បណ្ណាល័យ
មេរៀនទី 123 ៖ នីហ្វៃទី 3 13


មេរៀនទី 123

នីហ្វៃទី 3 ជំពូក 13

សេចក្តីផ្ដើម

ព្រះអង្គសង្គ្រោះ​បាន​បន្ដ​ទេសនកថា​របស់​ទ្រង់​នៅ​ឯ​ព្រះវិហារ​បរិសុទ្ធ​នៅ​ដែនដី​បរិបូរណ៍ ។ ទ្រង់​បាន​ព្រមាន​ប្រជាជន​កុំ​ឲ្យ​ធ្វើ​ការលាក់ពុត និង​បាន​បង្រៀន​ពួកគេ​ឲ្យ​ធ្វើ​កិច្ចការ​សុចរិត​ ដើម្បី​ឲ្យ​សព្វព្រះហឬទ័យ​ដល់​ព្រះវរបិតាសួគ៌ ។ ទ្រង់​ក៏​បាន​ណែនាំ​ហ្វូងមនុស្ស​ឲ្យ​ដាក់​ទ្រព្យសម្បត្តិ​របស់​ពួកគេ​នៅឯ​ស្ថានសួគ៌ និង​បាន​ណែនាំ​សាវក​របស់​ទ្រង់​ឲ្យ​ស្វែងរក​នគរនៃ​ព្រះ​ពី​មុន​ការ​ខ្វាយ​ខ្វល់ ​ខាង​សាច់ឈាម​របស់​ពួកគេ​ផ្ទាល់ ។

យោបល់​សម្រាប់​ការបង្រៀន

នីហ្វៃទី 3 13:1–18

ព្រះអង្គសង្គ្រោះ​បាន​ព្រមាន​ពួកសាសន៍​នីហ្វៃ​កុំ​ឲ្យ​ធ្វើ​ការលាក់ពុត និង​បាន​បង្រៀន​ពួកគេ​ឲ្យ​ធ្វើ​កិច្ចការ​​សុចរិត​ ដើម្បី​ឲ្យ​សព្វព្រះហឫទ័យ​ដល់​ព្រះវរបិតាសួគ៌

មុន​ចាប់ផ្ដើម​ថ្នាក់ សូម​រៀបចំ​ក្រដាស​នៃ​ការវាយតម្លៃ​ខ្លួន​ដូច​ខាងក្រោម និង​ថតចម្លង​ឲ្យ​សិស្ស​ម្នាក់ៗ ។ ប្រសិនបើ​អ្នក​មិន​អាច​ធ្វើ​បាន​ទេ អ្នក​អាច​រៀបរាប់​ពី​ការវាយតម្លៃ​នេះ ឬ​សរសេរ​វា​នៅលើ​ក្ដារខៀន ។

  1. ខ្ញុំ​ធ្វើ​ទាន ( ទង្វើ​នៃ​ការបូជា​ខាង​សាសនា ឬ​ការបម្រើ​ដល់​អ្នកដទៃ ) ដោយសារ ៖

    1. ខ្ញុំ​គួរ​តែ​ធ្វើ ។

    2. ខ្ញុំ​ស្រឡាញ់​ព្រះអម្ចាស់ ហើយ​ខ្ញុំ​ពេញចិត្ត​នឹង​ជួយ​ដល់​មនុស្ស​ផ្សេង​ទៀត ។

    3. ខ្ញុំ​ចង់​ឲ្យ​អ្នកដទៃ​គិត​ល្អ​អពី​ខ្ញុំ ។

  2. ខ្ញុំ​អធិស្ឋាន​ដោយសារ ៖

    1. ខ្ញុំ​ចង់​ធ្វើ​ដើម្បី​អាច​ប្រាប់​ដល់​ឪពុកម្ដាយ​របស់​ខ្ញុំ ឬ​ប៊ីស្សព​របស់​ខ្ញុំ​ថា « បាទ/ចា៎ស » នៅពេល​ពួកលោក​​សួរ​ខ្ញុំ​ថា ​តើ​ខ្ញុំ​បាន​អធិស្ឋាន​ទេ ។

