សេចក្តីផ្តើមអំពី គម្ពីរហេលេមិន
ហេតុអ្វីបានជាត្រូវសិក្សាគម្ពីរនេះ ?
នៅក្នុងការសិក្សាគម្ពីរហេលេមិនរបស់ពួកគេ សិស្សនឹងរៀនពីគំរូ និងការបង្រៀននៃបុរសដ៏អស្ចារ្យដូចជា ហេលេមិន កូនប្រុសរបស់គាត់គឺ នីហ្វៃ និងលីហៃ និង សាំយូអែលជាសាសន៍លេមិនដែលបានគោរពតាមព្រះអម្ចាស់យ៉ាងអង់អាចក្លាហាន ហើយបានថ្លែងទីបន្ទាល់ពីទ្រង់ ។ ការបម្រើរបស់បុរសទាំងនេះបង្ហាញថា ព្រះប្រទានអំណាចដើម្បីជួយពួកអ្នកបម្រើរបស់ទ្រង់ឲ្យសម្រេចបានព្រះរាជបំណងរបស់ទ្រង់ ហើយថាការខិតខំរបស់មនុស្សសុចរិតអាចប្រទានពរដល់មនុស្សរាប់ពាន់នាក់ ។ សិស្សក៏នឹងរៀនផងដែរអំពីសេចក្តីបំផ្លិចបំផ្លាញដែលកើតមានមកពីភាពឆ្មើងឆ្មៃ អំពើទុច្ចរិត និង បក្សព័ន្ធសម្ងាត់ ។
តើនរណាជាអ្នកសរសេរគម្ពីរនេះ ?
មរមន បានចងក្រង និងសង្ខេបកំណត់ត្រាជាច្រើនចេញពីផ្ទាំងចំណារធំរបស់នីហ្វៃដើម្បីបង្កើតគម្ពីរហេលេមិន ។ គម្ពីរនេះត្រូវបានដាក់ឈ្មោះតាមហេលេមិន ដែលជាកូនប្រុសរបស់ហេលេមិន និងជាចៅប្រុសរបស់អាលម៉ាជាកូន ។ ហេលេមិនបានទទួលកំណត់ត្រាពីស៊ិបឡុន ជាឪពុកមា ហើយបានបម្រើជាមេចៅក្រមដ៏សុចរិតលើប្រជាជននីហ្វៃ ។ គាត់បានបង្រៀនកូនប្រុសរបស់គាត់ នីហ្វៃ និងលីហៃឲ្យកាន់តាមព្រះបញ្ញត្តិទាំងឡាយ ហើយចងចាំដល់ព្រះប្រោសលោះរបស់គេ ព្រមទាំងយកទ្រង់ធ្វើជាមូលដ្ឋាននៃជីវិតរបស់ពួកគេផងដែរ ( សូមមើល ហេលេមិន 5:9–14 ) ។ ដោយបានបំផុសគំនិតតាមរយៈការបង្រៀនទាំងនេះ ហើយព្រួយបារម្ភអំពីអំពើទុច្ចរិតនៃប្រជាជន នោះ នីហ្វៃ និងលីហៃបានបង្រៀនពីការប្រែចិត្តដល់ប្រជាជននីហ្វៃ និងប្រជាជនលេមិន ។ ដើម្បីធ្វើកិច្ចការទាំងនោះ នីហ្វៃបានលះបង់តំណែងរបស់គាត់ជាមេចៅក្រម ។ ក្រោយពីសាសន៍លេមិនរាប់ពាន់បានប្រែចិត្តជឿហើយ មានព្យាការីសាសន៍លេមិនម្នាក់ឈ្មោះថា សាំយូអែល ត្រូវបានបំផុសគំនិតឲ្យបង្រៀនពីការប្រែចិត្ត និងការព្យាករណ៍ក្នុងចំណោមប្រជាជននីហ្វៃ ។ គម្ពីរហេលេមិនដកស្រង់ពីកំណត់ត្រាដែលបានរក្សានៅក្នុងរជ្ជកាល និងការបម្រើរបស់ហេលេមិន ( ហេលេមិន 1–3 ) និងនីហ្វៃ ( ហេលេមិន 4–16 ) ។ កំណត់ត្រារបស់នីហ្វៃរួមបញ្ចូលនូវការព្យាករណ៍ និងការបង្រៀនទាំងឡាយរបស់សាំយូអែលជាសាសន៍លេមិន ។
តើគម្ពីរនេះត្រូវបានសរសេរដល់នរណា ហើយហេតុអ្វី ?
មរមនបានកត់ត្រាគម្ពីរហេលេមិនសម្រាប់ប្រជាជននៅថ្ងៃចុងក្រោយដែលនឹងទទួលបានកំណតត្រារបស់គាត់ ។ ដូចជាសេចក្ដីសង្ខេបផ្សេងទៀតរបស់គាត់ពីផ្ទាំងចំណារធំរបស់នីហ្វៃដែរ គម្ពីរហេលេមិនថ្លែងទីបន្ទាល់អំពីបេសកកម្មដ៏ទេវភាព និងសេចក្តីប្រោសលោះរបស់ព្រះយេស៊ូវគ្រីស្ទ ( សូមមើល ហេលេមិន 3:27–30, 5:9–12, 8:13–23, 14:1–29, 16:4–5 ) ។
តើគម្ពីរនេះត្រូវបានសរសេរនៅពេលណា និងនៅកន្លែងណា ?
