មេរៀនទី 27
នីហ្វៃទី 2 5
សេចក្តីផ្ដើម
ដោយគោរពតាមការព្រមានរបស់ព្រះអម្ចាស់ នីហ្វៃ និង អ្នកដើរតាមគាត់បានបំបែកខ្លួនពីលេមិន លេមយួល និង កូនប្រុសរបស់អ៊ីសម៉ាអែល ។ ពួកគេរស់នៅដោយសេចក្ដីសុចរិត និង សុភមង្គល ខណៈដែលអ្នកដើរតាមលេមិន និង លេមយួលបានកាត់ខ្លួនគេចេញពីព្រះអម្ចាស់ ។
យោបល់សម្រាប់ការបង្រៀន
នីហ្វៃទី 2 5:1–8
ព្រះបំបែកអ្នកដើរតាមនីហ្វៃ ចេញពីអ្នកដើរតាមលេមិន និង លេមយួល
សូមអញ្ជើញសិស្សឲ្យសញ្ជឹងគិតអំពីបញ្ហា និង ការសម្រេចចិត្តលំបាកខ្លះៗដែលពួកគេជួបប្រទះ ។ សូមលើកទឹកចិត្តពួកគេឲ្យទុកឧបសគ្គផ្ទាល់ខ្លួនទាំងនេះនៅក្នុងចិត្ត នៅពេលពួកគេសិក្សាពីរបៀបដែលនីហ្វៃឆ្លើយតបនឹងឧបសគ្គទាំងនោះ ។ សូមរំឭកពួកគេថា នៅពេលលីហៃបានស្លាប់ នីហ្វៃត្រូវបានទុកឲ្យក្លាយជាអ្នកដឹកនាំខាងវិញ្ញាណនៃគ្រួសាររបស់គាត់ ។ សូមឲ្យសិស្សអាន នីហ្វៃទី 2 5:1–4ដោយស្ងាត់ស្ងៀមដើម្បីស្វែងរកឧបសគ្គដែលនីហ្វៃបានជួបប្រទះ ។
-
ដោយយោងតាមនីហ្វៃទី 2 5:1 តើនីហ្វៃបានធ្វើអ្វីដើម្បីជួយសម្រេចរកដំណោះស្រាយមួយចំពោះឧបសគ្គរបស់គាត់ ?
-
តើលេមិន និង លេមយួលបានខំរកធើ្វអ្វីខ្លះ ទោះបីជាក្រោយពេលដែលនីហ្វៃបានអធិស្ឋានសុំជំនួយហើយក្តី ?
នៅពេលសិស្សរាយការណ៍ចម្លើយរបស់ខ្លួន អ្នកអាចបង្ហាញថា ការអធិស្ឋានរបស់យើងមិនអាចតែងតែទទួលបានចម្លើយភ្លាមៗ ឬ តាមរបៀបដែលយើងចង់បានរហូតនោះទេ ។
សូមអញ្ជើញសិស្សម្នាក់អាន នីហ្វៃទី 2 5:5–8 ឮៗ ។ សុំឲ្យសិស្សអានតាម ដោយស្វែងរកអ្វីដែលព្រះអម្ចាស់បានធ្វើដើម្បីជួយនីហ្វៃ និង អ្នកដើរតាមរបស់គាត់ ។
សុំឲ្យសិស្សសង្ខេបអ្វីដែលពួកគេបានរៀនពីក្នុង នីហ្វៃទី 2 5:1–8 ។ សេចក្ដីពិតមួយដែលអ្នកអាចសង្កត់ធ្ងន់លើគឺថា ព្រះអម្ចាស់ដឹកនាំអ្នកដែលស្វែងរកទ្រង់ដោយស្មោះត្រង់ពេលអធិស្ឋាន ។ ដោយទាក់ទងនឹងខគម្ពីរទាំងនេះ សូមសួរសំណួរខាងក្រោម ៖
-
ហេតុអ្វីបានជាវាសំខាន់ក្នុងការបន្ដស្មោះត្រង់ នៅពេលការអធិស្ឋានរបស់យើងមិនទាន់បានឆ្លើយតបភា្លមៗ ឬ តាមរបៀបដែលយើងចង់បានក្ដី ?
-
តើព្រះអម្ចាស់អាចប្រទានដល់យើងនូវការព្រមានតាមរបៀបណាខ្លះ ?
នៅពេលសិស្សឆ្លើយនឹងសំណួរនេះរួច សូមគិតពីការអានសេចក្ដីថ្លែងការណ៍ខាងក្រោមដោយប្រធាន ប៊យដ៍ ឃេ. ផាកកឺ នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ៖
« យើងមិនអាចចាប់ផ្ដើមនៅលើផ្លូវខុសមួយ ដោយគ្មានការព្រមានបដិសេធពីដំបូងនោះទេ » ( ដកស្រង់នៅក្នុងKenneth Johnson “Yielding to the Enticings of the Holy Spirit” Ensignខែ វិច្ឆិកា ឆ្នាំ 2002 ទំព័រ 90 ) ។
-
តើយើងអាចធ្វើតាមគំរូរបស់នីហ្វៃដោយរបៀបណា នៅពេលយើងជួបនឹងឧបសគ្គ ?
