មេរៀនទី 115
ហេលេមិន 15–16
សេចក្តីផ្ដើម
សាំយូអែលជាសាសន៍លេមិនបានព្រមានសាសន៍នីហ្វៃថា ដរាបណាពួកគេមិនប្រែចិត្តទេ នោះពួកគេនឹងត្រូវបំផ្លាញបង់ ។ លោកបានប្រកាសថា ព្រះអម្ចាស់នឹងពន្យារពេលរបស់សាសន៍លេមិន ដែលបានក្លាយជាសុចរិតជាងសាសន៍នីហ្វៃ ។ សាសន៍នីហ្វៃខ្លះជឿតាមការបង្រៀនរបស់សាំយូអែល ហើយត្រូវបានជ្រមុជទឹកដោយនីហ្វៃ ។ អ្នកទាំងឡាយដែលមិនជឿតាមសាំយូអែល មានបំណងចង់សម្លាប់លោក ។ ប៉ុន្ដែ សាំយូអែលត្រូវបានការពារដោយព្រះចេស្តានៃព្រះ ហើយលោកបានត្រឡប់ទៅដែនដីរបស់លោកវិញ ។
យោបល់សម្រាប់ការបង្រៀន
ហេលេមិន 15
សាំយូអែលព្រមានដល់សាសន៍នីហ្វៃ ហើយពន្យល់ពីរបៀបដែលសាសន៍លេមិនបានក្លាយជាប្រជាជននៃសេចក្ដីសន្យា
សូមអានការពិពណ៌នាខាងក្រោមនេះឮៗ ៖
យុវជនម្នាក់ត្រូវបានចិញ្ចឹមដោយឪពុកម្ដាយដែលមិនមែនជាសមាជិកនៃសាសនាចក្រ ហើយមិនបានបញ្ជាក់ពីការបង្រៀនរបស់ព្រះយេស៊ូវគ្រីស្ទឡើយ ។ ពួកគេអនុញ្ញាតឲ្យគាត់ផឹកស្រា ជាទម្លាប់ដែលគាត់បានបន្ដដល់មហាវិទ្យាល័យ ។ បន្ទាប់មក គាត់បានជួបនឹងអ្នកផ្សព្វផ្សាយសាសនានៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ។ ក្រោយពីការជួបជាមួយនឹងអ្នកផ្សព្វផ្សាយសាសនាពីរបីដង គាត់បានឈប់ផឹកស្រា ។ ពីរបីថ្ងៃក្រោយមក គាត់បាននៅជាមួយនឹងមិត្តភក្ដិមួយក្រុម ។ ពួកគេបានឲ្យស្រាគាត់មួយកែវ ។
យុវជនម្នាក់ទៀតត្រូវបានចិញ្ចឹមនៅក្នុងគ្រួសារនៃពួកបរិសុទ្ធថ្ងៃចុងក្រោយមួយ ។ ឪពុកម្ដាយរបស់គាត់បានធ្វើរាត្រីជួបជុំក្រុមគ្រួសារ និងការសិក្សាព្រះគម្ពីរជាគ្រួសារ ។ គាត់បានមានទម្លាប់សិក្សាព្រះគម្ពីរប្រចាំថ្ងៃ និងអធិស្ឋានផ្ទាល់ខ្លួន ។ គាត់បានចូលរួមថ្នាក់កុមារ បម្រើនៅក្នុងកូរ៉ុមបព្វជិតភាពអើរ៉ុន ហើយបានបញ្ចប់ពីថ្នាក់សិក្ខាសាលា ដោយទទួលបានចំណេះដឹងពីព្រះបញ្ញត្តិ និងរបៀបទាំងឡាយរបស់ព្រះអម្ចាស់ ។ ខណៈរៀននៅក្នុងមហាវិទ្យាល័យ គាត់បានមានមិត្តថ្មីជាច្រើន ។ យប់មួយមិត្តម្នាក់បានឲ្យគាត់នូវស្រាមួយកែវ ។
-
តើការទទួលយកស្រានោះជាកំហុសដ៏ធ្ងន់ធ្ងរមួយសម្រាប់យុវជនទីមួយ ឬ យុវជនទីពីរ ? ហេតុអ្វី ?
