មេរៀនទី 56
ម៉ូសាយ 7–8
សេចក្តីផ្ដើម
ប្រហែលជា 80 ឆ្នាំ មុនពេលបុត្រារបស់ស្ដេចបេនយ៉ាមីន ម៉ូសាយ ក្លាយជាស្ដេច មានបុរសម្នាក់ឈ្មោះ ស៊ីនិព្វ ដែលបានដឹកនាំសាសន៍នីហ្វៃមួយក្រុមពីដែនដីសារ៉ាហិមឡាទៅរស់នៅក្នុងដែនដីនីហ្វៃ ដែលពួកគេគិតថាជា “ ដែនដីនៃមរតករបស់ពួកគេ” ( សូមមើល អោមណៃ 1:27–30 ) ។ ស្ដេចម៉ូសាយបានបញ្ជាបុរសម្នាក់ឈ្មោះ អាំម៉ូន ឲ្យដឹកនាំក្រុមតូចមួយទៅកាន់ដែនដីនីហ្វៃដើម្បីដឹងអំពីជោគវាសនារបស់ក្រុមស៊ីនិព្វ ។ អាំម៉ូន និង អ្នកដើរតាមគាត់បានរកឃើញកូនចៅនៃក្រុមស៊ីនិព្វរស់នៅក្នុងសេវកភាពនៃសាសន៍លេមិន ។ ចៅប្រុសរបស់ស៊ីនិព្វ លិមហៃ គឺជាស្ដេចរបស់ពួកគេ ។ ការមកដល់របស់អាំម៉ូន បាននាំមកនូវសេចក្ដីសង្ឃឹមដល់លិមហៃ និង ប្រជាជនរបស់គាត់ ។ លិមហៃបានសួរអាំម៉ូនថា តើគាត់អាចបកប្រែចារឹកនៅលើផ្ទាំងមាស 24 ដែលប្រជាជនរបស់គាត់បានរកឃើញទេ ។ អាំម៉ូនបានពន្យល់ថា ស្ដេចនៅក្នុងដែនដីសារ៉ាហិមឡា ស្ដេចម៉ូសាយ គឺជាអ្នកមើលឆុតម្នាក់ដែលអាចបកប្រែកំណត់ត្រាបុរាណទាំងនោះបាន ។
យោបល់សម្រាប់ការបង្រៀន
ម៉ូសាយ 7
អាំម៉ូនរកឃើញដែនដីលីហៃ-នីហ្វៃ ហើយដឹងពីរបៀបដែលប្រជាជនរបស់សេ្ដចលិមហៃធ្លាក់ក្នុងសេវកភាព
សូមសរសេរពាក្យនេះនៅលើក្ដារខៀន ៖ ទួញយំ ៖ មានអារម្មណ៍សោកស្ដាយ ឬ ក្រៀមក្រំ
-
តើមូលហេតុអ្វីខ្លះ ដែលប្រជាជនអាចទួញយំ ?
