បណ្ណាល័យ
ការសិក្សា​នៅ​ផ្ទះ មេរៀន​ទី 20


មេរៀន​សិក្សា​នៅ​ផ្ទះ

អាលម៉ា 39–44 ( មេរៀន​ទី 20 )

ការរៀបចំ​សម្ភារ​សម្រាប់​គ្រូបង្រៀន​ដល់​សិស្ស​ដែល​សិក្សា​នៅ​ផ្ទះ

សេចក្ដីសង្ខេប​នៃ​មេរៀន​សិក្សា​នៅផ្ទះ​ប្រចាំថ្ងៃ

សេចក្ដីសង្ខេប​ខាងក្រោម​នៃ​គោលលទ្ធិ និង​គោលការណ៍​ទាំងឡាយ​ដែល​សិស្ស​បាន​រៀន នៅពេល​ពួកគេ​សិក្សា អាលម៉ា39–44( មេរៀនទី 20 ) មិន​មែន​សម្រាប់​បង្រៀន​ជាផ្នែក​នៃ​មេរៀន​របស់​អ្នក​ឡើយ ។ មេរៀន​ដែល​អ្នក​បង្រៀន​ផ្ដោតតែ​លើ​គោលលទ្ធិ និង គោលការណ៍​ទាំងនេះ​ពីរ​បី​ប៉ុណ្ណោះ ។ សូម​ធ្វើតាម​ការបំផុស​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ នៅពេល​អ្នក​គិត​អំពី​តម្រូវការ​របស់​សិស្ស ។

ថ្ងៃទី 1 (អាលម៉ា 39)

ខណៈពេល​ដែល​សិក្សា​សម្ដី​របស់​អាលម៉ា​ដល់​កូនប្រុស​ខុសឆ្គង​របស់​គាត់ កូរីអានតុន នោះ​សិស្ស​បាន​រៀន​ថា អំពើបាប​ខាង​ផ្លូវភេទ​គឺជា​អំពើគួរ​ខ្ពើមឆ្អើម​នៅក្នុង​ព្រះនេត្រ​របស់​ព្រះអម្ចាស់ ។ អាលម៉ា​ក៏​បាន​បង្រៀន​កូនប្រុស​របស់​គាត់​ថា ការប្រែចិត្ត​រួមមាន​ការទទួលស្គាល់ និង​ការលះបង់​អំពើបាប​របស់​យើង ហើយ​បែរទៅរក​ព្រះអម្ចាស់​ដោយ​អស់ពី​គំនិត អស់ពី​កម្លាំង និង​អស់ពី​ពលំ ។ សិស្ស​អាន​ទីបន្ទាល់​របស់​អាលម៉ា​ថា ព្រះយេស៊ូវគ្រីស្ទ​បាន​មក​ដើម្បី​នាំ​យក​អំពើបាប​នៃ​មនុស្ស​លោក​ចេញទៅ ។

ថ្ងៃទី 2 (អាលម៉ា 40–41)

កូរីអានតុន​បាន​បារម្ភ​អំពី​ការរស់ឡើងវិញ និង​សេចក្ដីជំនុំជម្រះ​នៅ​ថ្ងៃចុងក្រោយ ចេញពី​ចម្លើយ​របស់​អាលម៉ា​ចំពោះ​ការបារម្ភ​ទាំងនេះ សិស្ស​បាន​រៀន​ពី​គោលលទ្ធិ​ខុសគ្នា​ជាច្រើន​ដែល​ទាក់ទង​នឹង​ការរស់ឡើងវិញ ដោយ​រួមមាន​សេចក្ដីពិត​ថា យើង​នឹង​ត្រូវ​សាងឡើងវិញ​អាច​ដល់​សុភមង្គល ឬ​សេចក្ដីទុក្ខវេទនា​ស្របតាម​កិច្ចការ និង​បំណង​របស់​យើង​នៅក្នុង​ជីវិត​រមែងស្លាប់ ។ អាលម៉ា​ក៏​បាន​បញ្ជាក់​ថា « សេចក្ដីទុច្ចរិត​ពុំ​ដែល​ជា​សុភមង្គល​ឡើយ » ( អាលម៉ា 41:10 ) ។

ថ្ងៃទី 3 (អាលម៉ា 42)

