បណ្ណាល័យ
ការសិក្សា​នៅ​ផ្ទះ មេរៀន​ទី 10


មេរៀន​សិក្សា​នៅ​ផ្ទះ

យ៉ាកុប 5អោមណៃ ( មេរៀន​ទី 10 )

ការរៀបចំ​សម្ភារ​សម្រាប់​គ្រូបង្រៀន​ដល់​សិស្ស​ដែល​សិក្សា​នៅ​ផ្ទះ

សេចក្ដីសង្ខេប​នៃ​មេរៀន​សិក្សា​នៅ​ផ្ទះ​ប្រចាំ​ថ្ងៃ

សេចក្ដី​សង្ខេប​ខាងក្រោម​អំពី​គោលលទ្ធិ និង គោលការណ៍​ដែល​សិស្ស​បាន​រៀន នៅពេល​ពូកគេ​បាន​សិក្សា យ៉ាកុប 5 អោមណៃ ( មេរៀន​ទី 10 ) មិន​មាន​គោលបំណង​ដើម្បី​នឹង​ក្លាយជា​ផ្នែក​ណាមួយ​នៃ​មេរៀន​របស់​អ្នក​ឡើយ ។ មេរៀន​ដែល​អ្នក​បង្រៀន​ផ្ដោត​ទៅលើ​តែ​គោលលទ្ធិ និង គោលការណ៍​ពីរ​បី​នេះ​ប៉ុណ្ណោះ ។ សូម​ធ្វើ​តាម​ការបំផុស​អំពី​ព្រះវិញ្ញាណ​បរិសុទ្ធ នៅពេល​អ្នក​ពិចារណា​អំពី​តម្រូវការ​របស់​សិស្ស ។

ថ្ងៃ​ទី 1 (យ៉ាកុប 5–6)

នៅក្នុង​មេរៀន​របស់​ពួកគេ​អំពី​រូបាធិដ្ឋាន​នៃ​ដើម​អូលីវ​នៅក្នុង យ៉ាកុប 5នោះ​សិស្ស​បាន​ផ្ដោត​ទៅលើ​គោលការណ៍​ថា ព្រះអម្ចាស់​ស្រឡាញ់​យើង ហើយ​ធ្វើការ​យ៉ាង​អំណត់​សម្រាប់​សេចក្ដីសង្រ្គោះ​របស់​យើង ។ សិស្ស​បាន​កត់ត្រា​ពី​អ្វី​ដែល​ពួកគេ​បាន​រៀន​ពី យ៉ាកុប 5 ទាក់ទង​ទៅនឹង​សេចក្ដី​ស្រឡាញ់​របស់​ព្រះអម្ចាស់​ចំពោះ​ពួកគេ ។ នៅក្នុង យ៉ាកុប 6 សិស្ស​បាន​រៀន​ថា យើង​ឈ្លាសវៃ​ដើម្បី​រៀបចំ​ក្នុង​ពេល​ឥឡូវ​ចំពោះ​ការជំនុំជម្រះ​ដោយ​ការប្រែចិត្ត និង ការទទួល​យក​សេចក្ដីមេត្តា​ពី​ព្រះអម្ចាស់ ។

ថ្ងៃ​ទី 2 ( យ៉ាកុប 7)