សូមឲ្យសិស្សម្នាក់អាន ម៉ូសាយ 7:24 ឮៗ ហើយសូមឲ្យសិស្សផ្សេងទៀតមើលតាម ។ សូមបង្ហាញឃ្លា « ការណ៍អស់ទាំងនេះក៏ព្រោះតែសេចក្ដីទុច្ចរិត47» ។ សូមពន្យល់ថា ខគម្ពីរនេះសំដៅលើកាលៈទេសៈដែលកើតឡើងដោយសារតែជម្រើសមិនសុចរិតរបស់ក្រុមមនុស្សមួយក្រុម ។ សូមឲ្យសិស្សសញ្ជឹងគិតថាតើ ពួកគេធ្លាប់បានទួញយំពេលក្នុងស្ថានភាពមួយ ដែលបានកើតឡើង « ក៏ព្រោះតែសេចក្ដីទុច្ចរិត» ទេ ។ សូមពន្យល់ថា ថ្ងៃនេះពួកគេនឹងសិក្សា ម៉ូសាយ 7–8 ដើម្បីរៀនអំពីស្ដេចមួយឈ្មោះ លិមហៃ និង មូលហេតុនៃការសោកស្ដាយរបស់ប្រជាជននោះ ។ សូមឲ្យសិស្សរកមើលអ្វីដែលលិមហៃបានលើកទឹកចិត្តដល់ប្រជាជនរបស់គាត់ឲ្យធ្វើដើម្បីយកឈ្នះលើការសោកសង្រេងរបស់ពួកគេ ។
សូមឲ្យសិស្សម្នាក់អាន ម៉ូសាយ 7:1 ឮៗ ។ សូមឲ្យសិស្សរកមើលកន្លែងពីរដែលបានលើកឡើងនៅក្នុងខគម្ពីរនេះ ។ សូមចម្លងឌីយ៉ាក្រាមទីមួយដែលអមមកជាមួយនឹងមេរៀននេះនៅលើក្ដារខៀន ហើយសូមឲ្យសិស្សចម្លងដាក់ក្នុងកំណត់ហេតុសិក្សាព្រះគម្ពីរ ឬ សៀវភៅសរសេរក្នុងថ្នាក់របស់ពួកគេដែរ ។ នៅពេលអ្នកប្រើឌីយ៉ាក្រាមនេះ សូមពន្យល់ថា សាសនាចក្រគ្មានទីតាំងផ្លូវការអំពីភូមិសាស្ដ្រនៃព្រះគម្ពីរមរមន ក្រៅតែពីហេតុការណ៍ដែលបានកើតឡើងនៅក្នុងដែនដីអាមេរិកទេ ។
កំណត់ចំណាំ ៖ ក្នុងពេលសិក្សារបស់ពួកគេអំពីគម្ពីរម៉ូសាយ សិស្សនឹងបន្ថែមសេចក្ដីលម្អិតនៅក្នុងឌីយ៉ាក្រាមរបស់ពួកគេ ។ សូមធានាថា ពួកគេមានកន្លែងគ្រប់គ្រាន់ដើម្បីបន្ថែមសេចក្ដីលម្អិតទាំងនេះ សូមចម្លងឌីយ៉ាក្រាមនេះនៅលើក្ដារខៀនដូចដែលបានបង្ហាញ ។ សូមបង្ហាញកន្លែងទំនេរ មុនពេលសិស្សចាប់ផ្ដើមគូរ ។ ( ឌីយ៉ាក្រាមពេញលេញគឺនៅក្នុងសេចក្ដីបន្ថែមនៅចុងបញ្ចប់នៃសៀវភៅណែនាំនេះ ។ )
សូមពន្យល់ថា នៅពេលគ្រួសាររបស់លីហៃបានមកដល់ដែនដីសន្យា ពួកគេបានស្ថាបនាខ្លួនគេនៅក្នុងដែនដីនីហ្វៃ ( ពេលខ្លះសំដៅលើដែនដីលីហៃ-នីហ្វៃ ឬ ដែនដីនៃមរតកដំបូង ) ។ ភ្លាមៗក្រោយពីលីហៃបានស្លាប់ ព្រះអម្ចាស់បានបញ្ជាឲ្យនីហ្វៃរត់ចេញទៅក្នុងទីរហោស្ថាន ដោយនាំយកជាមួយអ្នកណាដែលព្រមមកតាមគាត់ ។ ប្រជាជននីហ្វៃបានបន្ដរស់នៅក្នុងដែនដីនីហ្វៃ ប៉ុន្ដែត្រូវបានបែងចែកពីអ្នកដែលធ្វើតាមលេមិន និង លេមយួល ។ ច្រើនឆ្នាំក្រោយមក ព្រះអម្ចាស់បានបញ្ជាឲ្យក្រុមសាសន៍នីហ្វៃមួយក្រុមរត់ចេញពីដែនដីនីហ្វៃ ។ នៅទីបញ្ចប់ក្រុមនេះបានតាំងលំនៅក្នុងដែនដីមួយឈ្មោះ សារ៉ាហិមឡា ដែលនៅខាងជើងនៃដែនដីនីហ្វៃ ។
ច្រើនជំនាន់ក្រោយមក បុរសម្នាក់ឈ្មោះស៊ីនិព្វបានដឹកនាំក្រុមសាសន៍មួយក្រុមទៅកាន់ដែនដីនីហ្វៃដើម្បី « កាន់កាប់ដែនដីនៃមរតករបស់ពួកគេ » ( សូមមើល អោមណៃ 1:27–30 ) ។ ស៊ីនិព្វធ្លាប់ជាផ្នែកនៃក្រុមផ្សេងទៀត ដែលបានបរាជ័យក្នុងការថែរក្សាដែនដីនៅក្នុងតំបន់នោះ ( សូមមើល ម៉ូសាយ 9:1–2 ) ។ សូមឲ្យសិស្សគូសសញ្ញាព្រួញមួយពីដែនដីសារ៉ាហិមឡាទៅកាន់ដែនដីនីហ្វៃ ហើយសរសេរថា « ក្រុមសាសន៍នីហ្វៃដឹកនាំដោយស៊ីនិព្វ » ។ ក្រុមនេះ បានចាកចេញពីដែនដីសារ៉ាហិមឡាប្រហែល 80 ឆ្នាំមុនពេលម៉ូសាយក្លាយជាស្ដេច ។
សូមឲ្យសិស្សអាន ម៉ូសាយ 7:1 ម្ដងទៀត ដោយរកមើលអ្វីដែលម៉ូសាយចង់ដឹង ។ ក្រោយពីពួកគេរាយការណ៍ហើយ សូមឲ្យពួកគេអាន ម៉ូសាយ 7:2–3 ដើម្បីរកមើលអ្វីដែលម៉ូសាយបានធ្វើដើម្បីទទួលបានចម្លើយចំពោះសំណួររបស់គាត់ ។ សូមឲ្យសិស្សគូសសញ្ញាព្រួញទីពីរពីដែនដីសារ៉ាហិមឡាទៅកាន់ដែនដីនីហ្វៃ តំណាងដោយដំណើរនៃក្រុមស្រាវជ្រាវដឹកនាំដោយអាំម៉ូន ហើយសរសេរវាដូច្នោះ ។
សូមសង្ខេប ម៉ូសាយ 7:4–11 ដោយការពន្យល់ថា អាំម៉ូនបានរកឃើញទីក្រុងដែលកូនចៅប្រជាជនស៊ីនិព្វដែលបានរស់នៅក្រោមរាជ្យចៅប្រុសរបស់ស៊ីនិព្វ គឺលិមហៃ ។ លិមហៃបានឃើញក្រុមរបស់អាំម៉ូននៅខាងក្រៅកំពែងទីក្រុង ។ ដោយគិតថា ពួកគេគឺជាពួកសង្ឃទុច្ចរិតមួយចំនួនរបស់ឪពុករបស់គាត់ដែលបានស្លាប់ ណូអេ គាត់បានឲ្យអ្នកយាមចាប់ពួកគេ ហើយដាក់គុកពួកគេ ( សូមមើល ម៉ូសាយ 21:23 ) ។ គាត់បានសួរពួកគេពីរថ្ងៃក្រោយមក ។ សូមឲ្យសិស្សអាន ម៉ូសាយ 7:12–15 ដោយស្ងាត់ស្ងៀម ដោយរកមើលប្រតិកម្មរបស់លិមហៃ នៅពេលគាត់ដឹងថាអាំម៉ូនគឺជានរណា ហើយថាគាត់មកពីណា ។
-
ហេតុអ្វីបានជាលិមហៃរីករាយយ៉ាងខ្លាំងដែលដឹងថា អាំម៉ូនមកពីដែនដីសារ៉ាហិមឡា ?