សូមសរសេរប្រយោគខាងក្រោមនៅលើក្តាខៀន ៖
សូមឲ្យសិស្សអានវគ្គព្រះគម្ពីរដែលមាននៅលើក្ដារខៀនស្ងៀមស្ងាត់ ។ ( មុនពេលពួកគេអាន អ្នកអាចណែនាំចំណាប់អារម្មណ៍របស់គេទៅលើពាក្យ ដោយប្រយត័្នប្រយែង នៅក្នុង ហេលេមិន 15:5 ។ ដើម្បីធ្វើអ្វីមួយដោយប្រយត័្នប្រយែងមានន័យថា ធ្វើដោយការយកចិត្តដាក់ខ្លាំង ) ។ សូមឲ្យសិស្សសរសេរប្រយោគពីរ—ប្រយោគមួយសង្ខេបពីលក្ខខណ្ឌខាងវិញ្ញាណនៃសាសន៍នីហ្វៃ និងប្រយោគមួយទៀតសង្ខេបពីលក្ខខណ្ឌខាងវិញ្ញាណនៃសាសន៍លេមិន ។ ក្រោយពីមានពេលគ្រប់គ្រាន់ហើយ សូមសួរថា ៖
-
យុវជនទាំងពីរនាក់ដែលយើងបានពិភាក្សានៅដើមដំបូងនៃមេរៀន តើយុវជនម្នាក់ណាមានភាពស្រដៀងគ្នាទៅនឹងសាសន៍នីហ្វៃដែលបានពិពណ៌នានៅក្នុងខគម្ពីរទាំងនេះ ? តើយុវជនម្នាក់ណាស្រដៀងនឹងសាសន៍លេមិន ?
-
ទោះបីជាសាសន៍លេមិនមានប្រវត្តិធ្វើអំពើទុច្ចរិតដ៏យូរក្ដី ហេតុអ្វីបានជាពួកគេអាចទទួលបានពរជ័យដ៏ច្រើនបែបនេះ ?
-
ហេតុអ្វីបានជាសាសន៍នីហ្វៃស្ថិតក្នុងគ្រោះថ្នាក់នៃការត្រូវបំផ្លាញបង់ដូច្នេះ ?
-
តើការផ្ចាញ់ផ្ចាលរបស់ព្រះអម្ចាស់ជាសញ្ញាមួយនៃសេចក្ដីស្រឡាញ់របស់ទ្រង់ដោយរបៀបណា ? ( អ្នកអាចពន្យល់ថាពាក្យ ផ្ចាញ់ផ្ចាល មានន័យថា ការកែតម្រូវនរណាម្នាក់តាមរយៈការដាក់ទោស ឬការរងទុក្ខមួយចំនួន ។ )
សូមសរសេរប្រយោគខាងក្រោមនៅលើក្តារខៀន ៖
សូមឲ្យសិស្សអាន ហេលេមិន 15:7 ដោយស្ងៀមស្ងាត់ ដោយរកមើលរបៀបដែលពួកគេអាចបំពេញប្រយោគនៅលើក្ដារខៀន ។ ក្រោយពីមានពេលគ្រប់គ្រាន់ហើយ សូមសួរសិស្សពីរបីនាក់ថា តើពួកគេនឹងបំពេញប្រយោគនេះដោយរបៀបណា ។ ( ឧទាហរណ៍ សិស្សអាចនិយាយពីគោលការណ៍ខាងក្រោម ៖ នៅពេលប្រជាជនដឹងពីសេចក្ដីពិត ហើយជឿលើព្រះគម្ពីរ ពួកគេត្រូវបានដឹកនាំទៅរកសេចក្ដីជំនឿ និងការប្រែចិត្ត ដែលនាំមកនូការផ្លាស់ប្ដូរក្នុងដួងចិត្ត ) ។
សូមឲ្យសិស្សម្នាក់អាន ហេលេមិន 15:8 ឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់មើលតាម ដោយរកមើលការរៀបរាប់របស់សាំយូអែលអំពីសាសន៍លេមិនដែលបានទទួលការផ្លាស់ប្តូរចិត្តគំនិតមួយ ។ ( ពួកគេ « រឹងមាំ និងខ្ជាប់ខ្ជួននៅក្នុងសេចក្ដីជំនឿ » ) ។
សូមឲ្យសិស្សមានពេលសញ្ជឹងគិតថាតើការសិក្សាព្រះគម្ពីរបាននាំពួកគេឲ្យមានសេចក្ដីជំនឿដ៏អស្ចារ្យមួយទៅលើព្រះអម្ចាស់ឬទេ ។ សូមឲ្យពួកគេសញ្ជឹងគិតដែរថាតើការណ៍នេះបាននាំពួកគេឲ្យរឹងមាំ និងខ្ជាប់ខ្ជួននៅក្នុងសេចក្ដីជំនឿ ឬទេ ។ សូមគិតពីការឲ្យសិស្សម្នាក់ ឬពីរនាក់ពន្យល់ពីរបៀបដែលការសិក្សាបទគម្ពីរបានបង្កើនសេចក្តីជំនឿរបស់គេទៅលើព្រះយេស៊ូវគ្រីស្ទ ។
