សេចក្ដីផ្ដើមអំពី នីហ្វៃទីពីរ
ហេតុអ្វីសិក្សាសៀវភៅនេះ ?
សៀវភៅនីហ្វៃទី 2 នឹងជួយសិស្សយល់ពីគោលលទ្ធិនៃដំណឹងល្អជាមូលដ្ឋាន ដូចជាការធ្លាក់របស់លោកអ័ដាម ដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ និង សិទ្ធិជ្រើសរើស ។ បន្ថែមលើនេះ សៀវភៅនេះត្រូវបានបំពេញដោយការព្យាករណ៍មកពីនីហ្វៃ យ៉ាកុប និង អេសាយ ដែលជាសាក្សីពិសេសអំពីព្រះអង្គសង្គ្រោះ ។ ពួកគាត់បានព្យាករណ៍អំពីការស្ដារឡើងវិញនៃដំណឹងល្អនៅថ្ងៃចុងក្រោយ ការខ្ចាត់ខ្ចាយ និង ការប្រមូលផ្ដុំនៃរាស្ដ្រក្នុងសេចក្ដីសញ្ញារបស់ព្រះ ការយាងមកលើកទីពីររបស់ព្រះយេស៊ូវគ្រីស្ទ ការចេញមកនៃព្រះគម្ពីរមរមន និង សហស្សវត្សរ៍ ។ សៀវភៅនីហ្វៃទី 2 នេះក៏រួមមានការពន្យល់របស់នីហ្វៃអំពីគោលលទ្ធិរបស់ព្រះគ្រីស្ទ និង បញ្ចប់ដោយទីបន្ទាល់របស់នីហ្វៃអំពីព្រះអង្គសង្គ្រោះ ។
តើនរណាជាអ្នកសរសេរសៀវភៅនេះ ?
កូនប្រុសរបស់លីហៃ គឺនីហ្វៃ បានសរសេរសៀវភៅនេះ ។ នីហ្វៃគឺជាព្យាការីម្នាក់ និង ជាអ្នកដឹកនាំដ៏អស្ចារ្យទីមួយរបស់ប្រជាជននីហ្វៃ ក្រោយពីការបែកគ្នាពីសាសន៍លេមិនមក ។ ការសរសេររបស់គាត់បង្ហាញថា គាត់បានជួបនឹងព្រះចេស្ដាប្រោសលោះរបស់ព្រះអម្ចាស់ ( សូមមើល នីហ្វៃទី 2 4:15–35; 33:6 )និង បានមានបំណងដោយអស់ពីដួងចិត្តរបស់គាត់ដើម្បីនាំមកនូវសេចក្ដីសង្គ្រោះទៅកាន់ប្រជាជនរបស់គាត់ ( សូមមើល នីហ្វៃទី 2 33:3–4) ។ ដើម្បីសម្រេចគោលបំណងនេះ គាត់បានបង្រៀនប្រជាជនរបស់គាត់ឲ្យជឿលើព្រះយេស៊ូវគ្រីស្ទ និង បានស្ថាបនាព្រះវិហារបរិសុទ្ធមួយឡើង ។
តើសៀវភៅនេះត្រូវបានសរសេរទៅឲ្យនរណា ? ហេតុអ្វី ?
