មេរៀនទី 44
យ៉ាកុប 2:12–35
សេចក្តីផ្ដើម
ដោយពិតចំពោះការទទួលខុសត្រូវរបស់គាត់ ក្នុងនាមជាអ្នកដឹកនាំបព្វជិតភាពម្នាក់ យ៉ាកុបបានហៅប្រជាជនរបស់គាត់ឲ្យប្រែចិត្ត ដោយព្រមានពួកគេអំពីអំពើបាបនៃសេចក្ដីឆ្មើងឆ្មៃ និង ភាពអសីលធម៌ខាងផ្លូវភេទ ។ គាត់បានបង្រៀនអំពីគ្រោះថ្នាក់ និង ផលវិបាកនៃអំពើបាបទូទៅទាំងពីរនេះ ។
យោបល់សម្រាប់ការបង្រៀន
យ៉ាកុប 2:12–21
យ៉ាកុបដាក់ទោសដល់ប្រជាជនរបស់គាត់ចំពោះសេចក្ដីឆ្មើងឆ្មៃរបស់ពួកគេ
សូមសរសេរអ្វីដែលមានខាងក្រោមនៅលើក្ដារខៀន ៖ លុយកាក់ ប្រាជ្ញា មិត្តភក្ដិ ទេពកោសល្យ ចំណេះដឹងខាងដំណឹងល្អ ។សូមអញ្ជើញសិស្សឲ្យគិតអំពីពរជ័យដែលព្រះអម្ចាស់បានប្រទានដល់ពួកគេនៅក្នុងរឿងទាំងនេះ ។ សូមលើកទឹកចិត្តពួកគេឲ្យសញ្ជឹងគិតអំពីរបៀបដែលពួកគេមានអារម្មណ៍អំពីពរជ័យទាំងនេះ នៅពេលពួកគេសិក្សាយ៉ាកុបជំពូកទី 2 ។
សូមឲ្យសិស្សម្នាក់អាន យ៉ាកុប 2:12–13 ឮៗ ។ សូមអញ្ជើញសិស្សក្នុងថ្នាក់ទាំងអស់ឲ្យអានតាម ដោយរកមើលអ្វីដែលសាសន៍នីហ្វៃភាគច្រើនកំពុងតែស្វែងរកនោះ ។
ក្រោយពីសិស្សបានឆ្លើយតបហើយ សូមបង្ហាញថា យ៉ាកុបបានប្រាប់ប្រជាជនរបស់គាត់ថា ពួកគេបានទទួលទ្រព្យសម្បត្តិតាមរយៈ « បាតដៃនៃទិព្វញ្ញាណ » ។ អ្នកអាចពន្យល់ថាពាក្យ ទិព្វញ្ញាណសំដៅទៅលើព្រះ ។
-
ហេតុអ្វីបានជាវាសំខាន់សម្រាប់យើងដើម្បីចាំថា ពរជ័យរបស់យើងទាំងអស់បានមកពីព្រះវរបិតាសួគ៌របស់យើង ?
-
យោងតាម យ៉ាកុប 2:13 ហេតុអ្វីបានជាសាសន៍នីហ្វៃភាគច្រើនត្រូវបានលើកខ្លួនឡើងនៅក្នុងភាពឆ្មើងឆ្មៃ ?
