បណ្ណាល័យ
មេរៀនទី 132 ៖ នីហ្វៃទី 3 24–26


មេរៀនទី 132

នីហ្វៃទី 3 24–26

សេចក្តីផ្ដើម

ព្រះយេស៊ូវគ្រីស្ទ​បាន​បំពេញ​ព្រះបញ្ញត្តិ​មួយមក​ពី​ព្រះវរបិតាសួគ៌​ដើម្បី​ចែកចាយជាមួយ​នឹង​ពួកសាសន៍​នីហ្វៃ​ពី​ការព្យាករណ៍​ខ្លះ​របស់ព្យាការី​ម៉ាឡាគី ( សូមមើល នីហ្វៃទី 326:2 ) ។ ការព្យាករណ៍​ទាំងនេះ​បាន​បង្រៀន​ថា សមាជិក​នៃ​វង្ស​អ៊ីស្រាអែល​ត្រូវ​តែ​ប្រែចិត្ត ហើយ​ត្រឡប់​មក​រក​ព្រះអម្ចាស់​ដើម្បី​រៀបចំ​សម្រាប់​ការយាងមក​ជាលើកទីពីរ​របស់​ព្រះអង្គសង្គ្រោះ ។ ព្រះយេស៊ូវគ្រីស្ទ​ក៏​បាន​ដាស់តឿន​ដល់​ពួកសាសន៍​នីហ្វៃ​អំពី « ការណ៍​ទាំងអស់ តាំង​ពី​ដំបូង​រហូត​ដល់​ពេល​ដែល​ទ្រង់​នឹង​យាងមក​ក្នុង​សិរីល្អ​របស់​ទ្រង់ » ( នីហ្វៃទី 3 26:3 ) ។ មរមន​បាន​បង្រៀន​ថា អ្នកទាំងឡាយ​ណា​ដែល​ជឿ​លើ​ព្រះគម្ពីរ​មរមន​នឹង​មាន​ការណ៍​ដែល​ធំ​លើសលប់​ទៀត​នឹង​ត្រូវបាន​សម្ដែង​ដល់​ពួកគេ ( សូមមើល នីហ្វៃទី 3 26:9 ) ។

យោបល់​ទំាងឡាយ​សម្រាប់​ការបង្រៀន

នីហ្វៃទី 3 24:1–6

ព្រះយេស៊ូវគ្រីស្ទ​ដកស្រង់​ការព្យាករ​ណ៍​របស់​ម៉ាឡាគី​ទាក់ទង​នឹង​ការយាងមក​ជា​លើកទីពីរ

សូម​ចាប់ផ្ដើម​ដោយ​ការលើក​ឈើគូស​មួយ និង​សាប៊ូ​មួយ​ដុំ ( ឬ សូម​គូស​នៅលើ​ក្ដារខៀន​នូវ​រូបភាព​ភ្លើង ឬ​សាប៊ូ ) ។ សូមសួរ​សិស្ស​ថា​តើ​ភ្លើង និង​សាប៊ូ​មាន​អ្វី​ដូចគ្នា ។ ( ទាំង​សាប៊ូ និង​ភ្លើង​អាច​ត្រូវប្រើដើម្បីសម្អាត ឬ​បន្សុទ្ធ​អ្វីមួយ ) ។

សូម​ពន្យល់​ថា ព្រះយេស៊ូវគ្រីស្ទ​បាន​បំពេញ​តាម​ព្រះបញ្ញត្តិ​មួយមក​ពី​ព្រះវរបិតា ( សូមមើល នីហ្វៃទី 3 26:2 ) ដើម្បី​ឲ្យ​សាសន៍​នីហ្វៃ​នូវ​ការព្យាករណ៍​ខ្លះ​ពី​ម៉ាឡាគី ជា​ព្យាការី​ក្នុង​ព្រះគម្ពីរ​សញ្ញាចាស់ ដែល​បាន​រស់នៅ​ក្នុង​ដែនដី​ដ៏​បរិសុទ្ធ​ប្រហែល 170 ឆ្នាំ ក្រោយពី​លីហៃ និង​គ្រួសារ​របស់​លោក​បាន​ចាកចេញពី​ទីក្រុង​យេរូសាឡិម ។ សូម​ឲ្យ​សិស្ស​អាន នីហ្វៃទី 3 24:1–3 ដោយស្ងៀម​ស្ងាត់ ​ដោយ​រកមើល​នរណា​ដែល​ម៉ាឡាគី​បាន​ប្រៀបធៀប​ទៅនឹង « ភ្លើង​របស់​ជាង​សំរង » និង « ក្បុង​របស់​ជាង​ប្រមោក » ។

  • តើ​នរណាទៅ​ដែល​ត្រូវបាន​ប្រៀបធៀប​ទៅនឹង​​ភ្លើង​របស់​ជាង​សំរង និង​ក្បុង​របស់​ជាងប្រមោក ? ( ព្រះយេស៊ូវគ្រីស្ទ ) ។

  • តើ​ហេតុការណ៍​អ្វី​ត្រូវបាន​រៀបរាប់​នៅក្នុង​ខគម្ពីរ​ទាំងនេះ ? ( « ថ្ងៃ​នៃ​ការយាងមក​របស់​ទ្រង់ » ។ និយាយ​ម្យ៉ាងទៀត​ថា ការយាងមកជាលើកទីពីរ​នៃ​ព្រះយេស៊ូវគ្រីស្ទ ។ ដើម្បី​ជួយ​សិស្ស​ឲ្យ​ឆ្លើយ​នឹង​សំណួរ​នេះ អ្នកគួរណែនាំឲ្យ​ពួកគេ​គួរ​អាន​ក្បាល​ជំពូក​សង្ខេប​ត្រួសៗ ឬ​លេខ​យោង ) ។

  • តើ​ការប្រៀបធៀប​ព្រះយេស៊ូវគ្រីស្ទ​ទៅនឹង​ភ្លើង និង​ក្បុង​បានប្រាប់ថា​នឹង​មាន​អ្វីខ្លះ​កើតឡើង​នៅពេល​នៃ​ការយាងមកជាលើកទីពីរ​របស់​ទ្រង់ ? ( សិស្ស​អាច​ប្រើ​ពាក្យ​ខុសៗ​គ្នាប៉ុន្តែ​ពួកគេ​គួរ​រកឃើញ​នូវ​សេចក្ដីពិត​ដូចតទៅនេះ ៖ នៅពេល​នៃ​ការយាងមកជាលើកទីពីរ ព្រះយេស៊ូវគ្រីស្ទ​នឹង​បន្សុទ្ធ​ពិភពលោក ។ អ្នក​អាច​សុំ​ឲ្យ​សិស្ស​សរសេរ​សេចក្ដីពិត​នេះ​នៅក្នុង​ព្រះគម្ពីរ​របស់​គេ​ក្បែរ នីហ្វៃទី 3 24:2–3 ) ។

