បណ្ណាល័យ
ការសិក្សា​នៅ​ផ្ទះ មេរៀន​ទី 29


មេរៀន​សិក្សា​នៅ​ផ្ទះ

មរមន 8:12អេធើរ 3 ( មេរៀនទី 29 )

ការរៀបចំ​សម្ភារ​សម្រាប់​គ្រូបង្រៀន​ដល់​សិស្ស​ដែល​សិក្សា​នៅ​ផ្ទះ

សេចក្ដី​សង្ខេប​នៃ​មេរៀន​សិក្សា​នៅ​ផ្ទះ​ប្រចាំ​ថ្ងៃ

សេចក្ដីសង្ខេប​ខាងក្រោម​អំពី​គោលលទ្ធិ និង​គោលការណ៍​ទាំងឡាយ​ដែល​សិស្ស​បាន​រៀន នៅពេល​ពួកគេ​សិក្សា មរមន 8:12អេធើរ 3 ( មេរៀនទី 29 ) មិន​មែន​សម្រាប់​បង្រៀន​ជាផ្នែក​នៃ​មេរៀន​របស់​អ្នក​ឡើយ ។ មេរៀន​ដែល​អ្នក​បង្រៀន​ផ្ដោតតែ​លើ​គោលលទ្ធិ និង គោលការណ៍​ទាំងនេះ​ពីរ​បី​ប៉ុណ្ណោះ ។ សូម​ធ្វើតាម​ការបំផុស​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ នៅពេល​អ្នក​គិត​អំពី​តម្រូវការ​របស់​សិស្ស ។

ថ្ងៃទី 1 ( មរមន 8:12–41 ) ។

សិស្ស​បាន​រកឃើញ​ថា លោក​មរ៉ូណៃ​បាន​ឃើញ​នូវ​ជំនាន់​របស់​យើង ហើយ​ថា​លោក​បាន​សរសេរ​នូវ​ការព្យាករណ៍​អំពី​ស្ថានភាព​ដែល​យើង​រស់នៅ ។ ពួកគេ​អាច​ឃើញ​ពី​មូលហេតុ​ដែល​ព្រះគម្ពីរ​មរមន​គឺជា​អំណោយ​ដ៏​មាន​តម្លៃ​មួយ​មក​ពី​ព្រះអម្ចាស់ ដែល​អាច​ដឹកនាំ​ពួកគេ​ឆ្លងកាត់​ថ្ងៃចុងក្រោយ​នេះ ។ ដោយ​ផ្អែកលើ​ការរៀបរាប់​របស់​លោក​មរ៉ូណៃ​នៅ​ថ្ងៃចុងក្រោយ សិស្ស​ក៏​បាន​សិក្សា​ដែរ​ថា ព្រះ​នឹង​ឲ្យ​យើង​ទទួលខុសត្រូវ​ចំពោះ​របៀប​ដែល​យើង​ប្រព្រឹត្ត​នឹង​ពួកអ្នក្រីក្រ និង​អ្នកដែល​ត្រូវការ​ជំនួយ​ទាំងឡាយ ។

ថ្ងៃទី 2 ( មរមន 9 )

លោក​មរ៉ូណៃ​បាន​បញ្ចប់​កំណត់ត្រា​របស់​ឪពុក​លោក​ដោយ​ប្រកាស​ថា ប្រសិនបើ​យើង​នឹង​ប្រែចិត្ត ហើយ​អំពាវនាវ​រក​ព្រះ នោះ​យើង​នឹង​ឥត​ទោស នៅពេល​យើង​ចូលទៅ​ក្នុង​វត្តមាន​របស់​ទ្រង់ ។ សិស្ស​បាន​រៀន​មកពី​លោក​មរ៉ូណៃ​​ថា ដោយសារ​តែ​ព្រះ​ពុំ​ដែល​ផ្លាស់ប្ដូរ នោះ​ទ្រង់​នឹង​ប្រទាន​នូវ​អព្ភូតហេតុ​ឲ្យ​កើតមាន ស្រប​តាម​សេចក្ដីជំនឿ​របស់​កូនចៅ​ទ្រង់ ហើយ​ថា​ប្រសិនបើ​យើង​អធិស្ឋាន​ដោយ​សេចក្ដីជំនឿ​ទៅរក​ព្រះវរបិតា​សួគ៌​ដោយ​នៅក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ នោះ​ត្រង់​នឹង​ប្រទាន​ដល់​យើង​នូវ​ពរជ័យ​ជាច្រើន​ដែល​នឹង​ជួយ​យើង​ឲ្យ​សម្រេច​បាន​នូវ​សេចក្ដីសង្គ្រោះ​របស់​យើង ។

