នកដែលមានបាបអាចទទួលបានសេចក្ដីសង្រ្គោះ ។ ទ្រង់ក៏បានបង្រៀនថា តាមរយៈដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ នោះបុគ្គលម្នាក់ៗដែលមានបំណងទៅតាមការលួងលោមនៃព្រះវិញ្ញាណបរិសុទ្ធ “ ឲ្យសម្រាតភាពខាងសាច់ឈាមចេញ ហើយក្លាយទៅជាអ្នកបរិសុទ្ធវិញ ” ( ម៉ូសាយ 3:19 ) ។
យោបល់សម្រាប់ការបង្រៀន
កំណត់ចំណាំ ៖ ប្រសិនបើក្នុងមេរៀនមុន អ្នកបានលើកទឹកចិត្តឲ្យសិស្សទន្ទេញ និង អនុវត្ត ម៉ូសាយ 2:17 ហើយ សូមផ្ដល់ឱកាសដល់ពួកគេឲ្យចែកចាយពីបទពិសោធន៍របស់ពួកគេនៅក្នុងថ្នាក់ ។ សូមប្រយ័ត្នកុំយកពេលច្រើនពេកក្នុងការរំឭកនេះ ។ សូមទុកពេលសមល្មមដើម្បីពិភាក្សាពីគោលលទ្ធិ និង គោលការណ៍នានានៅក្នុង ម៉ូសាយ 3។
ម៉ូសាយ 3:1–10
ស្ដេចបេនយ៉ាមីនបានមានបន្ទូលពីព្រះបន្ទូលរបស់ទេវតាអំពីដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ
សូមបង្ហាញកែវទទេមួយ និង ប្រដាប់ដាក់ទឹកមួយ ។ សូមឲ្យសិស្សម្នាក់បង្ហាញថា តើគេនឹងចាក់ទឹកច្រើនប៉ុណ្ណាទៅក្នុងកែវឲ្យនរណាម្នាក់ដែលគ្រាន់តែចង់ភ្លក់ទឹកនោះ ។ បន្ទាប់មក សូមឲ្យសិស្សនោះបង្ហាញថា តើគេនឹងចាក់ទឹកច្រើនប៉ុណ្ណាសម្រាប់អ្នកដែលចង់ញ៉ាំទឹកឲ្យឆ្អែត ។ សូមឲ្យសិស្សគិតអំពីសំណួរខាងក្រោមនេះ ៖
-
ប្រសិនបើទឹកតំណាងឲ្យសេចក្ដីអំណរ តើអ្នកនឹងចង់ចាក់ប៉ុណ្ណាទៅក្នុងកែវរបស់អ្នក ?
សូមពន្យល់ដល់សិស្សថា ការបង្រៀននៅក្នុង ម៉ូសាយ 3 នឹងជួយពួកគេឲ្យឃើញថាពួកគេអាចពោរពេញដោយសេចក្ដីអំណរច្រើនប៉ុណ្ណា ។
សូមឲ្យសិស្សម្នាក់អាន ម៉ូសាយ 3:2–5 ឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់រកមើលប្រភពនៃសារលិខិតរបស់ស្ដេចបេនយ៉ាមីននៅក្នុង ម៉ូសាយ 3 ។
សូមបញ្ជាក់ថា ម៉ូសាយ 3 រួមមាននូវការប្រកាសរបស់ទេវតាអំពី “ ដំណឹងដ៏រីករាយមួយពីសេចក្ដីអំណរយ៉ាងអស្ចារ្យ ” ( ម៉ូសាយ 3:3 ។ សូមឲ្យសិស្សពីរបីនាក់ឆ្លាស់វេនគ្នាអានឮៗនៅក្នុង ម៉ូសាយ 3:5–10 ។ សូមឲ្យសិស្សរកមើលពាក្យ ឬ ឃ្លាដែលជួយពួកគេឲ្យកោតសរសើរដល់ការបម្រើរបស់ព្រះយេស៊ូវគ្រីស្ទកាន់តែខ្លាំង ។ អ្នកអាចផ្ដល់យោបល់ថា ពួកគេគួរតែគូសចំណាំពាក្យ និង ឃ្លាទាំងនេះ ។ សូមអញ្ជើញសិស្សឲ្យចែកចាយនូវពាក្យ និង ឃ្លាទាំងឡាយដែលពួកគេរកឃើញ ។
-
តើម៉ូសាយ 3:7 ជួយអ្នកឲ្យយល់អំពីបេសកកម្មរបស់ព្រះអង្គសង្គ្រោះដូចម្ដេចខ្លះ ?