សូម​ពន្យល់​ថា ជាង​សំរង​ប្រើ​ភ្លើង​ដើម្បី​កំដៅ​ដែក ដូចជា​ប្រាក់ ឬ​មាស​រហូតដល់​វា​រលាយ ។ ដំណើរការ​ដុត​ធ្វើឲ្យ​ស្នឹម ឬ​អ្វី​មិន​សុទ្ធ លេចឡើង​មក​លើ​ផ្ទៃ​រាវនៃ​លោហធាតុ ដែល​ជាង​សំរង​អាច​យក​វា​ចេញ ហេតុដូច្នេះហើយ​អាច​យក​លោហធាតុ​ចេញពី​ភាពមិន​សុទ្ធ​របស់​វា ។ ជាងប្រមោក​គឺជា​អ្នក​ដែល​សម្អាត ឬ​ធ្វើឲ្យ​ក្រណាត់​ស្អាត​ដោយ​ប្រើ​សាប៊ូ ។ អ្នក​ក៏​អាច​ពន្យល់​ថា « កូនប្រុស​របស់​លេវី » គឺជា​អ្នកកាន់​បព្វជិតភាព​នៅក្នុង​ប្រទេស​អ៊ីស្រាអែល​ពី​បុរាណ ។ សព្វថ្ងៃនេះ ឃ្លា​នេះ​អាច​សំដៅ​លើ​អ្នកកាន់​បព្វជិតភាព​នា​សម័យ​ទំនើប ( សូមមើល គ. និង ស. 84:33–34 ) ។

សូម​ឲ្យ​សិស្ស​ម្នាក់​អាន នីហ្វៃទី 3 24:5–6 ឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​មើល​តាម ដោយ​រកមើល​អ្នក​ដែល​នឹង​​វិនាស​ ឬ​បំផ្លាញ នៅ​ការយាងមកជាលើកទីពីរ​របស់​ព្រះអង្គសង្គ្រោះ និង​អ្នកដែល​នឹង​មិន​ត្រូវ​វិនាស ។ ( អ្នក​អាច​ពន្យល់​ថា​ឃ្លា « កូនប្រុស​នៃ​យ៉ាកុប » សំដៅ​លើ​រាស្ត្រនៃសេចក្តីសញ្ញា​របស់​ព្រះអម្ចាស់​នៅក្នុង​វង្សអ៊ីស្រាអែល ) ។

  • យោងតាម នីហ្វៃទី 3 24:5 តើ​ព្រះយេស៊ូវគ្រីស្ទ​នឹង​ធ្វើ​អ្វី​នៅ​ការយាងមកជាលើកទីពីរ​របស់​ទ្រង់ ? ( ទោះបីជា​សិស្ស​អាច​ប្រើ​ពាក្យ​ខុសគ្នា​ក្ដី ក៏​ពួកគេ​គួរ​រកឃើញ​នូវ​សេចក្ដីពិត​ខាងក្រោម​នេះ ៖ ព្រះយេស៊ូវគ្រីស្ទ​នឹង​បំផ្លាញ​ពួកទុច្ចរិត​នៅពេល​នៃ​ការយាងមក​ជាលើកទីពីរ​របស់​ទ្រង់ ) ។

នីហ្វៃទី 3 24:7–18

ព្រះយេស៊ូវគ្រីស្ទ​ដកស្រង់​ការបង្រៀន​របស់​ម៉ាឡាគី​ទាក់ទង​នឹង​របៀប​ដែល​វង្សអ៊ីស្រាអែល​អាច​ត្រឡប់​មក​កាន់​ព្រះអម្ចាស់​វិញ

សូម​ឲ្យ​សិស្ស​ស្រមៃ​ថា ពួកគេ​មាន​មិត្ត ឬ​សមាជិក​គ្រួសារ​ដ៏​ជិតស្និទ្ធ​ម្នាក់​ដែល​កំពុង​ខិតខំ​ទទួល​អារម្មណ៍​ពី​សេចក្ដីស្រឡាញ់ និងព្រះចេស្ដា​របស់​ព្រះអម្ចាស់ ហើយ​បន្ដ​មាន​ទីបន្ទាល់​អំពី​ដំណឹងល្អ​មួយ ។

  • តើ​អ្នក​នឹង​ធ្វើ​អ្វីខ្លះ​ដើម្បី​ជួយ​ដល់​បុគ្គល​នេះ ?

សូម​ឲ្យ​សិស្ស​អាន នីហ្វៃទី 3 24:7 ដោយ​ស្ងៀមស្ងាត់ ហើយ​សុំ​ឲ្យ​ពួកគេ​រកមើល​ការណែនាំ​របស់​ព្រះអម្ចាស់​ចំពោះ​អស់អ្នកណា​ដែល​បាន​ចាប់ផ្ដើម​ដកថយ​ពី​ទ្រង់ និង​ពី​ការកាន់តាម​សេចក្ដីសញ្ញា​របស់គេ​ជាមួយ​នឹង​ទ្រង់ ។

  • តើ​អ្នក​គិត​ថា វា​មាន​ន័យ​យ៉ាងណា​ដែល​ប្រជាជន « បាន​បោះបង់ចោល » ពិធីបរិសុទ្ធ​របស់​ព្រះអម្ចាស់ ? ( ពួកគេ​លែង​កាន់តាម​សេចក្ដីសញ្ញា និង​ពិធីបរិសុទ្ធ​នៃ​ដំណឹងល្អ​ទៀត ) ។

  • តើ​សេចក្ដីសន្យា​អ្វី​ខ្លះដែល​ព្រះអម្ចាស់​បាន​ប្រទានដល់​អស់អ្នកណា​ដែល​មិន​កាន់តាម​សេចក្ដីសញ្ញារបស់​គេ ? ( « វិល​មក​ឯ​យើង​វិញចុះ ហើយ​យើង​នឹង​វិល​ទៅ​អ្នក » ) ។

  • តើ​អ្នក​គិត​ថា វា​មាន​ន័យយ៉ាងណា​ដើម្បី « វិល » ទៅរក​ព្រះអម្ចាស់​វិញ ? តើ​អ្នក​គិត​ថា វាមាន​ន័យ​យ៉ាងណា​ដែល​ព្រះអម្ចាស់​នឹង « វិល​ទៅ » អ្នកដែល​វិល​មក​រក​ទ្រង់​នោះ ?