    2. វា​គ្រាន់តែ​ជា​ផ្នែក​មួយ​នៃ​ទម្លាប់​ប្រចាំថ្ងៃ​របស់​ខ្ញុំប៉ុណ្ណោះ ។

    3. ខ្ញុំ​ចង់​ទាក់ទង​ជាមួយ​នឹង​ព្រះវរបិតាសួគ៌ ។

  3. ខ្ញុំ​តមអាហារ​ដោយសារ ៖

    1. ការតាមអាហារ​ជួយ​ខ្ញុំ​ឲ្យ​ខិតកាន់តែ​ជិត​ទៅរក​ព្រះអម្ចាស់ ។

    2. អ្នក​ផ្សេង​ទៀត​នឹង​គិត​ថា ខ្ញុំទន់​ខ្សោយ ​ប្រសិនបើ​ខ្ញុំ​មិន​តមអាហារ​ទេ ។

    3. ឪពុកម្ដាយ​របស់​ខ្ញុំ​ប្រាប់​ខ្ញុំ​ថា ខ្ញុំ​គួរ​តែ​ធ្វើ​ការតាមអាហារ ។

ដើម្បី​ចាប់ផ្ដើម​មេរៀននេះ សូម​ឲ្យ​សិស្ស​បំពេញ​ការវាយតម្លៃ​ខ្លួន​នេះ ( មិន​ថា​ជា​ក្រដាស ឬ​នៅក្នុង​សៀវភៅកំណត់ហេតុការ​សិក្សា​ព្រះគម្ពីរ ឬ សៀវភៅ​សរសេរ​ក្នុង​ថ្នាក់​ទេ ) ដោយ​ការបង្ហាញ​ឃ្លា​មួយ​ណា​ដែល​រៀបរាប់​បាន​ល្អ​បំផុត​ពី​ការតាំងចិត្ត​របស់​គេ ឬ​មូលហេតុ​នៃ​ការធ្វើ​ទាន ការអធិស្ឋាន ឬ​ការតមអាហារ ។ សូម​ធានា​សិស្ស​ថា អ្នក​នឹង​មិន​សុំ​គេ​ឲ្យ​ចែកចាយ​ចម្លើយ​របស់​ពួកគេ​ជាមួយ​នឹង​អ្នកដទៃ​ឡើយ ។ ក្រោយពី​សិស្ស​បញ្ចប់​ការវាយតម្លៃ​ហើយ សូម​បង្ហាញ​ថា ចម្លើយ​ដែល​អាច​មាន​សរសេរ​នៅក្រោម​ការធ្វើ​ទាន ការអធិស្ឋាន ឬ​ការតមអាហារ​ ឆ្លុះបញ្ចាំង​ពី​ការតាំងចិត្ត និង​មូលហេតុ​ខុសគ្នា​ដែល​យើង​អាច​មាន​សម្រាប់​ការធ្វើ​ការណ៍​ទាំងនេះ ឬ​សកម្មភាព​ដែល​ទាក់ទង​ទៅនឹង​ដំណឹងល្អ​ផ្សេង​ទៀត ( ឧទាហរណ៍ យើង​អាច​ធ្វើ​វា ចេញពី​កាតព្វកិច្ច ឬ​ករណីយកិច្ច ដើម្បី​បំផុស​ដល់​មនុស្ស​ផ្សេង​ទៀត ឬ​ធ្វើ​ឲ្យ​ព្រះវរបិតាសួគ៌​សព្វព្រះទ័យ ) ។

  • តើ​វា​ចោទ​ជា​បញ្ហា​ទេ ថា​ហេតុអ្វី​បានជា​យើង​ធ្វើ​កិច្ចការ​សុចរិត​នោះ ? ហេតុអ្វី​ចោទ ឬ​ហេតុអ្វី​បាន​ជាវា​មិន​ចោទ​ជា​បញ្ហា ?

