មេរៀនសិក្សានៅផ្ទះ
នីហ្វៃទី 3 11:18–16:20 ( មេរៀនទី 25 )
សេចក្តីផ្ដើម
នៅក្នុងមេរៀននេះ សិស្សនឹងគិតពីរបៀបដែលការទាស់ទែងគ្នាប៉ះពាល់ដល់សមត្ថភាពរបស់គេក្នុងការទទួលអារម្មណ៍ពីព្រះវិញ្ញាណ ។ ពួកគេក៏នឹងអាចគិតអំពីអ្នកទាំងឡាយណាដែលបានក្លាយជាគំរូដ៏វិជ្ជមានដល់ពួកគេ ហើយគិតពីរបៀបដែលពួកគេអាចធ្វើជាគំរូដ៏ប្រសើរជាងដល់អ្នកដទៃ ។
យោបល់សម្រាប់ការបង្រៀន
នីហ្វៃទី 3 11:18–41
ព្រះយេស៊ូវគ្រីស្ទ រៀបចំ នូវរបៀបនៃពិធីបុណជ្រមុជទឹក ដាក់ទោសចំពោះការទាស់ទែងគ្នា និងប្រកាសពីគោលលទ្ធិរបស់ទ្រង់
សូមសរសេរពាក្យ ការទាស់ទែងគ្នា នៅលើក្ដារខៀន ហើយសូមឲ្យសិស្សឲ្យនិយមន័យនៃពាក្យនេះ ( ការឈ្លោះគ្នា វិបត្តិ ឬការប្រកែកគ្នា ) ។
សូមឲ្យសិស្សសរសេរដោយសង្ខេបនៅលើក្ដារខៀននូវស្ថានភាព ឬសកម្មភាពខ្លះដែលពួកគេអាចងាយនឹងជួបនឹងការទាស់ទែងគ្នា ។ ( អ្នកអាចឲ្យសិស្សម្នាក់ធ្វើជាអ្នកសរសេរ ខណៈពេលដែលសិស្សក្នុងថ្នាក់ឆ្លើយ ) ។ ខណៈពេលដែលធ្វើសកម្មភាពនេះ សូមចៀសវាងនូវអ្វីដែលអែលឌើរ ដាល្លិន អេក អូក នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានហៅថាជា « បច្ចេកវិទ្យារបស់សត្រូវ » ដែលអាចនាំឲ្យមាន « ការដេញដោលគ្នា និងការឈ្លោះប្រកែក » ( The Lord’s Way [ ឆ្នាំ 1991 ],ទំព័រ 139 ) ។
សូមរំឭកសិស្សថានៅក្នុង នីហ្វៃទី 3 11 ពួកគេបានអានថា ព្រះយេស៊ូវគ្រីស្ទបានយាងមកជួបនឹងពួកសាសន៍នីហ្វៃដែលបានប្រជុំគ្នានៅឯព្រះវិហារបរិសុទ្ធ ។ សូមឲ្យសិស្សម្នាក់អាន នីហ្វៃទី 3 11:28 ឮៗ ហើយសូមឲ្យសិស្សក្នុងថ្នាក់រកមើលប្រធានបទដែលបង្កឲ្យពួកសាសន៍នីហ្វៃខ្លះបានឈ្លោះគ្នា ។ ( ដើម្បីជួយសិស្សឲ្យយល់កាន់តែច្បាស់អំពីខគម្ពីរនេះ អ្នកអាចពន្យល់ពាក្យ ការប្រកែកគ្នា មានន័យថាការឈ្លោះគ្នា ឬការមិនចុះសម្រុងនឹងគ្នា ) ។
សូមសួរ ៖ តើអ្នកគិតថា ហេតុអ្វីបានជាវាសំខាន់ដើម្បីចៀសវាងការទាស់ទែងគ្នា នៅពេលពិភាក្សាគ្នាអំពីដំណឹងល្អជាមួយនឹងអ្នកដទៃ ?
