សេចក្ដីផ្ដើមពីគម្ពីរយ៉ាកុប
ហេតុអ្វីបានជាត្រូវសិក្សាគម្ពីរនេះ ?
តាមរយៈការសិក្សាគម្ពីរយ៉ាកុប សិស្សអាចរៀនមេរៀនដ៏សំខាន់ជាច្រើនពីបុរសម្នាក់ដែលមានសេចក្ដីជំនឿយ៉ាងមុតមាំទៅលើព្រះយេស៊ូវគ្រីស្ទ ។ យ៉ាកុបបានថ្លែងទីបន្ទាល់ម្តងហើយម្តងទៀតអំពីព្រះអង្គសង្គ្រោះហើយបានអញ្ជើញប្រជាជនរបស់គាត់និងអស់អ្នកទាំងឡាយណាដែលបានអានពាក្យទាំងឡាយរបស់គាត់ឲ្យប្រែចិត្ត ។ គាត់បានបង្រៀននិងបង្ហាញពីសារៈសំខាន់នៃការបំពេញការហៅបម្រើដែលមកពីព្រះអម្ចាស់ដោយឧស្សាហ៍ព្យាយាម ។ គាត់បានព្រមានដល់ប្រជាជនរបស់គាត់អំពីគ្រោះថ្នាក់នៃអំនួតទ្រព្យសម្បត្តិនិងភាពអសីលធម៌ ។ យ៉ាកុបក៏បានដកស្រង់ និងបញ្ចេញយោបល់លើដំណើររឿងប្រៀបធៀបរបស់ស៊ីណូសអំពីដើមអូលីវដែលបង្ហាញពីការខិតខំដ៏មិនចេះនឿយហត់របស់ព្រះអង្គសង្គ្រោះដើម្បីនាំមកនូវសេចក្ដីសង្គ្រោះដល់កូនចៅរបស់ព្រះទាំងអស់និងផ្ដល់សេចក្ដីសង្ខេបមួយអំពីទំនាក់ទំនងរបស់ព្រះជាមួយនឹងវង្សនៃអ៊ីស្រាអែល ។ នៅក្នុងការប្រឈមមុខរបស់គាត់នឹងសេរេមជាអ្នកប្រឆាំងនឹងព្រះគ្រីស្ទយ៉ាកុបបានបង្ហាញពីរបៀបដើម្បីឆ្លើយតបដោយសុចរិតទៅនឹងអស់អ្នកទាំងឡាយណាដែលបានសួរឬរិះគន់សេចក្ដីជំនឿរបស់យើង ។
តើនរណាបានសរសេរគម្ពីរនេះ ?
យ៉ាកុបដែលជាកូនប្រុសទីប្រាំរបស់សារ៉ាយនិងលីហៃបានសរសេរគម្ពីរនេះ ។ គាត់បានកើតនៅក្នុងទីរហោស្ថានអំឡុងពេលការធ្វើដំណើរគ្រួសារគាត់ទៅកាន់ដែនដីសន្យា ។ កាលពីគាត់នៅវ័យក្មេងយ៉ាកុប « បានរងទុក្ខវេទនានិងការសោកសៅដ៏ច្រើនដោយព្រោះការទ្រគោះរបស់បងៗ [ គាត់ ] » ( នីហ្វៃទី2 2:1 ) ។ ទោះជាយ៉ាងណាក្ដីលីហៃបានសន្យានឹងយ៉ាកុបថាព្រះនឹង « ធ្វើឲ្យសេចក្ដីវេទនាទាំងឡាយ [ របស់គាត់ ] ក្លាយទៅជាផលប្រយោជន៍ដល់ [ គាត់ ] វិញ » ហើយថាគាត់នឹងចំណាយពេលរបស់គាត់ « ក្នុងការបម្រើព្រះ [ របស់គាត់ ] » ( នីហ្វៃទី2 2:2–3 ) ។ កាលគាត់នៅវ័យក្មេង យ៉ាកុបបានឃើញសិរីល្អរបស់ព្រះអង្គសង្គ្រោះ ( សូមមើល នីហ្វៃទី2 2:3–4 ) ។ នីហ្វៃបានតែងតាំងយ៉ាកុបជាសង្ឃ និង ជាគ្រូម្នាក់នៃសាសន៍នីហ្វៃ ( សូមមើល នីហ្វៃទី2 5:26) ហើយក្រោយមកបានប្រគល់ដល់គាត់នូវផ្ទាំងនីហ្វៃតូចមួយ ( សូមមើល យ៉ាកុប 1:1–4) ។ ក្នុងនាមជាអ្នកដឹកនាំបព្វជិតភាព និង គ្រូដ៏ស្មោះត្រង់ម្នាក់ យ៉ាកុបបានធ្វើការដោយឧស្សាហ៍ព្យាយាមដើម្បីបញ្ចុះបញ្ចូលប្រជាជនរបស់គាត់ឲ្យជឿដល់ព្រះគ្រីស្ទ ( សូមមើល យ៉ាកុប 1:7 ) ។ គាត់បានទទួលវិវរណៈជាច្រើនទាក់ទងនឹងព្រះអង្គសង្គ្រោះ បានជួបនឹងការបម្រើរបស់ពួកទេវតា បានឮសំឡេងរបស់ព្រះអម្ចាស់ ( សូមមើល យ៉ាកុប 7:5 ) ហើយបានឃើញព្រះប្រោសលោះរបស់គាត់ ( សូមមើល នីហ្វៃទី2 11:2–3 ) ។ យ៉ាកុបគឺជាឪពុករបស់អេណុស ដែលគាត់បានប្រគល់ផ្ទាំងឲ្យ មុនពេលគាត់ស្លាប់ ។
តើគម្ពីរនេះត្រូវបានសរសេរទៅឲ្យនរណា ហើយហេតុអ្វី ?
នីហ្វៃបានណែនាំយ៉ាកុបឲ្យកត់ត្រាការបង្រៀន វិវរណៈ និង ការព្យាករណ៍ដ៏ពិសិដ្ឋទាំងឡាយ « ដោយយល់ដល់ព្រះគ្រីស្ទ ហើយដោយយល់ដល់ប្រជាជនរបស់យើង » ( យ៉ាកុប 1:4 ) ។ យ៉ាកុបបានគោរពតាមការណែនាំនេះ ហើយបានរក្សាការសរសេរទាំងឡាយដែលគាត់ « ចាត់ទុកថាជារឿងដ៏ពិសេសបំផុត » ( យ៉ាកុប 1:2 ) ។ គាត់បានសរសេរថា ៖ « យើងខំព្យាយាមដើម្បីឆ្លាក់ពាក្យទាំងនេះ នៅលើផ្ទាំងដោយសង្ឃឹមថា បងប្អូនជាទីស្រឡាញ់របស់យើង និង កូនចៅយើងនឹងទទួលពាក្យទាំងនេះដោយចិត្តអរគុណ ។ … ព្រោះដោយគោលបំណងនេះហើយ ដែលយើងបានសរសេររឿងទាំងនេះដើម្បីឲ្យគេដឹងថា យើងបានដឹងអំពីព្រះគ្រីស្ទ ហើយយើងបានសង្ឃឹមដល់សិរីល្អរបស់ទ្រង់ជាច្រើនរយឆ្នាំមុនទ្រង់យាងមកម៉្លេះ » ( យ៉ាកុប 4:3–4) ។ យ៉ាកុបបានអធិប្បាយលើគំនិតចម្បងមួយនៃការសរសេររបស់គាត់ នៅពេលគាត់បាននិយាយថា « ហេតុអ្វីបានជាមិននិយាយអំពីដង្វាយធួននៃព្រះគ្រីស្ទ ហើយទទួលការចេះដឹងដោយឥតខ្ចោះអំពីព្រះអង្គ … ? » ( យ៉ាកុប 4:12 ) ។
តើវាបានសរសេរនៅពេលណា ហើយនៅកន្លែងណា ?
គម្ពីរយ៉ាកុបចាប់ផ្ដើមប្រហែលជានៅក្នុងឆ្នាំ 544 ម.គ.ស. នៅពេលនីហ្វៃបានប្រគល់ផ្ទាំងតូចដល់យ៉ាកុប ។ វាបញ្ចប់កៀកនឹងចុងបញ្ចប់នៃជីវិតរបស់យ៉ាកុប នៅពេលលោកបានបន្ដផ្ទាំងនេះទៅដល់កូនប្រុសរបស់គាត់ គឺអេណុស ។ យ៉ាកុបបានសរសេរកំណត់ត្រានេះ ខណៈពេលគាត់រស់នៅក្នុងដែនដីនីហ្វៃ ។
តើមានលក្ខណៈពិសេសអ្វីខ្លះនៅក្នុងគម្ពីរនេះ ?
