មេរៀនសិក្សានៅផ្ទះ
ការសិក្សាបទគម្ពីរ –សេចក្ដីសង្ខេបនៃព្រះគម្ពីរមរមន ( ជំពូកទី 1 )
សេចក្តីផ្ដើម
មេរៀនសម្រាប់សប្ដាហ៍នេះ បញ្ជាក់លើទំនួលខុសត្រូវរបស់សិស្សម្នាក់ៗ មានចំពោះការរៀនសូត្រដំណឹងល្អរបស់គេរៀងខ្លួន ។ វាក៏បញ្ជាក់លើតួនាទីចម្បងនៃព្រះគម្ពីរមរមន ក្នុងការជួយសិស្សកសាងនូវទីបន្ទាល់អំពីព្រះយេស៊ូវគ្រីស្ទ និង សាសនាចក្ររបស់ទ្រង់ដែរ ។ នៅពេលដែលអ្នកបង្រៀន សូមជួយសិស្សឲ្យយល់ពីសារៈសំខាន់នៃការសិក្សាដោយឧស្សាហ៍ព្យាយាមនូវព្រះគម្ពីរដ៏ពិសិដ្ឋនេះ និង ពរជ័យដែលនឹងបំពេញជីវិតរបស់ពួកគេ នៅពេលពួកគេធ្វើដូច្នោះ ។
យោបល់សម្រាប់ការបង្រៀន
ការសិក្សាព្រះគម្ពីរ
អ្នកគប្បីចាប់ផ្ដើមដោយសួរសិស្សនូវសំណួរខាងក្រោមនេះ ៖
-
តើមានភាពខុសគ្នាអ្វី រវាងមនុស្សម្នាក់ដែលអានព្រះគម្ពីរមរមន ហើយទទួលបាននូវទីបន្ទាល់ និង មនុស្សម្នាក់ដែលអានព្រះគម្ពីរមរមន ហើយមិនបានទទួលនូវទីបន្ទាល់នោះ ? ( អ្នកខ្លះគ្រាន់តែអានពាក្យ អ្នកផ្សេងទៀតអានដោយសេចក្ដីជំនឿ ដោយមានបំណងដ៏ពិតប្រាកដ និង ដោយបើកដួងចិត្តរបស់គេចំពោះព្រះវិញ្ញាណបរិសុទ្ធ ) ។
-
តើមនុស្សម្នាក់រៀនពីសេចក្ដីពិតខាងវិញ្ញាណដោយរបៀបណា ? ( សូមគិតពីការសរសេរបញ្ជីនូវចម្លើយរបស់សិស្សទាំងអស់នៅលើក្ដារខៀន ។ សូមត្រឡប់មកបញ្ជីនេះវិញ ក្រោយពីអានសេចក្ដីថ្លែងការណ៍ដោយ អែលឌើរ ដេវីឌ អេ បែដណា ដូចខាងក្រោម ) ។
សូមសរសេរនូវសេចក្ដីថ្លែងការណ៍ខាងក្រោមនេះ នៅលើក្ដារខៀន ដោយទុកចន្លោះនូវពាក្យដែលមានគូសបន្ទាត់ពីក្រោម ៖ « ស្វែងរកការរៀនសូត្រ ដោយសារការសិក្សា និង ដោយសារសេចក្ដីជំនឿផង » ។
សូមរំឭកនូវអ្វីដែលសិស្សបានរៀននៅសប្ដាហ៍នេះ ដោយការអញ្ជើញពួកគេមកបំពេញនៅក្នុងចន្លោះទទេនេះ ។ ប្រសិនបើពួកគេត្រូវការជំនួយ សូមឲ្យពួកគេអាន គោលលទ្ធិ និង សេចក្ដីសញ្ញា 88:118 ។ សូមសួរពួកគេថា តើវាមានន័យយ៉ាងណា ដើម្បីស្វែងរកការរៀនសូត្រ ដោយសារការសិក្សា និង ដោយសារសេចក្ដីជំនឿផង ។ នៅពេលអ្នកពិភាក្សារឿងនេះ សូមប្រាកដថា ពួកគេយល់ថា ការរៀនសូត្រ ដោយសារការសិក្សា និង ដោយសារសេចក្ដីជំនឿផង តម្រូវឲ្យមានការខិតខំប្រឹងប្រែងផ្ទាល់ខ្លួន ។
