មេរៀនទី 34
នីហ្វៃទី 2 21–24
សេចក្តីផ្ដើម
ការព្យាករណ៍របស់អេសាយជាច្រើននៅក្នុងព្រះគម្ពីរមរមន គឺអំពីជំនាន់ចុងក្រោយនេះ ។ គាត់បានព្យាករណ៍អំពីការស្ដារឡើងវិញនៃដំណឹងល្អ ព្យាការីយ៉ូសែប ស្ម៊ីធ ការយាងមកជាលើកទីពីរ និង ការបំផ្លាញពួកទុច្ចរិត ។ គាត់បានព្យាករណ៍ថា ព្រះអម្ចាស់នឹង « លើកទង់មួយឡើងសម្រាប់សាសន៍ទាំងឡាយ » ដើម្បីប្រមូលរាស្ដ្ររបស់ទ្រង់ នៅក្នុងជំនាន់ចុងក្រោយ ( សូមមើល នីហ្វៃទី 2 21:11–12 ) ។ អេសាយក៏បានថ្លែងទីបន្ទាល់ថា ព្រះអម្ចាស់នឹងយកឈ្នះលើសាតាំង និង បើកទ្វារទៅក្នុងសហស្សវត្សរ៍ ជាពេលនៃសេចក្ដីសុខសាន្ដ និង សេចក្ដីអំណរ ។
យោបល់សម្រាប់ការបង្រៀន
នីហ្វៃទី 2 21:1–5, 10–12
អេសាយបានព្យាករណ៍អំពីការស្ដារឡើងវិញនៃដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទនៅថ្ងៃចុងក្រោយ
សូមបង្ហាញរូបភាពមរ៉ូណៃលេចមកឯយ៉ូសែប ស្ម៊ីធនៅក្នុងបន្ទប់របស់គាត់ ( 62492 ; សៀវភៅរូបភាពដំណឹងល្អ [ ឆ្នាំ 2009 ] លេខ 91 ) ។ សូមពន្យល់ថា នៅពេលមរ៉ូណៃបានលេចមកឯយ៉ូសែប ស្ម៊ីធ ជាលើកដំបូង « លោកបានស្រង់ពាក្យពីជំពូកទី 11 ក្នុងគម្ពីរអេសាយថា ពាក្យព្យាករណ៍នេះជិតនឹងបានសម្រេចហើយ » ( យ៉ូសែប ស្ម៊ីធ—ប្រវត្តិ 1:40 ) ។ ការព្យាករណ៍នៅក្នុង អេសាយ ជំពូកទី 11 ត្រូវបានរកឃើញនៅក្នុង នីហ្វៃទី 2 21 ។
សូមអញ្ជើញសិស្សឲ្យអាន នីហ្វៃទី 2 នីហ្វៃទី 21:1ដោយស្ងាត់ស្ងៀម ។ សូមនាំការយកចិត្តទុកដាក់របស់ពួកគេទៅឃ្លាមួយ « លំពង់មួយនឹងដុះចេញពីគល់របស់អ៊ីសាយ » ។ បន្ទាប់មកសូមអញ្ជើញពួកគេឲ្យអាន នីហ្វៃទី 2 21:10ដោយស្ងាត់ស្ងៀម ។ សូមនាំការយកចិត្តទុកដាក់របស់ពួកគេទៅឃ្លាមួយ « ឬសរបស់អ៊ីសាយ » ។ អ្នកអាចស្នើថា សិស្សគួរតែគូសចំណាំឃ្លាទាំងនេះ ។ សូមពន្យល់ថា ព្យាការីយ៉ូសែប ស្ម៊ីធ បានទទួលវិវរណៈមួយអំពីឃ្លាទាំងនេះ ។ សូមអញ្ជើញសិស្សឲ្យបើកទៅ គោលលទ្ធិ និង សេចក្ដីសញ្ញា 113:1–6 ។ សូមអានវគ្គនេះឮៗ ។ មុនពេលអ្នកអាន សូមឲ្យសិស្សអានតាម ហើយស្វែងរកអត្ថន័យនៃឃ្លានេះ ។ អ្នកអាចសរសេរអត្ថន័យទាំងនេះនៅលើក្ដារខៀន ដូចបានបង្ហាញនៅខាងក្រោម ។ អ្នកអាចលើកទឹកចិត្តសិស្សឲ្យសរសេរអត្ថន័យទាំងនេះ នៅក្នុងព្រះគម្ពីររបស់ពួកគេ ។