ថ្ងៃទី 3 ( អេធើរ 1–2 )

សិស្ស​បាន​រៀន​ថា គម្ពីរ​អេធើរ គឺជា​សេចក្ដីសង្ខេប​របស់​លោក​មរ៉ូណៃ​ពី​ផ្ទាំង​មាស​ទាំង 24 ដែល​ត្រូវបាន​រកឃើញ​ដោយ​ប្រជាជន​របស់​ស្ដេច​លិមហៃ ដូចដែល​បាន​កត់ត្រា​នៅក្នុង​គម្ពីរ​ម៉ូសាយ ។ ផ្ទាំង​ទាំងនេះ​បាន​រ៉ាយរ៉ាប់​នូវ​ដំណើររឿង​របស់​ប្រជាជន​សាសន៍​យ៉ារេឌ ដែល​ត្រូវបាន​ដឹកនាំ​ដោយ​ព្រះអម្ចាស់​ទៅកាន់​ដែនដី​សន្យា ។ ដោយ​ការសិក្សា​ពី​បទពិសោធន៍​របស់​សាសន៍​យ៉ារេឌ សិស្ស​បាន​រៀន​ថា នៅពេល​យើង​ធ្វើសកម្មភាព​ដោយ​សេចក្ដីជំនឿ​តាម​ការដឹកនាំ​ដែល​ព្រះអម្ចាស់​បាន​ប្រទានដល់​យើង​នោះ យើង​អាច​ទទួល​បាន​ការដឹកនាំ​បន្ដទៀត​មក​ពី​ទ្រង់ ។ នៅ​ត្រង់​ចំណុច​មួយ​នៅក្នុង​ការធ្វើ​ដំណើរ​ទៅកាន់​ដែនដី​សន្យា ព្រះអម្ចាស់​បាន​ផ្ចាញ់ផ្ចាល​បងប្រុស​របស់យ៉ារេឌ​ក្នុង​ការដែលខកខាន​មិន​បាន​អំពាវនាវ​រក​ទ្រង់ ។ ដោយ​ការសិក្សា​ពី​បទពិសោធន៍​នេះ សិស្ស​បាន​រៀន​ពី​សារៈសំខាន់​នៃ​ការអំពាវនាវ​រក​ព្រះវរបិតាសួគ៌​ជា​ទៀងទាត់​នៅក្នុង​ការអធិស្ឋាន​របស់​ពួកគេ ។ បទពិសោធន៍​បងប្រុស​របស់​យ៉ារេឌ​ជាមួយ​នឹង​ព្រះអម្ចាស់ នៅ​ពេលកសាង​ភេត្រា​ទាំងឡាយ​បាន​ជួយ​ដល់​សិស្ស​ឲ្យ​យល់​បាន​ច្បាស់​ថា នៅពេល​យើង​អំពាវនាវ​រក​ព្រះអម្ចាស់ ហើយ​ធ្វើ​នូវ​ចំណែក​របស់​យើង​ដើម្បី​ដោះស្រាយ​បញ្ហា នោះ​យើង​អាច​ទទួល​បាន​ជំនួយ​ពី​ព្រះអម្ចាស់ ។

ថ្ងៃទី 4 ( អេធើរ 3 )