ដើម្បីជួយសិស្សយល់ថា ហេតុអ្វីបានជាការខិតខំប្រឹងប្រែង និង ការងារតម្រូវឲ្យមាន ក្នុងការរៀនសូត្រដំណឹងល្អ សូមឲ្យសិស្សម្នាក់អានការពន្យល់ខាងក្រោមដោយ អែលឌើរ ដេវីឌ អេ បែដណា នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ។ សូមអញ្ជើញសិស្សស្ដាប់ ហើយរកនូវអ្វីដែលកើតឡើងនៅពេលយើងដាក់ការខិតខំ ក្នុងការរៀនសូត្រដោយព្រះវិញ្ញាណ ។
« អ្នករៀនម្នាក់ ដែលអនុវត្តសិទ្ធិជ្រើសរើសដោយការធ្វើ ស្របតាមគោលការណ៍ត្រឹមត្រូវ បានបើកដួងចិត្តរបស់គាត់ ចំពោះព្រះវិញ្ញាណបរិសុទ្ធ ហើយអញ្ជើញការបង្រៀនរបស់ទ្រង់ ការថ្លែងពីព្រះចេសា្ដ និង ការបញ្ជាក់ជាសាក្សី ។ ការរៀនសូត្រដោយសារសេចក្ដីជំនឿ ត្រូវការការបន្ថែមខាងវិញ្ញាណ ខាងអារម្មណ៍ និង ខាងរាងកាយ ហើយមិនមែនគ្រាន់តែការទទួលដោយអកម្មនោះទេ » ។ ( « ស្វែងរកការរៀនសូត្រដោយសារសេចក្ដីជំនឿ » Ensign ខែ កញ្ញា ឆ្នាំ 2007 ទំព័រ 64 ) ។
សួរសិស្សថា ៖ តើអ្វីដែល អែលឌើរ បែដណា បាននិយាយ នឹងកើតឡើងចំពោះអ្នករៀន ដែលដាក់ការខិតខំក្នុងការរៀនសូត្រដោយវិញ្ញាណទេ ?
សូមអញ្ជើញសិស្សឲ្យចែកចាយនូវបទពិសោធន៍ ដែលពួកគេបានមាន នៅពេលដែលពួកគេបានខិតខំយ៉ាងពិសេសមួយខាងវិញ្ញាណ និង មានអារម្មណ៍ពីការកើនឡើងនៃភាពជាដៃគូនៃព្រះវិញ្ញាណបរិសុទ្ធ ជាលទ្ធផលមួយ ។ អ្នកគប្បីបន្ថែមទីបន្ទាល់របស់អ្នកថា ការខិតខំរបស់យើងចំពោះការសិក្សាដំណឹងល្អដោយ ការអធិស្ឋាន នឹងអញ្ជើញព្រះវិញ្ញាណបរិសុទ្ធទៅក្នុងដំណើរការរៀនសូត្រនេះ ។
សូមសួរសិស្សថា ៖ តើរឿងជាក់លាក់អ្វីខ្លះ ដែលអ្នកអាចធ្វើនៅក្នុងឆ្នាំនេះ ដើម្បី « ស្វែងរកការរៀនសូត្រ … ដោយសារការសិក្សា និង ដោយសារសេចក្ដីជំនឿផង » ?