សូមឲ្យសិស្សម្នាក់អានសេចក្ដីថ្លែងការណ៍ខាងក្រោមដោយអែលឌើរ ប្រ៊ូស អ័រ. ម៉ាក់ខន់ឃី នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ។ សូមឲ្យសិស្សក្នុងថ្នាក់ស្ដាប់រកអត្តសញ្ញាណនៃ « លំពង់ » និង « ឫសរបស់អ៊ីសាយ » ។
« តើយើងនិយាយខុសថាព្យាការីដែលបានលើកឡើងនៅទីនេះគឺជាយ៉ូសែប ស្ម៊ីធ ដែលបានមានបព្វជិតភាព ដែលបានទទួលកូនសោទាំងឡាយនៃនគរ និង ដែលបានលើកទង់ដើម្បីប្រមូលរាស្ដ្ររបស់ព្រះអម្ចាស់នៅក្នុងគ្រាកាន់កាប់ត្រួតត្រាឬ ? ហើយតើគាត់មិនមែនជា ‹ អ្នកបម្រើនៅក្នុងព្រះហស្ដនៃព្រះគ្រីស្ទ ដែលជាពូជពង្សរបស់អ៊ីសាយខ្លះ និង ពូជពង្សរបស់អេប្រាអិមខ្លះ ឬ ជាវង្សនៃយ៉ូសែបដែលមានអំណាចដ៏ខ្លាំងដាក់មកលើអ្នកបម្រើនោះ ទេឬអី › ? » (The Millennial Messiah: The Second Coming of the Son of Man [ ឆ្នាំ 1982 ] ទំព័រ 339–40 ) ។
សូមអញ្ជើញសិស្សម្នាក់អាន នីហ្វៃទី 2 21:10, 12ឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់រកមើលពាក្យ និង ឃ្លាដែលទាក់ទងនឹងយ៉ូសែប ស្ម៊ីធ និង ការស្ដារឡើងវិញនៃដំណឹងល្អ និង សាសនាចក្ររបស់ព្រះអម្ចាស់ ។ មុនពេលសិស្សអាន អ្នកអាចរំឭកពួកគេថា ពាក្យ ទង់សំដៅទៅលើបទដ្ឋានមួយ ទង់មួយ ឬ បដាដែលបានប្រើជាចំណុចប្រមូលផ្ដុំមួយ ឬ ជាសញ្ញាសម្គាល់មួយដើម្បីរួបរួម ( សូមមើល មេរៀនទី 32 ) ។
-
តើកិច្ចការរបស់យ៉ូសែប ស្ម៊ីធ បានបំពេញការព្យាករណ៍ដែលទាក់ទងនឹងឫសរបស់អ៊ីសាយដោយរបៀបណា ?
-
តើយើងប្រមូលផ្ដុំគ្នានាសព្វថ្ងៃនេះ ក្នុងនាមជាសមាជិកសាសនាចក្រដោយរបៀបណា ? តើយើងលើកទង់ឡើងដើម្បីជួយអ្នកដទៃឲ្យដឹងពីកន្លែងប្រមូលផ្ដុំដោយរបៀបណា ?