នៅពេល​បងប្រុស​របស់​យ៉ារេឌ​បាន​ព្យាយាម​ដោះស្រាយ​បញ្ហា​ស្ដីពី​ការមាន​ពន្លឺ​នៅក្នុង​ភេត្រា​នោះ លោក​បាន​បង្ហាញ​ថា នៅពេល​យើង​អំពាវនាវ​រក​ព្រះអម្ចាស់​ដោយ​សេចក្ដីរាបសា នោះ​ទ្រង់​នឹង​ប្រទានពរ​ដល់​យើង​ស្របតាម​សេចក្ដីជំនឿ​របស់​យើង និង​ព្រះឆន្ទៈ​របស់​ទ្រង់ ។ សិស្ស​បាន​រៀន​ថា នៅពេល​យើង​អនុវត្ត​សេចក្ដីជំនឿ​ក្នុង​ព្រះអម្ចាស់ នោះ​យើង​នឹង​ខិតកាន់តែ​ជិត​ទៅរក​ទ្រង់ ។ បងប្រុស​របស់​យ៉ារេឌ​បាន​រស់នៅ​តាម​គោលការណ៍​ទាំងនេះ ហើយ​លោក​បាន​ឃើញ​នូវ​ព្រះកាយ​ខាង​វិញ្ញាណ​របស់​ព្រះអង្គសង្គ្រោះ និង​ការនិមិត្ត​ដ៏​អស្ចារ្យ​មួយ​នៃ​ប្រជាជន​នៅលើ​ផែនដី​ទាំងអស់ ។

សេចក្តីផ្ដើម

គម្ពីរ​អេធើរ គឺជា​សេចក្ដីសង្ខេប​របស់​លោក​មរ៉ូណៃ​ពី​បញ្ជី​របស់​ពួកសាសន៍​យ៉ារេឌ ។ ព្យាការី​អេធើរ បាន​កត់ត្រា​អ្វី​ទាំងអស់​នៅលើ​ផ្ទាំង​មាស​ទាំង 24 ដែល​ត្រូវបាន​រកឃើញ​ដោយ​ក្រុមប្រជាជន​មួយ​ក្រុម​របស់​ស្ដេច​លិមហៃ ។ គំនិត​នៃ​ការបង្រៀន​ខាងក្រោម​នេះ​នឹង​ជួយ​សិស្ស​ឲ្យ​យល់ពី​គោលការណ៍​ខ្លះៗ​អំពី​ការអធិស្ឋាន ដែល​ត្រូវបាន​បង្រៀន​នៅក្នុង អេធើរ 1 ។

យោបល់​សម្រាប់​ការបង្រៀន

អេធើរ 1

តាមរយៈ​ការអធិស្ឋាន​របស់​បងប្រុស​របស់​យ៉ារេឌ លោក និង​គ្រួសារ​របស់​លោក និង​មិត្តភក្ដិ​ទាំងឡាយ​ទទួល​បាន​សេចក្ដីមេត្តាករុណា និង​ការដឹកនាំ

សូម​ចាប់ផ្ដើម​ថ្នាក់​ដោយ​ការសុំ​ឲ្យ​សិស្ស​គិត​អំពី​ស្ថានភាព​មួយ ដែល​ពួកគេ​បាន​ស្ថិតនៅ នៅពេល​ពួកគេ​ពិត​ជា​បាន​មាន​អារម្មណ៍​ថា​ត្រូវតែ​អធិស្ឋាន​ដើម្បី​សុំ​រក​ជំនួយ ។ សូម​ឲ្យ​សិស្ស​ពីរ​បី​នាក់​ចែកចាយ​ពី​បទពិសោធន៍​របស់​ពួកគេ ឬក៏​ចែកចាយ​ពី​បទពិសោធន៍​ផ្ទាល់ខ្លួន​របស់​អ្នក​មួយ ។