សូមសរសេរឃ្លាខាងក្រោមនៅលើក្តារខៀន៖ វិញ្ញាណនៃការទាស់ទែងគ្នាគឺមិនមែនជារបស់ផងព្រះទេ ប៉ុន្ដែ … សូមឲ្យសិស្សអាន នីហ្វៃទី 3 11:29–30 ឮៗ ហើយសូមឲ្យសិស្សក្នុងថ្នាក់មើលថាតើវិញ្ញាណនៃការទាស់ទែងគ្នាចេញមកពីណា ។ សេចក្ដីពិតដែលពួកគេរកឃើញអាចត្រូវបានបង្ហាញដូចខាងក្រោម ៖ ព្រះវិញ្ញាណនៃការទាស់ទែងគ្នាគឺពុំមែនជារបស់ផងព្រះទេ ប៉ុន្ដែជារបស់ផងអារក្សវិញ ។ អ្នកអាចណែនាំថា សិស្សគួរគូសចំណាំសេចក្ដីពិតនេះនៅក្នុងព្រះគម្ពីររបស់ពួកគេ ។
សូមសួរថា ៖ តើការចងចាំដល់ការបង្រៀនរបស់ព្រះអង្គសង្គ្រោះនៅក្នុង នីហ្វៃទី 3 11:29–30 អាចជួយអ្នក នៅពេលអ្នកឃើញថាខ្លួនអ្នកស្ថិតនៅក្នុងស្ថានភាពមួយដែលបង្កឲ្យមានជម្លោះ ដោយរបៀបណា ? ( អ្នកអាចបង្ហាញពីស្ថានភាពជាក់លាក់ណាមួយដែលបានសរសេរនៅលើក្ដារខៀន ឬ សូមឲ្យសិស្សគិតពីស្ថានភាពមួយដែលនរណាម្នាក់ចង់ឈ្លោះគ្នាអំពីចំណុចណាមួយនៃដំណឹងល្អ ) ។
ដើម្បីជួយសិស្សឲ្យយល់ពីលទ្ធផលដ៏សំខាន់នៃការទាស់ទែងគ្នា សូមអាន ឬបង្ហាញនូវសេចក្ដីថ្លែងការណ៍ខាងក្រោមដោយប្រធាន ជែមស៍ អ៊ី ហ្វោស្ត នៃគណៈប្រធានទីមួយ ។ « នៅពេលមានការទាស់ទែងគ្នា នោះព្រះវិញ្ញាណនៃព្រះអម្ចាស់នឹងចាកចេញ ដោយមិនគិតថានរណាជាអ្នកខុសនោះទេ » ( « What I Want My Son to Know before He Leaves on His Mission » Ensign, ខែ ឧសភា ឆ្នាំ 1996, ទំព័រ 41 ) ។
អ្នកអាចណែនាំ ដល់សិស្សថា ពួកគេគួរសរសេរប្រយោគនេះនៅក្នុងព្រះគម្ពីររបស់គេ ឬនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់ពួកគេ ។
សូមសួរថា ៖ តើអ្នកធ្លាប់មានអារម្មណ៍ថា ព្រះវិញ្ញាណនៃព្រះអម្ចាស់ចាកចេញពីអ្នកដោយសារតែការទាស់ទែងគ្នាដែរទេ ? តើវាមានអារម្មណ៍យ៉ាងណា ?
សូមលើកឡើងថា ព្រះបន្ទូលរបស់ព្រះអង្គសង្គ្រោះទាក់ទងទៅនឹងការទាស់ទែងគ្នានៅក្នុង នីហ្វៃទី 3 11:30 ៖ « នេះពុំមែនជាគោលលទ្ធិរបស់យើងទេ គឺត្រូវលះបង់ការណ៍ទាំងនោះចោលវិញ » ។ បន្ទាប់មក សួរពួកគេនូវសំណួរដូចខាងក្រោមនេះ ៖
-
តើយើងអាច « លះបង់ចោល » នូវការទាស់ទែងគ្នា និងការប្រកែកគ្នាដោយរបៀបណា ?
-
តើយើងអាចមិនចុះសម្រុងជាមួយនឹងអ្នកដទៃ និងចៀសវាងពីការទាស់ទែងគ្នាដោយរបៀបណា ?
