មេរៀនទី 54
ម៉ូសាយ 4
សេចក្តីផ្ដើម
បន្ទាប់ពីការបង្រៀនរបស់ស្ដេចបេនយ៉ាមីន ប្រជាជនបានប្រែចិត្ត និង ទទួលយកនូវការផ្ដាច់បាបរបស់ពួកគេ ។ ពួកគេ “ ក៏ពោរពេញទៅដោយសេចក្ដីអំណរ ” និង មាន “ សេចក្ដីសុខសាន្ដក្នុងសតិសម្បជញ្ញៈ ” ( ម៉ូសាយ 4:3 ) ។ ស្ដេចបេនយ៉ាមីនបានបន្ដបង្រៀនពួកគេ ដោយជួយពួកគេឲ្យយល់ពីអ្វីដែលពួកគេត្រូវធ្វើដើម្បី “ ទទួលបានការផ្ដាច់បាប [ របស់ពួកគេ ] ” ( ម៉ូសាយ 4:12 ) ។ ដោយការធ្វើដូច្នោះ ទ្រង់បានប្រៀបធៀបពួកគេទៅនឹងអ្នកសុំទាន ដោយពឹងផ្អែកលើព្រះសម្រាប់សេចក្ដីសង្គ្រោះ ។ ទ្រង់ក៏បានព្រមានពួកគេអំពីគ្រោះថ្នាក់នៃការធ្វេសប្រហែសក្នុងការមើលថែគំនិត ពាក្យសំដី និង សកម្មភាពរបស់ពួកគេដែរ ។
យោបល់សម្រាប់ការបង្រៀន
ម៉ូសាយ 4:1–8
ប្រជាជនរបស់ស្ដេចបេនយ៉ាមីនទទួលបានការផ្ដាច់បាបរបស់ពួកគេ និង ត្រូវពោរពេញដោយសេចក្ដីអំណរ និង សន្ដិភាព ។
សូមឲ្យសិស្សសញ្ជឹងគិតអំពីសំណួរខាងក្រោមនេះ ៖
-
តើយើងអាចដឹងថា យើងត្រូវបានអភ័យទោសចំពោះអំពើបាបរបស់យើងដោយរបៀបណា ?
សូមអានសេចក្ដីថ្លែងការណ៍ខាងក្រោមដោយប្រធាន ហារ៉ូល ប៊ី លី ៖
“ ប្រសិនបើពេលនោះមកដល់ នៅពេលអ្នកបានធ្វើនូវអ្វីៗទាំងអស់ដែលអ្នកអាចធ្វើដើម្បីប្រែចិត្តចេញពីអំពើបាបរបស់អ្នក មិនថាអ្នកជានរណា អ្នកនៅកន្លែងណា ហើយបានធ្វើការសងថ្លៃ និង ការផ្គុំសងវិញអស់ពីសមត្ថភាពរបស់អ្នក ប្រសិនបើវាជាអ្វីមួយដែលប៉ះពាល់ដល់សមាជិកភាពរបស់អ្នកនៅក្នុងសាសនាចក្រ ហើយអ្នកបានទៅរកអ្នកមានសិទ្ធិអំណាចត្រឹមត្រូវ បន្ទាប់មកអ្នកនឹងចង់បានចម្លើយនៃការបញ្ជាក់នោះ ថាតើព្រះអម្ចាស់បានទទួលយកអ្នកទេ ។ នៅក្នុងព្រលឹងដែលខ្វាយខ្វល់របស់អ្នក ប្រសិនបើអ្នកស្រាវជ្រាវ ហើយអ្នករកឃើញសេចក្ដីសុខសាន្ដក្នុងសតិសម្បជញ្ញៈ ដោយការបញ្ជាក់នោះ អ្នកអាចដឹងថា ព្រះអម្ចាស់បានទទួលយកការប្រែចិត្តរបស់អ្នក ” ( “ Stand Ye in Holy Places,” Ensign ខែ កក្កដា ឆ្នាំ 1973 ទំព័រ 122 ) ។
