មេរៀនសិក្សានៅផ្ទះ
នីហ្វៃទី 3 1–11:17 ( មេរៀនទី 24 )
សេចក្តីផ្ដើម
សកម្មភាពសម្រាប់ នីហ្វៃទី 3 1–7 នៅក្នុងមេរៀននេះសង្កត់ធ្ងន់លើគោលលទ្ធិ និងគោលការណ៍ខ្លះៗដែលអាចជួយសិស្សឲ្យយល់កាន់តែច្បាស់នូវអត្ថន័យនៃការប្រែចិត្តជឿដល់ដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ ។ សកម្មភាពក្នុងការបង្រៀននៅ នីហ្វៃទី 3 8–10 នឹងរៀបចំសិស្សឲ្យឆ្លុះបញ្ចាំងពីទីបន្ទាល់របស់ពួកគេអំពីព្រះអង្គសង្គ្រោះ នៅពេលពួកគេរៀនអំពីការយាងមករបស់ទ្រង់ទៅដល់កូនចៅរបស់លីហៃនៅក្នុង នីហ្វៃទី 3 11 ។
យោបល់សម្រាប់ការបង្រៀន
នីហ្វៃទី3 1–7
ទីសម្គាល់ និងការអស្ចារ្យទាំងឡាយប្រកាសពីការប្រសូតរបស់ព្រះយេស៊ូវគ្រីស្ទ ប្រជាជនវិលជុំរវាងភាពសុចរិត និងភាពទុច្ចរិតរហូតដល់ការគ្រប់គ្រងត្រូវបានដួលរលំ
សូមគូសបន្ទាត់មួយដូចខាងក្រោមនៅលើក្ដារខៀន ៖
សូមសួរ ៖ ដោយផ្អែកលើការសិក្សារបស់អ្នកនៅក្នុងសប្ដាហ៍កន្លងទៅ តើបន្ទាត់នេះអាចតំណាងឲ្យពួកសាសន៍នីហ្វៃនៅក្នុង នីហ្វៃទី 3 1–7 ដោយរបៀបណា ? ( អ្នកអាចសុំឲ្យសិស្សរំឭកពីសេចក្ដីសង្ខេបក្បាលជំពូកក្នុង នីហ្វៃទី 3 1–7 ដើម្បីជួយពួកគេចាំពីរបៀបដែលពួកសាសន៍នីហ្វៃប្រែប្រួលរវាងសេចក្តីសុចរិត និងអំពើទុច្ចរិតពីឆ្នាំទី 1 នៃ គ.ស. ដល់ឆ្នាំទី 33 នៃគ.ស. ) ។
ដើម្បីជួយសិស្សឲ្យគិតអំពីអ្វីដែល នីហ្វៃទី 3 1–7 អាចបង្រៀនយើងអំពីការធ្វើជាមនុស្សដែលប្រែចិត្តជឿយ៉ាងពិតប្រាកដលើព្រះយេស៊ូវគ្រីស្ទ និងដំណឹងល្អរបស់ទ្រង់ សូមឲ្យសិស្សម្នាក់អានឮៗនូវសេចក្ដីថ្លែងការណ៍ខាងក្រោមដោយប្រធាន ម៉ារ៉ុន ជី រ៉មនី នៃគណៈប្រធានទីមួយ ។ ( ប្រសិនបើអាច សូមចែកសំណៅចម្លងដល់សិស្សម្នាក់ៗ ហើយសូមឲ្យពួកគេគូសបន្ទាត់ពីក្រោមឃ្លា ឬពាក្យទាំងឡាយណាដែលពួកគេមានអារម្មណ៍ថា ពិពណ៌នាពីបុគ្គលដែលប្រែចិត្តជឿបានល្អបំផុត ) ។