សូម​រំឭក​សិស្ស​ថា គម្ពីរ​អេធើរ គឺជា​សេចក្ដីសង្ខេប​របស់​លោក​មរ៉ូណៃ​ពី​បញ្ជី​របស់​ពួកសាសន៍​យ៉ារេឌ ។ លោក​យ៉ារេឌ បងប្រុស​របស់​លោក មិត្តភក្ដិ​របស់​ពួកលោក និង​គ្រួសារ​របស់ពួកលោក​បាន​រស់នៅ​អំឡុងពេល​នៃ​ជំនាន់​ប៉ម​បាបិល ( ប្រហែល​ជា​ឆ្នាំ 2200 មុន.គ.ស. ) នៅពេល​ព្រះ​បាន​បំភ័ន្តភាសា​របស់​មនុស្ស ។ សូម​ឲ្យ​សិស្សម្នាក់​អាន អេធើរ 1:33–35 ឮៗ ហើយ​សូម​ឲ្យសិស្ស​ផ្សេងទៀត​រកមើល​មូលហេតុ​ដែល​លោក​យ៉ារេឌ និង​បងប្រុស​របស់​លោក​បាន​មាន​អារម្មណ៍​ថា​ត្រូវតែ​អធិស្ឋាន​ដើម្បី​សុំ​រក​ជំនួយ ។ មុនពេល​សិស្ស​អាន អ្នក​អាច​ពន្យល់​ថា​ឃ្លា « ចូរ​អំពាវនាវ​ដល់​ព្រះអម្ចាស់ » គឺអាច​និយាយ​ម្យ៉ាង​ទៀត​​ថា « អធិស្ឋាន » ។ បន្ទាប់មក សូម​សួរ​ពួកគេ​នូវ​សំណួរ​ដូច​ខាងក្រោម​នេះ ៖

  • តើ​លោក​យ៉ារេឌ និង​បងប្រុស​របស់​លោក​ត្រូវការ​ជំនួយ​អ្វី​ពី​ព្រះអម្ចាស់ ?

  • តើ​ខគម្ពីរ​ទាំងនេះ​បាន​ប្រាប់​អ្នក​អំពី​អារម្មណ៍​ដែល​លោក​យ៉ារេឌ​បាន​មាន​អំពី​សេចក្ដីជំនឿ​របស់​បងប្រុស​លោក​យ៉ាងណា​ដែរ ?

សូម​បែងចែក​សិស្ស​​ជាដៃគូ ។ សូម​ឲ្យ​ដៃគូ​នីមួយៗ​ប្ដូរ​វេនគ្នា​អាន​ឮៗ​ដល់​គ្នា​ទៅវិញទៅមក​ចេញពី​ខគម្ពីរ អេធើរ 1:35–42 ។ មុនពេល​ពួកគេ​អាន សូម​ឲ្យ​ពួកគេ​រកមើល ( 1 ) ពេល​នីមួយៗ​ដែល​បងប្រុស​របស់​យ៉ារេឌ​អំពាវនាវ​ដល់​ព្រះអម្ចាស់ និង ( 2 ) ពេល​នីមួយៗ​ដែល​ព្រះអម្ចាស់​បាន​បង្ហាញ​នូវ​សេចក្ដីមេត្តា​ដល់​បងប្រុស​របស់​យ៉ារេឌ ជា​លទ្ធផល​នៃ​ការអធិស្ឋាន​របស់​លោក ។ ក្រោយពី​មាន​ពេល​គ្រប់គ្រាន់​ហើយ សូម​ឲ្យ​សិស្ស​ពីរ​បី​គូ​ចែករំលែក​នូវ​គំរូ​មួយ​ដែល​ព្រះអម្ចាស់​បាន​បង្ហាញ​ពី​​សេចក្ដីមេត្តា​ដល់​បងប្រុស​របស់​យ៉ារេឌ និង​គ្រួសារ​របស់​លោក ដោយសារ​តែ​ការអធិស្ឋាន​ជាច្រើន​ដង​របស់​ពួកលោក ។

សូម​សួរ ៖ ចេញពី​ខគម្ពីរ​ទាំងនេះ តើ​គោលការណ៍​អ្វី ដែល​យើង​អាច​រៀន​អំពី​ការអធិស្ឋាន ? នៅពេល​យើង​អំពាវនាវ​ដល់​ព្រះ​ដោយ​សេចក្ដីជំនឿ​ជានិច្ចនោះ​ទ្រង់​នឹង​មាន​សេចក្ដីមេត្តា​ដល់​យើង ។ សូម​សរសេរ​គោលការណ៍​នេះ​នៅលើ​ក្ដារខៀន ) ។