សូមរំឭកសិស្សថា ស្ដេចបេនយ៉ាមីនបានចែកចាយពាក្យរបស់ទេវតាអំពីរបៀបដើម្បីទទួលបានការផ្ដាច់បាប ។ អ្នកអាចរំឭកពួកគេជាពិសេសអំពីបន្ទូលរបស់ទេវតាអំពីភាពខាងសាច់ឈាមជាសត្រូវនៃព្រះ និង អំពីលទ្ធផលដែលរង់ចាំដល់អស់អ្នកដែលស្លាប់ដោយមិនបានប្រែចិត្តពីអំពើបាបរបស់ពួកគេ ( សូមមើល ម៉ូសាយ 3:19, 23–27 ) ។
សូមឲ្យសិស្សអាន ម៉ូសាយ 4:1–2 ដោយស្ងាត់ស្ងៀម ដោយរកមើលឃ្លាដែលបង្ហាញពីរបៀបដែលប្រជាជនរបស់ស្ដេចបេនយ៉ាមីនបានឆ្លើយតបទៅនឹងពាក្យសម្ដីរបស់ទេវតា ។ សូមឲ្យសិស្សចែកចាយឃ្លាដែលពួកគេរកឃើញ ។ ប្រសិនបើសិស្សត្រូវការជំនួយដើម្បីយល់ពីឃ្លា “ ភាពខាងសាច់ឈាម ” សូមពន្យល់ថាពាក្យ សាច់ឈាម គឺផ្ទុយពី វិញ្ញាណ ។ វាសំដៅលើចំណង់ខាងសាច់ឈាមរបស់យើង ជាជាងបំណងប្រាថ្នាខាងវិញ្ញាណរបស់យើងដើម្បីខិតទៅជិតព្រះអម្ចាស់ ។ អ្នកអាចឲ្យសិស្សអាន អាលម៉ា 41:11 ហើយបន្ទាប់មកសូមឲ្យគេពន្យល់ឃ្លា “ ស្ថានភាពខាងសាច់ឈាម ” ជាសម្ដីខ្លួនឯងផ្ទាល់ ។ ដើម្បីជួយសិស្សឲ្យយល់ឃ្លា “ អន់ជាងធូលីដីទៅទៀត ” សូមឲ្យពួកគេអាន ហេលេមិន 12:4–8។ បន្ទាប់មក សូមឲ្យពួកគេពន្យល់ជាសម្ដីខ្លួនឯងពីរបៀបដែលនរណាម្នាក់ដែលបរដិសេធមិនព្រមធ្វើតាមការប្រឹក្សាពីព្រះអម្ចាស់អាចត្រូវបានចាត់ទុកថា អន់ជាងធូលីដីទៅទៀត ។ សូមធានាថា ពួកគេយល់ថា ព្រះវរបិតាសួគ៌មិនបានចាត់ទុកកូនចៅរបស់ទ្រង់ថាអន់ជាងធូលីដីនោះទេ ។
សូមបង្ហាញថា នៅពេលដែលមនុស្សស្គាល់ពីអំពើបាបរបស់ពួកគេ ពួកគេប្រែចិត្ត ដោយបង្ហាញសេចក្ដីជំនឿរបស់ពួកគេទៅលើព្រះយេស៊ូវគ្រីស្ទ និង ដង្វាយធួនរបស់ទ្រង់ ។ សូមឲ្យសិស្សអាន ម៉ូសាយ 4:3 ឮៗ ។ សូមឲ្យសិស្សយកចិត្តទុកដាក់លើរបៀបដែលមនុស្សបានដឹងថាពួកគេត្រូវបានអភ័យទោសចំពោះអំពើបាបរបស់ពួកគេ ។
-
យោងតាម ម៉ូសាយ 4:3 តើអារម្មណ៍បែបណាកើតមានចំពោះអស់អ្នកដែលទទួលបានការអភ័យទោសពីព្រះអម្ចាស់ ?