សូម​សរសេរ​គោលការណ៍​ដូចតទៅនេះ​នៅ​លើ​ក្តារខៀន៖ ប្រសិនបើ​យើង​វិល​ទៅរក​ព្រះអម្ចាស់ ទ្រង់​នឹង​វិល​មក​រក​យើង ។

  • តើ​គោលការណ៍​នេះ​បង្រៀន​អ្នក​អ្វីខ្លះអំពី​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ ?

នៅលើ​ក្ដារខៀន សូម​សរសេរ វិល​ទៅ​ព្រះអម្ចាស់ ។ សូម​ឲ្យ​សិស្ស​អាន នីហ្វៃទី 3 24:8–12 ដោយស្ងៀម​ស្ងាត់ ​ដោយ​រកមើល​របៀប​មួយ​ដែល​ព្រះអម្ចាស់​បាន​បង្ហាញ​ប្រជាជន​ថា​ពួកគេ​អាច​វិល​ទៅរក​ទ្រង់​វិញ ។ នៅពេល​សិស្ស​ឆ្លើយ សូម​សរសេរ បង់​ដង្វាយ​មួយ​ភាគ​ដប់ និង​ដង្វាយ​ផ្សេង​ទៀត នៅក្រោម វិល​ទៅរក​ព្រះអម្ចាស់ ។

  • តើ​ឆន្ទៈ​ដើម្បី​បង់​ដង្វាយ​មួយ​ភាគក្នុង​​ដប់​ជា​ការបង្ហាញ​ថា មនុស្សម្នាក់​បាន​ដាក់​សេចក្ដី​ស្រឡាញ់ និង​ការថ្នាក់ថ្នម​របស់​គេ​លើ​ព្រះអម្ចាស់​ដោយ​របៀបណា ?

សូម​ឲ្យ​សិស្ស​ម្នាក់​អាន​សេចក្ដីថ្លែងការណ៍​ខាងក្រោមនេះ​ដោយ​ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី ៖

« យើង អាច បង់​ដង្វាយ​មួយភាគក្នុង​ដប់​របស់​យើង ។ នេះ​មិន​មែន​ជា​បញ្ហា​ច្រើន​លើ​ប្រាក់កាស ដូចដែល​វា​ជា​បញ្ហា​នៃ​សេចក្ដីជំនឿ​នោះ​ឡើយ » ( « Let Us Move This Work Forward » Ensign ខែ វិច្ឆិកា ឆ្នាំ 1985 ទំព័រ 85 ) ។

  • តើ​ឆន្ទៈ​របស់​យើង​ក្នុង​ការបង់​ដង្វាយ​មួយ​ភាគក្នុង​​ដប់ និង​ដង្វាយ​ផ្សេង​ទៀត​ជា​ការបង្ហាញ​មួយ​នៃ​សេចក្ដីជំនឿ​របស់យើង​ទៅលើ​ព្រះអម្ចាស់​ដោយ​របៀបណា ?

សូម​ឲ្យ​សិស្ស​មាន​ពេល​រំឭក នីហ្វៃទី 3 24:10–12 ដោយ​ស្ងៀមស្ងាត់ ។ សូម​ឲ្យ​ពួកគេ​រកមើល​សេចក្ដីសន្យា​ដែល​ព្រះអម្ចាស់​បាន​ធ្វើ​ដល់​អស់អ្នកណា​ដែល​បង់​ដង្វាយមួយភាគក្នុង​ដប់​ពេញលេញ និង​ដោយ​ស្មោះត្រង់ ។

  • តើ​អ្នក​ត្រូវបាន​ប្រទានពរ​ជាលទ្ធផល​នៃ​ការបង់ដង្វាយមួយ​ភាគក្នុង​ដប់​យ៉ាងដូចម្ដេច ? តើ​ឧទាហរណ៍​ទាំងនេះ​នៃ « បង្អួច​ស្ថានសួគ៌ » ត្រូវបាន​បើក​ដល់​អ្នក​តាម​របៀបណា ?

សូម​សង្ខេប នីហ្វៃទី 3 24:13–18 ដោយ​ពន្យល់​ថា នៅក្នុង​ខគម្ពីរ​ទាំងនេះ​ព្រះអម្ចាស់​បាន​បង្ហាញ​ថា មានអ្នកខ្លះ​នៅក្នុង​ប្រទេស​អ៊ីស្រាអែល​ពី​បុរាណ​បាន​សួរ​អំពី​តម្រូវការ​ដើម្បី​កាន់តាម​ពិធីបរិសុទ្ធ​នៃ​ដំណឹងល្អ ។ ពួកគេ​បាន​រអ៊ូរទាំ​ថា ពួកមាន​អំណួត និង​ពួកទុច្ចរិត​ហាក់ដូចជា​រីកចម្រើន ទោះ​បី​ជា​ពួក​គេ​​ធ្វើ​មិន​សុចរិត​ក្ដី ។ នៅក្នុង នីហ្វៃទី 3 24:16 ព្រះអម្ចាស់​បាន​ឆ្លើយតប​ថា « សៀវភៅ​រំឭក » បាន​កត់ត្រា​ពី​ឈ្មោះ​នៃ​អ្នកស្មោះត្រង់​ដែល​នឹង​ត្រូវបាន​កត់ត្រា ( សូមមើល គ. និង ស. 85:7–9, 128:6–7, ម៉ូសេ 6:5–8 ) ។ បន្ទាប់មក ព្រះអម្ចាស់​បាន​បង្ហាញ​ថា នៅពេល​ទ្រង់​យាងមក​ម្ដងទៀត ទ្រង់​នឹង​រក្សា​ទុក​ពួកអ្នក​ជឿ ហើយ​ទុក​ពួកគេ​ជា​ទ្រព្យ​មួយ​សម្រាប់​អង្គ​ទ្រង់ ឬ « ប្រណិត​គ្រឿងអលង្ការ [ របស់​ទ្រង់ ] » ។

  • តើ​វា​ជា​ពរជ័យ​មួយ​ដោយ​របៀបណា ពេល​ដែល​ដឹង​ថា ព្រះអម្ចាស់​នឹង​រក្សា​ពួកអ្នកស្មោះត្រង់ ហើយ​ធ្វើ​ឲ្យ​ពួកគេ​ជា​ទ្រព្យ​របស់​ទ្រង់នោះ ?