សូម​ពន្យល់​ដល់​សិស្ស​ថា វា​ជា​ការ​សំខាន់​ដែល​ត្រូវ​ចងចាំ​ថា «ការអធិស្ឋាន​ គឺ​ជា​ទង្វើ​មួយ ដែល​​តាមរយៈ​ការណ៍​នេះ​ព្រះហឫទ័យ​របស់​ព្រះ​វរបិតា និង​ឆន្ទៈ​របស់​បុត្រ​រូបនោះ ត្រូវ​បាន​នាំ​ឲ្យ​មាន​ទំនាក់ទំនង​នឹង​គ្នា ។ កម្មវត្ថុ​នៃ​ការអធិស្ឋាន​គឺមិនមែន​ដើម្បី​ផ្លាស់ប្ដូរ​ព្រះឆន្ទៈ​របស់​ព្រះ​នោះ​ទេ ប៉ុន្ដែ​ដើម្បី​ធានា​ដល់​ខ្លួនយើង និង​ដល់​អ្នកដទៃ​នូវ​ពរជ័យ​នានា ដែល​ព្រះ​មាន​ព្រះឆន្ទៈ​ជាស្រេច​ក្នុង​ការប្រទាន​ដល់​យើង ប៉ុន្ដែ​វា​នឹង​ត្រូវ​បាន​ប្រទាន​ក្នុង​លក្ខខណ្ឌ​មួយ នៅពេល​យើង​ទូល​សុំ​ពរជ័យ​ទាំងនោះ » ( Bible Dictionary, « Prayer » ) ។

សូម​ឲ្យ​សិស្ស​រំឭក អេធើរ 1:34, 36, 38 ហើយ​រកមើល​អ្វី​ដែល​បងប្រុស​របស់​យ៉ារេឌ​បានទូលសូម​​នៅក្នុង​ការអធិស្ឋាន​របស់​លោក ។ សូម​ឲ្យ​សិស្ស​ម្នាក់​សរសេរ​នូវ​អ្វីដែល​សិស្ស​ផ្សេងទៀត​បាន​រកឃើញ​នៅ​ក្រោម​ឃ្លា « ចូរ​អំពាវនាវ​ដល់​ព្រះអម្ចាស់ » នៅក្នុង​គោលការណ៍​ដែល​អ្នក​បាន​សរសេរ​នៅលើ​ក្ដារ​ខៀន ។

សូម​បញ្ជាក់​ថា លោក​យ៉ារេឌ និង​បងប្រុស​របស់​លោក​បាន​មាន​សេចក្ដីជំនឿ ហើយ​បាន​មាន​ឆន្ទៈ​ក្នុង​ការគោរព​តាម​ព្រះអម្ចាស់ ។ សូម​ផ្ដល់​យោបល់​ថា សិស្ស​គួរ​តែ​គូសចំណាំ​ឃ្លា « ចូរ​យើង​មាន​ចិត្ត​ស្មោះត្រង់​ចំពោះ​ព្រះអម្ចាស់ » នៅចុងបញ្ចប់​នៃ​ខគម្ពីរ អេធើរ 1:38 ។

សូម​ឲ្យ​សិស្ស​រំឭក អេធើរ 1:35, 37, 40–42 ហើយ​រកមើល​របៀប​ជាក់លាក់​នានា ដែល​ព្រះ​បាន​ប្រទានពរ​ដល់​បងប្រុស​របស់​យ៉ារេឌ និង​គ្រួសារ​របស់​លោក ព្រមទាំង​មិត្តភក្ដិ​ទាំងឡាយ​ផង ។ នៅពេល​សិស្ស​រកឃើញ​នូវ​ពរជ័យ​ទាំងនេះ​ហើយ សូម​ឲ្យ​សិស្ស​ម្នាក់​សរសេរ​វា​នៅក្រោម​ពាក្យ សេចក្ដីមេត្តា នៅក្នុង​គោលការណ៍​ដែល​អ្នក​បាន​សរសេរ​នៅលើ​ក្ដារខៀន ។ សូម​បង្ហាញ​ថា ព្រះអម្ចាស់​បាន​ប្រទានដល់​បងប្រុស​របស់យ៉ារេឌ​នូវ​ពរជ័យ​ទាំងឡាយ ដែល​លោក​បាន​អធិស្ឋាន​សូម ។

សូម​សរសេរ​នូវ​សំណួរ​ខាងក្រោម​នៅលើ​ក្ដារខៀន ឬ​រៀបចំ​វា​ជា​ក្រដាស​ចែក​ដល់​សិស្ស ។ សំណួរ​ទាំងនេះ​នឹង​ជួយ​ពួកគេ​ឲ្យ​យល់ ហើយ​ជ្រាបយ៉ាងច្បាស់​ពី​សារៈសំខាន់​នៃ​គោលការណ៍​នេះ ។

តើ​អ្នក​គិត​ថា « ចូរអំពាវនាវ​ដល់​ព្រះ » ខុសគ្នា​ពី​ការគ្រាន់តែ « ពោល​ពាក្យ​អធិស្ឋាន » ដោយ​របៀបណា ?

