មេរៀនទី 114
ហេលេមិន 14
សេចក្តីផ្ដើម
ដោយការបន្ដបង្រៀនដល់សាសន៍នីហ្វៃនៅក្នុងដែនដីសារ៉ាហិមឡា សាំយូអែលជាសាសន៍លេមិនបានប្រកាសពីទីសម្គាល់ដែលនឹងបង្ហាញពីការប្រសូត្រ និងការសុគតរបស់ព្រះយេស៊ូវគ្រីស្ទ ។ លោកបានពន្យល់ថា លោកបានព្យាករពីទីសម្គាល់ទាំងនេះដើម្បីជួយប្រជាជនឲ្យជឿលើព្រះយេស៊ូវគ្រីស្ទ ហើយបញ្ចុះបញ្ចូលពួកគេឲ្យប្រែចិត្តពីអំពើបាបរបស់ពួកគេ ។ លោកបានបង្រៀនថា តាមរយៈដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ នោះមនុស្សលោកទាំងអស់នឹងត្រូវបាននាំទៅកាន់វត្តមានរបស់ព្រះវិញ ។ ដោយហៅប្រជាជនឲ្យប្រែចិត្ត នោះលោកបានសន្យាថា អ្នកប្រែចិត្តនឹងត្រូវបានអភ័យទោសពីអំពើបាបរបស់ពួកគេ ប៉ុន្ដែថាអ្នកដែលមិនព្រមប្រែចិត្តនឹងត្រូវកាត់ចេញពីវត្តមាននៃព្រះម្ដងទៀត ។
យោបល់សម្រាប់ការបង្រៀន
ហេលេមិន 14:1–13
សាំយូអែលព្យាករពីទីសម្គាល់ទាំងឡាយទាក់ទងនឹងការប្រសូត្ររបស់ព្រះអង្គសង្គ្រោះ
ពីមុនចាប់ផ្ដើមបង្រៀន សូមគូសរូបព្រួញបីដូចខាងក្រោមនៅលើក្ដារខៀន ។ អ្នកនឹងបញ្ចូលពាក្យ និងឃ្លានៅជុំវិញរូបព្រួញនៅពេលមេរៀនបន្ដទៅមុខ ។
សូមឲ្យសិស្សរំឭកពីអ្វីដែលពួកគេបានពិភាក្សានៅក្នុងមេរៀនមុន ដែលនិយាយអំពី ហេលេមិន 13 ។ ប្រសិនបើពួកគេត្រូវការជំនួយដើម្បីចងចាំវា សូមរំឭកពួកគេថា ពួកគេបានរៀនអំពីព្យាការីម្នាក់ឈ្មោះ សាំយូអែល ។ សូមឲ្យពួកគេចែកចាយពីសេចក្ដីលម្អិតដែលពួកគេចាំអំពីលោក ដូចជាថាតើលោកជានរណា តើលោកបានទៅណា តើលោកបានបង្រៀនអ្វីខ្លះ ហើយស្ថានភាពខាងវិញ្ញាណនៃអ្នកដែលលោកបានបង្រៀន ។ សូមឲ្យសិស្សរំឭកពីរបៀបដែលប្រជាជនឆ្លើយតបននឹងសារលិខិតរបស់សាំយូអែល ។ សូមពន្យល់ថា ហេលេមិន 14 រួមមានការបង្រៀនបន្តរបស់សាំយូអែល ។
សូមពន្យល់ថា សាំយូអែលបានព្យាករពីហេតុការណ៍នានាដែលនឹងកើតឡើងនាពេលអនាគត ព្រឹត្តិការណ៍ខ្លះមានចម្ងាយរាប់ពាន់ម៉ាយល៍ពីដែនដីសារ៉ាហិមឡា ។ សូមឲ្យសិស្សមើលត្រួសៗលើ ហេលេមិន 14:1–2 ហើយរកមើលហេតុការណ៍មួយដែលសាំយូអែលបានព្យាករ ( ការប្រសូត្រនៃព្រះយេស៊ូវគ្រីស្ទ ) ។
សូមឲ្យសិស្សអាន ហេលេមិន 14:3–6 ដោយស្ងៀមស្ងាត់ ដោយរកមើលទីសម្គាល់ដែលសាសន៍នីហ្វៃនឹងឃើញក្នុងពេលនៃការប្រសូត្ររបស់ព្រះអង្គសង្គ្រោះ ។ដ អ្នកអាចណែនាំថា សិស្សគួរគូសចំណាំទីសម្គាល់ទាំងនេះនៅក្នុងព្រះគម្ពីររបស់គេ ។ អ្នកក៏អាចទាញចំណាប់អារម្មណ៍របស់សិស្សទៅលើលេខយោងនៃខគម្ពីរទាំងនេះ ដែលបង្ហាញពីការបំពេញនៃការព្យាកររបស់សាំយូអែលបានផងដែរ ។
-
តើការប្រសូត្ររបស់ព្រះអង្គសង្គ្រោះមានន័យចំពោះអ្នកយ៉ាងដូចម្ដេចដែរ ?
