មេរៀនទី 121
នីហ្វៃទី 3 11:18–41
សេចក្តីផ្ដើម
ក្រោយពីពួកសាសន៍នីហ្វៃបានចេញមក ហើយបានទៅស្ទាបស្នាមរបួសនៅលើព្រះហស្ដ ព្រះបាត និងព្រះកាយរបស់ព្រះអង្គសង្គ្រោះហើយ ព្រះអម្ចាស់បានឲ្យនីហ្វៃ និងអ្នកផ្សេងទៀតនូវអំណាចដើម្បីជ្រមុជទឹក និងសម្ដែងតួនាទីបព្វជិតភាពផ្សេងទៀត ។ ព្រះអង្គសង្គ្រោះក៏បានព្រមានដល់ប្រជាជនឲ្យចៀសវាងការទាស់ទែងគ្នា ហើយបានសន្យាថា អស់អ្នកទាំងឡាយណាដែលរស់នៅតាមគោលលទ្ធិរបស់ទ្រង់ នឹងទទួលគ្រងមរតកនគរនៃព្រះ ។
យោបល់សម្រាប់ការបង្រៀន
នីហ្វៃទី 3 11:18–27
ព្រះយេស៊ូវគ្រីស្ទប្រគល់ដល់នីហ្វៃ និងអ្នកដទៃនូវអំណាចដើម្បីជ្រមុជទឹក
សូមសរសេរសំណួរខាងក្រោមនៅលើក្ដារខៀនមុនចាប់ផ្ដើមបង្រៀន ៖ តើនរណាអាចជ្រមុជទឹកឲ្យខ្ញុំ ? តើពិធីបុណជ្រមុជទឹកត្រូវបានធ្វើឡើងដោយរបៀបណា ?
ប្រសិនបើអ្នកបង្រៀនសិស្សម្នាក់ ឬច្រើននាក់ដែលទើបតែចូលមកក្នុងសាសនាចក្រនាពេលថ្មីៗនេះ អ្នកអាចចាប់ផ្ដើមមេរៀនដោយការសុំឲ្យពួកគេចែកចាយបទពិសោធន៍ខ្លះដែលពួកគេបានមាន ខណៈពេលកំពុងរៀនអំពីសាសនាចក្រ ។ សូមសួរពួកគេថាតើពួកគេបានឆ្ងល់អំពីចម្លើយនៃសំណួរទាំងពីរនៅលើក្ដារខៀននេះ នៅពេលពួកគេបានសម្រេចចិត្តជ្រមុជទឹកទេ ។
អ្នកក៏អាចចាប់ផ្ដើមមេរៀននេះ ដោយការសុំឲ្យសិស្សស្រមៃថា មិត្តភក្ដិរបស់ពួកគេម្នាក់បានសម្រេចចិត្តនាពេលថ្មីៗនេះដើម្បីចូលរួមក្នុងសាសនាចក្រ ហើយបានសួរគេសំណួរទាំងពីរនៅលើក្ដារខៀននេះ ។ សូមឲ្យសិស្សពន្យល់ពីរបៀបដែលពួកគេអាចឆ្លើយសំណួរទាំងនេះ ។ ឬ អ្នកអាចសុំឲ្យសិស្សពីរនាក់សម្ដែងក្នុងការពិភាក្សាមួយរវាងសមាជិកសាសនាចក្រ និងមិត្តភក្ដិរបស់គេដោយប្រើសំណួរទាំងនេះ ។