សូមថ្លែងទីបន្ទាល់ថា ព្រះអម្ចាស់បានស្ដារដំណឹងល្អរបស់ទ្រង់ និង សាសនាចក្ររបស់ទ្រង់ឡើងវិញ តាមរយៈព្យាការី យ៉ូសែប ស្ម៊ីធ ហើយឥឡូវនេះកំពុងប្រមូលផ្ដុំរាស្ដ្ររបស់ទ្រង់នៅជំនាន់ចុងក្រោយ ។
នីហ្វៃទី 2 21:6–9 ; 22
អេសាយពិពណ៌នាពីសហស្សវត្សរ៍
សូមឲ្យសិស្សស្រមៃថា មិត្តម្នាក់ដែលជាសមាជិកនៃព្រះវិហារផ្សេងទៀតបានសួរពួកគេពីអ្វីដែលពួកគេជឿអំពីសហស្សវត្សរ៍ ។ សូមឲ្យពួកគេសិក្សា នីហ្វៃទី 2 21:6–9និង 22:1–6 ដោយស្ងាត់ស្ងៀម ដោយស្វែងរកសេចក្ដីពិតដែលពួកគេអាចចែកចាយនៅក្នុងការសន្ទនាមួយបែបនោះ ។ សូមអញ្ជើញពួកគេឲ្យសរសេរគំនិតរបស់ពួកគេនៅក្នុងកំណត់ហេតុសិក្សាព្រះគម្ពីរ ឬ សៀវភៅកត់ត្រាក្នុងថ្នាក់របស់ពួកគេ ។ ដើម្បីជួយសិស្សឲ្យពិភាក្សាពីអ្វីដែលពួកគេបានរកឃើញ សូមសួរសំណួរទាំងនេះខ្លះៗ ឬ សួរទាំងអស់ ៖
-
តើការពិពណ៌នានៅក្នុង នីហ្វៃទី 2 21:6–8 ស្នើអ្វីខ្លះពីលក្ខខណ្ឌនៅលើផែនដីអំឡុងពេលសហស្សវត្សរ៍ ?
-
យោងតាមនីហ្វៃទី 2 21:9 ហេតុអ្វីបានជាផែនដីនឹងជាកន្លែងមួយនៃសេចក្ដីសុខសាន្ដ អំឡុងពេលសហស្សវត្សរ៍ ? សូមជួយសិស្សឲ្យយល់ថា អំឡុងពេលសហស្សវត្សរ៍ ផែនដីនឹងជាកន្លែងមួយនៃសេចក្ដីសុខសាន្ដ ដោយសារវានឹងពោរពេញទៅដោយចំណេះដឹងអំពីព្រះអម្ចាស់ ) ។
-
តើចំណេះដឹងអំពីព្រះអម្ចាស់អាចជួយយើងឲ្យរស់នៅពេញដោយសេចក្ដីសុខសាន្ដជាងនេះក្នុងពេលឥឡូវនេះដោយរបៀបណា ?
-
នៅក្នុង នីហ្វៃទី 2 22:1–6 អេសាយបានពិពណ៌នាពីវិញ្ញាណនៃការថ្វាយបង្គំ ដែលមនុស្សនឹងមានអំឡុងពេលសហស្សវត្សរ៍ ។ តើយើងអាចអភិវឌ្ឍឥរិយាបថដូចគ្នានោះនៅសព្វថ្ងៃដោយរបៀបណា ?