« ការប្រែចិត្តជឿគឺជាការផ្លាស់ប្ដូរខាងវិញ្ញាណ និងខាងសាច់ឈាម ។ ប្រែចិត្តជឿ មិនត្រឹមតែបញ្ជាក់អត្ថន័យពីការទទួលយកព្រះយេស៊ូវ និងការបង្រៀនរបស់ទ្រង់ផ្នែកអារម្មណ៍ប៉ុណ្ណោះទេ ប៉ុន្ដែថែមទាំងជាសេចក្ដីជំនឿដែលលើកទឹកឲ្យមានចិត្តទៅលើទ្រង់ និងដំណឹងល្អរបស់ទ្រង់ ។ … នៅក្នុងបុគ្គលម្នាក់ដែលពិតជាបានប្រែចិត្តជឿទាំងស្រុងមែន នោះបំណងលើវត្ថុនានាដែលផ្ទុយទៅនឹងដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទពិតជាបានបាត់បង់ទៅហើយ ។ ហេតុដូច្នេះហើយជំនួសមកវិញ វាគឺជាសេចក្ដីស្រឡាញ់មួយដល់ព្រះ ដោយការប្ដេជ្ញាចិត្តដ៏ម៉ឺងម៉ាត់ និងម៉ត់ចត់ក្នុងការកាន់តាមព្រះបញ្ញត្តិរបស់ទ្រង់ » ( នៅក្នុងរបាយការណ៍សន្និសីទទូទៅ សន្និសីទប្រចាំតំបន់ប្រទេសក្វាតេម៉ាឡា ឆ្នាំ 1977, 8 ) ។
សូមសួរ ៖ តើឃ្លា ឬពាក្យអ្វីដែលអ្នកមានអារម្មណ៍ថាពិពណ៌នាបានល្អបំផុតអំពីបុគ្គលដែលបានប្រែចិត្តជឿ ?
សូមគូសតារាងខាងក្រោមនៅលើក្ដារខៀន ឬរៀបចំជាក្រដាសចែកដល់សិស្ស ៖
សេចក្ដីជំនឿ និងទង្វើរដែលនាំទៅរកការប្រែចិត្ត |
សេចក្ដីជំនឿ និងទង្វើរដែលធ្វើឲ្យការប្រែចិត្តទន់ខ្សោយ | |
---|---|---|
សូមដាក់វគ្គព្រះគម្ពីរមួយពីក្នុងតារាងដល់សិស្សម្នាក់ៗ ។ សូមឲ្យសមាជិកក្នុងថ្នាក់មានពេលស្រាវជ្រាវលើវគ្គកិច្ចការរបស់ពួកគេចំពោះសេចក្ដីជំនឿ និងទង្វើរដែលអាចទាំងដឹកនាំ ឬធ្វើឲ្យការប្រែចិត្តមានភាពទន់ខ្សោយ ។ គោលការណ៍ជាច្រើនដែលសិស្សអាចរកឃើញដែលមាននៅក្នុងសេចក្ដីសង្ខេបនៃមេរៀនសិក្សានៅផ្ទះប្រចាំថ្ងៃសម្រាប់ថ្ងៃទី 1–3 នៅចំណុចចាប់ផ្ដើមនៃមេរៀននេះ ។ នៅពេលសិស្សរៀបរាប់ពីអ្វីដែលពួកគេរកឃើញហើយ សូមសរសេរចម្លើយរបស់គេនៅលើក្ដារខៀន ឬលើកទឹកចិត្តពួកគេឲ្យសរសេរវានៅលើក្រដាសរបស់ពួកគេ ។ សូមជួយសិស្សឲ្យអនុវត្តគោលការណ៍ទាំងឡាយដែលពួកគេបានរកឃើញដោយសួរសំណួរដូចខាងក្រោមដែលទាក់ទងទៅនឹងសេចក្ដីពិតមួយ ឬពីរដែលសិស្សបានរកឃើញ ៖
-
តើអ្នក ឬនរណាម្នាក់ដែលអ្នកស្គាល់បានរស់នៅតាមសេចក្ដីពិត ឬមានបទពិសោធន៍ពីគោលការណ៍នោះដោយរបៀបណា ?
-
ផ្អែកលើសេចក្ដីពិតដែលអ្នកបានរកឃើញ តើដំបូន្មានអ្វីដែលអ្នកនឹងផ្ដល់ដល់នរណាម្នាក់ដើម្បីជួយគេឲ្យកាន់តែប្រែចិត្តជឿ ហើយនឹងនរខាងវិញ្ញាណថែមទៀត ?
