មេរៀនទី 51
ពាក្យសម្ដីនៃមរមន –ម៉ូសាយ 1
សេចក្តីផ្ដើម
គម្ពីរដែលមានចំណងជើងថា ពាក្យសម្ដីនៃមរមន ជួយជាស្ពានមួយរវាងផ្ទាំងនីហ្វៃតូច និង សេចក្ដីសង្ខេបពីផ្ទាំងនីហ្វៃធំរបស់មរមន ។ នៅក្នុងគម្ពីរនេះ គម្ពីរដែលមរមនបានសរសេរជិត 400 ឆ្នាំក្រោយពីការប្រសូតរបស់ព្រះយេស៊ូវគ្រីស្ទ មរមនបានពន្យល់ថា គាត់បានស្វែងរកការដឹកនាំពីព្រះ ហើយត្រូវបានដឹកនាំដោយព្រះវិញ្ញាណបរិសុទ្ធអំពីអ្វីដែលត្រូវកត់ចូលទៅក្នុងកំណត់ត្រារបស់គាត់ ។ គាត់ក៏បានលើកឡើងពីស្ដេចបេនយ៉ាមីន និង ផ្ដល់តម្លៃអំពីហេតុផលដែលស្ដេចបេនយ៉ាមីនបានមានឥទ្ធិពលយ៉ាងខ្លាំងទៅលើប្រជាជនរបស់ទ្រង់ ។ ម៉ូសាយ 1 រួមមានការបង្រៀនខ្លះៗរបស់ស្ដេចបេនយ៉ាមីនដល់កូនប្រុសរបស់ទ្រង់ ។ ទ្រង់បានបង្រៀនពួកគេថា ព្រះគម្ពីរជួយយើងឲ្យចងចាំដល់ព្រះ និង កាន់តាមព្រះបញ្ញត្តិរបស់ទ្រង់ ។
យោបល់សម្រាប់ការបង្រៀន
ពាក្យសម្ដីនៃមរមន 1:1–11
មរមនថ្លែងទីបន្ទាល់ថា ព្រះបានរក្សាទុកនូវកំណត់ត្រាផ្សេងទៀតសម្រាប់គោលបំណងដ៏ឈ្លាសវៃមួយ
សូមឲ្យសិស្សគិតអំពីពេលមួយ នៅពេលព្រះវិញ្ញាណបានបំផុសពួកគេឲ្យធ្វើអ្វីមួយ ។ អ្នកអាចឲ្យពួកគេសរសេរអំពីបទពិសោធន៍នេះនៅក្នុងសៀវភៅកំណត់ហេតុសិក្សាព្រះគម្ពីរ ឬ សៀវភៅសរសេរក្នុងថ្នាក់របស់ពួកគេ ។ ដើម្បីជួយពួកគេឲ្យគិតអំពីបទពិសោធន៍នេះ អ្នកអាចចែកចាយពីបទពិសោធន៍ផ្ទាល់ខ្លួនដ៏ខ្លីមួយ ។ សូមឲ្យសិស្សដឹងថា វគ្គបន្ដទៀតនៅក្នុងមេរៀននេះ អ្នកនឹងសួរពួកគេពីរបីនាក់ឲ្យចែកចាយពីបទពិសោធន៍របស់ខ្លួនជាមួយនឹងសិស្សក្នុងថ្នាក់ ។
សូមពន្យល់ដល់សិស្សថា ថ្ងៃនេះពួកគេនឹងសិក្សាពីគំរូរបស់នរណាម្នាក់ ដែលបានធ្វើតាមការបំផុសគំនិត ទោះបីជាគាត់មិនបានយល់ពីហេតុផលទាំងអស់ថាហេតុអ្វីបានជាគាត់ត្រូវធ្វើតាមនោះទេ ។
សូមឲ្យសិស្សបើកទៅពាក្យសម្ដីនៃមរមន ហើយស្វែងរក ( នៅគែមខាងក្រោមទំព័រ ឬ នៅក្នុងសេចក្ដីសង្ខេបជំពូក ) កាលបរិច្ឆេទដែលប៉ាន់ស្មាន នៅពេលមរមនបានសរសេរគម្ពីរនេះ ។ សូមឲ្យពួកគេប្រៀបធៀបកាលបរិច្ឆេទនោះ ជាមួយនឹងកាលបរិច្ឆេទសម្រាប់គម្ពីរអោមណៃ និង ម៉ូសាយ ។
-
តើយើងបានរៀនអ្វីខ្លះអំពីពាក្យសម្ដីនៃមរមនពីកាលបរិច្ឆេទទាំងនេះ ?
