មេរៀនទី 24
នីហ្វៃទី 2 2 ( ផ្នែកទី 2 )
សេចក្តីផ្ដើម
មេរៀនពីមុននៅក្នុង នីហ្វៃទី 2 2 ផ្ដោតលើការធ្លាក់របស់អ័ដាម និង អេវ៉ា និង ដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ ។ មេរៀននេះ ផ្ដោតលើការបង្រៀនរបស់លីហៃ អំពីគោលលទ្ធិនៃសិទ្ធិជ្រើសរើស រួមមានសេចក្ដីពិតដែលយើងមានសេរីភាពដើម្បីជ្រើសរើសឥស្សរភាព និង ជីវិតដ៏នៅអស់កល្បជានិច្ចតាមរយៈព្រះយេស៊ូវគ្រីស្ទ ។
នៅក្នុងមេរៀននេះ សិស្សនឹងមានឱកាសដើម្បីបង្រៀនគ្នាទៅវិញទៅមក ។ មុនចាប់ផ្ដើមថ្នាក់ សូមរៀបចំក្រដាសសម្រាប់ចែកឲ្យសិស្សដែលមាននូវការណែនាំនៅក្នុងមេរៀននេះ ។ ដោយស៊ាំនឹងការណែនាំនីមួយៗ ដូច្នេះអ្នកអាចជួយសិស្ស នៅពេលពួកគេរៀបចំបង្រៀន ។
យោបល់សម្រាប់ការបង្រៀន
នីហ្វៃទី 2 2:11–18, 25–30
លីហៃបង្រៀនអំពីសិទ្ធិជ្រើសរើស និង លទ្ធផលនៃជម្រើសរបស់យើង
សូមរំឭកសិស្សដោយខ្លីៗថា នៅក្នុងមេរៀនមុន ពួកគេបានរៀនពីការបង្រៀនរបស់លីហៃនៅក្នុង នីហ្វៃទី 2 2 អំពីការធ្លាក់របស់អ័ដាម និង អេវ៉ា និង ពរជ័យពីដង្វាយធួននៃព្រះយេស៊ូវគ្រីស្ទ ។ ជម្រើសរបស់អ័ដាម និង អេវ៉ាធ្វើឲ្យយើងអាចមកកាន់ផែនដី ( សូមមើល នីហ្វៃទី 2 2:25 ) ជាកន្លែងដែលយើងបានជួបនឹងបទពិសោធន៍ឡាយឡំនឹងទុក្ខសោក ការឈឺចាប់ និង សេចក្ដីស្លាប់ ។ តាមរយៈដង្វាយធួន ព្រះយេស៊ូវគ្រីស្ទអាចសង្គ្រោះយើងចេញពីការធ្លាក់ និង ផ្ដល់ឲ្យយើងនូវការប្រោសលោះចេញពីអំពើបាបរបស់យើង ( សូមមើល នីហ្វៃទី 2 2:26 ) ។ ដោយសារដង្វាយធួន យើងមានសេរីភាពដើម្បីជ្រើសរើសយកឥស្សរភាព និង ជីវិតដ៏នៅអស់កល្បជានិច្ច ឬ ការជាប់ឃុំឃាំង និង សេចក្ដីស្លាប់ ( សូមមើល នីហ្វៃទី 2 2:27 ) ។