អាលម៉ា​បាន​ជួយ​កូរីអានតុន​ឲ្យ​ឃើញ​ថា ការមិនគោរពតាម​បណ្ដាល​ឲ្យ​បុគ្គល​ទាំងឡាយ​ត្រូវកាត់​ចេញពី​វត្តមាន​នៃ​ព្រះ ។ ផ្ទុយទៅវិញ សិស្ស​បាន​រៀន​ពី​របៀប​ដែល​ផែនការ​នៃ​សេចក្ដីប្រោសលោះ​បាន​អនុញ្ញាត​ឲ្យ​បុគ្គល​ទាំងឡាយ​យកឈ្នះ​លើ​ស្ថានភាព​ធ្លាក់​របស់​ពួកគេ ។ ការបង្រៀន​របស់​អាលម៉ា​បញ្ជាក់​ថា ការរងទុក្ខ​របស់​ព្រះយេស៊ូវគ្រីស្ទ​បំពេញ​ដល់​ការទាមទារ​នៃ​សេចក្ដីយុត្តិធម៌ ដើម្បី​ឲ្យ​សេចក្ដីមេត្តាករុណា​អាច​ត្រូវបាន​ពង្រីក​ដល់​អ្នកដែល​ប្រែចិត្ត ។

ថ្ងៃទី 4 (អាលម៉ា 43–44)

សិស្ស​បាន​រៀន​អំពី​សង្គ្រាម​មួយ​រវាង​ពួកសាសន៍​លេមិន និង​ពួកសាសន៍​នីហ្វៃ ។ មេរៀន​មួយ​ដែល​ពួកគេ​បាន​រៀន​ពី អាលម៉ា 43–44 គឺថា​ប្រសិនបើ​យើង​ស្វែងរក និង​ធ្វើតាម​ការប្រឹក្សា​របស់​ព្យាការី យើង​នឹង​អាច​ការពារ​ខ្លួន​យើង​ប្រឆាំង​នឹង​ឧបសគ្គ​កាន់តែ​ប្រសើរ​ជាង​មុន ។ បន្ថែម​លើ​នេះ សិស្ស​បាន​រកឃើញ​ថា នៅពេល​យើង​អធិស្ឋាន​ដល់​ព្រះអម្ចាស់​ទាក់ទង​នឹង​ផែនការ និង​បំណង​ដ៏​សុចរិត​របស់យើង ទ្រង់​នឹង​ជួយ​យើង​ឲ្យ​សម្រេច​វា​បាន ។

សេចក្តី​ផ្ដើម

ដូចដែល​បាន​កត់ត្រា​នៅក្នុង អាលម៉ា 39–42 អាលម៉ា​បានជួយ​កូនប្រុស​របស់​គាត់ កូរីអានតុន​ឲ្យ​យល់​ពី​ភាពធ្ងន់ធ្ងរ​នៃ​អំពើបាប​ខាង​ផ្លូវភេទ គោលលទ្ធិ​នានា​ដែល​ទាក់ទង​នឹង​ការរស់ឡើងវិញ និង​សេចក្ដីជំនុំជម្រះ​នៅ​ថ្ងៃចុងក្រោយ និង​លទ្ធផល​ដ៏​អស់កល្ប​នៃ​ច្បាប់​នៃ​សេចក្ដីយុត្តិធម៌ និង​សេចក្ដីមេត្តាករុណា ។ មេរៀន​នេះ​នឹង​ផ្ដល់​ឱកាស​ដល់​សិស្ស​ឲ្យ​បង្រៀន និង​ពន្យល់​ពី​គោលលទ្ធិ​ទាំងនេះ​ដល់​អ្នកដទៃ ។

យោបល់​សម្រាប់​ការបង្រៀន

មុនចាប់ផ្ដើម​បង្រៀន សូម​រៀបចំ​ក្រដាស​ដែល​មាន​ការណែនាំ​នៅក្នុង​មេរៀន​នេះ ។ សូម​ឲ្យ​អ្នក​ចាំ​ការណែនាំ​ទាំងឡាយ ដើម្បី​អ្នក​អាច​ជួយ​សិស្ស​ឲ្យ​សម្រេច​បាន​ការខិតខំ​របស់​គេ​ក្នុង​ការបង្រៀន​ដល់​គ្នាទៅវិញទៅមក ។

