មេរៀនទី 70
អាលម៉ា 3–4
សេចក្តីផ្ដើម
ក្រោយពីបានចូលរួមនឹងកងទ័ពសាសន៍លេមិនហើយ ពួកអាំលីសៃបានញែកខ្លួនពួកគេចេញពីសាសន៍នីហ្វៃ ដោយមានការគូសសញ្ញាក្រហមនៅលើថ្ងាស់របស់ពួកគេ ។ ពួកអាំលីសៃ និង សាសន៍លេមិនបានធ្វើចម្បាំងនឹងសាសន៍នីហ្វៃ ហើយ “ ព្រលឹងរាប់ពាន់ និង រាប់ម៉ឺន ” បានស្លាប់នៅក្នុងសង្គ្រាម ( សូមមើល អាលម៉ា 3:26 ) ។ ការដេញតាមសង្គ្រាមនេះ សាសន៍នីហ្វៃជាច្រើនបានបន្ទាបខ្លួនគេ ហើយ “ ត្រូវបានភ្ញាក់ឡើង ដោយនឹកឃើញដល់ភារកិច្ចរបស់ខ្លួន ” ( អាលម៉ា 4:3 ) ។ ប្រហែលជា 3,500 នាក់ត្រូវបានជ្រមុជទឹក ហើយចូលរួមនៅក្នុងសាសនាចក្រ ។ ទោះជាយ៉ាងណាក្ដី នៅក្នុងឆ្នាំក្រោយមក សមាជិកសាសនាចក្រជាច្រើនបានមានអំនួត ហើយចាប់ផ្ដើមបៀតបៀនអ្នកដទៃ ។ ទាក់ទងនឹងសេចក្ដីទុច្ចរិតនេះ អាលម៉ាបានលាលែងពីកាតព្វកិច្ចរបស់គាត់ ជាមេចៅក្រម ហើយបានបន្ដបម្រើជាសង្ឃជាន់ខ្ពស់លើសាសនាចក្រ ។ នៅក្នុងសមត្ថភាពនេះ គាត់បានគ្រោងធ្វើដំណើរក្នុងតំបន់ ដោយថ្លែងទីបន្ទាល់ដ៏បរិសុទ្ធ និង ហៅប្រជាជនឲ្យមកប្រែចិត្ត ។
យោបល់សម្រាប់ការបង្រៀន
អាលម៉ា 3:1–19
សាសន៍នីហ្វៃបានទាស់នឹងសាសន៍អាំលីសៃ និង សាសន៍លេមិន
សូមបែងចែកសិស្សទាំងឡាយជាក្រុមតូចៗ ។ សូមចែកក្រដាសមួយដល់ក្រុមនីមួយៗ ដោយមានពាក្យដូចខាងក្រោមសរសេរលើក្រដាសនោះថា ៖ សំលៀកបំពាក់ ម៉ូតសក់ ក្រវិល និង គ្រឿងអលង្ការ ការសាក់ស្បែក ។សូមឲ្យក្រុមទាំងឡាយពិភាក្សាពីសារលិខិតអ្វីដែលប្រជាជនអាចផ្ញើ ដោយមានចេតនា ឬ ដោយអចេតនា ជាមួយនឹងពាក្យទាំងនេះ ។
សូមរំឭកសិស្សថា សាសន៍អាំលីសៃបានបែងចែកពីសាសន៍នីហ្វៃ ហើយបានចូលរួមនឹងកងទ័ពសាសន៍លេមិន ( សូមមើល អាលម៉ា 2 ) ។ សូមអញ្ជើញឲ្យសិស្សអាន អាលម៉ា 3:4 ហើយរកមើលពីរបៀបដែលអាំលីសៃបានផ្លាស់ប្ដូររូបរាងរបស់ពួកគេ ។
-
តើសាសន៍អាំលីសៃចង់ “ ញែកចេញពី” អ្នកណា ?