សូម​សរសេរ​ប្រធាន​បទ​ខាងក្រោម និង​សេចក្ដីយោង​ព្រះគម្ពីរ​ដែល​មាន​នៅក្នុងប្រធានបទ​អម​មក​នៅលើ​ក្ដារខៀន ( អ្នក​អាច​សរសេរ​វា​មុន​ពេល​ចាប់ផ្ដើម​ថ្នាក់ ) ៖

ទាន ៖ នីហ្វៃទី 3 13:1–4

ការអធិស្ឋាន ៖ នីហ្វៃទី 3 13:5–6

ការតមអាហារ ៖ នីហ្វៃទី 3 13:16–18

សូម​ពន្យល់ថា នីហ្វៃទី 3 13 ប្រាប់​ពី​របៀប​ដែល​ព្រះយេស៊ូវគ្រីស្ទ​បានបន្ត​ណែនាំ​ដល់ពួក​សាសន៍​នីហ្វៃ​នៅឯ​ព្រះវិហារបរិសុទ្ធ និង​បាន​បង្រៀន​ពួកគេ​អំពី​សារៈសំខាន់​នៃ​ការតាំងចិត្ត​របស់​មនុស្ស​ក្នុង​ការធ្វើ​ទាន ការអធិស្ឋាន និង​ការតមអាហារ ។

សូម​ឲ្យ​សិស្ស​ជ្រើសរើស​ប្រធានបទ​មួយ​ក្នុង​ចំណោម​ប្រធានបទ​ទាំងបី​ដែល​សរសេរ​នៅលើ​ក្ដារខៀន ។ សូម​ឲ្យ​ពួកគេ​អាន​វគ្គ​ព្រះគម្ពីរ​ដែល​ទាក់ទង​ដោយ​ស្ងាត់ស្ងៀម ដោយ​រកមើល​ចម្លើយ​ចំពោះ​សំណួរ​ខាងក្រោម ( អ្នក​អាច​សរសេរ​សំណួរ​ទាំងនេះ​នៅលើ​ក្ដារខៀន ) ៖

  • តើ​ការតាំងចិត្ត​អ្វី​ដែល​ព្រះអម្ចាស់​បាន​ព្រមាន​កុំ​ឲ្យ​ធ្វើ នៅពេល​យើង​ធ្វើ​សកម្មភាព​នេះ ?

  • ចំពោះ​ការ​ធ្វើ​សកម្មភាព​នោះ​ តើ​ព្រះអម្ចាស់​បាន​មាន​បន្ទូល​ថា​យ៉ាង​ដូច​ម្តេច ?

មុនពេល​សិស្ស​ចាប់ផ្ដើម វា​អាច​ជួយ​ដល់​ពួកគេ​ដើម្បី ឲ្យនិយមន័យ ពាក្យ ការលាក់ពុត ថា​ជា​នរណាម្នាក់​ដែល​ក្លែង​រូបរាង​នៃ​ភាពសុចរិត ឬ​អ្នកដែល​និយាយបាតដៃ​ខ្នង​ដៃ ។

សូម​ឲ្យ​សិស្ស​ពីរ​បី​នាក់​ចែកចាយ​ចម្លើយ​ដែល​ពួកគេ​បាន​រកឃើញ​ដែល​ត្រូវ​នឹង​សំណួរ​ទាំងពីរ​នេះ ។ ( ចេញពី​ការស្រាវជ្រាវ​របស់​ពួកគេ សិស្ស​អាច​រកឃើញ​ថា ព្រះអម្ចាស់​បាន​ព្រមាន​កុំ​ធ្វើ​ឲ្យ​កិច្ចការ​សុចរិត​ដើម្បី​ឲ្យ​មនុស្ស​ឃើញ​ឡើយ ហើយ​បាន​បង្រៀន​ថា យើង​គួរ​ធ្វើ​កិច្ចការ​សុចរិត​ដើម្បី​ធ្វើ​ឲ្យ​ព្រះវរបិតាសួគ៌​សព្វព្រះទ័យ ) ។ ដើម្បី​ជួយ​សិស្ស​ឲ្យ​គិត​កាន់តែ​ជ្រៅ​អំពី​ការណ៍​នេះ និង​អនុវត្ត​តាម​ការបង្រៀន​របស់​ព្រះអង្គសង្គ្រោះ សូម​សួរ​សំណួរ​ខាងក្រោម ៖

  • តើ​ការតាំងចិត្ត​របស់យើង​ក្នុង​ការធ្វើ​កិច្ចការ​សុចរិត​ អាច​ជះឥទ្ធិពលចំពោះ​​របៀប​ដែល​យើង​ធ្វើ​វា​ដោយ​របៀបណា ?

