បណ្ណាល័យ
ការសិក្សា​នៅ​ផ្ទះ មេរៀន​ទី 13


មេរៀន​សិក្សា​នៅ​ផ្ទះ

ម៉ូសាយ 18–25 ( មេរៀន​ទី 13 )

ការរៀបចំ​សម្ភារ​សម្រាប់​គ្រូបង្រៀន​ដល់​សិស្ស​ដែលសិក្សា​នៅ​ផ្ទះ

សេចក្ដីសង្ខេប​នៃ​មេរៀន​ការសិក្សា​នៅ​ផ្ទះ​ប្រចាំ​ថ្ងៃ

សេចក្ដី​សង្ខេប​ខាងក្រោម​នៃ​គោលលទ្ធិ និង​គោលការណ៍​ដែល​សិស្ស​បាន​រៀន នៅពេល​ពួកគេ​បាន​សិក្សា ម៉ូសាយ 18–25 ( មេរៀន​ទី 13 ) មិន​មែន​ត្រូវយក​មក​បង្រៀន​ជា​ផ្នែក​នៃ​មេរៀន​របស់​អ្នក​នោះ​ទេ ។ មេរៀន​ដែល​អ្នក​បង្រៀន​ផ្ដោត​តែលើ​គោលលទ្ធិ និង គោលការណ៍​ពីរ​បី​នេះ​ប៉ុណ្ណោះ ។ សូម​ធ្វើតាម​ការបំផុសគំនិត​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ នៅពេល​អ្នក​គិត​ពី​តម្រូវការ​របស់​សិស្ស ។

ថ្ងៃទី 1 (ម៉ូសាយ 18)

ក្រោយពី​ការស្លាប់​របស់​អ័ប៊ីណាដៃ អាលម៉ា​បាន​ប្រែចិត្ត ហើយ​បាន​បង្រៀន​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ​ដល់​អ្នកដទៃ​នៅឯ​ទឹក​នៃ​មរមន ។ តាមរយៈ​ការសិក្សា​ពី​បទពិសោធន៍​នេះ សិស្ស​បាន​រៀន​ថា យើង​ទទួល​បាន​ព្រះវិញ្ញាណ​នៃ​ព្រះអម្ចាស់ និង ការសន្យា​នៃ​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច ដោយ​ការធ្វើ និង​ការកាន់តាម​សេចក្ដីសញ្ញា​នៃ​ពិធីបុណ្យ​ជ្រមុជទឹក ហើយ​ថា​ពរជ័យ​ដ៏​អស្ចារ្យ​បាន​មក​ដល់​អ្នកដែល​កាន់តាម​សេចក្ដីសញ្ញា​នៃ​ពិធីបុណ្យ​ជ្រមុជទឹក ។

ថ្ងៃទី 2 (ម៉ូសាយ 19–20)

ក្រោយពី​ស្ដេច​ណូអេ និង ប្រជាជន​របស់​ទ្រង់​បាន​បដិសេធ​ការបង្រៀន​របស់​អាលម៉ា ហើយ​ចង់​សម្លាប់​អាលម៉ា និង អ្នកដើរតាម​គាត់​នោះ ពួកគេ​ត្រូវបាន​វាយប្រហារ​ដោយ​សាសន៍​លេមិន ។ សេ្ដចណូអេ​ត្រូវបាន​សម្លាប់​ដោយ​ប្រជាជន​របស់​ទ្រង់ ហើយ​កូនប្រុស​របស់​ទ្រង់​លិមហៃ​បាន​ក្លាយជា​ស្ដេច ។ នៅពេល​សិស្ស​អាន​ពី​របៀប​ដែល​ប្រជាជន​របស់​លិមហៃ​ត្រូវបាន​ដាក់​នៅក្នុង​សេវកភាព​ដោយ​សាសន៍​លេមិន ពួកគេបាន​រៀន​ថា ការបដិសេធ​ពាក្យសម្ដី​របស់​អ្នកបម្រើ​របស់​ព្រះអម្ចាស់​នាំ​មកនូវ​ការរងទុក្ខ និង ការសោកសៅ ។ ពួកគេ​ត្រូវបាន​លើកទឹកចិត្ត​ឲ្យ​គិត​ពី​ពេល​មួយ​ដែល​ពួកគេ​បាន​ជួប​នឹង​សន្ដិភាព និង សុវត្ថិភាព​ខាង​វិញ្ញាណ​ដោយ​ការធ្វើតាម​ការប្រឹក្សា​នៃ​អ្នកបម្រើ​របស់​ព្រះអម្ចាស់ ។

