មេរៀនទី 30
នីហ្វៃទី 2 9:27–54និង នីហ្វៃទី 2 10
សេចក្តីផ្ដើម
ក្រោយពីការថ្លែងទីបន្ទាល់ថា ព្រះយេស៊ូវគ្រីស្ទនឹងរំដោះមនុស្សជាតិទាំងអស់ចេញពីឥទ្ធិពលនៃការធ្លាក់ ហើយថាទ្រង់នឹងប្រទានការអភ័យទោសដល់យើងចេញពីអំពើបាបរបស់យើង នោះយ៉ាកុបបានបញ្ចប់ទេសនកថារបស់គាត់ ។ គាត់បានព្រមានទាស់នឹងឥរិយាបថ និង សកម្មភាពដែលនាំទៅរកការបែកពីព្រះអម្ចាស់ ហើយគាត់បានថ្លែងទីបន្ទាល់អំពីឥរិយាបថ និង សកម្មភាពដែលនាំឲ្យមនុស្សមករកព្រះគ្រីស្ទ ហើយបានសង្គ្រោះ ។ នៅថ្ងៃបន្ទាប់ យ៉ាកុបបានធ្វើម្ដងទៀតថា ទោះបីជាវង្សនៃអ៊ីស្រាអែលនឹងត្រូវខ្ចាត់ខ្ចាយដោយសារតែអំពើបាបក្ដី ព្រះអម្ចាស់ក៏នឹងចងចាំដល់សេចក្ដីសញ្ញារបស់ទ្រង់ជាមួយនឹងពួកគេ ហើយប្រមូលផ្ដុំពួកគេ នៅពេលពួកគេប្រែចិត្ត ហើយត្រឡប់មកកាន់ទ្រង់វិញ ។ យ៉ាកុបបានព្យាករណ៍អំពីការឆ្កាងព្រះយេស៊ូវគ្រីស្ទ ។ គាត់ក៏បានព្យាករណ៍ដែរថា ដែនដីសន្យារបស់ប្រជាជានរបស់គាត់នឹងជាកន្លែងនៃសេរីភាពមួយ ការពារប្រឆាំងនឹងជាតិទាំងអស់ ហើយមានសេរីភាពពីការគ្រងរាជ្យនៃស្ដេចនានា ។ យ៉ាកុបបានដាស់តឿនប្រជាជនរបស់គាត់ឲ្យសម្រុះសម្រួលខ្លួនពួកគេទៅតាមបំណងនៃព្រះ ហើយចាំថាពួកគេអាចបានសង្គ្រោះតែតាមរយៈព្រះគុណរបស់ព្រះតែប៉ុណ្ណោះ ។
យោបល់សម្រាប់ការបង្រៀន
នីហ្វៃទី 2 9:27–54
យ៉ាកុបអញ្ជើញមនុស្សទាំងអស់ឲ្យមករកព្រះគ្រីស្ទ ហើយព្រមានអំពីឥរិយាបថ និង សកម្មភាពដែលបំបែកយើងពីព្រះអម្ចាស់
សូមសរសេរឃ្លាទាំងនេះនៅលើក្ដារខៀន ហេតុអ្វីបានជាខ្ញុំត្រូវការជំនួយ និង តើខ្ញុំត្រូវធ្វើអ្វី ។សូមឲ្យសិស្សក្នុងថ្នាក់ស្រមៃពីមនុស្សម្នាក់ដែលមានជំងឺយ៉ាងធ្ងន់ធ្ងរមួយ ។
-
ហេតុអ្វីបានជាវាសំខាន់ដល់មនុស្សនេះ ដើម្បីយល់ពីជំនួយដែលគេត្រូវរក ?
-
ហេតុអ្វីបានជាវាសំខាន់ដល់មនុស្សនេះដែរ ដើម្បីយល់ពីអ្វីដែលគេត្រូវធ្វើដើម្បីទទួលបានជំនួយ ?
-
តើអ្វីនឹងជាលទ្ធផល បើសិនជាមនុស្សនេះយល់ពីតម្រូវការដើម្បីរកជំនួយ ប៉ុន្ដែមិនយល់ពីអ្វីដែលត្រូវធ្វើដើម្បីទទួលបានជំនួយនោះ ?