-
តើប្រជាជនខ្លះនាពេលសព្វថ្ងៃនេះអាចញែកខ្លួនគេចេញពីពួកសុចរិត តាមរយៈរូបរាងខាងក្រៅរបស់ពួកគេដោយរបៀបណា ? ( នៅពេលសិស្សឆ្លើយតប សូមប្រាកដថា វាច្បាស់ថា មនុស្សខ្លះមានចេតនាផ្លាស់ប្ដូររូបរាងរបស់ពួកគេដើម្បីញែកខ្លួនគេចេញពីពួកសុចរិត ឬ បះបោរទាស់នឹងបទដ្ឋាននៃសាសនាចក្រ ។ អ្នកផ្សេងទៀតធ្វើតាមទំនោរនៃលោកិយ ដោយមិនបានដឹងថា ពួកគេកំពុងផ្ញើរសារលិខិតអំពីខ្លួនគេ ) ។
សូមពន្យល់ថា នៅពេលសាសន៍អាំលីសៃបានគូសចំណាំនៅលើថ្ងាសរបស់ពួកគេ ដើម្បីញែកខ្លួនគេចេញពីសាសន៍នីហ្វៃ ពួកគេបានបង្ហាញថា ពួកគេបាននាំបណ្ដាសាររបស់សាសន៍លេមិនមកលើខ្លួនគេដែរ ។ សូមអញ្ជើញឲ្យសិស្សពីរបីនាក់ប្ដូរវេនគ្នាអានឮពី អាលម៉ា 3:14–19 ។ សូមជួយឲ្យសិស្សក្នុងថ្នាក់វិភាគខគម្ពីរទាំងនេះ ដោយការសួរសំណួរខាងក្រោមខ្លះឬទាំងអស់ ៖
-
តើឃ្លានៅក្នុង អាលម៉ា 3:18 ពិពណ៌នាសកម្មភាព និង អាកប្បកិរិយារបស់សាសន៍អាំលីសៃចំពោះព្រះអ្វីខ្លះ ? ( “ បះបោរចេញមុខមកទាស់នឹងព្រះ ”
-
តើសាសន៍អាំលីសៃបាននាំយកនូវបណ្ដាសាមួយ “ មកលើខ្លួនគេ ” ដោយរបៀបណា ? ( អាលម៉ា 3:19 ) ។
-
តើសេចក្ដីពិតអ្វីខ្លះ ដែលយើងអាចរៀនពីខគម្ពីរទាំងនេះ ? ( ចម្លើយអាចរួមមាន អ្នកដែលចេញមុខមកទាស់នឹងព្រះ នាំយកលទ្ធផលអវិជ្ជមានមកលើខ្លួនគេ ហើយថា ប្រសិនបើយើងត្រូវបានញែកចេញពីព្រះ វាគឺដោយសារយើងបានញែកខ្លួនយើងចេញពីទ្រង់
ដើម្បីជួយសិស្សឲ្យយល់ពីសារសំខាន់នៃការញែកខ្លួនគេចេញពីផ្លូវសុចរិត សូមសួរសំណួរខាងក្រោម ៖
-
តើរបៀបណាខ្លះ ដែលយើងអាចបង្ហាញតាមរយៈសំលៀកបំពាក់ និង រូបរាងរបស់យើងថា យើងគឺជាសិស្សនៃព្រះយេស៊ូវគ្រីស្ទនោះ ? ( ប្រសិនបើសិស្សពិបាកឆ្លើយនឹងសំណួរនេះ អ្នកអាចឲ្យពួកគេអានវគ្គ “ សំលៀកបំពាក់ និង រូបរាងខាងក្រៅ ” នៅក្នុង ដើម្បីកម្លាំងនៃយុវជន[ ឆ្នាំ 2011 ], ទំព័រ 6–8 ។ សូមបញ្ជាក់ថា ទីបន្ទាល់ខាងក្នុងរបស់យើងអំពីដំណឹងល្អគួរមានឥទ្ធិពលតាមរយៈសំលៀកបំពាក់ និង រូបរាងរបស់យើង )
សូមលើកទឹកចិត្តឲ្យបង្ហាញថា ពួកគេធ្វើតាមព្រះអម្ចាស់ នៅពេលពួកគេមានជម្រើសប្រចាំថ្ងៃ រួមមានជម្រើសពីការស្លៀកពាក់ និង រូបរាងរបស់ពួកគេ ។ សូមបញ្ជាក់ថា តាមរយៈសំលៀកបំពាក់ និងរូបរាងរបស់យើង យើងអាចញែកខ្លួនយើងថាជាសិស្សរបស់ព្រះយេស៊ូវគ្រីស្ទ ។
អាលម៉ា 3:20–27
មនុស្សរាប់ពាន់នាក់ត្រូវស្លាប់នៅក្នុងសង្គ្រាមមួយរវាងសាសន៍នីហ្វៃ និង សាសន៍លេមិន និង សាសន៍អាំលីសៃ
សូមសង្ខេប អាលម៉ា 3:20–25 ដោយការនិយាយថា សាសន៍នីហ្វៃបានបង្ក្រាបសាសន៍លេមិន ប៉ុន្ដែទាំងសងខាងរងទុក្ខនូវការស្លាប់មនុស្សរាប់ពាន់នាក់ ។ សូមអញ្ជើញឲ្យសិស្សម្នាក់អាន អាលម៉ា 3:26–27 ឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ស្ដាប់រកមើលមេរៀនមួយដែលមរមនចង់ឲ្យយើងយល់ ។
-
យោងតាមខគម្ពីរទាំងនេះ តើរង្វាន់អ្វីនឹងមកដល់អ្នកដែលគោរពតាមព្រះអម្ចាស់ ?
-
តើលទ្ធផលអ្វីដែលមកដល់អ្នកដែលមិនធ្វើតាមព្រះអម្ចាស់នោះ ?
ដោយសង្ខេប អ្នកអាចសរសេរគោលការណ៍ខាងក្រោមនៅលើក្ដារខៀន ៖ យើងទទួលបានសុភមង្គល ឬ ការរងទុក្ខផ្អែកលើអ្នកណាដែលយើងជ្រើសរើសគោរពតាម ។
សូមអញ្ជើញឲ្យសិស្សគិតអំពីពរជ័យដែលមកពីការជ្រើសរើសធ្វើតាមព្រះអម្ចាស់ ។
-
តើពរជ័យអ្វីខ្លះដែលអ្នកបានទទួលពីព្រះអម្ចាស់ នៅពេលអ្នកបានជ្រើសរើសធ្វើតាមទ្រង់ ?