សូមអញ្ជើញសិស្សម្នាក់ឲ្យអានឮៗនូវសេចក្ដីថ្លែងការណ៍ខាងក្រោមដោយប្រធាន ឌៀថើរអេស្វ.អុជដូហ្វ នៃគណៈប្រធានទីមួយ ។ សូមឲ្យសិស្សក្នុងថ្នាក់ស្ដាប់រកការយល់ដឹងអំពីអត្ថន័យនៃការលើកខ្លួនឡើងក្នុងការឆ្មើងឆ្មៃ ៖
« នៅចំណុចស្នូលរបស់វា ការឆ្មើងឆ្មៃគឺជាអំពើបាបមួយនៃការប្រៀបធៀប ដោយសារទោះបីជាធម្មតាវាចាប់ផ្ដើមដោយ ‹ មើលថាខ្ញុំអស្ចារ្យប៉ុណ្ណា និង ថាខ្ញុំបានធ្វើរឿងដ៏អស្ចារ្យអ្វីខ្លះ › វាតែងតែមើលទៅដូចជាបញ្ចប់ដោយ ‹ ហេតុដូច្នេះហើយ ខ្ញុំល្អជាងអ្នក › ។ …
« … នេះគឺជាអំពើបាបនៃការ ‹ អរព្រះគុណព្រះ ដែលខ្ញុំពិសេសជាងអ្នក › ។ នៅចំណុចស្នូលរបស់វា គឺជាបំណងប្រាថ្នាដើម្បីបានគេសរសើរ ឬ មានគេច្រណែន ។ វាគឺជាអំពើបាបនៃការលើកសិរីល្អខ្លួនឯង » ( « Pride and the Priesthood »Ensignឬលីអាហូណាខែ វិច្ឆិកា ឆ្នាំ 2010 ទំព័រ 56 ) ។
សូមលើកទឹកចិត្តសិស្សឲ្យសញ្ជឹងគិតដោយស្ងាត់ស្ងៀម ថាតើពួកគេធ្លាប់មានទោសពីអំពើបាបនៃការគិតថាពួកគេល្អជាងអ្នកផ្សេងទៀតទេ ។
សូមអញ្ជើញសិស្សម្នាក់ឲ្យអាន យ៉ាកុប 2:14–16 ឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់រកមើលឃ្លាដែលបង្ហាញពីផលវិបាកនៃការឆ្មើងឆ្មៃ ។ សូមឲ្យពួកគេរាយការណ៍ពីអ្វីដែលពួកគេរកឃើញ ។
-
តើអ្នកគិតថា ហេតុអ្វីបានជាការឆ្មើងឆ្មៃមានអំណាចដើម្បី « បំផ្លាញព្រលឹងទាំងឡាយ [ របស់យើង ] បាន» ? ( យ៉ាកុប2:16 ) ។
សូមអញ្ជើញសិស្សឲ្យអាន យ៉ាកុប 2:17–21 ដោយស្ងាត់ស្ងៀម ។ សូមឲ្យពួកគេរកមើលឃ្លាដែលបង្រៀនពីរបៀបដែលយើងអាចយកឈ្នះលើការឆ្មើងឆ្មៃ និង ឥរិយាបថដែលមិនសមរម្យអំពីទ្រព្យសម្បត្តិសម្ភារ ។ អ្នកអាចស្នើថាពួកគេគួរតែគូសចំណាំឃ្លាដែលពួកគេរកឃើញ ។ ក្រោយពីពួកគេបានសិក្សាខគម្ពីរទាំងនេះហើយសូមអញ្ជើញពួកគេឲ្យជ្រើសរើសឃ្លាមួយដែលពួកគេបានរកឃើញ ។ សូមផ្ដល់ឱកាសដល់សិស្សបីបួននាក់ឲ្យពន្យល់ពីរបៀបដែលឃ្លាដែលពួកគេបានជ្រើសរើសនេះអាចជួយយើងឲ្យយកឈ្នះលើការឆ្មើងឆ្មៃឬក៏ឥរិយាបថដែលមិនសមរម្យនានាចំពោះទ្រព្យសម្បត្តិសម្ភារ ។ ( នៅផ្នែកនៃសកម្មភាពនេះអ្នកក៏អាចស្នើថាសិស្សគួរតែអានវគ្គព្រះគម្ពីរដូចខាងក្រោម ៖របាក្សត្រទី1 3:11–13; ម៉ាកុស 10:17–27រួមទាំងការបកប្រែដោយយ៉ូសែបស្ម៊ីធនៅក្នុងលេខយោងទី 27a; នីហ្វៃទី2 26:31; អាលម៉ា 39:14; គ . និងស . 6:7 ) ។
-
តើអ្នកគិតថាការស្វែងរកនគរព្រះមានន័យដូចម្ដេចដែរ ? តើអ្នកគិតថាការទទួលបានសេចក្ដីសង្ឃឹមនៅក្នុងព្រះគ្រីស្ទមានន័យដូចម្ដេចដែរ ?