សូមរំឭកសិស្សថា នៅក្នុងមេរៀនមុនៗ ពួកគេបានសិក្សាពីឥទ្ធិពលនៃការធ្លាក់ និង លទ្ធផលនៃអំពើបាបរបស់យើង ដោយការរៀនពីមូលហេតុដែលយើងត្រូវការព្រះអង្គសង្គ្រោះ ។ សូមថ្លែងទីបន្ទាល់ថា ទ្រង់ចង់ជួយយើង ហើយរំដោះយើងចេញពីអំពើបាបរបស់យើង ។ សូមឲ្យសិស្សគិតថាតើ ពួកគេដឹងពីអ្វីដែលពួកគេត្រូវធ្វើដើម្បីទទួលបាននូវពរជ័យទាំងអស់នៃដង្វាយធួនដែរទេ ។
សូមពន្យល់ថា យ៉ាកុបចង់ជួយប្រជាជនរបស់គាត់ឲ្យជ្រើសរើស « ផ្លូវទៅឯជីវិតដ៏នៅអស់កល្បជានិច្ច » ( នីហ្វៃទី 2 10:23 ) ។ គាត់បានជួយពួកគេឲ្យយល់ថា ពួកគេនឹងទទួលបាននូវជីវិតដ៏អស់កល្បជានិច្ច បើសិនជាពួកគេនឹង « មករកព្រះអម្ចាស់ » ( នីហ្វៃទី 2 9:41 ) ។ សូមអញ្ជើញសិស្សម្នាក់ឲ្យអាន នីហ្វៃទី 2 9:41ឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ស្វែងរកការពិពណ៌នារបស់យ៉ាកុបអំពី « ផ្លូវ » ដែលយើងគួរដើរតាម ។
-
តើវាមានន័យយ៉ាងណាដើម្បីមករកព្រះអម្ចាស់ ? ( អ្នកអាចលើកទឹកចិត្តសិស្សឲ្យស្រមៃពីជីវិតរបស់ពួកគេជាផ្លូវមួយ ។ សូមឲ្យពួកគេសញ្ជឹងគិតដោយស្ងាត់ស្ងៀមពីកន្លែងដែលផ្លូវរបស់ពួកគេកំពុងទៅ ។ តើជម្រើសរបស់ពួកគេកំពុងនាំពួកគេឲ្យខិតទៅជិតព្រះអង្គសង្គ្រោះដែរឬទេ ?
-
តើពាក្យអ្វី ដែលយ៉ាកុបបានប្រើដើម្បីពិពណ៌នាពី « ផ្លូវ » នោះ ? តើពាក្យ ចង្អៀត និង សន្ធឹងត្រង់ បង្រៀនអ្វីអំពីរបៀបដែលយើងគួរតែរស់នៅ ?
សូមបង្ហាញថា ទាក់ទងនឹងផ្លូវចង្អៀត និង សន្ធឹងត្រង់នេះ យ៉ាកុបបានប្រើរូបភាពនៃទ្វារមួយ ។ គាត់សំដៅទៅលើព្រះអង្គសង្គ្រោះ ជាអ្នកឆ្មាំទ្វារនោះ ។ សូមចែកចាយទីបន្ទាល់របស់អ្នកថា យើងអាចបានអភ័យទោសពីអំពើបាបរបស់យើង ហើយទទួលបានជីវិតដ៏នៅអស់កល្បជានិច្ចតែតាមរយៈព្រះយេស៊ូវគ្រីស្ទ និង ដង្វាយធួនរបស់ទ្រង់ប៉ុណ្ណោះ ។ អ្វីៗយើងធ្វើដែលនាំទៅរកជីវិតដ៏អស់កល្បជានិច្ច —រូមមានពិធីបរិសុទ្ធដែលយើងទទួល ការអធិស្ឋានដែលយើងធ្វើ ទីបន្ទាល់ដែលយើងចែកចាយ និង របៀបដែលយើងរស់នៅ— ត្រូវតែធ្វើឡើងនៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ ។
-
ហេតុអ្វីបានជាវាសំខាន់ដល់អ្នកថា ព្រះអង្គសង្គ្រោះ « មិនជួលបាវបម្រើនៅទីនោះឡើយ » ? ( អ្នកអាចបង្ហាញថា ព្រះអម្ចាស់ហៅអ្នកបម្រើ ដូចជាប៊ីស្សព និង ប្រធានស្ដេកនានា ធ្វើជាចៅក្រមនៃប្រជាជនដើម្បីឲ្យធ្វើសកម្មភាពជំនួសទ្រង់ ។ ទោះយ៉ាងណាក្ដី ទ្រង់នឹងជាចៅក្រមចុងក្រោយរបស់យើង ហើយនឹងផ្ដល់ការអនុម័តចុងក្រោយស្របតាមរបៀបដែលយើងរស់នៅ ។
-
តើការដឹងថា ព្រះអម្ចាស់ « មិនអាចបន្លំបានឡើយ » អាចមានឥទ្ធិពលយ៉ាងណាដល់ការខិតខំរបស់យើងដើម្បីមករកទ្រង់ ?
