បណ្ណាល័យ
មេរៀន​ទី 45 ៖ យ៉ាកុប 3–4


មេរៀន​ទី 45

យ៉ាកុប 3–4

សេចក្តីផ្ដើម

នៅក្នុង​យ៉ាកុប ជំពូក​ទី 3 យើង​អាន​សេចក្ដី​សន្និដ្ឋាន​នៃ​ទេសនកថា​មួយ​ដែល​យ៉ាកុប​បាន​ផ្ដល់​ដល់​ប្រជាជន​របស់​គាត់ ។ យ៉ាកុប​បាន​ផ្ដល់​ពាក្យ​លួងលោម​ដោយ​សង្ខេប និង សេចក្ដី​សន្យា​ដល់​អ្នកបរិសុទ្ធ​នៅក្នុង​ដួងចិត្ត ។ គាត់​ក៏​បាន​ស្ដី​បន្ទោស​ដល់​អ្នកឆ្មើងឆ្មៃ និង អ្នកមិន​បរិសុទ្ធ​នៅក្នុង​ចំណោម​ប្រជាជន​របស់​គាត់ ដោយ​ព្រមាន​ពួកគេ​អំពី​ផលវិបាក​ដែល​នឹង​មក​បើសិនជា​ពួកគេ​មិន​ព្រម​ប្រែចិត្ត​ទេ​នោះ ។ យ៉ាកុប ជំពូក​ទី 4មាន​នូវ​ពាក្យ​ដែល​យ៉ាកុប​ត្រូវ​បាន​បំផុស​គំនិត​ឲ្យ​សរសេរ​សម្រាប់​ប្រជាជន​ដែល​នឹង​អាន​កំណត់ត្រា​របស់​គាត់​នៅ​ថ្ងៃ​ណាមួយ ។ គាត់​បាន​ថ្លែងទីបន្ទាល់​អំពី​ដង្វាយធួន​នៃ​ព្រះយេស៊ូវគ្រីស្ទ និង បាន​ដាស់តឿន​អ្នកអាន​របស់​គាត់​ឲ្យ​ស្រុះស្រួល​ខ្លួនគេ​នឹង​ព្រះ ជា​ព្រះវរបិតា​តាមរយៈ​ដង្វាយធួន ។ គាត់​បាន​ប្រាប់​អំពី​សាសន៍​យូដា​ដែល​បាន​បដិសេធ​ព្រះយេស៊ូវគ្រីស្ទ និង ភាពច្បាស់​លាស់នៃ​ដំណឹងល្អ​របស់​ទ្រង់​ដោយ​ប្រើសំឡេង​ព្រមាន ។

យោបល់​សម្រាប់​ការបង្រៀន

យ៉ាកុប 3

យ៉ាកុប​បាន​លួងលោម និង ប្រឹក្សា​ដល់​អ្នក​បរិសុទ្ធ​ក្នុង​ដួងចិត្ត ហើយ​ដាស់​សតិ​ឲ្យ​អ្នកដទៃ​ប្រែចិត្ត

សូម​អញ្ជើញ​សិស្ស​ឲ្យ​គិត​អំពី​ដំបូន្មាន​អ្វី​ដែល​ពួកគេ​អាច​ផ្ដល់​ដល់​មនុស្ស​នៅក្នុង​ស្ថានភាព​ខាងក្រោម​នេះ ៖

  1. យុវនារី​ម្នាក់​កំពុង​តស៊ូវ​រស់នៅ​ដោយ​សុចរិត ប៉ុន្ដែ​រងទុក្ខ​ដោយសារ​ឪពុក​របស់​នាង​ញៀន​គ្រឿង​ស្រវឹង ។

  2. យុវជន​ម្នាក់​ខិត​ខំ​អស់​ពី​សមត្ថភាព​របស់​គាត់​ដើម្បី​រស់នៅ​តាម​ដំណឹងល្អ ប៉ុន្ដែ​ជួប​នឹង​ឧបសគ្គ​ជាច្រើន​ដោយសារតែ​ការលែងលះ​របស់​ឪពុកម្ដាយ​គាត់ ។

  3. យុវនារីដ៏​ឈ្លាស​វៃ​​ម្នាក់ ព្យាយាម​ស្រឡាញ់​គ្រួសារ​របស់​នាង ប៉ុន្ដែ​ពិបាក​នៅ​ផ្ទះ​ដោយសារតែ​ភាពអាត្មានិយម និង សកម្មភាព​ដែល​មិន​បាន​ពិចារណា​ទាំងឡាយ​របស់​ប្អូនស្រី​នាង ។

សូម​អញ្ជើញ​សិស្ស​ឲ្យ​អាន​ប្រយោគ​ទីមួយ​នៃ យ៉ាកុប 3:1ដោយ​ស្ងាត់ៗ ។ សូម​ឲ្យ​ពួកគេ​ស្វែងរក​នរណា​ដែល​យ៉ាកុប​និយាយ​ដំបូង​គេ​នៅក្នុង​ជំពូក​នេះ ។

សូម​ពន្យល់​ថា យ៉ាកុប​បាន​និយាយ​ដោយ​ចំៗ​ទៅកាន់​ប្រជាជន​ដែល​មាន​ទោស​អំពី​ការឆ្មើងឆ្មៃ និង អំពើបាប​ខាង​ផ្លូវ​ភេទ​នោះ ។ បន្ទាប់មក​គាត់​បាន​បែរ​ការយកចិត្ត​ទុកដាក់​របស់​គាត់​ទៅ​កាន់​ប្រជាជន​សុចរិត ដែល​កំពុង​តែ​ជួប​នឹង​ឧបសគ្គ​ដោយសារ​តែ​ភាពទុច្ចរិត​របស់​អ្នកដទៃ ។ សូម​អញ្ជើញ​សិស្ស​អាន យ៉ាកុប 3:1ដោយ​ស្ងាត់ៗ ។ សូម​ឲ្យ​ពួកគេ​រកមើល​រឿង​បួន ដែល​យ៉ាកុប​បាន​សុំ​ឲ្យ​ពួកអ្នក​បរិសុទ្ធ​នៅក្នុង​ដួងចិត្ត​ធ្វើ ។

  • តើ​រឿង​ទាំង​បួន​នោះ​មាន​អ្វី​ខ្លះ ដែល​យ៉ាកុប​បាន​ដាស់តឿន​ឲ្យ​ពួកអ្នក​បរិសុទ្ធ​នៅក្នុង​ដួងចិត្ត​ធ្វើ ? ( « ចូរ​មើល​ទៅ​ព្រះ​ដោយ​មាន​គំនិត​រឹងប៉ឹង … អធិស្ឋាន​ដល់​ព្រះអង្គ​ដោយ​មាន​សេចក្ដី​ជំនឿ​ដ៏​លើសលប់ ងើប​ក្បាល​ឡើង ហើយ​ទទួល​ព្រះបន្ទូល​ដ៏​ផ្អែមល្ហែម​នៃ​ព្រះ ហើយ​ទទួល​ទាន​នូវ​សេចក្ដី​ស្រឡាញ់​របស់​ទ្រង់​ចុះ » ) តើ​យ៉ាកុប​បាន​សន្យា​អ្វី​ដល់​អ្នក​មាន​ចិត្ត​បរិសុទ្ធ ប្រសិនបើ​ពួកគេ​នៅតែ​ស្មោះត្រង់​នោះ ? ( ការលួងលោម​ដល់​គ្រា​ដែល​មាន​ទុក្ខ​លំបាក និង ការការពារ​ពី​សត្រូវ ) ។

  • តើ​អ្នក​គិត​ថាយើង​អាច​ធ្វើ​អ្វី​បាន​ខ្លះដើម្បី​ទទួល​បាន​ព្រះបន្ទូល​នៃ​ព្រះ ?

ទាក់ទង​នឹង​សំណួរ​អំពី​សេចក្ដី​សន្យា​របស់​យ៉ាកុប​ចំពោះ​អ្នកមាន​ចិត្ត​បរិសុទ្ធសូម​ធានា​ថា​សិស្ស​យល់​ថាព្រះ​នឹង​លួងលោម​អ្នក​មាន​ចិត្ត​បរិសុទ្ធ​នៅក្នុង​សេចក្ដី​លំបាក​របស់​ពួកគេ ។អ្នក​អាច​ត្រូវ​ពន្យល់​ថា​ពាក្យលួងលោមមាន​ន័យ​ថា​លួងលោម​នរណា​ម្នាក់​ដែល​ក្រៀមក្រំឬមាន​កង្វល់ ។ ដើម្បី​ជួយ​សិស្ស​ឲ្យ​សញ្ជឹង​គិតនិងអនុវត្ត​សេចក្ដីពិត​នេះសូម​សួរ ៖

  • តើ​ព្រះអម្ចាស់​លួងលោម​អ្នក​ដោយ​របៀប​ណា ?

  • តើ​ការអធិស្ឋាន​ដោយ​សេចក្ដី​ជំនឿបាន​ជួយ​អ្នក​អំឡុងពេល​មាន​ឧបសគ្គ​ដោយ​របៀប​ណា ?

  • តើ​នៅពេល​ណា​ដែល​ព្រះបន្ទូល​របស់​ព្រះ​បាន​ជួយ​អ្នក​ឲ្យ​មាន​អារម្មណ៍​ពី​សេចក្ដី​ស្រឡាញ់​របស់​ទ្រង់ ?

សូម​ពន្យល់​ថាក្រោយពី​បាន​និយាយ​ទៅ​អ្នកមាន​ចិត្ត​បរិសុទ្ធ​ហើយយ៉ាកុប​បាន​និយាយ​ទៅកាន់​អស់​អ្នក​ទាំងឡាយ​ណា​ដែល​មិន​មាន​ចិត្ត​បរិសុទ្ធ​ម្ដង​ទៀត ។

សូម​អញ្ជើញ​ឲ្យ​សិស្ស​ម្នាក់​អានយ៉ាកុប3:3–4ឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​រកមើល​អ្វី​ដែល​យ៉ាកុប​បាន​សុំ​ឲ្យ​ពួកមិន​មាន​ចិត្ត​បរិសុទ្ធ​ធ្វើ ។

  • តើ​នឹង​មាន​អ្វី​កើតឡើងប្រសិនបើ​ប្រជាជន​របស់​យ៉ាកុប​មិន​ព្រម​ប្រែចិត្ត​នោះ ?

សូម​បង្ហាញ​ថាយ៉ាកុប​បាន​និយាយ​ថា​សាសន៍​លេមិនបាន​រស់​នៅ​សុចរិត​ជាង​ប្រជាជន​នីហ្វៃ​ខ្លះ​នៅ​ពេល​នេះ ។ សូម​ឲ្យ​សិស្ស​អានយ៉ាកុប3:5–7ដោយ​ស្ងាត់ស្ងៀមដោយ​រកមើល​របៀប​ទាំងឡាយ​ដែល​សាសន៍​លេមិន​គឺ​សុចរិត​ជាង​ប្រជាជន​នីហ្វៃ​ខ្លះ​នោះ ។

  • តើ​សាសន៍​លេមិន​សុចរិត​ជាង​ប្រជាជន​នីហ្វៃ​ខ្លះ​តាម​របៀប​ណា​ខ្លះ ?