-
តើការស្វែងរកនគរព្រះនិងការទទួលបានសេចក្ដីសង្ឃឹមនៅក្នុងព្រះគ្រីស្ទអាចជះឥទ្ធិពលដល់ឥរិយាបថរបស់យើងចំពោះទ្រព្យសម្បត្តិនិងកម្មសិទ្ធិលើទ្រព្យសម្បត្តិដូចម្ដេចដែរ ?
សូមឲ្យសិស្សស្រមៃពីរបៀបដែលពួកគេនឹងសង្ខេបចំណុចសំខាន់នៃយ៉ាកុប2:12–21សម្រាប់សិស្សម្នាក់ដែលមិនបានមករៀននៅថ្ងៃនេះ ។ សូមផ្ដល់ឱកាសដល់សិស្សពីរឬបីនាក់ឲ្យចែកចាយនូវអ្វីដែលពួកគេនឹងនិយាយ ។ សិស្សអាននិយាយពីគោលការណ៍ពិតទាំងឡាយផ្សេងគ្នា ។ សូមប្រាកដថាពួកគេយល់ថាយើងអាចស្វែងរកនគរព្រះលើសអស់ទាំងចំណាប់អារម្មណ៍ផ្សេងៗទៀតបាន ។សូមផ្ដល់ពេលដល់សិស្សឲ្យសរសេរនៅក្នុងកំណត់ហេតុសិក្សាព្រះគម្ពីរ ឬ សៀវភៅកត់ត្រាក្នុងថ្នាក់របស់ពួកគេអំពីរបៀបមួយដែលពួកគេអាចប្រើពរជ័យនិងឱកាសនានាដែលព្រះអម្ចាស់បានប្រទានដល់ពួកគេឲ្យកសាងនគរព្រះនិងប្រទានពរដល់ជីវិតរបស់អ្នកដទៃ ។
យ៉ាកុប2:22–35
យ៉ាកុបបានស្ដីបន្ទោសដល់មនុស្សដែលបានបំពានលើច្បាប់ព្រហ្មចារីយភាព
សូមសរសេរនៅលើក្ដារខៀននូវសេចក្ដីថ្លែងការណ៍ខាងក្រោមដោយប្រធានអ៊ែសរ៉ាថាហ្វប៊ែនសឹន ៖
« ការរុកគួននៃអំពើបាបនៃជំនាន់នេះគឺ … »
សូមអញ្ជើញសិស្សឲ្យគិតអំពីរបៀបដែលប្រធានប៊ែនសឹនអាចបញ្ចប់ប្រយោគនេះ ។ បន្ទាប់មកសូមអានសេចក្ដីថ្លែងការណ៍ខាងក្រោមនេះ ៖
« ការរុកគួននៃអំពើបាបនៃជំនាន់នេះគឺភាពអសីលធម៌ខាងផ្លូវភេទ ។ ព្យាការីយ៉ូសែបបាននិយាយថា នេះនឹងជាប្រភពនៃការល្បួងកាន់តែខ្លាំងក្លាឡើងកាន់តែមានការប៉ះទង្គិចកាន់តែច្រើនឡើង ហើយកាន់តែពិបាកជាងមុនសម្រាប់ពួកអែលឌើរនៃអ៊ីស្រាអែលជាជាងអ្នកដទៃទៀត » ( The Teachings of Ezra Taft Benson [ ឆ្នាំ1988 ]ទំព័រ 277 ) ។