កំណត់ត្រាដើមត្រូវបានប្រើជាប្រភពនៃគម្ពីរហេលេមិន ទំនងជាត្រូវបានសរសេររវាងឆ្នាំ 52 មុន.គ.ស. និង ឆ្នាំ 1 . ។ មរមនបានសង្ខេបកំណត់ត្រាទាំងនោះក្នុងចន្លោះពេលប្រហែលឆ្នាំ 345 នៃ គ.ស.និង ឆ្នាំ 385នៃ គ.ស ។ មរមនមិនបានកត់ត្រាពីទីកន្លែងដែលគាត់នៅ កាលគាត់បានចងក្រងគម្ពីរនេះទេ ។
តើមានលក្ខណៈពិសេសអ្វីខ្លះនៅក្នុងគម្ពីរនេះ ?
គម្ពីរហេលេមិនបង្ហាញពីការផ្លាស់ប្ដូរជាច្រើនលើកច្រើនសាររបស់សាសន៍នីហ្វៃរវាងសេចក្ដីសុចរិត និងអំពើទុច្ចរិត ជាងពេលណាៗទាំងអស់នៅក្នុងប្រវត្តិសាសន៍របស់ពួកគេ ។ គម្ពីរនេះប្រាប់ពីគំរូជាច្រើននៃការបះបោរប្រឆាំង សង្គ្រាម ឃាតកម្ម និងបក្សព័ន្ធសម្ងាត់ ។ វាក៏បង្ហាញ និងពិពណ៌នាផងដែរពីសកម្មភាពនៃពួកចោរកាឌីអានតុន ដែលធ្វើកិច្ចការនៃសេចក្ដីងងឹត ហើយទីបញ្ចប់បាននាំមកនូវការបំផ្លិចបំផ្លាញដល់សាសន៍នីហ្វៃ ( សូមមើល ហេលេមិន 2:13–14 ) ។ គម្ពីរហេលេមិនក៏មានលក្ខណៈពិសេសផងដែរ ដោយសារវារៀបរាប់ពីគ្រាមួយ នៅពេលដែល « ផ្នែកជាច្រើន » នៃសាសន៍លេមិនបានប្រែចិត្តជឿ ហើយ « សេចក្តីសុចរិតរបស់ពួកគេបានកើនឡើងដូចជាសេចក្ដីសុចរិតរបស់សាសន៍នីហ្វៃដែរ » ( ហេលេមិន 6:1 ) ។ បន្ថែមលើនេះ វាបង្ហាញពីអំណាចដែលព្រះបានប្រទានដល់ព្យាការីរបស់ទ្រង់ ដូចជាពេលនីហ្វៃបានលាតត្រដាងពីឃាតកម្មមេចៅក្រមម្នាក់ និងបានព្យាករណ៍ពីការសារភាពពីសំណាក់បងប្រុសរបស់ចៅក្រមនោះ ( សូមមើល ហេលេមិន 8–9 ) និងនៅពេលនីហ្វៃបានទទួលអំណាចផ្សារភ្ជាប់ពីព្រះអម្ចាស់ ហើយបន្ទាប់មកអនុវត្តវាដើម្បីបញ្ចុះបញ្ចូល និងដកហូតនូវគ្រោះទុរភិក្សវិញ ( សូមមើល ហេលេមិន 10–11) ។ លើសពីនេះទៅទៀត នៅក្នុងការរក្សាទុកនៃពាក្យសម្ដីរបស់សាំយូអែល គម្ពីរនេះរួមមានតែកំណត់ត្រានៃទេសនកថាមួយរបស់ព្យាការីសាសន៍លេមិនម្នាក់ដែលបានធ្វើដល់សាសន៍នីហ្វៃ ( សូមមើល ហេលេមិន 13–15 ) ។ នៅក្នុងទេសនកថានេះ សាំយូអែលបានព្យាករណ៍ពីទីសម្គាល់ទាំងឡាយនៃការប្រសូត និងការសុគតរបស់ព្រះយេស៊ូវគ្រីស្ទ ។
សេចក្ដីសង្ខេប
ហេលេមិន 1–3 មេចៅក្រមពីរូបគឺ ពេហូរ៉ាន និងពេគូមេណៃ ត្រូវបានគេធ្វើឃាត ។ មរ៉ូណៃហាវាយច្រានការឈ្លានពានរបស់សាសន៍លេមិនមួយដែលដឹកនាំដោយកូរីអានទុមើរ ។ គិសគូមេនត្រូវបានគេសម្លាប់ ខណៈដែលប៉ុនប៉ងសម្លាប់ហេលេមិន ជាមេចៅក្រមដែលបានតែងតាំងថ្មី ។ ទោះបីជាកាឌីអានតុន និងក្រុមចោររបស់វាបានពង្រីកបក្សព័ន្ធសម្ងាត់ក្ដី ក៏ប្រជាជនរាប់ពាន់ម៉ឺននាក់ត្រូវបានជ្រមុជទឹកទៅក្នុងសាសនាចក្រដែរ ។ នីហ្វៃក្លាយជាមេចៅក្រម ក្រោយពីការស្លាប់របស់ហេលេមិន ។