សូមអាន ហេលេមិន 14:8–9 ឮៗ ។ សូមបញ្ជាក់ពីសារៈសំខាន់នៃការជឿលើព្រះអង្គសង្គ្រោះដើម្បីទទួលបានជីវិតដ៏អស់កល្បជានិច្ច ។ សូមសរសេរ ជីវិតដ៏អស់កល្បជានិច្ច បន្ទាប់ពីព្រួញចុងក្រោយគេនៅលើក្ដារខៀន ។ សូមពន្យល់ថា « ជីវិតដ៏អស់កល្បជានិច្ច » មានន័យដូចគ្នានឹង «ជីវិតដ៏អស់កល្ប » ។ វាមានន័យថា ការរស់នៅដូចជាព្រះ ហើយរស់នៅជារៀងរហូតក្នុងវត្តមានរបស់ទ្រង់ជាមួយនឹងគ្រួសាររបស់យើង ។ សាំយូអែលបានបង្រៀនសាសន៍នីហ្វៃនៅក្នុងដែនដិសារ៉ាហិមឡាពីអ្វីដែលពួកគេត្រូវធ្វើដើម្បីទទួលជីវិតដ៏អស់កល្បជានិច្ច ។
សូមឲ្យសិស្សអាន ហេលេមិន 14:11–13 ដោយស្ងៀមស្ងាត់ ដោយរកមើល អ្វីដែលសាំយូអែលចង់ឲ្យប្រជាជនដឹង ហើយធ្វើតាម ។ អ្នកអាចណែនាំថា សិស្សគួរគូសចំណាំអ្វីដែលសាំយូអែលចង់ឲ្យប្រជាជនដឹង ហើយធ្វើតាម ។
ទៅខាងឆ្វេងនៃព្រួញទីមួយនៅលើក្ដារខៀន សូមសរសេរ ចំណេះដឹង ។ បន្ទាប់មក សូមសួរសិស្សថាតើពួកគេបានរកឃើញអ្វីខ្លះដែលសាំយូអែលចង់ឲ្យប្រជាជនដឹង ។ សូមឲ្យសិស្សពីរបីនាក់សរសេរនូវរឿងទាំងនេះនៅលើក្ដារខៀនក្រោមពាក្យ ចំណេះដឹង ។ ( ចម្លើយអាចរួមមាន សាំយូអែលចង់ឲ្យប្រជាជនដឹងអំពីការជំនុំជម្រះរបស់ព្រះសម្រាប់អ្នកទាំងឡាយណាដែលធ្វើបាប លក្ខខណ្ឌនៃការប្រែចិត្ត ការយាងមករបស់ព្រះយេស៊ូវគ្រីស្ទ និងទីសម្គាល់ទាំងឡាយដែលទាក់ទងនឹងការយាងមករបស់ទ្រង់ ) ។
-
តើសាំយូអែលបានសង្ឃឹមថាចំណេះដឹងនេះនឹងដឹកនាំប្រជាជនឲ្យធ្វើអ្វីខ្លះ ? ( ជឿលើព្រះយេស៊ូវគ្រីស្ទ ហើយប្រែចិត្តពីអំពើបាបរបស់គេ ) ។
សូមឲ្យសិស្សសរសេរគោលការណ៍មួយដោយផ្អែកលើ ហេលេមិន 14:13 ។ បន្ទាប់មក សូមឲ្យសិស្សពីរបីនាក់អានឮៗនូវអ្វីដែលពួកគេបានសរសេរ ។ ( ចម្លើយមួយអាចថា ជំនឿលើព្រះយេស៊ូវគ្រីស្ទដឹកនាំទៅរកការប្រែចិត្ត និងការផ្តាច់បាប ) ។
ដើម្បីជួយសិស្សឲ្យយល់ពីអត្ថន័យនៃឃ្លា « តាមរយៈព្រះគុណទ្រង់ » សូមពន្យល់ថា ព្រះគុណគឺជាលក្ខណៈសម្បត្តិ ឬសកម្មភាពដែលធ្វើឲ្យមនុស្សម្នាក់សក្ដិសមនឹងទទួលរង្វាន់ ។ ដើម្បីសក្ដិសមនឹងទទួលបានការផ្ដាច់បាបរបស់យើង យើងត្រូវធ្វើរឿងជាក់លាក់ខ្លះដូចជាត្រូវប្រែចិត្តដោយស្មោះសរ ជ្រមុជទឹក ហើយទទួលការបញ្ជាក់ និងកាន់តាមព្រះបញ្ញត្តិទាំងឡាយ ។ ទោះបីជាយ៉ាងណាក៏ដោយ យើងទទួលបានអំណោយទាននៃការអភ័យទោសដោយសារតែព្រះគុណរបស់ព្រះអង្គសង្គ្រោះប៉ុណ្ណោះ មិនមែនដោយគុណសម្បត្តិរបស់យើងនោះទេ ។ អ្នកអាចរំឭកសិស្សអំពី នីហ្វៃទី 2 25:23 ជាវគ្គមួយនៃចំណេះចំណានខគម្ពីរ ។ « វាតាមរយៈព្រះគុណដែលយើងត្រូវបានសង្គ្រោះ ក្រោយពីយើងអាចធ្វើអ្វីៗទាំងអស់ » ។ អ្នកក៏អាចណែនាំថា សិស្សគួរអាន អាលម៉ា 22:14 និង អាលម៉ា 24:10–11 ។
សូមបញ្ចប់តារាងនៅលើក្ដារខៀនដូចខាងក្រោម ៖
-
តើការទទួលបានចំណេះដឹងពីព្រះអង្គសង្គ្រោះ បានបង្កើនជំនឿរបស់អ្នកលើទ្រង់ដោយរបៀបណា ?
-
តើជំនឿរបស់អ្នកលើព្រះអង្គសង្គ្រោះបានដឹកនាំអ្នកឲ្យប្រែចិត្ត ហើយខិតខំដើម្បីក្លាយដូចជាទ្រង់ដោយរបៀបណា ?
សូមធ្វើទីបន្ទាល់ មានតែតាមរយៈព្រះគុណនៃព្រះយេស៊ូវគ្រីស្ទប៉ុណ្ណោះដែលយើងអាចយើងទទួលបានការផ្ដាច់បាប ហើយទទួលបានជីវិតដ៏នៅអស់កល្បជានិច្ច ។
ហេលេមិន 14:14–31
សាំយូអែលព្យាករអំពីទីសម្គាល់ទាក់ទងទៅនឹងការសុគតរបស់ព្រះអង្គសង្គ្រោះ
សូមឲ្យសិស្សម្នាក់អាន ហេលេមិន 14:14 ឮៗ ។ បន្ទាប់មក សូមឲ្យសិស្សអាន ហេលេមិន 14:20–27 ដោយស្ងៀមស្ងាត់ ដោយរកមើលទីសម្គាល់ដែលសាសន៍នីហ្វៃនឹងឃើញនៅពេលព្រះយេស៊ូវគ្រីស្ទសុគត ។ អ្នកអាចណែនាំថា ពួកគេគួរគូសចំណាំទីសម្គាល់ទាំងនេះ ។ នៅពេលពួកគេមានពេលអានគ្រប់គ្រាន់ហើយ សូមឲ្យពួកគេរៀបរាប់ពីអ្វីដែលពួកគេបានរកឃើញ ។ សូមប្រាប់ពួកគេថា ការបំពេញតាមទីសម្គាល់ទាំងនេះត្រូវបានកត់ត្រានៅក្នុង នីហ្វៃទី 3 ( សូមមើល ហេលេមិន 14:20, លេខយោង ក ) ។
សូមឲ្យសិស្សម្នាក់អាន ហេលេមិន 14:28–29 ឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់មើលតាម ដោយរកមើលមូលហេតុដែលព្រះអម្ចាស់ផ្ដល់ទីសម្គាល់ និងការអស្ចារ្យទាំងឡាយ ។ សូមឲ្យសិស្សពីរបីនាក់បង្ហាញមូលហេតុទាំងនេះជាពាក្យសម្ដីរបស់គេផ្ទាល់ ។ ( សិស្សអាចប្រើពាក្យខុសគ្នា ប៉ុន្ដែសូមប្រាកដថា ពួកគេរកឃើញសេចក្ដីពិតខាងក្រោម ៖ ព្រះអម្ចាស់ប្រទានទីសម្គាល់ និងការអស្ចារ្យទាំងឡាយដើម្បីជួយប្រជាជនឲ្យជឿលើទ្រង់ ) ។
-
តើសេចក្ដីពិតនេះអាចបង្រៀនយើងអ្វីខ្លះអំពីទីសម្គាល់ដែលនឹងនាំទៅរកការយាងមករបស់ព្រះអង្គសង្គ្រោះ ?
