បណ្ណាល័យ
ពាក្យសម្ដី​នៃ​មរមន


សេចក្ដីផ្ដើមអំពី​ពាក្យសម្ដី​នៃ​មរមន

ហេតុអ្វី​បានជា​សិក្សា​គម្ពីរ​នេះ ?

តាមរយៈ​ការសិក្សា​ពាក្យសម្ដី​នៃ​មរមន សិស្ស​អាច​បង្កើន​សេចក្ដីជំនឿ​របស់​ពួកគេ​ថា « ព្រះអម្ចាស់​ទ្រង់​ជ្រាប​នូវ​គ្រប់​ការណ៍​ទាំងអស់ » ( ពាក្យសម្ដី​នៃ​មរមន 1:7 ) ហើយ​ថា​ទ្រង់​ដឹកនាំ​អ្នកបម្រើ​របស់​ទ្រង់​ឲ្យ​សម្រេច​នូវ​គោលបំណង​របស់​ទ្រង់ ។ ជា​ដំណើររឿង​ប្រវត្តិសាស្ដ្រ​មួយ គម្ពីរ​នេះ​ធ្វើ​ជា​ស្ពាន​រវាង​ផ្ទាំង​នីហ្វៃ​តូច ( នីហ្វៃទី 1 –អោមណៃ ) និង សេចក្ដីសង្ខេប​របស់​មរមន​ពី​ផ្ទាំង​នីហ្វៃ​ធំ ( ម៉ូសាយ –នីហ្វៃទី 4 ) ។ វា​អាច​ជួយ​ដល់​សិស្ស​ឲ្យ​យល់​កាន់​តែ​ច្បាស់​នូវ​អ្វី​ដែល​មរមន​បាន​សង្ខេប នៅពេល​គាត់​បាន​ចងក្រង​ព្រះគម្ពីរ​មរមន ។ វា​ក៏​ណែនាំ​ដល់​សិស្ស​នូវ​សេចក្ដីជំនឿ និង សមិទ្ធិផល​របស់​សេ្ដច​បេនយ៉ាមីន​ផងដែរ ។

តើ​អ្នកណា​ជាអ្នក​សរសេរ​គម្ពីរ​នេះ ?

មរមន​បាន​សរសេរ​គម្ពីរ​នេះ ។ គាត់​គឺជា​ព្យាការី អ្នកថែរក្សា​កំណត់ត្រា និង ជា​អ្នកសង្ខេប ហើយ​ជា​អ្នកចងក្រង​ព្រះគម្ពីរ​មរមន ។ គាត់​ក៏​ជា​ឪពុក​ដ៏​សុចរិត​ម្នាក់ និង ជា​អ្នកដឹកនាំ​កងទ័ព​ក្នុង​ចំណោម​សាសន៍​នីហ្វៃដែរ ។ ព្យាការី​មរ៉ូណៃ​គឺជា​កូនប្រុស​របស់​គាត់ ។

តើ​គម្ពីរ​នេះ​ត្រូវ​បាន​សរសេរ​ទៅ​ដល់​អ្នក​ណា ហើយ​ហេតុអ្វី ?

មរមន​បាន​និយាយ​ទៅ​ដល់​អ្នកអាន​នា​ពេល​អនាគត ដោយ​មាន​ក្ដី​សង្ឃឹម​ថា ការសរសេរ​របស់​គាត់ និង ការសរសេរ​របស់​កូនប្រុស​គាត់ មរ៉ូណៃ «នឹង​មាន​ប្រយោជន៍​ដល់​ពួកគេ» ( ពាក្យ​សំដី​នៃ​មរមន 1:2 ) ។ ជាពិសេស គាត់​បាន​សរសេរ​ដើម្បី​ជា​ប្រយោជន៍​ដល់​សាសន៍​លេមិន ។ គាត់​បាន​និយាយ​អំពី​ពួកគេ​ថា «ការអធិស្ឋាន​របស់​ខ្ញុំ​ដល់​ព្រះ គឺ​អំពី​បងប្អូន​ខ្ញុំ ដើម្បី​សូម​ឲ្យ​ពួកគេ​អាច​បាន​ស្ដាប់​ព្រះ​ម្ដង​ទៀត មែនហើយ​គឺ​ស្គាល់​នូវ​សេចក្ដីប្រោសលោះ​នៃ​ព្រះគ្រីស្ទ ដើម្បី​សូម​ឲ្យ​ពួកគេ​អាច​បាន​ត្រឡប់​ទៅជា​ប្រជាជន​ដ៏​គួរ​ស្រឡាញ់​ដូចមុន» ( ពាក្យ​សំដី​នៃ​មរមន 1:8 ) ។