-
មនុស្សទទួលបាននូវការផ្ដាច់បាបរបស់ពួកគេ ដោយសារតែ “ សេចក្ដីជំនឿដ៏ខ្លាំងក្លាដែលពួកគេមានទៅលើព្រះយេស៊ូវគ្រីស្ទ” ។ តើសកម្មភាពអ្វីខ្លះ ដែលបង្ហាញពីសេចក្ដីជំនឿរបស់ពួកគេ ? ( សូមមើល ម៉ូសាយ 4:1–2 ។ )
-
ចេញពីសម្ដីរបស់អ្នកផ្ទាល់ តើយើងអាចរៀនអ្វីពី ម៉ូសាយ 4:1–3 អំពីការទទួលបានការផ្ដាច់បាបរបស់យើង ? ( ចម្លើយមួយអាចថា នៅពេលយើងអនុវត្តសេចក្ដីទៅលើព្រះយេស៊ូវគ្រីស្ទ ហើយប្រែចិត្តដោយចិត្តស្មោះ យើងនឹងទទួលបានការផ្ដាច់បាបរបស់យើង ។ អ្នកអាចឲ្យសិស្សគូសចំណាំពាក្យ និង ឃ្លាគន្លឹះនៅក្នុង ម៉ូសាយ 4:1–3 ដែលបញ្ជាក់ពីគោលការណ៍នេះ ។ )
សូមអានសេចក្ដីថ្លែងការណ៍ខាងក្រោមដោយអែលឌើរ នែល អិល អាន់ឌើរសិន នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ដោយសង្ខេបពីអ្វីដែលយើងត្រូវធ្វើដើម្បីទទួលបានការផ្ដាច់បាប ៖
“ នៅពេលយើងសារភាពអំពើបាបរបស់យើងដោយស្មោះត្រង់ សា្ដរឡើងវិញនូវអ្វីដែលយើងអាចធ្វើចំពោះអ្នកដែលយើងធ្វើខុស ហើយលះបង់អំពើបាបរបស់យើងដោយការកាន់តាមព្រះបញ្ញត្តិទាំងឡាយ នោះយើងនឹងនៅក្នុងដំណាក់កាលនៃការទទួលបានការអភ័យទោស ។ ស្របតាមពេលវេលា យើងនឹងមានអារម្មណ៍ថា ភាពតានតឹងនៃទុក្ខព្រួយយើងបានថយចុះ ដោយការ ‹ ដកយកទោសចេញពីក្នុងចិត្តយើង › ( អាលម៉ា 24:10 ) និង ការនាំមកនូវ ‹ សេចក្ដីសុខសាន្ដក្នុងសតិសម្បជញ្ញៈ › ( ម៉ូសាយ 4:3 ) ។
“ សម្រាប់អស់អ្នកណាដែលពិតជាបានប្រែចិត្ត ប៉ុន្ដែហាក់ដូចជាមិនអាចមានអារម្មណ៍ធូរស្បើយ ៖ សូមបន្ដកាន់តាមព្រះបញ្ញត្តិ ។ ខ្ញុំសូមសន្យាថា អ្នកនឹងទទួលបានការធូរស្បើយតាមពេលវេលារបស់ព្រះអម្ចាស់ ។ ការព្យាបាលក៏ត្រូវការពេលវេលាដែរ ” (“ប្រែចិត្ត … ដើម្បីឲ្យយើងអាចព្យាបាលអ្នក ” Ensign ឬ លេអាហូណា ខែ វិច្ឆិកា ឆ្នាំ 2009 ទំព័រ 42 ) ។
សូមឲ្យសិស្សសរសេរនៅក្នុងសៀវភៅកំណត់ហេតុសិក្សាព្រះគម្ពីរ ឬ សៀវភៅសរសេរក្នុងថ្នាក់របស់ពួកគេអំពីអ្វីដែលពួកគេបានរៀនអំពីការប្រែចិត្ត នៅពេលពួកគេបានពិភាក្សា ម៉ូសាយ 4:1–3 ។ សូមឲ្យពួកគេសរសេរអំពីរបៀបដែលពួកគេអាចអនុវត្តសេចក្ដីជំនឿទៅលើព្រះយេស៊ូវគ្រីស្ទ នៅពេលពួកគេស្វែងរកការផ្ដាច់បាបទាំងឡាយរបស់ពួកគេផងដែរ ។
សូមពន្យល់ថា ក្រោយពីបានធ្វើជាសាក្សីដល់អាកប្បកិរិយាប្រែចិត្តរបស់ប្រជាជន ស្ដេចបេនយ៉ាមីនបានរំឭកពួកគេអំពីការពឹងផ្អែករបស់ពួកគេទៅលើព្រះអម្ចាស់ ។ សូមឲ្យសិស្សបីបួននាក់ឆ្លាស់គ្នាអានឮៗពី ម៉ូសាយ 4:4–8 ។ សូមឲ្យសិស្សរកមើលអ្វីដែលស្ដេចបេនយ៉ាមីនចង់ឲ្យប្រជាជនរបស់ទ្រង់យល់ ក្រោយពីពួកគេបានទទួលការផ្ដាច់បាបរបស់ពួកគេហើយ ។
-
យោងតាមខគម្ពីរទាំងនេះ តើអ្វីដែលជា “ មធ្យោបាយតែមួយគត់ដែលនឹងនាំមកនូវសេចក្ដីសង្គ្រោះ [ ដល់យើង ] ” ?