  • នៅក្នុង នីហ្វៃទី 3 24:16 តើ​ឃ្លា​មួយ​ណា​រៀបរាប់​ពី​អ្នកដែល​ព្រះអម្ចាស់​នឹង​រក្សា​ជា​ទ្រព្យ​របស់​ទ្រង់ ? ( « ពួកគេ​ដែល​កោតខ្លាច​ដល់​ទ្រង់ » និង ពួកអ្នក « ដែល​នឹក​ដល់​ព្រះនាមទ្រង់ » ) ។

សូម​សរសេរ កោតខ្លាច​ដល់​ទ្រង់ និង នឹក​ដល់​ព្រះនាម​របស់​ព្រះអម្ចាស់ នៅក្រោម វិល​ទៅរក​ព្រះអម្ចាស់ ។ ( អ្នក​អាច​ពន្យល់​ថា នៅក្នុង​បរិបទ​នេះ​ពាក្យ កោតខ្លាច មាន​ន័យ​ថា​ការគោរព ឬ​ការស្ដាប់​តាម ) ។ សូម​ឲ្យ​សិស្ស​ឆ្លើយ​នឹង​សំណួរ​ខាងក្រោម​នៅក្នុង​សៀវភៅកំណត់ហេតុការ​សិក្សា​ព្រះគម្ពីរ ឬ សៀវភៅ​សរសេរ​ក្នុង​ថ្នាក់ ៖

  • សូម​គិត​ពី​របៀបដែល​អ្នក​កំពុង​ធ្វើ​នៅក្នុង​ផ្នែក​នៃ​ការបង់​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់ និង​ដង្វាយ​ផ្សេង​ទៀត និង​ការនឹក​ដល់​ព្រះគ្រីស្ទ​ជាញឹកញាប់ ។ តើ​អ្នក​អាច « វិល » ទៅរក​ទ្រង់ ឬ​ពង្រឹង​ផ្នែក​នេះ​តាម​របៀបណា​ខ្លះ ?

នីហ្វៃទី 3 ជំពូក 25

ព្រះយេស៊ូវគ្រីស្ទ​ដកស្រង់​ការព្យាករណ៍​​របស់​ម៉ាឡាគី​ថា អេលីយ៉ា​នឹងត្រឡប់មកវិញពី​មុន​ការយាងមកជាលើកទីពីរ

សូម​ឲ្យ​សិស្ស​ម្នាក់​អាន នីហ្វៃទី 3 25:1–3 ឮៗ ។ សូម​ឲ្យ​សិស្ស​មើល​តាម ដោយ​រកមើល​មូលហេតុ​មួយ​ដែល​ការយាងមកជាលើកទីពីរ​នឹង​ក្លាយជា​ពរជ័យ​មួយ​ចំពោះ​អស់ទាំងឡាយ​ណា​ដែល​ស្មោះត្រង់​នឹង​ព្រះយេស៊ូវគ្រីស្ទ ។ សូម​ឲ្យ​សិស្ស​រៀបរាប់​ពី​អ្វី​ដែល​ពួកគេ​រកឃើញ ។ អ្នក​អាច​ពន្យល់​ថា​នៅក្នុង នីហ្វៃទី 3 25:1 ពាក្យ ឫស ហាក់​សំដៅលើ​បុព្វបុរស ហើយ​ពាក្យ មែក សំដៅលើ​កូនចៅ ។ ហេតុដូច្នេះហើយ នៅក្នុង​ជីវិត​ក្រោយ ពួកទុច្ចរិត​នឹង​មិន​រីករាយ​នឹង​ពរជ័យ​នៃ​ការត្រូវបាន​ផ្សារភ្ជាប់​ទៅនឹង​បុព្វបុរស និង​កូនចៅ​របស់​គេ​ទេ ។ នៅក្នុង នីហ្វៃទី 3 25:2 ឃ្លា « កូនគោ​នៅក្នុង​ក្រោល » សំដៅលើ​កូនគោ​ដែល​មាន​សុវត្ថិភាព មាន​ចំណី​គ្រប់​គ្រាន់ និង​ត្រូវបាន​គេ​យកចិត្ត​ទុកដាក់ ។ ព្រះអម្ចាស់​សន្យា​ថា ទ្រង់​នឹង​ការពារ និង​ថែរក្សា​ដល់​អ្នកដែល « កោតខ្លាច​ដល់​ព្រះនាម​ទ្រង់ » ដូចគ្នា ។

សូម​ពន្យល់​ថា ម៉ាឡាគី​បាន​ព្យាករណ៍​​អំពី​ហេតុការណ៍​មួយ​ដែល​នឹង​កើតឡើង​មុនពេល​នៃ​ការយាងមកជាលើកទីពីរ ហើយ​ដែល​​ទាក់ទង​នឹងព្យាការី​ក្នុង​​ព្រះគម្ពីរសញ្ញាចាស់គឺ អេលីយ៉ា ។ សូម​ឲ្យ​សិស្ស​ម្នាក់​អាន នីហ្វៃទី 3 25:5–6 ឮៗ​ ហើយ​សូម​ឲ្យ​សិស្ស​ផ្សេងទៀតរកមើល​អ្វី​ដែល​លោក​អេលីយ៉ា បាន​ធ្វើ​ដើម្បី​ជួយ​រៀបចំ​ពិភពលោក​សម្រាប់​ការយាង​មករបស់​ព្រះអម្ចាស់ ។

សូម​សួរ​សិស្ស​ថា តើ​ពួកគេ​ដឹង​អ្វីខ្លះ​អំពី​ការវិលមកកាន់​ផែនដីវិញ​របស់​អេលីយ៉ា ជា​ផ្នែក​នៃ​ការស្តារឡើងវិញ​នៃ​ដំណឹងល្អ ។ អ្នក​អាច​បន្ថែម​ចម្លើយ​របស់​គេ​ដោយ​ពន្យល់​ថា នៅថ្ងៃ​ទី 3 ខែ មេសា ឆ្នាំ 1836 លោក​អេលីយ៉ា​បាន​លេចមក​ឯ យ៉ូសែប ស៊្មីធ និង​អូលីវើរ ខៅឌើរី នៅក្នុង​ព្រះវិហារ​បរិសុទ្ធ​ខឺតឡង់ ដែល​ទើប​តែ​ឧទ្ទិស​ថ្មីៗ ( សូមមើល គ. និង ស. 110:13–16 ) ។ នៅពេល​នោះ លោក​អេលីយ៉ា​បាន​ស្ដារឡើងវិញ​នូវ​កូនសោនៃបព្វជិតភាព​ទាំងឡាយ​ដែល​ចាំបាច់​ដើម្បី​ផ្សារភ្ជាប់​គ្រួសារ​ដ៏​អស់កល្ប​នៅក្នុង​ព្រះវិហារបរិសុទ្ធ​របស់​ព្រះអម្ចាស់ ។ តាមរយៈ​ការ​ស្រាវជ្រាវ​ពង្សប្រវត្តិ យើង​រកឃើញ​សមាជិក​គ្រួសារ​សម្រាប់​ពិធីបរិសុទ្ធនៅក្នុងព្រះវិហារបរិសុទ្ធ​អាច​ត្រូវបាន​ធ្វើ​ឡើង ។

  • តើ​អ្នកគិតថា វា​មាន​ន័យ​យ៉ាងណា​ដែល​អេលីយ៉ា​នឹង « បង្វែរ​ចិត្ត​ពួក​ឪពុក​មក​ឯកូន និង​ចិត្ត​កូន​មក​ឯ​ឪពុក » ?