សូមអញ្ជើញសិស្សឲ្យអានយ៉ាកុប2:22–23, 28ដោយស្ងាត់ស្ងៀមដោយរកមើលពាក្យនិងឃ្លាដែលយ៉ាកុបបានប្រើដើម្បីរៀបរាប់ពីភាពធ្ងន់ធ្ងរនៃភាពអសីលធម៌ខាងផ្លូវភេទ ។ ( អ្នកអាចពន្យល់ថាពាក្យសហាយស្មន់សំដៅទៅលើអំពើបាបខាងផ្លូវភេទ ) សូមឲ្យសិស្សចែកចាយពាក្យនិងឃ្លាដែលពួកគេរកឃើញ ។
ដើម្បីជួយសិស្សឲ្យយល់ពីច្បាប់ព្រហ្មចារីយភាពសូមអានសេចក្ដីថ្លែងការណ៍ខាងក្រោមមកពីកូនសៀវភៅដើម្បីកម្លាំងនៃយុវជន ។ សូមឲ្យសិស្សស្ដាប់រកសកម្មភាពដែលពួកគេត្រូវចៀសវាង ។
« បទដ្ឋានរបស់ព្រះអម្ចាស់ដែលទាក់ទងទៅនឹងភាពបរិសុទ្ធខាងផ្លូវភេទគឺមានភាពច្បាស់លាស់ និងគ្មានការផ្លាស់ប្តូរ ។ ចូរកុំឱ្យមានទំនាក់ទំនងផ្លូវភេទជាមួយអ្នកណាមុនអាពាហ៍ពិពាហ៍ ហើយចូរមានសេចក្តីស្មោះត្រង់ទាំងស្រុងចំពោះប្តី ឬប្រពន្ធរបស់អ្នកក្រោយពេលអាពាហ៍ពិពាហ៍ ។ …
« ចូរកុំធ្វើអ្វីដែលអាចដឹកនាំឲ្យមានការរំលងខាងផ្លូវភេទ ។ ចូរប្រព្រឹត្តជាមួយនឹងអ្នកដទៃដោយការគោរព មិនត្រូវប្រើដូចជារបស់ដើម្បីបំពេញតណ្ហា និងចំណង់ដ៏អាត្មានិយមនោះឡើយ ។ មុនពេលរៀបអាពាហ៍ពិពាហ៍ ចូរកុំចូលរួមក្នុងការថើបដែលធ្វើឲ្យមានតណ្ហា ដេកលើមនុស្សម្នាក់ទៀត ឬប៉ះពាល់លើផ្នែកនៃខ្លួនប្រាណណាដែលមិនសមរម្យ ឬពិសិដ្ឋរបស់មនុស្សម្នាក់ទៀតនោះ ទោះដោយមាន ឬដោយមិនមានសម្លៀកបំពាក់ក្ដី ។ ចូរកុំធ្វើអ្វីដែលដាស់ឡើងនូវចំណង់ខាងផ្លូវភេទ ។ ចូរកុំបង្កើតអារម្មណ៍ទាំងនោះនៅក្នុងរាងកាយរបស់អ្នកផ្ទាល់ឡើយ » ( ដើម្បីកម្លាំងនៃយុវជន [ កូនសៀវភៅឆ្នាំ 2011 ]ទំព័រ35–36 ) ។
សូមបង្ហាញថាយោងតាមយ៉ាកុប2:23–24មនុស្សខ្លះនៅក្នុងជំនាន់របស់យ៉ាកុបបានព្យាយាមយកលេសពីអំពើបាបខាងផ្លូវភេទរបស់ពួកគេ ។
-
តើពេលខ្លះមនុស្សចង់រកលេសដោះសារនូវភាពអសីលធម៌ខាងផ្លូវភេទនាបច្ចុប្បន្ននេះដោយរបៀបណាដែរ ?