សូមឲ្យសិស្សគិតអំពីទីសម្គាល់ ឬភស្ដុតាងនានាដែលព្រះអម្ចាស់បានប្រទានដល់ពួកគេដើម្បីជួយពួកគេឲ្យជឿលើទ្រង់ ។ អ្នកអាចលើកទឹកចិត្តសិស្សឲ្យចែកចាយបទពិសោធន៍របស់ពួកគេ ( ប៉ុន្ដែសូមរំឭកពួកគេថា ពួកគេមិនគួរមានអារម្មណ៍ថាត្រូវចែកចាយអ្វីៗដែលផ្ទាល់ខ្លួន ឬឯកជនពេកនោះទេ ) ។ សូមថ្លែងទីបន្ទាល់ថា ព្រះអម្ចាស់ផ្ដល់នូវទីសម្គាល់ និងបញ្ជូនព្យាការីដូចជាសាំយូអែល នៅក្នុងជំនាន់របស់យើងដើម្បីបញ្ចុះបញ្ចូលប្រជាជនឲ្យជឿលើទ្រង់ ។
កំណត់ចំណាំ ៖ ដោយសារវគ្គព្រះគម្ពីរជាច្រើនព្រមានយើងកុំឲ្យស្វែងរកទីសម្គាល់នានា នោះសិស្សអាចយល់ច្រឡំអំពីការពិភាក្សាពីទីសម្គាល់នេះ ។ សូមជួយពួកគេឲ្យយល់ថា មានភាពខុសគ្នាមួយរវាងការទទួលស្គាល់ទីសម្គាល់នៃសេចក្ដីស្រឡាញ់របស់ព្រះ និងការស្វែងរកទីសម្គាល់សម្រាប់មូលហេតុអត្តទត្ថភាពនិយម ( សូមមើល យ៉ាកុប 7:9–14, អាលម៉ា 30:43–50, គ . និង ស . 46:9, 63:7–11 ) ។ នៅពេលព្យាការីព្រមានអំពីការស្វែងរកទីសម្គាល់ ពួកលោកសំដៅលើមនុស្សដែលមិនព្រមជឿរហូតដល់ពួកគេឃើញថាមានទីសម្គាល់ មិនមែនមនុស្សដែលអនុវត្តសេចក្ដីជំនឿក្នុងការស្វែងរកអព្ភូតហេតុស្របតាមព្រះឆន្ទៈរបស់ព្រះអម្ចាស់នោះទេ ។
សូមពន្យល់ថា ខណៈពេលដែលវាល្អដើម្បីដឹងអំពីទីសម្គាល់ដែលសាសន៍នីហ្វៃនឹងឃើញដែលទាក់ទងទៅនឹងការសុគតរបស់ព្រះអង្គសង្គ្រោះ វាសំខាន់ជាងដើម្បីយល់ពីការបង្រៀនរបស់សាំយូអែលអំពីផ្នែកសំខាន់នៃការសុគត និងការរស់ឡើងវិញរបស់ព្រះយេស៊ូវគ្រីស្ទ ។ សូមគូសតារាងខាងក្រោមនៅលើក្ដារខៀន ដោយទុកចន្លោះចំពោះការពន្យល់ ។ សូមបន្ថែមការពន្យល់ទាំងនេះនៅពេលសមរម្យអំឡុងពេលការពិភាក្សានៃ ហេលេមិន 14:15–19 ។ ( អ្នកអាចគិតពីការសុំឲ្យសិស្សចម្លងតារាងនេះទៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីរ ឬ សៀវភៅសរសេរក្នុងថ្នាក់របស់ពួកគេ ) ។
សូមពន្យល់ថាឃ្លា « ការស្លាប់ខាងវិញ្ញាណ » សំដៅលើការបែងចេញពីវត្តមានរបស់ព្រះ ។ សូមឲ្យសិស្សម្នាក់អាន ហេលេមិន 14:15–16 ឮៗ ។
-