  • តើ​គោលការណ៍​អ្វីដែល​អ្នក​បាន​រៀន​ពី យ៉ាកុប3:7 អំពី​ទំនាក់ទំនង​ជាគ្រួសារ ? ( ប្ដីនិងប្រពន្ធ​ត្រូវ​ស្រឡាញ់​គ្នា​ទៅវិញ​ទៅមកហើយ​ឪពុកម្ដាយ​ត្រូវ​ស្រឡាញ់​កូនៗ​របស់​ខ្លួន ) ។

  • តើ​មាន​ផលវិបាក​អ្វី​ខ្លះ ដែល​អាច​កើតឡើង​នៅពេល​សមាជិក​គ្រួសារ​មិន​បាន​ស្រឡាញ់​គ្នា​ទៅវិញ​ទៅមក ហើយ​មិន​បាន​បំពេញ​ទំនួលខុសត្រូវ​គ្រួសារ​របស់​ពួកគេ​នោះ ?

សូម​ឲ្យ​សិស្ស​អាន យ៉ាកុប 3:10 ដោយ​ស្ងាត់ស្ងៀម ដោយ​រកមើល​ការព្រមាន​ដែល​យ៉ាកុប​បាន​ផ្ដល់​យ៉ាង​ជាក់លាក់​ទៅដល់​ឪពុក​ជា​សាសន៍​នីហ្វៃ​ទាំងឡាយ ។

  • តើ​យ៉ាកុប​បាន​ផ្ដល់​ការព្រមាន​អ្វី​ខ្លះ​ដល់​ឪពុក​ជា​សាសន៍​នីហ្វៃ​ទាំងឡាយ ?

  • តើ​អ្នក​គិត​ថា ហេតុអ្វី​បានជា​វា​សំខាន់​សម្រាប់​សមាជិក​គ្រួសារ​ទាំងឡាយ​ដើម្បី​ធ្វើ​ជា​គំរូ​ល្អ​សម្រាប់​គ្នា​ទៅវិញ​ទៅមក​នោះ ?

សូម​អាន យ៉ាកុប 3:11–12 ឮៗ​ដល់​សិស្ស ។ អ្នក​អាច​ពន្យល់​ថា នៅក្នុង​ខ​ទី 11 ឃ្លា​ថា « ដាស់​សមត្ថភាព​ទាំងឡាយ​នៃ​ព្រលឹង​អ្នក​ឲ្យ​ភ្ញាក់ឡើង » សំដៅ​ទៅលើ​តម្រូវការ​ឲ្យ​ភា្ញក់ឡើង​ខាង​វិញ្ញាណ ។ នៅក្នុង យ៉ាកុប 3:12 ឃ្លា « ការកំផិត និង ការអាស​អាភាស » សំដៅ​ទៅលើ​អំពើ​បាប​ខាង​ផ្លូវ​ភេទ​ទាំងឡាយ ។ នៅពេល​អ្នក​អាន​ខគម្ពីរ​ទាំងនេះ សូម​បញ្ជាក់​អំពី « ផល​ដ៏​ធ្ងន់ធ្ងរ » នៃ​អំពើ​បាប​ខាង​ផ្លូវ​ភេទ​ទាំងនេះ ។ បន្ថែម​លើ​នេះ សូម​រំឭក​សិស្ស​អំពី​សេចក្ដី​សន្យា​ទាំងឡាយ​របស់​យ៉ាកុប ចំពោះ​អ្នកមាន​ចិត្ត​បរិសុទ្ធ ( សូម​មើល យ៉ាកុប 3:1–2 ) ។ សូម​ជួយ​សិស្ស​ឲ្យ​យល់​ថារបៀប​ដ៏​ល្អ​បំផុត​ដើម្បី​ទទួល​បាន​ពរជ័យ​ដែល​បាន​សន្យា​ទាំងនោះ គឺ​ត្រូវ​តែ​មាន​ចិត្ត​បរិសុទ្ធ​ជានិច្ច ។ ទោះជា​យ៉ាងណា​ក្ដី មនុស្ស​ដែល​បាន​ប្រព្រឹត្ត​អំពើ​បាប​ខាង​ផ្លូវ​ភេទ​ទាំងឡាយ អាច​ស្វែងរក​ជំនួយ​ពី​ប៊ីស្សព ឬ ប្រធាន​សាខា​របស់​ពួកគេ ដែល​នឹង​ជួយ​ពួកគេ​ឲ្យ​ប្រែចិត្ត ក្លាយជា​ស្អាត​តាមរយៈ​ដង្វាយធួន​របស់​ព្រះយេស៊ូវគ្រីស្ទ និង ទទួល​បាន​ពរជ័យ​ដែល​បាន​សន្យា​ទាំងឡាយ​ដល់​ពួក​ដែល​មាន​ចិត្ត​បរិសុទ្ធ ។

យ៉ាកុប 4

យ៉ាកុប​ថ្លែង​ទីបន្ទាល់​ថា តាមរយៈ​ដង្វាយធួន​របស់​ព្រះយេស៊ូវគ្រីស្ទ យើង​អាច​បាន​ស្រុះស្រួល​នឹង​ព្រះ