សូមបង្ហាញរូបភាពមរមនសង្ខេបផ្ទាំងទាំងឡាយ ( 62520 សៀវភៅរូបភាពដំណឹងល្អ [ ឆ្នាំ 2009 ] លេខ 73 ) ។ សូមអញ្ជើញសិស្សម្នាក់អាន ពាក្យសម្ដីនៃមរមន 1:1–2 ឮៗ ។ សូមជួយសិស្សឲ្យយល់ថា មរមនបានសរសេរគម្ពីរដែលមានចំណងជើងថា ពាក្យសម្ដីនៃមរមន ក្រោយពីព្រឹត្តិការណ៍ជាច្រើននៃព្រះគម្ពីរមរមនបានកើតឡើង ។ សូមពន្យល់ថា ពាក្យសម្ដីនៃមរមនជួយយើងឲ្យយល់ថា ព្រះគម្ពីរមរមនត្រូវបានចងក្រងពីកំណត់ត្រាផ្សេងៗជាច្រើន ។ វាក៏បង្ហាញផងដែរថា វិវរណៈបានដឹកនាំដំណើរការនេះ ។
សូមជួយសិស្សឲ្យមើលឃើញពីរបៀបដែលពាក្យសម្ដីនៃមរមន ផ្ទាំងចំណារតូចរបស់នីហ្វៃ និង សេចក្ដីសង្ខេបរបស់មរមនពីផ្ទាំងចំណារធំរបស់នីហ្វៃប្រសព្វគ្នាយ៉ាងណានៅក្នុងព្រះគម្ពីរមរមននោះ សូមគិតពីការបង្ហាញដល់សិស្សនូវតារាងមានចំណងជើងថា “ ផ្ទាំងទាំងឡាយ និង ទំនាក់ទំនងរបស់ពួកគេទៅនឹងព្រះគម្ពីរមរមនដែលបានបោះពុម្ព ” នៅក្នុងសេចក្ដីបន្ថែមនៅចុងបញ្ចប់នៃសៀវភៅណែនាំនេះ ។ អ្នកក៏អាចរៀបចំនូវជំនួយដូចខាងក្រោមមុនចាប់ផ្ដើមថ្នាក់ដែរ ៖
ប្រមូលសៀវភៅពីរក្បាល និង ក្រដាសមួយសន្លឹក ។ សៀវភៅមួយគួរតែក្រាស់ជាងសៀវភៅមួយទៀតពីរដង ។ នៅលើខ្នងនៃសៀវភៅស្ដើង សូមភ្ជាប់ក្រដាសមួយសរសេរថា ផ្ទាំងចំណារតូចរបស់នីហ្វៃ ។នៅលើខ្នងនៃសៀវភៅក្រាស់ សូមភ្ជាប់ក្រដាសមួយសរសេរថា សេចក្ដីសង្ខេបរបស់មរមនពីផ្ទាំងចំណារធំរបស់នីហ្វៃ ។នៅលើក្រដាសមួយសន្លឹកនោះ សូមសរសេរថា ពាក្យសម្ដីនៃមរមន ។