តើ​នៅពេលណា​ដែល​អ្នក ឬ​នរណាម្នាក់​ដែល​អ្នក​ស្គាល់ បាន​ទទួល​នូវ​សេចក្ដីមេត្តា​របស់​ព្រះវរបិតាសួគ៌​ដែល​ជាចម្លើយ​តប​ទៅនឹង​ការអធិស្ឋាន​មួយ​នោះ ?

តើ​អ្នក​អាច​រៀន​អ្វីខ្លះ​ពី​ព្រះអម្ចាស់ នៅ​ក្នុង​ការ​ឆ្លើយ​តប​របស់​ទ្រង់​ចំពោះ​ការអធិស្ឋាន​របស់​បងប្រុស​របស់​យ៉ារេឌនោះ ?

នៅ​ពេល​សិស្ស​បាន​មានពេល​ពិភាក្សា​ពី​សំណួរ​ទាំងនេះ​ហើយ អ្នក​អាច​សុំ​ឲ្យ​ពួកគេ​ចែករំលែក​នូវ​បទពិសោធន៍​មួយ​ដែល​ពួកគេ​បាន​ពិភាក្សា​នៅក្នុង​ក្រុម​របស់​ពួកគេ ឬ​ចែករំលែក​នូវ​ការយល់​ដឹង​នានា​ចេញពី​ការពិភាក្សា​នោះ ។

សូម​ចែករំលែក​នូវ​ទីបន្ទាល់​របស់​អ្នក​អំពី​សេចក្ដីស្រឡាញ់​របស់​ព្រះវរបិតាសួគ៌​សម្រាប់​យើង​ទាំងអស់គ្នា និង​ព្រះរាជបំណង​របស់​ទ្រង់​ក្នុង​ការប្រទានពរ​ដល់​យើង នៅពេល​យើង​អំពាវនាវ​ដល់ទ្រង់​ជាទៀងទាត់​នោះ ។ សូម​ឲ្យ​សិស្ស​គិតពិចារណា​ពី​របៀប​ដែល ពួកគេ​អាច​អនុវត្ត​គោលការណ៍​នៅលើ​ក្ដារខៀន ។ ឧទាហរណ៍ ពួកគេ​អាច​ដាក់​គោលដៅ​មួយ​ដើម្បី​អធិស្ឋាន​កាន់តែ​ទៀងទាត់​ជាងនេះ ឬ​ជ្រើសរើស​របៀប​មួយ​ដើម្បី​ធ្វើ​ឲ្យ​ការអធិស្ឋានរ​បស់​ពួកគេ​កាន់តែ​ស្មោះត្រង់​ជាងនេះ​បន្ថែម​ទៀត ។ អ្នក​អាច​ចង់​ឲ្យ​ពួកគេ​មាន​ពេល​ខ្លះ​ដើម្បី​សរសេរ​នូវ​អ្វី​ដែល​ពួកគេ​ចង់​ធ្វើ ទៅក្នុង​សៀវភៅកំណត់ហេតុការ​សិក្សា​ព្រះគម្ពីរ​របស់​ពួកគេ ។