សូមរំឭកសិស្សថា នៅក្នុងមេរៀនពីមុនដែលពួកគេបានរៀនអំពីការលេចចេញមករបស់ព្រះយេស៊ូវគ្រីស្ទទៅដល់ក្រុមសាសន៍នីហ្វៃមួយ ។ ព្រះយេស៊ូវគ្រីស្ទបានអញ្ជើញពួកគេឲ្យធ្វើជាសាក្សីដល់ខ្លួនគេអំពីការរស់ឡើងវិញរបស់ទ្រង់ និងទេវភាពដោយការស្ទាបស្នាមរបួសនៅលើព្រះហស្ដ ព្រះបាត និងព្រះកាយរបស់ទ្រង់ ។ សូមពន្យល់ថា ភ្លាមៗបន្ទាប់ពីបទពិសោធន៍នេះ ព្រះអង្គសង្គ្រោះបានបង្រៀនប្រជាជនអំពីគោលលទ្ធិរបស់ទ្រង់ ដែលត្រូវជឿលើទ្រង់ ត្រូវជ្រមុជទឹក ហើយទទួលបានព្រះវិញ្ញាណបរិសុទ្ធ ។
សូមឲ្យសិស្សម្នាក់អាន នីហ្វៃទី 3 11:18–22 ឮ ។ សូមឲ្យសិស្សក្នុងថ្នាក់មើលតាម ដោយរកមើលចម្លើយចំពោះសំណួរ តើនរណាអាចជ្រមុជទឹកឲ្យខ្ញុំ ? សូមឲ្យសិស្សម្នាក់សរសេរចម្លើយនៅលើក្ដារខៀននៅក្រោមសំណួរនេះ ។ ទោះបីជាសិស្សអាចប្រើពាក្យខុសគ្នាក្ដី ក៏ពួកគេគួររកឃើញនូវសេចក្ដីពិតខាងក្រោមនេះដែរ ៖ ពិធីបុណជ្រមុជទឹកត្រូវតែធ្វើដោយបុគ្គលម្នាក់ដែលកាន់សិទ្ធិអំណាចត្រឹមត្រូវ ។ ( ប្រសិនបើគំនិតនេះមិនទាន់បានសរសេរនៅលើក្ដារខៀនទេ អ្នកអាចបន្ថែមវាទៅលើបញ្ជីនៃចម្លើយបាន ) ។
ដើម្បីជួយសិស្សឲ្យយល់កាន់តែស៊ីជម្រៅពីសេចក្ដីពិតនេះ អ្នកអាចសង្ខេបដោយខ្លីៗថា ពិធីបុណជ្រមុជទឹកអាចត្រូវបានធ្វើឡើងតែតាមរយៈបុគ្គលដែលកាន់ តំណែងសង្ឃនៅក្នុងបព្វជិតភាពអើរ៉ុន ( សូមមើល គ. និង ស. 20:46 ) ឬដោយនរណាម្នាក់ដែល ទទួលបានបព្វជិតភាពមីលគីស្សាដែក ( សូមមើល គ. និង ស. 20:38–39; 107:10–11 ) ។ បន្ថែមលើនេះ បុគ្គលនេះត្រូវតែធ្វើការនៅក្រោមការដឹកនាំរបស់អ្នកដឹកនាំបព្វជិតភាពដែលកាន់កូនសោបព្វជិតភាព ដែលចាំបាច់ដើម្បីផ្តល់ការអនុញ្ញាតឲ្យ ពិធីបរិសុទ្ធអាចធ្វើទៅបាន ( អ្នកទាំងនោះមានដូចជា ប៊ីស្សព ប្រធានសាខា ឬប្រធានបេសកកម្ម ) ។
-
តើអ្នកគិតថា ហេតុអ្វីបានជាព្រះអម្ចាស់តម្រូវឲ្យពិធីការបរិសុទ្ធនៃពិធីបុណជ្រមុជទឹកត្រូវបានធ្វើដោយអ្នកកាន់បព្វជិតភាពដែលមានអំណាច ?