សូមមើលទៅពាក្យ ទួញយំ នៅលើក្ដារខៀនម្ដងទៀត ។ សូមសង្ខេប ម៉ូសាយ 7:16–19ដោយការពន្យល់ថា ស្ដេចលិមហៃបានប្រមូលប្រជាជនរបស់គាត់ជុំគ្នាដើម្បីឲ្យស្គាល់អាំម៉ូន ដើម្បីនិយាយទៅកាន់ពួកគេអំពីមូលហេតុនៃការសោកសង្រេងនិងការក្រៀមកក្រំរបស់ពួកគេ ហើយដើម្បីជួយគេឲ្យដឹងពីកន្លែងទៅកាន់ការដោះលែង ។
សូមសរសេរពាក្យ មូលហេតុ នៅលើក្ដារខៀននៅក្រោមនិយមន័យពាក្យ ទួញយំ ។សូមឲ្យសិស្សបីបួននាក់ឆ្លាស់វេនគ្នាអានឮៗពី ម៉ូសាយ 7:20–28 ។ សូមឲ្យសិស្សរកមើលសកម្មភាពដែលលិមហៃបានស្គាល់ថាជា មូលហេតុនៃការសាកល្បង និង ទុក្ខសោករបស់ប្រជាជនគាត់ ។ ( វាអាចជួយបានច្រើនបើប្រាប់សិស្សថា ព្យាការីដែលបានលើកឡើងនៅក្នុង ម៉ូសាយ 7:26 គឺជាអ័ប៊ីណាដៃ ដែលត្រូវបានកាត់ទោសដោយភ្លើងអំឡុងពេលរជ្ជកាលនៃឪពុករបស់លិមហៃ ស្ដេចណូអេ ។ ) ក្រោយពីអានខគម្ពីរហើយ សូមឲ្យសិស្សពីរបីនាក់សរសេរនៅលើក្ដារខៀននូវអ្វីដែលពួកគេបានរកឃើញនៅក្រោមចំណងជើង មូលហេតុ ។
-
តើអ្វីខ្លះដែលហាក់ដូចជាមូលហេតុសំខាន់នៃទុក្ខសោករបស់ប្រជាជននេះ ? ( សេចក្ដីទុច្ចរិត ឬ អំពើបាប ។ )
សូមឲ្យសិស្សអាន ម៉ូសាយ 7:29–32 ដោយស្ងាត់ស្ងៀម ។ សូមឲ្យពួកគេជ្រើសរើសឃ្លាមួយដែលបង្ហាញពីការយល់ដឹងរបស់លិមហៃនៃទំនាក់ទំនងរវាងអំពើបាបរបស់ប្រជាជន និង ទុក្ខសោករបស់ប្រជាជន ។ ( អ្នកអាចពន្យល់ថាពាក្យ អង្កាម សំដៅលើសំបកសល់ក្រោយពីស្រូវត្រូវបានញែកចេញពីដើមស្រូវ ។ នៅក្នុង ម៉ូសាយ 7:30 « ច្រូតកាត់អង្កាម » មានន័យថា ទទួលបានអ្វីមួយដែលឥតប្រយោជន៍ ។ ) សូមឲ្យសិស្សពីរបីនាក់អាន និង ពន្យល់ឃ្លាដែលពួកគេបានជ្រើសរើស ។
-
តើការទទួលស្គាល់លទ្ធផលនៃអំពើបាបរបស់យើងអាចជួយយើងដោយរបៀបណា ?