-
តើទិដ្ឋភាពនៃសហស្សវត្សរ៍អ្វីខ្លះ ដែលអ្នកចង់មាននៅក្នុងជីវិតរបស់អ្នកនាពេលឥឡូវនេះ ? ( សូមលើកទឹកចិត្តសិស្សឲ្យសញ្ជឹងគិតអំពីអ្វីដែលពួកគេអាចធ្វើ ដើម្បីឲ្យទទួលបាននូវពរជ័យទាំងនេះខ្លះៗនៅក្នុងជីវិតរបស់ពួកគេ ) ។
នីហ្វៃទី 2 23–24
អេសាយបង្រៀនថា ពួកទុច្ចរិតនឹងត្រូវស្លាប់ ហើយថាព្រះអម្ចាស់នឹងមានសេចក្ដីមេត្តាករុណាមកលើរាស្ដ្ររបស់ទ្រង់
សូមពន្យល់ថា នៅក្នុងនីហ្វៃទី 2 23 អេសាយព្យាករអំពីការបំផ្លិចបំផ្លាញនៃទី ក្រុងបាប៊ីឡូន ហើយប្រៀបធៀបការបំផ្លាញនេះទៅនឹងការបំផ្លាញនៃពួកទុច្ចរិត នាពេលការយាងមកជាលើកទី ពីររបស់ព្រះអង្គសង្គ្រោះ ។ សូមអញ្ជើញសិស្សឲ្យអាន « បាប៊ីឡូន » នៅក្នុងវចនានុក្រមព្រះគម្ពីរបរិសុទ្ធ ។ សូមពន្យល់ថា នៅក្នុងវគ្គព្រះគម្ពីរខ្លះពាក្យថា បាប៊ីឡូនសំដៅជាទូទៅទៅលើភាពទុច្ចរិតនៃពិភពលោក ។ អេសាយបានព្យាករថា ការបំផ្លិចបំផ្លាញដ៏មហិមានឹងកើតឡើងទៅលើពួកទុច្ចរិតនៅក្នុងទីក្រុងបាប៊ីឡូន និង នៅក្នុងថ្ងៃចុងក្រោយបំផុត ។
ដើម្បីជួយសិស្សឲ្យស្គាល់ពីលទ្ធផលចំពោះពួកទុច្ចរិតនៅក្នុងថ្ងៃចុងក្រោយ សូមឲ្យពួកគេអាន នីហ្វៃទី 2 23:1, 5–9, 11, 15, 19 និង 22ដោយស្ងាត់ៗ ។
សូមពន្យល់ថា អេសាយបានបង្ហាញការធ្លាក់របស់លូស៊ីហ្វើរ ឬ សាតាំង ថាជាការបង្ហាញមួយទៀតអំពីរបៀបដែលពួកទុច្ចរិតនឹងត្រូវស្លាប់ ។ សូមអញ្ជើញសិស្សម្នាក់អាន នីហ្វៃទី 2 24:12–16 ឮៗ ។
-
តើឃ្លាណានៅក្នុងខគម្ពីរទាំងនេះ ដែលបង្ហាញពីការអួតអាងរបស់សាតាំង ?
-
តើនីហ្វៃទី 2 24:16 បង្ហាញពីរបៀបដែលយើងនឹងមានអារម្មណ៍ពីសាតាំងយ៉ាងដូចម្ដេច ប្រសិនបើយើងអាចឃើញវាតើវាជានរណានោះ ?
សូមអញ្ជើញសិស្សម្នាក់អានសេចក្ដីថ្លែងការណ៍ខាងក្រោមដោយប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន ៖
« នៅក្នុងក្រុមប្រឹក្សាជីវិតមុនជីវិតលើផែនដីនេះ លូស៊ីហ្វើរបានធ្លាក់ដោយសារតែអំនួតថាជា [ បុត្រានៃពេលព្រឹក › ។ ( នីហ្វៃទី 2 24:12–15; សូមមើលផងដែរ គ . និង ស . 76:25–27; ម៉ូសេ 4:3 ។ ) … នៅក្នុងក្រុមប្រឹក្សាជីវិតមុនផែនដី លូស៊ីហ្វើរ បានដាក់សំណើរវាប្រកួតប្រជែងនឹងផែនការរបស់ព្រះវរបិតាដែលបានប្រឹក្សាដោយព្រះយេស៊ូវគ្រីស្ទ ។ ( សូមមើល ម៉ូសេ 4:1–3 ។ ) វាចង់បានកិត្តិយសលើសមនុស្សទាំងអស់ ។ ( សូមមើលនីហ្វៃទី 2 24:13 ។ ) ជារួមមក បំណងប្រាថ្នាដ៏អំនួតរបស់វាគឺដើម្បីទម្លាក់ព្រះចេញពីរាជបល្លង្ក័ ។ ( សូមមើល គ. និង ស. 29:36; 76:28 ។ ) » ( « Beware of Pride » Ensignខែ ឧសភា ឆ្នាំ 1989 ទំព័រ 4–5 ) ។
