បណ្ណាល័យ
មេរៀនទី 134 ៖ នីហ្វៃទី 3 28


មេរៀនទី 134

នីហ្វៃទី 3 28

សេចក្តីផ្ដើម

នៅពេល​ព្រះយេស៊ូវគ្រីស្ទ​បាន​សួរ​ដល់​ពួកសាវក​សាសន៍​នីហ្វៃ​ទាំងដប់ពីរ​របស់​ទ្រង់​ម្ដងម្នាក់ៗ​អំពី​អ្វី​ដែល​ពួកលោក​ចង់​បាន​ពី​ទ្រង់ មានប្រាំបួន​នាក់​បាន​ស្នើ​សុំ​ឲ្យ​ត្រឡប់​ទៅកាន់​ទ្រង់​កាន់តែ​លឿន នៅពេល​ការបម្រើ​របស់​ពួកគេ​នៅលើ​ផែនដី​បាន​បញ្ចប់ ។ បី​នាក់​បាន​សុំ​នៅ​បន្ដ​នៅលើ​ផែនដី​ដើម្បី​នាំ​ព្រលឹង​ទាំងឡាយ​មក​កាន់​ទ្រង់​រហូតដល់​ការយាងមកជាលើកទីពីរ​របស់​ទ្រង់ ។ ព្រះអម្ចាស់​បាន​ធ្វើតាម​បំណង​ដ៏​សុចរិត​ទាំងពីរ​នោះ ។ មរមន​បាន​ផ្ដល់​សេចក្ដីលម្អិត​ខ្លះ​អំពី​ការបម្រើ​របស់​សាសន៍​នីហ្វៃ​បី​រូប ហើយ​លោក​ក៏​បាន​ចែកចាយ​អ្វី​ដែល​ព្រះអម្ចាស់​បាន​បើកសម្ដែង​ដល់​លោក​អំពី​ការផ្លាស់ប្ដូរ​ខាង​រាងកាយ​នៃ​សាសន៍​នីហ្វៃ​ទាំងបី​រូប​បាន​មាន ដើម្បី​ឲ្យ​ពួកលោក​នៅតែ​បន្ដ​នៅ​លើ​ផែនដី ។

យោបល់​ទំាងឡាយ​សម្រាប់​ការបង្រៀន

នីហ្វៃទី 3 28:1–11

ព្រះយេស៊ូវគ្រីស្ទ​ប្រទាន​តាម​បំណង​របស់​ពួកសិស្ស​សាសន៍​នីហ្វៃ​របស់​ទ្រង់

សូម​ឲ្យ​សិស្ស​សញ្ជឹងគិត​ពី​របៀប​ដែល​ពួកគេ​នឹង​ឆ្លើយតប ប្រសិនបើ​ព្រះយេស៊ូវគ្រីស្ទ​បាន​មក​ជួប​ពួកគេ​ហើយ​សួរ​ថា « តើ​អ្នក​ចង់​បាន​ប្រាថ្នា​អ្វី​ពី​យើង » ? សូម​ឲ្យ​ពួកគេ​សរសេរ​ចម្លើយ​របស់​ពួកគេ​នៅក្នុង​សៀវភៅកំណត់ហេតុការ​សិក្សា​ព្រះគម្ពីរ ឬ ក្នុង​សៀវភៅ​សរសេរ ។​ សូម​ឲ្យ​ពួកគេ​មាន​ឱកាស​ចែកចាយ​អ្វី​ដែល​ពួកគេ​បាន​សរសេរ ប្រសិនបើ​ពួកគេ​មាន​អារម្មណ៍​ថា​ចង់​ ​ធ្វើ​ដូច្នោះ ។

សូម​ឲ្យ​សិស្ស​អាន នីហ្វៃទី 3 28:1–3 ដោយស្ងៀម​ស្ងាត់ ​ដោយ​រកមើល​ចម្លើយ​របស់​ពួកសិស្ស​ប្រាំបួន​រូប​សាសន៍​នីហ្វៃ នៅពេល​ព្រះអម្ចាស់​បាន​សួរ​ពួកលោក​នូវ​សំណួរ​នេះ ។ បន្ទាប់ពី​សិស្ស​រៀបរាប់​ពី​អ្វី​ដែល​ពួកគេ​បាន​រៀន​ហើយ សូម​សួរ ៖

  • តើ​ព្រះអង្គសង្គ្រោះ​មាន​អារម្មណ៍​យ៉ាងណា​អំពី​បំណង​របស់​ពួកសិស្ស​ទាំងប្រាំបួន​នេះ ?