នីហ្វៃបានសរសេរដោយគិតអំពីក្រុមអ្នកអានបីក្រុមនៅក្នុងគំនិតរបស់គាត់ ៖ កូនចៅរបស់ឪពុកគាត់ រាស្ដ្រក្នុងសេចក្ដីសញ្ញារបស់ព្រះអម្ចាស់នៅក្នុងថ្ងៃចុងក្រោយ និង ប្រជាជនទាំងអស់នៅក្នុងពិភពលោកនេះ ( សូមមើល នីហ្វៃទី 2 33:3, 13) ។ សៀវភៅនីហ្វៃទី 2 នេះ ត្រូវបានសរសេរនៅលើផ្ទាំងតូចនៃនីហ្វៃ ដែលបានកំណត់ទុកដោយព្រះអម្ចាស់ឲ្យក្លាយជាកំណត់ត្រាមួយនៃ « ការបម្រើ និង ការព្យាករណ៍ » របស់នីហ្វៃ និង កូនចៅរបស់គាត់ ( នីហ្វៃទី 1 19:3–5) ។ នៅលើផ្ទាំងទាំងនេះ នីហ្វៃបានសរសេរអំពី « រឿងទាំងឡាយនៃព្រលឹង [ របស់គាត់ ] និង បទគម្ពីរភាគច្រើនដែលមានឆ្លាក់នៅលើផ្ទាំងលង្ហិន ។ » គាត់បានពន្យល់ថា គាត់បានសរសេរ « ដើម្បីជាការចេះដឹង និង ជាប្រយោជន៍ដល់កូនចៅខ្ញុំ » ( នីហ្វៃទី 2 4:15) ។ គាត់បានប្រកាសថា « យើងនិយាយអំពីព្រះគ្រីស្ទ យើងអររីករាយក្នុងព្រះគ្រីស្ទ យើងផ្សាយអំពីព្រះគ្រីស្ទ យើងព្យាករអំពីព្រះគ្រីស្ទ ហើយយើងសរសេរស្របតាមពាក្យព្យាករណ៍ទាំងឡាយរបស់យើង ដើម្បីឲ្យកូនចៅយើងអាចដឹងថា តើត្រូវស្វែងរកប្រភពណាមួយដើម្បីឲ្យបានផ្ដាច់បាបរបស់ពួកគេ » ( នីហ្វៃទី 2 25:26 ) ។ គាត់បានបញ្ចប់កំណត់ត្រារបស់គាត់ ដោយការអញ្ជើញមនុស្សទាំងអស់ឲ្យ « ប្រុងស្ដាប់តាមពាក្យ [ របស់គាត់ ] ទាំងនេះចុះ ហើយជឿដល់ព្រះគ្រីស្ទចុះ » ( នីហ្វៃទី 2 33:10 ) ។
តើនៅពេលណា និង នៅកន្លែងណាដែលវាត្រូវបានសរសេរ ?
នីហ្វៃបានចាប់ផ្ដើមការសរសេរដំណើររឿងដែលក្លាយជានីហ្វៃទី 2 នៅប្រហែលជា 570 ឆ្នាំមុនគ្រិស្ដសករាជ គឺ 30 ឆ្នាំក្រោយពីគាត់ និង គ្រួសាររបស់គាត់បានចាកចេញពីទីក្រុងយេរូសាឡិម ។ គាត់បានសរសេរវា នៅពេលគាត់នៅក្នុងដែនដីនីហ្វៃ ( សូមមើល នីហ្វៃទី 2 5:8, 28–34) ។
តើលក្ខណៈខុសផ្លែកអ្វីខ្លះនៃសៀវភៅនេះ ?
ទោះបីជានីហ្វៃគឺជាអ្នកសរសេរនីហ្វៃទី 2 ក្ដី ក៏សៀវភៅនេះគឺជាការចងក្រងការបង្រៀនមួយមកពីប្រភពផ្សេងៗគ្នាដែរ ។ ដូចដែលបានបង្ហាញនៅក្នុងបញ្ជីខាងក្រោម ជំពូកជាច្រើននៅក្នុងសៀវភៅនេះរួមបញ្ចូលការដកស្រង់ពាក្យសម្ដីមកពីព្យាការីជាច្រើននាក់ផ្សេងទៀត ។ ដោយសារលីហៃ យ៉ាកុប និង អេសាយបានឃើញព្រះយេស៊ូវគ្រីស្ទ ហើយបានធ្វើជាសាក្សីដល់ទ្រង់ នោះនីហ្វៃបានបញ្ចូលការបង្រៀនខ្លះរបស់ពួកគាត់នៅក្នុងការខិតខំមួយដើម្បីបញ្ចុះបញ្ចូលអ្នកអានឲ្យជឿដល់ព្រះយេស៊ូវគ្រីស្ទ ។ លីហៃ និង យ៉ាកុបក៏បានដកស្រង់ពាក្យសម្ដីព្យាការីផ្សេងទៀតនៅក្នុងការបង្រៀនរបស់ពួកគេទៀតផងដែរ ។
-
ការបង្រៀនរបស់លីហៃ ត្រូវបានកត់ត្រានៅក្នុង នីហ្វៃទី 2 1–4 ។ នៅក្នុងនីហ្វៃទី 2 3:6–21 លីហៃបានដកស្រង់ពាក្យសម្ដីរបស់យ៉ូសែបនៃស្រុកអេហ្ស៊ីប ។
