មេរៀនទី 105
អាលម៉ា 59–63
សេចក្តីផ្ដើម
មេទ័ពមរ៉ូណៃបានមានសេចក្ដីអររីករាយចំពោះជោគជ័យរបស់ហេលេមិនក្នុងការទទួលបានទីក្រុងសាសន៍នីហ្វៃខ្លះមកវិញដែលវាត្រូវបានបាត់បង់ទៅសាសន៍លេមិនពីមុន ទោះជាយ៉ាងណាក្ដី នៅពេលគាត់បានដឹងថា ទីក្រុងនីហ្វៃហាត្រូវបានសាសន៍លេមិនវាយយក គាត់ខឹងនឹងរដ្ឋាភិបាលដែលធ្វេសប្រហែសមិនបានពង្រឹងទ័ព ។ នៅក្នុងសំបុត្រមួយដល់ពេហូរ៉ាន ជាមេចៅក្រម គាត់បានថ្ងូញនឹងការរងទុក្ខនៃពួកសុចរិត ហើយបន្ទោសដល់ពេហូរ៉ានដែលមិនបានគាំទ្រដល់បុព្វហេតុនៃសេរីភាព ។ ដោយមិនបានដឹងដល់មរ៉ូណៃ ពេហូរ៉ានបានគេទៅដែនដីគេឌាន ដោយសារតែការបះបោរនៃពួកនិយមស្ដេចសាសន៍នីហ្វៃ ។ ពេហូរ៉ានមិនប្រកាន់នឹងការបន្ទោសរបស់មរ៉ូណៃទេ ផ្ទុយទៅវិញ គាត់បានអររីករាយនឹងសេចក្ដីស្រឡាញ់សេរីភាពរបស់មរ៉ូណៃ ។ ព្រះអម្ចាស់បានពង្រឹងដល់សាសន៍នីហ្វៃ ហើយដោយរួមគ្នា មរ៉ូណៃ ពេហូរ៉ាន និងប្រជាជនរបស់គេបានបង្ក្រាបពួកនិយមស្ដេច និងពួកសាសន៍លេមិន ។ បន្ទាប់ពីសង្គ្រាមជាច្រើនមក សាសន៍នីហ្វៃបានទទួលនូវសេចក្ដីសុខសាន្ដម្ដងទៀត ហើយហេលេមិនបានស្ថាបនាសាសនាចក្រជាថ្មី ។
យោបល់សម្រាប់ការបង្រៀន
អាលម៉ា 59
សាសន៍នីហ្វៃបាត់បង់តំបន់ការពារមួយ ហើយមេទ័ពមរ៉ូណៃកើតទុក្ខដោយសារតែអំពើទុច្ចរិតនៃប្រជាជន
មុនចាប់ផ្ដើមថ្នាក់ សូមសរសេរនៅលើក្ដារខៀននូវសេចក្ដីថ្លែងការណ៍ដោយប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន ( ពី The Teachings of Ezra Taft Benson [ ឆ្នាំ 1988 ], ទំព័រ 285 ) ៖
« វាប្រសើរជាងដើម្បីរៀបចំ និងការពារជាជាងព្យាបាលហើយប្រែចិត្ត » ( ប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន ) ។
អ្នកអាចដកស្រង់សេចក្ដីថ្លែងការណ៍នេះជាផ្នែកនៃមេរៀនសម្រាប់ អាលម៉ា 49–51 ។ ប្រសិនបើអ្នកធ្វើដូច្នេះ សូមគិតពីការទុកចន្លោះនៅកន្លែងពាក្យខ្លះ នៅពេលអ្នកសរសេរវានៅលើក្ដារខៀន ។ សូមឲ្យសិស្សបំពេញចន្លោះទាំងនោះ ។
សូមឲ្យសិស្សប្រាប់ពីពេលវេលានៅក្នុងជីវិតរបស់គេ ឬនៅក្នុងជីវិតរបស់នរណាម្នាក់ដែលគេស្គាល់ នៅពេលការរៀបចំបានជួយការពារកុំឲ្យមានការអន់ចិត្ត ឬស្ដាយក្រោយ ។
សូមរំឭកសិស្សថា នៅក្នុងមេរៀនថ្មីៗនេះ ពួកគេបានសិក្សាជំពូកអំពីសង្គ្រាមរវាងសាសន៍នីហ្វៃ និងសាសន៍លេមិន សូមឲ្យសិស្សអាន អាលម៉ា 59:5–11 ដោយស្ងាត់ៗដោយគិតអំពីរបៀបដែលប្រយោគនៅលើក្ដារខៀនទាក់ទងនឹងស្ថានភាពដែលបានពិពណ៌នានៅក្នុងខគម្ពីរទាំងនេះ ។
-
តើអ្វីខ្លះដែលមើលទៅហាក់អាចឲ្យសាសន៍លេមិនយកឈ្នះលើទីក្រុងនីហ្វៃហា ? ( ភាពទុច្ចរិតនៃប្រជាជននីហ្វៃហា ។ )
-
តើអ្នកបានរកឃើញអ្វីនៅក្នុងខគម្ពីរទាំងនេះដែលជាប់ទាក់ទងនឹងប្រយោគដែលសរសេរនៅលើក្ដារខៀន ?