សូម​ឲ្យ​សិស្ស​អាន នីហ្វៃទី 328:4–9 ដោយ​ស្ងៀ​មស្ងាត់ ​ដោយ​រកមើល​អ្វី​ដែល​ពួកសិស្ស​ទាំងបី​ចង់​បាន​ពី​ព្រះអង្គសង្គ្រោះ ។ សូម​ឲ្យ​សិស្ស​រៀបរាប់​ពី​អ្វី​ដែល​ពួកគេ​រកឃើញ ។ ( វា​អាច​ជួយ​ក្នុង​ការនាំ​ចំណាប់អារម្មណ៍​របស់​សិស្ស​ទៅមើល​ប្រយោគ​ខាងក្រោម​នៅក្នុង នីហ្វៃទី 3 28:9 ៖ « អ្នករាល់​គ្នា​ប្រាថ្នា​ចង់​នាំព្រលឹង​មនុស្ស​មក​រក​យើង » )។

  • តើ​ព្រះអង្គសង្គ្រោះ​មាន​អារម្មណ៍​យ៉ាងណា​អំពី​បំណង​របស់​ពួកសិស្ស​ទាំងបី​នេះ ?

  • យោងតាម នីហ្វៃទី 3 28:8–9 តើ​ព្រះអង្គសង្គ្រោះ​បាន​សន្យា​អ្វី​ខ្លះដល់ សាសន៍​នីហ្វៃ​ទាំងបី ដើម្បី​ឲ្យ​បំណង​ដ៏​សុចរិត​របស់​ពួកលោក​អាច​បាន​សម្រេច ?

សូម​ឲ្យ​សិស្ស​ម្នាក់​អាន នីហ្វៃទី 3 28:10 ឮៗ ហើយ​សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​រកមើល​នូវ​ពរជ័យ​ដែល​ព្រះអម្ចាស់​បាន​សន្យា​នឹង​ពួកសាសន៍​នីហ្វៃ​ទាំងបី​រូប ។

  • តើ​ព្រះអម្ចាស់​បាន​សន្យាអ្វីខ្លះ​នឹង​ពួកសាសន៍​នីហ្វៃ​ទាំងបី​រូប ? តើនៅពេល​ណា​ដែល​អ្នក​បាន​ឃើញ​ការបម្រើ​​ដល់​អ្នកដទៃ​នាំទៅរក​សេចក្ដីអំណរ ?

  • តើ​យើង​អាច​រៀន​អ្វីខ្លះ​អំពី​ព្រះអម្ចាស់​នៅ​ក្នុង​នីហ្វៃទី 3 28:1–10 ? ( ចម្លើយ​របស់​សិស្ស​ចំពោះ​សំណួរនេះ​អាច​រួមមាន ព្រះអម្ចាស់​ប្រទានពរ​ដល់​យើង​ស្របតាម​បំណង​ដ៏​សុចរិត​របស់​យើង និង​ថា ព្រះអម្ចាស់​សព្វព្រះទ័យ នៅពេល​យើង​មាន​បំណង​ជួយ​ដល់​អ្នកដទៃ​ឲ្យ​មករក​ទ្រង់  )។

ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់​ពីសារៈសំខាន់​នៃ​បំណង​ដ៏​សុចរិត សូម​អាន​សេចក្ដីថ្លែងការណ៍​ខាងក្រោម ៖

អែលឌើរ នែល អេ ម៉ាក់ស្វែលក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់​បាន​មាន​ប្រសាសន៍​ថា ៖

« អ្វី​ដែល​យើង​ប្រាថ្នា​ចង់​បាន​រយៈពេល​ជាយូរ គឺជា​អ្វី​ដែល​យើង​នឹង​ក្លាយជា​នៅទីបញ្ចប់ និង​អ្វី​ដែល​យើង​នឹង​ទទួល​បាន​នៅក្នុង​ភាពអស់កល្ប ។ …

« ហេតុដូច្នេះហើយ បំណង​ដ៏​សុចរិត​ត្រូវតែ​មានឥតឈប់ឈរ »( « According to the Desire of [Our] Hearts » Ensign ខែ វិច្ឆិកា ឆ្នាំ 1996 ទំព័រ 21–22 ) ។