សូមពន្យល់ថា នៅពេលសិស្សបន្ដការសិក្សារបស់ពួកគេក្នុងនីហ្វៃទី 2 2 នៅក្នុងមេរៀននេះ ពួកគេនឹងមានឱកាសដើម្បីបង្រៀនគ្នាទៅវិញទៅមក អំពីគោលការណ៍នៃសិទ្ធិជ្រើសរើសដែលលីហៃបានពន្យល់ទៅកាន់កូនប្រុសរបស់គាត់ យ៉ាកុប ។ សូមបំបែកសិស្សទៅជាបួនក្រុម ។ សូមឲ្យក្រុមនីមួយៗនូវការណែនាំខាងក្រោម ដើម្បីជួយពួកគេរៀបចំបង្រៀន ( មុនពេលចាប់ផ្ដើមថ្នាក់ សូមរៀបចំក្រដាសសម្រាប់ចែកឲ្យសិស្សដែលមានការណែនាំទាំងនេះ ) ។ ប្រសិនបើថ្នាក់មានសិស្សតិចជាងបួននាក់ សូមឲ្យការណែនាំមួយទៅសិស្សម្នាក់ និង បង្រៀនអ្វីដែលមាននៅសល់នៅក្នុងការណែនាំដោយខ្លួនអ្នក ។
ការណែនាំនីមួយៗ រួមមានកិច្ចការប្រាំ ។ សូមលើកទឹកចិត្តសិស្សទាំងអស់ឲ្យចូលរួមដោយ ការធានាថាបុគ្គលម្នាក់ៗនៅក្នុងក្រុមមួយៗនឹងទទួលបាននូវកិច្ចការមួយ ។ នៅក្នុងក្រុមដែលមានសមាជិកច្រើនជាងប្រាំនាក់ សិស្សអាចចែកកិច្ចការគ្នាបាន ។ នៅក្នុងក្រុមដែលមានគ្នាតិចជាងប្រាំនាក់ មានអ្នកខ្លះនឹងត្រូវធ្វើកិច្ចការច្រើនជាងមួយ ។ សូមប្រាប់សិស្សថា ពួកគេនឹងមានពេលប្រហែលបីនាទីដើម្បីរៀបចំមេរៀន ហើយថាក្រុមនីមួយៗនឹងមានពេលប្រហែលប្រាំនាទីដើម្បីបង្រៀន ។
ក្រុមទី 1 ៖ ព្រះទ្រង់បង្កើតយើងដើម្បីធ្វើអំពើ
-
សូមលើកថ្មមួយឡើងពីខាងមុខថ្នាក់រៀន ។ សូមអញ្ជើញសិស្សម្នាក់អាន នីហ្វៃទី 2 2:14ឮៗ ។ មុនពេលគាត់ ឬ នាងអាន សូមឲ្យសិស្សស្វែងរកការពិពណ៌នារបស់លីហៃពីអ្វីពីរប្រភេទដែលព្រះបានបង្កើតនៅលើស្ថានសួគ៌ និង នៅលើផែនដី ។ ( « អ្វីៗសព្វសារពើដែលត្រូវធ្វើអំពើ និង អ្វីៗសព្វសារពើដែលត្រូវទទួលរងអំពើ ។ » ) សូមសួរ ៖ តើខគម្ពីរនេះទាក់ទងនឹងយើង និង ថ្មនោះយ៉ាងដូចម្ដេច ? ( យើងត្រូវបានបង្កើតមកដើម្បីធ្វើអំពើ ខណៈដែលថ្មនោះត្រូវបានបង្កើតមកដើម្បីទទួលរងអំពើ ។ ដូចជាការបង្កើតផ្សេងៗទៀតដែរ ថ្មមិនអាចធ្វើអំពើដោយខ្លួនឯងបានទេ ។ )
-
សុំឲ្យសិស្សម្នាក់អានប្រយោគទីមួយនៅក្នុងនីហ្វៃទី 2 2:16 ។ សូមសួរសិស្ស ៖ នៅក្នុងផែនការសង្គ្រោះរបស់ព្រះវរបិតាសួគ៌ តើហេតុអ្វីបានជាអ្នកគិតថាវាសំខាន់ដែលយើងត្រូវធ្វើអំពើឲ្យខ្លួនយើង ? ក្រោយពីសិស្សបានឆ្លើយហើយ សូមសួរ ៖ តើពេលខ្លះយើងរង់ចាំដើម្បីទទួលរងអំពើ ជាជាងការធ្វើអំពើឲ្យខ្លួនយើងដោយរបៀបណា ?