-
តើអ្នកគិតថា ហេតុអ្វីបានជាទេវតាបាននិយាយថា សារលិខិតនេះនឹងនាំមកនូវសេចក្ដីអំណរយ៉ាងអស្ចារ្យ ?
សូមឲ្យសិស្សសរសេរការសង្ខេបមួយបន្ទាត់ពី ម៉ូសាយ 3:5–10 នៅក្នុងកំណត់ហេតុសិក្សាព្រះគម្ពីរ ឬ សៀវភៅសរសេរក្នុងថ្នាក់របស់ពួកគេ ។ ក្រោយពីពួកគេមានពេលសរសេរគ្រប់គ្រាន់ហើយ សូមឲ្យសិស្សពីរបីនាក់ចែកចាយអ្វីដែលពួកគេបានសរសេរ ។ សេចក្ដីសង្ខេបរបស់សិស្សអាចបង្ហាញពីការយល់អំពីការបង្រៀនរបស់ទេវតាថា ព្រះយេស៊ូវគ្រីស្ទបានរងទុក្ខ ដើម្បីឲ្យយើងអាចត្រូវបានសង្គ្រោះចេញពីអំពើបាបរបស់យើង ។
អ្នកអាចតាមដានចម្លើយរបស់សិស្សជាមួយនឹងសំណួរខាងក្រោម ៖
-
តើអ្នកមានអារម្មណ៍យ៉ាងណា នៅពេលអ្នកគិតអំពីអ្វីដែលព្រះអង្គសង្គ្រោះបានធ្វើសម្រាប់អ្នក ?
ដើម្បីជួយសិស្សឲ្យយល់កាន់តែច្បាស់អំពីការរងទុក្ខរបស់ព្រះអង្គសង្រ្គោះ សូមចែកចាយនូវសេចក្ដីថ្លែងការណ៍ដូចខាងក្រោមដោយអែលឌើរ ជេម អ៊ិ ថាល់មេហ្គ នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ៖
“ ការឈឺចាប់របស់ព្រះគ្រីស្ទនៅក្នុងសួនច្បារ គឺមិនមានគំនិតណាមួយអាចយល់បាន ទាំងខាងកម្លាំង និង មូលហេតុទេ ។ … ទ្រង់បានស៊ូទ្រាំ និង ថ្ងូរក្នុងការរែកទុក្ខដែលមិនដូចជាអ្នកផ្សេងទៀត ដែលបានរស់នៅលើផែនដីអាចយល់បាន ។ វាមិនមែនជាការឈឺចាប់ខាងសាច់ឈាម ហើយក៏មិនមែនការតានតឹងខាងអារម្មណ៍តែមួយមុខនោះទេ ដែលធ្វើឲ្យទ្រង់រងទុក្ខបែបនោះ រហូតដល់ចេញឈាមតាមរន្ធញើសទាំងអស់ ប៉ុន្ដែវាជាការថ្ងូរខាងដួងព្រលឹងវិញ្ញាណក្នុងនាមជាព្រះ ដែលអាចយល់ពីការនេះ ។ … នៅក្នុងពេលថ្ងូរនោះ ព្រះគ្រីស្ទបានជួប និង យកឈ្នះលើការភ័យខ្លាចទាំងអស់ដែលសាតាំង ‹ ជាចៅហ្វាយរបស់លោកកិយនេះ › អាចដាក់ទោស ។ … តាមរបៀបខ្លះ ការពិតជាក់ស្ដែង និង គួរឲ្យខ្លាចដែលមនុស្សមិនអាចយល់បាន ព្រះអង្គសង្គ្រោះបានយកមកដាក់លើអង្គទ្រង់នូវអំពើបាបទាំងឡាយនៃមនុស្សជាតិ តាំងពីអ័ដាមទៅដល់ទីបញ្ចប់នៃពិភពលោក ” ( Jesus the Christ ការបោះពុម្ពលើកទី 3 [ ឆ្នាំ 1916 ], ទំព័រ 613 ) ។