សូម​ពន្យល់​ថា ការសិក្សា​អំពី​ការអធិស្ឋាន​របស់​បងប្រុស​របស់​យ៉ារេឌ អាច​ផ្ដល់​នូវ​ការយល់ដឹង​បន្ថែម​ទៀត​ដល់​យើង​អំពី​សេចក្ដី​ស្រឡាញ់​របស់​ព្រះអម្ចាស់​ចំពោះ​យើង​ទាំងអស់គ្នា និង​អំពី​ពរជ័យ​នានា​ដែល​មក​តាមរយៈ​ការអធិស្ឋាន ។ សូម​ឲ្យ​សិស្ស​ម្នាក់​អាន អេធើរ 1:436 ឮ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​មើល​តាម ដោយ​រកមើល​ពរជ័យ​បន្ថែម​ទាំងឡាយ​ដែល​ព្រះ​បាន​សន្យា​នឹង​លោក​យ៉ារេឌ និង​បងប្រុស​របស់​លោក ។ ក្រោយពី​សិស្ស​បាន​រៀបរាប់​ពី​អ្វី​ដែល​ពួកគេ​បាន​រៀន​ហើយ សូមបង្ហាញ​ថា បងប្រុស​របស់​យ៉ារេឌ​មិន​បាន​អធិស្ឋាន​ជាពិសេស​ដើម្បី​ទូល​សុំ​ពរជ័យ​ក្នុង​ការមាន​កូនចៅជំនាន់​ជា​ជាតិសាសន៍​ដ៏​អស្ចារ្យ​មួយ​នោះ​ឡើយ ។ អ្នក​អាច​ផ្ដល់​យោបល់​ថា សិស្ស​គួរ​គូសចំណាំ​នៅក្នុង​ព្រះគម្ពីរ​របស់​ពួកគេ​នូវ​ឃ្លា​នៅចុងបញ្ចប់​នៃ​ខគម្ពីរ អេធើរ 1:43 ដែល​បង្ហាញ​ពី​មូលហេតុ​ដែល​ព្រះ​បាន​ឆ្លើយតប​ទៅនឹង​ការអធិស្ឋាន​របស់​បងប្រុស​របស់​យ៉ារេឌ​របៀប​នេះ ៖ « ដោយសារ​ពេល​ដ៏​យូរនេះ អ្នក​រាល់គ្នា​បាន​អង្វរ​ដល់​យើង » ។

សូម​សួរ ៖ តើ​គោលការណ៍​អ្វី​ខ្លះ ដែល​យើង​អាច​រៀន​ពី​ការសប្បុរស​របស់​ព្រះអម្ចាស់​ចំពោះ​លោក​យ៉ារេឌ និង​បងប្រុស​របស់​លោក ដូចដែល​បាន​បង្ហាញ​នៅក្នុង អេធើរ 1:43 ?

មាន​គោលការណ៍​ជាច្រើន​ដែល​យើង​អាច​រៀន​ពី​គម្ពីរ​នេះ ។ គោលការណ៍​ដ៏​សំខាន់​មួយ​នោះ​គឺ ៖ ប្រសិនបើ​យើង​អធិស្ឋាន​ទៅដល់​ព្រះ​ដោយ​សេចក្ដីជំនឿ​ជា​ទៀងទាត់ នោះ​យើង​អាច​នឹង​ទទួល​បាន​នូវ​ពរជ័យ​ទាំងឡាយ​ដែល​ហួសពី​អ្វី​ដែល​យើង​បាន​សុំ​ទៅ​ទៀត ។

សូម​សួរ ៖ តើ​នៅពេល​ណា​ដែល​អ្នក​បាន​ទទួល​នូវ​បទពិសោធន៍​មួយ ដែល​បង្ហាញ​ថា គោលការណ៍​នេះ​គឺពិត​មែន​នោះ ? តើ​អ្នក​មាន​ស្គាល់​នរណាម្នាក់​ដែល​បាន​មាន​បទពិសោធន៍​បែបនោះ ឬ​តើ​អ្នក​អាច​គិត​អំពី​នរណាម្នាក់​នៅក្នុង​គម្ពីរ​នេះ​ដែល​ទទួល​បាន​នូវ​បទពិសោនធន៍​បែប​នេះទេ ? ( សូម​ប្រាប់​សិស្ស​ថា អ្នក​នឹង​ផ្ដល់​នូវពេល​មួយ​សន្ទុះ​ដល់​ពួកគេ​ដើម្បី​ឲ្យ​គិត​អំពី​ឧទាហរណ៍​នានា មុនពេល​អ្នក​សុំ​ពួកគេ​ឲ្យ​ឆ្លើយតប ។ អ្នក​ក៏​អាច​ចែករំលែក​ឧទាហរណ៍​មួយ​ចេញពី​ជីវិត​របស់​អ្នក​ផ្ទាល់​បាន​ដែរ ) ។

