មេរៀនទី 149
អេធើរ 12:1–22
សេចក្តីផ្ដើម
ក្រោយពីតំណាលពីប្រវត្តិសាស្ដ្រជាច្រើនឆ្នាំរបស់ពួកសាសន៍យ៉ារេឌហើយ លោកមរ៉ូណៃបានណែនាំអំពីការបម្រើរបស់ព្យាការីអេធើរ ។ បន្ទាប់មក លោកមរ៉ូណៃបានបង្អាក់ដំណើររឿងប្រវត្តិសាស្ដ្រដើម្បីកត់ត្រាអំពីពរជ័យខ្លះៗដែលមកដល់អស់អ្នកណាដែលអនុវត្តសេចក្ដីជំនឿទៅលើព្រះយេស៊ូវគ្រីស្ទ ។ មេរៀននេះក្ដោបលើ អេធើរ 12:1–22 ខណៈពេលមេរៀនទី 150 ទាក់ទងនឹង អេធើរ 12:23–41 ។
យោបល់សម្រាប់ការបង្រៀន
អេធើរ 12:1–4
លោកអេធើរ បង្រៀនអំពីការប្រែចិត្តដល់ពួកសាសន៍យ៉ារេឌ
សូមចាប់ផ្ដើមថ្នាក់រៀនដោយការសុំឲ្យសិស្សម្នាក់ឡើងមកខាងមុខថ្នាក់ ហើយគូសរូបរលកខ្លះ និងទូកមួយដែលមានសុវត្ថិភាពដោយយុថ្កាមួយ ។
-
ហេតុអ្វីបានជាវាសំខាន់ដែលទូកត្រូវមានយុថ្កា ?
-
តើមានគ្រោះថ្នាក់ ឬការលំបាកណាខ្លះដែលអាចនឹងកើតមាន ប្រសិនបើទូកគ្មានយុថ្កាទេនោះ ?
-
តើរលកនឹងមានឥទ្ធិពលយ៉ាងណាទៅលើទូក ? ( ចម្លើយអាចរួមមាន រលកនឹងបណ្ដាលឲ្យទូកនោះផ្លាស់ទី រសាត់អណ្ដែត ឬក៏បក់ទៅបក់មក ) ។
សូមសរសេរលើទូកនោះដោយពាក្យថា ជីវិតរបស់អ្នក ។
-
ប្រសិនបើទូកនោះតំណាងឲ្យជីវិតរបស់យើង តើរលកនោះអាចដូចជាអ្វីទៅ ? ( ចម្លើយអាចរួមមាន សំពាធពីសង្គម ឧបសគ្គ ការបង្រៀនខុសឆ្គង ឬអំពើទុច្ចរិត ) ។
-
តើជីវិតរបស់មនុស្សម្នាក់អាចដូចជាទូកដែលគ្មានយុថ្កាដោយរបៀបណា ? ( អ្នកអាចណែនាំ សិស្សគួរអាននៅក្នុង មរមន 5:17–18 ដើម្បីជួយពួកគេឲ្យឆ្លើយតបទៅនឹងសំណួរនេះ ) ។
-
តើមានរឿងអ្វីខ្លះដែលព្រះអម្ចាស់បានប្រទាន ដែលអាចធ្វើជាយុថ្កាខាងវិញ្ញាណនៅក្នុងជីវិតរបស់យើងបាននោះ ? ( សិស្សអាចផ្ដល់ចម្លើយខុសៗគ្នា ។ ផ្នែកជាច្រើននៃដំណឹងល្អ អាចប្រៀបដូចជាយុថ្កា ) ។
សូមអញ្ជើញសិស្សឲ្យរកមើលឧទាហរ៍ណនៃយុថ្កាខាងវិញ្ញាណ នៅពេលពួកគេសិក្សាក្នុង អេធើរ 12 ។
សូមពន្យល់ថា អេធើរ 12 ចាប់ផ្ដើមដោយការណែនាំរបស់លោកមរ៉ូណៃអំពីលោកអេធើរ ដែលជាព្យាការីរបស់ពួកសាសន៍យ៉ារេឌ ដែលបានបង្រៀនក្នុងពេលមួយដែលប្រជាជនបានបដិសេធព្យាការី និងបានរស់នៅក្នុងសេចក្ដីទុច្ចរិត ។ សូមឲ្យសិស្សអាន អេធើរ 12:1–3 ដោយស្ងាត់ស្ងៀមដោយរកមើលអ្វីៗដែលធ្វើឲ្យពួកគេរំភើបអំពីសកម្មភាពរបស់លោកអេធើរ ។ សូមឲ្យសិស្សរៀបរាប់ពីអ្វីដែលពួកគេរកឃើញ ។