  • តើ​ការតាំងចិត្ត​សុចរិត​ណាខ្លះ​ដែល​អាច​បំផុស​បុគ្គល​ម្នាក់​ឲ្យ​ធ្វើ​ទាន អធិស្ឋាន ឬ​តមអាហារ​ជា​ការសម្ងាត់ ?

សូម​សរសេរ​ឃ្លា​ខាង​ក្រោម​នៅ​លើ​ក្តារខៀន៖ ប្រសិនបើ​យើង​ធ្វើ​កិច្ចការ​សុចរិត​ដើម្បី​ធ្វើ​ឲ្យ​ព្រះវរបិតាសួគ៌​សព្វព្រះទ័យ …

  • យោងតាម នីហ្វៃទី 3 13:4, 6, 18 តើ​ពរជ័យ​អ្វី​ខ្លះដែល​នឹង​មក​ដល់​អស់​អ្នកទាំងឡាយ​ណា​ដែល​ធ្វើ​កិច្ចការ​សុចរិត​ដើម្បី​ធ្វើ​ឲ្យ​ព្រះវរបិតាសួគ៌​សព្វព្រះទ័យ ? ( នៅពេល​សិស្ស​ឆ្លើយ សូម​បំពេញ​ប្រយោគ​នៅលើ​ក្ដារខៀន ៖ ប្រសិនបើ​យើង​ធ្វើ​កិច្ចការ​សុចរិត​ដើម្បី​ធ្វើ​ឲ្យ​ព្រះវរបិតាសួគ៌​សព្វព្រះទ័យ ទ្រង់​នឹង​ប្រទានរង្វាន់​ដល់​យើង​យ៉ាងបរិបូរណ៍ ) ។

សូម​ឲ្យ​សិស្ស​រំឭក​ដោយ​សង្ខេប​ពី​ការវាយតម្លៃ​ខ្លួន​របស់​ពួកគេ ហើយ​វាយតម្លៃ​ការតាំងចិត្ត​របស់​ពួកគេ​ក្នុង​ការធ្វើ​ទាន ការអធិស្ឋាន ឬ​ការតមអាហារ ។ សូម​ឲ្យ​ពួកគេ​គិតពី​របៀប​ដែល​ពួកគេ​អាច​អនុវត្ត​ការបង្រៀន​របស់​ព្រះអង្គសង្គ្រោះ​ដើម្បី​ពង្រឹង​ការតាំងចិត្ត​របស់​ពួកគេ​ក្នុង​ការធ្វើ​ការណ៍​ទាំងនេះ ឬ​សកម្មភាព​ផ្សេង​ទៀត ដូចជា​ ការសិក្សា​ព្រះគម្ពីរ ការបង់​ដង្វាយមួយ​ភាគក្នុងដប់ ការចូលរួម​ក្នុង​ព្រះវិហារ និង​ការទទួល​សាក្រាម៉ង់ ។

នីហ្វៃទី 3 13:19–24

ព្រះយេស៊ូវគ្រីស្ទ​បង្រៀន​ហ្វូងមនុស្ស​ឲ្យទុក​ទ្រព្យសម្បត្តិខ្លួន​ឯងនៅឯ​ស្ថានសួគ៌វិញ

សូម​សរសេរ​ឃ្លា​ខាង​ក្រោម​នៅ​លើ​ក្តារខៀន ៖ ទ្រព្យសម្បត្តិ​នៅលើ​ផែនដី និង ទ្រព្យសម្បត្តិ​នៅឯ​ស្ថានសួគ៌ ។ សូម​ឲ្យ​សិស្ស​ពិភាក្សា​ពី​សំណួរ​ខាងក្រោម​ជាមួយ​នឹង​ដៃគូ ៖

  • តើ​គំរូ​ណាខ្លះ​នៃ​ទ្រព្យសម្បត្តិ​នៅលើ​ផែនដី និង​ទ្រព្យសម្បត្តិ​នៅឯ​ស្ថានសួគ៌ ?