តើ​គម្ពីរ​នេះ​ត្រូវ​បាន​សរសេរ​នៅពេល​ណា ហើយ​នៅ​កន្លែង​ណា ?

មរមន​បាន​សរសេរ​គម្ពីរ​នេះ​ប្រហែល​នៅ​ឆ្នាំ 385 គ.ស ក្រោយ​ពី​បាន «ឃើញ​ដល់​ការបំផ្លិចបំផ្លាញ​ស្ទើរតែ​ទាំងអស់​នៃ​ប្រជាជន​របស់​គាត់ គឺ​សាសន៍​នីហ្វៃ47» ( ពាក្យ​សំដី​នៃ​មរមន 1:1 ) ។ មរមន​មិន​បាន​កត់ត្រា​ពី​ទីកន្លែង​របស់​គាត់ នៅពេល​គាត់​សរសេរ​គម្ពីរ​នេះ​នោះ​ទេ ។

តើ​គម្ពីរ​នេះ​មាន​លក្ខណៈ​ខុសគ្នា​អ្វី​ខ្លះ ?

គម្ពីរ​ដ៏​ខ្លី​នេះ បង្អាក់​លំដាប់​តាម​កាលវេលា​នៃ​គម្ពីរ​នានា​ដែល​នៅ​ពីដើម​ដំបូង​នៃ​ព្រះគម្ពីរ​មរមន ។ មរមន​បាន​សរសេរ​គម្ពីរ​នេះ​ជាង 500 ឆ្នាំ​ក្រោយ​ពី​អាម៉ាលេកៃ​បាន​បញ្ចប់​គម្ពីរ​អោមណៃ ។ នៅក្នុង​គម្ពីរ​នេះ មរមន​បាន​ពន្យល់​ដោយ​ខ្លី​អំពី​ការចងក្រង​របស់​គាត់ និង ការសង្ខេប​នៃ​កំណត់ត្រា​ប្រជាជន​របស់​គាត់ ។ ដើម្បី​យល់​ពី​ការពន្យល់​របស់​គាត់ វា​នឹង​ជួយ​ឲ្យ​ចងចាំ​ថា ព្រះអម្ចាស់​បាន​បញ្ជា​ដល់​នីហ្វៃ​ឲ្យ​ធ្វើ​ផ្ទាំង​ពីរ​សម្រាប់​គោលបំណង « ដ៏​ពិសេស » និង « ដ៏​ឈ្លាសវៃ » មួយ ( សូម​មើល នីហ្វៃទី 1 9:3, 5) ។ ផ្ទាំង​មួយ ជាញឹកញាប់​ត្រូវ​បាន​ហៅ​ថា ផ្ទាំង​ធំ រួម​មាន​នូវ​ប្រវត្តិសាស្ដ្រ​ខាង​លោកិយ​អំពី​សាសន៍​នីហ្វៃ ខណៈពេល​ដែល​ផ្ទាំង​មួយ​ទៀត ជាញឹកញាប់​ត្រូវ​បាន​ហៅ​ថា ផ្ទាំងតូច រួម​មាន​កំណត់ត្រា​ដ៏​ពិសិដ្ឋ​នៃ​ការបង្រៀន វិវរណៈ និង ការព្យាករណ៍​របស់​សាសន៍​នីហ្វៃ ( សូម​មើល នីហ្វៃទី1 9:2–4; យ៉ាកុប 1:3–4) ។