-
តើអ្នកបានមានអារម្មណ៍ថាត្រូវបានប្រទានពរដោយសារការខិតខំរបស់អ្នកដើម្បីចៀសវាង ឬយកឈ្នះលើការទាស់ទែងគ្នាដោយរបៀបណា ?
អ្នកអាចចែកចាយបទពិសោធន៍មួយដែលអ្នកបានមានអារម្មណ៍ថាអ្នកត្រូវបានប្រទានពរដោយសារការខិតខំរបស់អ្នកដើម្បីចៀសវាង ឬយកឈ្នះលើការទាស់ទែងគ្នានោះ ។ សូមឲ្យសិស្សមើលទៅបញ្ជីនៅលើក្ដារខៀន ហើយជ្រើសរើសស្ថានភាពមួយដែលពួកគេអាចមានអារម្មណ៍ថាទាស់គ្នាជារឿយៗ ។ សូមឲ្យពួកគេមានពេលសរសេរនូវគោលដៅមួយអំពីរបៀបដែលពួកគេនឹងខំចៀសវាង ឬយកឈ្នះលើការទាស់ទែងគ្នានៅក្នុងស្ថានភាពសកម្មភាពមួយនោះ ។
នីហ្វៃទី 3 12–16
ព្រះយេស៊ូវគ្រីស្ទបង្រៀនពីគោលការណ៍នានាដែលជួយដល់កូនចៅរបស់ទ្រង់ឲ្យដើរទៅរកភាពឥតខ្ចោះ
សូមឲ្យសិស្សក្រោកឈរ ហើយសូត្រ នីហ្វៃទី 3 12:48 ។ អ្នកអាចសុំឲ្យពួកគេអនុវត្តពីរបីដង ដើម្បីឲ្យពួកគេអាចសូត្រវគ្គចំណេះចំណានខគម្ពីរនេះបានយ៉ាងឥតខ្ចោះ ។ សូមឲ្យសិស្សប្រើព្រះគម្ពីររបស់ពួកគេដើម្បីបង្ហាញពីលក្ខណៈខ្លះនៃភាពឥតខ្ចោះដែលបានលើកឡើងនៅក្នុង នីហ្វៃទី 3 12:1–12 ដែលពួកគេសង្ឃឹមថានឹងអភិវឌ្ឍបានកាន់តែខ្លាំងជាងនេះ ។
សូមដាក់អំបិលបន្ដិចនៅលើស្លាបព្រាមួយ ហើយសូមឲ្យសិស្សទាយថាវាជាអ្វី ។ បន្ទាប់មក សូមឲ្យសិស្សឡើងមកខាងមុខ ហើយបញ្ជាក់មើលថាវាជាអ្វីដោយការភ្លក់ ។ ក្រោយពីសិស្សបានរកឃើញថាវាជាអំបិលើហើយ សូមឲ្យសិស្សក្នុងថ្នាក់សរសេរពីសារៈប្រយោជន៍របស់អំបិល ។ នៅពេលសិស្សឆ្លើយ សូមប្រាកដថា ក្រៅពីវាជាគ្រឿងបន្ថែមរស់ជាតិដល់អាហារ អំបិលត្រូវបានប្រើប្រាស់សម្រាប់ប្រឡាក់សាច់មិនឲ្យស្អុយ ។
សូមឲ្យសិស្សអាន នីហ្វៃទី 3 12:13 ដើម្បីរកមើលអ្នកដែលព្រះអង្គសង្គ្រោះបានប្រៀបធៀបទៅនឹងអំបិល ។ នៅពេលសិស្សឆ្លើយ សូមពន្យល់ថា ព្រះអង្គសង្គ្រោះសំដៅមិនត្រឹមតែលើហ្វូងមនុស្សនៅឯព្រះវិហារបរិសុទ្ធនៅថ្ងៃនោះប៉ុណ្ណោះទេ ប៉ុន្ដែថែមទាំងទៅដល់អស់អ្នកទាំងឡាយណាដែលត្រូវបានជ្រមុជទឹកចូលក្នុងសាសនាចក្ររបស់ទ្រង់ និងរស់នៅតាមដំណឹងល្អរបស់ទ្រង់ ។