ក្រោយពីសិស្សបានឆ្លើយនឹងសំណួរនេះហើយ សូមឲ្យពួកគេរំឭក ម៉ូសាយ 4:4–8 ដោយស្ងាត់ស្ងៀម ដោយរកមើលឃ្លាដែលពិពណ៌នាប្រជាជនដែលទទួលបានសេចក្ដីសង្គ្រោះ ។ អ្នកអាចស្នើថា ពួកគេគូរគូសចំណាំឃ្លាទាំងនេះ ។ សូមគិតពីការសួរសំណួរខាងក្រោមនេះ ៖
-
តើអ្នកគិតថា ដើម្បី “ ព្យាយាមក្នុងការកាន់តាមព្រះបញ្ញត្តិទាំងឡាយ [ របស់ព្រះអម្ចាស់ ] មានន័យយ៉ាងណា ?
-
តើសកម្មភាពអ្វីខ្លះ ដែលបង្ហាញថា មនុស្សម្នាក់បាន “ ដាក់ទីទុកចិត្តរបស់ខ្លួនទៅលើព្រះអម្ចាស់ ” ?
-
តើតាមរបៀបណាដែលអ្នកឃើញពី “ សេចក្ដីល្អសប្បុរសនៃព្រះ” និង “ ព្រះចេស្ដាដ៏ឥតប្រៀបផ្ទឹមបាន” របស់ទ្រង់ ?
សូមបង្ហាញថា ការប្រែចិត្ត និង ការគោរពតាមត្រូវការការខិតខំ និង ការព្យាយាមច្រើនពីយើង ។ ទោះជាយ៉ាងណាក្ដី មិនថាយើងធ្វើការខ្លាំងប៉ុណ្ណាទេ យើងមិនអាចទទួលបានការអភ័យទោសពីអំពើបាបរបស់យើង និង អំណោយនៃសេចក្ដីសង្គ្រោះដោយគ្មានដង្វាយធួននៃព្រះយេស៊ូវគ្រីស្ទឡើយ ។
ម៉ូសាយ 4:9–30
ស្ដេចប៊េនយ៉ាមីនបង្រៀនពីរបៀបដើម្បីទទួលបានការផ្ដាច់បាប
សូមសរសេរ ការទទួលបានការផ្ដាច់បាប នៅលើក្ដារខៀន ។ សូមប្រាប់សិស្សថា ក្រោយពីប្រជាជនបានទទួលការផ្ដាច់បាបរបស់ពួកគេហើយ ស្ដេចបេនយ៉ាមីនបានបង្រៀនពួកគេពីរបៀបទទួល ឬ រក្សាសភាពស្អាត និង បរិសុទ្ធនោះ ។
-
ហេតុអ្វីបានជាវាក៏មានសារសំខាន់ដល់យើងម្នាក់ៗដើម្បីដឹងដែរនោះ ?
សូមឲ្យសិស្សស្រាវជ្រាវ ម៉ូសាយ 4:9–11 ដោយស្ងាត់ស្ងៀម ដោយរកមើលអ្វីដែលយើងត្រូវធ្វើដើម្បីទទួលបានការផ្ដាច់បាបរបស់យើង ។ ក្រោយពីមានពេលគ្រប់គ្រាន់ហើយ សូមឲ្យសិស្សចែកចាយអ្វីដែលពួកគេបានរកឃើញ ។ សូមគិតពីការសរសេរចម្លើយរបស់ពួកគេនៅលើក្ដារខៀន ។ ចម្លើយអាចរួមមាន យើងត្រូវចងចាំពីភាពអស្ចារ្យនៃព្រះ បន្ទាបខ្លួន អធិស្ឋានរាល់ថ្ងៃ និង ស្ថិតស្ថេរនៅក្នុងសេចក្ដីជំនឿ ។
សូមគិតពីការសួរសំណួរខាងក្រោម ដើម្បីជួយសិស្សឲ្យយល់កាន់តែច្បាស់ និង អនុវត្តអ្វីដែលពួកគេបានអាន ។
-
ស្ដេចបេនយ៉ាមីនបានបង្រៀនថា យើងត្រូវ “ ជឿដល់ព្រះចុះ ” ( ម៉ូសាយ 4:9 ) ។ ទ្រង់ក៏បាននិយាយអំពីការភ្លក់នូវសេចក្ដីស្រឡាញ់របស់ព្រះ និង តែងតែចងចាំនូវ “ ភាពមហិមានៃព្រះ” (ម៉ូសាយ 4:11) ។ តើបទពិសោធន៍អ្វីដែលបានជួយអ្នកឲ្យយល់ថា ព្រះគឺពិត និង មានព្រះចេស្ដា ហើយថាទ្រង់ស្រឡាញ់អ្នក ?