ប្រសិនបើសិស្សមិនបានឆ្លើយនឹងប្រយោគខាងក្រោមនៅក្នុង អាលម៉ា 59:9 ទេ សូមបង្ហាញថាដល់ពួកគេ ៖ « វាជាការងាយក្នុងការក្សាកុំឲ្យទីក្រុងនោះធ្លាក់ទៅក្នុងកណ្ដាប់ដៃនៃពួកសាសន៍លេមិន ជាងវាយយកវាពីពួកគេមកវិញ » ។ អ្នកអាចស្នើថា សិស្សគួរគូសចំណាំប្រយោគនេះនៅក្នុងព្រះគម្ពីររបស់ពួកគេ ។ ដើម្បីជួយសិស្សឲ្យគិតអំពីរបៀបដែលសេចក្ដីពិតនេះអាចអនុវត្តនៅក្នុងជីវិតរបស់ពួកគេ សូមឲ្យពួកគេប្រៀបធៀបទីក្រុងទាំងឡាយនៅក្នុងរឿងនេះទៅនឹងខ្លួនគេ និងសង្គ្រាមខាងវិញ្ញាណដែលគេជួប ។ បន្ទាប់មក សូមសួរសំណួរខាងក្រោមមួយ ឬពីរ ៖
-
តើសេចក្ដីពិតនេះទាក់ទងនឹងយើងដោយរបៀបណា ? ( សូមជួយសិស្សឲ្យឃើញថា វាជាការងាយស្រួលជាងដើម្បីនៅបន្ដស្មោះត្រង់ ជាជាងត្រឡប់ទៅមានសេចក្ដីជំនឿក្រោយពីបានវង្វេងចេញ ។
-
តើហេតុអ្វីបានជាការនៅស្មោះត្រង់នៅក្នុងសាសនាចក្រងាយស្រួលជាងការត្រឡប់មកកាន់សាសនាចក្រ ក្រោយពីមួយរយៈពេលនៃការអសកម្ម ?
-
ហេតុអ្វីបានជាវាងាយស្រួលជាងដើម្បីមានទីបន្ទាល់មួយជាជាងការទទួលបានទីបន្ទាល់មួយថ្មីក្រោយពីការធ្លាក់ចេញនោះ ?
សូមឲ្យសិស្សសញ្ជឹងគិតពីរបៀបដែលអារក្ស និងអ្នកដើរតាមវាអាចវាយប្រហារលើទីបន្ទាល់ទាំងនោះ ។ សូមលើកទឹកចិត្តឲ្យពួកគេសរសេរនៅក្នុងកំណត់ហេតុសិក្សាព្រះគម្ពីរ ឬ សៀវភៅសរសេរក្នុងថ្នាក់របស់ពួកគេអំពីអ្វីដែលពួកគេនឹងធ្វើដើម្បីរៀបចំចំពោះសង្គ្រាមខាងវិញ្ញាណ ។
អាលម៉ា 60–62
មរ៉ូនៃបានចោទប្រកាន់ដោយខុសឆ្គងលើពេហូរ៉ាន ដែលឆ្លើយតបបដោយសេចក្ដីស្រឡាញ់ និងគោរព
សូមអានអាលម៉ា 59:13ឮៗ ។ សូមប្រាកដថាសិស្សយល់ថា មរ៉ូនៃបានខឹងដោយសារគាត់បានគិតថា រដ្ឋាភិបាលមិនខ្វល់ខ្វាយនឹងសេរីភាពរបស់ប្រជាជន ។ ដោយមានកំហឹង គាត់បានសរសេរសំបុត្រមួយទៅពេហូរ៉ាន ជាមេចៅក្រមនៅក្នុងដែនដីសារ៉ាហិមឡា ។ សូមឲ្យសិស្សពីរបីនាក់ប្ដូរវេនគ្នាអានឮៗពី អាលម៉ា 60:6–11 ។
-
តើមេទ័ពមរ៉ូណៃបានចោទប្រកាន់ពេហូរ៉ាពីអ្វី ?
-
តើអារម្មណ៍អ្វីដែលអ្នកឃើញក្នុងការចោទប្រកាន់របស់មរ៉ូណៃ ?
សូមសរសេរសេចក្ដីយោងព្រះគម្ពីរខាងក្រោមនៅលើក្ដារខៀន ៖ អាលម៉ា 60:17–20, 23–24 ។សូមឲ្យសិស្សអានខគម្ពីរទាំងនេះដោយស្ងាត់ៗ ។ សូមលើកទឹកចិត្តគេឲ្យស្រមៃពីអារម្មណ៍ដែលពួកគេមាន បើគេស្ថិតនៅក្នុងតំណែងរបស់ពូហេរ៉ាន ។
-
តើការចោទប្រកាន់របស់មេទ័ពមរ៉ូណៃអាចធ្វើឲ្យពេហូរ៉ានឈឺចាប់យ៉ាងណា ?
សូមឲ្យសិស្សពីរបីនាក់ប្ដូរវេនគ្នាអានឮៗពី អាលម៉ា 60:33–36 ។ សូមឲ្យសិស្សក្នុងថ្នាក់មើលតាម ដោយរកមើលអ្វីដែលមេទ័ពមរ៉ូណៃបានរៀបចំធ្វើ ប្រសិនបើពេហូរ៉ានមិនឆ្លើយនឹងសំណើររបស់គាត់ដោយសមស្របទេនោះ ។ ក្រោយពីឲ្យសិស្សរៀបរាប់អ្វីដែលពួកគេរកឃើញហើយ សូមឲ្យពួកគេរកមើលពាក្យ ឬឃ្លានៅក្នុងខគម្ពីរទាំងនេះដែលបង្ហាញពីមូលហេតុ ឬការជម្រុញរបស់មរ៉ូណៃក្នុងការធ្វើសំណើរនេះ ។
សូមឲ្យសិស្សអាន អាលម៉ា 61:1–5 ដោយស្ងាត់ៗដោយរកមើលមូលហេតុដែលមរ៉ូណៃមិនបានទទួលការពង្រឹង ។
-
តើព័ត៌មានអ្វីខ្លះដែលពេហូរ៉ានបានចែកចាយនឹងមរ៉ូណៃ ?