សូមសួរថា ៖ ក្នុងនាមយើងជាអ្នកដើរតាមព្រះយេស៊ូវគ្រីស្ទ តើយើងអាចក្លាយដូចជាអំបិលតាមវិធីណា ? ( យើងត្រូវជួយរក្សា ឬសង្គ្រោះប្រជាជន និងត្រូវពង្រឹងពិភពលោកដោយការមានឥទ្ធិពលលើអ្នកដទៃដោយអំពើល្អ ) ។
សូមពន្យល់ថានៅក្នុង នីហ្វៃទី 3 12:13 ពាក្យ ( រស )ជាតិ មិនមែនសំដៅតែលើរសជាតិរបស់អំបិលនោះទេ ប៉ុន្ដែវាក៏សំដៅលើតួនាទីរបស់វាជាអ្នកការពារមួយដែរ ។
សូមឲ្យសិស្សម្នាក់អានសេចក្ដីថ្លែងការណ៍ខាងក្រោមដោយអែលឌើរ ខាឡូស អ៊ី. អាសាយ នៃក្រុមចិតសិបនាក់ទាក់ទងទៅនឹងរបៀបដែលអំបិលអាចបាត់បង់រសជាតិរបស់វា ។
« អំបិលនឹងមិនបាត់បង់រសរបស់វាតាមពេលវេលានោះទេ ។ រសជាតិត្រូវបាត់បង់តាមរយៈការលាយ និងការបំពុល ។ ដូចគ្នានេះដែរ រសជាតិ និងគុណភាពចាកចេញពីមនុស្ស នៅពេលគេបំពុលគំនិតរបស់គេដោយគំនិតមិនស្អាតស្អំ ពោលពាក្យប្រមាថ ដោយការនិយាយកុហក់ និងអនុវត្តកម្លាំងរបស់គេខុសទៅលើការធ្វើអំពើអាក្រក់ » ( « Salt of the Earth: Savor of Men and Saviors of Men » Ensign, ខែ ឧសភា ឆ្នាំ 1980, ទំព័រ 42 ) ។
សូមសួរថា ៖ ហេតុអ្វីបានជាយើងត្រូវតែបរិសុទ្ធដើម្បីមានឥទ្ធិពលលើអ្នកដទៃចំពោះការណ៍ល្អ ?
សូមបង្ហាញដល់សិស្សនូវពិលមួយ ។ ចុចបើកវា ហើយសូមឲ្យសិស្សអាន នីហ្វៃទី 3 12:14–16 ហើយរកមើលរបៀបដែលព្រះអង្គសង្គ្រោះបានប្រើពន្លឺដើម្បីបង្រៀនអំពីតួនាទីរបស់រាស្ត្រនៃសេចក្តីសញ្ញារបស់ទ្រង់នៅក្នុងពិភពលោកនេះកាន់តែច្បាស់ ។ មុនពេលពួកគេអាន វាអាចជួយសិស្សដើម្បីពន្យល់ថា ល្អី គឺជាកន្ដ្រកមួយ ។
សូមសួរថា ៖ តើសមាជិកនៃសាសនាចក្រដែលកាន់តាមសេចក្តីសញ្ញារបស់ពួកគេ អាចជាពន្លឺមួយដល់អ្នកដទៃដោយរបៀបណា ?
សូមដាក់កន្ដ្រក ឬកន្សែងមួយគ្របលើពន្លឺ ហើយសូមសួរសំណួរខាងក្រោមនេះ ៖
-
តើមានរបៀបណាខ្លះ ដែលយើងអាចត្រូវបានល្បួងឲ្យបាំងគ្របពន្លឺរបស់យើង ?