ហេលេមិន 4–6 កងទ័ពនៃពួកប្រឆាំងសាសន៍នីហ្វៃ និងសាសន៍លេមិនបានកាន់កាប់ដែនដីភាគខាងត្បូងទាំងអស់របស់សាសន៍នីហ្វៃ រួមមានដែនដីសារ៉ាហិមឡាដែរ ។ សាសន៍នីហ្វៃបានចុះខ្សោយ ដោយសារតែអំពើទុច្ចរិតរបស់ពួកគេ ។ នីហ្វៃលះលែងតំណែងជាចៅក្រមទៅឲ្យសេសូរាំ ។ នីហ្វៃ និងលីហៃចងចាំសម្ដីរបស់ឪពុករបស់ខ្លួន គឺហេលេមិន ហើយបានលះបង់ខ្លួនគេក្នុងការបង្រៀនដំណឹងល្អ ។ ពួកអ្នកប្រឆាំងជាច្រើនបានប្រែចិត្ត ហើយត្រឡប់មកកាន់សាសន៍នីហ្វៃវិញ ។ ក្រោយពីព្រះអម្ចាស់បានការពារនីហ្វៃ និងលីហៃនៅក្នុងគុកដោយអព្ភូតហេតុមក សាសន៍លេមិនភាគច្រើនត្រូវបានផ្លាស់ប្រែចិត្តជឿ ហើយបានប្រគល់ដែនដីដែលពួកគេដណ្ដើមបានឲ្យទៅសាសន៍នីហ្វៃវិញ ។ អំឡុងពេលដ៏រីកចម្រើនមួយ បក្សពួកកាឌីអានតុនបានមានចំនួនកាន់តែច្រើន ។ សាសន៍នីហ្វៃជាច្រើនចូលរួមនៅក្នុងអំពើទុច្ចរិតរបស់ពួកគេ ដោយបង្កឲ្យមានអំពើពុករលួយនៅក្នុងរដ្ឋាភិបាលសាសន៍នីហ្វៃ ។
ហេលេមិន 7–12 នីហ្វៃអធិស្ឋានលើកំពូលនៃប៉មសួនរបស់គាត់ ហើយព្រមានប្រជាជនឲ្យប្រែចិត្ត ។ គាត់បានលើកឡើងពីទីបន្ទាល់នៃមនុស្សជាច្រើនដែលបានព្យាករណ៍ពីព្រះគ្រីស្ទ ។ គាត់ក៏បានបង្ហាញថា សេសូរាំ ជាមេចៅក្រម ត្រូវបានធ្វើឃាតដោយបងប្រុសរបស់គាត់គឺ ស៊ីអានទុម ។ នីហ្វៃទទួលបានអំណាចផ្សារភ្ជាប់ និងបន្ដបង្រៀនពីការប្រែចិត្ត ។ គាត់ទូលសុំព្រះអម្ចាស់ឲ្យជំនួសសង្គ្រាមរបស់សាសន៍នីហ្វៃដោយគ្រោះទុរភិក្ស ហើយការអធិស្ឋានរបស់គាត់នាំមកនូវភ្លៀងដើម្បីបញ្ចប់គ្រោះទុរភិក្សនោះ ក្រោយពីប្រជាជនបានប្រែចិត្ត ។ ក្រោយពីមានការរីកចម្រើន និង សេចក្ដីសុខសាន្ដមួយរយៈពេលខ្លីមក ការទាស់ទែងគ្នា និង អំពើទុច្ចរិតបានរីករាលដាលនៅក្នុងចំណោមប្រជាជននេះ ។ មរមនទួញសោកនឹងរបៀបដ៏មិនស្ថិតស្ថេរ និងឆ្កួតលីលារបស់មនុស្ស ។
ហេលេមិន 13–16 សាំយូអែល ជាសាសន៍លេមិនព្រមានសាសន៍នីហ្វៃឲ្យប្រែចិត្ត ព្យាករណ៍ពីចុងបញ្ចប់នៃការបំផ្លិចបំផ្លាញរបស់ពួកគេ និងទស្សន៍ទាយពីទីសម្គាល់ដែលទាក់ទងនឹងការប្រសូត និងការសុគតនៃព្រះយេស៊ូវគ្រីស្ទ ។ អ្នកទាំងឡាយណាដែលជឿតាមពាក្យសម្ដីរបស់គាត់បានជ្រមុជទឹក ។ ទោះជាយ៉ាងណាក្ដី មានមនុស្សភាគច្រើនបដិសេធសាំយូអែល និងមិនខ្វល់នឹងទីសម្គាល់ និងការអស្ចារ្យទាំងឡាយដែលបានផ្ដល់ឲ្យឡើយ ។