សូមឲ្យសិស្សម្នាក់អាន ម៉ូសាយ 7:33 ឮៗ ។ សូមឲ្យសិស្សរកមើលអ្វីដែលលិមហៃបានដាស់តឿនដល់ប្រជាជនរបស់គាត់ឲ្យធ្វើ ។
-
តើគោលការណ៍អ្វីខ្លះ ដែលយើងអាចរៀនពីលិមហៃ និង ប្រជាជនរបស់គាត់អំពីឥទ្ធិពលនៃការទទួលស្គាល់ និង ការមានអារម្មណ៍សោកសៅចំពោះអំពើបាបរបស់យើង ? ( នៅពេលសិស្សរកឃើញសេចក្ដីពិតពីជំពូកនេះហើយ សូមជួយពួកគេឲ្យឃើញថា ការទទួលស្គាល់ និង ការមានអារម្មណ៍សោកសៅចំពោះអំពើបាបរបស់យើងអាចដឹកនាំយើងឲ្យត្រឡប់មករកព្រះអម្ចាស់ដើម្បីទទួលបានការដោះលែង ។អ្នកអាចសរសេរគោលការណ៍នេះនៅលើក្ដារខៀន ) ។
ដើម្បីជួយសិស្សឲ្យយល់ពីគោលការណ៍នេះកាន់តែច្បាស់ សូមឲ្យពួកគេស្រមៃថា ពួកគេមានអ្នកជាទីស្រឡាញ់ម្នាក់ដែលមានអារម្មណ៍ស្ដាយក្រោយចំពោះអំពើបាបរបស់គេ ហើយដែលចង់ប្រែចិត្ត ហើយត្រឡប់មករកព្រះអម្ចាស់វិញ ប៉ុន្ដែមិនដឹងពីរបៀបដើម្បីត្រឡប់មកវិញ ។ សូមថ្លែងទីបន្ទាល់ថា ការប្រឹក្សារបស់លិមហៃដល់ប្រជាជនរបស់គាត់នៅក្នុង ម៉ូសាយ 7:33 រួមមានគន្លឹះដើម្បីយកឈ្នះលើទុក្ខសោក និង ការស្ដាយក្រោយដែលមានមកជាមួយនឹងអំពើបាប ។ សូមឲ្យសិស្សអាន ម៉ូសាយ 7:33 ដោយស្ងាត់ស្ងៀម ដោយរកមើលឃ្លាដែលជួយនរណាម្នាក់ឲ្យដឹងពីរបៀបដើម្បី « ត្រឡប់មករកព្រះអម្ចាស់» វិញ ។ ( អ្នកអាចស្នើថា ពួកគេគួរគូសចំណាំឃ្លាទាំងនេះ ។ )
ក្រោយមានពេលគ្រប់គ្រាន់ហើយ សូមឲ្យសិស្សពីរបីនាក់ចែកចាយឃ្លាដែលពួកគេចាប់អារម្មណ៍ ។ សូមឲ្យសិស្សពន្យល់ពីអត្ថន័យនៃឃ្លាដែលគេបានជ្រើសរើសដោយ (1) និយាយជាសម្ដីខ្លួនគេ ឬ (2) ផ្ដល់ឧទាហរណ៍ពីសកម្មភាព ឬ អាកប្បកិរិយារបស់នរណាម្នាក់ដែលខិតខំអនុវត្តគោលការណ៍ដែលត្រូវបានបង្ហាញដោយឃ្លានោះ ។
សូមឲ្យសិស្សសញ្ជឹងគិតថាតើពួកគេមានអំពើបាបដែលពួកគេមិនបានប្រែចិត្ត ដែលអាចនាំឲ្យមានការសោកសៅ និង ការស្ដាយក្រោយដល់ពួកគេ និង អ្នកដែលពួកគេស្រឡាញ់ដែរទេ ។ សូមឲ្យសិស្សសរសេរចម្លើយមួយចំពោះសំណួរខាងក្រោមនៅក្នុងកំណត់ហេតុសិក្សាព្រះគម្ពីររបស់ពួកគេ ៖
-
តើអ្នកអាចអនុវត្ត ម៉ូសាយ 7:33 នៅក្នុងជីវិតរបស់អ្នកសព្វថ្ងៃដោយរបៀបណា ?