សិស្ស​បាន​សិក្សា​អំពី​ការជួប​ប្រទះ​របស់​យ៉ាកុប​នឹង​សេរេម ដែល​ជា​អ្នក​ប្រឆាំង​នឹង​ព្រះគ្រីស្ទ ។ ពួកគេ​បាន​រៀន​ថា នៅពេល​យើង​ពឹងផ្អែក​ទៅ​លើ​ព្រះអម្ចាស់ នោះ​យើង​អាច​យក​ឈ្នះ​លើ​ឧបសគ្គ​ទាំងឡាយ​ដែល​ទាស់​នឹង​សេចក្ដី​ជំនឿ​របស់​យើង ។ ចេញពី​ឧទាហរណ៍​របស់​យ៉ាកុប ពួកគេ​ក៏​បាន​រៀន​ថា យើង​មិន​អាច​ត្រូវ​រង្គោះរង្គើ​សេចក្ដី​ជំនឿ​របស់​យើង​ឡើយ ប្រសិនបើ​ទីបន្ទាល់​របស់​យើង​ចាក់គ្រឹះ​ទៅលើ​វិវរណៈ និង បទពិសោធន៍​ខាងវិញ្ញាណ​ដ៏​ពិត​នោះ ។ បន្ថែម​លើ​នេះ​ទៅ​ទៀត សិស្ស​បាន​ឃើញ​ការបង្ហាញ​នៃ​គោលការណ៍​ថា នៅពេល​យើង​ឆ្លើយតប​ទៅនឹង​សំណួរ ឬ ការរិះគន់​នៃ​សេចក្ដី​ជំនឿ​របស់​យើង​តាម​របៀប​មួយ​ដែល​អញ្ជើញ​ព្រះវិញ្ញាណ នោះ​យើង​អាច​ជួយ​អ្នកដទៃ​ទៀត​ឲ្យ​បែរ​មក​រក​ព្រះអម្ចាស់​បាន ។ សិស្ស​បាន​សរសេរ​អំពី​របៀប​ដែល​ពួកគេ​នឹង​អនុវត្ត​គោលការណ៍​មួយ​ដែល​ពួកគេ​បាន​រកឃើញ​នៅក្នុង យ៉ាកុប 7:15−23 ។

ថ្ងៃ​ទី 3 ( អេណុស )

ចេញពី​គំរូ​របស់​អេណុស សិស្ស​បាន​រៀន​ថា នៅពេល​យើង​អនុវត្ត​សេចក្ដីជំនឿ​តាម​ព្រះគ្រីស្ទ នោះ​អំពើបាប​របស់​យើង​អាច​ត្រូវ​បាន​អភ័យទោស ហើយ​យើង​អាច​ត្រូវ​បាន​ធ្វើ​ឲ្យ​ពេញលេញ ។ ពួកគេ​ក៏​បាន​រៀន​ដែរ​ថា នៅពេល​យើង​ទទួល​បាន​ពរជ័យ​ពី​ដង្វាយធួន​នៃ​ព្រះយេស៊ូវគ្រីស្ទ នោះ​យើង​នឹង​ចង់​ជួយ​អ្នក​ផ្សេង​ទៀត​ឲ្យ​ទទួល​បាន​សេចក្ដី​សង្គ្រោះ​ដែរ ។ សិស្ស​បាន​សរសេរ​អំពី​របៀប​មួយ​ដែល​ពួកគេ​អាច​នឹង​អនុវត្ត​គោលការណ៍​ទាំងនេះ ។

ថ្ងៃ​ទី 4 ( យ៉ារ៉ុម និង អោមណៃ )

នៅក្នុង​ការសិក្សា​របស់​ពួកគេ​អំពី​យ៉ារ៉ុម និង អោមណៃ សិស្ស​បាន​រកឃើញ​នូវ​សេចក្ដីពិត​ដូច​ខាងក្រោម​នេះ ៖ នៅពេល​យើង​គោរព​តាម​ព្រះបញ្ញត្តិ​នៃ​ព្រះ យើង​នឹង​រីកចម្រើន ។ ពួកគេ​បាន​កត់ត្រា​ពី​របៀប​ដែល​ព្រះអម្ចាស់​បាន​ប្រទានពរ​ដល់​ពួកគេ ក្នុង​ការកាន់​តាម​ព្រះបញ្ញត្តិ​ទាំងឡាយ​របស់​ទ្រង់ ។ សិស្ស​ក៏​បាន​សិក្សា​ដោយ​សង្ខេប​អំពី​ការធ្វើ​ចំណាកស្រុក​របស់​សាសន៍​នីហ្វៃ​ទៅកាន់​ដែនដី​សារ៉ាហិមឡា ហើយ​បាន​ស្គាល់​ប្រជាជន​សារ៉ាហិមឡា យ៉ារ៉េឌ និង សាសន៍​នីហ្វៃ​មួយ​ក្រុម ( ប្រជាជន​ស៊ីនិព្វ ) ដែល​បាន​ត្រឡប់​ទៅកាន់​ដែនដី​នីហ្វៃ​វិញ ។ សិស្ស​បាន​រៀន​អំពី​គោលការណ៍​ខាងក្រោម ៖ ប្រសិនបើ​យើង​មកកាន់​ព្រះគ្រីស្ទ ហើយ​តស៊ូ​ដល់​ទីបញ្ចប់ នោះ​យើង​នឹង​ត្រូវ​បាន​សង្គ្រោះ ។ ពួកគេ​បាន​បញ្ចប់​មេរៀន​នេះ​ដោយ​ការសរសេរ​ការនិយាយ​មួយ​ដែល​មាន​រយៈពេល​ពី​មួយ​ទៅ​ពីរ​នាទី តាម​របៀប​មួយ​ដែល​អាម៉ាលេកៃ​បាន​លើកទឹកចិត្ត​យើង​ឲ្យ​មក​កាន់​ព្រះគ្រីស្ទ ។