ម៉ូសាយ 3:11–27
ស្ដេចបេនយ៉ាមីនបានថ្លែងទីបន្ទាល់ថា តាមរយៈដង្វាយធួននៃព្រះយេស៊ូវគ្រីស្ទ យើងអាចសម្រាតភាពខាងសាច់ឈាមចេញ ហើយក្លាយជាអ្នកបរិសុទ្ធ ។
សូមប្រាប់សិស្សថា ស្ដេចបេនយ៉ាមីនបានចែកចាយនូវការពិពណ៌នារបស់ទេវតាអំពីក្រុមមនុស្សខុសគ្នា និង ពីរបៀបដែលដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទអនុវត្តដល់ក្រុមនីមួយៗ ។ សូមសរសេរសំណួរខាងក្រោមនៅលើក្តារខៀន ។ សូមឲ្យសិស្សអាន ម៉ូសាយ 3:11–13, 16 ដោយស្ងាត់ស្ងៀម ដោយរកមើលចម្លើយចំពោះសំណួរខាងក្រោមនេះ ៖
ក្រោយពីមានពេលគ្រប់គ្រាន់ហើយ សូមឲ្យសិស្សចែកចាយចម្លើយរបស់ពួកគេនឹងសំណួរទាំងនេះ ។ ( ដើម្បីជួយពួកគេឲ្យឆ្លើយនឹងសំណួរទីមួយ អ្នកអាចឲ្យពួកគេអាន គោលលទ្ធិ និង សេចក្ដីសញ្ញា 137:7–10។ ដើម្បីជួយពួកគេឆ្លើយនឹងសំណួរទីបី អ្នកអាចឲ្យពួកគេអាន មរ៉ូណៃ 8:8, 17 និង គោលលទ្ធិ និង សេចក្ដីសញ្ញា 29:46–47 ។
សូមអានសេចក្ដីថ្លែងការណ៍ខាងក្រោមដោយអែលឌើរ ដាល្លិន អេក អូក នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់អំពីឥទ្ធិពលនៃដង្វាយធួនចំពោះកូនចៅរបស់ព្រះវរបិតាសួគ៌ទាំងអស់ ៖
“ យើង … បានអានថា ‹ព្រះលោហិតរបស់ទ្រង់ក៏នឹងធ្វើឲ្យធួននឹងបាបនៃអស់អ្នកណា … ដែលស្លាប់ទៅដោយមិនបានដឹងអំពីព្រះហឬទ័យនៃព្រះចំពោះពួកគេ ឬ ក៏អស់អ្នកណាដែលមានបាបដោយសារល្ងង់ខ្លៅ › ( ម៉ូសាយ 3:11 ) ។ ដូចគ្នាដែរ ‹ ព្រះលោហិតនៃព្រះគ្រីស្ទនឹងធ្វើឲ្យធួននឹងបាបរបស់ [ ពួកកូនក្មេង ] ដែរ › ( ម៉ូសាយ 3:16 ) ។ ការបង្រៀនទាំងនេះថា អំណាចនៃដង្វាយធួនដែលធ្វើឲ្យរស់ឡើងវិញ និង លាងសម្អាតនោះ គឺបដិសេធអ្វីទាំងអស់ដែលអះអាងថា ព្រះគុណនៃព្រះ សង្គ្រោះតែអ្នកដែលត្រូវបានជ្រើសរើសមួយចំនួនតូចប៉ុណ្ណោះ ។ ព្រះគុណរបស់ទ្រង់គឺសម្រាប់ទាំងអស់គ្នា ។ ក្នុងព្រះគម្ពីរមរមន ការបង្រៀនទាំងនេះបានពង្រីកការយល់ដឹងរបស់យើង