អាលម៉ា 4:1–14
ក្រោយពីមួយរយៈនៃការរីកចម្រើននៃសាសនាចក្រ សមាជិកនៃសាសនាចក្របានមានអំណួត ហើយទាស់នឹងគ្នាទៅវិញទៅមក
សូមសរសេរពាក្យ បន្ទាបខ្លួន និង អំនួត នៅលើក្ដារខៀន ។
-
តើការបន្ទាបខ្លួនមានន័យដូចម្តេច ? ( ការបន្ទាបខ្លួនគឺជាការដែលអាចបង្រៀនបាន ហើយទទួលស្គាល់ដោយការដឹងគុណពីការពឹងផ្អែករបស់យើងទៅលើព្រះអម្ចាស់ —ដើម្បីយល់ថា យើងត្រូវការជំនួយរបស់ទ្រង់ជានិច្ច
សូមអញ្ជើញឲ្យសិស្សពីរបីនាក់ប្ដូរវេនគ្នាអានឮពី អាលម៉ា 4:1–5 ។ សូមឲ្យសិស្សក្នុងថ្នាក់រកមើលភស្ដុតាង ដែលថាសាសន៍បានបន្ទាបខ្លួន ។ នៅពេលសិស្សពន្យល់ពីអ្វីដែលពួកគេបានរកឃើញ វាអាចជួយច្រើន ដើម្បីបង្ហាញថា យើងមិនត្រូវរងទុក្ខនឹងសោកនាដកម្មដើម្បីចេះបន្ទាបខ្លួននោះទេ —យើងអាចជ្រើសរើសដើម្បីបន្ទាបខ្លួន ។
សូមបង្ហាញថា ការពិពណ៌នានៃសាសន៍នីហ្វៃនៅក្នុង អាលម៉ា 4:6គឺខុសគ្នាពីការពិពណ៌នានៅក្នុង អាលម៉ា 4:3–5 ។ សូមចង្អុលទៅពាក្យ អំនួត នៅលើក្ដារខៀន ។
-
តើអំណួតមានន័យដូចម្តេច ? ( អំនួតគឺជាពាក្យផ្ទុយនឹងការបន្ទាបខ្លួន ។ មនុស្សដែលអួតដាក់ខ្លួនគេផ្ទុយពីគ្នាទៅវិញទៅមក ហើយផ្ទុយពីព្រះ ។ ពួកគេដាក់ខ្លួនគេលើអ្នកនៅជុំវិញខ្លួនគេ ហើយធ្វើតាមបំណងរបស់ពួកគេផ្ទាល់ជាជាងបំណងរបស់ព្រះ
សូមអញ្ជើញឲ្យសិស្សពាក់កណ្ដាលថ្នាក់អាន អាលម៉ា 4:6–8 ដោយស្ងាត់ៗ ហើយសិស្សពាក់កណ្ដាល់ថ្នាក់ទៀតអាន អាលម៉ា 4:9–12 ដោយស្ងាត់ៗ ។ សូមឲ្យក្រុមទាំងពីររកមើលសកម្មភាពនៃអំនួតនៃប្រជាជននីហ្វៃខ្លះ និង ពីរបៀបដែលសកម្មភាពទាំងនោះប៉ះពាល់ដល់អ្នកដទៃ ។ ក្រោយមានពេលគ្រប់គ្រាន់ហើយ សូមឲ្យក្រុមទាំងពីរប្រាប់ពីអ្វីដែលពួកគេបានរកឃើញ ។
-
តើខគម្ពីរទាំងនេះបង្រៀនអ្វីខ្លះអំពីរបៀបដែលអំនួតជះឥទ្ធិពលលើរបៀបដែលពួកគេប្រព្រឹត្តដាក់អ្នកដទៃនោះ ?
-
តើការព្រមានអ្វីខ្លះដែលអ្នកឃើញនៅក្នុង អាលម៉ា 4:10 ? ( សូមប្រាកដថា សិស្សយល់ថា ប្រសិនបើយើងធ្វើគំរូមិនសុចរិត សកម្មភាពរបស់យើងអាចរារាំងដល់អ្នកដទៃពីការទទួលយកដំណឹងល្អ
សូមអញ្ជើញឲ្យសិស្សម្នាក់អាន អាលម៉ា 4:13–14 ឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់រកមើលឧទាហរណ៍ពីរបៀបដែលប្រជាជននីហ្វៃខ្លះបន្ទាបខ្ឡួន ទោះបីជានៅពេលអ្នកដទៃមានអំនួតក្ដី ។
-
តើខគម្ពីរទាំងនេះបង្រៀនអ្វីខ្លះ អំពីរបៀបដែលការបន្ទាបខ្លួនជះឥទ្ធិពលដល់របៀបដែលយើងប្រព្រឹត្តនឹងអ្នកដទៃនោះ ?