សូមឲ្យសិស្សម្នាក់អាន អេធើរ 12:4 ឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់មើលតាម ដោយរកមើលអ្វីដែលអស់អ្នកទាំងឡាយណាដែលជឿលើព្រះអាច « សង្ឃឹមដល់ » ទោះបីជារស់នៅក្នុងភាពលំបាក និងសេចក្ដីទុច្ចរិតក្ដី ។ នៅពេលសិស្សឆ្លើយ អ្នកអាចលើកឡើង « ពិភពដ៏ល្អប្រសើរមួយ » ដែលយើងសង្ឃឹមចង់បាននោះគឺជា « កន្លែងមួយដែលនៅខាងស្ដាំព្រះហស្ដនៃព្រះ » ។
-
តើវាមានន័យយ៉ាងណា ដែលមានកន្លែងមួយនៅខាងស្ដាំព្រះហស្ដនៃព្រះ ? ( ការត្រឡប់ទៅកាន់វត្តមានរបស់ទ្រង់វិញ និងទទួលបានជីវិតដ៏នៅអស់កល្បជានិច្ច ) ។
-
តើអ្នកគិតថា ការមានសង្ឃឹម « ដោយភាពពិតប្រាកដ » ខុសគ្នាពីការគ្រាន់តែចង់បានអ្វីមួយដោយរបៀបណា ? ( នៅក្នុងព្រះគម្ពីរ សេចក្ដីសង្ឃឹមសំដៅទៅលើការមានទំនុកចិត្តថា យើងអាចទទួលបានពរជ័យដែលព្រះទ្រង់សន្យានឹងយើង ប្រសិនបើយើងកាន់តាមសេចក្ដីសញ្ញារបស់យើងជាមួយនឹងទ្រង់ ) ។
-
យោងតាម អេធើរ 12:4 តើយើងទទួលបានសេចក្ដីសង្ឃឹមនៃការទទួលបានកន្លែងមួយនៅខាងស្ដាំព្រះហស្ដនៃព្រះដោយរបៀបណា ? ( នៅពេលសិស្សឆ្លើយ សូមពន្យល់ថា សេចក្ដីជំនឿដែលបានលើកឡើងនៅក្នុង អេធើរ 12:4 សំដៅទៅលើសេចក្ដីជំនឿទៅលើព្រះយេស៊ូវគ្រីស្ទ ) ។ តើសេចក្ដីជំនឿទៅលើព្រះយេស៊ូវគ្រីស្ទធ្វើឲ្យយើងសង្ឃឹម « ដោយភាពពិតប្រាកដ » ថានឹងបានកន្លែងមួយនៅខាងស្ដាំព្រះហស្ដនៃព្រះដោយរបៀបណា ?
នៅលើក្ដារខៀន សូមសរសេរលើរូបយុថ្កាដោយពាក្យ សេចក្ដីជំនឿ និងសេចក្ដីសង្ឃឹម ។
-
យោងតាម អេធើរ 12:4 តើនឹងមានអ្វីកើតឡើង នៅពេលនរណាម្នាក់មានសេចក្ដីសង្ឃឹម និងសេចក្ដីជំនឿទៅលើព្រះយេស៊ូវគ្រីស្ទ ? ( ទោះបីជាសិស្សអាចឆ្លើយដោយប្រើពាក្យខុសគ្នាក្ដី ក៏ពួកគេគួរបង្ហាញនូវគោលការណ៍ខាងក្រោមនេះ ៖ នៅពេលយើងមានសេចក្ដីសង្ឃឹម និងសេចក្ដីជំនឿទៅលើព្រះយេស៊ូវគ្រីស្ទ នោះយើងនឹងខ្ជាប់ខ្ជួន ហើយយើងនឹងចងភ្ជាប់ទៅនឹងកិច្ចការល្អ ) ។
-
តើអ្នកគិតថា « ចងភ្ជាប់ » នៅក្នុងកិច្ចការល្អមានន័យយ៉ាងណា ? ( ការធ្វើរឿងល្អៗជាច្រើន ) ។
-
តើកិច្ចការល្អអ្វីខ្លះដែល « តម្កើងសិរីល្អដល់ព្រះ » ? ( ចម្លើយអាចរួមមាន ការអធិស្ឋាន ការសិក្សាព្រះគម្ពីរ ការបម្រើអ្នកដទៃ និងការអភិវឌ្ឍទេពកោសល្យ ) ។
-
សូមគិតពីមនុស្សដែលអ្នកស្គាល់ ដែលតែងតែមើលទៅចងភ្ជាប់ទៅនឹងកិច្ចការល្អ ហើយមិនខ្មាស់អៀនក្នុងការតម្កើងសិរីល្អដល់ព្រះ ។ តើមានរឿងជាក់លាក់អ្វីខ្លះដែលពួកគេបានធ្វើ ដែលធ្វើឲ្យពួកគេក្លាយជាគំរូដ៏ល្អមួយក្នុងការឆ្លុះបញ្ចាំងពីគោលការណ៍នេះ ?