-
តើប្រជាជនបានឆ្លើយតប នៅពេលពួកគេបានចោទប្រកាន់អ្វីមួយខុសឆ្គង ដោយរបៀបណា ?
-
តើអ្នកធ្លាប់ចោទប្រកាន់អ្វីមួយដោយខុសឆ្គងទេ ? តើអ្នកមានអារម្មណ៍យ៉ាងណាអំពីការចោទប្រកាន់នោះ និងចំពោះអ្នកចោទប្រកាន់គេនោះ ?
សូមឲ្យសិស្សអាន អាលម៉ា 61:9–10, 15–18 ដោយស្ងាត់ៗដោយរកមើលអ្វីដែលបង្ហាញពីភាពអស្ចារ្យនៃអាកប្បកិរិយារបស់ពេហូរ៉ាន ។ ក្រោយពីមានពេលគ្រប់គ្រាន់ហើយ សូមឲ្យសិស្សពីរបីនាក់ចែកចាយអ្វីដែលពួកគេរកឃើញ ។
-
តើមេរៀនអ្វីដែលយើងអាចរៀនពីរបៀបដែលពេហូរ៉ានបានឆ្លើយតបនឹងការចោទប្រកាន់របស់មរ៉ូណៃ ? ( សូមជួយសិស្សឲ្យរកឃើញនូវគោលការណ៍ខាងក្រោម ៖ យើងអាចជ្រើសរើសមិនប្រកាន់នឹងពាក្យសម្ដី និងសកម្មភាពរបស់អ្នកដទៃ ។សេចក្ដីពិតផ្សេងទៀតដែលសិស្សអាចរកឃើញរួមមាន យើងគួរចៀសវាងការកាត់សេចក្ដីមិនល្អអំពីអ្នកដទៃ ហើយថា នៅពេលយើងរួបរួមដោយសេចក្ដីសុចរិតនឹងអ្នកដទៃ យើងនឹងរឹងមាំជាងមុននៅក្នុងសង្គ្រាមរបស់យើងប្រឆាំងនឹងអារក្ស ។អ្នកអាចសរសេរសេចក្ដីពិតនេះនៅលើក្ដារខៀន ។ )
-
តើយើងអាចជ្រើសរើសមិនប្រកាន់គេវិញដោយរបៀបណា ?
សូមគិតពីការសួរសិស្សថាតើពួកគេនឹងចែកចាយបទពិសោធន៍ខ្លះៗដែលពួកគេបានមាននៅក្នុងការជ្រើសរើសមិនប្រកាន់ នៅពេលមនុស្សបាននិយាយអ្វីមិនល្អ ឬមិនពិតអំពីពួកគេ ។ អ្នកក៏អាចគិតពីការប្រាប់អំពីបទពិសោធន៍មួយរបស់អ្នកផ្ទាល់ដែរ ។ សូមថ្លែងទីបន្ទាល់អំពីសារសំខាន់នៃការអភ័យទោសដល់អ្នកដទៃចំពោះសម្ដី ឬអាកប្បកិរិយាទាស់នឹងយើង ។ សូមលើកទឹកចិត្តឲ្យសិស្សធ្វើតាមគំរូរបស់ពេហូរ៉ាន ។
សូមឲ្យសិស្សម្នាក់អាន អាលម៉ា 62:1 ឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់រកមើលអារម្មណ៍ដែលមរ៉ូណៃមាន នៅពេលគាត់បានទទួលចម្លើយពីពេហូរ៉ាន ។
សូមពន្យល់ថា ទោះបីជាមេទ័ពមរ៉ូណៃបានខុសក្នុងការចោទប្រកាន់ពេហូរ៉ានក្ដី ក៏គាត់បានបង្រៀនគោលការណ៍ពិតដែលយើងអាចអនុវត្តនៅក្នុងជីវិតរបស់យើងដែរ ។ សូមឲ្យសិស្សម្នាក់អាន អាលម៉ា 60:23 ឮៗ ។ សូមបង្ហាញថា ពាក្យសម្ដីរបស់មរ៉ូណៃអំពីការលាង « ខាងក្នុងប្រដាប់ » អាចអនុវត្តដល់គ្រប់គ្នាដែលត្រូវប្រែចិត្ត ។ សូមពន្យល់ថា ប្រដាប់មួយ គឺជាប្រដាប់ដាក់ទឹក ដូចជាពែង ឬចានគោម ។ សូមដាក់ដី ឬភក់ទៅក្នុង និងប៉ាតលើខាងក្រៅពែងមួយ ( បើមាន សូមយកពែងថ្លាដែលអាចមើលឃើញ ) ។ សូមសួរសិស្សថា តើពួកគេនឹងផឹកទឹកពីពែងនោះទេ ។ សូមសម្អាតខាងក្រៅពែង ហើយសូមសួរសិស្សថា តើពួកគេនឹងព្រមផឹកទឹកពីពែងនោះទេ ។
-
ប្រសិនបើពួកគេគិតថាខ្លួនយើងគឺជាដូចជាពែងនោះ តើវាអាចមានន័យយ៉ាង ដើម្បីលាងប្រដាប់ខាងក្នុង ឬពែងខាងក្នុងនោះ ?
សូមអានសេចក្ដីថ្លែងការណ៍ខាងក្រោមនេះ ដែលថ្លែងដោយប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន ៖
« យើងត្រូវតែសម្អាតប្រដាប់ខាងក្នុង ( សូមមើល អាលម៉ា 60:23) ដោយចាប់ផ្ដើមដំបូងពីខ្លួនយើង បន្ទាប់មកគ្រួសារយើង ហើយទីបញ្ចប់ជាមួយនឹងសាសនាចក្រ » ( « Cleansing the Inner Vessel »Ensign,ខែ ឧសភា ឆ្នាំ 1986, ទំព័រ 4 ) ។
-
ហេតុអ្វីបានជាវាសំខាន់ដែលយើងត្រូវស្អាតខាងក្នុង ( ជាអ្វីដែលមនុស្សមិនអាចមើលឃើញ ) ក៏ដូចជាខាងក្រៅ ( ជាអ្វីដែលមនុស្សអាចមើលឃើញ ) ?