-
យោងតាម នីហ្វៃទី 3 12:16 ហេតុអ្វីបានជាព្រះអង្គសង្គ្រោះចង់ឲ្យយើងធ្វើជាគំរូនៃសេចក្តីសុចរិត ? ( នៅពេលយើងធ្វើជាគំរូនៃសេចក្តីសុចរិត នោះយើងអាចជួយដល់អ្នកដទៃឲ្យតម្កើងដល់ព្រះវរបិតាសួគ៌ ។ អ្នកអាចណែនាំថា សិស្សគួរសរសេរគោលការណ៍នេះនៅក្បែររឹមទំព័រនៃព្រះគម្ពីររបស់គេ ។
-
តើគំរូនៃសេចក្តីសុចរិតរបស់នរណាដែលបានជួយអ្នកឲ្យខិតកាន់តែជិតទៅរកព្រះវរបិតាសួគ៌ ឬពង្រឹងបំណងប្រាថ្នារបស់អ្នកក្នុងការរស់នៅតាមដំណឹងល្អកាន់តែពេញលេញជាងនេះ ?
សូមលើកទឹកចិត្តសិស្សឲ្យក្លាយដូចជាអំបិល និងដូចជាពន្លឺទៅកាន់ពិភពលោក ដោយការជ្រើសរើសដើម្បីធ្វើជាគំរូនៃសេចក្តីសុចរិត ។
សូមពន្យល់ថា ព្រះអង្គសង្គ្រោះបានបន្ដបង្រៀនដល់ពួកសាសន៍នីហ្វៃថា រង្វាន់ពិតប្រាកដសម្រាប់ការធ្វើតាមព្រះបញ្ញត្តិដោយសុចរិតនឹងមក នៅពេលពួកគេគោរពតាមដោយមិនមានពុតត្បុត និងដោយមិនដាក់ដួងចិត្តរបស់ពួកគេទៅលើទ្រព្យសម្បត្តិ ឬរង្វាន់ខាងលោកិយ ។ សូមសរសេរសេចក្ដីយោងព្រះគម្ពីរខាងក្រោមនៅលើក្ដារខៀន ៖ នីហ្វៃទី 3 13:22; 13:31–33; 14:7–8; 15:9; 16:13 ។ សូមឲ្យសិស្សស្រាវជ្រាវលើវគ្គទាំងនេះ និងរកមើលរង្វាន់ខ្លះៗដែលព្រះវរបិតាគង់នៅស្ថានសួគ៌បានសន្យានឹងយើងថា ប្រសិនបើដួងចិត្តរបស់យើងផ្ដោតទៅលើការរស់នៅជីវិតមួយដ៏សុចរិតនោះ ។ ក្រោយពីមានពេលគ្រប់គ្រាន់ហើយ សូមឲ្យពួកគេរៀបរាប់ពីអ្វីដែលពួកគេបានរកឃើញ ។
សូមចែកចាយទីបន្ទាល់របស់អ្នកជាមួយនឹងសិស្សថា ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទនឹងជួយ ហើយប្រទានពរដល់ពួកគេក្នុងកិច្ចខំប្រឹងរបស់ពួកគេដើម្បីលះបង់ចោលការទាស់ទែងគ្នា និងក្លាយជាទៅគំរូដ៏សុចរិតមួយចំពោះពិភពលោក ។
មេរៀនបន្ទាប់ ( នីហ្វៃទី 3 17–22 )
សូមប្រាប់សិស្សថា នៅពេលពួកគេសិក្សា នីហ្វៃទី 3 17–22 ពួកគេនឹងអានថា ព្រះយេស៊ូវគ្រីស្ទបានព្រះកន្សែង នៅពេលទ្រង់បានគង់នៅជាមួយនឹងកូនក្មេងសាសន៍នីហ្វៃ ។ សូមលើកទឹកចិត្តពួកគេឲ្យរកមើលចម្លើយចំពោះសំណួរខាងក្រោមនេះ ៖ តើទ្រង់បានធ្វើអ្វីខ្លះសម្រាប់ពួកគេ ? តើមានអព្ភូតហេតុផ្សេងទៀតអ្វីខ្លះដែលព្រះយេស៊ូវបានសម្ដែង ខណៈពេលដែលកំពុងបម្រើដល់ពួកសាសន៍នីហ្វៃ ?