បណ្ណាល័យ
ម៉ូសាយ


សេចក្ដី​ផ្ដើម​អំពី គម្ពីរ​ម៉ូសាយ

ហេតុអ្វី​បានជា​សិក្សា​អំពី​គម្ពីរ​នេះ ?

នៅក្នុង​ការសិក្សា​របស់​ពួកគេ​អំពី​គម្ពីរ​ម៉ូសាយ សិស្ស​នឹង​អាន​អំពី​ទីបន្ទាល់​ដ៏​មាន​ឥទ្ធិពល​ពី​បេសកកម្ម​របស់​ព្រះយេស៊ូវគ្រីស្ទ ។ ពួកគេ​ក៏​នឹង​រៀន​អំពី​ប្រជាជន ដែល​ព្រះអម្ចាស់​បាន​ដោះលែង​ពី​សេវកភាព​នៃ​អំពើ​បាប ឬ ពី​ការជិះជាន់ខាងរាងកាយ ។ ជាងនេះ​ទៅ​ទៀត សិស្ស​នឹង​រៀន​ពី​របៀប​ដែល​ការខិតខំ​ដ៏​សុចរិត​នៃ​បុគ្គល​ម្នាក់ៗ​ដូចជា សេ្ដច​បេនយ៉ាមីន អ័ប៊ីណាដៃ និង អាលម៉ា បាន​នាំ​មក​នូវ​ពរជ័យ​ដ៏​ធំ​អស្ចារ្យដល់​អ្នកដទៃ​ទៀត ។ ផ្ទុយទៅវិញ សិស្ស​នឹង​ឃើញ​ពី​របៀប​ដែល​ការជ្រើសរើស​ខុស​របស់​បុគ្គល​ម្នាក់ៗ​ដូចជា ស៊ីនិព្វ និង កូនប្រុស​របស់​គាត់ សេ្ដច​ណូអេ បាន​នាំ​មកនូវ​លទ្ធផល​អវិជ្ជមាន​ជាច្រើន​ដល់​ខ្លួន​គេ និង ប្រជាជន​របស់​ពួកគេ ។

តើ​អ្នកណា​សរសេរ​គម្ពីរ​នេះ ?

មរមន​បាន​ចងក្រង និង សង្ខេប​កំណត់ត្រា​របស់​អ្នកសរសេរ​ផ្សេងទៀត​ជាច្រើន ដើម្បី​បង្កើត​ជា​គម្ពីរ​ម៉ូសាយ ។ គម្ពីរ​នេះ​ដាក់​ឈ្មោះ​តាម ម៉ូសាយ ដែល​ជា​កូនប្រុស​ម្នាក់​របស់​ស្ដេច​បេនយ៉ាមីន ។ ម៉ូសាយ​គឺជា​ព្យាការី អ្នកមើលឆុត អ្នកព្យាករ និង ជា​ស្ដេច​មួយ​អង្គ​ដែល​គ្រប់គ្រង​នៅក្នុង​សារ៉ាហិមឡា​ប្រហែល​ពី​ឆ្នាំ 124ម.គ.ស. ​ដល់​ឆ្នាំ 91 ម.គ.ស. ។ ទ្រង់​មាន​នាម​តាម​អយ្យកោ​របស់​ទ្រង់​នាម ម៉ូសាយ ដែល​ជា​ស្ដេច​នៃ​សារ៉ាហិមឡា​ដែរ ( សូម​មើល អោមណៃ 1:12–13, 19 ) ។

មរមន​បាន​ដកស្រង់​ចេញ​ពី​កំណត់ត្រា​មួយ​ចំនួន ដើម្បី​ចងក្រង​ជា​គម្ពីរ​ម៉ូសាយ ។ គាត់​បាន​សង្ខេប និង ដកស្រង់​ពី​កំណត់ត្រា​ដែល​បាន​រក្សាទុក​ដោយ​ម៉ូសាយ​នៅលើ​ផ្ទាំង​នីហ្វៃ​ធំ ដែល​បាន​ពិពណ៌នា​លម្អិត​អំពី​ប្រវត្តិសាស្ដ្រ​របស់​សាសន៍​នីហ្វៃ​នៅក្នុង​ដែនដី​សារ៉ាហិមឡា ( សូមមើល ម៉ូសាយ 1–7; 25–29 ) ។ គាត់​ក៏​បាន​ដកស្រង់​ពី​កំណត់ត្រា​របស់​ស៊ីនិព្វ ដែល​រៀបរាប់​ពី​ប្រវត្តិសាស្ដ្រ​នៃ​ប្រជាជន​ស៊ីនិព្វ​ចាប់ពី​ពេល​ដែល​ពួកគេ​បាន​ចាកចេញ​ពី​ដែនដី​សារ៉ាហិមឡា រហូត​ដល់​ពួកគេ​បាន​ត្រឡប់​មក​វិញ ( សូមមើល ម៉ូសាយ 7–22 ) ។ លើសពីនេះ​ទៅ​ទៀត មរមន​បាន​ដកស្រង់ និង សង្ខេប​ផ្នែក​ជាច្រើន​ពី​ការសរសេរ​របស់​អាលម៉ា ដែល​បាន​រក្សាទុក​ពាក្យសម្ដី​របស់​អ័ប៊ីណាដៃ និង បាន​ទុក​នូវ​កំណត់ត្រា​មួយ​នៃ​ប្រជាជន​ផ្ទាល់​របស់​លោក ( សូមមើល ម៉ូសាយ 17:4; 18; 23–24 ) ។