-
សូមសរសេរ គ. និង ស. 58:26–28នៅលើក្ដារខៀន ។ សូមអញ្ជើញសិស្សបើកទៅវគ្គគម្ពីរនេះ ។ សូមនាំពួកគេអានវារួមគ្នាឮៗ ។
-
សូមសួរ ៖ តើយើងអាចរៀនអ្វីខ្លះពី គោលលទ្ធិ និង សេចក្ដីសញ្ញា 58:26–28 អំពីការធ្វើអំពើឲ្យខ្លួនយើង ? តើរបៀបណាខ្លះដែលយើងអាចស្វែងរកដើម្បីភ្ជាប់ខ្លួនយើងដោយការខ្វាយខ្វល់ក្នុងការនាំមកនូវសេចក្ដីសុចរិតដ៏ខ្លាំងនោះ ? តើនៅពេលណាដែលអ្នកបានឃើញការព្យាយាមរបស់អ្នកក្នុងការនាំមកនូវសេចក្ដីសុចរិតដ៏ខ្លាំងបែបនោះ ? ( បន្ទាប់ពីសិស្សម្នាក់ ឬ ពីរនក់ផ្តល់ចម្លើយរួច អ្នកក៏អាចចែកចាយនូវបទពិសោធន៍មួយដែរ ។ )
-
សូមចែកទីបន្ទាល់របស់អ្នកអំពីសារសំខាន់នៃការធ្វើអំពើឲ្យខ្លួនយើង និង ការស្វែងរកដើម្បីនាំមកនូវសេចក្ដីសុចរិតដ៏ខ្លាំង ។
ក្រុមទី 2 ៖ ការល្បួងល្អ និង ការល្បួងអាក្រក់
-
សូមអញ្ជើញសិស្សម្នាក់អានប្រយោគទីពីរនៅក្នុង នីហ្វៃទី 2 2:16 ។ សូមសួរសិស្ស ៖ តើពាក្យ ល្បួង មានន័យដូចម្ដេច ? ( អញ្ជើញ បញ្ចុះបញ្ចូល ឬ អូសទាញ ។ )
-
សូមសួរសិស្ស ៖ តើរបៀបណាខ្លះដែលព្រះវរបិតាសួគ៌ល្បួងយើងឲ្យធ្វើការល្អ ? ( សិស្សអាចនិយាយពីការបំផុសគំនិតមកពីព្រះវិញ្ញាណបរិសុទ្ធ ពរជ័យដែលបានសន្យាពេលគោរពតាមព្រះបញ្ញត្តិ និង ការបង្រៀននៃព្យាការីថ្ងៃចុងក្រោយ ។ )
-
សូមអាន នីហ្វៃទី 2 2:17–18 ឮៗ ហើយសូមអញ្ជើញសិស្សអានតាមនៅក្នុងព្រះគម្ពីររបស់ពួកគេ ។ សុំឲ្យពួកគេស្វែងរកអ្វីដែលអារក្សស្វែងរកពីយើងទាំងអស់គ្នា ។ ( វាចង់ឲ្យយើងវេទនា ។ )
-
សូមសួរ ៖ តើអ្នកអាចដឹងដោយរបៀបណាថា តើការល្បួងមួយណាដែលមកពីព្រះ ហើយថាមួយណាមកពីអារក្ស ? ( ដោយសារជាផ្នែកនៃការពិភាក្សានេះ អ្នកអាចបើកទៅ មរ៉ូណៃ 7:16–17 ) ។ ក្រោយពីសិស្សបានឆ្លើយរួចហើយ សូមសួរ ៖ តើឧទាហរណ៍អ្វីខ្លះនៃរឿងទាំងឡាយដែលល្បួងមនុស្សឲ្យធ្វើអាក្រក់ និង វានាំទៅរកសេចក្ដីវេទនា ?
-
សូមចែកចាយទីបន្ទាល់របស់អ្នកអំពីការល្បួងរបស់ព្រះដែលនាំទៅរកអំពើល្អ និង សុភមង្គល ហើយការល្បួងរបស់អារក្សនាំទៅរកអំពើទុច្ចរិត និង សេចក្ដីវេទនា ។ ដោយសារជាផ្នែកនៃការទីបន្ទាល់ អ្នកអាចចែកចាយបទពិសោធន៍មួយដើម្បីបង្ហាញពីរបៀបដែលអ្នកដឹងថានេះគឺពិត ។
ក្រុមទី 3 ៖ យើងត្រូវទទួលខុសត្រូវចំពោះជម្រើសរបស់យើង
-
សូមអានសេចក្ដីថ្លែងការណ៍នេះទៅកាន់សិស្ស ៖