មរមន​បាន​រកឃើញ​ផ្ទាំង​នីហ្វៃ​តូច ក្រោយពី​គាត់​បាន​សង្ខេប​ផ្នែក​នៃ​ផ្ទាំង​ធំ​រួច​ហើយ ( សូម​មើល ពាក្យ​សំដី​នៃ​មរមន 1:3 ) ។ ដោយ​ដឹកនាំ​ដោយ​ព្រះវិញ្ញាណ​នៃ​ព្រះអម្ចាស់ មរមន​បាន​បញ្ចូល​នូវ​ផ្ទាំងតូច​ជាមួយ​នឹង​ការសង្ខេប​របស់​គាត់​ពី​ផ្ទាំង​ធំ ។ គាត់​ធ្វើ​ដូច្នេះ « ដើម្បី​គោលបំណង​ដ៏​ឈ្លាសវៃ​មួយ » ដោយ​យោង​តាម​ព្រះឆន្ទៈ​របស់​ព្រះអម្ចាស់ ( សូម​មើល ពាក្យ​សំដី​នៃ​មរមន 1:4–7 ) ។

ជាច្រើន​ឆ្នាំ​ក្រោយ​មក ហេតុផល​មួយ​ចំពោះ​ការបំផុស​គំនិត​នេះ​បាន​ឃើញ​ច្បាស់ ។ នៅពេល​យ៉ូសែប ស្ម៊ីធ ចាប់ផ្ដើម​បកប្រែ​ព្រះគម្ពីរ​មរមន គាត់​បាន​ចាប់ផ្ដើម​ជាមួយ​នឹង​សេចក្ដី​សង្ខេប​របស់​មរមន​ពី​ផ្ទាំង​នីហ្វៃ​ធំ—ប្រវត្តិសាស្ដ្រ​នៃ​លោកិយ ។ ម៉ាទីន ហារីស ដែល​ជា​អ្នកសរសេរ​ផ្នែក​នេះ​នៃ​ការបកប្រែ​របស់​ព្យាការី បាន​បាត់ 116 ទំព័រ​នៃ​សៀវភៅ​នោះ ។ ព្រះអម្ចាស់​បាន​បង្ហាញ​ដល់​យ៉ូសែប ស្ម៊ីធ ថា​មនុស្ស​ទុច្ចរិត​បាន​យក​សៀវភៅ​ទាំងនោះ ហើយ​បាន​ផ្លាស់ប្ដូរ​ពាក្យ​ជាច្រើន ( សូម​មើល គ . និង ស . 10:8–10) ។ ប្រសិនបើ​យ៉ូសែប បាន​បកប្រែ​សៀវភៅ​ដូចគ្នា​ម្ដងទៀត​នោះ មនុស្ស​ទាំងនោះ​នឹង​អះអាង​ថា គាត់​មិនមែន​ជា​ព្យាការី​នោះ​ទេ ដោយសារ​គាត់​មិន​អាច​បកប្រែ​គម្ពីរ​តាម​របៀប​ដូចគ្នា​ជាលើក​ទី​ពីរ ( សូម​មើល គ . និង ស . 10:11–19 ) ។ ព្រះអម្ចាស់​បាន​បញ្ជា​យ៉ូសែប​មិន​ឲ្យ​បកប្រែ​ផ្នែក​នោះ​ម្ដងទៀត​នោះ​ទេ ប៉ុន្ដែ​ត្រូវ​បកប្រែ​ផ្ទាំង​នីហ្វៃ​តូច​ដែល​មរមន​បាន​បញ្ចូល​នូវ​សេចក្ដីសង្ខេប​របស់​គាត់​ពី​ផ្ទាំង​ធំ​នោះ ( សូម​មើល គ. និង ស. 10:30–45 ) ។ ហេតុដូច្នេះហើយ ពាក្យ​សំដី​នៃ​មរមន​ជួយ​យើង​ឲ្យ​ឃើញ​ពី​របៀប​ដែល​ព្រះអម្ចាស់​បាន​រៀបចំ​ផ្លូវ​មួយ​ដើម្បី​មិន​ឲ្យ​ផែនការ​របស់​មនុស្ស​ទុច្ចរិត​បាន​សម្រេច ហើយ​ដើម្បី​បញ្ចូល​ព្រះគម្ពីរ​ដែល​មិន​ត្រឹម​តែ​មាន​ពេលវេលា​ដូចគ្នា​នឹង​សៀវភៅ​ដែល​បាត់​នោះ​ទេ ប៉ុន្ដែ​ថែមទាំង​បាន​ផ្ដល់ « យោបល់​ជ្រាលជ្រៅ​ទៅ​ទៀត​អំពី​ដំណឹងល្អ [ របស់​ព្រះអម្ចាស់ ] » ( គ . និង ស . 10:45 ) ។ អែលឌើរ ជែហ្វ្រី អ័រ ហូឡិន នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​បាន​បង្រៀន ៖ « ជាក់ស្ដែង វា​នឹង​រីករាយ​ប្រសិនបើ​នរណាម្នាក់​រកឃើញ​សៀវភៅ​ដើម​ទាំង 116 ទំព័រ​នៃ​ព្រះគម្ពីរ​មរមន​ដែល​បាន​បាត់​នៅ​ថ្ងៃណា​មួយ​នោះ ។ ប៉ុន្ដែ​មិន​ថា​សៀវភៅ​នោះ​មាន​អ្វី​ក៏​ដោយ វា​មិន​អាច​សំខាន់ ឬ មាន​គ្រឹះ​រឹងមាំ​ដល់​គោលបំណង​នៃ​ព្រះគម្ពីរ​មរមន​ជាង​ការបង្រៀន​ទាំងឡាយ … ដែល​បាន​កត់ត្រា​នៅលើ​ផ្ទាំងតូច​នោះ​ទេ ” ( ព្រះគ្រីស្ទ និង សញ្ញា​ថ្មី ៖ សារ​នៃ​ព្រះម៊ែស៊ី​នៃ​ព្រះគម្ពីរ​មរមន [ ឆ្នាំ 1997 ] ទំព័រ 35–36 ) ។

