មេរៀនទី 13
នីហ្វៃទី 1 10–11
សេចក្តីផ្ដើម
ក្រោយពីបានស្ដាប់ដំណើររឿងទស្សននិមិត្តរបស់ឪពុកគាត់ លីហៃ នីហ្វៃចង់ឃើញ ឮ និង ដឹងដោយខ្លួនគាត់នូវរឿងដែលលីហៃបានឃើញ និង បានឮ ( សូមមើល នីហ្វៃទី1 10:17 ) ។ អំឡុងពេលគាត់កំពុងតែគិតអំពីការបង្រៀនរបស់ឪពុករបស់គាត់ នីហ្វៃ « ត្រូវបាននាំទៅដោយព្រះវិញ្ញាណនៃព្រះអម្ចាស់ » (នីហ្វៃទី1 11:1 ) ហើយទទួលបានទស្សននិមិត្តផ្ទាល់ខ្លួនគាត់ ។ ទស្សននិមិត្តនេះ ត្រូវបានរៀបរាប់ជាថ្មីនៅក្នុង នីហ្វៃទី1 11–14 ។ នៅក្នុងនីហ្វៃទី1 11 យើងបានអានអំពីដើមជីវិត ដំបងដែក និង អគារដ៏ទូលាយ និង នៅលើអាកាសខ្ពស់ពីដី ក៏ដូចជាការប្រសូត ពិធីបុណ្យជ្រមុជទឹក ការបម្រើ និង ការឆ្កាងនៃព្រះអង្គសង្គ្រោះ ។ នៅពេលដែលនីហ្វៃបានឃើញរឿងទាំងនេះ គាត់បានស្គាល់ពីសេចក្ដីស្រឡាញ់ដែលព្រះមានចំពោះកូនចៅរបស់ទ្រង់ ។
យោបល់សម្រាប់ការបង្រៀន
នីហ្វៃទី1 10:1–16
លីហៃ ព្យាករណ៍ពីព្រះម៊ែស៊ី
សូមសង្ខេបដោយខ្លីៗពី នីហ្វៃទី1 10:1–16 ដោយប្រាប់សិស្សថា ក្រោយពីប្រាប់រឿងការនិមិត្តរបស់គាត់អំពីដើមជីវិតហើយ លីហៃក៏បានផ្ដល់នូវការព្យាករណ៍មួយ ។ ទាំងនេះ រួមមានសេចក្ដីលម្អិតពីពេលព្រះយេស៊ូវគ្រីស្ទនឹងមកកាន់ផែនដី ( សូមមើល នីហ្វៃទី1 10:4 ) ការជ្រមុជទឹករបស់ទ្រង់ដោយយ៉ូហាន បាទីស្ទ ( សូមមើល នីហ្វៃទី1 10:7– 10 ) ការឆ្កាងរបស់ទ្រង់ និង ការមានព្រះជន្មរស់ឡើងវិញ ( សូមមើល នីហ្វៃទី1 10:11 និង ការធ្វើឲ្យខ្ចាត់ខ្ចាយ និង ការប្រមូលផ្ដុំសាសន៍អ៊ីស្រាអែលដែលជិតកើតមាន ( សូមមើល នីហ្វៃទី1 10:12 –14 ) ។
សូមអញ្ជើញសិស្សម្នាក់អាន នីហ្វៃទី1 10:4–6ឲ្យឮ ។ ( អ្នកអាចពន្យល់ថា ព្រះម៊ែស៊ី គឺជា « ទម្រង់មួយនៃពាក្យរបស់ភាសាសេមីត និង ភាសាហេព្រើរ មានន័យថា ‹ អ្នកបានលាបតាំង › ។ នៅក្នុងព្រះគម្ពីរសញ្ញាថ្មី ព្រះយេស៊ូវ ត្រូវបានហៅថាជាព្រះគ្រីស្ទ ដែលជាភាសាក្រិច ប្រហាក់ប្រហែលនឹង ព្រះម៊ែស៊ី ។វាមានន័យថា ព្យាការី សង្ឃ ស្ដេច និង អ្នករំដោះដែលបានលាបតាំង ដែលពួកយូដាទន្ទឹងរង់ចាំយ៉ាងអន្ទះសារនូវការយាងមករបស់ទ្រង់ » [ ការណែនាំលើព្រះគម្ពីរ « ព្រះម៊ែស៊ី » scriptures.lds.org ; សូមមើលផងដែរ វចនានុក្រមព្រះគម្ពីរបរិសុទ្ធ « ព្រះម៊ែស៊ី » ] ) ។