អាលម៉ា 39–41

អាលម៉ា​បង្រៀន​ថា ការប្រែចិត្ត​នាំ​មក​នូវ​សុភមង្គល

សូម​ចាប់ផ្ដើម​ថ្នាក់​ដោយ​ការឲ្យសិស្ស​ទន្ទេញ​រួមគ្នា​ក្នុង អាលម៉ា 39:9 ដែល​ជា​វគ្គ​ចំណេះចំណាន​ខគម្ពីរ​មួយ ដែល​ពួកគេ​ត្រូវ​បាន​ណែនាំ​ឲ្យ​សូត្រ​នៅក្នុង​សប្ដាហ៍​នេះ ។ សូម​សួរ​ប្រសិនបើ​មាន​នរណាម្នាក់​អាច​រំឭក​សិស្ស​ពី​មូលហេតុ​ដែល​អាលម៉ា​បាន​ណែនាំ​កូនប្រុស​របស់​គាត់ កូរីអានតុន ឲ្យ​ប្រែចិត្ត ហើយ​លះបង់​អំពើបាប​របស់​គាត់​ចោល​នៅក្នុង​ខគម្ពីរ​នេះ ។

សូម​រំឭក​សិស្ស​ថា​នៅក្នុង អាលម៉ា 40–41 អាលម៉ា​ក៏​បាន​និយាយ​អំពី​ការបារម្ភ​របស់​កូរីអានតុន​អំពី​ការរស់ឡើងវិញ​នៃ​អ្នកស្លាប់ និង​សេចក្ដីជំនុំជម្រះ​នៅ​ថ្ងៃចុងក្រោយ​ដែរ ។ ដើម្បី​ជួយ​សិស្ស​ឲ្យ​ពន្យល់​ពី​អ្វី​ដែល​ពួកគេ​បាន​រៀន និង​ចែកចាយ​ពី​អារម្មណ៍ និង​ទីបន្ទាល់​របស់​ពួកគេ​អំពី​សេចក្ដីពិត​ដែល​មាន​នៅក្នុង អាលម៉ា 39–41 សូម​សរសេរ​សំណួរ​ខាងក្រោម និង​សេចក្ដីយោង​ព្រះគម្ពីរ​នៅលើ​ក្ដារខៀន​មុនចាប់ផ្ដើម​បង្រៀន ៖

  1. ហេតុអ្វីបានជា​វា​សំខាន់​ដើម្បី​កាន់តាម​ច្បាប់​ព្រហ្មចារីយភាព ? ( សូមមើល អាលម៉ា 39:1–9 ។

  2. តើ​អ្វីទៅ​ជា​ការរស់ឡើងវិញ ? តើ​អ្វី​ជា​ភាពខុសគ្នា​រវាង​រាងកាយ​ខាង​សាច់ឈាម និង​រាងកាយ​ដែល​បាន​រស់ឡើងវិញ ? តើ​នឹង​មាន​អ្វី​កើតឡើង បន្ទាប់ពី​យើង​បាន​រស់ឡើងវិញ ? ( សូមមើលអាលម៉ា 40:21–26 ។

  3. តើ​ខ្ញុំ​នឹង​ត្រូវ​កាត់សេចក្ដី​នៅ​ថ្ងៃ​ជំនុំជម្រះ​ចុងក្រោយ​ដោយ​របៀបណា ? ( សូមមើល អាលម៉ា 41:1–7 ។

  4. វា​ហាក់​ដូចជា​អ្នកខ្លះ​ដែល​រំលង​ព្រះបញ្ញត្តិ​សប្បាយ​រីករាយ ។ តើ​វា​ពិត​ទេ ? ( សូមមើល អាលម៉ា 41:10–15 ។

សូម​ឲ្យ​សិស្ស​ស្រមៃ​ថា ពួកគេ​គឺជា​អ្នកផ្សព្វផ្សាយ​សាសនា ហើយ​ថា​ពួកគេ​មាន​ការណាត់ជួប​មួយ​ជាមួយ​នឹង​នរណាម្នាក់​ដែល​កំពុង​រក​ចម្លើយ​ទៅនឹង​សំណួរ​ទាំងនេះ ។ សូម​ប្រាប់​ពួកគេ​ថា ពួកគេ​នឹង​មាន​ពេល​ខ្លះ​រៀបចំ ហើយ​បន្ទាប់មក​ពួកគ​នឹង​មាន​ឱកាស​មួយ​ដើម្បី​ឆ្លើយ​នឹង​សំណួរ​ខ្លះ​ដោយ​ប្រើ​អ្វី​ដែល​ពួកគេ​បាន​រៀន​ពី អាលម៉ា 39–41 ។