-
ហេតុអ្វីបានជាវាសំខាន់ដើម្បីសម្អាតប្រដាប់ខាងក្នុងជីវិតរបស់យើង មុនពេលយើងអាចមានប្រសិទ្ធិភាពពេញលេញនៅក្នុងនគររបស់ព្រះអម្ចាស់ ?
សូមសង្ខេប អាលម៉ា 62:1–38 ដោយការពន្យល់ថា មេទ័ពមរ៉ូណៃបាននាំផ្នែកមួយនៃកងទ័ពរបស់គាត់ទៅជួយពេហូរ៉ានដើម្បីបង្ក្រាបពួកនិយមស្ដេចនៅក្នុងដែនដីសារ៉ាហិមឡា ។ បន្ទាប់មក ដោយមានកងទ័ពរួបរួមគ្នា និងជំនួយពីកងកម្លាំងរបស់សាសន៍នីហ្វៃដទៃទៀត មរ៉ូណៃ និងពេហូរ៉ានបានវាយយកទីក្រុងផ្សេងទៀតដែលបានបាត់បង់លើសាសន៍លេមិនមកវិញ ។ ពួកគេបានបណ្ដេញសាសន៍លេមិនចេញពីដែនដី ហើយកសាងសន្ដិភាពក្នុងចំណោមប្រជាជន ។
-
តើឧបសគ្គណាខ្លះដែលបុគ្គល និងគ្រួសារជាច្រើនអាចជួបក្រោយពីពេលមានសង្គ្រាម ?
សូមឲ្យសិស្សអាន អាលម៉ា 62:39–41 ដោយស្ងាត់ៗដើម្បីរកមើលរបៀបដែលសាសន៍នីហ្វៃបានប៉ះពាល់ដោយឧបសគ្គនៃសង្គ្រាម ។
-
តើគោលការណ៍អ្វីដែលអ្នកអាចរកឃើញនៅក្នុង អាលម៉ា 62:40–41 ?
នៅពេលសិស្សពិភាក្សាពីសំណួរនេះ ពួកគេអាចឆ្លើយដូចតទៅ ៖
ការអធិស្ឋានដ៏សុចរិតរបស់យើងអាចមានឥទ្ធិពលដ៏វិជ្ជមានមួយដល់សហគមន៍របស់យើង ។
នៅក្នុងពេលមានឧបសគ្គ មនុស្សខ្លះបន្ទាបខ្លួនគេចំពោះមុខព្រះ ខណៈពេលអ្នកដទៃបានរឹងទទឹង ។
-
តើអ្នកគិតថា ហេតុអ្វីបានជាមនុស្សខ្លះខិតកាន់តែជិតទៅព្រះអម្ចាស់ នៅពេលពួកគេជួបនឹងឧបសគ្គនានា ? ហេតុអ្វីបានជាមនុស្សខ្លះបែរចេញពីព្រះអម្ចាស់ នៅពេលពួកគេជួបនឹងឧបសគ្គនានា ? ( សូមជួយសិស្សឲ្យយល់ថា នៅក្នុងពេលមានឧបសគ្គ ជម្រើសរបស់យើងសម្រេចថាតើយើងនឹងខិតកាន់តែជិតទៅព្រះអម្ចាស់ឬយ៉ាងណា ។
-
នៅពេលអ្នកអានជំពូកក្នុងព្រះគម្ពីរមរមនអំពីសង្គ្រាម តើពួកគេបានបង្រៀនអ្នកអំពីការក្លាយជាកូនសិស្សរបស់ព្រះយេស៊ូវគ្រីស្ទក្នុងពេលមានសង្គ្រាម ឬការទាស់ទែងគ្នាអ្វីខ្លះ ?