សូមឲ្យសិស្សសញ្ជឹងគិតពីពេលដែលវាជាការពិបាកសម្រាប់ពួកគេ ដើម្បីបន្ដខ្ជាប់ខ្ជួន និងចងភ្ជាប់នៅក្នុងកិច្ចការល្អ ។ ដើម្បីជួយសិស្សឲ្យរៀបចំសម្រាប់ស្ថានភាពដែលស្រដៀងគ្នាពេញមួយឆាកជីវិតរបស់ពួកគេ សូមអញ្ជើញពួកគេឲ្យរកមើលរបៀបដែលពួកគេអាចបង្កើនសេចក្ដីជំនឿ និងសេចក្ដីសង្ឃឹមរបស់ពួកគេ នៅពេលពួកគេបន្ដការសិក្សានៅក្នុង អេធើរ 12 ។
អេធើរ 12:5–22
លោកមរ៉ូណៃរៀបរាប់ពីអព្ភូតហេតុ និងកិច្ចការដ៏អស្ចារ្យដែលបានកើតឡើងដោយសេចក្ដីជំនឿ
សូមសរសេរឃ្លាខាងក្រោមនៅលើក្តារខៀន៖ ខ្ញុំចង់ទទួលបានសាក្សីខាងវិញ្ញាណថា …
សូមឲ្យសិស្សផ្ដល់យោបល់អំពីសេចក្ដីពិតនៃដំណឹងល្អនានា គោលការណ៍ទាំងឡាយ ឬក៏គោលលទ្ធិផ្សេងៗដែលមនុស្សអាចរកឃើញនូវសាក្សីខាងវិញ្ញាណ ។ នៅពេលសិស្សឆ្លើយ សូមសរសេរចម្លើយរបស់ពួកគេនៅលើក្តារខៀន ។ ( ចម្លើយអាចរួមមានសាក្សីមួយថា ព្រះគម្ពីរមរមនគឺពិត ; ការរស់នៅក្នុងជីវិតមួយដោយមានភាពស្អាតស្អំ និងពោរពេញដោយគុណធម៌គឺមានសារសំខាន់ ; ពាក្យគតិបណ្ឌិតគឺជាច្បាប់របស់ព្រះមួយ ; ខ្ញុំគួរតែរៀបចំដើម្បីទៅបម្រើបេសសកម្ម ) ។ សូមឲ្យសិស្សគិតអំពីសេចក្ដីពិតនៃដំណឹងល្អមួយ ដែលពួកគេចង់ទទួលបាននូវសាក្សីខាងវិញ្ញាណ ឬក៏មានទីបន្ទាល់កាន់តែរឹងមាំឡើង ។
សូមពន្យល់ថា មនុស្សខ្លះមាននូវឥរិយាបថដូចខាងក្រោមនេះ ៖ « ខ្ញុំនឹងមិនជឿ ឬមិនរស់នៅតាមគោលការណ៍នៃដំណឹងល្អនោះទេ រហូតដល់ខ្ញុំបានឃើញភស្ដុតាងដែលបញ្ជាក់ថា វាគឺជាការពិតសិន » ។ សូមឲ្យសិស្សអាន អេធើរ 12:5–6 ដោយស្ងាត់ស្ងៀម ដោយរកមើលរបៀបដែលខគម្ពីរទាំងនេះទាក់ទងទៅនឹងឥរិយាបថបែបនេះ ។ សូមបង្ហាញថា អេធើរ 12:6 នេះគឺជាវគ្គព្រះគម្ពីរចំណេះចំណាន ។ អ្នកអាចណែនាំ សិស្សគួរគូសចំណាំវគ្គនេះដើម្បីឲ្យងាយស្រួលនឹងរកឃើញវា ។
-
យោងតាម អេធើរ 12:6 តើមានអ្វីត្រូវតែកើតឡើង មុនពេលយើងអាចទទួលបានសក្ខីភាពមួយនោះ ?