សូមឲ្យសិស្សម្នាក់អាន នីហ្វៃទី 3 11:23–27 ឮ ។ សូមឲ្យសិស្សក្នុងថ្នាក់មើលតាម ដោយរកមើលចម្លើយចំពោះសំណួរ តើពិធីបុណ្យជ្រមុជទឹកធ្វើឡើងដោយរបៀបណា ? សូមឲ្យសិស្សម្នាក់សរសេរចម្លើយនៅលើក្ដារខៀននៅក្រោមសំណួរនេះ ។
-
តើអ្វីត្រូវបានធ្វើឡើង អំឡុងពេលពិធីបុណជ្រមុជទឹក ប្រសិនបើឃ្លាឃ្លោងនៃពិធីបរិសុទ្ធនិយាយមិនត្រូវ ឬប្រសិនបើបុគ្គលដែលទទួលពិធីជ្រមុជទឹក មិនបាន ត្រូវពន្លិចទាំងស្រុងទៅក្នុងទឹក នោះទេ ? ( ពិធីបរិសុទ្ធនោះត្រូវធ្វើម្ដងទៀត ) ។ តើសេចក្ដីពិតអ្វីដែលយើងអាចរៀនពីរឿងនេះ ? ( ទោះបីជាសិស្សអាចប្រើពាក្យខុសគ្នាក្ដី ក៏ពួកគេគួររកឃើញនូវសេចក្ដីពិតខាងក្រោមនេះដែរ ៖ ពិធីបុណជ្រមុជទឹកត្រូវតែបានធ្វើឡើងតាមរបៀបដែលបានរៀបចំឡើងដោយព្រះអម្ចាស់ ។ អ្នកអាចសរសេរសេចក្ដីពិតនេះនៅលើក្ដារខៀន ) ។
-
តើអ្នកគិតថា ហេតុអ្វីបានជាវាមានសារៈសំខាន់ដែលពិធីបុណជ្រមុជទឹកត្រូវបានធ្វើឡើងដោយពិសិដ្ឋតាមរបៀបមួយដែលត្រូវបានដាក់ដោយព្រះអម្ចាស់ ?
ដើម្បីជួយសិស្សឲ្យទទួលបានអារម្មណ៍ពីសារៈសំខាន់នៃសេចក្ដីពិតដែលអ្នកបានពិភាក្សានៅក្នុង នីហ្វៃទី 3 11:18–27 អ្នកអាចសួរសំណួរខាងក្រោមខ្លះៗ ៖
-
តើអ្នកមានអារម្មណ៍យ៉ាងណា នៅពេលអ្នកជ្រមុជទឹក ? តើវាមានន័យយ៉ាងណាដល់អ្នកដើម្បីដឹងថា អ្នកត្រូវបានជ្រមុជទឹកដោយបុគ្គលម្នាក់ដែលកាន់សិទ្ធិអំណាចដ៏ត្រឹមត្រូវ និងតាមរបៀបមួយដែលបានរៀបចំឡើងដោយព្រះអម្ចាស់ ?
-
តើអ្នកបានធ្វើជាសាក្សីក្នុងពិធីបុណជ្រមុជទឹកនាពេលថ្មីៗនេះទេ ? តើអ្នកមានអារម្មណ៍យ៉ាងណា ?