ប្រសិនបើ​អ្នក​សិស្ស​មាន​ច្រើន សូម​ឲ្យ​ពួកគេ​ធ្វើការ​ជា​ដៃគូ​ដែល​តំណាង​ឲ្យ​ដៃគូ​អ្នកផ្សព្វផ្សាយ​សាសនា ។ សូម​ឲ្យ​ដៃគូ​នីមួយៗ​ឆ្លើយនឹង​សំណួរ​មួយ​នៅលើ​ក្ដារខៀន ។ ( ប្រសិនបើ​សិស្ស​អ្នក​មាន​តិច អ្នក​អាច​ចាត់ចែង​សំណួរ​នានា​ដល់​សិស្ស​ម្នាក់ៗ ។ សូម​ឲ្យ​ដៃគូ​នីមួយៗ​នូវ​ច្បាប់​ចម្លង​នៃ​ការណែនាំ​ខាងក្រោម ហើយ​សូម​ឲ្យ​ពួកគេ​ប្រើ​ខយោង​ទាំងឡាយ​នៅ​ចុងបញ្ចប់​នៃ​សំណួរ​ដែល​គេ​ធ្វើ ដើម្បី​ឆ្លើយ​នឹង​សំណួរ​របស់​អ្នករៀន​របស់​ពួកគេ ។ សូម​ផ្ដល់​ពេល​ដល់​សិស្ស​ឲ្យ​រំឭក​ខគម្ពីរ ហើយ​រៀបចំ​មេរៀន​ខ្លី​មួយ​សម្រាប់​អ្នករៀន​របស់​គេ ។ សូម​លើកទឹកចិត្ត​ដៃគូ​ឲ្យ​ចែក​ផ្នែក​នៃ​ការណែនាំ​ណា​ដែល​ពួកគេ​ម្នាក់ៗ​នឹង​ទទួលខុសត្រូវ​នៅពេល​បង្រៀន ។

នៅពេល​សិស្ស​រៀបចំ អ្នក​អាច​ដើរ​មើល​ពួកគេ ដូច្នេះ​អ្នក​អាច​ស្ដាប់ និង​ជួយ​នៅពេល​ចាំបាច់ ។ ប្រសិនបើ​ចាំបាច់ សូម​ជួយ​សិស្ស​ឲ្យ​រកឃើញ​គោលលទ្ធិ​ពី អាលម៉ា 39–41 ដែល​ជួយ​ឆ្លើយ​នឹង​សំណួរ​ដែល​ពួកគេ​ធ្វើ ។ សូម​ប្រើ​គោលលទ្ធិ​ខាងក្រោម​ជា​ការណែនាំ ៖

អំពើបាប​ខាងផ្លូភេទ គឺជា​អំពើដ៏​គួរ​ខ្ពើមឆ្អើម​មួយ​នៅក្នុង​ព្រះនេត្រ​នៃ​ព្រះអម្ចាស់ ( សូមមើល អាលម៉ា 39:1–9 ) ។

ការរស់ឡើងវិញ គឺជា​ការផ្ដុំឡើងវិញ​នៃ​ព្រលឹង និង​រាងកាយ ដោយ​អ្វីៗ​ទាំងអស់​ត្រូវ​សាងឡើងវិញ​ទៅជា​រូបរាង​ដ៏​ត្រឹមត្រូវ និង​ដ៏​ឥតខ្ចោះ ( សូមមើល អាលម៉ា 40:21–26 ) ។

យើង​នឹង​ត្រូវ​សាង​ឡើងវិញ​ឲ្យ​ទទួល​បាន​សុភមង្គល ឬ​ឲ្យ​ដល់​ទុក្ខវេទនា​ស្របតាម​កិច្ចការ និង​បំណង​របស់​យើង​នៅក្នុង​ជីវិត​រមែង​ស្លាប់ ( សូមមើល អាលម៉ា 41:1–7 ) ។

