មេរៀនទី 37
នីហ្វៃទី 2 27
សេចក្តីផ្ដើម
ដោយសំដៅទៅលើពាក្យពេចន៍របស់អេសាយញឹកញាប់ នីហ្វៃបានព្យាករថា ព្រះអម្ចាស់នឹង « ធ្វើការណ៍មួយយ៉ាងអស្ចារ្យ ហើយចម្លែក » នៅក្នុងថ្ងៃចុងក្រោយ ។ កិច្ចការដ៏អស្ចារ្យនេះ នឹងជាការស្ដារឡើងវិញនូវដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ ។ ចំណុចស្នូលនៃការព្យាករណ៍របស់នីហ្វៃ គឺជាការលេចចេញមកនៃព្រះគម្ពីរមរមន ។ នីហ្វៃបានព្យាករថា សាក្សីទាំងឡាយនឹងបានឃើញព្រះគម្ពីរមរមន ហើយធ្វើទីបន្ទាល់អំពីសេចក្ដីពិតពេញលេញរបស់វា ។ គាត់ក៏បានថ្លែងទីបន្ទាល់អំពីតួនាទីមូលដ្ឋានរបស់ព្រះគម្ពីរមរមន ដែលនឹងសម្ដែងនៅក្នុងកិច្ចការរបស់ព្រះអម្ចាស់នៅក្នុងថ្ងៃចុងក្រោយ —ថាវានឹងជាអំណោយដ៏អព្ភូតហេតុមួយចំពោះពិភពលោក ។ ( កំណត់ចំណាំ ៖ នីហ្វៃទី 2 27 ស្របគ្នាយ៉ាងល្អនឹង អេសាយ 29 ។ នៅក្នុងការកែសម្រួលព្រះគម្ពីរបរិសុទ្ធនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ លេខយោងនៅក្នុង អេសាយ 29 ផ្ដល់ជាការយល់ដឹងដ៏មានប្រយោជន៍សម្រាប់ការសិក្សានៃជំពូកទាំងពីរ )
យោបល់សម្រាប់ការបង្រៀន
នីហ្វៃទី 2 27:1–5
នីហ្វៃព្យាករថា នៅក្នុងថ្ងៃចុងក្រោយ ផែនដីនឹងត្រូវពេញដោយអំពើទុច្ចរិត
សូមបង្ហាញវត្ថុដូចខាងក្រោមនេះ ៖ កំប៉ុងថ្នាំបំបាត់ក្លិនមួយ ថ្នាំដុសធ្មេញមួយបំពង់ និង សាប៊ូមួយដុំ ឬ មួយកំប៉ុង ។ សូមពន្យល់ថា វត្ថុនីមួយៗធ្វើឡើងដើម្បីជាដំណោះស្រាយមួយចំពោះបញ្ហាមួយ ។ សូមឲ្យសិស្សស្វែងរកបញ្ហាដែលវត្ថុនីមួយៗធ្វើដើម្បីដោះស្រាយនោះ ។ ( អ្នកអាចជ្រើសរើសប្រើវត្ថុផ្សេងទៀតដែលអាចចាត់ទុកថាជាដំណោះស្រាយចំពោះបញ្ហាជាក់លាក់មួយ ) ។
សូមពន្យល់ថា ការព្យាករណ៍របស់នីហ្វៃនៅក្នុង នីហ្វៃទី 2 27 ប្រាប់ពីបញ្ហាដែលកើតមាននៅក្នុងជំនាន់របស់យើង ។ គាត់បានបង្រៀនថា មនុស្សនឹងជំពប់ខាងវិញ្ញាណដោយសារតែអំពើទុច្ចរិតរបស់ពួកគេ ទើបពួកគេរងទុក្ខនឹងភាពខ្វាក់ខាងវិញ្ញាណ ហើយទើបពួកគេបដិសេធព្យាការីទាំងឡាយ ។ នីហ្វៃក៏បានព្យាករអំពីអ្វីដែលព្រះនឹងធ្វើដើម្បីដោះស្រាយបញ្ហាទាំងនេះ ។
សូមអញ្ជើញសិស្សពីរបីនាក់ឲ្យប្ដូរវេនគ្នាអាន នីហ្វៃទី 2 27:1–5 ឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ស្វែងរកពាក្យ និង ឃ្លាដែលរៀបរាប់ពីបញ្ហាខ្លះនៅថ្ងៃចុងក្រោយ ។ សូមឲ្យសិស្សពីរបីនាក់ចែកចាយឃ្លាដែលពួកគេបានរកឃើញ ។ ដើម្បីជួយសិស្សឲ្យវិភាគឃ្លាទាំងនេះ អ្នកអាចសួរសំណួរខាងក្រោមទាំងនេះ ៖
-
តើអ្នកគិតថា វាមានន័យយ៉ាងណាដើម្បី « ស្រវឹងនឹងអំពើទុច្ចរិត » ?