តើអ្វីជាសេចក្ដីស្លាប់ខាងវិញ្ញាណទីមួយ ដែលបាននិយាយនៅក្នុង ហេលមិន 14:16 ? ( អ្នកអាចពន្យល់ថា ដោយសារតែការធ្លាក់នៃលោកអ័ដាម និងអេវ៉ា យើងត្រូវបែកចេញពីវត្តមានរបស់ព្រះ ) ។
សូមឲ្យសិស្សម្នាក់អាន ហេលេមិន 14:17 ឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់មើលតាម ហើយសញ្ជឹងគិតពីរបៀបដែលពួកគេអាចយកឈ្នះលើសេចក្ដីស្លាប់ខាងវិញ្ញាណទីមួយ ។ សូមសរសេរសេចក្ដីពិតខាងក្រោមនៅលើក្ដារខៀន ៖ ព្រះយេស៊ូវគ្រីស្ទប្រោសលោះមនុស្សលោកទាំងអស់ពីការធ្លាក់ ដើម្បីឲ្យយើងអាចត្រឡប់ទៅកាន់វត្តមានរបស់ព្រះវិញបាន ។ សូមពន្យល់ថា មនុស្សលោកទាំងអស់នឹងត្រឡប់ទៅកាន់វត្តមានរបស់ព្រះដើម្បីទទួលការជំនុំជម្រះ ( សូមមើល នីហ្វៃទី 2 2:10 ) ។
សូមឲ្យសិស្សម្នាក់អាន ហេលេមិន 14:18–19 ឮៗ ។
-
តើអ្វីទៅគឺជាសេចក្ដីស្លាប់ខាងវិញ្ញាណទីមួយ ដែលបាននិយាយនៅក្នុង ហេលេមិន 14:18–19 ? ( អ្នកអាចពន្យល់ថា អ្នកដែលមិនប្រែចិត្តនឹងត្រូវកាត់ចេញពីវត្តមានរបស់ព្រះវរបិតាសួគ៌ម្ដងទៀត ) ។
-
តើយើងអាចធ្វើអ្វីខ្លះដើម្បីចៀសវាងសេចក្ដីស្លាប់ខាងវិញ្ញាណទីមួយ ដែលបាននិយាយដោយសាំយូអែល ? ( សូមគិតពីការឲ្យសិស្សអាន ហេលេមិន 14:13 និង មរមន 7:7–8 ។ សូមបង្ហាញថា តាមរយៈដង្វាយធួននៃព្រះយេស៊ូវគ្រីស្ទ អ្នកដែលប្រែចិត្តនឹងរស់នៅក្នុងវត្តមាននៃព្រះជារៀងរហូត ) ។
ដើម្បីបញ្ជាក់ពីសារៈសំខាន់នៃសិទ្ធិជ្រើសរើសនៅពេលយើងស្វែងរកពរ័យនៃដង្វាយធួនរបស់ព្រះអង្គសង្គ្រោះ សូមឲ្យសិស្សអាន ហេលេមិន 14:30–31 ដោយស្ងៀមស្ងាត់ ។ សូមឲ្យពួកគេរកមើលពាក្យ និងឃ្លាអំពីសិទ្ធិជ្រើសរើសរបស់ពួកគេ ។ សូមឲ្យពួកគេចែកចាយពាក្យ និងឃ្លាដែលពួកគេរកឃើញ ។ សូមឲ្យពួកគេពន្យល់ពីរបៀបដែលពាក្យ និងឃ្លាទាំងនេះជួយពួកគេឲ្យយល់ពីសារៈសំខាន់នៃជម្រើសដែលពួកគេធ្វើរាល់ថ្ងៃ ។
វិចារណកថា និង ព័ត៌មានសាច់រឿង
ហេលេមិន 14:14–29 ។ ការព្យាករណ៍របស់ព្យាការីសាំយូអែលអំពីការសុគតរបស់ព្រះអង្គសង្គ្រោះ