-
យោងតាមការព្យាករណ៍របស់លីហៃ តើនៅពេលណាដែលព្រះអង្គសង្គ្រោះនឹងយាងមក ? ( សូមមើល នីហ្វៃទី 1 10:4 ) ។
-
តើនឹងមានអ្វីកើតឡើងដល់មនុស្សលោក ប្រសិនបើពួកគេមិនពឹងលើព្រះអង្គសង្គ្រោះនោះទេ ? ( សូមមើល នីហ្វៃទី1 10:6 ) ។
នីហ្វៃទី1 10:17–22; 11:1–6
នីហ្វៃចង់ឃើញ ឮ និង ដឹងពីសេចក្ដីពិតដែលឪពុករបស់គាត់បានបង្រៀន
សុំឲ្យសិស្សគិតអំពីគំរូខាងក្រោមនេះ ៖ មានបុរសវ័យក្មេងបីនាក់ បានចូលក្នុងការប្រជុំសាសនាចក្រតែមួយ ។ ក្រោយពីត្រឡប់មកដល់ផ្ទះវិញ បុរសវ័យក្មេងម្នាក់ មានអារម្មណ៍ថា ការប្រជុំនោះគួរឲ្យធុញទ្រាន់ និង ខាតពេលរបស់គាត់ណាស់ ។ បុរសម្នាក់ទៀតគិតថា ការប្រជុំនោះគឺល្អ ប៉ុន្ដែមិនបានទទួលឥទ្ធិពលពីវានោះទេ ។ បុរសទីបី ត្រឡប់មកផ្ទះវិញ ត្រូវបានតម្កើងដោយព្រះវិញ្ញាណបរិសុទ្ធ និង ទទួលបានការបំផុសគំនិត និង ការណែនាំសម្រាប់ជីវិតរបស់គាត់ ហើយវាលើសពីអ្វីដែលបានបង្រៀននៅក្នុងការប្រជុំនោះទៅទៀត ។
-
តើវាអាចកើតមានដោយរបៀបណា ដែលបុរសវ័យក្មេងទាំងបីនាក់ អាចចូលរួមក្នុងការប្រជុំតែមួយ ប៉ុន្ដែមានបទពិសោធខុសគ្នាបែបនេះ ?
សូមពន្យល់ថា គំរូនេះ គឺស្រដៀងនឹងបទពិសោធន៍របស់លេមិន លេមយួល និង នីហ្វៃ នៅពេលដែលពួកគេបានឮការព្យាករណ៍របស់ឪពុករបស់ពួកគេ និង ដំណើររឿងនៃទស្សននិមិត្តរបស់គាត់ ។ លេមិន និង លេមយួល មិនបានយល់ពីសម្ដីរបស់ឪពុករបស់ពួកគេនោះទេ ហើយបានឈ្លោះអំពីអ្វីដែលពួកគេបានឮ ( សូមមើល នីហ្វៃទី1 15:2 ) ។ ផ្ទុយទៅវិញ នីហ្វៃ បានទៅរកព្រះអម្ចាស់សម្រាប់ការយល់ដឹង ។ គាត់បានផ្ដល់គំរូមួយដ៏ប្រសើរក្រៃលែង ពីរបៀបដើម្បីស្វែងរក និង ទទួលបាននូវវិវរណៈ ។