-
តើការចងចាំពីព្រះចេស្ដា សេចក្ដីល្អ និង សេចក្ដីស្រឡាញ់របស់ព្រះ ជះឥទ្ធិពលដល់ឆន្ទៈរបស់យើងក្នុងការគោរពដល់ទ្រង់យ៉ាងដូចម្ដេច ?
សូមអាន ម៉ូសាយ 4:12 ឮៗដល់សិស្ស ។ សូមឲ្យពួកគេរកមើលនៅក្នុងខគម្ពីរនេះ នូវ ពរជ័យទាំងឡាយដែលកើតមានចំពោះអ្នកទាំងឡាយណា ដែលធ្វើតាមការបង្រៀននៅក្នុង ម៉ូសាយ 4:5–11 ។
សូមពន្យល់ថា ម៉ូសាយ 4:13–16 រួមមាននូវការពិពណ៌នារបស់សេ្ដចបេនយ៉ាមីនអំពីប្រជាជនដែលទទួលបានការផ្ដាច់បាបរបស់ពួកគេ ។ សូមបែងចែកសិស្សក្នុងថ្នាក់ជាបីក្រុម ។ សូមឲ្យក្រុមទីមួយអាន ម៉ូសាយ 4:13 ក្រុមទីពីរអាន ម៉ូសាយ 4:14–15 និង ក្រុមទីបីអាន ម៉ូសាយ 4:16 ។ សូមឲ្យសិស្សអានខគម្ពីរដែលបានដាក់រៀងៗខ្លួន ហើយរកមើលអាកប្បកិរិយា និង គុណសម្បត្តិដែលស្ដេចប៊េនយ៉ាមីនបានពិពណ៌នាពីអ្នកដែលស្វែងរកដើម្បីទទួលបានការផ្ដាច់បាបរបស់ពួកគេ ។
ក្រោយពីមានពេលគ្រប់គ្រាន់ហើយ សូមឲ្យសិស្សរាយការណ៍ពីអ្វីដែលពួកគេបានរកឃើញ ។ នៅពេលពួកគេធ្វើដូច្នោះ សូមបញ្ជាក់សេចក្ដីពិតថា ប្រសិនបើយើងបន្ទាបខ្លួន ចំពោះព្រះ ហើយខិតខំអភិវឌ្ឍអាកប្បកិរិយាឲ្យដូចជាព្រះគ្រីស្ទ នោះយើងអាចទទួលបានការផ្ដាច់បាបរបស់យើង ។សូមជួយសិស្សឲ្យអនុវត្តនូវអ្វីដែលពួកគេកំពុងរៀន ដោយការសួរសំណួរមួយ ឬ ពីរខាងក្រោម នៅពេលអាកប្បកិរិយា ឬ គុណសម្បត្តិនីមួយៗត្រូវបានលើកឡើង ៖
-
ហេតុអ្វីបានជាអ្នកគិតថា អាកប្បកិរិយា ( គុណសម្បត្តិ ) នេះជួយក្នុងការទទួលបានការផ្ដាច់បាបរបស់យើង ?
-
តើនៅពេលណាដែលអ្នកបានឃើញគំរូនៃអាកប្បកិរិយា ( គុណសម្បត្តិ ) នេះ ?