ដើម្បីប្រើជំនួយនេះនៅក្នុងថ្នាក់ សូមលើកសៀវភៅតំណាងឲ្យសេចក្ដីសង្ខេបពីផ្ទាំងនីហ្វៃធំរបស់មរមន ។ សូមពន្យល់ថា កំណត់ត្រាទាំងឡាយនៅក្នុងផ្ទាំងនីហ្វៃធំគឺជាប្រភពចម្បងដល់ព្រះគម្ពីរមរមន ។ ចេញពីសេចក្ដីសង្ខេបរបស់មរមនលើកំណត់ត្រានេះ យ៉ូសែប ស្ម៊ីធ បានបកប្រែគម្ពីរម៉ូសាយ អាលម៉ា ហេលេមិន នីហ្វៃទី 3 និង នីហ្វៃទី 4 ។
សូមអញ្ជើញសិស្សឲ្យអាន ពាក្យសម្ដីនៃមរមន 1:3ដោយស្ងាត់ស្ងៀម ។ សូមឲ្យពួកគេរកមើលអ្វីដែលមរមនបានរកឃើញ ក្រោយពីគាត់បានសង្ខេបផ្នែកមួយនៃផ្ទាំងនីហ្វៃធំហើយ ។ នៅពេលសិស្សរៀបរាប់ពីអ្វីដែលពួកគេរកឃើញ សូមជួយពួកគេឲ្យយល់ឃ្លា ថា“ ផ្ទាំងទាំងនេះ ” សំដៅទៅលើផ្ទាំងនីហ្វៃតូច ។ សូមលើកសៀវភៅឡើង ដើម្បីជាតំណាងឲ្យផ្ទាំងនីហ្វៃតូច ។ សូមពន្យល់ថា ចេញពីកំណត់ត្រានេះ យ៉ូសែប ស្ម៊ីធ បានបកប្រែគម្ពីរនីហ្វៃទី 1 ដល់គម្ពីរអោមណៃ ។
សូមឲ្យសិស្សអាន ពាក្យសម្ដីនៃមរមន 1:4–6 ដើម្បីរៀនពីរបៀបដែលមរមនមានអារម្មណ៍អំពីផ្ទាំងនីហ្វៃតូច ។
-
តើមរមនបានរកឃើញអ្វីដែលរីករាយនៅក្នុងផ្ទាំងនីហ្វៃតូច ?
-
តើមរមនបានធ្វើអ្វី ជាមួយនឹងផ្ទាំងនីហ្វៃតូច ?
ដើម្បីបង្ហាញថា មរមនបានបញ្ចូលផ្ទាំងនីហ្វៃតូចជាមួយនឹងសេចក្ដីសង្ខេបរបស់គាត់ពីផ្ទាំងនីហ្វៃធំ សូមដាក់សៀវភៅស្ដើងនៅលើសៀវភៅក្រាស់ ។
សូមអញ្ជើញសិស្សម្នាក់អាន ពាក្យសម្ដីនៃមរមន 1:7 ឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ស្វែងរកហេតុផលរបស់មរមនដែលគាត់បានបញ្ចូលផ្ទាំងនីហ្វៃតូចជាមួយនឹងសេចក្ដីសង្ខេបរបស់គាត់ពីផ្ទាំងនីហ្វៃធំ ។
-
ហេតុអ្វីបានជាមរមនបញ្ចូលផ្ទាំងនីហ្វៃតូចជាមួយនឹងសេចក្ដីសង្ខេបរបស់គាត់ពីផ្ទាំងនីហ្វៃធំ ? ( គាត់បានធ្វើតាមការបំផុសគំនិតពីព្រះវិញ្ញាណ ។ ) តើគាត់យល់ពីហេតុផលទាំងអស់ដែលគាត់ត្រូវធ្វើតាមឬទេ ?