សូមទាញចំណាប់អារម្មណ៍របស់សិស្សលើ ហេលេមិន 15:9–17 ។ សូមពន្យល់ថា នៅក្នុងខគម្ពីរទាំងនេះ ពាក្យ អ្នក សំដៅលើសាសន៍នីហ្វៃហើយពាក្យ ពួកគេ និង ពួកគេ សំដៅលើសាសន៍លេមិន ។ សូមអានខគម្ពីរទាំងនេះឮៗដល់សិស្ស ដោយឈប់ពេលត្រូវការពន្យល់ ឬឆ្លើយនឹងសំណួរ ។ បន្ទាប់មក សូមឲ្យសិស្សមានពេលមើលខនោះម្ដងទៀត ហើយសរសេរប្រយោគមួយដែលបញ្ជាក់ពីសេចក្ដីពិតដែលបានបង្រៀននៅក្នុងខគម្ពីរទាំងនេះ ។
សូមឲ្យសិស្សបីបួននាក់អានអ្វីដែលពួកគេបានសរសេរ ។ នៅក្នុងចំណោមសេចក្ដីពិតផ្សេងទៀត សិស្សអាចសរសេរអ្វីមួយដូចនេះ ៖ ប្រសិនបើប្រជាជនក្លាយជាមិនជឿ បន្ទាប់ពីទទួលបានភាពពោរពេញនៃដំណឹងល្អហើយ នោះពួកគេនឹងទទួលការដាក់ទោសដ៏ខ្លាំង ។ អ្នកអាចណែនាំថា សិស្សគួរសរសេរសេចក្ដីពិតនេះនៅក្នុងព្រះគម្ពីររបស់គេក្បែរ ហេលេមិន 15:9–17 ។
នៅពេលសិស្សពិភាក្សាពីសេចក្ដីពិតនេះ សូមបញ្ជាក់ពីពរជ័យដ៏អស្ចារ្យដែលកើតមានពីការយល់ និងការរស់នៅតាមដំណឹងល្អនាពេលនេះ ។ ការបង្រៀនរបស់សាំយូអែលមិនបានអត់ទោសដល់សមាជិកសាសនាចក្រថ្មីដែលបានប្រព្រឹត្តអំពើបាបនោះទេ ។ ហើយក៏វាមិនបង្កប់ថា យើងអាចរត់ចេញពីការទទួលខុសត្រូវ និងការដាក់ទោសដោយការបដិសេធមិនរៀនអំពីដំណឹងល្អដែរ ។ ខណៈដែលវាពិតថា ការមានចំណេះដឹងអំពីដំណឹងល្អនាំទៅរកការទទួលខុសត្រូវកើនឡើង ប្រសិនបើយើងធ្វើអ្វីមួយខុស វាក៏នាំទៅរកកម្លាំងដ៏ខ្លាំងជាងក្នុងការដែលយើងខិតខំធ្វើអ្វីដែលត្រូវដែរ ។ ហើយនៅពេលយើងធ្វើតាមឆន្ទៈរបស់ព្រះ និងជួយអ្នកដទៃឲ្យធ្វើដូច្នោះ ទ្រង់នឹងប្រទានពរដល់យើងឲ្យមានសន្ដិភាព និងសុភមង្គលដែលយើងមិនអាចទទួលបានតាមរបៀបផ្សេងទៀត ។
ហេលេមិន 16
អ្នកទាំងឡាយណាដែលជឿលើសាំយូអែលបានប្រែចិត្ត ហើយបានជ្រមុជទឹក ខណៈដែលអ្នកផ្សេងទៀតមានចិត្តរឹងរូស
សូមបង្ហាញរូបភាពមួយរបស់ប្រធានសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយចុងក្រោយបច្ចុប្បន្ន ។ សូមឲ្យសិស្សពិពណ៌នាពីរបៀបខុសគ្នាដែលពួកគេបានឃើញប្រជាជន ( ទាំងខាងក្នុង និងក្រៅសាសនាចក្រ ) ឆ្លើយតបនឹងសារលិខិតរបស់ព្យាការី ។
សូមឲ្យសិស្សពាក់កណ្ដាលអាន ហេលេមិន 16:1–5 ដោយស្ងៀមស្ងាត់ ដោយរកមើលសកម្មភាពនៃប្រជាជនដែលជឿលើសារលិខិតរបស់សាំយូអែល ។ សូមឲ្យសិស្សពាក់កណ្ដាលទៀតអាន ហេលេមិន 16:2–3, 6–7 ដោយស្ងៀមស្ងាត់ ដោយរកមើលសកម្មភាពរបស់មនុស្សដែលមិនជឿលើសារលិខិតរបស់សាំយូអែល ។ ( អ្នកអាចសរសេរសេចក្ដីយោងព្រះគម្ពីរទាំងនេះនៅលើក្ដារខៀន ) ។ សូមឲ្យសិស្សពីរបីនាក់រៀបរាប់ពីអ្វីដែលពួកគេបានរៀន ។
-
តើអ្នកគិតថា ហេតុអ្វីបានជាមនុស្សឆ្លើយតបនឹងព្យាការី និងសារលិខិតរបស់លោកតាមរបៀបខុសៗគ្នា ?