មុន​ចាប់ផ្ដើម​ថ្នាក់ សូម​ដាក់​រូបភាព​តូច​មួយ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៅ​ចំ​កណ្ដាល​ក្ដារខៀន ។ នៅ​ជុំវិញ​រូបភាព​នោះ សូម​សរសេរ​ពាក្យ​ពីរ​បី​ដែល​តំណាង​ឲ្យ​រឿង​ទាំងឡាយ​ដែល​អាច​ទាក់ទាញ​មនុស្ស​ពី​ព្រះអង្គ​សង្គ្រោះ និង ដំណឹងល្អ​របស់​ទ្រង់ ។ ឧទាហរណ៍ អ្នក​អាច​រួម​បញ្ចូល​រឿង​ល្អៗ​ខ្លះ—ដូចជា ការអប់រំ កីឡា និង មិត្តភក្ដិ— ដែល​សំខាន់ ប៉ុន្ដែ​ដែល​មិន​គួរ​ក្លាយជា​ការផ្ដោត​ចម្បង​នៅក្នុង​ជីវិត​របស់​យើង​នោះ​ទេ ។ អ្នក​ក៏​អាច​សរសេរ​ពី​រឿង​ផ្សេងៗ​ផង​ដែរ —ដូចជា រឿង​អាសអាភាស តន្ដ្រី​មិន​សមរម្យ និង ថ្នាំ​ញៀន— ដែល​ប៉ះពាល់​ដល់​វិញ្ញាណ​របស់​យើង និង នាំ​យើង​ចេញ​ឆ្ងាយ​ពី​ព្រះអង្គ​សង្គ្រោះ ។

សូម​ឲ្យ​សិស្ស​បើក​ទៅ យ៉ាកុប4:14 ។ សូម​ពន្យល់​ថា ខគម្ពីរ​នេះ​រួម​មាន​ឃ្លា « ដោយ​មើល​ហួស​ទីដៅ » ។ អែលឌើរ នែលអេ.ម៉ាក់ស្វែល នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ បាន​បង្រៀន​ថា​នៅក្នុង​ខគម្ពីរ​នេះ « ទីដៅ​គឺជា​ព្រះគ្រីស្ទ » ( « Jesus of Nazareth, Savior and King »Ensign ខែ ធ្នូ ឆ្នាំ 2007 ទំព័រ 45 ) ។ អ្នក​អាច​លើក​ទឹកចិត្ត​សិស្ស​ឲ្យ​សរសេរ​ឃ្លា​នេះ​នៅក្នុង​ព្រះគម្ពីរ​របស់​ពួកគេ​ក្បែរ យ៉ាកុប 4:14 ។

ក្រោយពី​ការចែកចាយ​ការពន្យល់​នេះ​ហើយ សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន យ៉ាកុប 4:14–15 ឮៗ ។

  • តើ​អ្នក​គិត​ថា វា​អាច​មាន​ន័យ​យ៉ាង​ណា​ក្នុង​ការមើល​ហួស​ទីដៅ ? ( ការដាក់​ជីវិត​របស់​យើង​នៅលើ​អ្វី​ផ្សេង​ទៀត​សំខាន់​ជាង​ព្រះអង្គ​សង្គ្រោះ និងដំណឹងល្អ​របស់​ទ្រង់ ) ។

  • យោង​តាម​យ៉ាកុប តើ​ឥរិយាបថ និង សកម្មភាព​អ្វី​ខ្លះ​ដែល​រារាំង​សាសន៍​យូដា​ពី​ការទទួល​យក​ព្រះយេស៊ូវគ្រីស្ទ ?

សូម​ពន្យល់​ថា ខណៈ​ដែល​យ៉ាកុប​បាន​និយាយ​សំដៅ​យ៉ាង​ជាក់លាក់​ទៅលើ​អំពើ​បាប​នៃ​ប្រជាជន​យូដា​ខ្លះៗ ចំណែក​ខ្លះ​នៃ យ៉ាកុប 4:14–15 ក៏​អាច​អនុវត្ត​ចំពោះ​យើង​ផង​ដែរ ហើយ​អាច​ធ្វើជា​ការព្រមាន​មួយ​ដល់​យើង ។ ដើម្បី​ជួយ​សិស្ស​ឲ្យ​ឃើញ​ពី​ការអនុវត្ត​នេះ សូម​សួរ​សំណួរ​ខាងក្រោម​នេះ ៖

  • ហេតុអ្វី​បានជា​ពេល​ខ្លះ​មនុស្ស​បដិសេធ « ព្រះបន្ទូល​ដ៏​ច្បាស់លាស់​ទាំងនេះ » ហើយ​ស្វែងរក​អ្វីៗ​ដែល​ពួកគេ​មិន​អាច​យល់​បាន​ទៅវិញ ? តើ​មាន​គ្រោះថ្នាក់​អ្វីខ្លះ​នៃ​ការមើល​ហួស​សេចក្ដីពិត​សាមញ្ញ​នៃ​ដំណឹងល្អ​នោះ ?

  • តើ​យើង​អាច​បន្ថែម​អ្វី​ទៅលើ​ក្ដារខៀន​ថា​ជា​គំរូ​ផ្សេង​ទៀត​នៃ​ការទាក់ទាញ​នានា​ចេញ​ពី​ព្រះអង្គ​សង្គ្រោះ និង ដំណឹងល្អ​របស់​ទ្រង់ ? ( សូម​បន្ថែម​ចម្លើយ​របស់​សិស្ស​ទៅលើ​ពាក្យ​ដែល​អ្នក​បាន​សរសេរ​រួច​ហើយ​នោះ ដាក់​លើ​ក្ដារខៀន ) ។

សូម​លុប​ពាក្យ ដែល​អ្នក​បាន​សរសេរ​នៅលើ​ក្ដារខៀន ហើយ​សរសេរ​សំណួរ​ខាងក្រោម ៖ តើ​យើង​អាច​ធ្វើ​អ្វី​បាន​ខ្លះ ដើម្បី​មិន​មើល​ហួស​ទីដៅ ប៉ុន្ដែ​បន្ដ​ផ្ដោត​លើ​ព្រះយេស៊ូវគ្រីស្ទ ?