  • តើ​វា​ជា​ពរជ័យ​សម្រាប់​អ្នក​ដោយ​របៀបណា ដើម្បី​​ដឹង​ថា អ្នក​អាច​ត្រូវបាន​ផ្សារភ្ជាប់នឹង​គ្រួសារ​របស់​អ្នក​ដ៏​អស់កល្បជានិច្ច​នោះ ?

សូម​ថ្លែងទីបន្ទាល់​ថា នៅពេល​ចិត្ត​របស់​យើង​បែរ​ទៅរក​ឪពុក​របស់​យើង តាមរយៈ​ពង្សប្រវត្តិ និង​កិច្ចការព្រះវិហារបរិសុទ្ធ យើង​កំពុង​ជួយ​រៀបចំ​ផែនដី​សម្រាប់​ការយាងមកជាលើកទីពីរ​នៃ​ព្រះយេស៊ូវគ្រីស្ទ ។

​នីហ្វៃ​ទី 3 26:1–12

ព្រះយេស៊ូវគ្រីស្ទ​បរិយាយ​អំពី​ព្រះគម្ពីរ ហើយ​លោក​មរមន​បង្រៀនពី​អ្វី​ដែល​ត្រូវធ្វើ ​ដើម្បី​ទទួល​បាន​អ្វី​ដ៏​អស្ចារ្យ​ដែល​ព្រះអង្គសង្គ្រោះ​បាន​បង្ហាញ

សូម​សង្ខេប នីហ្វៃទី 3 26:1–5 ដោយ​ការពន្យល់​ថា ក្រោយពី​ព្រះអង្គ​សង្គ្រោះ​បាន​ចែកចាយ​ការព្យាករណ៍របស់​ម៉ាឡាគី​ហើយ ទ្រង់​បាន​បង្រៀន​ប្រជាជន​ពី « ការណ៍​ទាំងអស់​ដែល​កើតឡើង​នៅលើ​ផ្ទៃផែនដី​នេះ » ពី​ការបង្កើត​ទៅដល់​ការជំនុំជំរះ​ចុង​ក្រោយ ( នីហ្វៃទី 3 26:3–4 ) ។

សូម​ឲ្យ​សិស្ស​ម្នាក់​អាន នីហ្វៃទី 3 26:6–8 ឮៗ​ ហើយ​សូម​ឲ្យ​សិស្សផ្សេងទៀត​រកមើលពីអ្វីដែល​​ព្រះយេស៊ូវគ្រីស្ទ​បាន​បង្រៀន ដែល​ត្រូវបាន​កត់ត្រា​នៅក្នុង​ព្រះគម្ពីរមរមន ។ បន្ទាប់មក សូម​ឲ្យ​សិស្ស​អាន នីហ្វៃទី 3 26:9–11 ដោយស្ងៀម​ស្ងាត់ ​ដោយ​រកមើល​មូលហេតុ​ដែល ​មរមន មិន​បាន​បញ្ចូល​នៅក្នុង​ការសង្ខេប​របស់​លោក​ពី​​អ្វីៗ​ដែល​ព្រះអង្គសង្គ្រោះ​បាន​បង្រៀន​ដល់​ពួកសាសន៍​នីហ្វៃ ។ សូម​បញ្ជាក់​ថា​ពាក្យ ជឿ នៅក្នុង​ខគម្ពីរ​ទាំងនេះ​បង្ហាញន័យ​ថា យើង​ត្រូវ​ធ្វើ​សកម្មភាព​លើ​គោលលទ្ធិ និង​គោលការណ៍​នានា​ដែល​ព្រះ​បាន​បង្ហាញ ហើយ​មិន​គ្រាន់តែ​សង្ឃឹម​ថា វា​ពិត​នោះទេ ។

  • យោងតាម នីហ្វៃទី 3 26:9 តើ​ព្រះអម្ចាស់​សន្យា​អ្វីខ្លះ​ដល់​អ្នកណា​ដែល​ជឿ ហើយ​ធ្វើសកម្មភាព​លើ​អ្វី​ដែល​ទ្រង់​បាន​បង្ហាញ​នោះ ? ( នៅពេល​សិស្ស​ឆ្លើយ សូម​បញ្ជាក់​ថា នៅពេល​យើង​ជឿ ហើយ​ធ្វើសកម្មភាព​លើ​អ្វី​ដែល​ព្រះ​បាន​បង្ហាញ នោះ​យើង​រៀបចំ​ខ្លួនយើង​ដើម្បី​ទទួល​បាន​វិវរណៈ​ដ៏​អស្ចារ្យ ) ។

  • តើ​អ្នក​គិត​ថា ហេតុអ្វី​បានជា​វា​ចាំបាច់​ថា​យើង​ត្រូវ​ជឿ​លើ​សេចក្ដីពិត ដែល​យើង​បាន​ទទួលរួច​ហើយ ពីមុនពេល​យើង​អាច​ទទួល​បាន​សេចក្ដីពិត​បន្ថែម​ទៀត ?

  • តើ​យើង​អាច​បង្ហាញ​ថា យើង​ជឿ​លើ​អ្វី​ដែល​ព្រះអម្ចាស់​បាន​បើកសម្ដែង​តាម​របៀបណា ?