ថ្ងៃទី 3 (ម៉ូសាយ 21–24)

សិស្ស​បាន​រៀន​ថា អាលម៉ា និង ប្រជាជន​របស់​គាត់ ទោះបី​សុចរិត​ក្ដី ក៏​ត្រូវបាន​ដាក់​នៅក្នុង​សេវកភាព​ដោយ​សាសន៍​លេមិន​ដែរ ។ សិស្ស​បាន​ធ្វើ​តារាង​មួយ​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​ពួកគេ​ដែល​ប្រៀបធៀប​សេវកភាព និង ការដោះលែង​នៃ​លិមហៃ និង​ប្រជាជន​របស់​គាត់​ជាមួយ​នឹង​សេវកភាព និង ការដោះលែង​នៃ​អាលម៉ា និង​ប្រជាជន​របស់​គាត់ ។ ដំណើររឿន​នៃ​ប្រជាជន​របស់​លិមហៃ​បាន​បង្រៀន​ថា នៅពេល​យើង​ចង់​ធ្វើតាម​ និង រក្សា​សេចក្ដីសញ្ញា ព្រះអម្ចាស់​នឹង​ផ្ដល់​របៀប​មួយ​សម្រាប់​ការដោះលែង​យើង ។ ពី​ក្រុម​របស់​អាលម៉ា សិស្ស​បាន​រៀន​ថា នៅពេល​យើង​ធ្វើតាម​ឆន្ទៈ​របស់​ព្រះអម្ចាស់​ដោយ​អត់ធ្មត់ ទ្រង់​នឹង​ពង្រឹង​យើង ហើយ​ដោះលែង​យើង​ពី​ការសាកល្បង​របស់​យើង​តាមពេលវេលា​របស់​ទ្រង់ ។

ថ្ងៃទី 4 (ម៉ូសាយ 25)

ក្រោយពី​ប្រជាជន​របស់​លិមហៃ និង ប្រជាជន​របស់​អាលម៉ា​បាន​រួបរួម​គ្នា​ដោយ​សុវត្ថិភាព​នៅក្រោម​ការគ្រប់​គ្រង​របស់​ស្ដេច​ម៉ូសាយ​លើ​ដែនដី​សារ៉ាហិមឡា​ហើយ ដំណើររឿង​របស់​ពួកគេ​ត្រូវបាន​អាន​ដល់​ប្រជាជន​ទាំងអស់ ។ សិស្ស​បាន​រៀន​ថា ដោយ​ការសិក្សា​កំណត់ត្រា​នៃ​ការទាក់ទង​របស់​ព្រះ​ជាមួយ​នឹង​អ្នកដទៃ យើង​អាច​មាន​អារម្មណ៍​ពី​សេចក្ដីអំណរ និង ការដឹងគុណ​សម្រាប់​សេចក្ដីល្អ​របស់​ព្រះ ។ នៅពេល​សិស្ស​សញ្ជឹង​គិត​ពី​របៀប​ដែល​សមាជិកភាព​ក្នុង​សាសនាចក្រ​ក្នុង​ជំនាន់​នៃ​សាសន៍​នីហ្វៃ​ស្រដៀងគ្នា​នឹង​សមាជិកភាព​នៃ​សាសនាចក្រ​នាពេល​សព្វថ្ងៃ​នេះ ពួកគេ​បាន​រៀន​ថា នៅពេល​យើង​លើកដាក់​មក​លើ​ខ្លួន​យើង​នូវ​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ ហើយ​រស់នៅ​តាម​នោះ ព្រះអម្ចាស់​នឹង​ប្រទានពរ​ដល់​យើង​ដោយ​ព្រះវិញ្ញាណ​របស់​ទ្រង់ ។ សិស្ស​បាន​សរសេរ​អំពី​ការមាន​ឆន្ទៈ​ដើម្បី​លើកដាក់​មក​លើ​ខ្លួន​គេ​នូវ​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ ធ្វើឲ្យ​មាន​ភាពខុសគ្នា​នៅក្នុង​ជីវិត​របស់​ពួកគេ ។