សូម​សរសេរ​ខគម្ពីរ​យោង​ខាងក្រោម​នៅលើ​ក្ដារខៀន ៖ យ៉ាកុប 4:4–5; យ៉ាកុប 4:6–7; យ៉ាកុប 4:8–9; យ៉ាកុប 4:10; យ៉ាកុប 4:11–13 ។សូម​ពន្យល់​ថា នៅក្នុង យ៉ាកុប 4 យ៉ាកុប​ចែកចាយ​គោលការណ៍​ដែល​អាច​ជួយ​យើង​ឲ្យ​នៅ​ផ្ដោតលើ​ព្រះយេស៊ូវគ្រីស្ទ ។ សូម​ចាត់តាំង​សិស្ស​ឲ្យ​ធ្វើការ​ជា​ដៃគូ ហើយ​រកមើល​គោលការណ៍​ទាំងនេះ​នៅ​ក្នុង​វគ្គ​ព្រះគម្ពីរ​មួយ​ដែល​មាន​នៅលើ​ក្ដារខៀន ។ ( ដោយ​ពឹង​លើ​ចំនួន​សិស្ស​នៅក្នុង​ថ្នាក់​របស់​អ្នក អ្នក​អាច​ចាត់តាំង​វគ្គ​នីមួយៗ​ដល់​សិស្ស​ជា​ដៃគូ​នោះ​ច្រើន​ជាង​មួយ​គូ ។ ឬ អ្នក​អាច​ត្រូវ​សុំ​ឲ្យ​ដៃគូ​មួយ​អាន​ច្រើន​ជាង​មួយ​វគ្គ ) ។

ក្រោយពី​ពីរ​បី​នាទី សូម​អញ្ជើញ​សិស្ស​ឲ្យ​រាយការណ៍​អំពី​ចម្លើយ​របស់​ពួកគេ ។ នៅពេល​ពួកគេ​ធ្វើ​ដូច្នោះ អ្នក​អាច​សួរ​សំណួរ​ដើម្បី​ជួយ​ពួកគេ​ឲ្យ​គិត​ជ្រៅ​ជាង​នេះ​អំពី​អ្វី​ដែល​ពួកគេ​បាន​រៀន​នៅក្នុង​ខគម្ពីរ​ទាំងនេះ ។ ដើម្បី​ជួយ​អ្នក​ឲ្យ​ដឹកនាំ​ការពិភាក្សា​នេះ សំណួរ​ខាងក្រោម​ត្រូវ​បាន​រៀបចំ​យោង​តាម​ខគម្ពីរ​ដែល​បាន​ចាត់តាំង ៖

  • យ៉ាកុប 4:4–5 ។ តើ​ទីបន្ទាល់​របស់​ព្យាការី​ទាំងឡាយ​បាន​ជួយ​អ្នក​ឲ្យ​ផ្ដោតលើ​ព្រះយេស៊ូវគ្រីស្ទ​ដោយ​របៀប​ណា ? តើ​អ្នក​ត្រូវ​បាន​ពង្រឹង​ដោយ​ទីបន្ទាល់​របស់​មនុស្ស​ផ្សេង​ទៀត​អំពី​ព្រះអង្គ​សង្គ្រោះ​ដោយ​របៀប​ណា ? យ៉ាកុប​បាន​និយាយ​ថា ការគោរព​ប្រតិបត្តិ​របស់​ប្រជាជន​គាត់​តាម​ច្បាប់​ម៉ូសេ​មាន​ប្រសិទ្ធភាព​នៅក្នុង « ការតម្រង់​ព្រលឹង [ របស់​ពួកគេ ] ទៅកាន់ » ព្រះអម្ចាស់ ។ តើ​ការខិតខំ​ប្រឹងប្រែង​របស់​យើង​ដើម្បី​ទទួល​បាន​ពិធីបរិសុទ្ធ​នៃ​បព្វជិតភាព និង កាន់​តាម​ព្រះបញ្ញត្តិ​ទាំងឡាយ​តម្រង់​ព្រលឹង​របស់​យើង​ទៅកាន់​ព្រះអម្ចាស់​ដោយ​របៀប​ណា ?

  • យ៉ាកុប 4:6–7 ។ តើ​វិវរណៈ​ដល់​ព្យាការី​ទាំងឡាយ​ជួយ​យើង​ឲ្យ​ទទួល​បាន​សេចក្ដី​សង្ឃឹម និង សេចក្ដី​ជំនឿ​ទៅលើ​ព្រះយេស៊ូវគ្រីស្ទ​ដោយ​របៀប​ណា ? តើ​វិវរណៈ​ផ្ទាល់ខ្លួន ឬ សាក្សី​ខាង​វិញ្ញាណ​ដែល​អ្នក​បាន​ទទួល ពង្រឹង​សេចក្ដី​ជំនឿ​របស់​អ្នក​ដោយ​របៀប​ណា​ដែរ ? តើ​អ្នក​គិត​ថា ហេតុអ្វី​បានជា​វា​សំខាន់​ដើម្បី​ចងចាំ​ថា វា​មាន​តែ​តាមរយៈ​ព្រះគុណ​របស់​ព្រះអម្ចាស់​ប៉ុណ្ណោះ​​ ដែល​យើង​អាច​ធ្វើការ​របស់​ទ្រង់​បាន​នោះ ?