-
នៅក្នុង នីហ្វៃទី 2 27:3 មនុស្សខ្លះនៅក្នុងជំនាន់ចុងក្រោយ គឺប្រៀបដូចជាមនុស្សឃ្លានម្នាក់ដែលបានយល់សប្ដិឃើញថាខ្លួនបានបរិភោគ ឬ មនុស្សស្រេកម្នាក់ដែលបានយល់សប្ដិថាបានផឹក ប៉ុន្ដែលុះភ្ញាក់ឡើង ហើយមានអារម្មណ៍ថាព្រលឹងរបស់គេនៅតែមានសម្រេក ។ តើយើងអាចរៀនអ្វីចេញពីការណ៍នេះ ? ( ការបរិភោគ ឬ ការផឹកនៅក្នុងសុបិនមួយ បំពេញចិត្តមិនបានយូរនោះទេ ហើយសម្រេចមិនបានអ្វីទាំងអស់ ដោយសារអ្នកឃ្លាន ឬ អ្នកស្រេកនោះនៅតែបន្ដនៅក្នុងសុបិន ។ ដូចគ្នាដែរ អស់អ្នកដែល « ច្បាំងនឹងភ្នំស៊ីយ៉ូន » នឹងបំពេញចិត្តមិនបានយូរនោះទេ ហើយពួកគេក៏មិនបានសម្រេចអ្វីទាំងអស់ដ៏មានអត្ថន័យអ្វីដែរ )
-
តើអ្នកគិតថាឃ្លា « អ្នករាល់គ្នាបានបិទភ្នែក » មានអត្ថន័យដូចម្ដេចដែរ ?
ដើម្បីជួយសិស្សឲ្យស្គាល់នូវសេចក្ដីពិតនៃដំណឹងល្អនៅក្នុង នីហ្វៃទី 2 27:1–5 សូមអញ្ជើញពួកគេឲ្យសង្ខេបនូវអ្វីដែលពួកគេបានរៀនពីខគម្ពីរទាំងនេះ ។ សូមសរសេរចម្លើយរបស់ពួកគេនៅលើក្តារខៀន ។ សូមប្រាកដថាសិស្សយល់ថា នៅក្នុងថ្ងៃចុងក្រោយ មនុស្សជាច្រើននឹងពោរពេញទៅដោយអំពើទុច្ចរិត ហើយនឹងបដិសេធព្យាការីទាំងឡាយ ។
-
តើអ្នកគិតថា ហេតុអ្វីបានជាវាសំខាន់ដើម្បីដឹងពីការព្យាករណ៍នេះ និង ការបំពេញរបស់វា ?
នីហ្វៃទី 2 27:6–23
នីហ្វៃព្យាករអំពីការចេញមកនៃព្រះគម្ពីរមរមន
សូមអញ្ជើញសិស្សឲ្យអាន នីហ្វៃទី 2 27:6–7 ដោយស្ងាត់ស្ងៀម ។ សូមឲ្យពួកគេស្វែងរកអ្វីមួយដែលព្រះអម្ចាស់បានផ្ដល់ដើម្បីជួយដោះស្រាយបញ្ហាខាងវិញ្ញាណរបស់មនុស្សនៅក្នុងជំនាន់ចុងក្រោយ ។
-
តើព្រះអម្ចាស់បានផ្ដល់អ្វីខ្លះ ?
-
តើព្រះគម្ពីរនេះមានអ្វីខ្លះ ?