សេចក្តី​ផ្ដើម

ការប្រៀបធៀប និង ការបញ្ច្រាស​ពី​បទពិសោធន៍​នៃ​ប្រជាជន​របស់​អាលម៉ា និង ប្រជាជន​របស់​លិមហៃ​អាច​ជួយ​សិស្ស​ឲ្យ​រកឃើញ​ពី​គោលការណ៍​ដ៏​មាន​តម្លៃ​ដែល​ទាក់ទង​នឹង​ប្រភព​នៃ​ឧបសគ្គ​នានា​របស់​យើង និង ពី​របៀប​ដែល​យើង​អាច​ត្រូវបាន​ដោះលែង​ពី​ទុក្ខព្រួយ​តាមរយៈ​សេចក្ដីជំនឿ​របស់​យើង​ទៅលើ​ព្រះយេស៊ូវគ្រីស្ទ ។ សូម​ជួយ​សិស្ស​ឲ្យ​ដឹង​ថា នៅពេល​ពួកគេ​ធ្វើតាម និង​រក្សា​សេចក្ដី​សញ្ញា​ដ៏​ពិសិដ្ឋ ទុកចិត្ត​ទៅលើ​ព្រះអម្ចាស់ និង អំពាវនាវ​ហៅ​ទ្រង់​សុំ​ជំនួយ​ដោយ​បន្ទាបខ្លួន នោះ​ទ្រង់​នឹង​ពង្រឹង​ពួកគេ ហើយ​ដោះលែង​ពួកគេ​ចេញពី​ទុក្ខព្រួយ​របស់​ពួកគេ​តាម​របៀប​របស់​ទ្រង់ និង តាម​ពេលវេលា​របស់​ទ្រង់ ។

យោបល់​សម្រាប់​ការបង្រៀន

ម៉ូសាយ 18

អាលម៉ា​បង្រៀន​ដំណឹងល្អ​ដល់​ប្រជាជន​នៃ​ស្ដេចណូអេ ហើយ​មាន​មនុស្ស​ជាច្រើន​ប្រែចិត្ត និង​មាន​បំណង​ចង់​ទទួល​បុណ្យជ្រមុជទឹក

សូម​ឲ្យ​សិស្ស​គិត​អំពី​បុណ្យជ្រមុជទឹក​របស់​ពួកគេ​ផ្ទាល់ ។ សូម​ឲ្យ​ពួកគេ​ចែកចាយ​ពី​សេចក្ដីលម្អិត​ខ្លះ​ដែល​គេ​នៅ​ចងចាំ​អំពី​បទពិសោធន៍​របស់​ពួកគេ ។ បន្ទាប់មក សូម​បង្ហាញ រូបភាព​អាលម៉ា​ជ្រមុជទឹក​នៅក្នុង​ទឹក​នៃ​មរមន ប្រសិន​បើ​មាន​រូប​ភាព​នេះ ( 62332; សៀវភៅ​រូបភាព​ដំណឹងល្អ [ ឆ្នាំ 2009 ] លេខ 76 ) ហើយ​សូម​ឲ្យ​ពួកគេ​នឹកចាំ​ពី​ហេតុការណ៍​ដែល​បាន​រៀបរាប់​នៅក្នុង ម៉ូសាយ 18:8–11 ។ សូម​សួរ​សិស្ស​ថា តើ​ពួកគេ​បាន​យល់​ពី​គោលបំណង​នៃ​ការជ្រមុជទឹក និង សេចក្ដី​សញ្ញា​នៃ​ពិធីបុណ្យ​ជ្រមុជទឹក នៅពេល​ពួកគេ​បាន​ធ្វើ​បុណ្យ​ជ្រមុជទឹក​ទេ ។