សូមប្រាប់សិស្សថា នៅពេលពួកគេសិក្សាពីបទពិសោធរបស់នីហ្វៃ ពួកគេនឹងរកឃើញនូវគោលការណ៍ ដែលនឹងជួយពួកគេឲ្យស្វែងរក និង ទទួលបាននូវវិវរណៈសម្រាប់ខ្លួន ។ សូមលើកទឹកចិត្តពួកគេ ឲ្យកត់សម្គាល់នូវរឿងដែលនីហ្វៃបានធ្វើ ដែលធ្វើឲ្យគាត់អាចទទួលបានវិវរណៈមួយស្រដៀងនឹងអ្វីដែលលីហៃទទួលបាន ។
សូមបំបែកសិស្សក្នុងថ្នាក់ជាបីក្រុម ។ សូមចាត់ឲ្យក្រុមនីមួយៗ នូវប្រភេទមួយ និង សំណួរមួយកុ្រមចេញពីតារាងខាងក្រោម ។ ( អ្នកអាចបង្ហាញតារាងនោះ នៅលើក្ដារខៀន មុនចាប់ផ្ដើមបង្រៀន ) ។ សូមអញ្ជើញសិស្សអាន នីហ្វៃទី1 10:17 និង 11:1–6 ដោយស្ងាត់ៗនិង រៀបចំចម្លើយសម្រាប់សំណួរដែលដាក់ឲ្យពួកគេនេះ ។
ចំណង់ |
តើនីហ្វៃមានចង់ឃើញ ឮ និង ដឹងពីអ្វី ? តើចំណង់របស់យើង ប៉ះពាល់ដល់សមត្ថភាពរបស់យើងក្នុងការទទួលបាននូវវិវរណៈដោយរបៀបណា ? តើខ្ញុំចង់ដឹងអ្វីពីព្រះអម្ចាស់ ? |
ការជឿ |
តើការជឿអ្វី ដែលនីហ្វៃបានបង្ហាញ នៅពេលដែលគាត់បានស្វែងរកវិវរណៈ ? តើការជឿទាំងនេះអាចមានឥទ្ធិពលយ៉ាងដូចម្ដេច ដល់សមត្ថភាពរបស់យើងក្នុងការទទួលបាននូវវិវរណៈ ? តើខ្ញុំអាចបង្កើនទីបន្ទាល់ និង ការជឿរបស់ខ្ញុំលើព្រះយេស៊ូវគ្រីស្ទបានយ៉ាងដូចម្ដេច ? |
ការសញ្ជឹងគិត |
តើមានអ្វីកើតឡើង នៅពេលនីហ្វៃបានអង្គុយសញ្ជឹងគិត ? ហេតុអ្វីបានជាការសញ្ជឹងគិតអាចនាំទៅរកវិវរណៈ ? តើខ្ញុំអាចធ្វើអ្វី ដើម្បីសញ្ជឹងគិតពីពាក្យសម្ដីនៃព្យាការីដោយឧស្សាហ៍ព្យាយាមជាងនេះ ? |
សូមអញ្ជើញសិស្សពីរបីនាក់ពីក្រុមនីមួយៗ ឲ្យផ្ដល់ចម្លើយលើសំណួរដែលបានដាក់ឲ្យពីរដំបូងរបស់គេ ។ ( អ្នកក៏អាចអញ្ជើញសិស្សឲ្យឆ្លើយនឹងសំណួរទីបី ប៉ុន្ដែសូមប្រាប់ពួកគេថា ពួកគេមិនចាំបាច់ចែកចាយចម្លើយដែលមានលក្ខណៈផ្ទាល់ខ្លួនពេកនោះទេ ) ។
សូមអញ្ជើញសិស្សម្នាក់អាន នីហ្វៃទី1 10:19 ឮៗ ។
-
តើនរណា អាចដឹងពីសេចក្ដីអាថ៌កំបាំងនៃព្រះបាន ?
-
ដោយអំណាចអ្វី ដែលសេចក្ដីអាថ៌កំបាំងនៃព្រះត្រូវបានបើកបង្ហាញ ?
-
តើយើងត្រូវធ្វើដូចម្តេច ដើម្បីទទួលបានវិវរណៈដោយអំណាចនៃព្រះវិញ្ញាណបរិសុទ្ធ ?
-
តើអ្នកគិតថា វាមានន័យដូចម្ដេចលើពាក្យ ការស្វែងរកដោយឧស្សាហ៍ព្យាយាម ?