ផែនការសង្រ្គោះ
សូមរំឭកនូវឈ្មោះផ្សេងៗនៃផែនការសង្គ្រោះ ដោយអញ្ជើញសិស្សឲ្យសរសេរនៅលើក្ដារខៀន នូវឈ្មោះដែលពួកគេបានកត់ត្រាទុកក្នុងកំណត់ហេតុការសិក្សាព្រះគម្ពីររបស់ពួកគេ សម្រាប់ជាកិច្ចការ 1 នៃមេរៀនថ្ងៃទី 2 របស់ពួកគេ ។ ប្រសិនបើពួកគេត្រូវការជំនួយ សូមឲ្យពួកគេបើកទៅទំព័រឆ្លើយតប នៅក្នុងការណែនាំការសិក្សារបស់ពួកគេ ។
អ្នកគប្បីសួរថា ៖ តើឈ្មោះទាំងនេះ បង្រៀនដល់អ្នកអំពីគោលបំណងនៃផែនការសង្គ្រោះអ្វីខ្លះ ? ( ផែនការរបស់ព្រះវរបិតាសួគ៌ ត្រូវបានរៀបចំឡើងដើម្បីនាំកូនចៅរបស់ទ្រង់ទៅកាន់ការសង្រ្គោះ និង សុភមង្គលដ៏នៅអស់កល្បជានិច្ច ) ។
សូមពន្យល់ថា នឹងមាននូវឱកាសជាច្រើនពេញមួយឆ្នាំ ដើម្បីរៀនពីរបៀបដែលសេចក្ដីពិតដែលយើងរៀនពីព្រះគម្ពីរមរមន ត្រូវនឹងផែនការនៃសុភមង្គលរបស់ព្រះវរបិតាសួគ៌ ។ អ្នកគប្បីសុំឲ្យសិស្សរកមើល និង គូសចំណាំនៅក្នុងគោលការណ៍ព្រះគម្ពីររបស់ពួកគេ ដែលទាក់ទងនឹងផែនការសង្គ្រោះ នៅពេលពួកគេសិក្សាឆ្នាំនេះ ។ សូមគិតពីការចែកនូវឧទាហរណ៍ពីរបី នូវអ្វីដែលពួកគេអាចរក នៅពេលពួកគេសិក្សា ។ សូមលើកទឹកចិត្តសិស្សឲ្យចែកចាយការរកឃើញរបស់ពួកគេជាមួយនឹងថ្នាក់ អំឡុងពេលឆ្នាំនេះ ។
ទំព័រចំណងជើង សេចក្ដីផ្ដើម និង ទីបន្ទាល់នៃសាក្សីទាំងឡាយ
សូមអញ្ជើញសិស្សឲ្យចូលរួមនៅក្នុងការដើរតួសម្ដែង ដោយការស្រមៃថា ពួកគេនឹងឲ្យព្រះគម្ពីរមរមនមួយច្បាប់ ទៅនរណាម្នាក់ដែលមិនមែនជាសមាជិកនៃសាសនាចក្រ ។
សូមបែងចែកថ្នាក់ជាពីរក្រុម ហើយឲ្យក្រុមមួយៗ រៀបចំសម្រាប់ការដើរតួសម្ដែង ដោយការពិភាក្សាពីសំណួរ ដែលដាក់ឲ្យទៅក្រុមរបស់ពួកគេ ។ វាប្រហែលជួយច្រើន បើសរសេរសំណួរទាំងនេះ នៅលើក្ដារខៀន មុនចាប់ផ្ដើមថ្នាក់ ឬ ចែកឲ្យសិស្សម្នាក់ ៗ នូវក្រដាសសំណួរមួយ ។ សូមលើកទឹកចិត្តសិស្សឲ្យរកមើល និង គូសចំណាំនូវព័ត៌មានដែលពួកគេមានអារម្មណ៍ថានឹងសំខាន់ដើម្បីចែកចាយ នៅពេលបង្រៀនអំពីព្រះគម្ពីរមរមន ។
សំណួរសម្រាប់ក្រុមទី 1 ៖
-
តើព្រះគម្ពីរមរមនគឺជាអ្វី ? ( សូមមើលបព្វកថា កថាខណ្ឌ1–3 ) ។
-
តើគោលបំណងនៃព្រះគម្ពីរមរមនគឺជាអ្វី ? ( សូមមើលទំព័រចំណងជើង កថាខណ្ឌ 2 ) ។
-
តើពរជ័យអ្វី ដែលមកពីការរស់នៅតាមគំនិត ឬ គោលការណ៍ដែលព្រះគម្ពីរមរមនបានបង្រៀន ? ( សូមមើលបុព្វកថា កថាខណ្ឌ 6 ) ។
សំណួរសម្រាប់ក្រុមទី 2 ៖
-
តើព្រះគម្ពីរមរមនបានចេញមកដោយរបៀបណា ? ( សូមមើលបុព្វកថា កថាខណ្ឌ 4–5 ) ។
-
តើយើងអាចដឹងថា ព្រះគម្ពីរមរមនពិតដោយរបៀបណា ? ( សូមមើលបុព្វកថា កថាខណ្ឌ 8 ) ។
-
តើមានអ្វីទៀត ដែលយើងអាចដឹងដោយព្រះចេស្ដានៃព្រះវិញ្ញាណបរិសុទ្ធ ? ( សូមមើលបុព្វកថា កថាខណ្ឌចុងក្រោយគេ ) ។
ក្រោយពីឲ្យពេលសិស្សរៀបចំរួចហើយ សូមជ្រើសរើសសិស្សម្នាក់ឲ្យតំណាង មនុស្សម្នាក់ដែលមិនមែនជាសមាជិកនៃសាសនាចក្រ ។ សុំអ្នកស្ម័គ្រចិត្តម្នាក់ពីក្រុមមួយៗ ដើម្បីជូនព្រះគម្ពីរមរមនមួយក្បាលទៅបុគ្គលនោះ ។ សូមលើកទឹកចិត្តសិស្សឲ្យប្រើចម្លើយនឹងសំណួរដែលក្រុមរបស់ពួកគេបានសិក្សា ដើម្បីបង្រៀនសិស្សទីមួយ អំពីព្រះគម្ពីរមរមន ។
នៅពេលពួកគេបញ្ចប់ការដើរតួសម្ដែងរបស់ពួកគេ សូមសួរសិស្សក្នុងថា្នក់ថា តើព័ត៌មានបន្ថែមអ្វី ដែលពួកគេអាចចែកចាយ ប្រសិនបើពួកគេជាមនុស្សដែលឲ្យព្រះគម្ពីរមរមនមួយក្បាលនោះ ។ អ្នកក៏គប្បីសួរថា ៖ តើអ្នកបានរៀន ឬ ចាំអ្វីអំពីព្រះគម្ពីរមរមន អំឡុងពេលសកម្មភាពនេះ ?