-
តើគំនិតអ្វីខ្លះ ដែលអ្នកមាន នៅពេលអ្នកគិតអំពីឃ្លា « ការសាកល្បងនៃសេចក្ដីជំនឿ » ?
ក្រោយពីសិស្សឆ្លើយហើយ អ្នកអាចចង់ពន្យល់ថា មនុស្សខ្លះបកប្រែន័យនៃ « ការសាកល្បងនៃសេចក្ដីជំនឿ » ខុសឆ្គងថាជាការសំដៅទៅរកភាពលំបាកលំបិនទៅវិញ ។ ឃ្លា « ការសាកល្បងនៃសេចក្ដីជំនឿ » អាចពិពណ៌នាថាជាអ្វីៗដែលផ្ដល់ឱកាសមួយដល់យើង ដើម្បីបង្ហាញ ឬអនុវត្តសេចក្ដីជំនឿរបស់យើងទៅលើព្រះយេស៊ូវគ្រីស្ទ ។ សូមឲ្យសិស្សម្នាក់អាននូវសេចក្ដីថ្លែងការណ៍ខាងក្រោមដោយអែលឌើរ រីឆាត ជី ស្កត នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ៖ មុនពេលសិស្សអានសេចក្ដីថ្លែងការណ៍នេះ សូមឲ្យសិស្សស្ដាប់ការពន្យល់របស់អែលឌើរ ស្កត អំពីអត្ថន័យនៃឃ្លា « ការសាកល្បងនៃសេចក្ដីជំនឿ » ។
« អ្នកអាចរៀនដើម្បីប្រើសេចក្ដីជំនឿឲ្យកាន់តែមានប្រសិទ្ធភាពជាងនេះទៅទៀត ដោយការអនុវត្តគោលការណ៍ដែលបានបង្រៀនដោយលោកមរ៉ូណៃនេះ ៖ ‹ … ត្បិតអ្នករាល់គ្នាពុំទទួលសាក្សីឡើយ លុះដល់ក្រោយពីការសាកល្បងនៃសេចក្ដីជំនឿរបស់អ្នកសិន › [ អេធើរ 12:6; អក្សរទ្រេតត្រូវបានបន្ថែម ] ។ ហេតុដូច្នេះហើយ រាល់ពេលដែលអ្នក សាកល្បងសេចក្ដីជំនឿរបស់អ្នក នោះគឺថា អ្នកត្រូវធ្វើសកម្មភាពដោយភាពសក្ដិសមចំពោះការរំភើបមួយ ដែលអ្នកនឹងទទួលបានភស្ដុតាងបញ្ជាក់អំពីព្រះវិញ្ញាណ ។ អារម្មណ៍ទាំងនោះនឹងពង្រឹងដល់សេចក្ដីជំនឿរបស់អ្នក ។ នៅពេលអ្នកធ្វើតាមគំរូនោះម្ដងហើយម្ដងទៀត សេចក្ដីជំនឿរបស់អ្នកនឹងកាន់តែរឹងមាំជាងនេះទៅទៀត » ( « The Sustaining Power of Faith in Times of Uncertainty and Testing »Ensign ឬ លីអាហូណា ខែ ឧសភា ឆ្នាំ 2003, ទំព័រ 76 ) ។
-
តើដំណើរការដែលបានរៀបរាប់ដោយអែលឌើរ ស្កត ខុសពីឥរិយាបថរបស់អស់អ្នកទាំងឡាយណាដែលចង់បានភស្ដុតាងមុនពេលពួកគេនឹងជឿ ឬធ្វើសកម្មភាពដោយរបៀបណា ?