ប្រធាន ព្រិកហាំ យ៉ង់ បាន​បង្រៀន ៖

« បុរស និង​ស្ដ្រី ដែល​ប្រាថ្នា​ចង់​បាន​កន្លែង​នៅក្នុង​នគរសេឡេស្ទាលនឹង​ឃើញ​ថា ពួកគេ​ត្រូវ​ធ្វើសង្គ្រាម​ជាមួយ​នឹង​សត្រូវ​នៃ​សេចក្ដីសុចរិត​ទាំងឡាយ​រាល់ថ្ងៃ » ( « Remarks » Deseret News ថ្ងៃទី 28 ខែ ធ្នូ ឆ្នាំ 1864 ទំព័រ 98 ) ។

  • តើ​អ្នកគិត​ថា ហេតុអ្វីបានជា​យើង​ត្រូវ​ធ្វើសង្គ្រាម​រាល់ថ្ងៃ​ដើម្បី​ឲ្យបំណង​ដ៏​សុចរិត​របស់​យើងអាចទៅ​បាន​សម្រេច​នោះ ?

  • តើ​នៅពេល​ណា​ដែល​អ្នក​មាន​អារម្មណ៍ថា ​ព្រះអម្ចាស់​បាន​ប្រទានពរ​ដល់​អ្នក ដោយសារ​តែ​បំណង​ដ៏​សុចរិត​របស់អ្នក ?

សូម​ឲ្យ​សិស្ស​មើល​បំណង​ដែល​ពួកគេ​បាន​សរសេរ​នៅពេល​ចាប់ផ្ដើម​ថ្នាក់ ។ សូម​ឲ្យ​ពួកគេ​សរសេរ​ប្រយោគ​ពីរ​បី​អំពី​អ្វី​ដែល​ពួកគេ​នឹង​ចាប់ផ្ដើម​ធ្វើ​នៅថ្ងៃនេះ​ដើម្បី​ធ្វើ​ឲ្យ​ប្រាកដ​ថា បំណង​ដ៏​សុចរិត​ទាំងនោះ​អាច​នឹង​បាន​សម្រេច ។

នីហ្វៃទី 3 28:12–35

មរមន​បាន​រៀបរាប់​ការបម្រើ​របស់ ​សាសន៍​នីហ្វៃ​ទាំងបីរូប​

សូម​ឲ្យ​សិស្ស​ម្នាក់​អាន នីហ្វៃទី 3 28:12–16 ឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុងថ្នាក់​មើល​តាម ដោយ​រកមើល​អ្វី​ដែល​បានកើតឡើង​ដល់​សិស្ស​សាសន៍​នីហ្វៃ ក្រោយពី​ព្រះអង្គសង្គ្រោះ​បាន​ចាកចេញ​ពី​ពួកលោក ។ សូម​ពន្យល់​ថា ពួកសិស្ស​បាន​ជួប​នឹង​ការប្រែរូប— ការផ្លាស់ប្ដូរ​បណ្ដោះអាសន្ន​ចំពោះ​រាងកាយ​របស់​ពួកលោក ។

  • យោងតាម នីហ្វៃទី 3 28:15 តើ​អ្វី​ជា​មូលហេតុ​មួយ​ដែល​ពួកសិស្ស​ត្រូវតែ​ប្រែរូប ? ( ដើម្បី​ឲ្យ « ពួកគេ​អាច​ឃើញ​ការណ៍​ទាំងឡាយ​នៃ​ព្រះ​បាន » ។ )

សូម​ពន្យល់​ថា ដោយ​ការចាប់ផ្ដើម​ជាមួយ​នឹង នីហ្វៃទី 3 28:17 យើង​នឹងអាន​ការរៀបរាប់​របស់ ​មរមន​អំពី​ការបម្រើ​របស់​ពួកសាសន៍​នីហ្វៃ​ទាំងបី ។ សូម​ឲ្យ​សិស្ស​អាន នីហ្វៃទី 3 28:17 ដោយ​ស្ងៀមស្ងាត់ ដោយ​រកមើល​អ្វី​ដែល​មរមន​មិន​បាន​ដឹង​អំពី​លក្ខខណ្ឌ​នៃ​រាងកាយ​របស់ពួកសាសន៍​នីហ្វៃ​ទាំងបី នៅពេល​លោក​បាន​សរសេរ​ពី​ដំណើររឿង​នេះ ។ ( អ្នក​អាច​ប្រាប់​សិស្ស​ថា នៅពេល​ក្រោយ​ក្នុង​មេរៀននេះ ពួកគេ​នឹង​រៀន​បន្ថែមទៀត​អំពី​ការផ្លាស់ប្ដូរ​ដែល​ពួកសាសន៍​នីហ្វៃ​ទាំងបី​បាន​ជួប ) ។