សូមបញ្ជាក់ថា ការសម្រេចចិត្តរបស់យើងដើម្បីបន្ទាបខ្លួន ឬ មានអំណួតជះឥទ្ធិពលដល់យើង និងអ្នកដទៃ ។បើមានពេល សូមអញ្ជើញឲ្យសិស្សសរសេរនៅក្នុងកំណត់ហេតុសិក្សាព្រះគម្ពីរ ឬ សៀវភៅសរសេរក្នុងថ្នាក់របស់ពួកគេអំពីបទពិសោធន៍ដែលពួកគេមានដែលបង្ហាញពីសេចក្ដីពិតនៃប្រយោគនេះ ។
អាលម៉ា 4:15–20
អាលម៉ាលាលែងពីតំណែងជាមេចៅក្រម ដើម្បីគាត់អាចលះបង់ពេលវេលារបស់គាត់ហៅប្រជាជនឲ្យប្រែចិត្ត
សូមអញ្ជើញឲ្យសិស្សស្រមៃថា ពួកគេស្ថិតនៅក្នុងកន្លែងរបស់អាលម៉ា ។ ពួកគេគឺជាមេចៅក្រម ហើយមានមនុស្សជាច្រើនមានអំនួត ហើយបៀតបៀនអ្នកដែលនៅបន្ដការបន្ទាបខ្លួន ។
-
តើអ្នកអាចធ្វើអ្វីដើម្បីជួយមនុស្សឲ្យផ្លាស់ប្ដូរ ?
សូមអញ្ជើញឲ្យសិស្សម្នាក់អាន អាលម៉ា 4:15–19 ឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់រកមើលអ្វីដែលអាលម៉ាបានជ្រើសរើសធ្វើ ។
-
តើអាលម៉ាបានសម្រេចចិត្តធ្វើអ្វី ? ( គាត់បានសម្រេចចិត្តលះបង់តំណែងរបស់គាត់ជាមេចៅក្រម ដើម្បីគាត់អាចលះបង់ពេលវេលារបស់គាត់បង្រៀនដល់ប្រជាជន
-
តើឃ្លា “ ការធ្វើទីបន្ទាល់ដ៏បរិសុទ្ធ ” ( អាលម៉ា 4:19 ) បានស្នើអ្វីអំពីរបៀបដែលអាលម៉ានឹងបង្រៀន ?
-
តើនៅពេលណាដែលអ្នកបានឮមនុស្សថ្លែង “ ទីបន្ទាល់ដ៏បរិសុទ្ធ” នោះ ? តើបទពិសោធន៍ទាំងនេះបានជះឥទ្ធិពលដល់អ្នកដោយរបៀបណា ?
-
តើសេចក្ដីពិតអ្វីខ្លះដែលយើងអាចរៀនពីគំរូរបស់អាលម៉ានៅក្នុង អាលម៉ា 4:19 ?
ចម្លើយរបស់សិស្សចំពោះសំណួរនេះអាចរួមមានដូចខាងក្រោម ៖
ការបំពេញកាតព្វកិច្ចខាងវិញ្ញាណរបស់យើង អាចតម្រូវឲ្យមានការលះបង់ ។
ការថ្លែងទីបន្ទាល់ដ៏បរិសុទ្ធជួយអ្នកដទៃឲ្យខិតទៅជិតព្រះ ។
សូមលើកទឹកចិត្តសិស្ស ឲ្យរកមើល ទីបន្ទាល់ដ៏បរិសុទ្ធរបស់អាលម៉ា នៅពេលពួកគេអាន អាលម៉ា 5–16 នៅក្នុងការសិក្សាផ្ទាល់ខ្លួនរបស់ពួកគេ និង នៅពេលពួកគេពិភាក្សាពីជំពូកទាំងនេះនៅក្នុងមេរៀនបន្ទាប់ទៀត ។ សូមលើកទឹកចិត្តពួកគេផងដែរឲ្យយកចិត្តទុកដាក់លើឥទ្ធិពលនៃទីបន្ទាល់របស់អាលម៉ាដែលបានមានទៅលើប្រជាជន ។
ការរំឭកចំណេះចំណានខគម្ពីរ
សូមណែនាំដល់សិស្សនូវវគ្គចំណេះចំណានខគម្ពីរពីរបីថ្មីបន្ថែម ឬក៏រំឭកវគ្គចំណេះចំណានខគម្ពីរពីរបីដែលពួកគេបានចាំហើយ ។ សូមរៀបចំសំណួរដែលនឹងជួយពួកគេឲ្យរកឃើញគោលការណ៍នៅក្នុងវគ្គនោះ ។ សូមអញ្ជើញឲ្យពួកគេសរសេរគោលដៅមួយនៅក្នុងកំណត់ហេតុសិក្សាព្រះគម្ពីរ ឬ សៀវភៅសរសេរក្នុងថ្នាក់របស់ពួកគេអំពីអ្វីដែលពួកគេនឹងធ្វើដើម្បីរស់នៅកាន់តែប្រសើរដោយសារគោលការណ៍មួយនោះ ។ សូមដាក់ពេលវេលាជាក់លាក់ឲ្យពួកគេបំពេញគោលដៅរបស់ពួកគេ ហើយសូមឲ្យពួកគេរៀបចំដើម្បីរាយការណ៍ដល់សមាជិកក្នុងថ្នាក់ ឬ សិស្សក្នុងថ្នាក់ទាំងមូលពីអ្វីដែលពួកគេបានធ្វើហើយ ។