ក្រោយពី​សិស្ស​បាន​ពិភាក្សា​ពី​ដំណើររឿង​នៅក្នុង ម៉ូសាយ 18 សូម​ឲ្យ​ពួកគេ​ត្រឡប់​ទៅ​ថ្ងៃទី​មួយ កិច្ចការ​ទីមួយ​នៅក្នុង​កំណត់ហេតុ​សិក្សា​ព្រះគម្ពីរ​របស់​ពួកគេ ដែល​ពួកគេ​បាន​គូស​ឌីយ៉ាក្រាម​ពី​អ្វី​ដែល​អាលម៉ា​បាន​បង្រៀន​អំពី​សេចក្ដីសញ្ញា​នៃ​បុណ្យ​ជ្រមុជទឹក​ដូចបាន​ពន្យល់​នៅក្នុង ម៉ូសាយ18:8–11 ។ សូម​ឲ្យ​សិស្ស​ម្នាក់​គូស​ឌីយ៉ាក្រាម​របស់​គេ​ជាថ្មី​នៅលើ​ក្ដារខៀន ឬ ចែកចាយ​វា​ដល់​សិស្ស​ក្នុង​ថ្នាក់ ហើយ​សូម​ឲ្យ​សិស្ស​ផ្សេង​ទៀត ប្រសិនបើ​ពួកគេ​មាន​អ្វី​បន្ថែម​ដល់​ក្នុង​កូឡោន “ ខ្ញុំ​សន្យា” និង “ ព្រះ​សន្យា” ។ បន្ទាប់មក សូម​សរសេរ​គោលការណ៍​ខាងក្រោម​នេះ​នៅលើក្ដារខៀន ឬ នៅលើ​ក្រដាស​មួយ​ថា ៖ យើង​ទទួល​បាន​ព្រះវិញ្ញាណ​នៃ​ព្រះអម្ចាស់ និង ការសន្យា​នៃ​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច ដោយ​ការធ្វើ​ និង​ ការកាន់តាម​សេចក្ដីសញ្ញា​នៃ​ពិធីបុណ្យ​ជ្រមុជទឹក ។អ្នក​អាច​ស្នើ​ថា សិស្ស​គួរ​សរសេរ​គោលការណ៍​នេះ​នៅក្នុង​កំណត់ហេតុ​សិក្សា​ព្រះគម្ពីរ​របស់​ពួកគេ​ក្បែរ ម៉ូសាយ 18:8–11 ។

សូម​សួរ ៖ តើ​ការយល់ដឹង​របស់​អ្នក​អំពី​សេចក្ដីសញ្ញា​នៃ​ពិធីបុណ្យ​ជ្រមុជទឹក​ជះឥទ្ធិពល​ដល់​បំណង​របស់​អ្នក​ឲ្យ​កាន់តាម​សេចក្ដីសញ្ញា​នេះ​ដោយ​របៀបណា ?

ម៉ូសាយ 19–24

ប្រជាជន​របស់​លិមហៃ និង អ្នកដើរតាម​អាលម៉ា​ត្រូវបាន​ដោះលែង​ពី​សេវកភាព​នៃ​សាសន៍​លេមិន

សូម​ឲ្យ​សិស្ស​ម្នាក់​អាន​ប្រយោគ​ទីមួយ​ដោយ​អែលឌើរ រីឆាត ជី ស្កត នៃ​កូរ៉ុម​នៃ​ពួកសាវកដប់ពីរ​នាក់​ក្នុង​មេរៀន​ថ្ងៃទី​បី​នៃ​មេរៀន​នេះ នៅក្នុង​សៀវភៅ​ណែនាំ​ការសិក្សា​សិស្ស ។ សូម​សួរ​សិស្ស​ថា តើ​អែលឌើរ ស្កត បាន​និយាយ​អ្វី​ជា​ប្រភេទ​ពីរ​នៃ​ឧបសគ្គ​ដែល​យើង​ជួប​នៅក្នុង​ជីវិត​របស់​យើង ។ ( ពួកគេ​គួរ​គូស​បន្ទាត់​ពី​ក្រោម​ឃ្លា​នោះ​នៅក្នុង​សៀវភៅ​ណែនាំ​របស់​ពួកគេ ) ។ សូម​សរសេរ ឧបសគ្គ​ដែល​មក​ពី​ការរំលង និង ការបន្សុទ្ធ​ដែល​មក​ពី​ការសាកល្បង នៅលើ​ក្ដារខៀន ។

សូម​ឲ្យ​សិស្ស​រំឭក​ពី​ចម្លើយ​របស់​ពួកគេ​នៅ​ថ្ងៃទី​បី កិច្ចការ​ទីមួយ​នៅក្នុង​កំណត់ហេតុ​សិក្សា​ព្រះគម្ពីរ​របស់​ពួកគេ ។ បន្ទាប់​មក​សូម​សរសេរ ប្រជាជន​របស់​លិមហៃ នៅក្រោម “ ឧបសគ្គ​ដែល​មក​ពី​ការរំលង ” ( សូមមើល ម៉ូសាយ 19:10, 25–28; 20:20–21) និង ប្រជាជន​របស់​អាលម៉ា នៅក្រោម “ ការបន្សុទ្ធ​ដែល​មក​ពី​ការសាកល្បង ” ( សូមមើល ម៉ូសាយ 23:18–21 ) ។ សូម​ឲ្យ​សិស្ស​សរសេរ​នៅលើ​ក្ដារខៀន​ពី​ឧទាហរណ៍​ខ្លះៗ​នៃ​របៀប​ដែល​ប្រជាជន​សព្វថ្ងៃ​នេះ​អាច​ជួប​នឹង​ប្រភេទ​នៃ​ឧបសគ្គ​ទាំងនេះ​នីមួយៗ ។