សូមជួយសិស្សឲ្យយល់ថា មរមនបានយល់ពីហេតុផលមួយចំនួន ថាហេតុអ្វីបានជាផ្ទាំងតូចអាចមានសារៈសំខាន់ ។ គាត់បានស្គាល់ពីតម្លៃខាងវិញ្ញាណដ៏អស្ចារ្យនៃផ្ទាំងនោះ ហើយបានរីករាយនឹងការព្យាករណ៍អំពីព្រះយេស៊ូវគ្រីស្ទដែលគម្ពីរនោះមាន ( សូមមើល ពាក្យសម្ដីនៃមរមន 1:4–6 ) ។ ទោះជាយ៉ាងណាក្ដី គាត់មិនបានដឹងពីហេតុផលទាំងអស់ថាហេតុអ្វីគាត់ត្រូវបញ្ចូលវាបន្ថែមលើផ្នែកនៃផ្ទាំងធំ ដែលមានពេលវេលាប្រវត្តិសាស្ដ្រដូចគ្នានោះទេ ។ ( ដើម្បីអានអំពីហេតុផលមួយដែលមរមនមិនបានដឹងនៅពេលនោះ សូមមើលសេចក្ដីផ្ដើមអំពីពាក្យសម្ដីនៃមរមននៅក្នុងសៀវភៅណែនាំនេះ ) ។
សូមឲ្យសិស្សរំឭក ពាក្យសម្ដីនៃមរមន 1:7 ដោយស្ងាត់ស្ងៀម ដោយរកមើលពីគោលលទ្ធិទាំងឡាយដែលមរមនបានបង្រៀនអំពីព្រះអម្ចាស់ ។ សូមប្រាកដថា ពួកគេយល់ថា ព្រះអម្ចាស់ទ្រង់ជ្រាបគ្រប់ការណ៍ទាំងអស់ ហើយថាព្រះអម្ចាស់អាចធ្វើការតាមរយៈយើងដើម្បីសម្រេចនូវព្រះឆន្ទៈរបស់ទ្រង់ ។
-
តើគោលលទ្ធិទាំងនេះអាចជួយមរមនឲ្យធ្វើសកម្មភាពតាមការបំផុសគំនិត ដែលគាត់បានទទួលដោយរបៀបណា ?
-
តើសេចក្ដីពិតទាំងនេះអាចជួយអ្នក នៅពេលអ្នកទទួលការបំផុសគំនិតពីព្រះវិញ្ញាណដោយរបៀបណា ?
សូមលើកទឹកចិត្តសិស្សឲ្យរំឭកពីស្ថានភាពដែលពួកគេបានសរសេរ ឬ គិតនៅពេលចាប់ផ្ដើមថ្នាក់ ។ សូមអញ្ជើញសិស្សពីរបីនាក់ឲ្យប្រាប់ពីការបំផុសដែលពួកគេបានទទួល ពីរបៀបដែលពួកគេធ្វើសកម្មភាពតាមការបំផុសគំនិតទាំងនោះ ហើយអ្វីដែលបានកើតឡើងជាលទ្ធផល ។ ( សូមប្រាកដថា ពួកគេយល់ថា ពួកគេមិនចាំបាច់មានអារម្មណ៍ថាត្រូវតែចែកចាយពីបទពិសោធន៍ដែលវាផ្ទាល់ខ្លួន ឬ ឯកជននោះទេ ) ។ នៅពេលសិស្សចែកចាយបទពិសោធន៍របស់ពួកគេ អ្នកអាចសួរនូវសំណួរមួយចំនួនដូចខាងក្រោម ៖
-
តើអ្នកដឹងពីអ្វីដែលនឹងកើតឡើងទេ ប្រសិនបើអ្នកធ្វើតាមការបំផុសនេះ ?
-
តើអ្វីដែលធ្វើឲ្យអ្នកសម្រេចចិត្ត និង មានសេចក្ដីជំនឿដើម្បីធ្វើសកម្មភាពតាមការបំផុសគំនិតនោះ ?
សូមលើកសៀវភៅដែលតំណាងឲ្យសេចក្ដីសង្ខេបរបស់មរមនពីផ្ទាំងធំ ជាមួយនឹងសៀវភៅដែលតំណាងឲ្យផ្ទាំងនីហ្វៃតូចដែលនៅពីលើវានោះ ។ បន្ទាប់មក សូមលើកក្រដាសមួយសន្លឹកដែលតំណាងឲ្យពាក្យសម្ដីនៃមរមន ។
-
តើពាក្យសម្ដីនៃមរមនប្រសព្វគ្នានឹងកំណត់ត្រាផ្សេងទៀតទាំងនេះត្រង់ណា ?