-
តើមានអ្វីខ្លះដែលយុវជនអាចធ្វើដើម្បីចៀសវាងពីការយកឈ្នះដោយការល្បួងខាងផ្លូវភេទបាននោះ ? ( ចម្លើយអាចរួមមានការអធិស្ឋានសម្រាប់កម្លាំងការទាក់ទងជាមួយនឹងមិត្តល្អការជ្រើសរើសការកំសាន្ដត្រឹមត្រូវនិងការចៀសវាងពីស្ថានភាពនិងកន្លែងណាដែលធ្វើឲ្យមានការល្បួង ) ។
អ្នកអាចបង្ហាញថាអំពើបាបមួយរបស់សាសន៍នីហ្វៃលេចឡើងជាការមិនបានអនុញ្ញាតឲ្យអនុវត្តពហុអាពាហ៍ពិពាហ៍ ។ សូមអញ្ជើញសិស្សឲ្យអានយ៉ាកុប2:27–30ដោយស្ងាត់ៗ ។ មុនពេលពួកគេអានអ្នកអាចពន្យល់ថាពាក្យស្រីស្នំសំដៅទៅស្ដ្រីម្នាក់ដែលបានរៀបអាពាហ៍ពិពាហ៍ស្របច្បាប់ជាមួយនឹងបុរសម្នាក់ទៀតប៉ុន្ដែដែលមានឋានៈទាបជាងឋានៈជាភរិយាម្នាក់ ។
-
ដោយយោងតាមយ៉ាកុប 2:27តើ « ព្រះបន្ទូលនៃព្រះអម្ចាស់ » ទាក់ទងអ្វីទៅនឹងការមានប្រពន្ធច្រើនជាងមួយនោះ ? ( សូមប្រាកដថាវាច្បាស់ថាចាប់តាំងពីដើមមកព្រះអម្ចាស់បានបញ្ជាថាបុរសម្នាក់ត្រូវរៀបការនឹងស្រី្ដម្នាក់ ។ សូមមើលផងដែរគ . និង ស . 49:15–16 ) ។
សូមពន្យល់ថាពហុអាពាហ៍ពិពាហ៍ដែលមិនមានការអនុញ្ញាតគឺជាគំរូមួយនៃសហាយស្មន់ឬអំពើបាបខាងផ្លូវភេទ ។ នៅក្នុងព្រះនេត្រព្រះអំពើបាបខាងផ្លូវភេទគឺជាអំពើបាបដ៏ធ្ងន់ធ្ងរណាស់ ។
-
ដោយយោងតាមយ៉ាកុប 2:30តើនៅពេលណាដែលប្រជាជនរបស់ព្រះអម្ចាស់ត្រូវបានអនុញ្ញាតឲ្យអនុវត្តពហុអាពាហ៍ពិពាហ៍បាននោះ ? ( នៅពេលដែលព្រះអម្ចាស់បញ្ជាឲ្យធ្វើវា ) ។
សូមបង្ហាញថានៅពេលខ្លះនៅក្នុងប្រវត្តិសាស្ដ្រនៃពិភពលោកព្រះអម្ចាស់បានបញ្ជាប្រជាជនរបស់ទ្រង់ឲ្យអនុវត្តពហុអាពាហ៍ពិពាហ៍ ។ ឧទាហរណ៍ ពហុអាពាហ៍ពិពាហ៍ត្រូវបានអនុវត្តនៅក្នុងជំនាន់ព្រះគម្ពីរសញ្ញាចាស់ដោយអ័ប្រាហាំ និង សារ៉ា ( សូមមើល លោកុប្បត្តិ 16:1–3; គ . និង ស . 132:34–35, 37 ) និង ដោយចៅប្រុសរបស់ពួកគេគឺ យ៉ាកុប ( សូមមើល គ . និង ស . 132:37 ) ហើយវាត្រូវបានអនុវត្តក្នុងពេលមួយអំឡុងពេលជំនាន់ដើមនៃពេលសាសនាចក្របានស្ដារឡើងវិញ ដំបូងដោយយ៉ូសែប ស្ម៊ីធ ( សូមមើល គ . និង ស . 132:32–33, 53 ) ។
ដើម្បីបញ្ជាក់ថា ភាពអសីលធម៌ខាងផ្លូវភេទមានឥទ្ធិពលមួយបំផ្លាញដល់គ្រួសារ សូមអាន យ៉ាកុប 2:31–35 ឮៗ ។ សូមឲ្យសិស្សអានតាម ដោយរកមើលផលវិបាកខ្លះៗនៃភាពអសីលធម៌នេះ ។ សូមបង្ហាញថា ទោះបីជាយ៉ាកុបនិយាយតែអំពីបុរសក្តី ច្បាប់ព្រហ្មចារីយភាពក៏មានសារៈសំខាន់ស្មើគ្នាចំពោះស្ដ្រីដែរ ។
-
យោងតាមយ៉ាកុប តើគ្រួសារអាចត្រូវរងឥទ្ធិពលដោយរបៀបណា នៅពេលសមាជិកគ្រួសារម្នាក់បំពានលើច្បាប់ព្រហ្មចារីយភាព ? តើការណ៍នេះជួយពន្យល់ពីមូលហេតុដែលបំពានលើច្បាប់ព្រហ្មចារីយភាព គឺជាអំពើបាបដ៏ធ្ងន់ធ្ងរមួយដោយរបៀបណា ?