ក្រោយពី​សិស្ស​មាន​ពេល​ពិភាក្សា​គ្នា​អំពី​សំណួរ​នេះ​ជាដៃគូ​ហើយ អ្នក​អាច​សុំ​ឲ្យ​សិស្ស​ពីរ​បី​នាក់​ចែកចាយ​ចម្លើយ​របស់​ពួកគេ​ដល់​សិស្ស​ក្នុង​ថ្នាក់ ។ សូម​គិត​ពី​ការលើកឡើង​អំពី​គំរូ​ចេញពី​ជីវិត​របស់​អ្នក​នៃ​ទ្រព្យសម្បត្តិ​នៅលើ​ផែនដី ( អ្នក​អាច​បង្ហាញ​រូបភាព​ពី​របស់​ដ៏​មាន​តម្លៃ​ដែល​អ្នក​មាន ) និង​គំរូ​មួយ​នៃ​ទ្រព្យសម្បត្តិ​នៅឯ​ស្ថានសួគ៌ ( អ្នក​អាច​បង្ហាញ​រូបភាព​នៃ​គ្រួសារ​​អ្នក ឬ​និយាយ​អំពី​សារៈសំខាន់​នៃ​ទីបន្ទាល់របស់​អ្នក ) ។ សូម​ឲ្យ​សិស្ស​ម្នាក់​អាន នីហ្វៃទី 3 13:19–23 ឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​មើលតាម ហើយ​រកមើល​ការណែនាំ​ដែល​ព្រះអង្គសង្គ្រោះ​បាន​ប្រទាន​អំពី​ការស្វែងរក​ទ្រព្យសម្បត្តិ​នៅលើ​ផែនដី និង​ទ្រព្យសម្បត្តិ​នៅឯ​ស្ថានសួគ៌ ។

  • យោងតាម នីហ្វៃទី 3 13:19–20 តើ​ទ្រព្យសម្បត្តិ​នៅលើ​ផែនដី​ខុសពី​ទ្រព្យសម្បត្តិ​នៅឯ​ស្ថានសួគ៌​យ៉ាងដូចម្ដេច ?

  • តើ​ការស្វែងរក​ទ្រព្យសម្បត្តិ​នៅលើ​ផែនដី​ ទាញ​យើង​ឲ្យ​ងាកចេញពី​ការស្វែងរក​ទ្រព្យសម្បត្តិ​នៅឯ​ស្ថានសួគ៌​យ៉ាងដូចម្ដេច ? ( អ្នក​អាច​បញ្ជាក់​ថា ព្រះអង្គសង្គ្រោះ​មិន​បាន​បង្រៀន​ថា ប្រាក់កាស ឬ​កម្មសិទ្ធិ​លើ​ផែនដី​អាក្រក់​នោះទេ ប៉ុន្ដែ​ទ្រង់​បាន​បញ្ជាក់​ពី​សារៈសំខាន់​នៃ​ការដាក់​ដួងចិត្ត​របស់​យើង​ទៅលើ​ទ្រព្យសម្បត្តិ​នៅឯ​ស្ថានសួគ៌​ដែល​នៅ​យូរអង្វែង ) ។

  • តើ​អ្នក​គិត​ពី​​ឃ្លាថា « បើភ្នែក​អ្នក​ស្មោះស័្មគ្រ​ទាំងស្រុង » មាន​ន័យ​យ៉ាងណា​នៅក្នុង នីហ្វៃទី 3 13:22 ? ( ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់​ពី​អត្ថន័យ​នៃ​ឃ្លា​នេះ សូម​នាំ​ពួកគេ​ឲ្យ​មើល សេចក្ដី​យោង​ការណែនាំ​តាមប្រធានបទ​នៅក្នុង​លេខយោង 22គ ។ ) តើ​អ្នក​អាច​បង្ហាញ​ការស្មោះត្រង់​ក្នុង​ការប្រមូល​ទ្រព្យសម្បត្តិ​នៅឯ​ស្ថានសួគ៌​ដោយ​របៀបណា ?