ការព្យាករណ៍របស់សាំយូអែលអំពីការសុគតរបស់ព្រះយេស៊ូវគ្រីស្ទ គឺជាការព្យាករណ៍ដ៏ជាក់លាក់បំផុតមួយដែលបានកត់ត្រានៅក្នុងព្រះគម្ពីរ ។ តារាងខាងក្រោមបញ្ជាក់ពីចំណែកនៃការព្យាករណ៍នេះ រួមមានការបំពេញតាមការព្យាករណ៍ទាំងឡាយ ។ ( អ្នកអាចបង្ហាញថាលេខយោងសម្រាប់ ហេលេមិន 14:20–27 សំដៅលើវគ្គខ្លះដែលរៀបរាប់ពីការបំពេញនៃការព្យាករណ៍របស់សាំយូអែល ) ។
ការព្យាករអំពីការសុគតរបស់ព្រះអង្គសង្គ្រោះ |
ការបំពេញ | |
---|---|---|
ព្រះអាទិត្យបានងងឹតរយៈពេលបីថ្ងៃ | ||
រន្ទះ ផ្លេកបន្ទោរ ការរញ្ជួយផែនដី | ||
ដីបែកប្រេះ | ||
ព្យុះសង្ឃរាដ៏ធំ ភ្នំជាច្រើននឹងរាបចុះ ហើយច្រកភ្នំក្លាយទៅជាភ្នំ | ||
ផ្លូវធំៗ និងទីក្រុងជាច្រើនបានបំផ្លាញ | ||
ផ្នូរខ្មោចរបើកឡើង ហើយពួកបរិសុទ្ធដែលបានរស់ឡើងវិញជាច្រើនបម្រើដល់មនុស្ស |
ហេលេមិន 14:15–19 ។ ដង្វាយធួនយកឈ្នះលើសេចក្ដីស្លាប់
សាំយូអែលជាសាសន៍លេមិនបានរៀបរាប់ពីភាពខុសគ្នារវាងសេចក្ដីស្លាប់ខាងរាងកាយ ដែលជាសេចក្ដីស្លាប់ខាងវិញ្ញាណទីមួយ និងសេចក្ដីស្លាប់ខាងវិញ្ញាណទីពីរ រួមទាំងរបៀបដែលដង្វាយធួនរបស់ព្រះអង្គសង្គ្រោះនឹងជួយយើងឲ្យយកឈ្នះលើសេចក្ដីស្លាប់ទាំងនេះផងដែរ ។ ព្យាការី និងអ្នកដឹកនាំនៃសាសនាចក្រទាំងឡាយក៏បានបង្រៀនអំពីសេចក្ដីពិតទាំងនេះដែរ ។
សេចក្ដីស្លាប់ខាងរាងកាយ ។ អែលឌើរ អើល ស៊ី ធីងង៉ី នៃក្រុមចិតសិបនាក់បានបង្រៀនថា ៖
« សេចក្តីស្លាប់ខាងសាច់ឈាមគឺជាការបែកចេញពីគ្នារវាងវិញ្ញាណ និងរូបកាយ ។ « ដោយសារតែការធ្លាក់នៃលោកអ័ដាម នោះមនុស្សលោកទាំងអស់នឹងរងទុក្ខនូវសេចក្តីស្លាប់ខាងសាច់ឈាម » ( « The Great Plan of Happiness » Ensign ឬ លីអាហូណា ខែ ឧសភា ឆ្នាំ 2006 ទំព័រ 73 ) ។
សេចក្ដីស្លាប់ខាងវិញ្ញាណទីមួយ។ ការស្លាប់ខាងវិញ្ញាណគឺជាការ « ត្រូវកាត់ចេញពីវត្តមាននៃព្រះអម្ចាស់ » (អាលម៉ា42:9) ។
ប្រធាន ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល បានពន្យល់ថា សេចក្តីស្លាប់ខាងសាច់ឈាម និងសេចក្ដីស្លាប់ខាងវិញ្ញាណទីមួយគឺជាលទ្ធផលនៃការធ្លាក់នៃលោកអ័ដាម និងអេវ៉ា ៖