សូម​ឲ្យ​សិស្ស​ពីរ​បី​នាក់​ប្ដូរវេនគ្នា​អាន​ឮៗ​ពី នីហ្វៃទី 3 28:18–23 ។ សូម​ឲ្យ​សិស្ស​ក្នុងថ្នាក់​មើល​តាម ដោយ​រកមើល​ពី​របៀប​ដែល​ព្រះអម្ចាស់​បាន​ប្រទានពរ​ដល់​ពួកសាសន៍​នីហ្វៃ​ទាំងបី ដើម្បី​ឲ្យ​ពួកលោក​អាច​បន្ដ​បំណង​ដ៏​សុចរិត​របស់​ពួកលោក ។

  • តើ​សាសន៍​នីហ្វៃ​ទាំងបី​បាន​ធ្វើ​អ្វីខ្លះ​ដើម្បី​បំពេញ​តាម​បំណង​របស់​គេក្នុង​ការ​​នាំ​អ្នកដទៃ​មក​កាន់​ព្រះអង្គសង្គ្រោះ ?

  • តើ​ព្រះអម្ចាស់​បាន​ប្រទានពរ​យ៉ាងណាដល់​ពួកលោក​​ ដើម្បី​អាច​សម្រេច​បំណង​របស់​ពួកលោក​បាន ?

សូមឲ្យ​សិស្ស​អាន នីហ្វៃទី 3 28:25–32 ដោយ​ស្ងៀមស្ងាត់ ​ដោយ​រកមើល​ប្រជាជន​ដែល​ទទួល​បាន​ប្រយោជន៍ ហើយ​ដែល​នឹង​ទទួល​បាន​ប្រយោជន៍​ពី​ការបម្រើ​របស់​សាសន៍​នីហ្វៃ​ទាំងបី​នេះ ។ អ្នក​អាច​ស្នើ​ថា សិស្ស​គួរ​គូសចំណាំ​អ្វី​ដែល​ពួកគេ​រកឃើញ ។ ( សូម​ចំណាំ​ថា នីហ្វៃទី 3 28:27–28 បង្ហាញ​ពី​មូលហេតុ​មួយ​ដែល​យើង​គួរ​ប្រុងប្រយ័ត្ន​អំពី​ការជឿ និង​ការចែកចាយ​រឿង​ពី​មនុស្ស​ដែល​អះអាង​ថា​បាន​ជួប​នឹង​សាសន៍​នីហ្វៃ​ទាំងបី​នេះ ៖ ​មរមនលោក​បាន​មាន​ប្រសាសន៍​ថា នៅ​ក្នុង​ចំណោម​ប្រជាជនដែល​​ពួក​សាសន៍​នីហ្វៃ​ទាំងបី​បាន​បម្រើ​ « នឹង​ពុំស្គាល់​ពួកគេ​ឡើយ » ) ។

នីហ្វៃទី 3 28:36–40

មរមន​រៀន​អំពី​លក្ខណៈ​នៃ​ការប្រែរូប

សូម​សួរ​សិស្ស​ថា តើ​ពួកគេ​ធ្លាប់​មាន​សំណួរ​មួយ​អំពី​ដំណឹងល្អ ឬ​ថា​តើ​ពួកគេ​ធ្លាប់​អាន​អ្វីមួយ​នៅក្នុង​ព្រះគម្ពីរ​ដែល​ពួកគេ​មិន​យល់​ដែរ​ឬទេ ។ សូម​រំឮក​ពួកគេ​ថា នៅពេល​មរមន​បាន​សរសេរ​អំពី​ការប្រែរូប​ជាលើក​ដំបូង​អំពី​ពួកសាសន៍​នីហ្វៃ​ទាំងបី លោក​បាន​មាន​ប្រសាសន៍​ថា លោក​មិន​បាន​យល់​ច្បាស់​ពី​ការផ្លាស់ប្ដូរ​នៃ​លក្ខខណ្ឌ​រូបកាយ​របស់​ពួកគេ​ក្នុងពេល​ពួកគេបម្រើ​នៅលើ​ផែនដី​ឡើយ ( សូមមើល នីហ្វៃទី 3 28:17 ) ។