សូម​ឲ្យ​សិស្ស​ម្នាក់​សរសេរ​ពាក្យ ព្រះ នៅលើ​ក្រដាស​ ហើយ​បិទ​វា​ទៅ​មួយ​ចំហៀង ។ សូម​ឲ្យ​សិស្ស​ម្នាក់​ទៀត​សរសេរ​ពាក្យ លោកិយ នៅលើ​ក្រដាស​ ហើយ​ដាក់​វា​ទៅ​មួយចំហៀងទៀត​ផ្ទុយពីក្រដាស​មុន ។ សូម​ឲ្យ​សិស្ស​ទីបី​ឈរ​ខាង​មុខ​ថ្នាក់ និង​មើល​ទៅ​ក្រដាស​ដែល​សរសេរ​ថា ព្រះ ។ បន្ទាប់មក សូមឲ្យ​សិស្ស​នោះ​បែរ ហើយ​មើល​ទៅ​ក្រដាស​ដែល​សរសេរ​ថា លោកិយ ។ សូម​ឲ្យ​សិស្សនោះ​ព្យាយាម​មើល​ទៅ​ក្រដាស​ទាំងពីរ​នៅពេល​តែមួយ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​អាន នីហ្វៃទី 3 13:24 ដោយ​ស្ងាត់ស្ងៀម ​ហើយ​គិត​ពី​របៀប​ដែល​ខគម្ពីរ​នេះ​ទាក់ទងទៅនឹង​បំណង​របស់​សិស្ស​ក្នុង​ការមើល​ទៅក្រដាស​ទាំងពីរ​ក្នុង​ពេល​តែមួយដូម្តេច។ សូម​ពន្យល់​ថា​ពាក្យ ទ្រព្យសម្បត្តិ តំណាង​ឲ្យ​ភាពខាង​លោកិយ ឬ​ភាពមានបាន ។

  • តើ​ការ​បម្រើ​ព្រះ និង​ទ្រព្យសម្បត្តិ​ដូចជា​ការព្យាយាម​មើល​ទៅ​ជញ្ជាំង​ទាំងពីរ​នៅ​ពេលតែ​មួយ​ដោយ​របៀបណា ?

  • តើ​គំរូ​អ្វីខ្លះ​អាច​ជា​ការព្យាយម​ដើម្បី​បម្រើ​ដល់​ព្រះ និង​ទ្រព្យសម្បត្តិ​នៅពេល​តែមួយ ?

សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ក្រោកឈរ ហើយ​មើល​ទៅ​ក្រដាស​ដែល​សរសេរ​ថា ព្រះ ។

  • ហេតុអ្វីបានជា​វា​សំខាន់​ចំពោះ​អ្នក​ដើម្បី​មាន​ព្រះ​ជា​ចៅហ្វាយ​របស់​អ្នក ?

  • ​ផ្អែកលើ​ព្រះបន្ទូល​របស់​ព្រះអង្គសង្គ្រោះ​នៅក្នុង នីហ្វៃទី 3 13:24 តើ​អ្នក​អាច​ប្រាប់​ថា តើ​ព្រះគឺជា​ចៅហ្វាយ​របស់​អ្នក​ដោយ​របៀបណា ? ( ទោះបីជា​សិស្ស​អាច​មាន​ចម្លើយ​ត្រូវ​ច្រើន​ក្ដី សូម​ប្រាកដ​ថា ពួកគេ​រកឃើញ​គោលការណ៍​ខាងក្រោម៖ ដើម្បី​មាន​ព្រះ​ជា​ចៅហ្វាយ​របស់​យើង យើង​ត្រូវតែ​ស្រឡាញ់ និង​បម្រើ​ដល់​ទ្រង់​លើសពី​អ្វីៗ​នៅលើ​ផែនដី​នេះ ) ។

ខណៈពេល​ដែល​សិស្ស​កំពុង​ឈរ សូម​អាន​គំរូ​ខាងក្រោម ហើយ​សូម​ឲ្យ​ពួកគេ​មើល​ទៅ​ថ្នាក់រៀនម្ខាង ​ដែល​តំណាង​ឲ្យ​ចៅហ្វាយ​ដែល​ពួកគេ​គិត​ថា​ មនុស្ស​កំពុង​បម្រើ—ព្រះ ឬក៏ លោកិយ ( ទ្រព្យសម្បត្តិ ) ។ សូម​ឲ្យ​សិស្ស​ពន្យល់​ពី​មូលហេតុ​ដែល​ពួកគេ​បាន​ជ្រើសរើស​ដើម្បី​បែរ​ទៅ​ផ្លូវ​ដែល​ពួកគេ​បាន​រើស ។ ( អ្នក​អាច​សម្រប​ឧទាហរណ៍​ទាំងនេះ​ទៅតាម​កាលៈទេសៈ និង​ចំណាប់​អារម្មណ៍​របស់​សិស្ស​អ្នក ) ។