បន្ថែម​ទៅលើ​ការចែកចាយ​នូវ​ការយល់ច្បាស់​អំពី​ការចងក្រង​កំណត់ត្រា​ដ៏​ពិសិដ្ឋ​នៃ​ប្រជាជន​របស់​គាត់ មរមន​បាន​ផ្ដល់​ការពិពណ៌នា​សង្ខេប​មួយ​អំពី​ការបម្រើ​របស់​ស្ដេច​បេនយ៉ាមីន ( សូម​មើល ពាក្យ​សម្ដី​នៃ​មរមន 1:10–18 ) ។ ការពិពណ៌នា​នេះ​ជួយ​ភ្ជាប់​ផ្ទាំង​នីហ្វៃ​តូច​ជាមួយ​នឹង​សេចក្ដី​សង្ខេប​របស់​មរមន​ពី​ផ្ទាំង​ធំ ។ ស្ដេច​បេនយ៉ាមីន​ត្រូវ​បាន​លើកឡើង​នៅ​សេចក្ដី​សន្និដ្ឋាន​នៃ​គម្ពីរ​អោមណៃ ដែល​ជា​គម្ពីរ​ចុងក្រោយ​គេ​នៅក្នុង​ផ្ទាំងតូច ( សូម​មើល អោមណៃ 1:23–25 ) ។ គម្ពីរ​ម៉ូសាយ ដែល​ជា​គម្ពីរ​ដំបូង​គេ​ដែល​យើង​មាន​នូវ​សេចក្ដី​សង្ខេប​របស់​មរមន​ពី​ផ្ទាំង​ធំ ដោយ​ចាប់ផ្ដើមជាមួយ​ការរៀបរាប់​ទាក់ទង​នឹង​ការបញ្ចប់​នៃ​រជ្ជកាល​របស់​ស្ដេច​បេនយ៉ាមីន និង ការបម្រើ​របស់​ទ្រង់ ( សូម​មើល ម៉ូសាយ 1:1, 9 ) ។

គម្រោង

ពាក្យ​សម្ដី​នៃ​មរមន 1:1–9 មរមន​រកឃើញ​ផ្ទាំង​នីហ្វៃ​តូច ហើយ​បញ្ចប់​វា​ដោយ​សេចក្ដី​សង្ខេប​ពី​ផ្ទាំង​ធំ​របស់​គាត់ ។

ពាក្យ​សម្ដី​នៃ​មរមន 1:10–18 មរមន​សង្ខេប​ពី​រជ្ជកាល​នៃ​ស្ដេច​បេនយ៉ាមីន ។