និង បំភ្លឺការយល់របស់យើងអំពីសេចក្ដីស្រឡាញ់ដល់មនុស្សទាំងអស់របស់ព្រះ និង អំពីឥទ្ធិពលដ៏ធំធេងនៃដង្វាយធួនរបស់ទ្រង់សម្រាប់មនុស្សទាំងអស់នៅគ្រប់ទីកន្លែង ” ( “ មនុស្សទាំងអស់គ្រប់ទីកន្លែង ” Ensign ឬ លីអាហូណា ខែ ឧសភា ឆ្នាំ 2006 ទំព័រ 77 ) ។
-
តើគោលការណ៍អ្វីដែលយើងបានរៀនពី ម៉ូសាយ 3:12 អំពីរបៀបដែលដង្វាយធួនអនុវត្តចំពោះយើង ? ( យើងនឹងត្រូវបានសង្គ្រោះចេញពីអំពើបាបរបស់យើង នៅពេលយើងអនុវត្តសេចក្ដីជំនឿរបស់យើងទៅលើព្រះយេស៊ូវគ្រីស្ទ ហើយប្រែចិត្ត
-
យោងតាមខនេះ តើនឹងមានអ្វីកើតឡើង ដល់អស់អ្នកណាដែលជ្រើសរើសមិនអនុវត្តសេចក្ដីជំនឿទៅលើព្រះយេស៊ូវគ្រីស្ទ ហើយមិនប្រែចិត្តនោះ ?
សូមបង្ហាញថា ម៉ូសាយ3:19 គឺជាវគ្គខគម្ពីរចំណេះចំណាន ។ អ្នកអាចលើកទឹកចិត្តសិស្សឲ្យគូសចំណាំវគ្គនេះតាមរបៀបមួយ ដែលពួកគេអាចរកវាឃើញដោយងាយស្រួល ។ សូមយកចិត្តទុកដាក់ផងដែរទៅលើ ម៉ូសាយ 3:19 ចំពោះការប្រើពាក្យរបស់ទេវតាថា “ មនុស្សខាងសាច់ឈាម ” ។ ដើម្បីជួយសិស្សឲ្យយល់ឃ្លានេះ សូមអានការពន្យល់ខាងក្រោមពីក្នុងការណែនាំអំពីព្រះគម្ពីរ ៖
មនុស្សខាងសាច់ឈាមគឺជា “ មនុស្សដែលជ្រើសរើសដើម្បីត្រូវរងឥទ្ធិពលដោយតណ្ហា បំណងប្រាថ្នា ការចង់បាន និង ញាណនៃសាច់ឈាម ជាជាងដោយការបំផុសពីព្រះវិញ្ញាណបរិសុទ្ធ ។ មនុស្សបែបនោះ អាចយល់ពីរឿងខាងសាច់ឈាម ប៉ុន្ដែមិនមែនខាងវិញ្ញាណនោះទេ ។ មនុស្សគ្រប់គ្នាគឺជាសាច់ឈាម ឬ ចេះសា្លប់ដោយសារតែការធ្លាក់របស់អ័ដាម និង អេវ៉ា ។ បុគ្គលម្នាក់ៗត្រូវតែកើតម្ដងទៀត តាមរយៈដង្វាយធួននៃព្រះយេស៊ូវគ្រីស្ទ ” ( ការណែនាំអំពីព្រះគម្ពីរ “ មនុស្សខាងសាច់ឈាម” scriptures.lds.org ) ។
សូមសរសេរសំណួរខាងក្រោមនៅលើក្តារខៀន ។ សូមឲ្យសិស្សរកមើលចម្លើយចំពោះសំណួរដែលពួកគេអានដោយស្ងាត់ស្ងៀមនៅក្នុង ម៉ូសាយ 3:19 ។