-
តើនីហ្វៃបានធ្វើអ្វីខ្លះ ដែលបង្ហាញថា គាត់កំពុងស្វែងរកដោយឧស្សាហ៍ព្យាយាមដើម្បីមើលឃើញ ឮ និង ដឹងនូវរឿងដែលឪពុករបស់គាត់បានបង្រៀន ?
សូមសរសេរសេចក្ដីថ្លែងការណ៍ខាងក្រោមនៅលើក្តារខៀន ៖
ព្រះបង្ហាញសេចក្ដីពិតដល់ …
សុំសិស្សឲ្យសង្ខេបពីអ្វីដែលពួកគេបានរៀនចេញពីបទពិសោធរបស់នីហ្វៃ ដោយការបំពេញសេចក្ដីថ្លែងការណ៍នៅលើក្ដារខៀន ។ ខណៈពេលដែលសិស្សអាចជ្រើសរើសពាក្យខុសគ្នា ចម្លើយរបស់ពួកគេគួរចាប់យកនូវសេចក្ដីពិតថា ព្រះបង្ហាញសេចក្ដីពិតដល់អ្នកទាំងអស់ណាដែលស្វែងរកទ្រង់ដោយក្ដីឧស្សាហ៍ព្យាយាម ។( អ្នកអាចសរសេរគោលការណ៍នេះនៅលើក្ដារខៀន ) ។
សូមលើកទឹកចិត្តសិស្សឲ្យគិតអំពីពេលមួយ ដែលការស្វែងរកព្រះដោយឧស្សាហ៍ព្យាយាម បាននាំពួកគេឲ្យមានអារម្មណ៍ពីព្រះវិញ្ញាណរបស់ទ្រង់ និង ទទួលបានវិវរណៈ ។ ( វាអាចមានប្រយោជន៍ក្នុងការនិយាយថា វិវរណៈអាចរួមមានការទទួលបានការណែនាំ នៅពេលធ្វើការសម្រេចចិត្ត ការកើននូវការយល់ដឹងបន្ថែម ការទទួលបានការលួងលោម ឬ ការទទួលបានការធានាថាអ្វីមួយពិត ) ។ សូមអញ្ជើញសិស្សឲ្យចែកចាយពី បទពិសោធន៍របស់ខ្លួនជាមួយនឹងសិស្សក្នុងថ្នាក់ ។ អ្នកក៏អាចថ្លែងទីបន្ទាល់ពីអ្វីដែលអ្នកបានជួបប្រទះ តាមរយៈការខិតខំរបស់អ្នកដើម្បីរកព្រះអម្ចាស់ដោយឧស្សាហ៍ព្យាយាមផងដែរ ។
នីហ្វៃទី 1 11:7–36
នីហ្វៃធ្វើជាសាក្សីអំពីការយាងចុះមកនៃព្រះ
សូមពន្យល់ទៅសិស្សថា នីហ្វៃបានបន្ដសញ្ជឹងគិត និង ស្វែងរកការណែនាំដ៏ទេវភាព អំឡុងពេលការទទួលការនិមិត្តរបស់គាត់ ។ នៅពេលនីហ្វៃសុំរៀនដើម្បីបកស្រាយនៃដើមឈើដែលគាត់ និង ឪពុករបស់គាត់បានឃើញ ទេវតាមួយអង្គបានលេចមកឯគាត់ ដើម្បីជួយគាត់ ។ ទេវតានោះបានសួរថា « តើអ្នកយល់ន័យពីដើមឈើ ដែលឪពុកអ្នកបានឃើញនោះទេ ? » ( នីហ្វៃទី 1 11:21 ) ។ សូមរំឭកឡើងវិញពីអត្ថន័យនៃដើមឈើ ដោយឲ្យសិស្សពីរបីនាក់ប្ដូរវេនគ្នាអានឮៗ នៅក្នុងនីហ្វៃទី1 11:18–23 ។
-