សូមពន្យល់ថា តាមរយៈសំណល់នៃ នីហ្វៃទី 2 9 ការបង្រៀនរបស់យ៉ាកុបជួយយើងឲ្យយល់ពីរបៀបដែលឥរិយាបថ និង សកម្មភាពរបស់យើងជះឥទ្ធិពលដល់សមត្ថភាពយើងដើម្បីមករកព្រះអង្គសង្គ្រោះ ។ ឥរិយាបថ និង សកម្មភាពខ្លះ ជួយយើងឲ្យមករកព្រះគ្រីស្ទ តែខ្លះទៀតរារាំងយើងមិនឲ្យមករកទ្រង់ឡើយ ។
ដើម្បីជួយសិស្សឲ្យស្វែងរកឥរិយាបថ និង សកម្មភាពទាំងនេះខ្លះ សូមគូរបន្ទាត់ឈរមួយពុះក្ដារខៀនជាពីរ ។ នៅផ្នែកម្ខាងនៃបន្ទាត់នោះ សូមសរសេរ ការឃ្លាតឆ្ងាយខ្លួនយើងពីព្រះគ្រីស្ទ ។ខាងក្រោមនោះ សូមសរសេរ ៖
នៅផ្នែកម្ខាងទៀតនៃបន្ទាត់នោះ សូមសរសេរ ការមករកព្រះគ្រីស្ទ ។ខាងក្រោមនោះ សូមសរសេរ ៖
សូមឲ្យលេខមួយដល់សិស្សម្នាក់ៗ ចន្លោះលេខពី 1 ដល់ 4 ។ សូមអញ្ជើញសិស្សអានខគម្ពីរទាំងនោះដោយស្ងាត់ៗ ដែលទាក់ទងនឹងលេខការងារចាត់តាំងរបស់ពួកគេ ។ សូមឲ្យសិស្សដែលបានចាត់តាំងពីក្រុម 1 ដល់ 2ស្វែងរកឥរិយាបថ និង សកម្មភាពដែលអាចធ្វើឲ្យយើងឃ្លាតចេញពីព្រះអង្គសង្គ្រោះ ។ សូមឲ្យសិស្សដែលបានចាត់តាំងពីក្រុម 3 ដល់ 4ស្វែងរកឥរិយាបថ និង សកម្មភាពដែលជួយយើងឲ្យមករកព្រះអង្គសង្គ្រោះ ហើយទទួលបាននូវពរជ័យនៃដង្វាយធួនរបស់ទ្រង់ ។ អ្នកអាចលើកទឹកចិត្តសិស្សឲ្យគូសចំណាំការរកឃើញរបស់ពួកគេនៅក្នុងព្រះគម្ពីររបស់គេ ។
បន្ទាប់ពីបីបួននាទីក្រោយមក សូមអញ្ជើញអ្នកស្ម័គ្រចិត្តពីក្រុមទី 1 និង ក្រុមទី 2 ឲ្យមកកាន់ក្ដារខៀន ហើយសរសេរពីឥរិយាបថ និង សកម្មភាពដែលពួកគេបានរកឃើញថាបានធ្វើឲ្យយើងឃ្លាតពីព្រះអង្គសង្គ្រោះ ។ សូមពិភាក្សាពីការព្រមានខ្លះរបស់យ៉ាកុប ដោយសួរសំណួរខាងក្រោមខ្លះៗ ឬ សួរទាំងអស់ ៖
-
យ៉ាកុបបាននិយាយពីការសិក្សា និង ប្រាក់ ដែលទាំងពីរអាចជាការណ៍ល្អ ។ តើជម្រើសរបស់យើងអំពីការសិក្សា និង ប្រាក់អាចរារាំងយើងពីការមករកព្រះអម្ចាស់ដោយរបៀបណា ? ( សូមបង្ហាញថា នីហ្វៃទី 2 9:28–29គឺជាវគ្គចំណេះចំណានខគម្ពីរមួយ ។ អ្នកអាចលើកទឹកចិត្តសិស្សឲ្យគូសចំណាំវគ្គនេះ) ។
-
តើអ្នកគិតថា វាមានន័យយ៉ាងណាដែលជាមនុស្សថ្លង់ ឬ ខ្វាក់ខាងវិញ្ញាណនោះ ? ( សូមមើល នីហ្វៃទី 2 9:31–32 ) ។
-
ឃ្លាថា « ចិត្តមិនកាត់ស្បែក » ( នីហ្វៃទី 2 9:33 )សំដៅទៅលើអ្នកដែលមិនបានបើកចិត្តចំពោះព្រះ និង ជាអ្នកដែលមិនមានឆន្ទៈធ្វើតាមសេចក្ដីសញ្ញារបស់ទ្រង់ ។ តើលក្ខខណ្ឌនេះរារាំងយើងមិនឲ្យទទួលបានពរជ័យពេញលេញនៃដង្វាយធួនដោយរបៀបណា ?