សូម​សន្យា​នឹង​សិស្ស​ថា នៅពេល​ពួកគេ​សិក្សា​ប្រកបដោយ​សេចក្ដីជំនឿ និង​អនុវត្តតាម​​គោលការណ៍​នានា​នៅក្នុង​ព្រះគម្ពីរមរមន នោះ​ពួកគេ​នឹង​ទទួល​បាន​ការយល់​បន្ថែមទៀតពី​ដំណឹងល្អ ។ សូម​ជួយ​សិស្ស​ឲ្យ​សញ្ជឹងគិត​ពី​សេចក្ដីពិត​ដែល​ពួកគេ​ទទួល​បាន​នៅក្នុង​ព្រះគម្ពីរមរមន ដោយ​ការសុំ​ឲ្យ​ពួកគេ​ឆ្លើយតប​នឹង​សំណួរ​ខាងក្រោម​នៅក្នុង​សៀវភៅកំណត់ហេតុការ​សិក្សា​ព្រះគម្ពីរ ឬ សៀវភៅ​សរសេរ​ ( អ្នក​អាច​ ​សរសេរ​សំណួរ​ទាំងនេះ​នៅលើ​ក្ដារខៀន ) ៖

  • តើ​អ្នក​កំពុងធ្វើ​អ្វី​នៅក្នុង​ជីវិត​របស់​អ្នក​ដែល​បង្ហាញពី​ជំនឿ​របស់អ្នក​លើ​ព្រះគម្ពីរមរមន ?

  • តើ​នៅពេល​ណា​ដែល​ការអាន​ព្រះគម្ពីរមរមន​ដោយ​បំណង​ពិត​បាន​ដឹកនាំ​អ្នក​ឲ្យ​ទទួល​បាន​វិវរណៈ​ផ្ទាល់ខ្លួន ?

នីហ្វៃទី 3 26:13–21

ព្រះអង្គសង្គ្រោះ​បញ្ចប់​ការបម្រើ​នៅលើ​ផែនដី​របស់​ទ្រង់​ក្នុង​ចំណោម​ពួកសាសន៍​នីហ្វៃ ហើយ​ពួកសាវក​របស់​ទ្រង់​ធ្វើតាម​គំរូ​របស់​ទ្រង់​នៅក្នុង​ការបម្រើ​របស់​ពួកលោក

សូម​ពន្យល់​ថា​នៅក្នុង នីហ្វៃទី 3 26 ​មរមន​បាន​សង្ខេប​ការបម្រើ​របស់​ព្រះអង្គសង្គ្រោះ​ទាំងអស់​នៅក្នុង​ចំណោម​ពួកសាសន៍​នីហ្វៃ ។ សូម​ឲ្យ​សិស្ស​អាន នីហ្វៃទី 3 26:13–16 ដោយ​ស្ងាត់ស្ងៀម ។ អ្នក​អាច​ណែនាំ​​ថា ពួកគេ​គួរគូស​ចំណាំ​រឿង​ខ្លះ​ដែល​ព្រះអង្គសង្គ្រោះ​បាន​ធ្វើ ដែល​មរមន​បាន​ជ្រើសរើស​ដើម្បី​គូសបញ្ជាក់ ។

ប្រសិន​បើ​មាន​ពេល សូម​ឲ្យ​សិស្ស​រំឭក ហើយ​សញ្ជឹងគិត​ពី​កំណត់ចំណាំ​របស់​គេ និង​ការគូស​ចំណាំ​ព្រះគម្ពីរ​ពី​ការសិក្សា​របស់​គេ​ក្នុង នីហ្វៃទី 3 11–25 ។ សូម​លើកទឹកចិត្ត​គេ​ឲ្យ​រកមើល​ការបង្រៀន និង​ហេតុការណ៍​នានា​ពី​ការបម្រើ​របស់​ព្រះអង្គសង្គ្រោះ​ក្នុង​ចំណោម​ពួក​សាសន៍​នីហ្វៃ​ដែល​សំខាន់ ឬ​ដែលគួរ​ពួកគេ​​ចងចាំ ។ សូម​ឲ្យ​សិស្ស​ពីរ​បី​នាក់​ចែកចាយ​គំនិត និង​អារម្មណ៍របស់​គេ​អំពី​ការបម្រើ​របស់​ព្រះអង្គសង្គ្រោះ​ក្នុង​ចំណោម​ពួកសាសន៍​នីហ្វៃ ។

វិចារណកថា និង ព័ត៌មាន​សាច់រឿង

នីហ្វៃទី 3 24:11 ។ ពរជ័យ​នៃ​ការគោរព​តាម​ច្បាប់ដង្វាយមួយភាគក្នុង​ដប់

ប្រធាន ហ្គរដុន ប៊ី. ហ៊ិងគ្លី បាន​បង្រៀន​ថា ៖

« ព្រះអម្ចាស់​បាន​សន្យា​ថា ទ្រង់​នឹង​ស្ដី​បន្ទោសដល់​អ្នកបំផ្លាញ​សម្រាប់ជាប្រយោជន៍​ដល់​យើង ។… តើ​ការបន្ទោស​លើ​អ្នកបំផ្លាញ​នោះ​មិន​អាច​អនុវត្ត​លើ​ការខិតខំ និង​កង្វល់​ផ្ទាល់ខ្លួន​ផ្សេង​ទៀត​របស់​យើង​ទេ​ឬអី ?

« មាននូវ​ពរជ័យ​ដ៏​ធំ​នៃ​ប្រាជ្ញា ចំណេះដឹង ព្រមទាំង​ទ្រព្យ​នៃ​ចំណេះដឹង​ដ៏​អាថ៌កំបាំង ។ យើង​ត្រូវបាន​សន្យា​ថា​យើង​នឹង​ទទួល​បាន​ដែនដី​ដ៏​សំបូររុងរឿង ប្រសិនបើ​យើង​ដើរតាម​ដោយ​ការគោរព​តាម​ច្បាប់​នេះ ។ ខ្ញុំ​អាច​ប្រែពាក្យ ដែនដី ថា​ជា​ប្រជាជន ថា​អ្នកដែល​ដើរតាម​ដោយ​ការគោរព​នឹង​ជា​ប្រជាជន​ដ៏​សំបូរ​រុងរឿង ។ ឱ ការ​ក្លាយជា​ប្រជាជន​ដ៏​សំបូររុងរឿង ដែល​អ្នកដទៃ​រាប់​ថា​ជា​ពរជ័យនោះ​មាន​នូវ​លក្ខណ្ឌដ៏អស្ចារ្យ​អ្វី​ម៉្លេះ ! ( « Tithing: An Opportunity to Prove Our Faithfulness » Ensign ខែ ឧសភា ឆ្នាំ 1982 ទំព័រ 40 ) ។

នីហ្វៃទី 325:1–6 ។ « យើង​នឹង​ចាត់​អេលីយ៉ា​ឲ្យ​មក​អ្នករាល់​គ្នា »

ប្រធាន យ៉ូសែប ហ៉្វីលឌីង ស៊្មីធ បាន​ថ្លែង​ពី​​ការលេចមក​របស់​អេលីយ៉ា​ចំពោះព្យាការី យ៉ូសែប ស៊្មីធ និង អូលីវើរ ខៅឌើរី ថា៖