ប្រសិនបើសិស្សរបស់អ្នកកាន់ដំណែងជាសង្ឃនៅក្នុងបព្វជិតភាពអើរ៉ុន សូមសួរ ៖
-
តើការដឹងថា អ្នកមានសិទ្ធិអំណាចដើម្បីជ្រមុជទឹក ជះឥទ្ធិពលដល់អ្នកយ៉ាងដូចម្ដេច ? ( អ្នកសួរដើម្បីដឹងថាតើសិស្សណាខ្លះ នៅក្នុងថ្នាក់អ្នកបានមានឱកាសជ្រមុជទឹកឲ្យនរណាម្នាក់ឬទេ ។ ប្រសិនបើមាន សូមឲ្យពួកគេចែកចាយអារម្មណ៍ដែលពួកគេបានមាន និងបានរៀនអំឡុងពេលបទពិសោធន៍នេះ ) ។
អ្នកអាចចែកចាយបទពិសោធន៍របស់អ្នក និងអារម្មណ៍ផ្ទាល់អំពីពិធីការបរិសុទ្ធដ៏ពិសិដ្ឋនៃពិធីបុណជ្រមុជទឹកនេះ ។
នីហ្វៃទី 3 11:28–30
ព្រះយេស៊ូវគ្រីស្ទព្រមានថា ការទាស់ទែងគ្នាគឺជារបស់ផងអារក្ស
សូមសរសេរពាក្យ ការទាស់ទែងគ្នា នៅលើក្ដារខៀន ។
-
តើអ្វីជាការទាស់ទែងគ្នា ? ( ជម្លោះ វិវាទ ឬការប្រកែកគ្នា ) ។
សូមឲ្យសិស្សសរសេរខ្លីៗនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីរ ឬ សៀវភៅសរសេរអំពីស្ថានភាព ឬសកម្មភាពខ្លះដែលអាចនាំឲ្យកើតមានការទាស់ទែងគ្នា ។ ក្រោយពីសិស្សបានមានពេលគ្រប់គ្រាន់ដើម្បីសរសេរហើយ សូមឲ្យសិស្សម្នាក់អាន នីហ្វៃទី 3 11:28–30 ឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់មើលតាម និងរកអ្វីដែលពួកសាសន៍នីហ្វៃខ្លះបានទាស់គ្នាអំពីវា ។
-
តើពួក សាសន៍នីហ្វៃមួយចំនួន កំពុងទាស់គ្នាអំពីអ្វីឲ្យពិតប្រាកដទៅ ? ( ពិធីបរិសុទ្ធនៃពិធីបុណជ្រមុជទឹក [ សូមមើលផងដែរ នីហ្វៃទី 3 11:22] និងអំពីគោលលទ្ធិនៃព្រះគ្រីស្ទ ) ។
-
យោងតាម នីហ្វៃទី 3 11:29 តើវិញ្ញាណនៃការទាស់ទែងគ្នានេះចេញមកពីណា ? ( សូមសរសេរសេចក្ដីពិតខាងក្រោមនៅលើក្តារខៀន៖ ព្រះវិញ្ញាណនៃការទាស់ទែងគ្នាគឺពុំមែនជារបស់ផងព្រះទេ ប៉ុន្ដែជារបស់ផងអារក្សវិញ ។ អ្នកអាចណែនាំថា សិស្សគួរគូសចំណាំសេចក្ដីពិតនេះនៅក្នុង នីហ្វៃទី 3 11:29 ) ។
-
តើអ្នកគិតថា ហេតុអ្វីបានជាវាសំខាន់ដើម្បីចៀសវាងការទាស់ទែងគ្នា នៅពេលពិភាក្សាគ្នាអំពីដំណឹងល្អជាមួយនឹងអ្នកដទៃ ? ហេតុអ្វីបានជាការឈ្លោះគ្នាជាផ្លូវមួយខុសឆ្គងក្នុងការបង្រៀនដំណឹងល្អ ? ( សិស្សអាចផ្ដល់ចម្លើយខុសគ្នា ប៉ុន្ដែសូមប្រាកដថា ពួកគេយល់ថា នៅពេលយើងទាស់គ្នា ឬឈ្លោះគ្នាជាមួយនឹងអ្នកដទៃអំពីដំណឹងល្អ នោះព្រះវិញ្ញាណបរិសុទ្ធនឹងមិនគង់នៅដើម្បីជួយយើងឲ្យបង្រៀន ឬថ្លែងទីបន្ទាល់អំពីសេចក្ដីពិតនៅក្នុងដួងចិត្តនៃអស់អ្នកទាំងឡាយណាដែលយើងកំពុងបង្រៀននោះទេ ) ។
ដើម្បីបញ្ជាក់ពីលទ្ធផលនៃការទាស់ទែងគ្នា សូមសរសេរនៅលើក្ដារខៀននូវសេចក្ដីថ្លែងការណ៍ខាងក្រោមដោយប្រធាន ជែមស៍ អ៊ី ហ្វោស្ត នៃគណៈប្រធានទីមួយ ។ អ្នកអាចជម្រុញឲ្យសិស្សសរសេរវានៅក្នុងព្រះគម្ពីររបស់ពួកគេក្បែរ នីហ្វៃទី 3 11:29 ។ ( សេចក្ដីថ្លែងការណ៍មាននៅក្នុង « What I Want My Son to Know before He Leaves on His Mission » Ensign, ខែ ឧសភា ឆ្នាំ 1996, ទំព័រ 41 ) ។
-
តើអ្នកធ្លាប់មានអារម្មណ៍ថា ព្រះវិញ្ញាណនៃព្រះអម្ចាស់ចាកចេញដោយសារតែការទាស់ទែងគ្នាដែរឬទេ ? តើអ្នកបានដឹងថា ព្រះវិញ្ញាណបានចាកចេញដោយរបៀបណា ?