កំណត់ចំណាំ ៖ ប្រសិនបើអ្នកមិនមានពេលដើម្បីប្រើសកម្មភាពនេះជាផ្នែកនៃមេរៀននេះទេ សូមប្រើវានៅពេលក្រោយ ។ សម្រាប់សកម្មភាពរំឭកផ្សេងទៀត សូមមើលសេចក្ដីបន្ថែមនៅចុងបញ្ចប់នៃសៀវភៅណែនាំនេះ ។
វិចារណកថា និង ព័ត៌មានសាច់រឿង
អាលម៉ា 3:4 ។ ការសាក់ និង ការចោះលើរាងកាយ
សាសន៍អាំលីសៃបានគូសនៅលើខ្លួនគេដើម្បីពួកគេអាច « ញែកចេញពីសាសន៍នីហ្វៃ » (អាលម៉ា 3:4) ។ នៅក្នុងជំនាន់របស់យើង ព្យាការីបានដាស់តឿនដល់យុវជន និង យុវនារីឲ្យរក្សារាងកាយរបស់ពួកគេឲ្យបានពិសិដ្ឋ ដោយការមិនគូសអ្វីនៅលើខ្លួនគេដោយការសាក់ ឬ ការចោះលើរាងកាយ ។ ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី បានមានប្រសាសន៍ថា ៖
« ខ្ញុំមិនយល់សោះថាហេតុអ្វីបានជាយុវជន— ឬ យុវនារីមួយចំនួន ដោយសាររឿងនោះ— ព្រមទ្រាំឈឺពេលសាក់នៅលើស្បែកដោយពណ៌ផ្សេងៗគ្នាជារូបមនុស្ស សត្វ និង សញ្ញាផ្សេងទៀត ។ ជាមួយនឹងការសាក់ ដំណើរការនោះគឺអចិន្ដ្រៃយ៍ រហូតដល់មានការឈឺចាប់ និង ការចំណាយម្ដងទៀតដើម្បីលុបវាចេញ ។ ឪពុកទាំងឡាយ សូមហាមប្រាមដល់កូនប្រុសរបស់អ្នកកុំឲ្យមានការសាក់នៅលើរាងកាយរបស់ពួកគេឡើយ ។ ពួកគេអាចប្រកែកនឹងការនិយាយរបស់អ្នកឥឡូវ ប៉ុន្ដែពេលវេលានឹងមក នៅពេលពួកគេនឹងអរគុណដល់អ្នក ។ ការសាក់គឺជាគំនូរនៅលើព្រះវិហារបរិសុទ្ធនៃរាងកាយ ។ ដូចគ្នាដែរ ការចោះនៅលើរាងកាយដើម្បីមានរន្ធជាច្រើននៅលើត្រចៀក លើច្រមុះ ឬក៏នៅលើអណ្ដាត ។
« តើពួកគេអាចគិតថា វាស្អាតឬ ?… គណៈប្រធានទីមួយ និង កូរ៉ុមនៃពួកសាវកដប់ពីរនាក់បានប្រកាសថា យើងមិនលើកទឹកចិត្តដល់ការសាក់ ហើយនិង ‹ ការសាក់នៅលើរាងកាយ លើកលែងតែគោលបំណងវេជ្ជសាស្ដ្រផ្សេងទៀត › ។ ទោះជាយ៉ាងណាក្ដី យើងមិនបានប្រឆាំងនឹង ‹ ការចោះរន្ធត្រចៀកមួយចំពោះស្ដ្រីដើម្បីពាក់ក្រវិលមួយគូនោះទេ › » ( « Great Shall Be the Peace of Thy Children » Ensign ខែ វិច្ឆិកា ឆ្នាំ 2000 ទំព័រ 52 ) ។
អាលម៉ា 3:5 ។ ការធ្វើតាមទំនោរទាន់សម័យ
សាសន៍អាំលីសៃបានផ្លាស់ប្ដូររូបរាងរបស់ពួកគេដើម្បីមើលទៅដូចសាសន៍លេមិន ។ ពួកបរិសុទ្ធថ្ងៃចុងក្រោយជាច្រើនសព្វថ្ងៃនេះ មានអារម្មណ៍ថាមានសម្ពាធដើម្បីធ្វើតាមទំនោរទាន់សម័យ ដើម្បីពួកគេអាចមើលទៅដូចនឹងមនុស្សដែលល្បីល្បាញចំពោះពិភពលោក ។ ប៉ុន្ដែទំនោរខ្លះដឹកនាំមនុស្សទៅកាន់ « ការមិនគោរពតាមព្យាការី ហើយជំនួសមកវិញធ្វើតាមអ្វីដែលពិភពលោកនិយមក្នុងពេលមួយគ្រា » ( « សំណួរ និង ចម្លើយ » New Era ខែ មិនា ឆ្នាំ 2006 ទំព័រ 14 សូមមើលផងដែរ ដើម្បីកម្លាំងនៃយុវជន [ ឆ្នាំ 2011 ] ទំព័រ 6–8 ) ។