-
តើអ្នកគិតថា ហេតុអ្វីបានជាមនុស្សខឹងសម្បារ នៅពេលព្យាការីផ្ដល់ការណែនាំដូចជាពាក្យនៅក្នុងកូនសៀវភៅ ដើម្បីកម្លាំងនៃយុវជន ?
សូមឲ្យសិស្សម្នាក់អានសេចក្ដីថ្លែងការណ៍ខាងក្រោមដោយប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន ៖
« នៅពេលព្យាការីបង្ហាញពីអំពើបាបនៃមនុស្សលោក នោះមនុស្សខាងលោកិយ ដោយមិនបានប្រែចិត្តពីអំពើបាបរបស់គេហើយ ថែមទាំងចង់បិតមាត់របស់ព្យាការី ឬធ្វើទង្វើហាក់ដូចជាគ្មានព្យាការីទៅវិញ ។ ភាពល្បីល្បាញមិនដែលជាការសាកល្បងនៃសេចក្ដីពិតនោះទេ ។ ជាច្រើនដងដែលព្យាការីមួយរូបត្រូវបានសម្លាប់ ឬបណ្ដេញចេញ ។ នៅពេលយើងខិតកាន់តែជិតការយាងមកជាលើកទីពីររបស់ព្រះអម្ចាស់ អ្នកអាចសង្ឃឹមថា នៅពេលមនុស្សក្នុងលោកិយកាន់តែមានភាពទុច្ចរិតកាន់តែខ្លាំង នោះព្យាការីនឹងមានតម្លៃចំពោះពួកគេកាន់តែតិចទៅ » ( The Teachings of Ezra Taft Benson [ ឆ្នាំ 1988 ] ទំព័រ 133 ) ។
-
តើគំរូណាខ្លះនៃប្រជាជនដែលធ្វើតាមការណែនាំរបស់ព្យាការី ទោះបីជាអ្នកដទៃបានបដិសេធការណែនាំនោះក្ដី ?
សូមឲ្យសិស្សបិទព្រះគម្ពីររបស់គេ ។ សូមឲ្យសិស្សម្នាក់បើកគម្ពីររបស់គេ ហើយអាន ហេលេមិន 16:13–14 ខណៈពេលសិស្សផ្សេងទៀតស្ដាប់ ។ សូមសួរសិស្ស តើពួកគេគិតថាពួកអ្នកមិនជឿនឹងឆ្លើយតបចំពោះទីសម្គាល់ និងការលេចឡើងទាំងនេះដោយរបៀបណា ?