ដោយសារជាផ្នែកនៃការពិភាក្សារបស់សិស្សក្នុង នីហ្វៃទី 2 5:1–8សូមបង្ហាញថា ការបំបែកសាសន៍នីហ្វៃចេញពីសាសន៍លេមិន គឺជាលទ្ធផលនៃការដែលលេមិន និង លេមយួលស្អប់នីហ្វៃ ។ ការបំបែកនេះ បន្ដដល់រាប់សតវត្សរ៍ រួមនឹងការដែលកូនចៅរបស់លេមិន និង លេមយួលបង្រៀនកូនចៅរបស់ពួកគេឲ្យស្អប់កូនចៅរបស់នីហ្វៃ ( សូមមើល ម៉ូសាយ 10:12–17 ) ។
នីហ្វៃទី 2 5:9–18, 26–27
សាសន៍នីហ្វៃរស់នៅតាមរបៀបនៃសុភមង្គល
សូមដឹកនាំសិស្សអាន នីហ្វៃទី 2 5:27 ឮៗរួមគ្នា ។ អ្នកអាចស្នើថា សិស្សគួរតែគូសចំណាំខគម្ពីរនេះទុក ។ សូមសរសេរពាក្យ សុភមង្គល នៅលើក្ដារខៀន ។
-
តើអ្នកគិតថា វាមានន័យដូចម្ដេច ដើម្បីរស់នៅ « តាមរបៀបនៃសុភមង្គល » ?
សុំឲ្យសិស្សម្នាក់អានឮៗ នូវសេចក្ដីថ្លែងការណ៍ខាងក្រោមដោយ អែលឌើរ ម៉ាលីន ឃេ. ជែនសិន នៃក្រុមចិតសិប ៖
« គោលការណ៍ និង សេចក្ដីពិតដែលមិនអាចផ្លាស់ប្ដូរមួយចំនួន នាំមកនូវសុភមង្គលដល់ជីវិតរបស់យើង ។
« ដោយសារហេតុផលនោះហើយ បីបួនឆ្នាំកន្លងទៅ វគ្គព្រះគម្ពីរមរមនបានទាញការចាប់អារម្មណ៍របស់ខ្ញុំ ។ … នីហ្វៃបានស្ថាបនាសង្គមមួយដែលបានរកឃើញក្នុងសេចក្ដីពិតនៃដំណឹងល្អ ហើយចេញពីសង្គមនោះ គាត់បាននិយាយថា ‹ ហើយហេតុការណ៍បានកើតឡើងថា ពួកយើងបានរស់នៅតាមរបៀបនៃសុភមង្គល › ( នីហ្វៃទី 2 5:27 ) ។ វគ្គនេះ បានបំផុសខ្ញុំយ៉ាងជ្រាលជ្រៅ ។ … ខ្ញុំឆ្ងល់ … តើធាតុផ្សំមួយៗនៃសង្គម និង ជីវិតដ៏រីករាយពិតមួយអាចនឹងទៅជាអ្វី ហើយខ្ញុំបានចាប់ផ្ដើមស្វែងរកតម្រុយនានាពីការសរសេររបស់នីហ្វៃ ។ ខ្ញុំ … សូមអញ្ជើញអ្នកឲ្យធ្វើការការស្រាវជា្រវផ្ទាល់ខ្លួនអ្នកដោយខ្លួនឯង ។ វាអាចជាការដេញតាមពេញមួយជីវិត និង ដ៏មានតម្លៃមួយ … ។
« … គំរូ និង ធាតុផ្សំដូចគ្នានៃជីវិតប្រចាំថ្ងៃដែលអាចជួយនីហ្វៃ និង ប្រជាជនរបស់គាត់ឲ្យរីករាយរយៈពេល 560 ឆ្នាំ មុនពេលព្រះគ្រីស្ទ នឹងមានដំណើរការស្មើគ្នាល្អនៅសព្វថ្ងៃនេះដែរ » ( « ការរស់នៅតាមរបៀបនៃសុភមង្គល » Ensignខែ ធ្នូ ឆ្នាំ 2002 ទំព័រ 56, 61 ) ។
សូមលើកទឹកចិត្តសិស្សឲ្យទទួលយកការអញ្ជើញរបស់អែលឌើរ ជែនសិន ។ សុំឲ្យពួកគេអាននីហ្វៃទី 2 5:6, 10–18, 26–27ដោយស្ងាត់ស្ងៀម ដោយស្វែងរកមើល « ធាតុនៃសង្គម និង ជីវិតដ៏រីករាយពិតមួយ » ។ អ្នកអាចស្នើថា ពួកគេគួរតែគូសចំណាំគោលការណ៍ដែលរួមចំណែកដល់សុភមង្គលនៃសាសន៍នីហ្វៃ ។ បន្ទាប់ពីពេលពីរបីនាទី ក្រោយមក សូមអញ្ជើញសិស្សពីរបីនាក់ឲ្យសរសេរអ្វីដែលពួកគេរកឃើញនៅលើក្ដារខៀន ។ ( ចម្លើយអាចរួមមាន នីហ្វៃ និង អ្នកដើរតាមរបស់គាត់បានទៅជាមួយនឹងគ្រួសាររបស់ពួកគេ [ សូមមើល ខ 6 ] បានគោរពព្រះអម្ចាស់ [ សូមមើល ខ 10 ] បានធ្វើការខ្លាំងដើម្បីគាំទ្រខ្លួនគេ [ សូមមើល ខ 11, 15–17 ] បានយកព្រះគម្ពីរទៅជាមួយនឹងពួកគេ [ សូមមើល ខ 12 ] បានកសាងព្រះវិហារបរិសុទ្ធមួយ [ សូមមើល ខ 16 ] និង បានធ្វើតាមអ្នកដឹកនាំដ៏សុចរិត [ សូមមើល ខ 18, 26 ] ។ )