អែលឌើរ អែម រ័សុល បាឡាដបានបង្រៀនដល់យុវជនដែលកាន់បព្វជិតភាពថា ទំនោរទាន់សម័យខ្លះបំផ្លាញសមត្ថភាពរបស់ពួកគេដើម្បីឈរសម្រាប់សេចក្ដីពិត ៖
« មានអនុវប្បធម៌ទាំងមូលមួយដែលប្រារព្ធការដើរលេងបណ្ដោះអាសន្ន និង ការប្រព្រឹត្តដែលល្មើសនឹងច្បាប់របស់ពួកគេជាមួយនឹងតន្ដ្រី ម៉ូតសំលៀកបំពាក់ ភាសា ឥរិយាបថ និង អាកប្បកិរិយា ។ ភាគច្រើនក្នុងចំណោមអ្នកបានឃើញ នៅពេលមិត្តភក្ដិដែលពេញនិយមបានដេញតាមម៉ូតថាជាអ្វីមួយដែល ‹ ទាន់សម័យ › និង ‹ មើលទៅឡូយ › នោះគ្រាន់តែដើម្បីត្រូវបានទាក់ទាញទៅក្នុងអនុវប្បធម៌ ។…
« … ខ្ញុំមិនជឿថា អ្នកអាចឈរសម្រាប់សេចក្ដីពិត និង ការត្រឹមត្រូវខណៈពេលស្លៀកពាក់អ្វីដែលជាមិនមែនអ្នកដែលកាន់បព្វជិតភពនៃព្រះនោះទេ » ( « Standing for Truth and Right » Ensign ខែ វិច្ឆិកា ឆ្នាំ 1997 ទំព័រ 38–39 ) ។
អាលម៉ា 3:6–17 ។ គំនូសចំណាំ និង បណ្ដាសា
នៅពេលសិស្សសិក្សា អាលម៉ា 3 ពួកគេអាចមានសំណួរអំពីគំនូសចំណាំ និងបណ្ដាសាដែលបានដាក់លើសាសន៍លេមិន ។ អ្នកអាចពន្យល់ថា មានភាពខុសគ្នារវាងគំនូសចំណាំ និង បណ្ដាសា ។ គំនូសចំណាំដែលនៅលើសាសន៍លេមិនគឺការមានស្បែកខ្មៅ ( សូមមើល អាលម៉ា 3:6) ។ គោលបំណងនៃគំនូសចំណាំនេះគឺដើម្បីញែកចេញ និង បំបែកសាសន៍លេមិនពីសាសន៍នីហ្វៃ ( សូមមើល អាលម៉ា 3:8) ។ បណ្ដាសា ដែលធ្ងន់ធ្ងរជាងនេះនោះ គឺជាសភាពនៃ « ការកាត់ចេញពីវត្តមាននៃព្រះអម្ចាស់ » (នីហ្វៃទី 2 5:20) ។ សាសន៍លេមិន និង សាសន៍អាំលីសៃបាននាំបណ្ដាសានេះមកលើខ្លួនគេ ដោយសារតែការបះបោររបស់ពួកគេទាស់នឹងព្រះ ( សូមមើល នីហ្វៃទី 2 5:20; អាលម៉ា 3:18–19) ។ ទោះបីជាស្បែកខ្មៅត្រូវបានប្រើដើម្បីគំរូនេះ ជាគំនូសចំណាំនៃបណ្ដាសាដែលបានដាក់លើសាសន៍លេមិនក្ដី ព្រះគម្ពីរមរមនបង្រៀនថា ព្រះអម្ចាស់ « ពុំបដិសេធអ្នកណាម្នាក់ដែលមករកទ្រង់ឡើយ គឺទាំងខ្មៅនិងស ទាំងបាវគេនិងសេរី ទាំងប្រុសនិងស្រី … មនុស្សទាំងអស់ក៏ដូចគ្នានៅចំពោះព្រះ » (នីហ្វៃទី 2 26:33) ។ ដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទគឺសម្រាប់មនុស្សគ្រប់រូប ។ សាសនាចក្រផ្តន្ទាទោសយ៉ាងជាក់ច្បាស់លើការប្រកាន់ពូជសាសន៍ រួមទាំងការប្រកាន់ពូជសាសន៍ណាមួយ ឬ ទាំងអស់កាលពីអតីតកាលដោយបុគ្គលម្នាក់ៗ ទាំងនៅក្នុង និង ក្រៅសាសនាចក្រ ។ ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី បានប្រកាសថា ៖
« គ្មាននរណាម្នាក់ដែលបង្ខូចការថ្លែងនេះ ទាក់ទងនឹងអ្នកដែលមានសាសន៍ផ្សេងទៀតអាចគិតថាខ្លួនគេជាសិស្សដ៏ពិតនៃព្រះគ្រីស្ទនោះទេ ។ ហើយក៏គ្មាននរណាម្នាក់អាចគិតថាខ្លួនគេមានក្ដីសុខដោយការបង្រៀននៃសាសនាចក្រដែរ ។…