អាលម៉ា 63
សាសន៍នីហ្វៃជាច្រើនធ្វើដំណើរទៅកាន់ដែនដីភាគខាងជើង
សូមសង្ខេបពាក្យសម្ដីរបស់មរ៉ូណៃនៅក្នុងជំពូកនេះដោយការពន្យល់ថា សាសន៍នីហ្វៃជាច្រើនបានចាប់ផ្ដើមភៀសខ្លួនទៅភាគខាងជើង ក្បែរដែនដី និងក្បែរសមុទ្រ ។ ស៊ិបឡុនបានប្រគល់កំណត់ត្រាដ៏ពិសិដ្ឋដល់ហេលេមិន ។ មេទ័ពមរ៉ូណៃបានស្លាប់ ហើយកូនប្រុសរបស់គាត់ មរ៉ូណៃហា បានដឹកនាំកងទ័ពដែលបង្ក្រាបការវាយប្រហាររបស់សាសន៍លេមិនម្ដងទៀត ។
អ្នកអាចបញ្ចប់មេរៀននេះដោយការប្រាប់អំពីនរណាម្នាក់ដែលបានជួបនឹងឧបសគ្គ និងការរងទុក្ខ ហើយបានជ្រើសរើសបន្ទន់ដួងចិត្ត ហើយបង្កើនការទុកចិត្តលើព្រះ ។ សូមគិតពីការចែកចាយបទពិសោធន៍ផ្ទាល់ខ្លួនមួយ ។
ការរំឭកអាលម៉ា
សូមចំណាយពេលខ្លះដើម្បីជួយសិស្សឲ្យរំឭកគម្ពីរអាលម៉ា ។ សូមឲ្យពួកគេគិតអំពីអ្វីដែលពួកគេបានរៀនពីគម្ពីរនេះ ទាំងក្នុងថ្នាក់សិក្ខាសាលា និងនៅក្នុងការសិក្សាព្រះគម្ពីរផ្ទាល់ខ្លួនរបស់គេ ។ ប្រសិនបើចាំបាច់ សូមឲ្យពួកគេរំឭកសេចក្ដីសង្ខេបជំពូកខ្លះនៅក្នុងអាលម៉ាដើម្បីជួយពួកគេឲ្យចងចាំ ។ ក្រោយពីមានពេលគ្រប់គ្រាន់ហើយ សូមឲ្យសិស្សបីបួននាក់ចែកចាយពីគំនិត និងអារម្មណ៍របស់គេអំពីអ្វីដែលគម្ពីរនេះបានធ្វើឲ្យពួកគេរំភើប ។
វិចារណកថា និង ព័ត៌មានសាច់រឿង
អាលម៉ា 61 ។ ការឆ្លើយតបដល់អ្នកទាំងឡាយណាដែលចោទ ឬធ្វើឲ្យយើងឈឺចាប់
ប្រធាន ជែមស៍ អ៊ី ហ្វោស្ត នៃគណៈប្រធានទីមួយបានចែកចាយដំណើររឿងមួយដែលបង្ហាញពីសារសំខាន់នៃការមិនចងអារម្មណ៍ខឹងនឹងអ្នកដែលអាចធ្វើឲ្យយើងឈឺចាប់ ឬចោទប្រកាន់យើង ៖
« នៅលើកំពូលភ្នំដ៏ស្រស់ស្អាតមួយនៃរដ្ឋផែនសីលវេញ៉ា ក្រុមប្រជាជនកាន់សាសនាគ្រីស្ទានមួយក្រុមរស់នៅដោយមានជីវិតសាមញ្ញដោយគ្មានរថយន្ដ អគ្គិសនី ឬ ម៉ាស៊ីនទំនើបអ្វីឡើយ ។ ពួកគេធ្វើការខ្លាំង ហើយរស់នៅដោយស្ងប់ស្ងាត់ ជីវិតដ៏មានសន្ដិភាពដាច់ចេញពីពិភពលោក ។ អាហាររបស់ពួកគេភាគច្រើនបានមកពីចំការរបស់គេផ្ទាល់ ។ ស្ដ្រីបានដេរប៉ាក់ ហើយដេរខោអាវ ដែលសមរម្យ និងងាយស្រួល ។ ពួកគេត្រូវបានស្គាល់ថាជាប្រជាជនអាមីស ។
« អ្នកបើកឡានធំដឹកនាំទឹកដោះគោអាយុ 32 ឆ្នាំម្នាក់បានរស់នៅជាមួយនឹងគ្រួសាររបស់គាត់នៅក្នុងសហគមន៍ និកខិល ម៉ាញ របស់ពួកគេ ។ គាត់មិនមែនជាប្រជាជនអាមីសទេ ប៉ុន្ដែផ្លូវបើកឡានរបស់គាត់នាំគាត់ទៅកាន់កសិដ្ឋានចំការរបស់ប្រជាជនអាមីស ដែលគាត់បានក្លាយជាអ្នកដឹកទឹកដោះគោដ៏ស្ងប់ស្ងាត់ម្នាក់ ។ កាលពីខែតុលាកន្លងទៅ គាត់បានបាត់បង់មូលហេតុ និងការគ្រប់គ្រងភ្លាមៗ ។ នៅក្នុងគំនិតដែលត្រូវទណ្ឌកម្មរបស់គាត់ គាត់បានបន្ទោសព្រះចំពោះការស្លាប់នៃកូនទីមួយរបស់គាត់ និងការចងចាំដែលមិនអាចយកមកវិញបានខ្លះៗ ។ គាត់បានលុកលុយសាលារៀនប្រជាជនអាមីសដោយគ្មាននរណាបង្ករឿងនឹងគាត់ ដោះលែងក្មេងប្រុសៗនិងមជ្ឈិមវ័យ ហើយចងក្មេងស្រី 10នាក់ ។ គាត់បានបាញ់ក្មេងស្រីៗ ដោយបានសម្លាប់ក្មេងស្រីប្រាំនាក់ និងរបួសប្រាំ ។ បន្ទាប់មក គាត់បានសម្លាប់ខ្លួនឯង ។