គម្ពីរយ៉ាកុប ផ្ដល់ព័ត៌មានដែលទាក់ទងនឹងការគ្រប់គ្រងសាសន៍នីហ្វៃបន្ទាប់ពីនីហ្វៃបានស្លាប់ទៅ ។ នីហ្វៃបានតែងតាំងបុរសម្នាក់ឲ្យបន្ដពីគាត់ ធ្វើជាស្ដេច និង ជាអ្នកគ្រប់គ្រងលើប្រជាជននេះ ខណៈពេលដែលយ៉ាកុប និងប្អូនប្រុសរបស់គាត់ យ៉ូសែបបានបន្ដធ្វើជាអ្នកដឹកនាំខាងវិញ្ញាណលើសាសន៍នីហ្វៃ ។ លក្ខណៈពិសេសមួយទៀតនៃគម្ពីរនេះគឺ ការដាក់ទោសរបស់យ៉ាកុបចំពោះការអនុវត្តពហុអាពាហ៍ពិពាហ៍ដែលមិនមានសិទ្ធិអំណាច ។ សេចក្ដីយោងតែមួយគត់ចំពោះបញ្ហានេះនៅក្នុងព្រះគម្ពីរមរមន មាននៅក្នុងយ៉ាកុបជំពូកទី 2 ។ គម្ពីរយ៉ាកុបក៏រួមមានជំពូកដែលវែងជាងគេបំផុតនៅក្នុងព្រះគម្ពីរមរមនដែរ គឺយ៉ាកុបជំពូកទី 5 ដែលមានដំណើររឿងប្រៀបធៀបរបស់ស៊ីណូសអំពីដើមអូលីវ ។ បន្ថែមលើនេះ គម្ពីរយ៉ាកុបកត់ត្រាពីគំរូដំបូងគេបំផុតនៃការព្រមានដោយផ្ទាល់ពីព្យាការីក្នុងព្រះគម្ពីរមរមនដល់សាសន៍នីហ្វៃចំៗជំទាស់នឹងអំនួត—អំពើបាបដែលបណ្ដាលឲ្យមានការបំផ្លាញនៅទីបញ្ចប់របស់ពួកគេ ( សូមមើល យ៉ាកុប 2:12–22; មរ៉ូណៃ 8:27 ) ។ វាក៏បានកត់ត្រាអំពីការលេចឡើងដំបូងនៃអ្នកប្រឆាំងនឹងព្រះគ្រីស្ទក្នុងចំណោមប្រជាជននីហ្វៃ ។
គម្រោង
យ៉ាកុប 1 យ៉ាកុបគោរពតាមការបញ្ជារបស់នីហ្វៃដើម្បីរក្សាកំណត់ត្រាដ៏ពិសិដ្ឋមួយ ។ នីហ្វៃស្លាប់ ។ យ៉ាកុប និង យ៉ូសែប បានបម្រើនៅក្នុងចំណោមប្រជាជន ដោយបង្រៀនពួកគេនូវព្រះបន្ទូលនៃព្រះ ។
យ៉ាកុប 2–3 ពេលនិយាយនៅព្រះវិហារបរិសុទ្ធ យ៉ាកុបព្រមានដល់សាសន៍នីហ្វៃអំពីអំនួត ការស្រឡាញ់ទ្រព្យសម្បត្តិ និង ភាពអសីលធម៌ ។
យ៉ាកុប 4–6 យ៉ាកុបថ្លែងទីបន្ទាល់អំពីព្រះគ្រីស្ទ ហើយបានដកស្រង់ដំណើររឿងប្រៀបធៀបរបស់ស៊ីណូសនៃដើមអូលីវ ។ គាត់លើកទឹកចិត្តប្រជាជនរបស់គាត់ឲ្យប្រែចិត្ត ទទួលនូវសេចក្ដីមេត្តាករុណាពីព្រះអម្ចាស់ និង រៀបចំខ្លួនសម្រាប់ការជំនុំជំរះ ។
យ៉ាកុប 7 ដោយមានជំនួយពីព្រះអម្ចាស់ យ៉ាកុបបានផ្ចាញ់ផ្ចាលសេរេម ជាអ្នកប្រឆាំងនឹងព្រះគ្រីស្ទ ។ គាត់លើកឡើងពីវិបត្តិរវាងសាសន៍នីហ្វៃ និង សាសន៍លេមិន ហើយបានបន្ដផ្ទាំងតូចទៅឲ្យអេណុស ។