« ចូរយើងទាំងអស់គ្នាទទួលស្គាល់ថា យើងម្នាក់គឺជាបុត្រា ឬ បុត្រីនៃព្រះវរបិតារបស់យើងនៅលើស្ថានសួគ៌ ដែលស្រឡាញ់កូនចៅទាំងអស់របស់ទ្រង់ » ( « The Need for Greater Kindness » Ensign ឬ Liahona ខែ ឧសភា ឆ្នាំ 2006 ទំព័រ 58 ) ។ សម្រាប់ជំនួយបន្ថែមលើប្រធានបទនេះ សូមមើលមេរៀនទី 27 ។
អាលម៉ា 4:9–12 ។ « ការជំពប់មួយដ៏ធំ »
នៅពេលសមាជិកសាសនាចក្រសាសន៍នីហ្វៃខ្លះបានមានអំនួត គំរូអវិជ្ជមានរបស់ពួកគេបានក្លាយជាការជំពប់មួយដល់អស់អ្នកដែលពុំនៅក្នុងសាសនាចក្រ ( សូមមើល អាលម៉ា 4:9–12 សូមមើលផងដែរ អាលម៉ា 39:11) ។ ប្រធានហ្គរដិន ប៊ី ហ៊ីងគ្លី បានភ្ជាប់រឿងខាងក្រោម ដែលបង្ហាញពីលទ្ធផលនៃគំរូអាក្រក់ និង គំរូល្អ ៖
« គាត់មិនមែនជាសមាជិកនៃសាសនាចក្រនោះទេ ។ គាត់ និង ឪពុកម្ដាយរបស់គាត់សកម្មនៅក្នុងជំនឿផ្សេងទៀត ។
« គាត់នឹកចាំថា នៅពេលគាត់ធំឡើង មិត្តពួកបរិសុទ្ធថ្ងៃចុងក្រោយខ្លះរបស់គាត់បាននិយាយមើលងាយគាត់ ធ្វើឲ្យគាត់មានអារម្មណ៍ងាកចេញពីកន្លែងនោះ ហើយចំអកឲ្យគាត់ ។
« គាត់បានស្អប់សាសនាចកច្រនេះ និង សមាជិកយ៉ាងខ្លាំង ។ គាត់មិនបានឃើញអ្វីល្អពីគេនោះទេ ។
« បន្ទាប់មកឪពុកមរបស់គាត់បានបាត់បង់ការងារ ហើយត្រូវប្ដូរផ្ទះ ។ នៅក្នុងតំបន់ថ្មីនេះ ពេលគាត់អាយុ 17 ឆ្នាំ គាត់អាចចូលរៀននៅក្នុងមហាវិទ្យាល័យ ។ នៅទីនោះ លើកទីមួយនៅក្នុងជីវិរបស់គាត់ គាត់មានអារម្មណ៍កក់ក្ដៅពីមិត្តភក្ដិរបស់គាត់ មិត្តភក្ដិក្នុងចំណោមនោះឈ្មោះថា រីឆាត បានសុំឲ្យគាត់ចូលរួមនឹងក្លិបមួយដែលគាត់ធ្វើជាប្រធាន ។ គាត់សរសេរថា ៖ ‹ លើកទីមួយក្នុងជីវិតខ្ញុំ ដែលមាននរណាម្នាក់ចង់រាប់រកខ្ញុំ ។ ខ្ញុំមិនដឹងត្រូវធ្វើយ៉ាងណាទេ ប៉ុន្ដែខ្ញុំបានចូលរួមក្នុងក្លិបនោះដោយក្ដីអំណរ ។… វាជាអារម្មណ៍មួយថា ខ្ញុំស្រឡាញ់ អារម្មណ៍នៃការមានមិត្តភក្ដិ ។ ខ្ញុំបានអធិស្ឋានលើកទីមួយក្នុងជីវិតខ្ញុំ ។ ហើយឥឡូវនេះ ក្រោយពី 17 ឆ្នាំនៃការរង់ចាំ ព្រះបានឆ្លើយតបនឹងការអធិស្ឋាននោះ › ។
« ពេលមានអាយុ 19 ឆ្នាំ គាត់ឃើញថា គាត់គឺជាដៃគូដ៏ជិតដិតនឹងរីឆាត ក្នុងពេលធ្វើការនារដូវក្ដៅរបស់ពួកគេ ។ គាត់បានសម្គាល់ថា រីឆាតអានសៀវភៅមួយរាល់យប់ ។ គាត់បានសួរថា តើគាត់កំពុងអានអ្វី ។ គាត់ត្រូវបានប្រាប់ថា គាត់កំពុងអានព្រះគម្ពីរមរមន ។ គាត់បន្ថែមថា ៖ « ខ្ញុំបានផ្លាស់ប្ដូរប្រធានបទភ្លាម ហើយបានចូលទៅគេង ។ ក្រោយមក នោះគឺជាសៀវភៅដែលបំផ្លាញកុមារភាពរបស់ខ្ញុំ ។ ខ្ញុំព្យាយាមបំភ្លេចវា ប៉ុន្ដែមួយសប្ដាហ៍កន្លងទៅ ហើយខ្ញុំមិនអាចគេងលក់ឡើយ ។ ហេតុអ្វីបានជាគាត់អានវារាល់យប់ ? ខ្ញុំមិនអាចទ្រាំនឹងសំណួរដែលគ្មានចម្លើយនៅក្នុងខួរក្បាលរបស់ខ្ញុំនេះទៀតឡើយ ។ ដូច្នេះ យប់មួយ ខ្ញុំបានសួរគាត់ថា មានអ្វីដែលមានសារសំខាន់បំផុតនៅក្នុងសៀវភៅនោះ ។ តើមានអ្វីនៅក្នុងសៀវភៅនោះ ?