សូមឲ្យសិស្សបើកគម្ពីររបស់គេ ហើយមើលតាមនៅពេលអ្នកអាន ហេលេមិន 16:15–16 ដល់គេ ។ បន្ទាប់មក សូមឲ្យពួកគេស្រមៃថា ពួកគេត្រូវបានអនុញ្ញាតឲ្យនិយាយជាមួយនឹងប្រជាជនដែលនៅក្នុងដែនដីសារ៉ាហិមឡានៅពេលទីសម្គាល់បានផ្ដល់មក ។ សូមឲ្យពួកគេគិតអំពីសំណួរ ដែលពួកគេនឹងសួរអ្នកជឿ ឬអ្នកមិនជឿម្នាក់ ។ ក្រោយពីសិស្សមានពេលគិតពីសំណួរហើយ សូមឲ្យពួកគេពីរបីនាក់ចែកចាយសំណួររបស់គេជាមួយនឹងសិស្សក្នុងថ្នាក់ ។
សូមឲ្យសិស្សសញ្ជឹងគិតពីសំណួរខាងក្រោមនេះនៅក្នុងចិត្ត។
-
ប្រសិនបើអ្នកបាននៅទីនោះ ហើយធ្វើជាសាក្សីពីទីសម្គាល់ និងការអស្ចារ្យទាំងឡាយ តើអ្នកគិតថា អ្នកនឹងឆ្លើយតបដោយរបៀបណា ?
នៅពេលសិស្សមានពេលសញ្ជឹងគិតហើយ សូមសួរ ៖
-
យោងតាម ហេលេមិន 16:16 ហេតុអ្វីបានជាមនុស្សខ្លះបដិសេធការបំពេញតាមការព្យាករណ៍របស់ព្យាការី រួមមានទីសម្គាល់មកពីស្ថានសួគ៌ ?
សូមឲ្យសិស្សមានពេលពីរបីនាទីអាន ហេលេមិន 16:17–21 ដោយស្ងាត់ៗដោយរកមើលការដោះសារបន្ថែមនានាដែលពួកទុច្ចរិតមានក្នុងការដែលមិនជឿដល់ការព្យាករណ៍របស់សាំយូអែល ។ សូមហៅសិស្សពីរបីនាក់ឲ្យប្រាប់ថាតើមានការដោះសារអ្វីខ្លះដែលពួកគេបានរកឃើញនៅក្នុងខទាំងនេះ ។
-
នៅក្នុងចំណោមការដោះសារ ឬទស្សនៈទាំងនេះដែលប្រឆាំងនឹងព្យាការី តើអ្នកគិតថាការដោះសារ ឬ ទស្សនៈមួយណាដែលកើតមានច្រើនជាងគេនៅក្នុងជំនាន់យើង ?
សូមឲ្យសិស្សម្នាក់អាន ហេលេមិន 16:22–23 ឮៗ ហើយសុំឲ្យសិស្សក្នុងថ្នាក់រកមើលអ្វីដែលបានកើតឡើងនៅពេលប្រជាជនជាច្រើនបានបន្ដព្រងើយកន្ដើយនឹងការព្រមានរបស់សាំយូអែល ។ សូមឲ្យសិស្សរៀបរាប់ពីអ្វីដែលពួកគេរកឃើញ ។
-
តើនឹងមានអ្វីកើតឡើងដល់យើង ប្រសិនបើយើងបដិសេធព្យាការីថ្ងៃចុងក្រោយរបស់ព្រះអម្ចាស់ ?
នៅពេលសិស្សឆ្លើយ សូមបញ្ជាក់នូវគោលការណ៍ខាងក្រោម ៖ នៅពេលយើងបដិសេធសាក្សីរបស់ព្រះអម្ចាស់ យើងនឹងអនុញ្ញាតឲ្យសាតាំងក្ដាប់ដួងចិត្តរបស់យើង ។ ( អ្នកអាចសរសេរប្រយោគនេះនៅលើក្ដារខៀន ) ។
ដើម្បីបញ្ចប់មេរៀនថ្ងៃនេះ សូមឲ្យសិស្សម្នាក់អានសេចក្ដីថ្លែងការណ៍ខាងក្រោមដោយប្រធាន ហិនរី ប៊ី អាវរិង នៃគណៈប្រធានទីមួយ ។ សូមឲ្យសិស្សផ្សេងទៀតស្ដាប់រកមើលអ្វី ដែលយើងពិតជាកំពុងជ្រើសរើសនៅពេលយើងបដិសេធមិនសា្ដប់តាមការណែនាំពីព្រះ ដែលភាគច្រើនមកតាមរយៈព្យាការីថ្ងៃចុងក្រោយ ៖