នីហ្វៃទី 3 8–11:17
សេចក្តីបំផ្លិចបំផ្លាញដ៏ធំ និងភាពងងឹតបង្ហាញពីការសុគតរបស់ព្រះយេស៊ូវគ្រីស្ទ ក្រោយពីការរស់ឡើងវិញរបស់ទ្រង់ ទ្រង់ទៅសួរដល់កូនចៅរបស់លីហៃ
សូមឲ្យសិស្សម្នាក់សង្ខេបហេតុការណ៍ទាំងឡាយនៅក្នុង នីហ្វៃទី3 }8 ហើយចែកចាយដល់សិស្សក្នុងថ្នាក់ពីអារម្មណ៍ ឬ ចំណាប់អារម្មណ៍ដែលគេបានមាន ខណៈពេលដែលសិក្សាជំពូកនេះកាលពីសប្ដាហ៍កន្លងទៅ ។ សូមឲ្យសិស្សម្នាក់អាន នីហ្វៃទី 3 8:20–23 ។ សូមឲ្យសិស្សក្នុងថ្នាក់ពន្យល់ពីមូលហេតុដែលការរៀបរាប់នៃទីសម្គាល់ក្នុងខគម្ពីរទាំងនេះ គឺជាទីសម្គាល់ដ៏សមរម្យមួយដើម្បីបង្ហាញពីការសុគតរបស់ព្រះយេស៊ូវគ្រីស្ទ ។ ដើម្បីបញ្ជាក់ពីភាពងងឹតដែលពួកសាសន៍នីហ្វៃបានជួប អ្នកអាចប្រើនូវសកម្មភាពខាងក្រោមនេះ ៖
សូមចែកឲ្យសិស្សម្នាក់ៗនូវពិលមួយ ហើយបិទភ្លើងនៅក្នុងបន្ទប់ ។ ( ប្រសិនបើអ្នកមិនមានពិលគ្រប់គ្រាន់ទេ សិស្សអាចចែកគ្នាប្រើ ) ។ សូមឲ្យសិស្សចុចបើកពិល ហើយសូមឲ្យពួកគេពីរបីនាក់ប្ដូរវេនគ្នាអានឮៗពី នីហ្វៃទី 3 9:13–20 ។ សូមឲ្យសិស្សក្នុងថ្នាក់មើលតាម ដោយរកមើលសេចក្ដីពិតដែលប្រជាជនបានរៀនអំពីព្រះយេស៊ូវគ្រីស្ទ នៅពេលដែលពួកគេជួបនឹងបទពិសោធន៍ក្នុងភាពងងឹតក្រោយពីការសុគតរបស់ទ្រង់ ។ ពេលបើកភ្លើងវិញ សូមសង្ខេបលើក្ដារខៀននូវសេចក្ដីពិតដែលសិស្សបានរកឃើញ ។ សូមបញ្ជាក់នូវគោលការណ៍ខាងក្រោម ៖ ព្រះយេស៊ូវគ្រីស្ទគឺជាពន្លឺ ហើយជាជីវិតនៃពិភពលោក ។ ប្រសិនបើយើងមកកាន់ព្រះគ្រីស្ទដោយមានដួងចិត្តសង្រេង និងវិញ្ញាណទន់ទាបនោះ ទ្រង់នឹងទទួលយកយើង ប្រោសយើង ហើយប្រទានដល់យើងនូវជីវិតដ៏នៅអស់កល្បជានិច្ច ។
សូមសង្ខេប នីហ្វៃទី 3 11:1–7 ដោយការពន្យល់ថា ប្រជាជនដែលបាននៅរស់ពីសេចក្តីបំផ្លិចបំផ្លាញនោះបានប្រជុំគ្នានៅឯព្រះវិហារបរិសុទ្ធនៅក្នុងដែនដីបរិសុទ្ធ ។