នៅពេលសិស្សឆ្លើយ សូមដាក់ក្រដាសតំណាងឲ្យពាក្យសម្ដីនៃមរមន នៅចន្លោះសៀវភៅទាំងនេះ ។ សូមពន្យល់ថា ពាក្យសម្ដីនៃមរមនធ្វើជាស្ពានមួយដែលភ្ជាប់ដំណើរសាច់រឿងរវាងផ្ទាំងចំណារតូចរបស់នីហ្វៃ និង សេចក្ដីសង្ខេបរបស់មរមនពីផ្ទាំងចំណារធំរបស់នីហ្វៃ ។
សូមអញ្ជើញសិស្សម្នាក់អាន ពាក្យសម្ដីនៃមរមន 1:8 ឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ស្វែងរកអ្វីដែលមរមនសង្ឃឹមថានឹងជាលទ្ធផលនៃការធ្វើតាមការបំផុសគំនិតឲ្យបញ្ចូលផ្ទាំងចំណារតូចរបស់នីហ្វៃនៅក្នុងការចងក្រងកំណត់ត្រារបស់គាត់ ។
សូមបញ្ជាក់ថា ការសរសេរទាំងអស់ដែលសិស្សបានសិក្សាកន្លងមកនៅក្នុងឆ្នាំនេះ ក្នុងព្រះគម្ពីរមរមន ( នីហ្វៃទី1 –អោមណៃ ) អាចមានចំពោះពួកគេ ដោយសារមរមនបានធ្វើតាមការបំផុសខាងវិញ្ញាណឲ្យបញ្ចូលផ្ទាំងចំណារតូចនោះ ។
-
តើការគោរពតាមរបស់មរមនចំពោះការបំផុសគំនិតនៃព្រះវិញ្ញាណបរិសុទ្ធបានប្រទានពរដល់ជីវិតរបស់អ្នកដោយរបៀបណា ?
-
តើការបង្រៀនអ្វីខ្លះនៅក្នុងនីហ្វៃទី 1 ដល់អោមណៃ ដែលអ្នកមានសេចក្ដីអំណរចំពោះនោះ ? ហេតុអ្វីបានជាអ្នកមានសេចក្ដីអំណរចំពោះការបង្រៀនទាំងនោះ ?
-
សូមគិតអំពីឆន្ទៈរបស់មរមនក្នុងការធ្វើតាមការបំផុសគំនិតខាងវិញ្ញាណ ។ តើឆន្ទៈរបស់យើងក្នុងការធ្វើតាមការបំផុសគំនិតខាងវិញ្ញាណ ជះឥទ្ធិពលដល់ជីវិតរបស់យើងយ៉ាងណាខ្លះ ? តើឆន្ទៈនេះអាចជះឥទ្ធិពលដល់ជីវិតរបស់អ្នកដទៃដោយរបៀបណា ? ( សូមពន្យល់ថា ព្រះអម្ចាស់អាចប្រទានពរដល់អ្នកដទៃ តាមរយៈយើងនៅពេលយើងធ្វើតាមការបំផុសគំនិតពីព្រះវិញ្ញាណបរិសុទ្ធ ។ )
សូមថ្លែងទីបន្ទាល់ថា នៅពេលយើងមានភក្ដីភាពចំពោះការបំផុសគំនិតពីព្រះវិញ្ញាណបរិសុទ្ធ នោះព្រះអម្ចាស់នឹងធ្វើការ “ នៅក្នុង [ យើង ] ដើម្បីធ្វើទៅតាមឆន្ទៈរបស់ទ្រង់ ” ( ពាក្យសម្ដីនៃមរមន 1:7) ។
ពាក្យសម្ដីនៃមរមន 1:12–18
សេ្ដចបេនយ៉ាមីនបង្កើតសន្ដិភាពនៅក្នុងដែនដី