« ឪពុកម្ដាយទីមួយរបស់យើងដែលជាអ័ដាម និងអេវ៉ា មិនបានគោរពតាមព្រះនោះទេ ។ ដោយការបរិភោគផ្លែឈើហាមឃាត់ ពួកគាត់បានក្លាយទៅជាមានជីវិតរមែងស្លាប់ ។ ជាលទ្ធផល ពួកគាត់និងកូនចៅរបស់គាត់ទាំងអស់បានរងនឹងសេចក្ដីស្លាប់ទាំងខាងសាច់ឈាម និងខាងវិញ្ញាណ ( សេចក្ដីស្លាប់ខាងសាច់ឈាម ការបែរចេញពីគ្នារវាងរាងកាយ និងវិញ្ញាណ ហើយសេចក្ដីស្លាប់ខាងវិញ្ញាណ ការបែកចេញនៃវិញ្ញាណពីវត្តមាននៃព្រះ ហើយការស្លាប់ដែលជាប់ទាក់ទងនឹងអ្វីៗនៃវិញ្ញាណ » ( « The True Way of Life and Salvation » Ensign ខែ ឧសភា ឆ្នាំ 1978 ទំព័រ 6 ) ។
សេចក្ដីស្លាប់ខាងវិញ្ញាណត្រូវបាននាំមកកាន់ពិភពលោកដោយការធ្លាក់នៃលោកអ័ដាម និងអេវ៉ា ។ នៅពេលយើងកើតទៅក្នុងពិភពលោកដែលធ្លាក់ចុះ យើងទទួលបានស្ថានភាពនេះ —យើងត្រូវបែកចេញពីវត្តមាននៃព្រះ ។ សាំយូអែលជាសាសន៍លេមិនបានសំដៅលើស្ថានភាពនេះថាជា « សេចក្ដីស្លាប់ទីមួយ » (ហេលេមិន 14:16) ។
សាំយូអែលជាសាសន៍លេមិនបានបង្រៀនថា កូនចៅរបស់ព្រះវរបិតាសួគ៌ទាំងអស់ដែលបានរស់នៅនៅក្នុងជីវិតរមែងស្លាប់នឹងយកឈ្នះលើសេចក្ដីស្លាប់ខាងរូបកាយ និងខាងវិញ្ញាណតាមរយៈអំណាចនៃដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ ( សូមមើល ហេលេមិន 14:17) ។ ព្រះគម្ពីរផ្សេងទៀតជាច្រើនក៏ថ្លែងទីបន្ទាល់អំពីសេចក្ដីពិតនេះដែរ ( សូមមើល នីហ្វៃទី 2 2:9–10; 9:15, 22, 38; អាលម៉ា 11:43–44; 12:12–15, 24; 42:23; នីហ្វៃទី 3 26:4–5) ។
សេចក្ដីស្លាប់ខាងវិញ្ញាណទីពីរ ។ សេចក្ដីស្លាប់ទីពីរគឺជាសេចក្ដីស្លាប់ខាងវិញ្ញាណទីបញ្ចប់ ឬចុងក្រោយ— ការកាត់ចេញពីវត្តមានរបស់ព្រះជារៀងរហូតដោយសារតែអំពើបាបផ្ទាល់ខ្លួនដែលមិនបានប្រែចិត្ត ។
ព្រះអង្គសង្គ្រោះក៏បានផ្ដល់ជំនួយដើម្បីយកឈ្នះលើសេចក្ដីស្លាប់ខាងវិញ្ញាណទីពីរនេះដែរ ។ ទ្រង់បានរងទុក្ខសម្រាប់អំពើបាបរបស់យើង ដូច្នេះទ្រង់អាចផ្ដល់ឱកាសឲ្យយើងប្រែចិត្ត ។ ប៉ុន្ដែចំពោះអ្នកទាំងឡាយណាដែលមិនប្រែចិត្តទេនឹង « មានសេចក្ដីស្លាប់ខាងវិញ្ញាណក៏កើតមានដល់គេជាថ្មី មែនហើយគឺជាសេចក្ដីស្លាប់ទីពីរព្រោះពួកគេត្រូវបានកាត់ជាថ្មីចេញពីអ្វីៗដែលទាក់ទងទៅនឹងសេចក្ដីសុចរិត » (ហេលេមិន 14:18) ។ នេះមានន័យថា មនុស្សម្នាក់ដែលមានអំពើបាបដែលមិនទាន់បានដោះស្រាយ មិនអាចនៅក្នុងវត្តមានរបស់ព្រះ ក្រោយពីគេត្រូវបាននាំមកកាន់ទ្រង់សម្រាប់ការជំនុំជម្រះបានឡើយ ។