« វា​គួរ​ឲ្យ​ចាប់អារម្មណ៍​ដែល​ដឹង​ថា នៅថ្ងៃ​ទីបី ខែ​មេសា ឆ្នាំ 1836 សាសន៍​យូដា​កំពុង​ប្រារព្ឋធ្វើ​ពិធី​បុណ្យ​រំលង ហើយ​កំពុង​បើក​ទ្វារ​ផ្ទះ​របស់​ពួកគេចំហរ​ចោល​រង់ចាំ​ការមក​ដល់​របស់​លោក អេលីយ៉ា ។ នៅថ្ងៃ​នោះ អេលីយ៉ា បាន​មក ប៉ុន្ដែ​មិន​បាន​ទៅ​ផ្ទះ​របស់​ពួក​សាសន៍​យូដា​ទាំង​នោះទេ គឺ​បាន​ទៅ​ព្រះវិហារ​បរិសុទ្ធ​នៅក្នុង​ភូមិ​ឃើតឡង់ទៅវិញ … ដើម្បីទៅជួប​នឹង​អ្នកបម្រើ​ដ៏​រាបសា​ពីរ​រូប​របស់​ព្រះអម្ចាស់ » (Church History and Modern Revelation 4 vols. [1946] 3:84 ) ។

នៅក្នុង​ប្រសាសន៍​នេះ ប្រធាន ស្ម៊ីធ បាន​សំដៅលើ​ការអនុវត្ត​តាម​ប្រពៃណី​មួយ​របស់​ប្រជាជន​យូដា ដែល​ជឿលើ​ការព្យាករណ៍របស់​ម៉ាឡាគី​អំពី​ការត្រឡប់មកវិញ​របស់​អេលីយ៉ា ( សូម​មើល ម៉ាឡាគី 4:5–6) ។ បុណ្យរំលង​នីមួយៗ មាន​គ្រួសារ​សាសន៍​យូដា​ដែល​ជឿ​ជាច្រើន​បាន​ធ្វើ​អាហារ​បុណ្យ​រំលង ហើយ​បន្ថែម​កន្លែងមួយ​ទៀត​សម្រាប់​អេលីយ៉ា ។ ពួកគេ​បើក​ទ្វារ​ចំហរ​ក្នុង​ពេល​ដែល​អេលីយ៉ា​សម្រេច​ចិត្ត​ថា​នឹង​ចូលរួម​ជាមួយ​នឹង​ពួកគេ ។

អែលឌើរ រ័សុល អិម ណិលសុន នៃ​កូរ៉ុមនៃពួក​សាវក​ដប់​ពីរ​នាក់​បាន​ពន្យល់​ពី​សារៈសំខាន់​នៃ​វត្តមាន​​របស់​អេលីយ៉ា​នៅឯ​ព្រះវិហារបរិសុទ្ធ​ខឺត​ឡង់ ថា ៖

« ការត្រឡប់មកកាន់ផែនដីវិញ​របស់​អេលីយ៉ា​បាន​កើតឡើង​នៅឯ​ព្រះវិហារបរិសុទ្ធ​ទីមួយ​ដែល​បាន​សាងសង់​ឡើង​នៅក្នុង​គ្រាកាន់កាប់ត្រួតត្រា​នេះ ជា​កន្លែង​ដែល​លោក និង​អ្នកនាំ​សារ​ស្ថានសួគ៌​ផ្សេង​ទៀត បាន​ផ្ដល់​​កូនសោ​ពិសេស​ទាំងឡាយ​នៃ​សិទ្ធិអំណាចបព្វជិតភាព​ទៅដល់​សាសនាចក្រដែល​បាន​ស្ដារឡើងវិញ នៅក្រោម​ការដឹកនាំ​ពី​ព្រះអម្ចាស់ ។…

« អេលីយ៉ា​បាន​មក​មិន​ត្រឹមតែ​ដើម្បី​បំផុស​ការស្រាវជ្រាវ​រក​ជីដូនជីតា​ប៉ុណ្ណោះទេ ។ លោក​ក៏​បាន​ជួយ​គ្រួសារ​ឲ្យ​ផ្សារភ្ជាប់​គ្នា​ដ៏​អស់កល្ប ហួស​ពី​ចំណង​នៃ​ជីវិត​ខាងសាច់ឈាម​នេះ​ទៅទៀត ។ តាមពិត ឱកាស​សម្រាប់​គ្រួសារ​ដើម្បី​បាន​ផ្សារភ្ជាប់​ជារៀងរហូត​គឺជា​មូលហេតុ​ដ៏​ពិតប្រាកដ​មួយ​សម្រាប់​ការស្រាវជ្រាវ​របស់​យើង » ( « A New Harvest Time » Ensign ខែ ឧសភា ឆ្នាំ 1998 ទំព័រ 34 ) ។

នីហ្វៃទី 325:1–6 ។ « រៀន ហើយ​ទទួលបទពិសោធន៍​ពី​វិញ្ញាណ​នៃ​អេលីយ៉ា »

អែលឌើរ ដាវីឌ អេ បែដណា ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់​បា​ន​មាន​ប្រសាសន៍ថា

« ខ្ញុំ​សូម​អញ្ជើញ​យុវជន​នៃ​សាសនាចក្រ​ឲ្យ​រៀន​ ហើយមានបទពិសោធន៍ពី​វិញ្ញាណ​នៃ​អេលីយ៉ា ។ ខ្ញុំ​សូម​លើក​ទឹក​ចិត្ត​អ្នក​ឲ្យ​សិក្សា ស្វែង​រក​ជីដូនជីតា​របស់​អ្នក ហើយ​ត្រៀម​ខ្លួន​របស់​អ្នក​ដើម្បី​ធ្វើ​បុណ្យ​ជ្រមុជ​ទឹក​ជំនួស​នៅ​ក្នុង​ព្រះដំណាក់​នៃ​ព្រះអម្ចាស់ សម្រាប់​​ញាតិសន្តាន​ដែល​ស្លាប់ របស់​អ្នក ( សូមមើល គ. និង ស. ១២៤:២៨–៣៦ ) ។ ហើយ​ខ្ញុំ​សូម​ជម្រុញ​ឲ្យ​អ្នក​ជួយ​អ្នកដទៃ​ឲ្យ​រក​មើល​ពង្ស​ប្រវិត្ត​របស់​ពួកគេ ។