សេចក្តី​ផ្ដើម

នៅក្នុង​មេរៀន​នេះ សិស្ស​នឹង​មាន​ឪកាស​ដើម្បី​គិត​អំពី​ស្រឡាញ់​របស់​ព្រះអម្ចាស់​ចំពោះ​ពួកគេ ដូចដែល​បាន​បង្ហាញ​នៅក្នុង យ៉ាកុប 5 ។ ប្រសិនបើ​មាន​ពេល អ្នក​ក៏​អាច​បង្រៀន​ពួកគេ​ពី យ៉ាកុប 5 អំពី​តួនាទី​របស់​ពួកគេ​ជា​អ្នកបម្រើ​របស់​ព្រះអម្ចាស់ ។ សិស្ស​នឹង​អាច​ពិភាក្សា​អំពី​សេចក្ដីពិត​ពី យ៉ាកុប 7 ដែល​អាច​ជួយ​ពួកគេ នៅពេល​អ្នកដទៃ​សួរ ឬ រិះគន់​ដល់​សេចក្ដីជំនឿ​របស់​ពួកគេ ។ ពួកគេ​ក៏​នឹង​មាន​ឱកាស​ដើម្បី​ប្រាប់​សិស្ស​ក្នុង​ថ្នាក់​អំពី​របៀប​ដែល​ពួកគេ​បាន​អនុវត្ត​អ្វី​ដែល​ពួកគេ​បាន​រៀន​ពី​គម្ពីរ​អេណុស​ដែរ ។ លើសពីនេះ​ទៅ​ទៀត សិស្ស​អាច​ចែកចាយ​អ្វី​ដែល​ពួកគេ​បាន​រៀបចំ​អំពី​វិធី​ដែល​យើង​អាច​យកចិត្ត​ទុកដាក់​លើ​ការអញ្ជើញ​នៅក្នុង​អោមណៃ​ឲ្យមក​កាន់​ព្រះគ្រីស្ទ ។ ប្រសិនបើ​អ្នក​ចង់​ឲ្យ​ពួកគេ​ធ្វើ​ដូច្នោះ វា​អាច​ជួយ​អ្នក​បើ​អ្នក​ស្នើសុំ​សិស្ស​បីបួន​នាក់​ជាមុន ហើយ​អញ្ជើញ​ពួកគេ​ឲ្យ​រៀបចំ​ដើម្បី​ចែកចាយ​ការនិយាយ​របស់​ពួកគេ​នៅក្នុង​ថ្នាក់ ។

យោបល់​សម្រាប់​ការបង្រៀន

យ៉ាកុប 5–6

យ៉ាកុប​ដកស្រង់​រឿង​ប្រៀប​ប្រដូច​ពី​ដើមអូលីវ ដើម្បី​បង្ហាញ​ថា ព្រះអម្ចាស់​ធ្វើការ​ដោយ​អំណត់​សម្រាប់​សេចក្ដីសង្គ្រោះ​របស់​យើង