នៅពេលសិស្សឆ្លើយតប សូមប្រាកដថា ពួកគេយល់ថា ព្រះគម្ពីរមរមន គឺជាសាក្សីមួយថា ព្រះយេស៊ូវគឺជាព្រះគ្រីស្ទ ។សូមបញ្ជាក់ពីសារៈសំខាន់នៃការយកចិត្តទុកដាក់លើរបៀបដែលព្រះគម្ពីរមរមន ថ្លែងទីបន្ទាល់អំពីព្រះយេស៊ូវគ្រីស្ទ ។ បន្ថែមលើនេះ សូមពន្យល់ថា ការសិក្សាព្រះគម្ពីរមរមន នឹងជួយពួកគេឲ្យយល់ពីគោលលទ្ធិ និង គោលការណ៍ទាំងឡាយនៃដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ ហើយពង្រឹងទីបន្ទាល់របស់ពួកគេនៃសាសនាចក្ររបស់ទ្រង់ ។
សូមរំឭកដល់សិស្សថា អ្នកសរសេរព្រះគម្ពីរមរមន បានឃើញជំនាន់របស់យើង ហើយបានសរសេរអ្វីដែលជាប្រយោជន៍ដល់យើងខ្លាំងបំផុត ( សូមមើល មរមន 8:35 ) ។
សូមសួរសិស្សថា ៖ តើអ្នកបានរៀនអ្វីខ្លះក្នុងសប្ដាហ៍នេះ ដែលនឹងមានឥទ្ធិពលដល់របៀបដែលអ្នកសិក្សាព្រះគម្ពីរមរមន ?
សូមអញ្ជើញសិស្សបីបួននាក់ ឲ្យចែកចាយពីរបៀបដែលពួកគេគ្រោង ដើម្បីសម្រេចបាននូវការទទួលខុសត្រូវរបស់ពួកគេក្នុងការអានព្រះគម្ពីរមរមន អំឡុងពេលឆ្នាំសិក្សានេះ ។ សូមបញ្ចប់ដោយការចែកចាយអារម្មណ៍ និង ទីបន្ទាល់របស់អ្នកអំពីព្រះគម្ពីរមរមន និង ពីរបៀបដែលការសិក្សាព្រះគម្ពីរមរមន បានមានឥទ្ធិពលលើជីវិតរបស់អ្នក ។
ជំពូកបន្ទាប់ ( នីហ្វៃទី1 1–6, 9)
សូមសួរសិស្ស ប្រសិនបើពួកគេធ្លាប់បានដឹងថា អ្វីមួយត្រូវ ប៉ុន្ដែពេលធ្វើវាទៅ ហាក់ដូចជាពិបាក ឬ ស្ទើរតែមិនអាចទៅរួច ។ សូមពន្យល់ថា នៅសប្ដាហ៍ក្រោយ ពួកគេនឹងរកឃើញថា នីហ្វៃបានជួបប្រទះឧបសគ្គប្រភេទនោះ ហើយពួកគេនឹងរៀនពីរបៀបដែលគាត់ពឹងផ្អែកលើព្រះ ដើម្បីសម្រេចបាននូវអ្វីដែលមើលទៅហាក់ដូចជាមិនអាចធ្វើបាន ។