តើនីហ្វៃបាននិយាយអ្វីខ្លះ ថាជាអត្ថន័យនៃដើមឈើនោះ ? ( ក្រោយពីសិស្សឆ្លើយរួច អ្នកអាចបង្ហាញថា នីហ្វៃបានឃើញម៉ារី បីទារកយេស៊ូវ ហើយទេវតាស្គាល់ទារកនោះថាជា « ព្រះរាជបុត្រានៃព្រះវរបិតាដ៏នៅអស់កល្បជានិច្ច » ។ បន្ទាប់មក ទេវតាបានសួរនីហ្វៃពីអត្ថន័យនៃដើមឈើ ដើម្បីជួយគាត់ឲ្យឃើញថា វាតំណាងឲ្យព្រះយេស៊ូវគ្រីស្ទ ។ នៅពេលនីហ្វៃបានឆ្លើយថា វាតំណាងឲ្យ « សេចក្ដីស្រឡាញ់នៃព្រះ » គាត់សំដៅលើសេចក្ដីស្រឡាញ់នៃព្រះ ដូចដែលបានបង្ហាញតាមរយៈអំណោយជាព្រះរាជបុត្រារបស់ទ្រង់ ។ យើងទទួលបានសេចក្ដីស្រឡាញ់នៃព្រះ ដោយការទទួលយកពរជ័យនៃដង្វាយធួននៃព្រះយេស៊ូវគ្រីស្ទ ) ។
-
តើនីហ្វៃ និង ទេវតាពិពណ៌នាសេចក្ដីស្រឡាញ់នៃព្រះយ៉ាងដូចម្ដេច ?
សុំឲ្យសិស្សម្នាក់អាន នីហ្វៃទី1 11:16 ។ ( សូមពន្យល់ថា ពាក្យថា ការយាងចុះមក មានន័យថាការចុះចេញដោយស្ម័គ្រចិត្តពីតួនាទីនៃតំណែងមួយ ឬ មុខងារដ៏ខ្ពស់មួយ ។ អ្នកអាចអញ្ជើញសិស្សឲ្យសរសេរការពន្យល់នេះ នៅក្នុងព្រះគម្ពីររបស់ពួកគេក្បែរ នីហ្វៃទី1 11:16 ) ។
សូមឲ្យសិស្សរកចម្លើយរបស់នីហ្វៃ ទៅនឹងសំណួររបស់ទេវតាដោយអាននៅក្នុង នីហ្វៃទី1 11:17 ឮៗ ។
-
តើនីហ្វៃបានដឹងពីអ្វី ?
-
តើអ្វីដែលគាត់មិនបានដឹង ?
ក្រោយពីនីហ្វៃបានឆ្លើយតបហើយ ទេវតាបានបង្ហាញគាត់នូវគំរូជាច្រើននៃការយាងចុះមកនៃព្រះ ដើម្បីជួយគាត់ឲ្យយល់ពីសេចក្ដីស្រឡាញ់នៃព្រះ ។ សូមពន្យល់សិស្សថា « ការយាងចុះមកនៃព្រះ » សំដៅទាំងលើព្រះ ជាព្រះវរបិតា និង ព្រះយេស៊ូវគ្រីស្ទ ។
សូមចែកចាយនូវសេចក្ដីថ្លែងការណ៍ខាងក្រោម ដោយអែលឌើរ ប្រ៊ូស អ័រ ម៉ាក់ខន់ឃី នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ដែលបានពន្យល់ពីការយាងចុះមកនៃព្រះ ជាព្រះវរបិតាសួគ៌ារបស់យើង ។
« ការយាងចុះមកនៃព្រះ ស្ថិតលើការពិតដែលថា ទ្រង់ ជាអង្គត្រូវបានតម្កើង បានយាងចុះមកពីបល្ល័ង្កដ៏នៅអស់កល្បជានិច្ចរបស់ទ្រង់ មកក្លាយជាព្រះវរបិតានៃព្រះរាជបុត្រាខាងសាច់ឈាម » ( ព្រះម៊ែស៊ីខាងសាច់ឈាម [1979], 1:314 ) ។
ដើម្បីជួយសិស្សឲ្យយល់ថា « ការយាងចុះមកនៃព្រះ » ក៏យោងទៅលើព្រះយេស៊ូវគ្រីស្ទដែរ សូមបង្ហាញរូបភាពការប្រសូតនៃព្រះយេស៊ូវ (62116; សៀវភៅរូបភាពដំណឹងល្អ [2009] ទំព័រ 30) ។ សុំឲ្យសិស្សម្នាក់អាន នីហ្វៃទី1 11:13–21 ឮៗ ។ សូមអញ្ជើញសិស្សផ្សេងទៀត រកមើលអ្វីដែលខគម្ពីរទាំងនេះ ត្រូវនឹងរូបភាពនេះ ។ សុំឲ្យសិស្សម្នាក់អានសេចក្ដីថ្លែងការណ៍ខាងក្រោមដោយអែលឌើរ ជើរ៉លដ៍ អិន ឡានដ៍ អតីតនៃក្រុមចិតសិបនាក់ ។ សូមអញ្ជើញសិស្សក្នុងថ្នាក់ស្ដាប់ហើយរករបៀប ដែលព្រះអង្គសង្គ្រោះបង្ហាញសេចក្ដីស្រឡាញ់របស់ទ្រង់ចំពោះយើង ។
« នេះគឺជា ព្រះយេស៊ូវ —សមាជិកមួយអង្គនៃក្រុមព្រះ ជាកូនច្បងនៃព្រះវរបិតា ជាអង្គបង្កបង្កើត ជាព្រះយេហូវ៉ានៃព្រះគម្ពីរសញ្ញាចាស់— ឥឡូវចាកចេញពីស្ថានដ៏ទេវភាព និង បរិសុទ្ធរបស់ទ្រង់ ដកព្រះអង្គទ្រង់ចេញពីអ្វីទាំងអស់ដែលមានសិរីល្អ និង អានុភាព ហើយចូលក្នុងរាងកាយទារកមួយដ៏តូច ដោយគ្មាននរណាជួយ គឺពឹងលើម្ដាយ និង ឪពុកខាងលោកិយរបស់ទ្រង់ទាំងស្រុង ។ ទ្រង់មិនគួរមកកាន់រាជវាំងនៃផែនដីដ៏ល្អបំផុត ហើយត្រូវ … ស្រោចដោយគ្រឿងអលង្ការ ប៉ុន្ដែគួរមកក្នុងភាពនឹងដ៏តូចទាប នោះគឺគួរឲ្យភ្ញាក់ផ្អើល ។ ការឆ្ងល់បន្ដិចថា ទេវតាគួរតែនិយាយទៅនីហ្វៃថា ‹ មើលចុះ ការយាងចុះមកនៃព្រះ ! › » ( ព្រះយេស៊ូវគ្រីស្ទ ជាកូនសោទៅកាន់ផែនការសង្គ្រោះ [1991] ទំព័រ 16 ) ។
-
តើការប្រសូតរបស់ព្រះអង្គសង្រ្គោះ បង្ហាញសេចក្ដីស្រឡាញ់របស់ទ្រង់ចំពោះយើងយ៉ាងដូចម្ដេច ?
សូមប្រាកដថា វាច្បាស់លាស់ថា ព្រះឆន្ទៈរបស់ព្រះអង្គសង្គ្រោះដើម្បីរស់នៅជាជីវិតរមែងស្លាប់ បង្ហាញពីសេចក្ដីស្រឡាញ់របស់ទ្រង់ចំពោះយើង ។
សូមបង្ហាញរូបភាពព្រះយេស៊ូវ លើកកូនស្រីរបស់យ៉ៃរ៉ុស (62231; សៀវភៅរូបភាពដំណឹងល្អ ទំព័រ 41) និង ព្រះគ្រីស្ទព្យាបាលអ្នកឈឺនៅបេថែសដា (សៀវភៅរូបភាពដំណឹងល្អ ទំព័រ 42 ) ។ សូមអញ្ជើញសិស្សម្នាក់អាន នីហ្វៃទី1 11:28 និង 31 ឮៗ ។ សូមលើកទឹកចិត្តសិស្សក្នុងថ្នាក់ឲ្យរកមើលរបៀប ដែលរូបភាពទាំងនេះស្រដៀងទៅនឹងខគម្ពីរនោះ ។
-
តើនីហ្វៃបានឃើញនរណា ដែលព្រះអង្គសង្គ្រោះកំពុងបម្រើ និង ព្យាបាល ?