សូម​រំឭក​សិស្ស​ថា នៅក្នុង​រឿង​ប្រៀប​ធៀប​នៃ​ដើមអូលីវ​នេះ មែក​ដែល​ចេញ​ពី​ដើម​អូលីវ​ត្រូវ​បាន​ខ្ចាត់ខ្ចាយ​ក្នុង​ចំការ​ទាំងមូល ។ រឿង​នេះ​តំណាង​ឲ្យ​ការខ្ចាត់ខ្ចាយ​នៃ​ប្រជាជន​ក្នុង​សេចក្ដីសញ្ញា​របស់​ព្រះ —វង្ស​នៃ​អ៊ីស្រាអែល— ពេញ​ផែនដី​ទាំងមូល ។ ទោះយ៉ាងណា​ក្ដី នៅទីបញ្ចប់ ដើមអូលីវ​ទាំងអស់​នៅក្នុង​ចំការ​បាន​ក្លាយជា​ពុកផុយ ( សូម​មើល យ៉ាកុប 5:46 ) ។ សូម​ពន្យល់​ថា នេះ​គឺ​តំណាង​ឲ្យ​រយៈពេល​នៃ​ការក្បត់សាសនា​ដ៏​ធំ ។

សូម​អញ្ជើញ​សិស្ស​ឲ្យ​អាន យ៉ាកុប 5:61–62 ដោយ​ស្ងាត់ស្ងៀម ដោយ​រកមើល​អ្វី​ដែល​ព្រះអម្ចាស់​បាន​បញ្ជា​ឲ្យ​អ្នកបម្រើ​របស់​ទ្រង់ ( ព្យាការី​របស់​ទ្រង់ ) ធ្វើ​ដើម្បី​ជួយ​ដើមអូលីវ​ទាំងឡាយ​បង្កើត​បាន​ផ្លែ​ល្អ​ម្ដង​ទៀត ។ បន្ទាប់មក សួរ​ពួកគេ​នូវ​សំណួរ​ដូច​ខាងក្រោម​នេះ ៖

  • តើ​អ្នក​គិត​ថា « អ្នកបម្រើ» ទាំងនេះ​អាច​សំដៅ​ទៅ​លើ​អ្នកណា ? ( អ្នកដឹកនាំ​សាសនាចក្រ អ្នកផ្សព្វផ្សាយ​សាសនា និង សមាជិក​សាសនាចក្រ​ទាំងឡាយ ។ )

  • តើ​អ្វី​ដែល​ប្លែក​អំពី​ពេលវេលា ដែល​អ្នកបម្រើ​ទាំងនេះ​ត្រូវ​បាន​ហៅ​ឲ្យ​បម្រើ ?

សូម​ពន្យល់​ដោយ​ខ្លី​ថា ការខិតខំ​ទាំងនេះ​តំណាង​ឲ្យ​ការប្រមូល​នៃ​សាសន៍​អ៊ីស្រាអែល ។ ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់​ថា ពួកគេ​គឺជា​ផ្នែក​មួយ​នៃ​ក្រុម​អ្នកបម្រើ​ដែល​ត្រូវ​បាន​ហៅ​ឲ្យ​បម្រើ​នៅក្នុង​ចំការ​របស់​ព្រះអម្ចាស់​នោះ សូម​អាន​សេចក្ដីថ្លែងការណ៍​ខាងក្រោម​ដោយ អែលឌើរ ដេន អេល. ឡាសិន នៃ​ក្រុម​ចិតសិប​នាក់ ។ សូម​ឲ្យ​សិស្ស​ស្ដាប់ ហើយ​ស្វែង​រក​អ្នកណា​ដែល​ជា «អ្នកបម្រើ​ចុងក្រោយ​នៅក្នុង​ចំការ» ។

« [ ឥឡូវ​នេះ ] គឺជា​ពេលវេលា​ដែល​ព្រះអម្ចាស់ និង អ្នកបម្រើ​របស់​ទ្រង់​នឹង​ខិតខំ​ធ្វើការ​យ៉ាង​ខ្លាំងក្លា​ចុងក្រោយ​ដើម្បី​នាំ​សារ​នៃ​សេចក្ដីពិត​ទៅដល់​ប្រជាជន​ទាំងឡាយ​នៅលើ​ផែនដី​នេះ ហើយ​ដើម្បី​កែប្រែ​កូនចៅ​នៃ​វង្សអ៊ីស្រាអែល​ពី​បុរាណ ដែល​បាន​បាត់បង់​អត្តសញ្ញាណ​ពិត​របស់​ខ្លួន ។ …