  • យ៉ាកុប 4:8–9 ។ តើ​អ្នក​គិត​ថា ហេតុអ្វី​បានជា​វា​សំខាន់​ដើម្បី​ទទួល​ស្គាល់​ថា កិច្ចការ​របស់​ព្រះអម្ចាស់​គឺ « ធំ ហើយ​អស្ចារ្យ​មែន » ? តើ​កិច្ចការ​របស់​ព្រះអង្គ​សង្គ្រោះ​ជា​ព្រះដ៏បង្កើត​ផែនដី​ជះឥទ្ធិពល​ដល់​ទីបន្ទាល់​របស់​អ្នក​អំពី​ទ្រង់​ដោយ​របៀប​ណា ? តើ​វា​មាន​ន័យ​យ៉ាង​ណា​ចំពោះ​អ្នក​ដើម្បី « កុំ​មើល​ងាយ​ដល់​វិវរណៈ​ទាំងឡាយ​នៃ​ព្រះ​ឡើយ ?» តើ​យើង​អាច​បង្ហាញ​ដល់​ព្រះអម្ចាស់​ថា យើង​ផ្ដល់​តម្លៃ​ដល់​វិវរណៈ​ដែល​ទ្រង់​បាន​ប្រទាន​ដោយ​របៀប​ណា ?

  • យ៉ាកុប 4:10 ។ តើ​គំរូ​អ្វី​ខ្លះ​អំពី​របៀប​ដែល​មនុស្ស​ម្នាក់​អាច « មិន​ចង់​ទូន្មាន​ដល់​ព្រះអម្ចាស់​ឡើយ ប៉ុន្ដែ​ទទួល​ដំបូន្មាន​ពី​ព្រះហស្ដ​របស់​ទ្រង់​វិញ » នោះ ?

  • យ៉ាកុប 4:11–13 ។ ដូច​ដែល​បាន​លើកឡើង​នៅក្នុង​មេរៀន​ទី 35 ពាក្យ ស្រុះស្រួល មាន​ន័យថា​ការនាំ​មក​នូវ​ការត្រូវ​គ្នា ។ តើ​ដង្វាយធួន​ជួយ​យើង​ឲ្យចូលជា​ធ្លុង​តែមួយ​នឹង​ព្រះវរបិតា​សួគ៌យើង​ដោយ​របៀប​ណា ? យ៉ាកុប​បាន​រំឭក​យើង​អំពី​សារៈសំខាន់​នៃ​ការបង្រៀន​អំពី​ដង្វាយធួន​ដោយ​សួរ​ថា « ហេតុអ្វី​បានជា​មិន​និយាយ​ដល់​ដង្វាយធួន​នៃ​ព្រះគ្រីស្ទ … ? » តើ​យើង​អាច​ធ្វើតាម​គោលការណ៍​នេះ នៅពេល​យើង​ចែកចាយ​ទីបន្ទាល់​របស់​យើង​ជាមួយ​នឹង​អ្នក​ដទៃ និង នៅពេល​យើង​មាន​ឱកាស​ផ្សេងៗ​ដើម្បី​បង្រៀន​ដំណឹងល្អ​ដោយ​របៀប​ណា ? នៅពេល​យើង​ចែកចាយ​ទីបន្ទាល់​របស់​យើង តើ​ហេតុអ្វី​បានជា​វា​សំខាន់​ដើម្បី​ថ្លែង​ទីបន្ទាល់​តាម​របៀប​មួយ​ដែល​មនុស្ស​អាច​យល់​បាន ? តើ​ព្រះវិញ្ញាណ​ជួយ​យើង​ឲ្យ​សម្រេច​ការណ៍​នេះ​ដោយ​របៀប​ណា ?

ជា​លទ្ធផល​នៃ​ការពិភាក្សា​នេះ សូម​ប្រាកដ​ថា​សេចក្ដីពិត​ខាងក្រោម​នេះ​មាន​ភាពជាក់​ច្បាស់ ៖ តាមរយៈ​ដង្វាយធួន​របស់​ព្រះយេស៊ូវគ្រីស្ទ យើង​អាច​ពោរពេញ​ដោយ​សេចក្ដី​សង្ឃឹម និង ស្រុះស្រួល​ខ្លួន​យើង​ជាមួយ​នឹង​ព្រះ ។

សូម​ចែកចាយ​អារម្មណ៍​នៃ​អំណរគុណ​របស់​អ្នក​ចំពោះ​ព្រះអង្គ​សង្គ្រោះ និង ដង្វាយធួន​របស់​ទ្រង់ ។ សូម​ថ្លែង​ទីបន្ទាល់​ថា ព្រះយេស៊ូវគ្រីស្ទ​គឺជា « ទីដៅ » ដែល​យើង​គួរតែ​ដាក់​ជីវិត​របស់​យើង​ផ្ដោត​លើ ។ ដើម្បី​បញ្ចប់​មេរៀន​នេះ សូម​ឲ្យ​សិស្ស​គិត​ពី​អ្វី​ដែល​ពួកគេ​នឹង​ធ្វើ ដើម្បី​ផ្ដោតចិត្តលើ​ព្រះអង្គ​សង្គ្រោះ​ពេញ​រយៈពេល​ពីរបី​ថ្ងៃ​ទៀត ។ អ្នក​អាច​ស្នើ​ថា ពួកគេ​គួរតែ​សរសេរ​គម្រោង​របស់​ពួកគេ​នៅក្នុង​កំណត់ហេតុ​សិក្សា​ព្រះគម្ពីរ​របស់​ពួកគេ ។ សូម​គិត​ពី​ការអញ្ជើញ​ពួកគេ​ពីរ​បី​នាក់​ឲ្យ​ប្រាប់​សិស្ស​ក្នុង​ថ្នាក់​អំពី​អ្វី​ដែល​ពួកគេ​បាន​គ្រោង​នឹងធ្វើ ។