-
តើទម្រង់នៃការថ្វាយបង្គំរូបសំណាកអ្វីខ្លះ នៅសព្វថ្ងៃនេះ ? ( សូមមើល នីហ្វៃទី 2 9:37 ) ។
សូមអញ្ជើញសិស្សពីក្រុមទី 3 និង ក្រុមទី 4 ឡើងមកកាន់ក្ដារខៀន ហើយសរសេរឥរិយាបថ និង សកម្មភាពដែលពួកគេរកឃើញដែលនឹងនាំយើងមកកាន់ព្រះអង្គសង្គ្រោះ ហើយជួយយើងឲ្យទទួលបានពរជ័យនៃដង្វាយធួន ។ ដើម្បីជួយសិស្សឲ្យវិភាគពីអ្វីដែលពួកគេបានរកឃើញ សូមសួរសំណួរខាងក្រោមខ្លះៗ ឬ សំណួរទាំងអស់ ៖
-
នៅក្នុង នីហ្វៃទី 2 9:23 យ៉ាកុបបានរំឭកយើងអំពីការបញ្ជារបស់ព្រះអម្ចាស់ឲ្យប្រែចិត្ត ហើយទទួលបុណ្យជ្រមុជទឹក ។ តើការរំឭកសេចក្ដីសញ្ញាបុណ្យជ្រមុជទឹកតាមរយៈពិធីសាក្រាម៉ង់ ជួយយើងឲ្យមករកព្រះអម្ចាស់ និង ទទួលបានពរជ័យនៃដង្វាយធួនរបស់ទ្រង់ដោយរបៀបណា ?
-
តើអ្នកគិតថា វាមានន័យដូចម្ដេចចំពោះ « គំនិតដែលជាប់ទៅខាងវិញ្ញាណ » ? ( នីហ្វៃទី 2 9:39 ) ។ តើសកម្មភាពអ្វីខ្លះ ដែលអាចជួយយើងឲ្យមានគំនិតដែលជាប់ទៅខាងវិញ្ញាណ ?
-
តើវាមានន័យយ៉ាងណាដែលថា « បែរចេញពីអំពើបាបទាំងឡាយរបស់អ្នករាល់គ្នាចុះ » ? ( នីហ្វៃទី 2 9:45 ) ។
-
តើអ្នកគិតថា យ៉ាកុបមានន័យយ៉ាងណា នៅពេលគាត់និយាយថា រកទឹក បរិភោគ និង « បានត្រេកអរនៅក្នុងការធាត់ចុះ » ? ( សូមមើល នីហ្វៃទី 2 9:50–51 ) ។ អ្នកអាចពន្យល់ថា ខគម្ពីរទាំងនេះយោងទៅលើការចិញ្ចឹមថែទាំខាងវិញ្ញាណ) ។
សូមថ្លែងទីបន្ទាល់ថា នៅពេល យើងមករកព្រះអម្ចាស់ ហើយរស់នៅតាមព្រះរាជបំណងរបស់ទ្រង់ យើងនឹងទទួលបាននូវពរជ័យដ៏ពេញលេញនៃដង្វាយធួន ។សូមសរសេរគោលការណ៍នេះនៅលើក្ដារខៀន ពីខាងលើបញ្ជីដែលសិស្សបានធ្វើ ។
សូមលើកទឹកចិត្តសិស្សឲ្យសញ្ជឹងគិតពីភស្ដុតាង ដែលពួកគេបានឃើញពីគោលការណ៍នេះនៅក្នុងជីវិតរបស់ពួកគេ ។ សូមអញ្ជើញពួកគេឲ្យសរសេរនៅក្នុងកំណត់ហេតុសិក្សាព្រះគម្ពីរ ឬ សៀវភៅសរសេរក្នុងថ្នាក់របស់ពួកគេអំពីរបៀបដែលពួកគេបានមកកាន់តែជិតព្រះអង្គសង្គ្រោះ តាមរយៈឥរិយាបថ និង សកម្មភាពមួយ ឬ ច្រើនជាងនេះនៅក្នុងបញ្ជីទីពីរលើក្ដារខៀន ។ សូមអញ្ជើញសិស្សពីរបីនាក់ឲ្យចែកចាយពីអ្វីដែលពួកគេបានសរសេរ ( ប៉ុន្ដែសូមជួយពួកគេឲ្យយល់ថា ពួកគេមិនគួរមានអារម្មណ៍ថាត្រូវចែកចាយបទពិសោធន៍ដែលផ្ទាល់ខ្លួន ឬ ឯកជនពេកនោះទេ ) ។