សូមបង្ហាញប្រយោគរបស់ព្រះអង្គសង្គ្រោះដែលទាក់ទងទៅនឹងការទាស់ទែងគ្នានៅក្នុង នីហ្វៃទី 3 11:30 ៖ « នេះពុំមែនជាគោលលទ្ធិរបស់យើងទេ គឺត្រូវលះបង់ការណ៍ទាំងនោះចោលវិញ » ។
-
តើយើងអាច « លះបង់ចោល » នូវការទាស់ទែងគ្នា និងការប្រកែកគ្នាដោយរបៀបណា ? ( ចម្លើយអាចរួមមានដូចខាងក្រោម ៖ យើងអាចស្វែងរក ដើម្បីក្លាយជាអ្នកដែលផ្សះផ្សាគេ [ សូមមើល នីហ្វៃទី 3 12:9] ។ យើងអាចអធិស្ឋានសុំរកចំណេះដឹង និងការអត់ធ្មត់ដើម្បីយកឈ្នះលើការទាស់ទែងគ្នា ។ យើងអាចព្យាយាមចៀសវាងស្ថានភាពដែលយើងអាចត្រូវបានល្បួងឲ្យឈ្លោះនឹងអ្នកដទៃបាន ) ។
-
តើនៅពេលណាដែលអ្នកបានមានអារម្មណ៍ថា អ្នកត្រូវបានប្រទានពរដោយសារការខិតខំ ដើម្បីចៀសវាង ឬយកឈ្នះលើការទាស់ទែងគ្នា ?
-
តើការចងចាំដល់ការបង្រៀនរបស់ព្រះអង្គសង្គ្រោះនៅក្នុង នីហ្វៃទី 3 11:29–30 អាចជួយអ្នក នៅពេលអ្នកឃើញថាខ្លួនអ្នកស្ថិតនៅក្នុងស្ថានភាពមួយដែលនឹង ឬអាចនឹងឈ្លោះគ្នាដោយរបៀបណា ?