និមិត្ត​សញ្ញា​ចំណេះចំណាន​ខគម្ពីរការរំឭក​ចំណេះចំណាន​ខគម្ពីរ

ការធ្វើ​ដដែលៗ​ជួយ​សិស្ស​ឲ្យ​ចាំ​នូវ​ទីតាំង​នៃ​វគ្គ​ចំណេះចំណាន​ខគម្ពីរ ។ របៀប​មួយ​ដើម្បី​លើក​ទឹកចិត្ត​ឲ្យ​មាន​ការធ្វើ​ដដែលៗ​នេះ គឺ​ត្រូវ​ប្រើ​កាត​ចំណេះចំណាន​ខគម្ពីរ ( លេខ​កូដ​កាត ១០៤៥៩ ; ក៏​មាន​ផងដែរ​ជា​ឯកសារ PDF នៅ si.lds.org ) ។ ប្រសិន​បើ​អ្នក​មិនមាន​កាត​ទាំងនេះ​ទេ សូម​ជួយ​សិស្ស​ឲ្យ​បង្កើត​កាត​ផ្ទាល់ខ្លួន​គេ ដោយ​មាន​ពាក្យ​គន្លឹះ​មក​ពី​វគ្គ​នៅ​ម្ខាង​នៃ​កាត​នីមួយៗ និង សេចក្ដី​យោង​នៅ​ម្ខាង​ទៀត ។ សូម​បែងចែក​សិស្ស​ឲ្យ​ធ្វើការ​ជា​ដៃគូ ។ សូម​ឲ្យ​ពួកគេ​ចំណាយ​ពេល​ពីរ​បី​នាទី​សួរ​គ្នា​ទៅវិញទៅមកនូវ​អ្វីដែលមាន​នៅក្នុង​កាត​នោះ ។ ជា​ឧទាហរណ៍ សិស្ស​ម្នាក់​អាច​អាន​ពាក្យ​គន្លឹះ ខណៈពេល​ដែល​សិស្ស​ផ្សេង​ទៀត​គិត​ពី​សេចក្ដី​យោង​បទគម្ពីរ ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​ប្រើ​កាត​ទាំងនេះ​ញឹកញាប់ ដើម្បី​សួរ​ខ្លួន​គេ និង សួរ​គ្នា​ទៅវិញ​ទៅមក ។

កំណត់​ចំណាំ ៖ប្រវែងពេល​នៃ​មេរៀន​នេះ អាច​ឲ្យ​មាន​ពេល​សម្រាប់​សកម្មភាព​នៃ​ការរំឭក​ចំណេះចំណាន​ខគម្ពីរ​នេះ​បាន ។ អ្នក​អាច​ដឹកនាំ​សកម្មភាព​នោះ​នៅ​ពេល​ចាប់ផ្ដើម​ថ្នាក់រៀន នៅពេល​សម្រាក​ម្ដង​រវាង​ផ្នែក​នៃ​មេរៀន ឬក៏​នៅ​ចុងបញ្ចប់​នៃ​ថ្នាក់​ក៏​បាន ។ សូម​ធ្វើ​ឲ្យ​សកម្មភាព​នេះ​ឲ្យខ្លី ដើម្បី​មាន​ពេល​សម្រាប់​បង្រៀន​មេរៀន ។ សម្រាប់​សកម្មភាព​រំឭក​ផ្សេង​ទៀត សូម​មើល​ឧបសម្ព័ន្ធ​នៅក្នុង​សៀវភៅ​សិក្សា​នេះ ។

វិចារណកថា និង ព័ត៌មាន​សាច់រឿង

យ៉ាកុប 4:4 ។ ព្យាការី​ក្នុងព្រះគម្ពីរ​សញ្ញា​ចាស់ បាន​ថ្លែង​បន្ទាល់​អំពី​ព្រះយេស៊ូវគ្រីស្ទ

ជាង 400 ឆ្នាំ​មុន​ការប្រសូត​របស់​ព្រះយេស៊ូវគ្រីស្ទ យ៉ាកុប​បាន​និយាយ​ថា ព្យាការី​ទាំងអស់​ពីមុន​គាត់​បាន​ថ្លែង​ទីបន្ទាល់​អំពី​ព្រះអង្គ​សង្គ្រោះ ( សូម​មើល យ៉ាកុប 4:4 ) ។ អ្នកខ្លះ​អាច​ឆ្ងល់​ថា ហេតុអ្វី​បានជា​ព្រះគម្ពីរ​សញ្ញា​ចាស់​មិន​មាន​នូវ​រឿង​បន្ថែម​អំពី​ព្រះយេស៊ូវគ្រីស្ទ ។ អែលឌើរ ជែហ្វ្រីអ័រ.ហូឡិន នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរនាក់​បាន​ដកស្រង់​ការពន្យល់​របស់​នីហ្វៃ​អំពី « ភាគ​ដ៏​ច្បាស់ និង ពិសេសៗ​ជាច្រើន » ត្រូវ​បាន « យក​ចេញ​ពី » ព្រះគម្ពីរ​បរិសុទ្ធ ( សូម​មើល នីហ្វៃទី1 13:26–29ហើយ​បន្ទាប់​មក​បាន​សង្កេតឃើញ​ថា ៖