នៅពេល​អ្នក​រំឭក​គោលការណ៍​ទាំងនេះ​ជាមួយ​នឹង​សិស្ស​របស់​អ្នក សូម​សរសេរ​វា​នៅលើ​ក្ដារខៀន ។

សូម​ឲ្យ​សិស្ស​អាន ម៉ូសាយ 21:13–16 ជា​ដៃគូ ។ សូម​ឲ្យ​ពួកគេ​រកមើល​ពាក្យ និង ឃ្លា​ដែល​បង្រៀន​ថា នៅពេល​យើង​បន្ទាបខ្លួន ស្រែក​ហៅ​ដល់​ព្រះអម្ចាស់ ហើយ​ប្រែចិត្ត​ពី​អំពើបាប​របស់​យើង នោះ​ព្រះ​នឹង​ឮ​ដល់​ការអធិស្ឋាន​របស់​យើង ហើយ​បញ្ឈប់​បន្ទុក​នៃ​អំពើបាប​របស់​យើង​តាមពេលវេលា​របស់​ទ្រង់ ។សូម​ឲ្យ​សិស្ស​ចែកចាយ​ពី​របៀប​ដែល​ពួកគេ​គិត​ដល់​នរណាម្នាក់​ដែល​អាច​អនុវត្ត​គោលការណ៍​នេះ ប្រសិនបើ​ពួកគេកំពុង​ជួប​នឹង​ឧបសគ្គ​នេះ​នៅលើ​ក្ដារខៀន ។

សូម​ឲ្យ​សិស្ស​អាន ម៉ូសាយ 21:31–32, 35 ហើយ​សង្ខេប​ពី​ការរត់ចេញ​របស់​ប្រជាជន​លិមហៃ​នៅក្នុង ម៉ូសាយ 22 ដើម្បី​បង្ហាញ​ថា នៅពេល​យើង​ធ្វើ​សេចក្ដីសញ្ញា​ដើម្បី​បម្រើ​ដល់​ព្រះ ហើយ​កាន់តាម​ព្រះបញ្ញត្តិ​របស់​ទ្រង់ ព្រះអម្ចាស់​នឹង​ផ្ដល់​នូវ​របៀប​មួយ​សម្រាប់​ការដោះលែង​របស់​យើង ។អ្នក​អាច​លើកទឹកចិត្ត​សិស្ស​ឲ្យ​សរសេរ​គោលការណ៍​នេះ​នៅក្នុង​កំណត់ហេតុ​សិក្សា​ព្រះគម្ពីរ​របស់​ពួកគេ​ក្បែរ ម៉ូសាយ 21:31–35 ។

ដើម្បី​រំឭក​គោលការណ៍​មួយ​ដែល​សិស្ស​បាន​រៀន​ពី​ការសិក្សា​អំពី​ប្រជាជន​របស់​អាលម៉ា សូម​ឲ្យ​សិស្ស​ម្នាក់​សង្ខេប​ដំណើររឿង​ពី​របៀប​ដែល​ប្រជាជន​របស់​អាលម៉ា​ត្រូវ​បាន​ដាក់​ក្នុង​សេវកភាព​ដោយ​សាសន៍​លេមិន ( សូមមើល ម៉ូសាយ 23:25–24:11 ) ។ សូម​ឲ្យ​សិស្ស​ពីរ​បី​នាក់​ឆ្លាស់វេន​គ្នា​អាន​ឮៗ​ពី ម៉ូសាយ 24:12–17 ។ សូម​ឲ្យ​ពួកគេ​បង្ហាញ​ពាក្យ ឬ ឃ្លា​ដែល​បង្រៀន​ថា នៅពេល​យើង​ធ្វើតាម​ឆន្ទៈ​របស់​ព្រះអម្ចាស់​ដោយ​អត់ធ្មត់ នោះ​ទ្រង់​នឹង​ពង្រឹង​យើង ហើយ​ដោះលែង​យើង​ពី​ឧបសគ្គ​របស់​យើង​ទាំងឡាយ​តាមពេលវេលា​របស់​ទ្រង់ ។អ្នក​អាច​លើកទឹកចិត្ត​សិស្ស​ឲ្យ​គូស​ចំណាំ​ពាក្យ ឬ ឃ្លា​សំខាន់ៗ​នៅក្នុង​ខគម្ពីរ​ទាំងនេះ ។