-
ការបង្រៀនរបស់នីហ្វៃ ត្រូវបានកត់ត្រានៅក្នុង នីហ្វៃទី 2 4–5 និង នីហ្វៃទី 2 11–33 ។ នីហ្វៃបានដកស្រង់ពាក្យសម្ដីរបស់អេសាយយ៉ាងច្រើននៅក្នុងនីហ្វៃទី2 12–24 និង នីហ្វៃទី 2 27 ។
-
ការបង្រៀនរបស់យ៉ាកុប ត្រូវបានកត់ត្រានៅក្នុង នីហ្វៃទី 2 6–10 ។ នៅក្នុង នីហ្វៃទី 2 6:6–7 និង នីហ្វៃទី 2 7–8យ៉ាកុបបានដកស្រង់ពាក្យសម្ដីអេសាយ ។
សៀវភៅនីហ្វៃទី 2 ក៏បានលើកឡើងពីការស្លាប់របស់លីហៃ ( សូមមើល នីហ្វៃទី 2 4:12 ) និង ការបែងចែកនៃកូនចៅរបស់លីហៃទៅជាប្រជាជនពីរ —សាសន៍លេមិន និង សាសន៍នីហ្វៃ ( សូមមើល នីហ្វៃទី 2 5 ) ។
គម្រោងមេរៀន
នីហ្វៃទី 2 1–4 មុនពេលនៃការស្លាប់របស់គាត់បន្ដិច លីហៃបានប្រឹក្សា និង ប្រទានពរដល់កូនចៅរបស់គាត់ ។
នីហ្វៃទី 2 4–8 នីហ្វៃបានប្រមើលដោយពេញចិត្តនៅក្នុងព្រះអម្ចាស់ ។ គាត់ដឹកនាំអ្នកដើរតាមគាត់ទៅកាន់ដែនដីមួយដែលពួកគេហៅថា នីហ្វៃ ។ គាត់បានកត់ត្រាពីការបង្រៀនរបស់យ៉ាកុប អំពីការខ្ចាត់ខ្ចាយ និង ការប្រមូលផ្ដុំនៃសាសន៍អ៊ីស្រាអែល ។
នីហ្វៃទី 2 9–10 យ៉ាកុប បង្រៀនអំពីដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ ។ គាត់ក៏បានព្យាករណ៍អំពីការបដិសេធរបស់សាសន៍យូដាចំពោះព្រះយេស៊ូវគ្រីស្ទ និង ការប្រមូលផ្ដុំគ្នានៅថ្ងៃអនាគតរបស់សាសន៍យូដា និង សាសន៍ដទៃនៅក្នុងដែនដីសន្យា ។
នីហ្វៃទី 2 11–24 នីហ្វៃបង្ហាញក្ដីរីករាយរបស់គាត់ក្នុងការថ្លែងទីបន្ទាល់អំពីព្រះយេស៊ូវគ្រីស្ទ ។ គាត់ដកស្រង់ការព្យាករណ៍របស់អេសាយ ទាក់ទងនឹងការខ្ចាត់ខ្ចាយ និង ការប្រមូលផ្ដុំនៃអ៊ីស្រាអែល ការបន្ទាបនៃភាពអំនួត និង ការទុច្ចរិត មុនពេលការយាងមកជាលើកទីពីរ និង ការប្រសូត បេសកកម្ម និង ការគ្រងរាជ្យមួយពាន់ឆ្នាំនៃព្រះម៊ែស៊ី ។
នីហ្វៃទី 2 25–27 នីហ្វៃ ព្យាករណ៍អំពីការឆ្កាងរបស់ព្រះអង្គសង្គ្រោះ ការរស់ឡើងវិញ និង ការទៅជួបសាសន៍នីហ្វៃ ការខ្ចាត់ខ្ចាយ និង ការប្រមូលផ្ដុំនៃសាសន៍យូដា ការបំផ្លាញនៃសាសន៍នីហ្វៃ ការក្បត់សាសនា ការចេញមកនៃព្រះគម្ពីរមរមន និង ការស្ដារឡើងវិញ ។
នីហ្វៃទី 2 28–30 នីហ្វៃ ព្រមានទាស់នឹងអំពើទុច្ចរិតនៅថ្ងៃចុងក្រោយ គាត់ពន្យល់ពីតួនាទីនៅថ្ងៃអនាគតនៃព្រះគម្ពីរមរមន និង ការព្យាករណ៍អំពីការប្រមូលនៃព្រលឹងទៅក្នុងសេចក្ដីសញ្ញា ។
នីហ្វៃទី 2 31–33 នីហ្វៃ បានដាស់តឿនយើងឲ្យធ្វើតាមព្រះគ្រីស្ទ ទទួលទានព្រះបន្ទូលរបស់ទ្រង់ និង តស៊ូដល់ទីបញ្ចប់ ។ គាត់ថ្លែងទីបន្ទាល់ថា គាត់បានសរសេរព្រះបន្ទូលនៃព្រះគ្រីស្ទ ។