  1. យុវជន​ម្នាក់​បោះបង់​ការងារ​មួយ​ដែលធ្វើ​ឲ្យ​គាត់​ខកខាន​ទៅចូលរួមប្រជុំ​នៅ​ថ្ងៃ​អាទិត្យ ហើយ​ផ្ទុយទៅវិញ​គាត់​បាន​រើស​យក​ការងារ​ដែល​ទទួល​បាន​ប្រាក់ខែ​តិច តែ​មិន​ធ្វើ​ ​​ឲ្យ​គាត់​ខកខាន​ទៅចូល​រួម​ការប្រជុំឡើយ ។

  2. យុវនារី​ម្នាក់​រអ៊ូ​ជាញឹកញាប់​ទៅកាន់​ឪពុកម្ដាយ​របស់​នាង​អំពី​តម្រូវ​ការ​សំលៀក​បំពាក់​ថ្មី ។ សំលៀកបំពាក់​ដែល​នាង​ចង់​ទិញ ​មានតម្លៃ​ថ្លៃ​ជាង​អ្វី​ដែល​គ្រួសារ​នាង​អាច​ទិញ​បាន ។

  3. យុវជន​ម្នាក់​បង់​ដង្វាយ​មួយ​ភាគ​ដប់​របស់​គាត់​ជា​ប្រចាំ ពី​លុយដែល​គាត់​ទទួល​បាន​ពី​ការងារ ។ ទោះជាយ៉ាងណាក្ដី គាត់​ប្រើ​ប្រាក់​ចំណូល​ទាំងអស់​ដែល​នៅ​សល់​របស់​គាត់​ទៅទិញ​ឧបករណ៍​កំសាន្ដ ដែលមានរឿង និង​ចម្រៀង​​មិនសមរម្យ​ខ្លះ ហើយ​មិន​បាន​សន្សំលុយ​ដើម្បី​បង់​ថ្លៃ​បេសកកម្ម ឬ​សម្រាប់​ការអប់រំ​ឡើយ ។

  4. យុវនារី​ម្នាក់​ប្រើ​ចំណូល​របស់​នាង​ខ្លះ​ទៅទិញ​អំណោយ​តូចតាច​ដើម្បី​បង្ហាញ​សេចក្ដីស្រឡាញ់​ដល់​អ្នកដទៃ​ជាញឹកញាប់ ។

បន្ទាប់ពី​សកម្មភាព​នេះ​ហើយ សូម​ឲ្យ​សិស្ស​អង្គុយចុះ ហើយ​បន្ទាប់មក​សូម​សួរ​ពួកគេ​នូវ​សំណួរ​ខាងក្រោម ៖

  • ​ផ្អែកលើ​បទពិសោធន៍​​អ្នក ហេតុអ្វី​បានជា​វា​ពិបាក​ ដើម្បី​​ស្រឡាញ់ និង​បម្រើ​ព្រះ​ជា​និច្ច ​ជាង​​រឿង​​ខាងលោកិយ ? ហេតុអ្វីបានជា​ការដាក់​ព្រះ​ជា​មុន ​សក្តិសម​នឹង​ការខិតខំ​នេះ ?

នីហ្វៃទី 3 13:25–34

ព្រះអង្គសង្គ្រោះ​ណែនាំ​ពួកសាវក​ដប់ពីរនាក់​ឲ្យ​ស្វែងរក​នគរព្រះ​ មុន​ខ្វល់​នឹងសាច់​ឈាម​របស់​គេ