« អំពើហិង្សាដ៏គួរឲ្យភ័យខ្លាចនេះបណ្ដាលឲ្យមានការដាក់ទោសដ៏ខ្លាំងក្នុងចំណោមប្រជាជនអាមីស ប៉ុន្ដែមិនមានកំហឹងនោះទេ ។ មានការឈឺចាប់ ប៉ុន្ដែមិនមានការស្អប់ឡើយ ។ ការអភ័យទោសរបស់ពួកគេមានភ្លាមៗ ។ ពួកគេបានទៅដល់គ្រួសារដែលរងទុក្ខរបស់អ្នកដឹកទឹកដោះគោនោះរួមគ្នា ។ នៅពេលគ្រួសាររបស់អ្នកដឹកទឹកដោះគោនោះប្រជុំគ្នានៅក្នុងផ្ទះរបស់គាត់នៅថ្ងៃក្រោយពីការបាញ់នោះ អ្នកជិតខាងអាមីសម្នាក់បានមក ឱបឪពុករបស់ខ្មាន់កាំភ្លើងដែលបានស្លាប់នោះ ហើយបាននិយាយថា ‹ យើងនឹងអភ័យទោសឲ្យអ្នក › ។ [ នៅក្នុង Joan Kern « A Community Cries » Lancaster New Era ថ្ងៃទី 4 ខែ តុលា ឆ្នាំ 2006 ទំព័រ A8 ] ។ អ្នកដឹកនាំអាមីសបានទៅលេងភរិយារបស់អ្នកដឹកទឹកដោះគោនោះ និងកូនៗដើម្បីបង្ហាញសេចក្ដីសណ្ដោស ការអភ័យទោស ការជួយ និងសេចក្ដីស្រឡាញ់របស់ពួកគេ ។ ប្រហែលជាពាក់កណ្ដាលនៃអ្នកទួញយំនៅថ្ងៃបុណ្យសពរបស់អ្នកដឹកទឹកដោះគោនោះគឺជាប្រជាជនអាមីស ។ ហើយប្រជាជនអាមីសបានអញ្ជើញឲ្យគ្រួសាររបស់អ្នកដឹកទឹកដោះគោនោះទៅចូលរួមការធ្វើបុណ្យសពនៃក្មេងស្រីៗដែលត្រូវបានសម្លាប់ទាំងឡាយ ។ សន្ដិភាពដ៏គួរឲ្យកត់សម្គាល់មួយបានកើតឡើងដល់ប្រជាជនអាមីស នៅពេលសេចក្ដីជំនឿរបស់ពួកគេបន្ដនៅមាននឹងពួកគេពេលមានវិបត្តិនេះ ។
« អ្នកភូមិក្នុងតំបន់នោះម្នាក់បានសរុបដោយមានវោហារពីលទ្ធផលនៃសោកនាដកម្មនេះ នៅពេលគាត់បាននិយាយថា « យើងទាំងអស់គ្នានិយាយភាសាដូចគ្នា ហើយវាមិនត្រឹមតែជាភាសាអង់គ្លេសប៉ុណ្ណោះទេ ប៉ុន្ដេជាភាសានៃការយកចិត្តទុកដាក់ ជាភាសាមួយនៃសហគមន៍ [ និង ] ជាភាសាមួយនៃការបម្រើ ។ ហើយមែនហើយជាភាសានៃការអភ័យទោសមួយ › ។ [ នៅក្នុង Helen Colwell Adams « After That Tragic Day, a Deeper Respect among English, Amish? » Sunday News, ថ្ងៃទី 15 ខែ តុលា ឆ្នាំ 2006 ទំព័រ A1 ] ។ វាគឺជាលទ្ធផលដ៏អស្ចារ្យមួយនៃសេចក្ដីជំនឿដ៏ពេញលេញរបស់ពួកគេលើការបង្រៀនរបស់ព្រះអម្ចាស់នៅក្នុងទេសនកថានៅលើភ្នំ ៖ ‹ ត្រូវប្រព្រឹត្តល្អនឹងអ្នកណាដែលស្អប់អ្នករាល់គ្នា ហើយត្រូវអធិស្ឋានឲ្យអ្នកណាដែលធ្វើទុក្ខបៀតបៀនដល់អ្នករាល់គ្នាវិញ › [ម៉ាថាយ 5:44] ។
« គ្រួសារនៃអ្នកដឹកទឹកដោះគោដែលបានសម្លាប់ក្មេងស្រីប្រាំនាក់បានថ្លែងសេចក្ដីដូចខាងក្រោមជាសាធារណៈ ៖
« ‹ ជូនចំពោះមិត្ត អ្នកជិតខាង និងសហគមន៍ក្នុងស្រុករបស់យើង អាមីស ៖
« ‹ គ្រួសាររបស់យើងចង់ឲ្យអ្នកម្នាក់ៗដឹងថា យើងពិតជាពោរពេញដោយការអភ័យទោស ការដឹងគុណ និងសេចក្ដីមេត្តារបស់អ្នកដែលអ្នកបានសម្ដែងដល់យើង ។ សេចក្ដីស្រឡាញ់របស់អ្នកដល់គ្រួសាររបស់យើងបានជួយផ្ដល់នូវការព្យាបាលដែលយើងត្រូវការជាខ្លាំងពន់ពេក ។ ការអធិស្ឋាន ផ្កា កាត និងអំណោយដែលអ្នកបានផ្ដល់ដល់យើង បានធ្វើឲ្យដួងចិត្តយើងរំភើបតាមរបៀបមួយដែលគ្មានពាក្យពេចន៍ណាអាចពិពណ៌នាបាន ។ សេចក្ដីមេត្តារបស់អ្នកបានសម្ដែងមកដល់លើសគ្រួសារយើង លើសពីសហគមន៍យើង ហើយវាកំពុងផ្លាស់ប្ដូរពិភពលោកយើង ហើយដោយការណ៍នេះយើងពិតថ្លែងអំណរគុណដល់អ្នកជាខ្លាំងក្រៃ ។
« ‹ សូមដឹងថា ដួងចិត្តរបស់យើងបានខ្ទេចខ្ទាំដោយអ្វីៗដែលបានកើតឡើង ។ យើងពោរពេញដោយទុក្ខសោកចំពោះអ្វីៗដែលអ្នកជិតខាងអាមីសយើងមាន ដែលយើងស្រឡាញ់ និងបន្ដស្រឡាញ់ ។ យើងដឹងថា មានពេលលំបាកជាច្រើននាពេលខាងមុខសម្រាប់គ្រួសារទាំងឡាយដែលបានបាត់បង់មនុស្សជាទីស្រឡាញ់ ហើយដូច្នេះហើយនឹងបន្ដមានសេចក្ដីសង្ឃឹម និងទុកចិត្តលើព្រះថានឹងទទួលបានការលួងលោមទាំងឡាយ នៅពេលយើងទាំងអស់គ្នាស្វែងរកកសាងជីវិតរបស់យើងជាថ្មី › ។ [ “Amish Shooting Victims,” www.800padutch.com/amishvictims.shtml ] ។