តើ​គម្ពីរ​នេះ​ត្រូវ​បាន​សរសេរ​សម្រាប់​អ្នកណា ហើយ​តើ​ហេតុអ្វី ?

មរមន​មិន​បាន​រ៉ាយរ៉ាប់​គម្ពីរ​ម៉ូសាយ​ទៅដល់​អ្នកអាន ឬ រដ្ឋ​ជាក់លាក់​ណាមួយ ថា​ហេតុអ្វី​បាន​ជា​គាត់​សរសេរ​គម្ពីរ​នេះ​នោះ​ទេ ។ ទោះជាយ៉ាងណាក្ដី គម្ពីរ​ម៉ូសាយ​បាន​ដើរតួ​យ៉ាងសំខាន់​ដល់​គោលបំណង​ទាំងឡាយ​នៃ​ព្រះគម្ពីរ​មរមន ដើម្បី​ធ្វើ​ជា​សាក្សី​ថា— ព្រះយេស៊ូវ​គឺជា​ព្រះគ្រីស្ទ និង ដើម្បី​ធ្វើ​ឲ្យ​សេចក្ដីសញ្ញា​របស់​ព្រះអម្ចាស់​បាន​ត្រូវ​គេ​ស្គាល់ ( សូមមើល ទំព័រ​ចំណងជើង​នៃ​ព្រះគម្ពីរ​មរមន ) ។ គម្ពីរ​ម៉ូសាយ​រួម​មាន​សេចក្ដីថ្លែង​សំខាន់​ពីរ​អំពី​បេសកកម្ម​របស់​ព្រះយេស៊ូវគ្រីស្ទ ៖ ពាក្យសម្ដី​នៃ​ស្ដេច​បេនយ៉ាមីន​នៅ​ក្នុង ម៉ូសាយ 2–5 និង ពាក្យ​សម្ដី​របស់​អ័ប៊ីណាដៃ​នៅក្នុង ម៉ូសាយ 12–16 ។ បន្ថែម​លើ​នេះ គម្ពីរ​ម៉ូសាយ​បង្ហាញ​ឡើងវិញ​ពី​សារៈសំខាន់​ក្នុង​ការបង្កើត និង ការកាន់​តាម​សេចក្ដីសញ្ញា​ជាមួយ​នឹង​ព្រះអម្ចាស់ ( សូម​មើល ម៉ូសាយ 5:5–9; 18:5–10; 21:31–32; 24:13–15; 25:16–18; 26:20 ) ។

តើ​គម្ពីរ​នេះ​ត្រូវ​បាន​សរសេរ​នៅពេល​ណា និង នៅ​កន្លែងណា ?

កំណត់ត្រា​ដើម​ដែល​ធ្វើ​ជា​ប្រភព​សម្រាប់​គម្ពីរ​ម៉ូសាយ ហាក់ត្រូវ​បាន​សរសេរ​នៅ​រវាង​ឆ្នាំ 200 ម.គ.ស. និង ឆ្នាំ 91 ម.គ.ស.  ។ មរមន​បាន​សង្ខេប​កំណត់ត្រា​ទាំងនោះ​ក្នុង​ពេល​រវាង​ឆ្នាំ 345 គ.ស និង ឆ្នាំ 385 គ.ស ។ មរមន​មិន​បាន​កត់ត្រា​ពី​ទីកន្លែង​របស់​គាត់ នៅពេល​គាត់​បាន​ចងក្រង​គម្ពីរ​នេះ​ទេ ។

តើ​គម្ពីរ​នេះ​មាន​លក្ខណៈ​ខុសគ្នា​អ្វី​ខ្លះ ?