សេចក្ដីទុច្ចរិត​ពុំ​ដែល​ជា​សុភមង្គល​ឡើយ ( សូមមើល អាលម៉ា 41:10–15 ) ។

សេចក្តីណែនាំ

សូម​ត្រៀម​ធ្វើ​នូវ​សំណួរ​ខាងក្រោម នៅពេល​អ្នក​បង្រៀន ៖

  1. សូម​ផ្ដល់​ព័ត៌មាន​សាវតា​ខ្លះ​អំពី​ខគម្ពីរ ( ដូចជា​ការពន្យល់​ពី​នរណា​កំពុង​និយាយ តើ​គេ​កំពុង​និយាយ​ទៅកាន់​នរណា ហើយ​ហេតុអ្វី ) ។

  2. សូម​អាន​ផ្នែក​នៃ​វគ្គ​ព្រះគម្ពីរ​ដែល​បាន​ផ្ដល់​ឲ្យ​ដើម្បី​ជួយអ្នក​ឆ្លើយនឹង​សំណួរ ដែល​អ្នក​ត្រូវ​ធ្វើ ។

  3. សូម​សរសេរ​គោលលទ្ធិ ឬ គោលការណ៍​មួយ​ដែល​បាន​បង្រៀន​នៅក្នុង​ខគម្ពីរ ដែល​អ្នក​សិក្សា​ដែល​ត្រូវនឹង​សំណួរ​ដែល​អ្នក​ធ្វើ ។

  4. សូម​ពន្យល់​ពី​របៀប​ដែល​គោលលទ្ធិ ឬ គោលការណ៍​មួយ​ដែល​អ្នក​បាន​សរសេរ​នោះ ជួយ​ឆ្លើយ​នឹង​សំណួរ​ដែល​អ្នក​ធ្វើ ។ អ្នក​អាច​ស្នើ​ថា អ្នកដែល​អ្នក​បង្រៀន​គួរ​សរសេរ​គោលលទ្ធិ ឬ គោលការណ៍​មួយ​នេះ​នៅក្នុង​ព្រះគម្ពីរ​របស់​គេ ។

  5. សូម​ចែកចាយ​ពី​មូលហេតុ​ដែល​គោលលទ្ធិ ឬ គោលការណ៍​នេះ​សំខាន់​ដល់​អ្នក ហើយ​សូម​ថ្លែងទីបន្ទាល់​អំពី​សេចក្ដីពិត​ដែល​អ្នក​បាន​បង្រៀន ។

ក្រោយពី​សិស្ស​បាន​រៀបចំ​ឆ្លើយ​នឹង​សំណួរ​របស់​គេ​ហើយ សូម​ដាក់​គេ​ជា​ក្រុម​តូចៗ​ដើម្បី​ឲ្យ​ពួកគេ​អាច​បង្រៀន​ដល់​គ្នាទៅវិញទៅមក ។ ( ប្រសិនបើ​សិស្ស​អ្នក​មាន​តិច សូម​ឲ្យ​សិស្ស​នីមួយៗ ឬ​ដៃគូ​នីមួយៗ​បង្រៀន​ដល់​សិស្ស​ក្នុង​ថ្នាក់​ទាំងមូល ។ ក្រោយពី​សិស្ស​បាន​បញ្ចប់​ការបង្រៀន​ហើយ សូម​សួរ​សិស្ស​នូវ​សំណួ​ខាងក្រោម​នេះ ៖

  • នៅពេល​អ្នក​គិត​ពី​អំពើបាប​របស់​កូរីអានតុន តើ​អ្នក​គិត​ថា ហេតុអ្វីបានជា​ការយល់​ពី​គោលលទ្ធិ​ទាំងនេះ​នឹង​ជួយ​ដល់​គាត់ ?

  • ហេតុអ្វីបានជា​វា​សំខាន់​ដើម្បី​អាច​ពន្យល់​សេចក្ដីពិត​ទាំងនេះ​ដល់​អ្នកដែល​អ្នក​នឹង​ទាក់ទង​នៅក្នុង​ជីវិត​របស់​អ្នក ?

  • ហេតុអ្វី​បានជា​វា​សំខាន់​ដែល​អ្នក​ត្រូវ​យល់ ហើយ​រស់នៅ​តាម​សេចក្ដីពិត​ទាំងនេះ ?