នីហ្វៃទី 2 10
យ៉ាកុបបានលើកទឹកចិត្តដល់ប្រជាជនរបស់គាត់ឲ្យអររីករាយ ហើយមករកព្រះអម្ចាស់ ។
សូមសួរសិស្ស បើសិនជាពួកគេធ្លាប់បានទទួលអំណោយមួយដែលមានអត្ថន័យជាពិសេស ដោយសារនរណាម្នាក់បានឆ្លងកាត់ការខិតខំយ៉ាងខ្លាំង ឬ បានលះបង់អ្វីមួយដើម្បីផ្ដល់អំណោយនោះ ។ សូមគិតពីការអញ្ជើញសិស្សម្នាក់ ឬ ពីរនាក់ឲ្យភ្ជាប់នឹងបទពិសោធន៍របស់ពួកគេ ។
-
តើយើងអាចបង្ហាញពីការដឹងគុណសម្រាប់អំណោយបែបនោះដោយរបៀបណា ?
-
តើយើងអាចបង្ហាញពីការដឹងគុណចំពោះអំណោយនៃដង្វាយធួនរបស់ព្រះអង្គសង្គ្រោះដោយរបៀបណា ?
សូមពន្យល់ថា បន្ទាប់ពីថ្ងៃដែលយ៉ាកុបបានធ្វើទេសនកថារបស់គាត់អំពីដង្វាយធួននៃព្រះយេស៊ូវគ្រីស្ទហើយ គាត់បានថ្លែងទីបន្ទាល់អំពីការរំដោះពីលទ្ធផលនៃអំពើបាបរបស់ព្រះអម្ចាស់ម្ដងទៀត ។ គាត់បានបង្រៀនប្រជាជនរបស់គាត់អំពីរបៀបដែលពួកគេគួរឆ្លើយតបនឹងអំណោយនៃដង្វាយធួននេះ ។
សូមសង្ខេប នីហ្វៃទី 2 10:1–19ដោយពន្យល់ថា យ៉ាកុបបាននិយាយម្ដងទៀតថា ទោះបីជាវង្សនៃអ៊ីស្រាអែលនឹងត្រូវខ្ចាត់ខ្ចាយដោយសារតែអំពើបាបក្ដី ក៏ព្រះអម្ចាស់នឹងចងចាំសេចក្ដីសញ្ញារបស់ទ្រង់ ជាមួយនឹងពួកគេ ហើយប្រមូលផ្ដុំពួកគេ នៅពេលពួកគេប្រែចិត្ត ហើយត្រឡប់មកកាន់ទ្រង់វិញ ។ អ្នកអាចបង្ហាញថា នីហ្វៃទី 2 10:3គឺជាខគម្ពីរដំបូងនៅក្នុងព្រះគម្ពីរមរមនដែលប្រើចំណងជើង ព្រះគ្រីស្ទ នៅក្នុងការសំដៅទៅព្រះអង្គសង្គ្រោះ ។
សូមឲ្យសិស្សម្នាក់អាន នីហ្វៃទី 2 10:20, 23–25 ឮៗ ។ សូមអញ្ជើញសិស្សក្នុងថ្នាក់ឲ្យស្វែងរកអ្វីដែលយ៉ាកុបបានដាស់តឿនយើងឲ្យធ្វើ ដើម្បីឆ្លើយតបនឹងអំណោយនៃដង្វាយធួន ។ អ្នកអាចស្នើថា សិស្សគួរតែគូសចំណាំអ្វីដែលពួកគេរកឃើញនៅក្នុងខគម្ពីរទាំងនេះ ។ សូមអញ្ជើញពួកគេឲ្យចែកចាយអ្វីដែលពួកគេរកឃើញ ។
សូមរៀបចំក្រដាសដែលមានសំណួរខាងក្រោមសម្រាប់ចែក ( ឬ សរសេរសំណួរនេះនៅលើក្ដារខៀន មុនពេលចាប់ផ្ដើមថ្នាក់ ) ។ សូមអញ្ជើញសិស្សឲ្យជ្រើសយកសំណួរមួយ ហើយចែកចាយពីគំនិត និង អារម្មណ៍របស់ពួកគេអំពីសំណួរនោះជាមួយនឹងដៃគូរបស់គេ ។
-
ក្រោយពីបានគិតអំពីអ្វីដែលយើងបានសិក្សាអំពីព្រះអង្គសង្គ្រោះ តើអ្នកចង់ចងចាំអ្វីអំពីទ្រង់ជារៀងរហូត ?