ម៉ូសាយ​គឺជា​គម្ពីរ​ទីមួយ​នៅក្នុង​ព្រះគម្ពីរ​មរមន ដែល​ជា​សេចក្ដី​សង្ខេប​មួយ​ពី​ផ្ទាំង​នីហ្វៃ​ធំ ។ វា​ផ្ដល់​នូវ​ការបង្រៀន​ដែល​ទាក់ទង​នឹង​សមត្ថភាព​នៃ​អ្នកមើលឆុត​ម្នាក់ ( សូម​មើល ម៉ូសាយ 8:13–18; 28:10–17 ) ។ បន្ថែម​លើ​នេះ គម្ពីរ​ម៉ូសាយ​គឺ​មាន​តែមួយ​នៅក្នុង​ការរៀបរាប់​ពី​បទពិសោធន៍​នានា និង ការធ្វើ​ដំណើរ​របស់​សាសន៍​នីហ្វៃ​នៃ​ក្រុម​បែកពី​គ្នា—អ្នកដែល​នៅក្នុង​ដែនដី​សារ៉ាហិមឡា អ្នកដែល​ត្រូវ​បាន​គ្រប់គ្រង​ដោយ​ស៊ីនិព្វ ណូអេ និង លិមហៃ​នៅក្នុង​ដែនដី​នីហ្វៃ ហើយ​និង​អ្នកដែល​បាន​រត់ចេញ​ពី​ដែនដី​នីហ្វៃ​ជាមួយ​នឹង​អាលម៉ា ។ ដើម្បី​រៀន​ឲ្យ​ច្បាស់​ជាងនេះ​អំពី​ក្រុម​ទាំងនេះ អ្នក​អាច​យោង​ទៅ​សេចក្ដីសង្ខេប​នៃ​ការធ្វើ​ដំណើរ​ទាំងឡាយ​នៅក្នុង ម៉ូសាយ 7–24 ដែល​មាន​នៅក្នុង​សេចក្ដីបន្ថែម​នៅចុង​បញ្ចប់​នៃ​សៀវភៅ​ណែនាំ​នេះ ។

គម្ពីរ​ម៉ូសាយ​ពិពណ៌នា​ពី​ការរួបរួម​នៃ​ប្រជាជន​ដែល​ត្រូវ​បាន​ដឹកនាំ​ដោយ​លិមហៃ និង អាលម៉ា​ជាមួយ​នឹង​សាសន៍​នីហ្វៃ​នៅក្នុង​ដែនដី​សារ៉ាហិមឡា​ផងដែរ ( សូមមើល ម៉ូសាយ 25:1–13 ) ។ វា​ក៏​ផ្ដល់​នូវ​សេចក្ដីលម្អិត​អំពី​ការគ្រប់គ្រង​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៅទូទាំង​ដែនដី​សារ៉ាហិមឡា ( សូមមើល ម៉ូសាយ 25:14–24; 26 ) ។ ជាទីបញ្ចប់ គម្ពីរ​ម៉ូសាយ​ណែនាំ​ពី​រជ្ជកាល​នៃ​ពួកចៅក្រម ( សូមមើល ម៉ូសាយ 29 ) ។

គម្រោង

ម៉ូសាយ 1–5 ស្ដេច​បេនយ៉ាមីន​ចាត់តាំង​កូនប្រុស​របស់​ទ្រង់ ម៉ូសាយ ជាអ្នក​បន្ដ​រាជ្យ​របស់​ទ្រង់ ហើយ​ប្រទាន​នូវ​ដំណើររឿង​នៃ​រជ្ជកាល​របស់​ទ្រង់ ។ បេនយ៉ាមីន​បង្រៀន​អំពី​ព្រះយេស៊ូវគ្រីស្ទ ហើយ​បាន​អញ្ជើញ​ប្រជាជន​របស់​ទ្រង់​ឲ្យ​ចូលមក​ក្នុង​សេចក្ដីសញ្ញា​មួយ​ជាមួយ​នឹង​ព្រះ ។

ម៉ូសាយ 6–8 ម៉ូសាយ​ចាប់ផ្ដើម​រជ្ជកាល​របស់​គាត់ ។ អាំម៉ូន និង អ្នក 15 នាក់​ទៀត​ស្វែងរក​កូនចៅ​នៃ​ប្រជាជន​របស់​ស៊ីនិព្វ​នៅក្នុង​ដែនដី​នីហ្វៃ ។ អាំម៉ូន​ជួប​នឹង​សេ្ដច​លិមហៃ ចៅប្រុស​របស់​ស៊ីនិព្វ ហើយ​បាន​រៀន​ពី​របៀប​ដែល​ប្រជាជន​ត្រូវ​បាន​ធ្លាក់​ទៅក្នុង​សេវកភាព ។