« អ្នក​បាន​មកកាន់​ផែនដី នៅពេល​ដែល​គេ​បាន​ចាក់​គ្រឹះ​ក្នុង​កិច្ចការ​ដ៏​អស្ចារ្យ​នេះ ។ ដំណឹងល្អ​ត្រូវ​បាន​ស្ដារឡើងវិញ​សម្រាប់​ពេល​ចុងក្រោយ​បង្អស់ ។ សាសនាចក្រ​ត្រូវ​បាន​ស្ថាបនា​ឡើង​នៅក្នុង​តំបន់​នានា​ស្ទើរតែ​ទូទាំង​ពិភពលោក ។ ដំណាក់កាល​នេះ គឺ​បង្កើត​ឡើង​សម្រាប់​ទិដ្ឋភាព​ដ៏​ក្រៀមក្រំ​ចុងក្រោយ ដែល​នឹង​ត្រូវ​អនុម័ត ។ អ្នក​នឹង​ក្លាយជា​អ្នកលេង​ដ៏​សំខាន់ ។ អ្នក​ស្ថិត​នៅក្នុង​ចំណោម​អ្នកធ្វើការ​ចុងក្រោយ​បង្អស់​នៅក្នុង​ចំការ ។ … នេះគឺជា​ការបម្រើ​ចំពោះ​អ្វី​ដែល​អ្នក​បាន​ជ្រើសរើស» ( « ជំនាន់​រាជវង្ស​មួយ» Ensign ខែ ឧសភា ឆ្នាំ 1983 ទំព័រ 33 ) ។

សូម​សួរ​សំណួរ​ដូច​ខាងក្រោម ៖

  • តើ​អ្នកណា​ដែល​អែលឌើរ ឡាសិន បាន​និយាយ​ថា​ជា​អ្នកបម្រើ ឬ «អ្នកធ្វើការ​ចុងក្រោយ​បង្អស់» ដែល​ត្រូវ​បាន​ហៅ​ឲ្យ​ធ្វើការ​នៅក្នុង​ចំការ​នោះ ?

  • តើ​ដែល​អ្នក​មាន​ឱកាស​អ្វីខ្លះ​ដើម្បី​បម្រើ​ដល់​ព្រះអម្ចាស់ និង ជួយ​អ្នកដទៃ​ឲ្យ​មាន «ផ្លែ​ល្អ» ?

សូម​អាន យ៉ាកុប 5:71 ឮៗ​ទាំងអស់​គ្នា​នៅក្នុង​ថ្នាក់ ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​រក​អ្វី​ដែល​ព្រះអម្ចាស់​បាន​សន្យា​ដល់​អ្នក​ដែល​បាន​បម្រើ​ជាមួយ​នឹង​ទ្រង់ ។ សូម​សួរ​សិស្ស​អំពី​ពេល​ដែល​ពួកគេ​បាន​មាន​អារម្មណ៍​ថា​បាន​ទទួល​ពរជ័យ​ចំពោះ​ការខិតខំ​របស់​ពួកគេ​ក្នុង​ការ​បម្រើ​ដល់​ព្រះអម្ចាស់ ។

យ៉ាកុប 7

យ៉ាកុប​ពឹងផ្អែក​ទៅលើ​ព្រះអម្ចាស់ នៅពេល​គាត់​ជួប​នឹង​សេរេម ហើយ​ដឹកនាំ​សាសន៍​នីហ្វៃ​មួយ​ក្រុម​ធំ​ឲ្យ​ត្រឡប់​មក​កាន់​ព្រះអម្ចាស់​វិញ