សូមសរសេរសេចក្ដីយោងព្រះគម្ពីរខាងក្រោមនៅលើក្ដារខៀន ៖ អេធើរ 12:7–12; អេធើរ 12:13–18; អេធើរ 12:19–22, 30–31 ។ សូមបែងចែកសិស្សក្នុងថ្នាក់ទៅជាបីក្រុម ហើយចាត់តាំងឲ្យក្រុមនីមួយៗអាននូវវគ្គព្រះគម្ពីរមួយ ។ សូមឲ្យសិស្សរកមើលនូវពរជ័យដែលបានមកពីលទ្ធផលនៃសេចក្ដីជំនឿរបស់មនុស្សដែលបានរៀបរាប់នៅក្នុងវគ្គគម្ពីរនីមួយៗ ។ សូមអញ្ជើញឲ្យពួកគេកត់ចំណាំនូវការប្រើឃ្លា « លុះត្រាក្រោយពីពួកគេមានសេចក្ដីជំនឿ » ឬ « លុះត្រាក្រោយពីសេចក្ដីជំនឿរបស់ពួកគេសិន » នៅក្នុង ខគម្ពីរទី 7, 12, 17, 18, និង 31 ។ ( អ្នកអាចណែនាំ សិស្សគួរគូសចំណាំឃ្លាទាំងនេះរាល់ពេលដែលគេអានប៉ះ ) ។
ក្រោយពីសិស្សរៀបរាប់ពីអ្វីដែលពួកគេបានរកឃើញហើយ សូមឲ្យពួកគេសង្ខេបនូវអ្វីដែលព្រះអម្ចាស់ប្រទាន ក្រោយពីយើងបង្ហាញពីសេចក្ដីជំនឿទៅលើព្រះយេស៊ូវគ្រីស្ទ ។ ទោះបីជាសិស្សអាចប្រើពាក្យខុសគ្នា ប៉ុន្ដែពួកគេគួរបង្ហាញនូវសេចក្ដីពិតស្រដៀងនឹងឃ្លាដូចខាងក្រោមនេះ ៖ ប្រសិនបើយើងចង់បានសាក្សីខាងវិញ្ញាណ នោះយើងត្រូវតែអនុវត្តសេចក្ដីជំនឿរបស់យើងទៅលើព្រះយេស៊ូវគ្រីស្ទជាមុនសិន ។ សូមពន្យល់ថា គឺដូចជាសាក្សីខាងវិញ្ញាណភាគច្រើនដែរ អព្ភូតហេតុនឹងមិនកើតមានឡើងនោះទេ រហូតដល់ក្រោយពីយើងបានអនុវត្តសេចក្ដីជំនឿរបស់យើងសិន ។
សូមបង្ហាញស្ថានភាពដូចខាងក្រោមដល់សិស្ស ។ សូមឲ្យសិស្សពន្យល់ពីរបៀបដែលបុគ្គលម្នាក់នៅក្នុងស្ថានភាពនីមួយៗអាចនឹងបង្ហាញសេចក្ដីជំនឿទៅលើព្រះអម្ចាស់ ។
-
យុវនារីម្នាក់ចង់ទទួលបានសាក្សីមួយអំពីសេចក្ដីពិតពេញលេញនៃព្រះគម្ពីរមរមន ។
-
យុវជនម្នាក់មានបំណងដ៏មុតស្រួចមួយដើម្បីជួយមនុស្សជាទីស្រឡាញ់របស់គេឲ្យទទួលយកដំណឹងល្អ ។
សូមឲ្យសិស្សសញ្ជឹងគិតមួយសន្ទុះ នៅពេលពួកគេ ឬមនុស្សដែលពួកគេស្គាល់បានទទួលនូវសាក្សីខាងវិញ្ញាណ ឬក៏អព្ភូតហេតុណាមួយ ក្រោយពីបានបង្ហាញនូវសេចក្តីជំនឿទៅលើព្រះអម្ចាស់ ។ សូមឲ្យសិស្សចែករំលែកពីបទពិសោធន៍ដែលពួកគេបានគិតដល់ ។ ( សូមប្រាកដថា សិស្សយល់ថា ពួកគេមិនគួរមានអារម្មណ៍ថាត្រូវតែចែករំលែកអំពីបទពិសោធន៍ដែលផ្ទាល់ខ្លួន ឬឯកជនពេកនោះទេ ) ។ អ្នកក៏អាចចែករំលែកពីបទពិសោធន៍ផ្ទាល់ខ្លួនដែរ ។
សូមឲ្យសិស្សគិតអំពីសេចក្ដីពិតនៃដំណឹងល្អមួយ ដែលពួកគេចង់ទទួលបាននូវសាក្សីខាងវិញ្ញាណ ។ សូមឲ្យពួកគេសរសេរនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីរ ឬ សៀវភៅសរសេរក្នុងថ្នាក់អំពីអ្វីមួយ ដែលពួកគេអាចនឹងធ្វើដើម្បីអនុវត្តសេចក្ដីជំនឿឲ្យកាន់តែខ្លាំងនៅលើព្រះអម្ចាស់ ។