សូម​ចម្លង​ឧទាហរណ៍​ខាងក្រោម​ដាក់លើ​ក្ដារខៀន ឬ រៀបចំ​វា​ជា​ក្រដាស​ចែក​ដល់​សិស្ស ។ សូម​ឲ្យ​សិស្ស​ពន្យល់​ពី​របៀប​ដែល​ពួកគេ​អាច​ប្រើ​សេចក្ដីពិត​ដែល​ពួកគេ​បាន​រៀន​ពី​ការសិក្សា​អំពី​ប្រជាជន​របស់​លិមហៃ និង ប្រជាជន​របស់​អាលម៉ា​ដើម្បី​ជួយ​ដល់​មនុស្ស​នៅក្នុង​ឧទាហរណ៍​ទាំងនេះ ។

  1. មិត្តភក្ដិ​ម្នាក់​បាន​ទទួលស្គាល់​តម្រូវការ​ដើម្បី​ប្រែចិត្ត ហើយ​បាន​ទទួល​បទពិសោធន៍​ពី​អារម្មណ៍​ដ៏​ខ្លាំង​នៃ​ភាពមិនសក្តិសម និង ការបាក់ទឹកចិត្ត ដោយ​គិត​ថា​ប្រសិនបើ​គេ​អាច​យកឈ្នះ​ការល្បួង និង អារម្មណ៍​មាន​ទោស​ទាំងឡាយ ។ តើ​អ្នក​អាច​ប្រើ​ដំណើររឿង​របស់​ប្រជាជន​លិមហៃ​ដើម្បី​ផ្ដល់​ការលើកទឹកចិត្ត​ដល់​មិត្តភក្ដិ​របស់​អ្នក និង ផ្ដល់​សេចក្ដីសង្ឃឹម​ឲ្យ​ប្រែចិត្ត​ដោយ​របៀបណា ? ( អ្នក​អាច​លើកទឹកចិត្ត​សិស្ស​ឲ្យ​រកមើល​ខគម្ពីរ​ជាក់លាក់​នៅក្នុង ម៉ូសាយ 21 ដែល​ពួកគេ​អាច​ចែកចាយ​ជាមួយ​នឹង​មិត្តភក្ដិ​របស់​ពួកគេ ។ សូម​ឲ្យ​សិស្ស​ពន្យល់​ពី​មូលហេតុ​ដែល​ពួកគេ​គិត​ដល់​ខគម្ពីរ​ដែល​ពួកគេ​បាន​ជ្រើសរើស​នេះ ថា​នឹង​ជួយ​ដល់​មិត្តភក្ដិ​គេ ) ។

  2. មិត្ត​ម្នាក់​មាន​ចរិត​រស់រាយ ហើយ​ខិតខំ​រស់នៅ​តាម​បទដ្ឋាន​នៃ​ដំណឹងល្អ ។ មាន​មនុស្ស​ខ្លះ​មិន​ចង់​ទាក់ទង​នឹង​មិត្ត​នេះ​ទេ ដោយ​និយាយ​ថា គេ​នោះ “ ល្អ​ពេក” សម្រាប់​ពួកគេ ។ តើ​អ្នក​អាច​ប្រើ​ដំណើររឿង​នៃ​ប្រជាជន​របស់​អាលម៉ា​ដើម្បី​ជួយ​មិត្ត​របស់​អ្នក​ឲ្យ​ទុកចិត្ត​ទៅលើ​ព្រះអម្ចាស់ និង ស្វែងរក​កម្លាំង​និង​ការលួងលោម​ពេល​មាន​ឧបសគ្គ​នេះ​ដោយ​របៀបណា ? ( អ្នក​អាច​លើកទឹកចិត្ត​សិស្ស​ឲ្យ​ស្វែងរក​ខគម្ពីរ​ជាក់លាក់​នៅក្នុង ម៉ូសាយ 24 ដែល​ពួកគេ​អាច​ចែកចាយ​ជាមួយ​នឹង​មិត្ត​គេ ។ សូម​ឲ្យ​ពួកគេ​ពន្យល់​ពី​មូលហេតុ​ដែល​ពួកគេ​គិត​ថា​ខគម្ពីរ​ដែល​ពួកគេ​បាន​ជ្រើសរើស​នេះ​នឹង​ជួយ​បាន ) ។