កំណត់ចំណាំ ៖ នៅក្នុង យ៉ាកុប 7 សិស្ស​បាន​រៀន​អំពី​របៀប​ដែល​យ៉ាកុប​យកឈ្នះ​ការប្រឆាំង​នឹង​សេចក្ដីជំនឿ​របស់​គាត់​ទៅលើ​ព្រះយេស៊ូវគ្រីស្ទ ពី​បុរស​ម្នាក់​ឈ្មោះ សេរេម ដែល​ជា​អ្នកប្រឆាំង​ព្រះគ្រីស្ទ ។ ខណៈពេល​ដែល​មេរៀន​នេះ​មិន​បាន​ផ្ដោតទៅលើ​បទពិសោធន៍​របស់​យ៉ាកុប​ទល់​នឹង​សេរេម អ្នក​អាច​អញ្ជើញ​សិស្ស​ឲ្យ​សង្ខេប​ពី​ព្រឹត្តិការណ៍ ហើយ​ស្វែងរក​សេចក្ដីពិត​មួយ​ដែល​ពួកគេ​បាន​រៀន​ពី​គំរូ​របស់​យ៉ាកុប ។ ជាពិសេស អ្នក​អាច​សង្កត់ធ្ងន់​អំពី​សេចក្ដីពិត​ដែល យើង​មិនអាច​ត្រូវ​បាន​រង្គោះរង្គើ​នៅក្នុង​សេចក្ដី​ជំនឿ​របស់​យើង ប្រសិនបើ​ទីបន្ទាល់​របស់​យើង​ស្ថិតលើ​វិវរណៈ និង បទពិសោធន៍​ខាងវិញ្ញាណ​ដ៏​ពិត​នោះ ។

អេណុស

ក្រោយពី​ទទួល​បាន​ការផ្ដាច់បាប​ហើយ អេណុស​បាន​អធិដ្ឋាន​សម្រាប់​អ្នក​ផ្សេង និង ធ្វើការ​ដើម្បី​សេចក្ដីសង្គ្រោះ​របស់​ពួកគេ

ឌីយ៉ាក្រាម​នៃ​ការអធិដ្ឋាន

សូម​គូស​ឌីយ៉ាក្រាម​នេះ​នៅលើ​ក្ដារខៀន ឬ នៅលើ​ក្រដាស​មួយ​សន្លឹក ។ សូម​ឲ្យ​សិស្ស​ពន្យល់​ពី​របៀប​ដែល​វា​ទាក់ទង​ទៅនឹង​បទពិសោធន៍​របស់​អេណុស ។

សូម​បែងចែក​សិស្ស​ជា​បី​ក្រុម ។ ( ប្រសិនបើ​អ្នក​មាន​សិស្ស​តិច ក្រុម​មួយ​អាច​មាន​គ្នា​តែ​ម្នាក់ ។ ) សូម​ឲ្យ​ក្រុម​ទី​មួយ​អាន អេណុស 1:4–6 ហើយ​រៀបចំ​ដើម្បី​ពន្យល់​ពី​សេចក្ដីពិត​មួយ ដែល​យើង​អាច​រៀន​ពី​ការអធិដ្ឋាន​របស់​អេណុស​សម្រាប់​ខ្លួនគាត់ ។ សូម​ឲ្យ​ក្រុម​ទី​ពីរ​អាន អេណុស 1:9–10 ហើយ​រៀបចំ​ដើម្បី​ពន្យល់​ពី​សេចក្ដីពិត​មួយ ដែល​យើង​អាច​រៀន​ពី​ចំណែក​នៃការអធិដ្ឋាន​របស់​អេណុស ។ សូម​អ្នក​នៅក្នុង​ក្រុម​ទី​បី​អាន អេណុស 1:11–14 ហើយ​រៀបចំ​ដើម្បី​ពន្យល់​ពី​សេចក្ដីពិត​មួយ ដែល​យើង​អាច​រៀន​ពី​ចំណែក​នៃការអធិដ្ឋាន​របស់​អេណុស ។ បន្ទាប់មក សូម​ឲ្យ​សមាជិក​ម្នាក់​នៃ​ក្រុម​នីមួយៗ​ចែកចាយ​ពី​អ្វី​ដែល​ពួកគេ​បាន​រៀបចំ ។ សូម​ឲ្យ​សិស្ស​រំឭក​អំពី​ថ្ងៃ​ទី 3 កិច្ចការ​ទី 9 នៅក្នុង​កំណត់ហេតុ​សិក្សា​ព្រះគម្ពីរ​របស់​ពួកគេ ហើយ​សូម​អញ្ជើញ​ឲ្យ​សិស្ស​ពីរ​បី​នាក់​ចែកចាយ​ពី​របៀប​ដែល​ពួកគេ​បាន​ជ្រើសរើស​ដើម្បី​អនុវត្តតាម​សេចក្ដីពិត​ទាំងឡាយ​ពី​គម្ពីរ​អេណុស ។