  • តើ​ជាធម្មតា​អ្នក​នឹង​ទៅរក​អ្នកណា នៅពេល​អ្នក​មានសំណួរ​អំពី​ដំណឹងល្អ ឬ​អំពី​វគ្គ​ព្រះគម្ពីរ​នោះ ? ហេតុអ្វី ?

សូម​ឲ្យ​សិស្ស​អាន នីហ្វៃទី 3 28:36–37 ដោយស្ងៀម​ស្ងាត់ ​ដើម្បី​ស្វែងរក​អ្វី​ដែល​មរមន​បាន​ធ្វើ​ដើម្បី​ស្វែងរក​ចម្លើយ​ចំពោះ​សំណួរ​របស់​លោក ។

  • តើ​គោលការណ៍​អ្វី​ដែល​យើង​អាច​រៀន​ពី​មរមន​អំពី​របៀប​ដើម្បី​ទទួល​បាន​ការយល់ដឹង​បន្ថែមទៀត ? ( ទោះបីជា​សិស្ស​អាច​មាន​ចម្លើយ​ខុសគ្នា​ក្ដី សូម​ប្រាកដ​ថា ពួកគេ​រកឃើញ​គោលការណ៍​ដូចតទៅនេះ៖ នៅពេល​យើង​ខ្វះ​ការយល់​ដឹង យើង​គួរ​សូម​ដល់​ព្រះវរបិតា នោះ​​យើង​នឹង​ទទួល​បាន​ការដឹកនាំ ) ។

  • តើ​ឧទាហរណ៍​អ្វីខ្លះ​ដែល​បង្ហាញ​ពី​គោលការណ៍​នេះ ?

  • តើ​ស្ថានភាព​ណាខ្លះ​ដែល​យើង​អាច​ត្រូវសុំដល់​ព្រះវរបិតាសួគ៌​សម្រាប់​ការយល់ដឹង​បន្ថែមទៀត ?

សូម​អាន​សេចក្ដីថ្លែងការណ៍​ខាងក្រោម​ដែល ប្រធាន ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល បញ្ជាក់​ពី​កាលៈទេសៈ​មួយ​ចំនួន​ដែល​យើង​គួរ​អធិស្ឋាន​សុំ​ជំនួយ ៖

ប្រធាន ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល

« យើង​ម្នាក់ៗ​ត្រូវការ​ជំនួយ​ពី​ទ្រង់​ជាខ្លាំង នៅពេលយើង​ស្វែងរក​ដើម្បី​​សិក្សា​ពី​សេចក្ដីពិត​នៃ​ដំណឹងល្អ ហើយ​បន្ទាប់មក​រស់នៅ​តាម​វា នៅពេល​យើង​ស្វែងរក​ជំនួយ​ពី​ទ្រង់​នៅក្នុង​ការសម្រេចចិត្ត​ដ៏​សំខាន់​នៅក្នុង​ជីវិត​របស់​យើង ការសម្រេច​ចិត្ត​ដែល​ទាក់ទង​នឹងការរៀនសូត្រ អាពាហ៍ពិពាហ៍ ការងារ កន្លែង​រស់នៅ ការចិញ្ចឹម​គ្រួសារ ការបម្រើ​ដល់​គ្នា​ទៅវិញទៅមក​នៅក្នុង​កិច្ចការ​នៃ​ព្រះអម្ចាស់ និង​ការស្វែងរក​ការអភ័យទោស​ពី​ទ្រង់ និង​ការណែនាំ​បន្ត និង​ការការពារ​នៅក្នុង​គ្រប់ការណ៍​ដែល​យើង​ធ្វើ ។ បញ្ជី​នៃ​តម្រូវការ​របស់​យើង​វែង ហើយពិត និង​ស្មោះត្រង់ ។ …