… គាត់បានចាប់ផ្ដើមអាន កន្លែងដែលគាត់បានឈប់ ។ គាត់អានអំពីព្រះយេស៊ូវ និង អំពីការលេចមកនៅក្នុងដែនដីអាមេរិក ។ ខ្ញុំបានភ្ញាក់ជាខ្លាំង ។ ខ្ញុំមិនបានគិតថា ពួកមរមនជឿលើព្រះយេស៊ូវសោះ › ។…
« នៅក្នុងឱកាសបន្ទាប់មក យុវជននេះ និងមិត្តភក្ដិរបស់គាត់បានធ្វើដំណើរ ។ រីឆាតបានឲ្យព្រះគម្ពីរមរមនដល់គាត់ ហើយបានសុំឲ្យគាត់អានវាឮៗ ។ គាត់បានធ្វើដូច្នោះ ហើយភ្លាមៗនោះការបំផុសគំនិតពីព្រះវិញ្ញាណបរិសុទ្ធបានប៉ះពាល់ដល់ដួងចិត្តគាត់ ។
« ពេលវេលាកន្លងទៅ ហើយសេចក្ដីជំនឿរបស់គាត់បានកើនឡើង ។ គាត់បានយល់ព្រមដើម្បីជ្រមុជទឹក ។…
« នោះគឺជាទីបញ្ចប់នៃរឿងនេះ ប៉ុន្ដែមានប្រយោគដ៏អស្ចារ្យនៅក្នុងរឿងនោះ ។ មួយគឺជារបៀបដែលគួរឲ្យសោកស្ដាយ ដែលមិត្តភក្ដិមរមនក្មេងរបស់គាត់បានប្រព្រឹត្តចំពោះគាត់ ។
« បន្ទាប់មក គឺជារបៀបមួយដែលមិត្តភក្ដិថ្មីរបស់គាត់ រីឆាតបានប្រព្រឹត្តដាក់គាត់ ។ វាគឺពិតជាផ្ទុយពីបទពិសោធន៍មុនរបស់គាត់ខ្លាំងណាស់ ។ វានាំគាត់ទៅរកការប្រែចិត្តជឿ និង ការជ្រមុជទឹកក្នុងការប្រឈមនឹងការប្លែកដ៏អាក្រក់ » ( « The Need for Greater Kindness » Ensign ឬ Liahona ខែ ឧសភា ឆ្នាំ 2006 ទំព័រ 59–60 ) ។
អាលម៉ា 4:19 ។ « ទីបន្ទាល់ដ៏បរិសុទ្ធ »
នៅពេលអាលម៉ាបានឃើញថា គាត់ត្រូវប្រកាសដល់ប្រជាជនដោយ « ថ្លែងនូវទីបន្ទាល់ដ៏បរិសុទ្ធទាស់នឹងគេ » (អាលម៉ា 4:19) គាត់បានហៅប្រជាជនឲ្យប្រែចិត្ត ។ ទោះជាយ៉ាងណាក្ដី នៅក្នុងការប្រជុំតមអាហារ និង ទីបន្ទាល់របស់យើង ទីបន្ទាល់របស់យើងគួរតែជាការប្រកាសដ៏សាមញ្ញអំពីសេចក្ដីជំនឿរបស់យើង មិនមែនជាការដាស់តឿននោះទេ ។ ប្រធាន ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល បានមានប្រសាសន៍ថា ៖
សូមកុំប្រាប់អ្នកដទៃពីរបៀបដើម្បីរស់នៅឡើយ ។ គ្រាន់តែប្រាប់ពីអារម្មណ៍ដែលអ្នកមាននៅក្នុងចិត្ត ។ នោះហើយគឺជាទីបន្ទាល់ ។ « សូមកុំប្រាប់អ្នកដទៃពីរបៀបដើម្បីរស់នៅឡើយ ។ គ្រាន់តែប្រាប់ពីអារម្មណ៍ដែលអ្នកមាននៅក្នុងទៅបានហើយ ។ នោះគឺជាទីបន្ទាល់ ។ ពេលអ្នកចាប់ផ្ដើមបង្រៀនអ្នកដទៃ ទីបន្ទាល់របស់អ្នកនឹងចប់ » (The Teachings of Spencer W. Kimball បានបោះពុម្ពដោយ Edward L. Kimball [ ឆ្នាំ 1982 ] ទំព័រ 138 ) ។