អែលឌើរ រ័សុល អិម ណិលសុន នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានពិពណ៌នាស្ថានភាពនេះថា ៖
« ប្រសិនបើសេចក្តីស្លាប់ខាងសាច់ឈាមបានកើតឡើងពីមុនពេលការធ្វើខុសខាងសីលធម៌ត្រូវបានកែឲ្យត្រឹមត្រូវ នោះឱកាសសម្រាប់ការប្រែចិត្តនឹងត្រូវបានដកយក ។ ហេតុដូច្នេះហើយ ‹ ខ្សែនៃសេចក្ដីស្លាប់ [ ដ៏ពិត ] នោះគឺអំពើបាប › (កូរិនថូសទី 1 15:56) ។
« ទោះបីជាព្រះអង្គសង្គ្រោះក៏មិនអាចសង្គ្រោះយើងក្នុងអំពើបាបរបស់យើងដែរ ។ ទ្រង់នឹងប្រោសលោះយើងពីអំពើបាប ប៉ុន្ដែនៅក្នុងលក្ខខណ្ឌនៃការប្រែចិត្តរបស់យើងប៉ុណ្ណោះ ។ យើងទទួលខុសត្រូវលើការរស់ ឬការស្លាប់ខាងវិញ្ញាណរបស់យើងផ្ទាល់ ។ ( សូមមើល រ៉ូម 8:13–14; ហេលេមិន. 14:18; គ. និង ស. 29:41–45) ។ ( « Doors of Death » Ensign ខែ ឧសភា ឆ្នាំ 1992 ទំព័រ 73 ) ។
ហេលេមិន 14:18–19 ។ អំណោយដ៏ទេវភាពនៃការប្រែចិត្ត
អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានថ្លែងទីបន្ទាល់អំពីសេចក្ដីអំណរដែលកើតមានតាមរយៈការប្រែចិត្តថា ៖
« ខ្ញុំទទួលស្គាល់ ហើយថ្លែងទីបន្ទាល់ដោយអំណរថា ការរងទុក្ខដែលមិនអាចយល់បាន ការសុគត និងការរស់ឡើងវិញរបស់ព្រះអម្ចាស់របស់យើង ‹ នាំមកនូវលក្ខខណ្ឌទាំងឡាយនៃការប្រែចិត្ត › (ហេលេមិន 14:18) ។ អំណោយដ៏ទេវភាពនៃការប្រែចិត្តគឺជាកូនសោទៅកាន់សុភមង្គលនៅទីនេះ និងនៅកន្លែងបន្ទាប់ពីនេះ ។ នៅក្នុងព្រះបន្ទូលរបស់ព្រះអង្គសង្គ្រោះ និងនៅក្នុងជម្រៅនៃសេចក្តីបន្ទាបខ្លួន និងសេចក្ដីស្រឡាញ់ ខ្ញុំសូមអញ្ជើញអ្នកទាំងអស់គ្នាឲ្យ ‹ ប្រែចិត្ត ៖ ដោយសារនគរស្ថានសួគ៌នៅកៀកបង្កើយ › (ម៉ាថាយ 4:17) ។ ខ្ញុំដឹងថា ដោយការទទួលយកការអញ្ជើញនេះ អ្នកនឹងរកឃើញនូវសេចក្ដីអំណរទាំងពេលឥឡូវនេះ និងជារៀងរហូត » ( «The Divine Gift of Repentance » Ensign ឬ Liahona ខែ វិច្ឆិកា ឆ្នាំ 2011 ទំព័រ 41 ) ។