« តើក្រុមអាមីសទាំងមូលអាចសម្ដែងការបង្ហាញការអភ័យទោសបែបនោះដោយរបៀបណា ? វាកើតឡើងដោយសារតែសេចក្ដីជំនឿលើព្រះ និងការទុកចិត្តលើព្រះបន្ទូលរបស់ទ្រង់ ដែលជាផ្នែកមួយនៃប្រដាប់ខាងក្នុងរបស់គេ ។ ពួកគេឃើញថាខ្លួនគេជាកូនសិស្សនៃព្រះគ្រីស្ទ ហើយចង់ធ្វើតាមគំរូរបស់ទ្រង់ ។
« ដោយបានស្ដាប់រឿងសោកនាដកម្មនេះ មនុស្សជាច្រើនបានបញ្ជូនប្រាក់ដល់ប្រជាជនអាមីសដើម្បីបង់ថ្លៃថែរក្សាសុខភាពនៃការព្យាបាលក្មេងស្រីដែលនៅរស់ទាំងប្រាំនាក់ និងការចំណាយថ្លៃបុណ្យសពនៃក្មេងស្រីទាំងប្រាំនាក់ដែលបានស្លាប់នោះ ។ ដោយការបង្ហាញភាពជាសិស្សរបស់ពួកគេបន្ថែមទៀត ប្រជាជនអាមីសបានសម្រេចថានឹងចែកចាយប្រាក់ខ្លះជាមួយនឹងស្ដ្រីមេម៉ាយរបស់អ្នកដឹកទឹកដោះគោ និងកូនបីនាក់របស់នាង ដោយសារពួកគេក៏ជាជនរងគ្រោះនៃសោកនាដកម្មដ៏អាក្រក់នេះដែរ » ( « The Healing Power of Forgiveness » Ensign ឬ Liahona ខែ ឧសភា ឆ្នាំ 2007 ទំព័រ 67–68 ) ។
អាលម៉ា 62:41 ។ ការតបតនឹងឧបសគ្គ
ដោយយោងទៅ អាលម៉ា 62:39–41 ប្រធាន ប៊យដ៍ ឃេ. ផាកកឺ នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានបង្រៀន ៖
« ការសាកល្បងដូចគ្នានៅក្នុងពេលលំបាកជាច្រើនអាចមានឥទ្ធិពលផ្ទុយលើបុគ្គលទាំងឡាយ ។…
« ពិតណាស់អ្នកដឹងពីជីវិតរបស់អ្នកខ្លះដែលបានពោរពេញទៅដោយឧបសគ្គ ដែលបានទុំជោរ ហើយបានពង្រឹង និងបន្សុទ្ធជីវិត ខណៈពេលដែលអ្នកដទៃបានឆ្លងនឹងការសាកល្បងដូចគ្នាតែមានភាពល្វីងជូរចត់ និងពិបាក និងមិនរីករាយ » ( « The Mystery of Life » Ensign ខែ វិច្ឆិកា ឆ្នាំ 1983 ទំព័រ 18 ) ។
អែលឌើរ ដាល្លិន អេក. អូកស៍ នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានពន្យល់ថា យើងជ្រើសរើសរបៀបដែលយើងនឹងតបតនឹងឧបសគ្គ ៖
« ពិតណាស់ឧបសគ្គដ៏ខ្លាំងទាំងនេះមិនមែនគ្មានគោលបំណង ឬឥទ្ធិពលដ៏អស់កល្បជានិច្ចខ្លះនោះទេ ។ វាអាចបែរដួងចិត្តយើងទៅព្រះ ។… ទោះបីជាឧបសគ្គទាំងឡាយបង្កឲ្យមានការលំបាកខាងសាច់ឈាមជាច្រើនក្ដី ពួកគេក៏អាចជាវិធីដឹកនាំបុរស និងស្ដ្រីទៅរកពរជ័យដ៏អស់កល្បដែរ ។
« ឧបសគ្គដ៏ធំបែបនេះដូចជាគ្រោះមហន្ដរាយ និងសង្គ្រាមដែលហាក់ដូចជាជាប់គ្នាទៅនឹងបទពិសោធន៍ខាងសាច់ឈាម ។ យើងមិនអាចរារាំងវាទាំងអស់ទេ ប៉ុន្ដែយើងអាចសម្រេចពីរបៀបដែលយើងនឹងតបតនឹងឧបសគ្គទាំងឡាយ ។ ឧទាហរណ៍ ឧបសគ្គនៃសង្គ្រាម និងការបម្រើយោធា ដែលជាការបំផ្លាញខាងវិញ្ញាណរបស់អ្នកខ្លះ ដែលបានធ្វើឲ្យអ្នកដទៃទន់ខ្សោយខាងវិញ្ញាណ ។ ព្រះគម្ពីរមរមនរៀបរាប់ពីភាពផ្ទុយគ្នា ៖
« ‹ ប៉ុន្ដែមើលចុះ មកពីរយៈពេលដ៏យូរក្រៃលែងនៃសង្គ្រាមរវាងពួកសាសន៍នីហ្វៃ និងពួកសាសន៍លេមិននោះមនុស្សជាច្រើនបានក្លាយទៅជារឹងទទឹង មកពីរយៈពេលដ៏យូរក្រៃលែងនៃសង្គ្រាម ហើយមនុស្សជាច្រើនមានចិត្តទន់ភ្លន់ មកពីសេចក្ដីទុក្ខវេទនាទាំងឡាយរបស់គេ ដរាបដល់ពួកគេបានបន្ទាបខ្លួននៅចំពោះព្រះគឺនៅក្នុងជម្រៅនៃភាពទន់ទាប › (អាលម៉ា 62:41 ) ។