« ក្រោយពី​ការអធិស្ឋានដ៏យូរមក ខ្ញុំ​ស្គាល់​ពី​សេចក្ដីស្រឡាញ់ និង​អំណាច ព្រមទាំងកម្លាំង​ដែល​មក​ពី​ការអធិស្ឋាន​ដ៏​ស្មោះត្រង់ ហើយនិងដោយស្មោះស្ម័គ្រ ។ ខ្ញុំ​ដឹង​ពី​ការត្រៀមរួច​ជាស្រេច​របស់​​ ព្រះវរបិតា​យើង​ដើម្បីជួយ​យើង​នៅ​ក្នុង​ជីវិត​រមែង​ស្លាប់របស់​យើង ​ ដើម្បី​បង្រៀន​យើង ដឹកនាំ​យើង ណែនាំ​យើង ។ ហេតុដូច្នេះហើយ ដោយ​សេចក្ដីស្រឡាញ់​ដ៏​ធំ ព្រះអង្គ​សង្គ្រោះ​របស់​យើង​បាន​មាន​បន្ទូល​ថា ‹ អ្វី​ដែល​យើង​ប្រាប់​ដល់​មនុស្ស​ម្នាក់​យ៉ាងណា នោះ​យើង​ប្រាប់​ដល់​មនុស្ស​ទាំងអស់​យ៉ាងនោះ​ដែរ ចូរ​អធិស្ឋាន​ជានិច្ច › ។ ( គ. និង ស. 93:49 ។ ) »( « Pray Always » Ensign ខែ តុលា ឆ្នាំ 1981 ទំព័រ 3, 6 ) ។

  • តើ​អ្នក​អាច​បង្កើន​សេចក្ដីជំនឿ​របស់​អ្នកទៅលើ​អំណាច​នៃ​ការអធិស្ឋាន​ដោយ​របៀបណា ? តើ​នៅពេល​ណា​ដែល​អ្នក និង​គ្រួសារ​របស់​អ្នក​ទទួល​បាន​ចម្លើយ​ចំពោះ​ការអធិស្ឋាន​របស់​អ្នក ?

សូម​លើកទឹកចិត្ត​សិស្ស​ឲ្យ​ទៅរក​ព្រះវរបិតាសួគ៌​នៅក្នុង​ការអធិស្ឋាន នៅពេល​ពួកគេ​ស្វែង​រក​ការ​យល់ដឹង​ពី​ដំណឹងល្អ និងពេល​​ជួប​នឹង​ឧបសគ្គ​ទាំងឡាយ​នៃ​ជីវិត ។ សូម​ធ្វើទីបន្ទាល់​អំពី​ពរជ័យ​ដែល​បាន​មក​ដល់​ក្នុង​ជីវិត​របស់​អ្នក នៅពេល​អ្នក​បាន​នាំ​យក​ឧបសគ្គ និង​សំណួរ​ទាំងឡាយ​ទៅកាន់​ព្រះវរបិតាសួគ៌ ។

សូម​ពន្យល់​ថា បទ​ពិសោធន៍​នៃកា​រ​ផ្លាស់ប្ដូរ​ដែលពួកសាសន៍​នីហ្វៃ​បី​រូបនោះ​មាន​​ ត្រូវ​បាន​ហៅ​ថា ការប្រែរូប ។ អ្នកបម្រើ​ដ៏​ស្មោះត្រង់​របស់​ព្រះអម្ចាស់​ខ្លះ​ត្រូវបាន​ប្រែរូប​ដើម្បី​ពួកគេ​អាច​បន្ដ​ការ​បម្រើ​របស់​ពួកគេ​នៅលើ​ផែនដី ។ នៅពេល​មរមន​បាន​បន្ដ​សួរ​អំពី​ការផ្លាស់ប្ដូរ​នេះ លោក​បាន​រៀន​អំពី​លក្ខណៈ​នៃមនុស្ស​ដែល​​បាន​ប្រែរូប ។

សូម​សរសេរ មនុស្សដែល​បាន​ប្រែរូប នៅលើ​ក្ដារខៀន ។ សូម​ឲ្យ​សិស្ស​ម្នាក់​អាន នីហ្វៃទី 3 28:37–38 ឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុងថ្នាក់​មើល​តាម ដោយ​រកមើលអ្វី​ដែល​លោក​មរមន​បាន​រៀនអំពី​ការផ្លាស់ប្ដូរ​ដែល​បាន​កើតឡើង​នៅក្នុង​រាងកាយ​នៃពួក​​សាសន៍​នីហ្វៃ​ទាំងបី​នោះ ។