« អ្នកមានសេរីភាពក្នុងការជ្រើសរើស និង ការប្រព្រឹត្ត ប៉ុន្ដែអ្នកគ្មានសេរីភាពដើម្បីជ្រើសរើសលទ្ធផលនៃទង្វើរបស់អ្នកឡើយ ។ លទ្ធផលប្រហែលជាមិនកើតឡើងក្នុងពេលភ្លាមៗ តែវានឹងតែងតែអន្ទោលតាមជានិច្ច » ( ពិតចំពោះសេចក្ដីជំនឿ ៖ ឯកសារយោងដំណឹងល្អ [2004] ទំព័រ 194 ) ។
សូមសួរ ៖ តើឧទាហរណ៍អ្វីខ្លះនៃលទ្ធផលដែលប្រហែលជាមិនកើតឡើងភ្លាមៗទេ តែវានឹងអន្ទោលតាមជានិច្ច ? ( ចម្លើយមួយដែលអាចនោះគឺថា ជំងឺមហារីកជាញឹកញាប់វាមកពីការជក់បារី ។ )
-
សូមអញ្ជើញសិស្សអាន នីហ្វៃទី 2 2:26–27 ដោយស្ងាត់ស្ងៀម ដោយស្វែងរកពាក្យ និង ឃ្លាដែលបង្ហាញពីលទ្ធផលនៅថ្ងៃអនាគតនៃជម្រើស ដែលយើងជ្រើសរើសក្នុងពេលឥឡូវនេះ ។ សុំឲ្យសិស្សរាយការណ៍ពីអ្វីដែលពួកគេរកឃើញ ។ ( ចម្លើយអាចរួមមាន « ការដាក់ទោសនៃច្បាប់នៅថ្ងៃដ៏អស្ចារ្យ និង ចុងក្រោយ » « ឥស្សរភាព » « ជីវិតដ៏នៅអស់កល្បជានិច្ច » « ការជាប់ឃុំឃាំង » « សេចក្ដីស្លាប់ » និង « សេចក្ដីរងទុក្ខវេទនា » ។ ) សូមសរសេរចម្លើយរបស់សិស្សនៅលើក្តារខៀន ។
-
សូមសួរ ៖ ហេតុអ្វីបានជាអ្នកគិតថា វាសំខាន់ចំពោះយើងដើម្បីយល់ពីលទ្ធផលនៃជម្រើសរបស់យើងនៅក្នុងជីវិតនេះ ? ក្រោយពីសិស្សបានឆ្លើយរួចហើយ សូមសួរ ៖ តើការដឹងពីលទ្ធផលទាំងនេះអាចជម្រុញយើងឲ្យរើសជម្រើសដ៏សុចរិតបានយ៉ាងដូចម្ដេច ?
-
សូមចង្អុលបង្ហាញថា នៅក្នុងនីហ្វៃទី 2 2:27 លីហៃបាននិយាយថា យើង « មានសិទ្ធិនឹងរើសយកឥស្សរភាព » ។ សូមសួរ ៖ តាមបទពិសោធន៍របស់អ្នក តើជម្រើសដ៏សុចរិតជួយយើងឲ្យនៅតែមានសិទ្ធិនឹងរើសដោយរបៀបណា ? តើអ្នកអាចផ្ដល់ជាឧទាហរណ៍ពីចំណុចនេះបានទេ ? ( សូមរៀបចំឲ្យរួចជាស្រេច ដើម្បីចែកចាយឧទាហរណ៍ផ្ទាល់ខ្លួនអ្នក ។ )
-
សូមចែកចាយទីបន្ទាល់របស់អ្នកថា យើងត្រូវទទួលខុសត្រូវចំពោះព្រះចំពោះជម្រើសរបស់យើង ហើយថាលទ្ធផលនោះតែងតែមកពីជម្រើសរបស់យើងជានិច្ច ។
ក្រុមទី 4 ៖ ការជ្រើសរើសខាងផ្នែកល្អ
-
សូមឲ្យសិស្សម្នាក់អាន នីហ្វៃទី 2 2:28 ឮៗ ។ សុំឲ្យសិស្សស្វែងរករឿងបួនយ៉ាង ដែលលីហៃចង់ឲ្យទៅកូនប្រុសរបស់គាត់ ។ ក្រោយពីគេអានខគម្ពីរនេះរួចហើយ សួមអញ្ជើញសិស្សចែកចាយនូវអ្វីដែលពួកគេបានរកឃើញ ។
-
សូមសួរ ៖ តើមានរបៀបអ្វីខ្លះដែលយើងអាចមើលទៅកាន់អ្នកជាកណ្ដាលដ៏អស្ចារ្យ ជាព្រះយេស៊ូវគ្រីស្ទ ដើម្បីជួយយើងឲ្យជ្រើសរើសសុចរិតត្រឹមត្រូវ ?