-
តើព្រះគម្ពីរអ្វីដែលអ្នកគិតថា ខគម្ពីរទាំងនេះកំពុងពិពណ៌នា ? ( ដើម្បីជួយសិស្សឆ្លើយនឹងសំណួរនេះបាន អ្នកអាចស្នើថា ពួកគេគួរតែបើកមើលសេចក្ដីយោងព្រះគម្ពីរដែលមានរាយបញ្ជីនៅក្នុង នីហ្វៃទី 2 27:6 លេខយោង b ។ អ្នកក៏អាចចង់ពន្យល់ថា ឃ្លា « ពួកអ្នកដែលបានលង់លក់ » សំដៅទៅលើព្យាការីដែលបានទទួលមរណភាពទៅហើយ ដែលបានរក្សាកំណត់ត្រាដែលក្លាយជាព្រះគម្ពីរមរមន ។ )
សូមលើកព្រះគម្ពីរមរមនមួយក្បាលឡើង ។ សូមពន្យល់ថា ព្រះអម្ចាស់បាននាំចេញមកនូវព្រះគម្ពីរនេះដើម្បីជួយកែតម្រូវបញ្ហានៅក្នុងថ្ងៃចុងក្រោយ និង ដើម្បីនាំមកនូវពន្លឺទៅកាន់ពិភពលោកដ៏ងងឹងមួយ ។ ព្រះអម្ចាស់បានបើកសម្ដែងសេចក្ដីលម្អិតដែលទាក់ទងនឹងការលេចចេញមកនៃព្រះគម្ពីរមរមនដល់ពួកព្យាការីពីបុរាណ ។ នីហ្វៃបានកត់ត្រាសេចក្ដីលម្អិតទាំងនេះនៅក្នុង នីហ្វៃទី 2 27 ។ សូមពន្យល់ថា ការព្យាករស្រដៀងគ្នាមួយត្រូវបានរកឃើញនៅក្នុង អេសាយ 29 ។ ( អ្នកអាចពន្យល់ថា មនុស្សខ្លះបានផ្ចាញ់ព្រះគម្ពីរមរមនដោយសួរពីមូលហេតុដែលព្រះគម្ពីរបរិសុទ្ធមិនបានលើកឡើងពីវា ។ សូមបង្ហាញថា ការព្យាករណ៍នៅក្នុងអេសាយ 29 បង្ហាញថា ព្រះគម្ពីរបរិសុទ្ធពិតជាបានថ្លែងទីបន្ទាល់អំពីព្រះគម្ពីរមរមនមែន )
សូមអញ្ជើញសិស្សម្នាក់អាន នីហ្វៃទី 2 27:12–14 ឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ស្វែងរកអ្នកដែលនីហ្វៃបាននិយាយថា នឹងត្រូវបានអនុញ្ញាតឲ្យឃើញព្រះគម្ពីរនោះ ។
-
តើនរណាខ្លះជាសាក្សីទាំងបីនាក់ដែលត្រូវបានអនុញ្ញាតឲ្យឃើញព្រះគម្ពីរមរមន « ដោយព្រះចេស្ដានៃព្រះ » ? ( លោកអូលីវើរ ខៅឌើរី លោកដាវីឌ វិតមើរ និង លោកម៉ាទិន ហារីស ។ សូមមើល « ទីបន្ទាល់នៃពួកសាក្សីបីនាក់ » ព្រះគម្ពីរមរមន )
សូមបង្ហាញថា នីហ្វៃបានលើកឡើងពីអ្នកផ្សេង « ពីរបីនាក់ » ទៀតដែលនឹងត្រូវបានអនុញ្ញាតឲ្យមើលព្រះគម្ពីរផងដែរ ។
-
តើអ្នកគិតថា នរណាជាសាក្សីផ្សេងទៀតទាំងនេះ ? ( អ្នកគួរតែរំឭកសិស្សអំពីពួកសាក្សីបន្ថែមប្រាំបីនាក់នៃព្រះគម្ពីរមរមន ។ សូមមើល « ទីបន្ទាល់នៃពួកសាក្សីប្រាំបីនាក់ » ព្រះគម្ពីរមរមន ) ។
សូមបង្ហាញថា នីហ្វៃទី 2 27:14លើកឡើងថា ព្រះអម្ចាស់នឹង « តាំងព្រះបន្ទូលនៃត្រង់ » ដោយ « មាត់នៃពួកសាក្សីទាំងប៉ុន្មានដែលទ្រង់យល់ថាល្អគ្រប់គ្រាន់សម្រាប់ទ្រង់ហើយ » ។
-
តើអ្នកគិតថា នីហ្វៃចង់មានន័យអ្វី នៅពេលគាត់និយាយថា សាក្សីទាំងឡាយនឹងតាំងព្រះបន្ទូលនៃព្រះឡើង ? ( អស់អ្នកដែលទទួលបាន និង ទទួលយកព្រះបន្ទូលនៃព្រះតាមរយៈព្រះគម្ពីរមរមន នឹងចែកចាយវាជាមួយនឹងអ្នកដទៃ និង ថ្លែងទីបន្ទាល់ពីសេចក្ដីពិតពេញលេញរបស់វា ) ។)
-
តើសាក្សីទាំងនេះអាចជានរណា ?