សូមអញ្ជើញសិស្សជ្រើសរើសគោលការណ៍មួយ ឬ ពីរនៅលើក្ដារខៀន ហើយចែកចាយពីរបៀបដែលគោលការណ៍ទាំងនេះបានជួយដល់ពួកគេ « ឲ្យរស់នៅតាមរបៀបនៃសុភមង្គល » ។
ដោយផ្អែកលើអ្វីដែលសិស្សសង្កត់ធ្ងន់ អ្នកអាចតាមដានជាមួយនឹងសំណួរពីរបីដូចខាងក្រោម ៖
-
យោងតាមនីហ្វៃទី 2 5:10–11, 16តើពរជ័យអ្វីខ្លះ ដែលប្រជាជនទទួលបានដោយសារពួកគេបានរក្សាព្រះបញ្ញត្តិរបស់ព្រះអម្ចាស់ ? តើនៅពេលណាដែលអ្នកមានអារម្មណ៍ថា ព្រះអម្ចាស់បានគង់នៅជាមួយនឹងអ្នក ? តើឥទ្ធិពលរបស់ព្រះអម្ចាស់នៅក្នុងជីវិតរបស់អ្នកបានជួយជ្រោមជ្រែងដល់សុភមង្គលរបស់អ្នកយ៉ាងដូចម្ដេចខ្លះ ?
-
តើព្រះវិហារបរិសុទ្ធអាចជួយប្រជាជន « ឲ្យរស់នៅតាមរបៀបនៃសុភមង្គល » បានយ៉ាងដូចម្ដេច ? តើព្រះវិហារបរិសុទ្ធបាននាំមកនូវសុភមង្គលដ៏អស្ចារ្យជាងនេះដល់អ្នក ឬ អ្នកណាម្នាក់ដែលអ្នកស្គាល់ដោយរបៀបណា ?
-
តើការខិតខំធ្វើការងារបានជួយដល់សុភមង្គលតាមវិធីណាខ្លះ ?
សូមអញ្ជើញសិស្សឲ្យសង្ខេបអ្វីដែលពួកគេបានរៀនអំពីរបៀបដើម្បីបង្កើនសុភមង្គលរបស់ពួកគេ ។ ទោះបីជាសិស្សអាចចែកចាយគោលការណ៍ខុសគ្នាក្ដី សូមប្រាកដថា ពួកគេយល់ថា នៅពេលដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទក្លាយជាផ្លូវជីវិតរបស់យើង នោះយើងនឹងបង្កើននូវសុភមង្គល ។ អ្នកអាចសរសេរគោលការណ៍នេះនៅលើក្ដារខៀន ។
សូមអញ្ជើញសិស្សពិនិត្យមើលជីវិតរបស់ពួកគេ ហើយសម្រេចអ្វីមួយដែលពួកគេនឹងធ្វើដើម្បីរស់នៅឲ្យកាន់តែពេញលេញជាងនេះ « តាមរបៀបនៃសុភមង្គល » ។ សូមលើកទឹកចិត្តពួកគេឲ្យសរសេរសកម្មភាពនេះនៅក្នុងកំណត់ហេតុសិក្សាព្រះគម្ពីរ ឬ សៀវភៅកត់ត្រាក្នុងថ្នាក់របស់ពួកគេ ។ សូមចែកចាយទីបន្ទាល់របស់អ្នកអំពីគោលការណ៍ និង ការអនុវត្តន៍ដែលបាននាំមកនូវសុភមង្គលដល់ជីវិតរបស់អ្នក ។
នីហ្វៃទី 25:19–25
សាសន៍លេមិនត្រូវបានដាក់បណ្ដាសាដោយសារតែការមិនគោរពប្រតិបត្តិតាមរបស់ពួកគេ
សូមអញ្ជើញសិស្សអាននីហ្វៃទី 2 5:19–24 ដោយស្ងាត់ស្ងៀម ដោយស្វែងរកមើលនូវភាពខុសគ្នារវាងរបៀបដែលសាសន៍លេមិនរស់នៅ និង របៀបដែលសាសន៍នីហ្វៃបានរស់នៅ ។
-
យោងតាមនីហ្វៃទី 2 5:20តើអ្វីខ្លះជាលទ្ធផលនៃការមិនគោរពប្រតិបត្តិតាមរបស់សាសន៍លេមិន ?