សូមទាញយកចំណាប់អារម្មណ៍របស់សិស្ស ទៅលើព្រះបន្ទូលនៃព្រះអម្ចាស់នៅចុងបញ្ចប់នៃនីហ្វៃទី 2 23:22 ថា ៖ « យើងនឹងអាណិតអាសូរដល់រាស្ដ្រយើង តែពួកទុច្ចរិតត្រូវតែវិនាស ។ » អ្នកអាចលើកទឹកចិត្តសិស្សឲ្យគូសចំណាំការប្រកាសនេះនៅក្នុងព្រះគម្ពីររបស់ពួកគេ ។ ( សូមកត់ចំណាំថា ប្រយោគចុងក្រោយនៅក្នុងខគម្ពីរនេះ មិនមាននៅក្នុងខគម្ពីរដែលទាក់ទងនៅក្នុងគម្ពីរអេសាយនៅក្នុងព្រះគម្ពីរកំណែរបស់សេ្ដចជេម នោះទេ ។ វាបង្ហាញថា ផ្ទាំងលង្ហិនមានព៌ត័មានខ្លះដែលមិនមាននៅក្នុងព្រះគម្ពីរបរិសុទ្ធ ។ )
-
តើអ្នកគិតថា ការនៅក្នុងចំណោមរាស្ដ្ររបស់ព្រះអម្ចាស់ មានអត្ថន័យយ៉ាងណា ?
សូមឲ្យសិស្សបីបួននាក់អាន នីហ្វៃទី 2 24:1–7, 24–27ឮៗ ដោយប្ដូរវេនគ្នាអានមួយ ឬ ពីរខម្នាក់ ។ សូមអញ្ជើញសិស្សទាំងអស់គ្នារកមើលសេចក្ដីសន្យាដែលព្រះអម្ចាស់បានប្រទានដល់រាស្ដ្ររបស់ទ្រង់ ។ សូមលើកទឹកចិត្តពួកគេឲ្យចែកចាយការសង្កេតនានារបស់ពួកគេជាមួយគ្នាទៅវិញទៅមក ។ អ្នកអាចគិតពីការឲ្យសិស្សម្នាក់សរសេរការសង្កេតទាំងនេះដាក់លើក្ដារខៀន ។
-
តើសារលិខិតអ្វី ដែលខគម្ពីរទាំងនេះចែកចាយសម្រាប់អស់អ្នកដែលបានរងទុក្ខដោយសារតែអំពើទុច្ចរិតរបស់ប្រជាជននោះ ?
-
តើមានភស្ដុតាងនៃសុភមង្គល និង សេចក្ដីសង្ឃឹមអ្វី ដែលអ្នកបានឃើញនៅក្នុងខគម្ពីរទាំងនេះ ?
សូមប្រាកដថា សិស្សយល់ថា ព្រះអម្ចាស់នឹងមានសេចក្ដីមេត្តាករុណាមកលើប្រជាជនរបស់ទ្រង់ ប៉ុន្ដែពួកទុច្ចរិតត្រូវវិនាស ។សូមជួយសិស្សឲ្យយល់ថា ការព្យាករណ៍របស់អេសាយនៅក្នុង នីហ្វៃទី 2 21–24 ឆ្លុះបញ្ចាំងពីសារលិខិតដ៏សំខាន់មួយនៃព្រះគម្ពីរមរមនថា —ពួកអ្នកដែលស្ដាប់តាមបង្គាប់នឹងរីកចម្រើនឡើង ហើយអ្នកដែលមិនស្ដាប់បង្គាប់នឹងត្រូវវិនាស ។ សូមថ្លែងទីបន្ទាល់ថា យើងអាចរស់នៅដោយសុចរិត និង រីកចម្រើនឡើងនាពេលសព្វថ្ងៃនេះ នៅពេលយើងសង្ឃឹមដល់ថ្ងៃសហស្សវត្សរ៍ ។