សូមបង្ហាញថា តាមរយៈដង្វាយធួននៃព្រះយេស៊ូវគ្រីស្ទ មនុស្សម្នាក់មិនត្រឹមតែអាចឈប់ពី “ ភាពខាងសាច់ឈាម” ប៉ុណ្ណោះទេ គេអាចធ្វើច្រើនជាងនេះ ។ គេនឹង “ ក្លាយជាអ្នកបរិសុទ្ធ” ។ បន្ថែមលើការសង្គ្រោះយើងចេញពីអំពើបាប ព្រះអង្គសង្គ្រោះផ្លាស់ប្ដូរយើងទៅជាមនុស្សដែលប្រសើរជាងដែលយើងអាចក្លាយទៅជាទៅទៀត ។ ទ្រង់ជួយយើងឲ្យក្លាយដូចជាទ្រង់ ។ ដើម្បីជួយសិស្សឲ្យយល់ពីគោលលទ្ធិនេះ សូមអានសេចក្ដីថ្លែងការណ៍ខាងក្រោមដោយអែលឌើរ ដេវីឌ អេ បែដណា នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ៖
“ គឺជាអ្នកដែលមានដៃស្អាត និង ចិត្តបរិសុទ្ធដែលត្រូវមានដើម្បីឡើងទៅឯភ្នំនៃព្រះយេហ៊ូវ៉ា និង ឈរនៅក្នុងទីបរិសុទ្ធរបស់ទ្រង់បាន [ សូមមើល ទំនុកតម្កើង 24:3–4 ] ។
“ ខ្ញុំសូមស្នើថា ដៃត្រូវបានសម្អាតដោយសារដំណើរការនៃការសម្រាតចេញនូវភាពខាងសាច់ឈាម និង ដោយការយកឈ្នះអំពើបាប និង ឥទ្ធិពលអាក្រក់ទាំងឡាយនៅក្នុងជីវិតរបស់យើងតាមរយៈដង្វាយធួនរបស់ព្រះអង្គសង្គ្រោះ ។ ចិត្តត្រូវបានធ្វើឲ្យបរិសុទ្ធ នៅពេលយើងទទួលនូវកម្លាំងពង្រឹងពីទ្រង់ក្នុងការធ្វើល្អ និង ក្លាយជាមនុស្សប្រសើរជាងមុន ។ បំណងប្រាថ្នាស្អាតស្អំ និង អំពើល្អរបស់យើងទាំងអស់ មិនអាចធ្វើឲ្យដៃស្អាត និង ចិត្តបរិសុទ្ធនោះទេ ទោះជាវាសំខាន់ប៉ុណ្ណាក្ដី ។ វាគឺជាដង្វាយធួននៃព្រះយេស៊ូវគ្រីស្ទដែលធ្វើមានទាំង អំណាចសម្អាត និង សង្គ្រោះ ដែលជួយយើងឲ្យយកឈ្នះលើអំពើបាប និង អំណាចធ្វើឲ្យបរិសុទ្ធ និង ពង្រឹង ដែលជួយយើងឲ្យប្រសើរឡើងជាងដែលយើងអាចធ្វើបានដោយការពឹងផ្អែកតែលើកម្លាំងផ្ទាល់របស់យើង ។ ដង្វាយធួនដ៏មហិមានេះ គឺ សម្រាប់ទាំងអ្នកមានបាប និង សម្រាប់អ្នកបរិសុទ្ធនៅក្នុងចំណោមយើងគ្រប់គ្នា ” ( ដៃស្អាត និង ចិត្តបរិសុទ្ធ ” Ensign ឬ លេអាហូណា, ខែ វិច្ឆិកា ឆ្នាំ 2007, ទំព័រ 82 ) ។
ដើម្បីជួយសិស្សឲ្យសង្ខេបគោលលទ្ធិដែលពួកគេបានរៀនពី ម៉ូសាយ 3:19 សូមសួរ ៖
-
តើសេចក្ដីពិតនៃដំណឹងល្អអ្វីខ្លះ ដែលអ្នកបានរកឃើញនៅក្នុង ម៉ូសាយ 3:19 ?