« នៅពេលយើងបដិសេធការណែនាំមកពីព្រះ យើងមិនបានជ្រើសរើសដើម្បីឯករាជ្យពីឥទ្ធិពលខាងក្រៅនោះទេ ។ យើងជ្រើសរើសឥទ្ធិពលផ្សេងទៀត ។ យើងបដិសេធការការពារពីព្រះវរបិតាដែលគង់នៅស្ថានសួគ៌ដ៏ជាទីស្រឡាញ់ឥតខ្ចោះ ដែលមានព្រះចេស្ដាទាំងអស់ ដែលជ្រាបនូវគ្រប់ការណ៍ទាំងអស់ ដែលមានគោលបំណងទាំងមូលដូចជាព្រះរាជបុត្រាជាទីស្រឡាញ់របស់ទ្រង់ដែរ គឺដើម្បីប្រទានដល់យើងនូវជីវិតដ៏នៅអស់កល្បជានិច្ច ដើម្បីប្រទានដល់យើងនូវអ្វីៗទាំងអស់ដែលទ្រង់មាន និងដើម្បីនាំយើងទៅផ្ទះវិញជាក្រុមគ្រួសារទៅកាន់ព្រះហស្ដនៃសេចក្ដីស្រឡាញ់របស់ទ្រង់ ។ ដោយការបដិសេធការណែនាំរបស់ទ្រង់ យើងជ្រើសរើសយកឥទ្ធិពលនៃអំណាចផ្សេងទៀត ដែលមានបំណងធ្វើឲ្យយើងវេទនា និងដែលការជម្រុញរបស់វាគឺឲ្យស្អប់ ។ យើងមានសិទ្ធិជ្រើសរើសខាងសីលធម៌ ដែលជាអំណោយទានមួយមកពីព្រះ ។ ជាជាងសិទ្ធិជ្រើសរើសដើម្បីមានសេរីភាពចេញពីឥទ្ធិពល វាជាសិទ្ធិដ៏ជាក់ច្បាស់ដើម្បីដាក់ខ្លួនយើងទៅនឹងអំណាចអ្វីក៏ដោយដែលយើងជ្រើសរើស » ( « Finding Safety in Counsel » Ensign ខែ ឧសភា ឆ្នាំ 1997 ទំព័រ 25 ) ។
-
យោងតាមប្រធាន អាវរីង តើយើងពិតជាកំពុងជ្រើសរើសអ្វី ប្រសិនបើយើងបដិសេធការណែនាំពីព្រះ និងព្យាការីរបស់ទ្រង់ ?
សូមឲ្យសិស្សពិចារណាដោយស្ងប់ស្ងាត់ថាតើពួកគេធ្លាប់ធ្វើឲ្យចិត្តពួកគេរឹងរូសទាស់នឹងការណែនាំដែលព្រះបានប្រទានឲ្យតាមរយៈព្យាការី និងសាវកដែរឬទេ ។ សូមលើកទឹកចិត្តឲ្យពួកគេរឹងមាំ ហើយខ្ជាប់ខ្ជួននៅក្នុងការរស់នៅតាមដំណឹងល្អ និងនៅក្នុងការធ្វើតាមការណែនាំរបស់ព្រះអម្ចាស់មកពីព្យាការីរបស់ទ្រង់ ។ សូមធ្វើទីបន្ទាល់អំពីសេចក្តីពិតដែលអ្នកបានពិភាក្សានៅក្នុងមេរៀននេះ ។
ការរំឭកហេលេមិនឡើងវិញ
សូមយកពេលខ្លះជួយសិស្សឲ្យរំឭកគម្ពីរហេលេមិនឡើងវិញ ។ សូមឲ្យពួកគេគិតអំពីអ្វីដែលពួកគេបានរៀនពីគម្ពីរនេះ ទាំងនៅក្នុងថ្នាក់សិក្ខាសាលា និងនៅក្នុងការសិក្សាព្រះគម្ពីរផ្ទាល់ខ្លួនរបស់គេ ។ សូមឲ្យពួកគេរំឭកដោយខ្លីនូវសេចក្ដីសង្ខេបជំពូកនៅក្នុងហេលេមិនដើម្បីជួយពួកគេឲ្យចងចាំ ។ សូមឲ្យសិស្សពីរបីនាក់ចែកចាយអ្វីមួយពីហេលេមិន ដែលបានបំផុសដល់ពួកគេ ឬដែលបានជួយដល់ពួកគេឲ្យមានសេចក្ដីជំនឿកាន់តែខ្លាំងទៅលើព្រះយេស៊ូវគ្រីស្ទ ។ ក្រោយពីមានពេលគ្រប់គ្រាន់ហើយ សូមឲ្យសិស្សបីបួននាក់ចែកចាយគំនិត និងអារម្មណ៍របស់គេ ។