« ខ្ញុំបានអានពីភាពផ្ទុយគ្នាដ៏ស្រដៀងគ្នាមួយ ក្រោយពីព្យុះដ៏កំណាចដែលបានបំផ្លាញផ្ទះរាប់ពាន់នៅក្នុងរដ្ឋហ្វ្លូរីដាជាច្រើនឆ្នាំកន្លងទៅ ។ ដំណើររឿងមួយដែលបានដកស្រង់ពីមនុស្សខុសគ្នាពីរនាក់ដែលបានរងទុក្ខនឹងសោកនាដកម្មដូចគ្នា ហើយបានទទួលពរជ័យដូចគ្នា ៖ ផ្ទះរបស់គេនីមួយៗត្រូវបានបំផ្លាញទាំងស្រុង ប៉ុន្ដែសមាជិកគ្រួសាររបស់ពួកគេនីមួយៗបានសង្គ្រោះសេចក្ដីស្លាប់ ឬការរងរបួស ។ មនុស្សម្នាក់បាននិយាយថា សោកនាដកម្មនេះបានបំផ្លាញសេចក្ដីជំនឿរបស់គាត់ ; គាត់បានសួរថា តើព្រះអាចឲ្យរឿងកើតឡើងបែបនេះដោយរបៀបណា ? អ្នកទីពីរបាននិយាយថា បទពិសោធន៍បានពង្រឹងសេចក្ដីជំនឿរបស់គាត់ ។ ព្រះបានធ្វើល្អនឹងគាត់ គាត់បាននិយាយ ។ ទោះបីជាផ្ទះ និងកម្មសិទ្ធិរបស់គ្រួសារត្រូវបានបាត់បង់ក្ដី ក៏ជីវិតរបស់ពួកគេត្រូវបានសង្គ្រោះ និងពួកគេអាចកសាងផ្ទះជាថ្មី ។ សម្រាប់បុគ្គលម្នាក់ កែវមួយមានទឹកពាក់កណ្ដាលទៅភាពទទេ ។ សម្រាប់បុគ្គលម្នាក់ទៀត កែវមួយមានទឹកពាក់កណ្ដាលទៅភាពពេញ ។ អំណោយទាននៃសិទ្ធិសេរីភាពខាងសាច់ឈាមមានអំណាចឲ្យយើងម្នាក់ៗជ្រើសរើសពីរបៀបដែលយើងនឹងធ្វើសកម្មភាព នៅពេលយើងរងទុក្ខពេលមានឧបសគ្គ » ( « Adversity » Ensign ខែ កក្កដា ឆ្នាំ 1998 ទំព័រ 7–8 ) ។
អាលម៉ា 63:4–10 ។ ហាកូត និងកូនចៅរបស់គាត់
ព្យាការីថ្ងៃចុងក្រោយបាននិយាយថា ប្រជាជនរបស់ហាកូតបានរស់នៅលើកោះ ដែលឥឡូវនេះស្គាល់ថាជាប្រទេសញូវសេឡង់ ។
ចំពោះអ្នកបរិសុទ្ធនៅក្នុងប្រទេសញូវសេឡង់ ប្រធាន យ៉ូសែប អេហ្វ ស៊្មីធ បាននិយាយថា « បងប្អូនប្រសុស្រីពីប្រទេសញូវសេឡង់ ខ្ញុំចង់ឲ្យអ្នកដឹងថា អ្នកមកពីប្រជាជនហាកូត » ( បានដកស្រង់ដោយ ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល នៅក្នុង Joseph Fielding McConkie and Robert L. Millet Doctrinal Commentary on the Book of Mormon វ៉ុលទី 3 [ 1991 ], 329 ) ។
នៅក្នុងការអធិស្ឋានដ៏ឧទ្ទិសសម្រាប់ព្រះវិហារបរិសុទ្ធទីក្រុង ហាមីលតុន ញូវសេឡង់ ប្រធាន ដេវីឌ អូ មិកឃេ បានមានប្រសាសន៍ថា « យើងសូមបង្ហាញអំណរគុណចំពោះអ្នកដែលចម្រើនកោះទាំងនេះ អ្នកបានណែនាំកូនចៅរបស់ឪពុកលីហៃ និងបានឲ្យពួកគេអាចរុងរឿង » ( « Dedicatory Prayer Delivered by Pres. McKay at New Zealand Temple » Church News ថ្ងៃទី 10 ខែ ឧសភា ឆ្នាំ 1958 ទំព័រ 2 ) ។
ប្រធាន ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល បានមានប្រសាសន៍ ៖ « វាសមរម្យដើម្បីបញ្ចប់ថា ហាកូត និងកូនចៅរបស់គាត់បាននៅលើកោះនេះប្រហែលក្នុងសតវត្សរ៍ទីដប់ប្រាំបួន ប្រហែលពីឆ្នាំ 55 មុ.គ.ស. ដល់ ឆ្នាំ 1854 មុនពេលដំណឹងល្អបានចាប់ផ្ដើមពង្រីកដល់ពួកគេ ។ ពួកគេបានបាត់បង់របស់ដ៏មានតម្លៃ និងសំខាន់ដែលព្រះអង្គសង្គ្រោះបាននាំមកដល់ផែនដី ដោយសារពួកគេហាក់ដូចជានៅលើកោះនេះ នៅពេលដែលព្រះគ្រីស្ទបានប្រសូតនៅក្នុងទីក្រុងយេរូសាឡិម » ( Temple View Area Conference Report February 1976 3 ការដកស្រង់នៅក្នុង Joseph Fielding McConkie and Robert L. Millet, Doctrinal Commentary on the Book of Mormon, vol. 3 ទំព័រ 329 ) ។