សូម​ឲ្យ​សិស្ស​ប្រាប់​ពី​ពេល​ដែល​ពួកគេ ឬ មនុស្ស​ដែល​ពួកគេ​ស្គាល់​បាន​ធ្វើ​ជា​សាក្សី​ពី​ព្រះចេស្ដា​នៃ​ការដោះលែង​របស់​ព្រះអម្ចាស់​នៅក្នុង​ជីវិត​របស់​ពួកគេ ។ ( សូម​ប្រយ័ត្ន​ថា អ្នក​មិន​លើកទឹកចិត្ត ឬ ឲ្យ​សិស្ស​ចែកចាយ​ពី​ការរំលង​ពី​អតីតកាល​ដែល​មិន​សមរម្យ​នៅក្នុង​ថ្នាក់​ឡើយ ) ។ សូម​លើកទឹកចិត្ត​សិស្ស​ឲ្យ​រក្សា​សេចក្ដីសញ្ញា​របស់​ពួកគេ អំពាវនាវ​ដល់​ព្រះអម្ចាស់​ដើម្បី​សុំ​ជំនួយ ហើយ​ទុកចិត្ត​លើ​ព្រះចេស្ដា​នៃ​ការដោះលែង​របស់​ទ្រង់​ចំពោះ​ឧបសគ្គ​អ្វី​ក៏ដោយ​ដែល​ពួកគេ​នឹង​ជួប​នៅក្នុង​ជីវិត ។ សូម​បញ្ចប់​ដោយ​ការចែកចាយ​ទីបន្ទាល់​របស់​អ្នក​អំពី​ព្រះចេស្ដារបស់​ព្រះអម្ចាស់​ក្នុង​ការដោះលែង​យើង​ពី​ឧបសគ្គ និង​ការលំបាក​នានា​ដែល​មក​ពី​ការរំលង​របស់​យើង​ផ្ទាល់ ឬ មក​ពី​ការសាកល្បង​ដែល​ចង់​បន្សុទ្ធ​យើង​ផង ។

មេរៀន​បន្ទាប់​ទៀត (ម៉ូសាយ 26អាលម៉ា 4)

នៅក្នុង​សប្ដាហ៍​ក្រោយ សិស្ស​នឹង​រៀន​អំពី​ទេវតា​មួយ​ដែល​ត្រូវបាន​បញ្ជូន​មក​ដើម្បី​បញ្ឈប់​អាលម៉ា​ជា​កូន ពី​ការបំផ្លាញ​សាសនាចក្រ ។ ពួកគេ​នឹង​សិក្សា​ពី​អ្វី​ដែល​បាន​កើតឡើង​ដល់​អាលម៉ា ក្រោយពី​បទពិសោធន៍​នេះ និង អាន​ការបង្រៀន​ដ៏​សំខាន់​ៗមួយ​ចំនួន​​អំពី​កំណើត​ខាងវិញ្ញាណ​ដែល​មាន​នៅក្នុង​ព្រះគម្ពីរ ។ នៅពេល​ស្ដេច​ម៉ូសាយ​បាន​សុគត អាលម៉ា​ត្រូវបាន​ជ្រើសរើស​ជា​អ្នកដឹកនាំ​សាសន៍​នីហ្វៃ ។ អាំលីសៃ ជា​បុរស​ដ៏​ទុច្ចរិត​ម្នាក់​បាន​ព្យាយាម​ទម្លាក់​គាត់ ។ សូម​លើកទឹកចិត្ត​សិស្ស​ឲ្យ​រកមើល​អ្វី​ដែល​អាលម៉ា​បាន​ធ្វើ ដើម្បី​អញ្ជើញ​ព្រះចេស្ដា​នៃ​ការដោះលែង​របស់​ព្រះអម្ចាស់​នៅក្នុង​ស្ថានភាព​នេះ ។