អាលម៉ា 42

អាលម៉ា​បង្រៀន​កូរីអានតុន​អំពី​សេចក្ដីយុត្តិធម៌ និង​សេចក្ដីមេត្តាករុណា

សូម​គូស​ជញ្ជីង​សាមញ្ញ​មួយ​នៅលើ​ក្ដារខៀន ។ សូម​ឲ្យ​សិស្ស​ម្នាក់​បង្រៀន​ពី​គោលគំនិត​នៃ​សេចក្ដីយុត្តិធម៌ និង​សេចក្ដីមេត្តាករុណា​ដល់​សិស្ស​ក្នុង​ថ្នាក់ ដោយ​ប្រើ​ការបញ្ជាក់ និង​អ្វី​ដែល​គេ​បាន​រៀន​ពី​ការណែនាំ​របស់​អាលម៉ា​ដល់​កូរីអានតុន​នៅក្នុង អាលម៉ា 42 ។ សូម​ឲ្យ​សិស្ស​បើក​ទៅ អាលម៉ា 42 នៅក្នុង​ព្រះគម្ពីរ​របស់​គេ ហើយ​រកមើល​ឃ្លា និង​ប្រយោគ​អំពី​សេចក្ដីយុត្តិធម៌ និង​សេចក្ដីមេត្តាករុណា​ដែល​ពួកគេ​បាន​គូសចំណាំ ។

ជញ្ជីង

ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់​ពី​លក្ខខណ្ឌ​ដែល​សេចក្ដីមេត្តាករុណា​កើតមាន​បាន សូម​សួរ​សំណួរ​ខាងក្រោម ៖

  • តើ​ព្រះយេស៊ូវគ្រីស្ទ​បាន​ធ្វើ​អ្វី​ដើម្បី​ឲ្យ​មាន​សេចក្ដីមេត្តាករុណា​កើតមាន​ដល់​យើង ?

  • តើ​យើង​ត្រូវ​ធ្វើ​អ្វី​ដើម្បី​ទទួល​បាន​សេចក្ដីមេត្តាករុណា​នោះ ?

សូម​ឲ្យ​សិស្ស​ពីរ​បី​នាក់​ចែកចាយ​ពី​មូលហេតុ​ដែល​ពួកគេ​មាន​អំណរ​សម្រាប់​ដង្វាយធួន​នៃ​ព្រះយេស៊ូវគ្រីស្ទ ។

អាលម៉ា 43–44

ការធ្វើតាម​ការណែនាំ​របស់​ព្យាការី​ការពារ​យើង​ពី​ឧបសគ្គ

ប្រសិនបើ​មាន​ពេល សូម​គិត​ពី​ការសុំ​សិស្ស​ឲ្យ​រំឭក​អ្វី​ដែល​ពួកគេ​បាន​រៀន​ពី អាលម៉ា 43–44 ដោយ​ការចែកចាយ​ពី​អ្វី​ដែល​ពួកគេ​បាន​សរសេរ​នៅក្នុង​កំណត់ហេតុ​សិក្សា​ព្រះគម្ពីរ​របស់​ពួកគេ​អំពី​ការប្រយុទ្ធ​នឹង​សង្គ្រាម​ខាង​វិញ្ញាណ​របស់​គេ ( ថ្ងៃទី 4កិច្ចការ​ទី 3 និង 4 ) ។ សូម​ថ្លែងទីបន្ទាល់​អំពី​ព្រះយេស៊ូវគ្រីស្ទ និង​ព្រះចេស្ដា​របស់​ទ្រង់​ដើម្បី​ពង្រីក​សេចក្ដីមេត្តាករុណា នៅពេល​យើង​ប្រែចិត្ត ហើយ​ទ្រង់​នឹង​ការពារ​យើង នៅពេល​យើង​មករក​ទ្រង់ ។

មេរៀន​បន្ទាប់ ( អាលម៉ា 45–63 )

ហេតុអ្វីបានជា​សាសន៍​នីហ្វៃ​បាន​ជោគជ័យ​ជា​ខ្លាំង​លើ​សត្រូវ​របស់​ពួកគេ ? តើ​ពួកគេ​អាច​ប្រយុទ្ធ​ដោយ​កម្លាំង​នៃ​ព្រះអម្ចាស់​ដោយ​របៀបណា ? ចម្លើយ​អាច​រកឃើញ​ដោយ​ការសិក្សា​គំរូ​របស់​មេទ័ព​មរ៉ូណៃ និង​ហេលេមិន និង​អ្នកចម្បាំង​ដ៏​ក្លាហាន​របស់​គាត់ ។