« នៅពេល​អ្នក​ឆ្លើយតប​ដោយ​សេចក្ដីជំនឿ​ចំពោះ​ការអញ្ជើញ​នេះ ដួងចិត្ត​របស់​អ្នក​នឹង​បែរទៅរក​ពួកឪពុក ។ សេចក្ដីសន្យា​ទាំងឡាយ​ដែល​បាន​ធ្វើ​ដល់​អ័ប្រាហាំ អ៊ីសាក និង​យ៉ាកុប​នឹង​ត្រូវ​បាន​បណ្ដុះ​នៅក្នុង​ចិត្ត​របស់​អ្នក ។ ពរនៃលោកអយ្យកោ​របស់​អ្នក ដោយ​មាន​ការប្រកាសនៃពង្សាវតានឹង​ភ្ជាប់​អ្នក​ទៅនឹង​អយ្យកោ​ទាំងនេះ ហើយ​កាន់តែ​មាន​ន័យ​ដល់​អ្នក ។ សេចក្ដីស្រឡាញ់ និង​អំណរគុណ​របស់​អ្នក​សម្រាប់​បព្វការីជន​របស់​អ្នក​នឹង​កើនឡើង ។ ទីបន្ទាល់​របស់​អ្នក និង​ការប្រែចិត្ត​ជឿ​លើ​ព្រះអង្គសង្គ្រោះ​នឹង​កាន់តែ​ស៊ីជម្រៅ និង​គោរព​តាម​កាន់តែ​ខ្លាំង ។ ហើយ​ខ្ញុំ​សូម​សន្យា​នឹង​អ្នក​ថា អ្នក​នឹង​ត្រូវ​បាន​ការពារ​ពី​ឥទ្ធិពលដ៏​ខ្លាំងក្លា​របស់​ពួក​មារសត្រូវ ។ នៅពេល​អ្នក​ចូលរួម និង​ស្រឡាញ់​កិច្ចការ​ដ៏​បរិសុទ្ធ​នេះ អ្នក​នឹង​ត្រូវបាន​ការពារ​នៅក្នុង​យុវវ័យ​របស់​អ្នក និង​ពេញមួយ​ជីវិត​របស់​អ្នក » ( « The Hearts of the Children Shall Turn » Ensign Liahona ខែ វិច្ឆិកា ឆ្នាំ 2011 ទំព័រ 26–27 ) ។

នីហ្វៃទី 3 25:6 ។ ចិត្ត​របស់​កូនចៅ​នឹង​បង្វែរ​មក​ឯ​ពួកឪពុក​វិញ

ប្រហែលជា​ឆ្នាំ 430 មុនគ.ស. ព្យាការី​ម៉ាឡាគី បាន​ព្យាករណ៍ថា អេលីយ៉ា​នឹង​ត្រឡប់មក​កាន់​ផែនដី​វិញ « មុន​ដែល​ថ្ងៃដ៏​ធំ ហើយ​គួរ​ស្ញែងខ្លាច​របស់​ព្រះយេហូវ៉ា​បាន​មក​ដល់ » (ម៉ាឡាគី 4:5) ។ ការព្យាករណ៍​នេះ​មាន​សារៈសំខាន់​ដែល​វា​ត្រូវបាន​សរសេរ​នៅក្នុង​គម្ពីរ​បរិសុទ្ធ ព្រះគម្ពីរ​មរមន គោលលទ្ធិ និង សេចក្តីសញ្ញា និង​មុក្តាដ៏មានតម្លៃមហិមា ( សូមមើល ម៉ាឡាគី 4:5–6; នីហ្វៃទី 3 25:5–6; គ. និង ស. 2:1–3; យ៉ូសែប ស្ម៊ីធ--ប្រវត្តិ 1:37–39) ។ ការ​ព្យាករណ៍​នេះ​បង្ហាញ​ថា បំណង​មួយនៃ​ការត្រឡប់​របស់​អេលីយ៉ា គឺ​ដើម្បី​បង្វែរ​ដួងចិត្ត​កូន​មក​ឯពួក​ឪពុក ។

ប្រធាន យ៉ូសែប ហ៉្វីលឌីង ស៊្មីធ បាន​ពន្យល់​ពី​របៀបមួយចំនួន​ដែល​ចិត្តនៃ​កូនចៅ​ត្រូវបាន​បង្វែរមក​ឯពួក​ឪពុក​របស់​ពួកគេថា ៖

«ពួកឪពុក គឺជា​បុព្វការីជនរបស់​យើង​ដែល​បាន​ចែកឋាន​ទៅ​ដោយគ្មាន​ឱកាសទទួល​បាន​ដំណឹងល្អ ប៉ុន្ដែ​ជាអ្នក​ដែល​បាន​ទទួល​សេចក្ដីសន្យា​ថា ពួកគាត់​នឹង​មាន​នូវ​ឱកាស​នោះ​ កាល​ពេលវេលា​នឹង​មក​ដល់ ។ កូនចៅ គឺជា​អ្នកដែល​នៅរស់​ដែល​កំពុង​រៀបចំ​ទិន្នន័យ​ពង្សសាវតា និង​ជា​អ្នកដែល​កំពុង​ធ្វើ​ពិធីបរិសុទ្ធជំនួស​នៅក្នុង​ព្រះវិហារបរិសុទ្ធ ។

« ការបង្វែរចិត្ត​នៃ​កូនចៅ​មក​ឯពួក​ឪពុក​គឺជា​ការដាក់ ឬ​ការបណ្ដុះ​នៅក្នុង​ដួងចិត្ត​កូន​ចៅនូវ​អារម្មណ៍ និង​បំណង​ដែល​នឹង​បំផុស​ពួកគេ​ឲ្យ​សិក្សា​ស្រាវជ្រាវ​រក​អ្នកស្លាប់ ។ លើសពី​នេះ ការបណ្ដុះ​បំណង និង​ការបំផុសគំនិត​នៅក្នុង​ដួងចិត្ត​របស់​គេ​គឺជា​ការចាំបាច់ ។ ការណ៍​នេះ​ត្រូវតែ​បាន​ធ្វើ​ឡើង​ដើម្បី​ឲ្យ​ពួកគេ​អាច​ចូលទៅក្នុង​ដំណាក់​នៃ​ព្រះអម្ចាស់ ហើយ​ធ្វើ​កិច្ចការ​ដ៏​ចាំបាច់​សម្រាប់ពួក​ឪពុក​របស់​គេ ដែល​បាន​ស្លាប់​ទៅ​ដោយ​មិន​បាន​ដឹង​អំពី​ដំណឹងល្អ ឬ​ដោយគ្មានឱកាសទទួល​បាន​ភាពពេញលេញ​នៃ​ដំណឹងល្អ » (Doctrines of Salvation បាន​បោះពុម្ព​ដោយ Bruce R. McConkie 3 vols. [1954–56] 2:127–28 ) ។