អ្នកអាចចែកចាយពីបទពិសោធន៍មួយដែលអ្នក មានអារម្មណ៍ថា អ្នកត្រូវបានប្រទានពរដោយសារការខិតខំរបស់អ្នកដើម្បីចៀសវាង ឬយកឈ្នះលើការទាស់ទែងគ្នានោះ ។ ដើម្បីលើកទឹកចិត្តសិស្សឲ្យអនុវត្តអ្វីដែលពួកគេបានរៀនពី នីហ្វៃទី 3 11:28–30 សូមឲ្យពួកគេបើកទៅបញ្ជីនៃស្ថានភាព ឬសកម្មភាពដែលពួកគេអាចឆាប់ជួបនឹងការទាស់ទែងគ្នា សូមឲ្យពួកគេដាក់គោលដៅ និងសរសេរគោលដៅមួយអំពីរបៀបដែលពួកគេនឹងខំចៀសវាង ឬយកឈ្នះលើការទាស់ទែងគ្នានៅក្នុងស្ថានភាព ឬសកម្មភាពមួយដែលពួកគេបានសរសេរ ។
នីហ្វៃទី 3 11:31–41
ព្រះយេស៊ូវគ្រីស្ទប្រកាសគោលលទ្ធិរបស់ទ្រង់
ដើម្បីរៀបចំសិស្សឲ្យសិក្សា នីហ្វៃទី 3 11:31–41 សូមសរសេរឃ្លាខាងក្រោមនៅលើក្ដារខៀន ៖
សូមឲ្យសិស្សនិយាយសង្ខេបៗដល់មិត្តរួមថ្នាក់ អំពីអ្វីមួយដែលពួកគេបានធ្វើនាពេលថ្មីៗនេះដែលបានផ្ដល់លទ្ធផលវិជ្ជមាន និងពន្យល់ពីអ្វីដែលជាលទ្ធផល ។ អុ្នកក៏អាចសុំឲ្យពួកគេប្រាប់អំពីអ្វីមួយដែលពួកគេបានធ្វើ ឬបានឃើញដែលមានលទ្ធផលអវិជ្ជមាន ។ ( សូមហាមសិស្សកុំឲ្យចែកចាយអ្វីៗដែលអាចមិនសមរម្យ ឬផ្ទាល់ខ្លួនពេក ) ។
សូមអាន នីហ្វៃទី 3 11:31 ឮៗដល់សិស្សក្នុងថ្នាក់ ។ សូមពន្យល់ថា ផ្នែកដែលនៅសល់ក្នុង នីហ្វៃទី 3 11 រួមមានការប្រកាសរបស់ព្រះយេស៊ូវគ្រីស្ទអំពីគោលលទ្ធិរបស់ទ្រង់ដល់ប្រជាជនរបស់នីហ្វៃ ។ ជំពូកនេះក៏ដាក់ចេញនូវលទ្ធផលនៃការទទួលយក ឬការបដិសេធគោលលទ្ធិរបស់ទ្រង់ដែរ ។
សូមសរសេរសេចក្ដីយោងព្រះគម្ពីរខាងក្រោមនៅលើក្ដារខៀន ៖ នីហ្វៃទី 3 11:32–34; នីហ្វៃទី 3 11:35–36; នីហ្វៃទី 3 11:37–38; នីហ្វៃទី 3 11:39–40 ។ សូមឲ្យសិស្សធ្វើការជាដៃគូ ហើយសូមដាក់កិច្ចការដល់ដៃគូនីមួយៗឲ្យសិក្សាវគ្គព្រះគម្ពីរមួយ ។ សូមឲ្យពួកគេរកមើលសកម្មភាព និងលទ្ធផលដែលព្រះយេស៊ូវគ្រីស្ទបានបង្រៀន ។ ( អ្នកអាចណែនាំថា សិស្សគួរប្រៀបធៀបការបង្រៀនទាំងនេះទៅនឹង មាត្រាទីបួននៃសេចក្ដីជំនឿ ) ។
ក្រោយពីសិស្ស មានពេលសិក្សាគ្រប់គ្រាន់ហើយ សូមឲ្យពួកគេពីរបីនាក់រៀបរាប់ពីសកម្មភាព និងលទ្ធផលដែលពួកគេបានរកឃើញនៅក្នុងខគម្ពីរដែលបានដាក់ឲ្យគេ ។ សូមឲ្យពួកគេសរសេរចម្លើយរបស់គេនៅលើក្ដារខៀននៅក្រោម សកម្មភាព ឬ លទ្ធផល ។ នៅពេលសិស្សរៀបរាប់ពីវគ្គនីមួយៗ សូមសួរសំណួរស្របគ្នាដូចខាងក្រោម ៖
សម្រាប់ដៃគូដែលដាក់កិច្ចការ នីហ្វៃទី 3 11:32–34 សូមសួរ ៖
-
តើព្រះវិញ្ញាណបរិសុទ្ធជួយយើងឲ្យជឿទៅលើព្រះយេស៊ូវគ្រីស្ទ និងព្រះវរបិតាសួគ៌ដោយរបៀបណា ? ( ព្រះវិញ្ញាណបរិសុទ្ធថ្លែងទីបន្ទាល់អំពីព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ។ ) តើនៅពេលណាដែលព្រះវិញ្ញាណបរិសុទ្ធថ្លែងទីបន្ទាល់ដល់អ្នកអំពីភាពពិត និងសេចក្ដីស្រឡាញ់របស់ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ?