-
តើនីហ្វៃទី 2 5:21 ជួយអ្នកយល់ពីមូលហេតុដែលលេមិនត្រូវបានកាត់ចេញពីព្រះអម្ចាស់យ៉ាងដូចម្ដេច ? ( អ្នកអាចពន្យល់ថា ថ្មដែកភ្លើងគឺជាថ្មដ៏រឹងមួយ ។ នៅក្នុងការនិយាយថា សាសន៍លេមិន « បានក្លាយទៅជារឹងដូចជាថ្មដែកភ្លើង » នីហ្វៃបានសង្កត់ធ្ងន់ពីភាពរឹងរូសនៃចិត្តរបស់ពួកសាសន៍លេមិន )។
-
តើព្រះអម្ចាស់បានផ្ដល់ការព្រមានអ្វីខ្លះអំពីសាសន៍នីហ្វៃដែលរៀបការនឹងសាសន៍លេមិនដែលបានបដិសេធដំណឹងល្អ ? ( សូមមើល នីហ្វៃទី 2 5:23 ) ។
-
ហេតុអ្វីបានជាវាសំខាន់ដើម្បីជៀសវាងការណាត់ជួប និង ការរៀបការជាមួយនឹងអ្នកដែលមិនស្ដាប់តាមព្រះអម្ចាស់ ? តើអ្នកគិតថាឥទ្ធិពលដែលមនុស្សដែលអ្នកណាត់ជួបជាគូ ហើយនៅទីបញ្ចប់រៀបការជាមួយនោះ នឹងប៉ះពាល់ដល់ការខិតខំរបស់អ្នកក្នុងការរស់នៅតាមដំណឹងល្អយ៉ាងដូចម្ដេច ? ( វាប្រហែលអាចជួយបានច្រើនដើម្បីរំឭកសិស្សថា គណៈប្រធានទីមួយបានទូន្មានថា « សូមជ្រើសរើសណាត់ជួបតែអ្នកណាដែលមានបទដ្ឋានសីលធម៌ខ្ពស់ និង អ្នកអាចរក្សាបទដ្ឋានរបស់អ្នកនៅក្នុងការជួបគ្នានោះ » [ ដើម្បីកម្លាំងនៃយុវជន ( កូនសៀវភៅ 2011 ) ទំព័រ 4 ] ) ។
-
តើគោលការណ៍អ្វីខ្លះដែលយើងអាចរៀនពី នីហ្វៃទី 2 5:20–24? ( នៅពេលសិស្សចែកចាយគោលការណ៍នានា សូមធានាថា ពួកគេយល់ថា នៅពេលមនុស្សពង្រឹងចិត្តរបស់ពួកគេទាស់នឹងព្រះអម្ចាស់ នោះពួកគេនឹងបំបែកខ្លួនគេចេញពីទ្រង់ហើយ ) ។
សូមសង្កត់ធ្ងន់ថា នីហ្វៃទី 2 5 បង្ហាញពីការផ្ទុយគ្នាដ៏ខ្លាំងរវាងសាសន៍នីហ្វៃ និង សាសន៍លេមិន ។ យើងអាចជ្រើសរើសយកគំរូមួយណាដែលយើងនឹងធ្វើតាមបាន ។ សូមលើកទឹកចិត្តសិស្សឲ្យចាំពីអ្វីដែលពួកគេបានប្ដេជ្ញា ថាពួកគេនឹងធ្វើអ្វីៗដើម្បីរស់នៅឲ្យបានពេញលេញជាងមុន « តាមរបៀបនៃសុភមង្គល » ។ សូមបង្ហាញទំនុកចិត្តរបស់អ្នកថា ពួកគេអាចធ្វើតាមគំរូរបស់នីហ្វៃ និង ពិតជារីករាយយ៉ាងប្រាកដ ។