ម៉ូសាយ 9–17 ប្រវត្តិសាស្ដ្រ​មួយ​អំពី​ប្រជាជន​របស់​ស៊ីនិព្វ​ត្រូវ​បាន​ផ្ដល់ ។ ក្រោយ​ពី​ការស្លាប់​របស់​ស៊ីនិព្វ កូនប្រុស​របស់​គាត់ ណូអេ គ្រប់គ្រង​នៅក្នុង​សេចក្ដី​ទុច្ចរិត ។ អ័ប៊ីណាដៃ​ថ្លែង​ទីបន្ទាល់​អំពី​ព្រះយេស៊ូវគ្រីស្ទ ហើយ​ដាស់តឿន​ស្ដេច​ណូអេ និង ប្រជាជន​របស់​ទ្រង់​ឲ្យ​ប្រែចិត្ត ។ អ័ប៊ីណាដៃ​ត្រូវ​កាត់ទោស​ដោយ​ភ្លើង ។

ម៉ូសាយ 18–20 អាលម៉ា ជា​សង្ឃ​ម្នាក់​របស់​ស្ដេច​ណូអេ បាន​ប្រែចិត្ត ។ គាត់​បង្រៀន​ដំណឹងល្អ ហើយ​បាន​រត់ចេញ​ជាមួយ​នឹង​អ្នកដើរតាម​គាត់​ទៅកាន់​វាលរហោស្ថាន ។ សាសន៍​នីហ្វៃ​នៅក្នុង​ដែនដី​នីហ្វៃ​ត្រូវ​បាន​វាយប្រហារ​ដោយ​សាសន៍​លេមិន ហើយ​ត្រូវ​បាន​ដាក់​នៅក្នុង​សេវកភាព ។ ណូអេ​ត្រូវ​បាន​ប្រជាជន​របស់​ទ្រង់​សម្លាប់ ហើយ​ត្រូវ​បាន​ស្នង​ដោយ​កូនប្រុស​របស់​ទ្រង់ លិមហៃ ។

ម៉ូសាយ 21–22 លិមហៃ និង ប្រជាជន​របស់​ទ្រង់​បាន​កែប្រែ​ចិត្ត ។ ព្រះអម្ចាស់​បាន​ដោះលែង​ពួកគេ​ចេញពី​សេវកភាព ហើយ​អាំម៉ូន​ដឹកនាំ​ពួកគេ​ទៅកាន់​ដែនដី​សារ៉ាហិមឡា ។

ម៉ូសាយ 23–24 អាលម៉ា និង អ្នកដើរតាម​គាត់​បាន​បង្កើត​ទីក្រុង​ហេឡាម ។ ពួកគេ​ត្រូវបាន​ដាក់​នៅក្នុង​សេវកភាព​ដោយ​សាសន៍​លេមិន ហើយ​ត្រូវ​បាន​កាត់ទោស​ដោយ​អាមូឡុន និង បងប្អូន​របស់​គាត់ ដែលជា​ពួកសង្ឃ​ពី​មុន​របស់​ស្ដេច​ណូអេ ។ ព្រះអម្ចាស់​ដោះលែង​អាលម៉ា និង ប្រជាជន​របស់​គាត់ ហើយ​ដឹកនាំ​ពួកគេ​ទៅកាន់​ដែនដី​សារ៉ាហិមឡា ។

ម៉ូសាយ 25–29 សាសន៍​នីហ្វៃ​រួបរួម​គ្នា​នៅក្នុង​ការដឹកនាំ​របស់​ម៉ូសាយ ហើយ​អាលម៉ា​ដឹកនាំ​សាសនាចក្រ ។ កូនប្រុស​របស់​អាលម៉ា ឈ្មោះ​អាលម៉ា ( ជាញឹកញាប់​ត្រូវ​បាន​ហៅ​ថា អាលម៉ា​ជា​កូន ) និង កូនប្រុស​របស់​ម៉ូសាយ​បាន​ប្រែចិត្ត​ជឿ ។ មុនពេល​ម៉ូសាយ​សុគត ទ្រង់​ស្ថាបនា​រជ្ជកាល​នៃ​ពួកចៅក្រម ។