-
តើសកម្មភាពរបស់ព្រះអង្គសង្គ្រោះបង្ហាញពីសេចក្ដីស្រឡាញ់របស់ទ្រង់យ៉ាងដូចម្ដេច ?
សូមឲ្យសិស្សម្នាក់អាន នីហ្វៃទី1 11:32–33ឮៗ ។ សូមអញ្ជើញសិស្សក្នុងថ្នាក់ស្ដាប់ហើយរកនូវគំរូដ៏ខ្ពស់បំផុតនៃសេចក្ដីស្រឡាញ់របស់ព្រះអង្គសង្គ្រោះ ។
ក្រោយពីសិស្សចែកចាយនូវអ្វីដែលពួកគេបានរកឃើញ សូមបង្ហាញរូបភាពការឆ្កាង (62505; សៀវភៅរូបភាពដំណឹងល្អ ទំព័រ 57 ) ។
សូមថ្លែងទីបន្ទាល់ថា ការយាងចុះមកនៃព្រះយេស៊ូវគ្រីស្ទ បង្ហាញពីសេចក្ដីស្រឡាញ់របស់ព្រះចំពោះយើង ។ព្រះអង្គសង្គ្រោះ បានយាងចុះមករស់នៅជាជីវិតរមែងស្លាប់ ធ្វើការបម្រើ និង ព្យាបាលដល់អ្នកឈឺ និង អ្នករងទុក្ខ ហើយសុគតសម្រាប់អំពើបាបរបស់យើងទាំងអស់ ដើម្បីយើងអាចត្រឡប់ទៅផ្ទះទៅកាន់វត្តមាននៃព្រះវរបិតាសួគ៌ាវិញ ។
-
តើការដឹងអំពីការយាងចុះមករបស់ព្រះអង្គសង្គ្រោះ និង សេចក្ដីស្រឡាញ់របស់ទ្រង់ មានឥទ្ធិពលដល់អារម្មណ៍របស់អ្នកអំពីទ្រង់យ៉ាងដូចម្ដេច ?
សូមបញ្ចប់ដោយការអញ្ជើញសិស្សឲ្យចែកចាយពីរបៀបដែលសេចក្ដីស្រឡាញ់នៃព្រះគឺជា « ការគួរឲ្យប្រាថ្នាដ៏លើសលប់ជាងអ្វីៗទាំងអស់ » និង « សេចក្ដីរីករាយបំផុត » ចំពោះពួកគេ ( សូមមើល នីហ្វៃទី1 11:22–23) ។ សូមថ្លែងទីបន្ទាល់ថា នៅពេលយើងធ្វើតាមគំរូរបស់នីហ្វៃ និង ស្វែងរកព្រះដោយឧស្សាហ៍ព្យាយាម យើងនឹងមានអារម្មណ៍ពីសេចក្ដីស្រឡាញ់របស់ទ្រង់ និង ដកពិសោធន៍នូវសេចក្ដីអំណរក្នុងការទទួលយកនូវពរជ័យ ដែលកើតមានតាមរយៈដង្វាយធួនរបស់ព្រះគ្រីស្ទ ។
សូមអញ្ជើញសិស្សឲ្យធ្វើតាមគំរូរបស់នីហ្វៃ នៅក្នុងការខិតខំប្រឹងដែលពួកគេធ្វើដើម្បីស្វែងរកនូវវិវរណៈ ។ សូមរំឭកពួកគេពីតួនាទីរបស់ពួកគេជាអ្នករៀន នៅក្នុងថ្នាក់សិក្ខាសាលា ហើយថាសេចក្ដីជំនឿ និង ការខិតខំដែលពួកគេបានធ្វើក្នុងការសិក្សាព្រះគម្ពីរផ្ទាល់ខ្លួនប្រចាំថ្ងៃរបស់ពួកគេ និង ការចូលរួមពីសិស្សក្នុងថ្នាក់ មានឥទ្ធិពលដល់សមត្ថភាពរបស់គេ ក្នុងការរៀនដោយព្រះវិញ្ញាណ ។