សូមចែកចាយទីបន្ទាល់របស់អ្នកថា នៅពេលយើងត្រឡប់មករកព្រះអម្ចាស់ដោយដួងចិត្តស្មោះស ទ្រង់នឹងដោះលែងយើងពីការទួញយំដែលបណ្ដាលមកពីអំពើបាបរបស់យើង ។
ម៉ូសាយ 8
អាំម៉ូនបានរៀនពីផ្ទាំងមាសទាំង 24 ហើយប្រាប់ដល់លិមហៃអំពីអ្នកមើលឆុតម្នាក់ដែលអាចបកប្រែចារឹកដែលពួកគេមាន
សូមឲ្យសិស្សពីរនាក់ឡើងមកខាងមុខថ្នាក់ ។ បិទភ្នែកសិស្សម្នាក់ ហើយបន្ទាប់មកសូមដាក់សៀវភៅ ឬក្រដាសមួយ ឬ របស់អ្វីដែលគ្មានគ្រោះថ្នាក់នៅលើដីក្នុងថ្នាក់អ្នក ។ សូមឲ្យសិស្សម្នាក់ទៀតនិយាយប្រាប់ដើម្បីជួយសិស្សទីមួយដើរកាត់ថ្នាក់ដោយមិនប៉ះរបស់ណាមួយនៅលើដី ។ បន្ទាប់មក សូមឲ្យសិស្សទីពីរបិទភ្នែក ។ សូមរៀបរបស់នៅលើដីម្ដងទៀត ហើយឲ្យសិស្សទីមួយប្រាប់ពីទិសដៅម្ដង ។ ទោះយ៉ាងណាក្ដី ពេលនេះសិស្សដែលបិទភ្នែកនឹងមិនស្ដាប់តាមការណែនាំដោយមានចេតនា ។ ( សូមនិយាយទៅកាន់សិស្សនេះដោយសម្ងាត់មុនពេលចាប់ផ្ដើមថ្នាក់ ហើយសូមឲ្យគេមិនស្ដាប់ការណែនាំ
-
តើអ្វីជាតម្លៃនៃការស្ដាប់តាមនរណាម្នាក់ ដែលអាចមើលឃើញអ្វីដែលយើងមិនអាចមើលឃើញ ?
សូមសង្ខេប ម៉ូសាយ 8:5–12 ដោយការពន្យល់ថា មុនពេលអាំម៉ូនមកដល់ លិមហៃបានចាត់បេសកជនម្នាក់ឲ្យទៅសុំជំនួយពីដែនដីសារ៉ាហិមឡា ។ ក្រុមនេះបានដើរនៅក្នុងទីរហោស្ថាន ដោយរកដែនដីសារ៉ាហិមឡាមិនឃើញ ពួកគេបែរជា រកឃើញសំណល់នៃអារ្យធម៌ដែលត្រូវបានគេបំផ្លាញ ។ នៅទីនោះពួកគេបានរកឃើញផ្ទាំងមាស 24 ផ្ទាំងដោយមានអក្សរចារឹកនៅលើផ្ទាំងទាំងនោះ ។ ( អ្នកអាចពន្យល់ថា ទីក្រុងដែលត្រូវបានខ្ទេចខ្ទីដែលបានរកឃើញដោយប្រជាជនលិមហៃនោះ គឺជាសំណល់ពីអារ្យធម៌នៃពួកសាសន៍យ៉ារ៉េឌ ។ កំណត់ត្រានៃសាសន៍យ៉ារេឌ ដែលត្រូវបានយកពីផ្ទាំងមាស 24ផ្ទាំងនោះ គឺត្រូវបានបញ្ចូលនៅក្នុងព្រះគម្ពីរមរមនជាគម្ពីរអេធើរ សូមបន្ថែមការធ្វើដំណើរនេះទៅក្នុងឌីយ៉ាក្រាមនៅលើក្ដារខៀន