ស្ដេចបេនយ៉ាមីនបានប្រើភាពស្រដៀងគ្នាដ៏មានអំណាចនេះដែលអាចជួយសិស្សឲ្យមានអំណរដល់ពរជ័យទាំងឡាយដែលពួកគេបានទទួលពីព្រះអម្ចាស់ ហើយជម្រុញពួកគេឲ្យអភិវឌ្ឍអាកប្បកិរិយាទាំងឡាយដែលពួកគេបានសិក្សានៅក្នុង ម៉ូសាយ 4:13–16 ។ សូមឲ្យសិស្សអាន ម៉ូសាយ 4:16–23 ដោយស្ងាត់ស្ងៀម ។
-
ដោយយោងតាមស្ដេចបេនយ៉ាមីន តើយើងទាំងអស់គ្នាជាអ្នកសុំទានដោយរបៀបណា ?
-
តើការយល់នេះអាចជួយយើងឲ្យមានចិត្តមេត្តាអ្នកដទៃជាងមុនដោយរបៀបណា ?
-
សម្រាប់អ្នកទាំងឡាយណាដែលមិនអាចដាក់ទានដល់អ្នកសុំទាន ឬ សម្រាប់អ្នកណាដែលមានតិចតួចដើម្បីឲ្យ តើសេ្ដចបេនយ៉ាមីនបានចែកចាយការប្រឹក្សានៅក្នុង ម៉ូសាយ 4:24–26 អ្វីខ្លះ ?
-
នៅក្នុងសាសនាចក្រសព្វថ្ងៃនេះ តើការផ្ដល់ដង្វាយតមអាហារជួយយើងឲ្យធ្វើតាមការប្រឹក្សានៅក្នុង ម៉ូសាយ 4:26 ដោយរបៀបណា ? តើយុវវ័យអាចចូលរួមនៅក្នុងដង្វាយតមអាហារដោយរបៀបណា ? ( ចម្លើយអាចរួមមាន ពួកគេអាចតមអាហារ អ្នកខ្លះអាចបង់ដង្វាយតមអាហារ ហើយអ្នកកាន់អំណាចបព្វជិតអើរ៉ុននៅក្នុងផ្នែកខ្លះនៃពិភពលោកប្រមូលដង្វាយតមអាហារពីសមាជិកវួដ ឬ សាខា ។ )
សូមបង្ហាញថា ដោយមានអ្វីៗល្អទាំងអស់ដែលយើងត្រូវបានសុំឲ្យធ្វើ ពេលខ្លះវាអាចពិបាកមានតុល្យភាពនៅក្នុងជីវិតរបស់យើង ។ សូមឲ្យសិស្សម្នាក់អាន ម៉ូសាយ 4:27 ឮៗ ។
-
តើអ្នកគិតថា ការធ្វើអ្វីៗទាំងអស់នៅក្នុង “ ប្រាជ្ញា និង របៀបរៀបរយ” មានន័យយ៉ាងដូចម្ដេច ?
-
តើការប្រឹក្សានេះអាចជួយអ្នកដោយរបៀបណា ?
សូមឲ្យសិស្សម្នាក់អាន ម៉ូសាយ 4:29–30 ឮៗ ។ សូមបង្ហាញថា ម៉ូសាយ 4:30 គឺជាវគ្គចំណេះចំណានខគម្ពីរ ។ អ្នកអាចលើកទឹកចិត្តសិស្សឲ្យគូសចំណាំសារលិខិតនេះតាមរបៀបមួយដែលពួកគេអាចរកវាដោយងាយស្រួល ។
-
តើអ្វីជាទំនាក់ទំនងរវាងគំនិត ពាក្យសម្ដី និង សកម្មភាពរបស់យើង ? តើយើងអាចធ្វើអ្វីខ្លះ ដើម្បីមើលថែខ្លួនយើង ? តើយើងអាចជួយគ្នាទៅវិញទៅមកតាមរបៀបណា ?
សូមគិតពីការឲ្យសិស្សសរសេរនៅក្នុងកំណត់ហេតុសិក្សាព្រះគម្ពីររបស់ពួកគេពីរបីនាទី អំពីរបៀបដែលគោលការណ៍នៅក្នុង ម៉ូសាយ 4:9–30 អាចជួយពួកគេ នៅពេលពួកគេខិតខំដើម្បីទទួលបានការផ្ដាច់បាបរបស់ពួកគេ ។ សូមថ្លែងទីបន្ទាល់អំពីសេចក្ដីស្រឡាញ់របស់ព្រះអម្ចាស់ចំពោះពួកគេគ្រប់គ្នា និង អំពីបំណងប្រាថ្នារបស់ទ្រង់ឲ្យពួកគេប្រែចិត្ត និង ទទួលបានការផ្ដាច់បាប ។