សូមសរសេរ ពីការទាស់ទែងទៅជាសន្ដិភាព នៅលើក្ដារខៀន ។ សូមពន្យល់ថា ពាក្យសម្ដីនៃមរមន 1:12–18 ណែនាំពីរជ្ជកាលនៃសេ្ដចបេនយ៉ាមីន ។ បុរសដ៏សុចរិតនេះបានជួបប្រទះនឹងឧបសគ្គជាច្រើននៅក្នុងពេលគាត់បម្រើជាព្យាការីម្នាក់ និង ជាស្ដេចនៃប្រជាជន ។ សូមបែងចែកសិស្សជាដៃគូ ហើយអាន ពាក្យសម្ដីនៃមរមន 1:12–18 ជាមួយនឹងដៃគូរបស់ពួកគេ ។ សូមឲ្យពួកគេរកនូវអ្វីដែលស្ដេចបេនយ៉ាមីន និង ព្យាការីផ្សេងទៀតបានធ្វើដើម្បីបង្កើតសន្ដិភាពនៅក្នុងដែនដី ។
ក្រោយពីសិស្សមានពេលអានរួចហើយ សូមឲ្យសិស្សម្នាក់ៗសរសេរប្រយោគមួយនៅក្នុងកំណត់ហេតុសិក្សាព្រះគម្ពីររបស់ពួកគេដែលសង្ខេបនូវអ្វីដែលស្ដេចបេនយ៉ាមីន និង ប្រជាជនរបស់ទ្រង់បានធ្វើ ដើម្បីផ្លាស់ប្ដូរពីការទាស់ទែងគ្នាទៅជាសន្ដិភាព ។ សូមអញ្ជើញសិស្សពីរបីនាក់ឲ្យសរសេរប្រយោគរបស់ពួកគេនៅលើក្ដារខៀន ។ ការសង្ខេបរបស់សិស្សអាចស្រដៀងគ្នាទៅនឹងប្រយោគដូចខាងក្រោម ៖
នៅពេលយើងធ្វើតាមការដឹកនាំដ៏បំផុសរបស់ព្យាការី យើងអាចបង្កើតនូវសន្ដិភាព ។
នៅក្នុងកម្លាំងនៃព្រះអម្ចាស់ យើងអាចយកឈ្នះលើឧបសគ្គទាំងឡាយ ។
យើងត្រូវបានហៅឲ្យបម្រើដោយអស់ពីកម្លាំងរបស់យើង ដើម្បីបង្កើតសន្ដិភាព ។
សូមទាញចំណាប់អារម្មណ៍របស់សិស្សទៅលើ ពាក្យសម្ដីនៃមរមន 1:17 ដែលមរមនបាននិយាយថា ស្ដេចបេនយ៉ាមីន និង “ មនុស្សបរិសុទ្ធជាច្រើននៅលើដែនដី … បានថ្លែងព្រះបន្ទូលនៃព្រះប្រកបដោយអានុភាព និង សិទ្ធិអំណាច ” ។ សូមពន្យល់ថា នៅក្នុងមេរៀនពីរបីបន្ទាប់ទៀត សិស្សនឹងសិក្សាពីការបង្រៀនដោយស្ដេចបេនយ៉ាមីន ដែលលើកឧទាហរណ៍ពីអានុភាព និង អំណាចនៃការបង្រៀនរបស់គាត់ ។
ម៉ូសាយ 1:1–8
ស្ដេចបេនយ៉ាមីនបង្រៀនកូនប្រុសរបស់គាត់ពីសារៈសំខាន់នៃព្រះគម្ពីរ
សូមឲ្យសិស្សស្រមៃថា ពូកគេមិនដែលស្គាល់អ្វីបន្ដិចសោះអំពីព្រះគម្ពីរ ។
-
តើជីវិតរបស់អ្នកនឹងទៅជាយ៉ាងណា ប្រសិនបើអ្នកមិនដែលមានព្រះគម្ពីរនោះ ?
-
តើសេចក្ដីពិតណាមួយដែលពិបាកបំផុតដែលអ្នកមិនអាចរស់នៅដោយគ្មានវាបាន ?