-
ហេតុអ្វីបានជាការប្រែចិត្តជារបៀបមួយដ៏សំខាន់ដើម្បីបង្ហាញការដឹងគុណរបស់យើងចំពោះអ្វីដែលព្រះអម្ចាស់បានធ្វើសម្រាប់យើង ?
-
តើអ្នកបានរៀនអ្វីខ្លះ អំពីព្រះអង្គសង្គ្រោះដែលជួយអ្នកឲ្យមានសេចក្ដីសង្ឃឹម ?
សូមបញ្ចប់ដោយការពន្យល់ថា ពាក្យ សម្រុះសម្រួល នៅក្នុងនីហ្វៃទី 2 10:24 មានន័យថា ការនាំមនុស្ស ឬ អ្វីៗទាំងអស់មកស្រុះស្រួល ឬ ព្រមព្រៀងជាមួយនឹងគ្នាទៅវិញទៅមក ។ ជាឧទាហរណ៍ មិត្តភក្ដិពីរនាក់គួរតែសម្រុះសម្រួលជាមួយនឹងគ្នាក្រោយពីការមិនព្រមព្រៀងគ្នាមួយ ។
-
តើអ្នកគិតថា វាមានន័យដូចម្ដេចដើម្បីសម្រុះសម្រួលខ្លួនយើងទៅតាមបំណងរបស់ព្រះ ?
សូមអញ្ជើញសិស្សឲ្យសញ្ជឹងគិតអំពីអ្វីដែលពួកគេបានរៀន និង មានអារម្មណ៍ នៅពេលពួកគេបានសិក្សា និង បានពិភាក្សាក្នុង នីហ្វៃទី 2 9–10 ។ សូមអញ្ជើញពួកគេឲ្យស្វែងរកការណែនាំពីព្រះវិញ្ញាណបរិសុទ្ធ ដើម្បីជួយពួកគេឲ្យសម្រេចអ្វីមួយដែលពួកគេនឹងធ្វើដើម្បីសម្រុះសម្រួលខ្លួនគេទៅតាមបំណងនៃព្រះ ហើយទទួលយកពរជ័យនៃដង្វាយធួនបន្ថែមឲ្យពេញលេញជាងនេះ ។ ជាឧទាហរណ៍ សិស្សម្នាក់អាចប្ដេជ្ញាស្ដាប់តាមពាក្យដំបូន្មានជាក់លាក់នៃព្រះ ( សូមមើល នីហ្វៃទី 2 9:29 ) បែរចេញពីអំពើបាបជាពិសេសមួយ ( សូមមើល នីហ្វៃទី 2 9:45 ) ឬ រកផ្លូវមួយដើម្បីនឹកចាំដល់ព្រះអង្គសង្គ្រោះញឹកញាប់ជាងមុនពេញមួយថ្ងៃ ( សូមមើល នីហ្វៃទី 2 10:20 ) ។ សូមលើកទឹកចិត្តសិស្សឲ្យធ្វើអ្វីដែលចាំបាច់ដើម្បី « សម្រុះសម្រួល [ ខ្លួន ] គេទៅតាមបំណងនៃព្រះ » ( នីហ្វៃទី 2 10:24 ) ។ សូមថ្លែងទីបន្ទាល់អំពីពរជ័យនៃការធ្វើដូច្នោះ ។