យ៉ារ៉ុម និង អោមណៃ

អ្នករក្សា​កំណត់ត្រា រៀបរាប់​ពី​ការតស៊ូ និង ពរជ័យ​ទាំងឡាយ​របស់​សាសន៍​នីហ្វៃ

ប្រសិនបើ​សិស្ស​មាន​សំណួរ​អំពី​ចំណាក​ស្រុក​របស់​សាសន៍​ផ្សេង​ទៀត​ទៅកាន់​ដែនដី​នៃ​លោកខាងលិច អ្នក​អាច​ពិភាក្សា​ជាមួយ​នឹង​ពួកគេ​អំពី​រឿង​នោះ​នៅក្នុង​សៀវភៅ​ណែនាំ​ការសិក្សា​របស់​សិស្ស​អំពី អោមណៃ 1:1−30 រួមទាំង​សេចក្ដីថ្លែងការណ៍​ដោយ​ប្រធាន អានថូនី ដបុលយូ អាយវិនស៍ នៃ​គណៈប្រធាន​ទីមួយ ។

សូម​អញ្ជើញ​សិស្ស​ឲ្យ​រំឭក​អំពី​ការនិយាយ​ដែល​ពួកគេ​បាន​រៀបចំ​អំពី​ការមកកាន់​ព្រះគ្រីស្ទ ( ថ្ងៃទី 4 កិច្ចការ​ទី 4 ) ។ ប្រសិន​បើ​មាន​ពេល អ្នក​អាច​ឲ្យ​សិស្ស​បី​បួន​នាក់​ចែកចាយ​ការនិយាយ​ទៅកាន់​សិស្ស​ក្នុង​ថ្នាក់ ។ ប្រសិនបើ​អ្នក​ស្នើ​សុំ​សិស្ស​ជាមុន​ឲ្យ​ចែកចាយ​ការនិយាយ​របស់​គេ សូម​ប្រាកដ​ថា​ទុក​ពេល​គ្រប់គ្រាន់​សម្រាប់​ពួកគេ​និយាយ ។

សូម​ប្រាកដ​ថា អ្នក​អរគុណ​ដល់​សិស្ស​ចំពោះ​ការចូលរួម​របស់​ពួកគេ ។ សូម​ថ្លែងទីបន្ទាល់​អំពី​សេចក្ដីស្រឡាញ់​របស់​ព្រះវរបិតា​សួគ៌ និង ព្រះយេស៊ូវគ្រីស្ទ​ដែល​មាន​ចំពោះ​សិស្ស​ម្នាក់ៗ ហើយ​សូម​បញ្ជាក់​ដល់​ពួកគេ​ថា នៅពេល​ពួកគេ​មកកាន់​ព្រះគ្រីស្ទ​ដោយ​ព្រលឹង​ទាំងមូល ពួកគេ​នឹង​ត្រូវ​បាន​សង្គ្រោះ​នៅក្នុង​នគរ​របស់​ទ្រង់ ។

មេរៀន​បន្ទាប់ ( ពាក្យសំដី​នៃ​មរមនម៉ូសាយ 6 )

នៅក្នុង​មេរៀន​បន្ទាប់ សិស្ស​នឹង​អាន​អំពី​ទេវតា​មួយ​អង្គ​របស់​ព្រះ​ដែល​បាន​លេច​ចំពោះ​សេ្ដច​បេនយ៉ាមីន ដោយ​បាន​បង្គាប់​ទ្រង់ និង ប្រាប់​ទ្រង់​ពី​អ្វី​ដែល​ត្រូវ​និយាយ​ទៅកាន់​ប្រជាជន​របស់​ទ្រង់ ( សូម​មើល មូសាយ 3 ) ។ សេ្ដច​បេនយ៉ាមីន​បាន​ថ្លែង​ពាក្យ​ទាំងនេះ​ទៅកាន់​ប្រជាជន​របស់​ទ្រង់ ដែល​បាន​ទទួល​បទពិសោធន៍​ផ្លាស់ប្ដូរ​ដ៏​ធំ​មួយ​នៅក្នុង​ដួងចិត្ត​របស់​ពួកគេ ។