-
ដើម្បីជួយសិស្សឲ្យកោតសរសើរថា ពួកគេក៏អាចក្លាយជាសាក្សីនៃសេចក្ដីពិតពេញលេញនៃព្រះគម្ពីរមរមននេះបានដែរនោះ អ្នកអាចអញ្ជើញពួកគេឲ្យសរសេរឈ្មោះរបស់ពួកគេនៅរឹមទំព័រក្បែរ នីហ្វៃទី 2 27:14 ។ តើសមាជិកនៃសាសនាចក្រម្នាក់ៗ រួមទាំងអ្នកដែរ អាចជួយតាំងសេចក្ដីពិតនៃព្រះគម្ពីរមរមនដោយរបៀបណា ?
-
តើនៅពេលណាដែលអ្នកបានចែកចាយទីបន្ទាល់របស់អ្នកអំពីព្រះគម្ពីរមរមនជាមួយនឹងអ្នកដទៃនោះ ?
នៅក្នុងមេរៀនមុនៗ អ្នកអាចលើកទឹកចិត្តសិស្សឲ្យចែកចាយទីបន្ទាល់របស់ពួកគេអំពីព្រះគម្ពីរមរមនជាមួយនឹងនរណាម្នាក់ផ្សេងទៀត ។ ប្រសិនបើអ្នកបានធ្វើ សូមតាមដានលើកិច្ចការនោះ ដោយការអញ្ជើញសិស្សបីបួននាក់ឲ្យចែកចាយពីអ្វីដែលពួកគេបានធ្វើ ។ សូមលើកទឹកចិត្តសិស្សឲ្យបន្ដស្វែងរកឱកាសនានាដើម្បីចែកចាយទីបន្ទាល់របស់ពួកគេអំពីព្រះគម្ពីរមរមនជាមួយនឹងអ្នកផ្សេង រួមទាំងអស់អ្នកដែលមានសេចក្ដីជំនឿផ្សេងគ្នាផងដែរ ។
សូមចម្លងតារាងខាងក្រោមដាក់លើក្ដារខៀន ។ ( ដើម្បីសន្សំពេល អ្នកអាចធ្វើការណ៍នេះមុនចាប់ផ្ដើមបង្រៀន ) ។)
ការព្យាករណ៍របស់នីហ្វៃអំពីអ្វីដែលបុរសនោះនឹងធ្វើ |
ឈ្មោះរបស់បុរសនោះ |
ការបំពេញនៃការព្យាករណ៍ | |
---|---|---|---|
បុរសទីមួយ ( មិនបានរៀន » ) | |||
បុរសទីពីរ ( « អ្នកផ្សេង » ) | |||
បុរសទីបី ( « បានរៀន » ) |
សូមបំបែកសិស្សទៅជាគូ ។ សូមពន្យល់ថា ដៃគូនីមួយៗនឹងសិក្សាពីការព្យាករណ៍មួយដែលទាក់ទងនឹងការចេញមកនៃព្រះគម្ពីរមរមន ក៏ដូចជាការបំពេញនៃការព្យាករណ៍នោះផងដែរ ។ សូមឲ្យសិស្សចម្លងតារាងនោះដាក់ក្នុងកំណត់ហេតុសិក្សាព្រះគម្ពីរ ឬ សៀវភៅកត់ត្រាក្នុងថ្នាក់របស់ពួកគេ ហើយសរសេរចម្លើយដោយប្រើសេចក្ដីយោងព្រះគម្ពីរដែលបានផ្ដល់ឲ្យ ។ ( អ្នកអាចពន្យល់ថា ពាក្យ អក្សរ ដែលមាននៅក្នុង យ៉ូសែប ស្ម៊ីធ— ប្រវត្តិ 1:63–65 យោងទៅលើសំណៅដែលបានឆ្លាក់នៅលើផ្ទាំងមាសទាំងនោះដែលជាប្រភពបកប្រែនៃព្រះគម្ពីរមរមន ) ។ នៅពេលសិស្សបានបញ្ចប់ហើយ សូមអញ្ជើញពួកគេឲ្យចែកចាយចម្លើយរបស់ពួកគេជាមួយនឹងសិស្សក្នុងថ្នាក់ ។
-
ដោយយោងតាម នីហ្វៃទី 2 27:15 និង យ៉ូសែប ស្ម៊ីធ— ប្រវត្តិ 1:64 តើនរណាគឺជាបុរសដែលបានរៀន ដែលម៉ាទិន ហារីស បានដកយកពាក្យទាំងឡាយនៃព្រះគម្ពីរនោះ ? ( ឆាលឡេស អាន់តុន )
-
តើមនុស្សម្នាក់ដែលគ្មានការការសិក្សាអប់រំត្រឹមត្រូវ ដូចជា យ៉ូសែប ស្ម៊ីធ ជាដើម អាចជាអ្នកល្អប្រសើរដើម្បីធ្វើការបកប្រែព្រះគម្ពីរមរមនជាជាងអ្នកប្រាជ្ញម្នាក់ដូចជាឆាលឡេស អាន់តុន បានដោយរបៀបណា ?
សូមឲ្យសិស្សអាន នីហ្វៃទី 2 27:20–21 ដោយស្ងាត់ស្ងៀម ដោយស្វែងរកឃ្លាមួយដែលច្រំដែលនៅក្នុងខគម្ពីរនីមួយៗ ។ ( « យើងអាចធ្វើកិច្ចការរបស់យើងបាន » ) ។
-
តើឃ្លា « យើងអាចធ្វើកិច្ចការរបស់យើងបាន » មានន័យយ៉ាងណាចំពោះអ្នកដែរ ?
-
តើការស្ដារឡើងវិញនៃដំណឹងល្អ និង ការចេញមកនៃព្រះគម្ពីរមរមន ជាការបញ្ជាក់មួយថា ព្រះអាចធ្វើកិច្ចការរបស់ទ្រង់បានដោយរបៀបណា ?
-
តើគោលការណ៍ណាខ្លះ ដែលត្រូវបានបង្រៀនដោយខគម្ពីរទាំងនេះ ? ( នៅពេលសិស្សចែកចាយគំនិតរបស់ពួកគេ សូមសង្កត់ធ្ងន់ថា ការចេញមកនៃព្រះគម្ពីរមរមនគឺជារបៀបមួយដែលព្រះនឹងសម្រេចកិច្ចការរបស់ទ្រង់នៅក្នុងជំនាន់ចុងក្រោយនេះ ) ។
-
តើការបំពេញនៃការព្យាករណ៍នេះពង្រឹងទីបន្ទាល់របស់អ្នកអំពីព្រះគម្ពីរមរមន និង តួនាទីរបស់វានៅក្នុងការស្ដារឡើងវិញនៃសាសនាចក្ររបស់ព្រះអម្ចាស់ដោយរបៀបណា ?