សិស្សអាចសរសេរនូវគោលលទ្ធិបីបួនពីខគម្ពីរនេះ រួមមានដូចខាងក្រោម ៖
មនុស្សខាងសាច់ឈាមគឺជាសត្រូវដល់ព្រះ ។
នៅពេលយើងទោរទន់ទៅតាមការលួងលោមនៃព្រះវិញ្ញាណបរិសុទ្ធ យើងអាចសម្រាតចេញនូវភាពខាងសាច់ឈាម ។
តាមរយៈដង្វាយធួននៃព្រះគ្រីស្ទ យើងអាចសម្រាតចេញនូវភាពខាងសាច់ឈាម ហើយក្លាយជាអ្នករបរិសុទ្ធ ។
សូមឲ្យសិស្សឆ្លើយនឹងសំណួរមួយក្នុងចំណោមសំណួរខាងក្រោមនេះទៅក្នុងសៀវភៅកំណត់ហេតុសិក្សាព្រះគម្ពីររបស់ពួកគេ ។ ( អ្នកអាចសរសេរសំណួរដែលមាននៅលើក្ដារខៀនទាំងនេះមុនចាប់ផ្ដើមថ្នាក់ សូមរៀបចំក្រដាសទុកចែកដល់សិស្សដោយមានសំណួរ ឬ សូមអានសំណួរយឺតៗដើម្បីឲ្យសិស្សអាចសរសេរវាចូលនៅក្នុងកំណត់ហេតុសិក្សាព្រះគម្ពីររបស់ពួកគេ ។ )
-
តើអ្នកអាចធ្វើបានដើម្បីកាន់តែទោរទន់ជាងនេះ “ ទៅតាមការលួងលោមនៃព្រះវិញ្ញាណបរិសុទ្ធ” ? តើអ្នកនឹងធ្វើអ្វីនៅសប្ដាហ៍ក្រោយ ដើម្បីពង្រឹងនៅក្នុងផ្នែកនេះនៃជីវិតរបស់អ្នក ?
-
តើអាកប្បកិរិយាកូនក្មេងអ្វីខ្លះដែលមាននៅក្នុង ម៉ូសាយ 3:19 ដែលអ្នកត្រូវអភិវឌ្ឍខ្លាំងបំផុតនោះ ? តើអ្នកនឹងធ្វើអ្វីនៅសប្ដាហ៍ក្រោយ ដើម្បីជួយអ្នកពង្រីកអាកប្បកិរិយានោះ ?
ដើម្បីជួយសិស្សឲ្យកាន់តែមានសេចក្ដីកោតសរសើរដល់ដង្វាយធួននៃព្រះអង្គសង្គ្រោះ សូមអាន ម៉ូសាយ 3:23–26 ដល់ពួកគេ ។ សូមពន្យល់ថា ឃ្លា “ ពែងនៃការពិរោធនៃព្រះ ” នៅក្នុងខទី 26 សំដៅលើការរងទុក្ខចុងក្រោយនៃអស់អ្នកណាដែលប្រព្រឹត្តអំពើបាបដោយចេតនា ហើយមិនប្រែចិត្ត ។ បន្ទាប់មក សូមឲ្យសិស្សម្នាក់អាន គោលលទ្ធិ និង សេចក្ដីសញ្ញា 19:16–19 ។ សូមឲ្យសិស្សស្ដាប់ហើយរកមើលពាក្យ ពែង នៅក្នុងខទី 18 ។
-
តើព្រះយេស៊ូវគ្រីស្ទបានធ្វើអ្វីខ្លះ ដើម្បីកុំឲ្យយើងផឹកនូវ “ ពែងនៃការពិរោធនៃព្រះ ” ? ( ទ្រង់បានផឹកពែងនោះដោយអង្គទ្រង់ ដោយលើកដាក់មកលើអង្គទ្រង់នូវការដាក់ទោសព្រោះអំពើបាបរបស់យើង ។ ប្រសិនបើយើងពិតជាប្រែចិត្ត នោះយើងនឹងមិនត្រូវរងទុក្ខការដាក់ទោសនោះទេ ។ )
សូមបញ្ចប់ដោយការចែកចាយទីបន្ទាល់របស់អ្នកអំពីសេចក្ដីពិតទាំងឡាយដែលបានពិភាក្សានៅក្នុងមេរៀននេះ ។