  • តើ​មរមន​បាន​រៀន​អ្វីខ្លះ​អំពី​មនុស្សដែល​បាន​ប្រែរូប ? ( សូម​ឲ្យ​សិស្ស​ម្នាក់​ធ្វើ​ជា​អ្នក​សរសេរ ហើយ​សរសេរ​នូវ​ចម្លើយ​របស់​សិស្ស​ផ្សេង​ទៀត​នៅលើ​ក្ដារខៀន ។ ចម្លើយ​គួរ​រួមមាន​ថា មនុស្សដែល​បាន​ប្រែរូប​មិន​បាន « ភ្លក់​នូវសេចក្ដីស្លាប់ » ថា​ពួកគេ​មិន​មាន​អារម្មណ៍​ឈឺចាប់ ហើយ​ថា​ពួកគេ​មិន​បាន​ជួប​នឹង​ទុក្ខសោក លើកលែង​តែ​ទុក្ខសោក​ដែល​ពួកគេ​មាន​ដោយសារ​តែ​អំពើបាប​នៃ​មនុស្សលោកប៉ុណ្ណោះ )។

  • ហេតុអ្វីបានជា​ការផ្លាស់ប្ដូរ​រូបកាយ​របស់​ពួកគេ​គឺជារឿងដ៏​ចាំបាច់ ? ( អ្នក​អាច​ឲ្យ​សិ្សស​រំឭកឡើងវិញ​ក្នុង​ នីហ្វៃទី 3 28:6–7 ។ ការផ្លាស់ប្ដូរ​នេះ​ចាំបាច់ ដើម្បី​ពួកគេ​អាច​បំពេញ​បំណង​ដ៏​សុចរិត​របស់​គេ​ដើម្បី​បន្ដនៅ​​លើ​ផែនដី និង​បន្ដ​នាំ​ព្រលឹង​មក​កាន់​ព្រះគ្រីស្ទ​រហូតដល់​ការយាងមកជាលើកទីពីរ​របស់​ព្រះអង្គសង្គ្រោះ ) ។

សូម​ឲ្យ​សិស្ស​អាន នីហ្វៃទី 328:39–40 ដោយស្ងៀម​ស្ងាត់ ​ដោយ​រកមើល​ព័ត៌មាន​បន្ថែម​ទៀតពី​មនុស្សដែល​​បាន​ប្រែរូប ។ នៅពេល​សិស្ស​រៀបរាប់ សូម​ឲ្យ​អ្នកសរសេរ​ផ្សេង​ទៀត​សរសេរ​ការរកឃើញ​របស់​គេ​នៅលើ​ក្ដារខៀន ។ ( ចម្លើយ​អាច​រួមមាន​ថា មនុស្សដែល​បាន​ប្រែរូប​មិន​អាច​ត្រូវបាន​ល្បួង​ដោយ​សាតាំង​ឡើយ ថា​ពួកគេ​ត្រូវបាន​បន្សុទ្ធ និង​បរិសុទ្ធ ហើយ​ថា « អំណាច​នៅលើ​ផែនដី [ មិន​អាច ] មាន​អំណាច​លើ​ពួកគេ​ឡើយ » ។ ) អ្នក​គួរពន្យល់​ថា ទោះបី​ជា​មនុស្សដែល​បាន​ប្រែរូប​មិន​ត្រូវ​រងការឈឺចាប់​នៃ​ការស្លាប់​ក្ដី ពួកគេ​មិន​ត្រូវ​បាន​ប្រោស​ឲ្យ​រស់​ឡើង​វិញ​នោះឡើយ ។ ពួកគេ​នឹង​មិន​ទទួល​បាន « ការផ្លាស់ប្ដូរ​ដ៏​ធំ » នោះ​ឡើយ​រហូត​ដល់​ថ្ងៃ​នៃ​ការជំនុំជម្រះ នៅពេល​ពួកគេ​នឹង​ត្រូវ​ផ្លាស់ប្ដូរ​ពី​ភាពរមែងស្លាប់​ទៅ​អមតភាព​ភ្លាមៗ— « តែ​ក្នុង​មួយ​ពព្រិចភ្នែក » ( សូមមើល នីហ្វៃទី 3 28:8, 40 ) ។