ដូចដែលបានបង្ហាញនៅក្នុងគំនូសក្នុងទំព័រនេះ ។ សូមឲ្យសិស្សបន្ថែមគំនូសនៃការធ្វើដំណើរនោះទៅក្នុងតារាងរបស់គេផងដែរ ។ សូមពន្យល់ថា ស្ដេចលិមហៃចង់យល់ពីការសរសេរដែលមានចារឹកនៅលើផ្ទាំងមាស 24ផ្ទាំងនោះ ។ គាត់សុំឲ្យអាំម៉ូនជួយ បើអាំម៉ូនស្គាល់នរណាម្នាក់ដែលអាចបកប្រែវាបាន ។
សូមឲ្យសិស្សម្នាក់អានចម្លើយរបស់អាំម៉ូននៅក្នុង ម៉ូសាយ 8:13–15 ។ សូមឲ្យសិស្សរកមើលឋានៈដែលអាំម៉ូនបានប្រើដើម្បីណែនាំមនុស្សម្នាក់ដែលមានអំណាចដើម្បីបកប្រែកំណត់ត្រាបែបនោះ ។ សូមឲ្យសិស្សអាន ម៉ូសាយ 8:16–19 ដោយស្ងាត់ស្ងៀម ដោយរកមើលសមត្ថភាពបន្ថែមរបស់អ្នកមើលឆុត ។ សូមឲ្យសិស្សបីបួននាក់ប្រាប់ពីអ្វីដែលពួកគេបានរកឃើញ ។
សូមសរសេរសេចក្ដីថ្លែងការណ៍ខាងក្រោមនៅលើក្ដារខៀន ៖ ព្រះអម្ចាស់ប្រទាន ពួកព្យាការី អ្នកមើលឆុត និង អ្នកទទួលវិវរណៈដើម្បីជាប្រយោជន៍ដល់មនុស្សជាតិ ។
-
តើអ្នកមើលឆុតប៉ុន្មានដែលយើងមាននៅលើផែនដីសព្វថ្ងៃនេះ ? ( ដប់ប្រាំ— សមាជិកនៃគណៈប្រធានទីមួយ និង កូរ៉ុមនៃពួកសាវកដប់ពីរនាក់ ។ )
-
តើអ្វីខ្លះដែលព្យាការី អ្នកមើលឆុត និង អ្នកទទួលវិវរណៈបានប្រាប់ដល់យើង ? ( ប្រសិនបើសិស្សពិបាកឆ្លើយ សូមសួរថា តើអ្នកមើលឆុតណាដែលប្រាប់យើងអំពីប្រធានបទដូចជា អាពាហ៍ពិពាហ៍និងគ្រួសារ ការអប់រំ ការកំសាន្ដនិងព័ត៌មាន ឬ ភាពបរិសុទ្ធខាងផ្លូវភេទ ) ។
-
តើជីវិតរបស់អ្នកត្រូវបានប្រទានពរដោយព្យាការី អ្នកមើលឆុត និង អ្នកទទួលវិវរណៈជំនាន់ថ្មីដោយរបៀបណា ?
អ្នកអាចប្រាប់អំពីរបៀបដែលព្យាការី អ្នកមើលឆុត និង អ្នកទទួលវិវរណៈបានប្រទានពរដល់ជីវិតរបស់អ្នក ។ សូមឲ្យសិស្សអាន និង សញ្ជឹងគិតអំពីសុន្ទរកថាសន្និសីទថ្មីៗនេះដោយសមាជិកម្នាក់នៃគណៈប្រធានទីមួយ ឬ កូរ៉ុមនៃពួកសាវកដប់ពីរនាក់ ហើយធ្វើតាមការប្រឹក្សានៅក្នុងសុន្ទរកថានោះ ។