សូម​សង្ខេប នីហ្វៃទី 3 13:25–31 ដោយ​ប្រាប់​សិស្ស​ថា ព្រះយេស៊ូវគ្រីស្ទ​បាន​ណែនាំ​ពួកសាវក​ដប់ពីរនាក់​របស់​ទ្រង់​កុំ​ឲ្យ​បារម្ភ​អំពី​សេចក្តីត្រូវការ​ខាង​សាច់ឈាម​ដែល​ជា​អាហារ និង​សំលៀក​បំពាក់​របស់​ពួកលោក​ឡើយ ។ សូម​បង្ហាញ​ថា ទោះបីជា​ការបង្រៀន​ទាំងនេះ​ត្រូវបាន​ផ្ដល់​ជាពិសេស​ទៅដល់​ពួកសាវក​ទាំងដប់ពីរ​នាក់​ក្ដី ក៏​គោលការណ៍​នេះ​បង្ហាញ​ថា វា​អាច​ត្រូវ​បាន​អនុវត្ត​ជាទូទៅដែរ ។ សូម​ឲ្យ​សិស្ស​ម្នាក់​អាន នីហ្វៃទី 3 13:32–33 ឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​មើល​តាម ហើយ​រកមើល​របៀប​ដែល​ព្រះអង្គសង្គ្រោះ​បាន​លួងលោម​ពួកសាវក​របស់​ទ្រង់​ទាក់ទង​ទៅនឹង​តម្រូវការ​ខាង​សាច់ឈាម​របស់​ពួកលោក ។

  • តើ​ការដឹង​​ថា​ ព្រះទ្រង់​​ញាណ​ដឹងពី​សេចក្តីត្រូវ​ការ​របស់​យើង អាច​ជួយ​យើងយ៉ាង​ដូចម្តេច​ដែរ ?

  • យោងតាម នីហ្វៃទី 3 13:33 តើ​ព្រះយេស៊ូវគ្រីស្ទ​បាន​សន្យាអ្វីខ្លះ​ដល់​អស់អ្នកទាំងឡាយ​ណា​ដែល​បាន​ដាក់​ព្រះ និង​នគរ​របស់​ទ្រង់​ជា​ចម្បង​នៅក្នុង​ជីវិត​របស់​គេ ? ( ទោះបីជា​សិស្ស​អាច​មាន​ចម្លើយ​ខុសគ្នា​ក្ដី សូម​ប្រាកដ​ថា ពួកគេ​រកឃើញ​គោលការណ៍​ខាងក្រោម៖ ប្រសិនបើ​យើង​ស្វែងរក​នគរ​របស់​ព្រះ​ជាមុន នោះ​ទ្រង់​នឹង​ជួយ​យើង​ឲ្យ​ទទួល​បាន​តម្រូវការ​របស់​យើង ។ អ្នក​អាច​សរសេរ​គោលការណ៍​នេះ​នៅលើ​ក្ដារខៀន ) ។

  • តើ​អ្នក​មាន​អារម្មណ៍​យ៉ាងណា នៅពេល​មិត្ត​​ជិតដិត​របស់​អ្នក ឬ សមាជិក​គ្រួសារ​របស់​អ្នក​ម្នាក់​ដាក់​ចំណាប់អារម្មណ៍ និង​តម្រូវការ​របស់​អ្នក​លើស​ពី​ចំណាប់អារម្មណ៍ និង​តម្រូវការ​របស់​ខ្លួនគេ​ផ្ទាល់​នោះ ? តើ​យើង​ទាក់ទង​ទៅនឹង​ព្រះវរបិតាសួគ៌ និង​ព្រះអង្គសង្គ្រោះ​អ្វីខ្លះ នៅពេល​យើង​ដាក់​ទ្រង់​លើសពី​តម្រូវការ និង​ចំណាប់អារម្មណ៍​ខាង​សាច់ឈាម​របស់​យើង​ផ្ទាល់​នោះ ?

សូម​ឲ្យ​សិស្ស​សរសេរ​នៅក្នុង​សៀវភៅសរសេរ ឬ កំណត់​ហេតុ​សិក្សា​ព្រះ​គម្ពីរក្នុង​ថ្នាក់​នូវ​គោលដៅ​មួយ​ទាក់ទង​ទៅនឹង​រឿងមួយ​ដែល​ពួកគេ​អាច​ធ្វើ ដើម្បី​ដាក់​ព្រះ​ជាមុន​នៅក្នុង​ជីវិត​របស់​គេ ។ អ្នក​អាច​បញ្ចប់​មេរៀន​នេះ​ដោយ​ការថ្លែង​ទីបន្ទាល់​អំពី​ពរជ័យ​ដែល​អ្នក​ ​ទទួលបាន នៅពេល​អ្នក​បាន​ព្យាយាម​ដាក់​ព្រះ និង​នគរ​របស់​ទ្រង់​ជាចម្បង​នៅក្នុង​ជីវិត​របស់​អ្នក ។