សូម​បញ្ចប់​ដោយ​ការធ្វើទីបន្ទាល់​អំពី​គោលការណ៍ និង​គោលលទ្ធិ​ដែល​បាន​ពិភាក្សា​នៅក្នុង​ថ្នាក់ ។ សូម​ឲ្យ​សិស្ស​ធ្វើសកម្មភាព​តាម​ការបំផុសគំនិត​ដែល​ពួកគេ​បាន​ទទួល​ពី​ព្រះវិញ្ញាណ ។

វិចារណកថា និង ព័ត៌មាន​សាច់រឿង

នីហ្វៃទី 3 28 ។ ការប្រែរូប និង​ការផ្លាស់ប្ដូរ

ពួកសាសន៍​នីហ្វៃ​ទាំងបី​ត្រូវបាន​ប្រែរូប និង​ផ្លាស់ប្ដូរ ។

ការប្រែរូប ដែល​ត្រូវបាន​លើកឡើង​នៅក្នុង នីហ្វៃទី 3 28:13–17 គឺជា « លក្ខខណ្ឌ​នៃ​បុគ្គល​ដែល​បាន​ផ្លាស់ប្ដូរ​ជា​បណ្ដោះអាសន្ន​នៅក្នុង​រូបកាយ និង​នៅ​ក្រៅរូបកាយ— ដែល​ត្រូវបាន​លើក​ឡើង​ទៅក្នុង​កម្រិត​ខាងវិញ្ញាណ​ដ៏​ខ្ពស់​មួយ— ដើម្បីឲ្យ​ពួកគេ​អាច​តស៊ូ​នឹង​វត្តមាន និង​សិរីល្អ​នៃ​រាងកាយ​នៃ​ស្ថានសួគ៌ » ( សេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ « ការប្រែរូប » scriptures.lds.org សូមមើល​ផងដែរ គ. និង ស. 67:11; ម៉ូសេ 1:11) ។ ព្រះគម្ពីរ​ប្រាប់​ពី​មនុស្ស​ដែល​ត្រូវបាន​ប្រែរូប រួមមាន​ម៉ូសេ ( សូមមើល ម៉ូសេ 1:9–11); ព្រះយេស៊ូវគ្រីស្ទ, ពេត្រុស, យ៉ាកុប និង​យ៉ូហាន ( សូមមើល ម៉ាថាយ 17:1–8) និង យ៉ូសែប ស៊្មីធ ( សូមមើល យ៉ូសែប ស្ម៊ីធ--ប្រវត្តិ— 1:14–20) ។

ពួក​អ្នក​ដែលបាន​ផ្លាស់ប្រែ​រូប​គឺ​ជា « ជន​ទាំងឡាយ​ណា​ដែល​បាន​ផ្លាស់ប្រែ ដើម្បី​កុំ​ឲ្យ​ស្គាល់​ការឈឺចាប់ ឬ​សេចក្តី​ស្លាប់​ ដរាប​ដល់​ការរស់​ឡើង​វិញ​​ទៅរក​អមតភាព » ( សេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ « ពួកអ្នក​ដែល​បាន​ផ្លាស់ប្រែ​រូប » scriptures.lds.org សូមមើល​ផងដែរ នីហ្វៃទី 3 28:7–9, 20–22, 37–40) ។ គោលបំណង​របស់​ពួកគេ​គឺ​ដើម្បី​នាំ​ព្រលឹង​ទាំងឡាយ​មក​រក​ព្រះគ្រីស្ទ ( សូមមើល នីហ្វៃទី 3 28:9) ។ ព្រះគម្ពីរ​រួមមាន​ដំណើររឿង​នៃ​មនុស្ស​ដែល​ត្រូវ​បាន​ផ្លាស់ប្ដូរ រួមមាន​អេណុស ( សូមមើល លោកុប្បត្តិ 5:24; ហេព្រើរ 11:5), ម៉ូសេ ( សូមមើល អាលម៉ា 45:19) អេលីយ៉ា ( សូមមើល របាក្សត្រទី 2 2:11) និង យ៉ូហាន​ជាទីសំណព្វ ( សូមមើល យ៉ូហាន 21:22–23; គ. និង ស. 7) ។