-
សូមអញ្ជើញសិស្សម្នាក់អាន នីហ្វៃទី 2 2:29 ឮៗ ។ សូមសួរសិស្ស ៖ តើជម្រើសរបស់យើងអាចផ្ដល់អំណាចដល់អារក្សឲ្យចាប់ឃុំឃាំងយើងដោយរបៀបណា ? ដោយសារជាផ្នែកនៃការពិភាក្សានេះ សូមចង្អុលបង្ហាញថាការល្បួងរបស់សាតាំងជាច្រើនសំដៅទៅលើ « ឆន្ទៈខាងសាច់ឈាម » ឬ ចំណង់ខាងរូបកាយរបស់យើង ។ នៅពេលមនុស្សចុះចាញ់តាមការល្បួងទាំងនេះ ពួកគេអាចញៀននឹងសារធាតុ និង ដំណើរប្រព្រឹត្តដ៏គ្រោះថ្នាក់ទាំងនេះ ។ សូមអានសេចក្ដីថ្លែងការណ៍ខាងក្រោមដោយអែលឌើរ រ័សុល អិម ណិលសុន នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ៖
« ចេញពីការពិសោធដំបូងមួយ គេគិតថាវាមិនសំខាន់ នោះវដ្ដដ៏សាហាវមួយអាចកើតឡើងជាបន្តបន្ទាប់ ។ ចេញពីការសាកល្បង ក្លាយទៅជាទម្លាប់មួយ ។ ចេញពីទម្លាប់ មកជាការពឹងផ្អែក ។ ចេញពីការពឹងផ្អែក មកជាការញៀន ។ ការចាប់យករបស់វា គឺបន្ដិចម្ដងៗ ។ ច្រវាក់ទាសករនៃទម្លាប់នោះ គឺតូចណាស់ដើម្បីស្គាល់វា រហូតដល់វារឹងមាំខ្លាំងបែកចេញមក ។ … ក្រោយមក ការញៀនធ្វើឲ្យបាត់បង់សិទ្ធិជ្រើសរើស » ( « Addiction or Freedom » Ensignខែ វិច្ឆិកា ឆ្នាំ 1998 ទំព័រ 6–7 ) ។
សូមចែកចាយទីបន្ទាល់របស់អ្នកអំពីភាពសុចរិតដែលនាំទៅកាន់សេរីភាព គេចពីទម្លាប់ និង ការញៀនដ៏មានគ្រោះថ្នាក់ ។
-
សូមអាន នីហ្វៃទី 2 2:30 ទៅកាន់សិស្សក្នុងថ្នាក់ ។ នៅពេលដែលពួកគេស្ដាប់តាមនោះ សូមអញ្ជើញពួកគេផ្ដោតលើពាក្យទាំងនេះ ៖ « ខ្ញុំបានជ្រើសរើសខាងផ្នែកល្អ ។ » សូមសួរ ៖ តើសេចក្ដីថ្លែងការណ៍នេះបានបង្រៀនអ្វីខ្លះអំពីលីហៃ ?
-
សុំឲ្យសិស្សសញ្ជឹងគិតអំពីសំណួរខាងក្រោម ៖ តើនរណាខ្លះដែលអ្នកស្គាល់ដែល « បានជ្រើសរើសខាងផ្នែកល្អ » ដូចជាលីហៃ ? តើអ្នកនឹងធ្វើតាមគំរូរបស់មនុស្សនេះដោយរបៀបណា ? ក្រោយពីសិស្សមានពេលគ្រប់គ្រាន់សញ្ជឹងគិតហើយ សូមឲ្យសិស្សម្នាក់ ឬ ពីរនាក់ចែកចាយគំនិតរបស់ពួកគេ ។ បន្ទាប់មក សូមចែកចាយគំនិតផ្ទាល់របស់អ្នក ។
កំណត់សម្គាល់ចំពោះគ្រូបង្រៀន ៖ ដើម្បីបញ្ចប់ សូមអញ្ជើញសិស្សសញ្ជឹងគិតថាតើ ជម្រើសរបស់ពួកគេកំពុងនាំពួកគេទៅកាន់ឥស្សរភាព និង ជីវិតដ៏នៅអស់កល្បជានិច្ច ឬ ទៅកាន់ការជាប់ឃុំឃាំង សេចក្ដីស្លាប់ខាងវិញ្ញាណ និង សេចក្ដីទុក្ខវេទនា ។ សូមបញ្ជាក់សិស្សថា ជម្រើសដែលមិនល្អណាដែលពួកគេអាចបានធ្វើហើយ អាចយកឈ្នះបានតាមរយៈសេចក្ដីជំនឿលើព្រះយេស៊ូវគ្រីស្ទ និង ការប្រែចិត្ត ។ សូមថ្លែងទីបន្ទាល់អំពីព្រះអង្គសង្គ្រោះ ដង្វាយធួនរបស់ទ្រង់ និង សមត្ថភាពរបស់ទ្រង់ដើម្បីពង្រឹងយើងនៅក្នុងការខិតខំរបស់យើង ដើម្បីរើសជម្រើសដែលនឹងនាំទៅរកសុភមង្គល និង ជីវិតដ៏នៅអស់កល្បជានិច្ច ។