សូមណែនាំដោយសង្ខេបអំពីគម្ពីរម៉ូសាយ ។ សូមពន្យល់ថា ដើមដំបូងនៃគម្ពីរនេះបង្ហាញពីបំណងប្រាថ្នារបស់ស្ដេចបេនយ៉ាមីនចំពោះកូនប្រុសរបស់ទ្រង់ឲ្យបន្ដរៀនពីព្រះគម្ពីរ ( សូមមើល ម៉ូសាយ 1:2 ) ។ នៅពេលដែលស្ដេចបេនយ៉ាមីនបានបង្រៀនបុត្រារបស់ទ្រង់ ទ្រង់បានពន្យល់ពីរបៀបដែលជីវិតរបស់ពួកគេនឹងខុសគ្នាយ៉ាងណា ប្រសិនបើពួកគេមិនដែលបានទទួលព្រះគម្ពីរនោះ ។
សូមអញ្ជើញសិស្សពីរបីនាក់ឲ្យប្ដូរវេនគ្នាអាន ម៉ូសាយ 1:3–8 ឮៗ។ សូមឲ្យសិស្សក្នុងថ្នាក់រកមើលរបៀបដែលសាសន៍នីហ្វៃត្រូវបានប្រទានពរ ដោយសារពួកគេបានមានព្រះគម្ពីរ ។ សូមឲ្យសិស្សរៀបរាប់ពីអ្វីដែលពួកគេបានរៀន ។
-
តើតាមរបៀបណាដែលស្ដេចបេនយ៉ាមីនជឿថា ព្រះគម្ពីរនឹងជួយបុត្រារបស់ទ្រង់នោះ ?
-
តើអ្វីជាទំនាក់ទំនងរវាងការសិក្សាព្រះគម្ពីរដោយម៉ត់ចត់ និង ការកាន់តាមព្រះបញ្ញត្តិនៃព្រះ ដូចដែលស្ដេចបេនយ៉ាមីនបានលើកឡើងនោះ ? ( ទោះបីជាសិស្សអាចប្រើពាក្យខុសគ្នាដើម្បីប្រាប់ពីចម្លើយរបស់ពួកគេក៏ដោយ ពួកគេគួររកឃើញនូវសេចក្ដីពិតដូចខាងក្រោមនេះ ៖ ការសិក្សាព្រះគម្ពីរដោយហ្មត់ចត់ជួយយើងឲ្យដឹង និង កាន់តាមព្រះបញ្ញត្តិទាំងឡាយ ។ អ្នកអាចផ្ដល់យោបល់ថា សិស្សគួរសរសេរសេចក្ដីពិតនេះនៅក្នុងព្រះគម្ពីររបស់ពួកគេក្បែរ ម៉ូសាយ 1:3–8
-
តើនៅពេលណាដែលការសិក្សាព្រះគម្ពីរបានជួយអ្នកឲ្យកាន់តាមព្រះបញ្ញត្តិទាំងឡាយនោះ ?
សូមចែកចាយទីបន្ទាល់របស់អ្នកថា ព្រះគម្ពីរគឺពិត ហើយថាព្រះគម្ពីរជួយយើងឲ្យកាន់តាមព្រះបញ្ញត្តិទាំងឡាយ ។
សូមសរសេរសំណួរខាងក្រោមនៅលើក្តារខៀន ។ ( អ្នកអាចសរសេរវាពីមុនចាប់ផ្ដើមថ្នាក់
សូមឲ្យសិស្សមានពេលមួយនាទី ហើយឃើញថាតើពួកគេអាចរកឃើញចម្លើយប៉ុន្មានចំពោះសំណួរទាំងនេះនៅក្នុង ម៉ូសាយ 1:10–18 ។
ក្រោយពីសិស្សបានឆ្លើយដោយសង្ខេបទៅនឹងសំណួរទាំងនេះហើយ សូមបង្ហាញថានៅក្នុងមេរៀនពីរបីក្រោយទៀតពួកគេនឹងសិក្សាពីការបង្រៀនដែលស្ដេចបេនយ៉ាមីនបានធ្វើទៅកាន់ប្រជាជនរបស់ទ្រង់ “ ឈ្មោះមួយ ដែលនឹងមិនត្រូវលុបចោលបានឡើយ លើកលែងតែដោយការរំលង ” ( ម៉ូសាយ 1:12 ) ។