នីហ្វៃទី 2 27:24–35
នីហ្វៃព្យាករអំពីឥទ្ធិពលវិជ្ជមាននៃដំណឹងល្អដែលបានស្ដារឡើងវិញរបស់ព្រះយេស៊ូវគ្រីស្ទ និង ព្រះគម្ពីរមរមន
សូមអាន នីហ្វៃទី 2 27:24–26 ឲ្យឮៗ ខណៈសិស្សអានតាមនៅក្នុងព្រះគម្ពីររបស់ពួកគេ ។
-
តើអ្នកចាំថាបានឮពាក្យទាំងនេះពីមុនមកដែរទេ ? ប្រសិនបើធ្លាប់ តើនៅកន្លែងណា ? ( ប្រសិនបើសិស្សមិនអាចឆ្លើយបាន សូមពន្យល់ថាព្រះអម្ចាស់បានប្រើពាក្យស្រដៀងគ្នានេះ នៅពេលទ្រង់បានមានព្រះបន្ទូលទៅកាន់យ៉ូសែប ស្ម៊ីធ នៅក្នុងព្រៃពិសិដ្ឋ ; សូមមើល យ៉ូសែប ស្ម៊ីធ— ប្រវត្តិ 1:19 ) ។
សូមលើកវត្ថុមួយដែលអ្នកបង្ហាញនៅពេលចាប់ផ្ដើមមេរៀននេះឡើង ហើយសូមរំឭកសិស្សថា វាត្រូវបានបង្កើតដើម្បីដោះស្រាយបញ្ហាជាក់លាក់មួយ ។
-
នៅក្នុង នីហ្វៃទី 2 27:25 តើបញ្ហាអ្វីដែលព្រះអម្ចាស់មានបន្ទូលថា នឹងមាននៅក្នុងចំណោមប្រជាជនក្នុងថ្ងៃចុងក្រោយនេះ ? ( អ្នកអាចសរសេរចម្លើយរបស់សិស្សដាក់លើក្ដារខៀន ) ។
សូមរំឭកសិស្សអំពីបញ្ហាខាងវិញ្ញាណផ្សេងទៀតនៅថ្ងៃចុងក្រោយដែលបានលើកឡើងនៅក្នុង នីហ្វៃទី 2 27:5 ។ ( អ្នកអាចបន្ថែមពាក្យ អំពើទុច្ចរិត ការខ្វាក់ខាងវិញ្ញាណ និង ការបដិសេធព្យាការីទាំងឡាយ ទៅលើបញ្ជីនៅលើក្ដារខៀនបាន ) ។
-
តើព្រះគម្ពីរមរមន និង ការស្ដារឡើងវិញនៃដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ ជួយដោះស្រាយបញ្ហាទាំងនេះដោយរបៀបណា ?
សូមឲ្យសិស្សអាន នីហ្វៃទី 2 27:29–30, 34–35 ដោយស្ងាត់ស្ងៀម ដោយស្វែងរករបៀបដែលព្រះអម្ចាស់បានមានបន្ទូលថា ដំណឹងល្អដែលបានស្ដារឡើងវិញ និង ព្រះគម្ពីរមរមននឹងប្រទានពរដល់ប្រជាជននៅថ្ងៃចុងក្រោយ ។ សូមអញ្ជើញសិស្សម្នាក់រាប់ពីពរជ័យទាំងនេះដាក់លើក្ដារខៀន ។
-
ដោយយោងតាម នីហ្វៃទី 2 27:29 ព្រះគម្ពីរមរមននឹងជួយ « ភ្នែករបស់មនុស្សខ្វាក់ … មើលឃើញពីក្នុងសភាពជាងងឹត ហើយសូន្យសុង ។ » តើអ្នកគិតថាវាមានន័យយ៉ាងណាដែរ ?
ដើម្បីជួយសិស្សឲ្យយល់ថា ព្រះគម្ពីរមរមន និង ដំណឹងល្អដែលបានស្ដារឡើងវិញរបស់ព្រះយេស៊ូវគ្រីស្ទ នាំមកនូវសេចក្ដីអំណរ និង ការយល់ដឹងដល់អស់អ្នកទាំងឡាយណាដែលសិក្សា និង ទទួលយកវា ។សូមលើកទឹកចិត្តសិស្សឲ្យស្វែងរកដំណោះស្រាយចំពោះឧបសគ្គរបស់ពួកគេនៅក្នុងព្រះគម្ពីរមរមន ហើយចែកចាយទីបន្ទាល់របស់ពួកគេអំពីព្រះគម្ពីរមរមនជាមួយនឹងអ្នកដទៃ ។