ដើម្បី​បញ្ចប់​មេរៀន​នេះ សូម​ចែកចាយ​ទីបន្ទាល់​របស់​អ្នក​ថា ព្រះ​ទ្រង់​សណ្ដាប់ និង​ឆ្លើយតប​ចំពោះ​ការអធិស្ឋាន​របស់​យើង​ទាំងឡាយ ។ ទ្រង់​មាន​ចំណេះដឹង​ដ៏​ពេញលេញ និង​ពោរពេញ​ទៅដោយ​សេចក្ដីមេត្តា ព្រមទាំង​មាន​ព្រះទ័យ​ចង់​ប្រទានពរ​ដល់​កូនចៅ​របស់​ទ្រង់ ។ ទ្រង់​មានព្រះទ័យ​ពេញចិត្ត នៅពេល​យើង​អធិស្ឋាន​ទៅរក​ទ្រង់​ដោយ​ស្មោះត្រង់ និង​ជាទៀងទាត់​ឥត​ដាច់ ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​ខិតខំ​អធិស្ឋាន​ដោយ​សេចក្ដីជំនឿ​កាន់តែ​ខ្លាំង​ថែមទៀត ។ សូម​អញ្ជើញ​ពួកគេ​ឲ្យ​ចងចាំ​ថា ព្រះវរបិតាសួគ៌​គឺ​ពោរពេញ​ទៅដោយ​សេចក្ដីមេត្តាករុណា ហើយ​ថា​ទ្រង់​នឹង​ឆ្លើយតប​ចំពោះ​ការអធិស្ឋាន​របស់​ពួកគេ ស្របតាម​អ្វី​ដែល​ទ្រង់​បាន​ជ្រាប​ថា​នឹង​នាំ​មក​នូវ​ពរជ័យ​ដ៏​អស្ចារ្យ​ដល់​ជីវិត​របស់​ពួកគេ ។

មេរៀន​បន្ទាប់ ( អេធើរ 4–12 )

នៅក្នុង​មេរៀន​បន្ទាប់ សិស្ស​នឹង​រៀន​បន្ថែម​ទៀត​អំពី​ពួកសាសន៍​យ៉ារេឌ ។ ទោះបីជា​ព្យាការី​លោក​បាន​ព្រមាន​ដល់​ពួកសាសន៍​យ៉ារេឌ​ថា កុំ​ឲ្យ​តែងតាំង​ស្ដេច​ក្ដី ក៏​ប្រជាជន​នៅតែ​ធ្វើ​ដូច្នោះ ហើយ​មហាក្សត្រ​ទាំងឡាយដឹក​នាំ​ប្រជាជនឲ្យ​ធ្លាក់​ទៅក្នុង​សេវកភាព ។ អ្នក​ដែល​ចង់​បាន​អំណាច​ខាង​លោកិយ ជាទូទៅ​នឹង​ប្រើ​នូវ​បក្សព័ន្ធ​សម្ងាត់​នានា​ដើម្បី​បន្ដ​បំណង​ដ៏​អាត្មានិយម​របស់​ពួកគេ ។ លោក​មរ៉ូណៃ​កត់ត្រាអំពី​រឿង​ដ៏​អស្ចារ្យ​ជាច្រើន ដែល​ត្រូវបាន​កើតឡើង ដោយសារ​ប្រជាជន​ខ្លះ​បាន​មាន​សេចក្ដីជំនឿ​ដ៏​អស្ចារ្យ​ខ្លាំង ។ លោក​បង្រៀន​ថា អស់​អ្នកណា​ដែល​បន្ទាបខ្លួន​គេ​នៅចំពោះ​មុខ​ព្រះ ហើយ​មាន​សេចក្ដីជំនឿ​លើ​ទ្រង់ នោះ​នឹង​ទទួល​បាន​សិរីល្អ​របស់​ទ្រង់​ដើម្បី​ជួយ​ពួកគេ​ឲ្យ​យកឈ្នះ​លើ​ភាពទន់ខ្សោយ​របស់​ពួកគេ ។