-
យុវវ័យខ្លះយកលេសថា ពួកគេអាចរំលងច្បាប់ព្រហ្មចារីយភាពបានដោយសារសកម្មភាពរបស់ពួកគេមិនបានធ្វើឲ្យអ្នកផ្សេងទៀតឈឺចាប់នោះទេ ។ តើភាពអសីលធម៌របស់មនុស្សម្នាក់ អាចជះឥទិ្ធពលដល់មនុស្សផ្សេងទៀតដោយរបៀបណា ?
ដើម្បីបញ្ចប់ការពិភាក្សាអំពីផលវិបាកនៃអំពើបាបខាងផ្លូវភេទនេះ សូមគិតពីការអានសេចក្ដីថ្លែងការណ៍ខាងក្រោមដោយអែលឌើរ រីឆាដជី.ស្កត នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ។ សូមអញ្ជើញសិស្សស្ដាប់រកផលវិបាកនៃភាពអសីលធម៌ខាងផ្លូវភេទ ។
« ទង្វើស្និទ្ធសា្នលទាំងនោះត្រូវព្រះអម្ចាស់ហាមឃាត់ពីខាងក្រៅ ការតស៊ូនឹងការប្ដេជ្ញានៃអាពាហ៍ពិពាហ៍ ដោយសារពួកគេធ្វើឲ្យខូចបំណងរបស់ទ្រង់ ។ នៅក្នុងសេចក្ដីសញ្ញាអាពាហ៍ពិពាហ៍ដ៏ពិសិដ្ឋ ទំនាក់ទំនងបែបនេះគឺស្របតាមផែនការរបស់ទ្រង់ ។ នៅពេលជួបនឹងរបៀបផ្សេងៗទៀត ពួកគេប្រឆាំងនឹងឆន្ទៈរបស់ទ្រង់ ។ វាបង្កឲ្យមានគ្រោះថ្នាក់ខាងអារម្មណ៍ និង ខាងវិញ្ញាណធ្ងន់ធ្ងរ ។ ទោះបីជាអ្នកធ្វើនោះមិនយល់ថាវាកំពុងតែកើតឡើងឥឡូវនេះក៏ដោយ តែពួកគេនឹងដឹងពេលក្រោយ ។ ភាពអសីលធម៌ខាងផ្លូវភេទបង្កើតជារបាំងមួយទាស់នឹងឥទ្ធិពលនៃព្រះវិញ្ញាណបរិសុទ្ធជាមួយនឹងសមត្ថភាពលើកតម្កើង ការបំភ្លឺ និង បង្កើនកម្លាំងទាំងអស់ ។ វាបណ្ដាលឲ្យមានការកម្រើកខាងរាងកាយ និង ខាងអារម្មណ៍យ៉ាងខ្លាំងក្លា ។ ពេលនោះវាបង្កើតអារម្មណ៍ដែលមិនអាចរម្ងាប់បាន ដែលនាំអ្នកប្រព្រឹត្តល្មើសទៅកាន់អំពើបាបដ៏ធ្ងន់ធ្ងរជាងនេះកាន់តែខ្លាំង ។ វាបង្កើតជាភាពអាត្មាយម ហើយអាចបង្កើតជាទង្វើខឹងសម្បារ ដូចជាអំពើហិង្សា ការរំលូតកូន ហិង្សាផ្លូវភេទ និង បទល្មើសហិង្សាផ្សេងៗ ។ ការដាស់អារម្មណ៍បែបនោះ អាចនាំទៅរកទង្វើរួមភេទដូចគ្នា ហើយវាគឺជាទង្វើដ៏ខុសឆ្គង និង ខុសខ្លាំងមែនទែន » ( « Making the Right Choices » Ensignខែ វិច្ឆិកា ឆ្នាំ 1994 ទំព័រ 38 ) ។
សូមអញ្ជើញសិស្សឲ្យរំឭកពីដើមនៃ យ៉ាកុប 2:28 ហើយរកមើលអ្វីដែលព្រះអម្ចាស់បានសព្វព្រះទ័យនោះ ។ ( អ្នកអាចស្នើថា សិស្សគួរគូសចំណាំនូវអ្វីដែលពួកគេរកឃើញ ។ សូមប្រាកដថា ពួកគេយល់ថា ព្រះអម្ចាស់សព្វព្រះទ័យនឹងព្រហ្មចារីយភាព )
-
ដោយផ្អែកលើអ្វីដែលយើងបានពិភាក្សានៅថ្ងៃនេះ តើអ្នកគិតថា ហេតុអ្វីបានជាព្រះអម្ចាស់សព្វព្រះទ័យនឹងព្រហ្មចារីយភាព ?