សូមបង្ហាញរូបភាពព្រះយេស៊ូវកំពុងបង្រៀននៅឯអឌ្ឍគោលខាងលិច ( 62380; កញ្ចប់រូបភាពដំណឹងល្អ [ ឆ្នាំ 2009 ], លេខ 82 ) ឬ ព្រះយេស៊ូវព្យាបាលដល់ពួកសាសន៍នីហ្វៃ ( កញ្ចប់រូបភាពដំណឹងល្អ លេខ 83 ) ។ សូមឲ្យសិស្សមើល នីហ្វៃទី 3 11:8–17 នៅពេលអ្នកអានឲ្យពួកគេស្តាប់ ។ ពេលអានសូមឈប់ម្ដងៗ ហើយសូមឲ្យសិស្សចែកចាយអារម្មណ៍ដែលពួកគេមាន នៅពេលពួកគេឃើញពីបទពិសោធន៍នេះជាពិសេសបទពិសោធន៍ « ម្ដងម្នាក់ៗ » ដែលពួកសាសន៍នីហ្វៃបានមានជាមួយនឹងព្រះអង្គសង្គ្រោះ ដូចដែលបានរៀបរាប់នៅក្នុង នីហ្វៃទី 3 11:15 ។
ក្រោយពីការអាន នីហ្វៃទី 3 11:8–17 ហើយ សូមសួរសំណួរខាងក្រោមដល់សិស្ស ។ សូមឲ្យពួកគេសញ្ជឹងគិតពីសំណួរដោយស្ងប់ស្ងាត់មួយសន្ទុះ មុននឹងពួកគេឆ្លើយ ។ ( សូមប្រាកដថា អ្នកទុកពេលឲ្យសិស្សឆ្លើយនឹងសំណួរទាំងនេះគ្រប់គ្រាន់ដើម្បីកុំឲ្យពួកគេមានអារម្មណ៍ប្រញាប់ នៅពេលពួកគេសញ្ជឹងគិត និងចែកចាយពីអារម្មណ៍ និងទីបន្ទាល់របស់ពួកគេ ) ។
-
ប្រសិនបើអ្នកស្ថិតនៅក្នុងចំណោមពួកសាសន៍នីហ្វៃ និងបានមានឱកាសដើម្បីស្ទាបស្នាមរបួសរបស់ព្រះអង្គសង្គ្រោះ តើអ្នកចង់ទូលអ្វីទៅកាន់ទ្រង់ ?
-
នៅពេលព្រះយេស៊ូវគ្រីស្ទបានបង្ហាញព្រះអង្គទ្រង់ដល់ពួកសាសន៍នីហ្វៃ តើអ្នកគិតថា ហេតុអ្វីបានជាវាសំខាន់ដែលទ្រង់បានឲ្យពួកគេយកចិត្តទុកដាក់លើ « ពែងល្វីង » ? ( នីហ្វៃទី 3 11:11 ) ។
-
តើអ្វីទៅជា « ពែងល្វីង » ដែលព្រះយេស៊ូវគ្រីស្ទបានសំដៅលើ ? ( សូមមើល គ. និង ស. 19:16–19 ។ )
សូមចែកចាយទីបន្ទាល់របស់អ្នកអំពីព្រះអង្គសង្គ្រោះ និងពន្លឺដែលទ្រង់បានមាននៅក្នុងជីវិតរបស់អ្នក នៅពេលអ្នកបានធ្វើតាមទ្រង់ ។ ( អ្នកក៏អាចសុំឲ្យសិស្សចងចាំដល់អារម្មណ៍ដែលពួកគេបានមាន អំឡុងរៀនមេរៀននេះ និងកត់ត្រាវាទុកនៅក្នុងកំណត់ហេតុផ្ទាល់ខ្លួនរបស់ពួកគេនៅផ្ទះ ) ។
មេរៀនបន្ទាប់ ( នីហ្វៃទី 3 11:18–16:20 )
សូមឲ្យសិស្សគិតពីសំណួរខាងក្រោម នៅពេលពួកគេសិក្សាមេរៀនបន្ទាប់ ៖ តើខ្ញុំចាត់ទុកនរណាម្នាក់ថាជាសត្រូវរបស់ខ្ញុំដែរឬទេ ? បើមាន តើខ្ញុំប្រព្រឹត្តនឹងមនុស្សនោះយ៉ាងណាដែរ ? តើគុណធម៌អ្វីដែលព្រះមានអារម្មណ៍ថាសំខាន់នៅក្នុងជីវិតរបស់ខ្ញុំ ? តើវាអាចទទួលយកបានទេក្នុងការកាត់សេចក្ដីមនុស្សផ្សេងទៀតនោះ ? សិស្សអាចរកឃើញចម្លើយទៅនឹងសំណួរទាំងនេះ នៅពេលពួកគេសិក្សាពីព្រះបន្ទូលរបស់ព្រះអង្គសង្គ្រោះនៅក្នុងមេរៀនទី 25 ។