« ពិត​ប្រាកដ​ណាស់ សេចក្ដីពិត​​ដ៏​ច្បាស់ និង ពិសេសៗ​ភាគ​ច្រើន នៃ​សេចក្ដីពិត​ទាំងអស់​ដែល​បាន​បាត់​ពី​ព្រះគម្ពីរ​បរិសុទ្ធ ជាពិសេស​ព្រះគម្ពីរ​សញ្ញា​ចាស់ គឺ​ជា​ការប្រកាស​ដ៏​ច្បាស់ និង គ្មាន​មន្ទិល​សង្ស័យ​អំពី​បេសកកម្ម​របស់​ព្រះយេស៊ូវគ្រីស្ទ ជា​តួនាទី​ដែល​បាន​តែងតាំង​តាំងពី​មុន​របស់​ទ្រង់​ជា​ព្រះម៊ែស៊ី និង ព្រះអង្គ​សង្គ្រោះ​នៃ​ពិភពោលោក និង ធាតុ​នៃ​សេចក្ដី​សញ្ញា​នៃ​ដំណឹងល្អ​របស់​ទ្រង់ ដែល​ត្រូវ​បាន​បង្រៀន​មកពី អ័ដាម​ចុះ​មក​តាមរយៈ​គ្រាកាន់កាប់​ត្រួតត្រា​បន្ដ​នីមួយៗ ។ ហេតុដូច្នេះហើយ គោលបំណង​ដ៏​ខ្ពស់​បំផុត​នៃ​គម្ពីរ​មរមន គឺ​ត្រូវ​ស្ដារឡើងវិញ​នូវ​គ្រួសារ​នៃ​សាកលលោក​របស់​ព្រះ​ដែល​ជា​តួនាទី​នៃ​ចំណេះដឹង​ដ៏​សំខាន់​នៃ​ព្រះគ្រីស្ទ​នៅក្នុង​ការសង្គ្រោះ​ដល់​បុរស ស្ដ្រី និង កុមារ​គ្រប់​រូប​ដែល​កំពុង​រស់នៅ​នាពេល​នេះ ធ្លាប់​បាន​រស់នៅ ឬ នឹង​ចុះ​មក​រស់នៅ​លើ​ផែនដី​នេះ » ( (Christ and the New Covenant: The Messianic Message of the Book of Mormon ឆ្នាំ 1997 ] ទំព័រ 6–7 ) ។

យ៉ាកុប 4:5 ។ ថ្វាយបង្គំ​ដល់​ព្រះវរបិតា​ដោយ​នៅក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ

ការសរសេរ​របស់​យ៉ាកុប ផ្ដល់​ជា​ទស្សនៈ​វិស័យ​ដ៏​សំខាន់​មួយ​ទៅក្នុង​ច្បាប់​របស់​ម៉ូសេ និង ព្រះគម្ពីរ​សញ្ញា​ចាស់ ។ នៅក្នុង យ៉ាកុប 4:5យើង​ដឹង​ថា​ព្យាការី​ពីមុន​ជំនាន់​របស់​យ៉ាកុប បាន​ថ្វាយបង្គំ​ដល់​ព្រះវរបិតា​សួគ៌ា​ដោយ​នៅក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ ដោយ​បង្ហាញ​ថា​ពួកគេ​បាន​ដឹង​អំពី​ព្រះវរបិតា និង ព្រះរាជបុត្រា​ថា​ជា​អង្គ​ពីរ​ផ្សេង​គ្នា ។ ពាក្យពេចន៍​របស់​យ៉ាកុប​បាន​បង្ហាញ​ថា ច្បាប់​របស់​ម៉ូសេ​គឺ​លើស​ពី​ភាពសាមញ្ញ​មួយ​នៃ​បទបញ្ញត្តិ និង ច្បាប់​ដ៏​តឹងរ៉ឹង​មួយ ដូចដែល​អ្នកប្រាជ្ញ​សម័យ​ទំនើប​ខ្លះ​បាន​លើកឡើង ។ ច្បាប់​ម៉ូសេ​បាន​ថ្លែង​ទីបន្ទាល់​អំពី​ព្រះយេស៊ូវគ្រីស្ទ ហើយ​បាន​ដឹកនាំ​ពួកសុចរិត​ទៅកាន់​ការញែក​ចេញ​ជា​បរិសុទ្ធ​តាមរយៈ​ដង្វាយធួន​របស់​ទ្រង់ ។

យ៉ាកុប 4:10 ។ « ទទួល​ដំបូន្មាន​ពី​ព្រះហស្ដ​របស់​ទ្រង់ »

ប្រធាន ម៉ារ៉ុនជី.រ៉មនី នៃ​គណៈប្រធាន​ទីមួយ​បាន​ពន្យល់​អំពី​សារៈសំខាន់​នៃ​ការដឹង និង ការធ្វើតាម​ដំបូន្មាន​របស់​ព្រះអម្ចាស់​ថា ៖

« ខ្ញុំ​គិត​ថា សមាជិក​សាសនាចក្រ​ជាច្រើន​មិន​បាន [ ធ្វើ​តាម ] ដោយ​មាន​មនសិការ​ខ្លួន​ទៅ​តាម​ការបញ្ចុះបញ្ចូល​របស់​មនុស្ស ឬ ដំបូន្មាន​របស់​ខ្លួន​គេ ជាជាង​ការគោរព​តាម​ដំបូន្មាន​របស់​ព្រះអម្ចាស់​ឡើយ ។ ទោះយ៉ាង​ណា​ក្ដី នៅពេល​យើង​មិន​បាន​រក្សា​ខ្លួន​យើង​ឲ្យ​នៅ​ធ្វើ​តាម​ការទូន្មាន​ដូចដែល​អ្វី​ដែល​ជា​ដំបូន្មាន​របស់​ព្រះអម្ចាស់​បាន​ប្រាប់​ទេ​នោះ យើង​ហាក់​ដូចជា​ឆាប់​ជំនួស​ការប្រឹក្សា​ផ្ទាល់ខ្លួន​យើងមកដាក់​ជំនួស​ឲ្យ​ដំបូន្មាន​របស់​ព្រះ​វិញ ។ ជា​ការពិត គ្មាន​អ្វី​ផ្សេង​ទៀត​ដែល​យើង​អាច​ធ្វើបានឡើយ ប៉ុន្ដែ​ធ្វើតាម​ការប្រឹក្សា​របស់​ខ្លួន​យើង​ផ្ទាល់​នៅពេល​យើង​មិន​បាន​ដឹង​ពី​ការណែនាំ​របស់​ព្រះអម្ចាស់ » ( « Seek Not to Counsel the Lord » Ensign ខែ សីហា ឆ្នាំ 1985 ទំព័រ 5 ) ។