សូមពិចារណាពីការបង្ហាញរូបភាពមួយនៃក្រុមគ្រួសាររបស់អ្នក ។ សូមថ្លែងទីបន្ទាល់នៃពរជ័យដែលបានមកដល់អ្នក និង គ្រួសាររបស់អ្នក នៅពេលអ្នកបានរស់នៅតាមច្បាប់ព្រហ្មចារីយភាពរបស់ព្រះអម្ចាស់ ។ សូមបញ្ជាក់ថា អំណាចដើម្បីមានកូនចៅ គឺជាអំណោយដ៏អស្ចារ្យមួយមកពីព្រះវរបិតានៅសា្ថនសួគ៌របស់យើង នៅពេលវាត្រូវបានប្រើនៅក្នុងព្រំដែនដែលទ្រង់បានដាក់នោះ ។ សូមលើកទឹកចិត្តសិស្សឲ្យរក្សាភាពបរិសុទ្ធ និង ស្អាតស្អំ ដើម្បីព្រះអម្ចាស់អាច « សព្វព្រះហឫទ័យនឹងព្រហ្មចារីយភាព » ( យ៉ាកុប 2:28 ) ។
ដើម្បីជួយសិស្សឲ្យចែកចាយទីបន្ទាល់របស់ពួកគេអំពីការរស់នៅតាមច្បាប់ព្រហ្មចារីយភាព អ្នកអាចសួរសំណួរខាងក្រោមនេះ ៖
-
បើមានមនុស្សម្នាក់និយាយថា ច្បាប់ព្រហ្មចារីយភាពគឺហួសសម័យ ហើយមិនចាំបាច់ទៀតទេតើអ្នកនឹងនិយាយយ៉ាងដូម្តេច ? ( នៅពេលសិស្សឆ្លើយនឹងសំណួរនេះ សូមបំផុសគំនិតពួកគេឲ្យថ្លែងទីបន្ទាល់អំពីពរជ័យនៃការកាន់តាមច្បាប់ព្រហ្មចារីយភាព មិនមែនគ្រាន់តែគ្រោះថ្នាក់នៃការមិនគោរពតាមវានោះទេ ) ។
សូមប្រាប់សិស្សថា អ្នកមានទំនុកចិត្តថា ពួកគេអាចស្អាតស្អំខាងសីលធម៌ ។ សូមបញ្ជាក់ថា ប្រសិនបើពួកគេបានធ្វើបាបខុសនឹងច្បាប់ព្រហ្មចារីយភាព ពួកគេគួរតែស្វែងរកជំនួយពីប៊ីស្សព ឬ ប្រធានសាខារបស់ពួកគេ ដែលអាចជួយពួកគេឲ្យប្រែចិត្ត ហើយក្លាយជាស្អាតស្អំតាមរយៈដង្វាយធួននៃព្រះយេស៊ូវគ្រីស្ទ ។