សម្រាប់ដៃគូដែលដាក់កិច្ចការ នីហ្វៃទី 3 11:35–36 សូមសួរ ៖
-
យោងតាមខគម្ពីរទាំងនេះ តើការជ្រើសរើសជឿទៅលើព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទអញ្ជើញឲ្យមានឥទ្ធិពលនៃព្រះវិញ្ញាណបរិសុទ្ធនៅក្នុងជីវិតរបស់យើងដោយរបៀបណា ?
សម្រាប់ដៃគូដែលដាក់កិច្ចការ នីហ្វៃទី 3 11:37–38 សូមសួរ ៖
-
តើអ្នកបានរកឃើញ ភាពស្រដៀងគ្នាអ្វីខ្លះរវាង ខគម្ពីរ នីហ្វៃទី 3 11:37 និង នីហ្វៃទី 3 11:38 ?
-
តើអ្វីខ្លះជាលក្ខណៈល្អនៃកូនក្មេងតូចម្នាក់ ? តើអ្នកគិតថា ហេតុអ្វីបានជាវាសំខាន់ដើម្បី « ក្លាយជាដូចជាកូនក្មេងតូច » ?
សម្រាប់ដៃគូដែលដាក់កិច្ចការ នីហ្វៃទី 3 11:39–40 សូមសួរ ៖
-
តើការបង្រៀនរបស់ព្រះអង្គសង្គ្រោះនៅក្នុងខគម្ពីរទាំងនេះបញ្ជាក់ពីសារៈសំខាន់នៃជម្រើសរបស់យើងក្នុងការគោរពតាម ឬ មិនគោរពតាមគោលលទ្ធិរបស់ទ្រង់ដោយរបៀបណា ?
សូមឲ្យសិស្សសង្ខេបសកម្មភាពសំខាន់ៗដែលព្រះយេស៊ូវគ្រីស្ទបានបង្រៀន ដែលយើងត្រូវធ្វើដើម្បីចូលទៅក្នុងនគរស្ថានសួគ៌ ។ សិស្សអាចប្រើពាក្យខុសគ្នា ប៉ុន្ដែពួកគេគួរបង្ហាញនូវសេចក្ដីពិតខាងក្រោមនេះ ៖ ដើម្បីចូលទៅក្នុងនគរស្ថានសួគ៌ យើងត្រូវតែប្រែចិត្ត ជឿលើព្រះយេស៊ូវគ្រីស្ទ ជ្រមុជទឹក និងទទួលយកព្រះវិញ្ញាណបរិសុទ្ធ ។ អ្នកអាចបញ្ចប់ដោយការចែកចាយទីបន្ទាល់របស់អ្នកអំពីសេចក្ដីពិតនេះ ។ សូមលើកទឹកចិត្តសិស្សឲ្យរស់នៅតាមគោលលទ្ធិរបស់ព្រះយេស៊ូវគ្រីស្ទ ដើម្បីឲ្យពួកគេនឹងអាចគ្រងនគរព្រះទុកជាមរតក ។ អ្នកក៏អាចរំឭកពួកគេឲ្យធ្វើតាមគោលដៅរបស់ពួកគេដើម្បីចៀសវាង និងយកឈ្នះលើការទាស់ទែងគ្នាផងដែរ ។