មេរៀនទី 55
ម៉ូសាយ 5–6
សេចក្តីផ្ដើម
ម៉ូសាយ 5 រួមមានសេចក្ដីបញ្ចប់នៃការនិយាយរបស់ស្ដេចបេនយ៉ាមីនទៅដល់ប្រជាជនរបស់ទ្រង់ កំណត់ត្រាដែលចាប់ផ្ដើមនៅក្នុង ម៉ូសាយ 2 ។ ជាលទ្ធផលនៃសេចក្ដីជំនឿរបស់ពួកគេទៅលើពាក្យសម្ដីរបស់សេ្ដចបេនយ៉ាមីន ប្រជាជនបានទទួលបទពិសោធន៍នៃការផ្លាស់ប្ដូរដួងចិត្តដ៏ធំអស្ចារ្យមួយ ។ ពួកគេបានចូលទៅក្នុងសេចក្ដីសញ្ញាជាមួយនឹងព្រះ ហើយបានលើកដាក់មកលើខ្លួនគេនូវព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ ។ ដូចដែលបានកត់ត្រានៅក្នុង ម៉ូសាយ 6 ស្ដេចបេនយ៉ាមីនបានផ្ទេរនគររបស់ទ្រង់ទៅបុត្រារបស់ទ្រង់ ម៉ូសាយ ដែលគ្រប់គ្រងស្របតាមគំរូព្រះបិតារបស់ទ្រង់ ។
យោបល់សម្រាប់ការបង្រៀន
ម៉ូសាយ 5:1–4
ប្រជាជនរបស់ស្ដេចបេនយ៉ាមីនពិពណ៌នាពីការផ្លាស់ប្ដូរដ៏ធំដែលពួកគេបានទទួលតាមរយៈព្រះវិញ្ញាណ
មុនចាប់ផ្ដើមថ្នាក់ សូមសរសេរសំណួរខាងក្រោមនៅលើក្ដារខៀន ។
សូមឲ្យសិស្សឆ្លើយនឹងសំណួរទាំងនេះនៅក្នុងសៀវភៅកំណត់ហេតុសិក្សាព្រះគម្ពីរ ឬ សៀវភៅសរសេរក្នុងថ្នាក់របស់ពួកគេ ។ បន្ទាប់មកសូមអានសេចក្ដីថ្លែងការណ៍ខាងក្រោមដោយអែលឌើរ ដេវីឌ អេ បែដណា នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ៖
“ សារៈសំខាន់នៃដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទតម្រូវឲ្យមានការផ្លាស់ប្ដូរជាមូលដ្ឋាន និង អចិន្ដ្រៃយ៍នៅក្នុងនិស្ស័យរបស់យើង ដែលកើតមានតាមរយៈការពឹងផ្អែករបស់យើងទៅលើ ‹ បុណ្យគុណ និង សេចក្ដីមេត្តាករុណា និង ព្រះគុណនៃព្រះម៊ែស៊ីដ៏បរិសុទ្ធ › ( នីហ្វៃទី 2 2:8 ) ។ នៅពេលយើងជ្រើសរើសធ្វើតាមលោកចៅហ្វាយ យើងជ្រើសរើសដើម្បីផ្លាស់ប្ដូរ —ដើម្បីកើតខាងវិញ្ញាណ ” ( “ អ្នកត្រូវតែកើតជាថ្មីម្ដងទៀត ” Ensign ឬ លេអាហូណា ខែ ឧសភា ឆ្នាំ 2007 ទំព័រ 20 ) ។
អ្នកអាចស្នើថា សិស្សគួរសរសេរការដកស្រង់ខាងក្រោមនៅក្នុងព្រះគម្ពីររបស់ពួកគេក្បែរ ម៉ូសាយ 5:2 ឬ នៅក្នុងសៀវភៅកំណត់ហេតុសិក្សាព្រះគម្ពីររបស់ពួកគេ ៖ “ នៅពេលយើងជ្រើសរើសធ្វើតាមលោកចៅហ្វាយ យើងជ្រើសរើសដើម្បីផ្លាស់ប្ដូរ ” ( អែលឌើរ ដេវីឌ អេ បែដណា ) ។
-
តើយើងជ្រើសរើសដើម្បីផ្លាស់ប្ដូរតាមរបៀបណា នៅពេលយើងជ្រើសរើសដើម្បីធ្វើតាមព្រះយេស៊ូវគ្រីស្ទ ?
សូមឲ្យសិស្សរំឭក ម៉ូសាយ 2–4 ពីរបីនាទី ។ អ្នកអាចស្នើថា ពួកគេគួរអានសេចក្ដីសង្ខេបនៃជំពូក ។ សូមសួរពួកគេថា តើពួកគេចងចាំអ្វីពីបរិបទនៃជំពូកទាំងនេះ ។ បន្ទាប់មកសូមឲ្យពួកគេអាន ម៉ូសាយ 5:1 ដោយស្ងាត់ស្ងៀម ។
-
តើសេ្ដចបេនយ៉ាមីនចង់ដឹងអ្វីពីប្រជាជនរបស់ទ្រង់ ?
សូមឲ្យសិស្សអាន ម៉ូសាយ 5:2–5 ដោយស្ងាត់ស្ងៀម ដោយរកមើលចម្លើយរបស់ប្រជាជនចំពោះសំណួររបស់ស្ដេចប៊េនយ៉ាមីន ។ មុនពេលសិស្សអាន អ្នកអាចពន្យល់ថា នៅក្នុងខទី 2 ពាក្យ បំណង សំដៅលើនិស្ស័យរបស់បុគ្គលម្នាក់ៗ —បំណងប្រាថ្នា និង អារម្មណ៍របស់គេ ។ ក្រោយពីពួកគេបានអានហើយ សូមសួរសំណួរខាងក្រោមដើម្បីជួយពួកគេឲ្យវិភាគខគម្ពីរ ៖
-
តើប្រជាជនបាននិយាយអ្វី អំពីបំណងរបស់ពួកគេ ?
-
តើអ្វីដែលនាំមកនូវការផ្លាស់ប្ដូរនេះនៅក្នុងបំណងរបស់ពួកគេ ? ( ពួកគេបានជឿលើការបង្រៀនរបស់ស្ដេចបេនយ៉ាមីនអំពីព្រះយេស៊ូវគ្រីស្ទ និង ដង្វាយធួន ហើយព្រះវិញ្ញាណបានផ្លាស់ប្ដូរដួងចិត្តរបស់ពួកគេ ។ )
សូមបញ្ជាក់ថា ការផ្លាស់ប្ដូរនៃដួងចិត្តគឺមិនមែនត្រឹមតែផ្លាស់ប្ដូរអាកប្បកិរិយានោះទេ ។ នៅពេលយើងទទួលបានបទពិសោធន៍នៃការផ្លាស់ប្ដូរដួងចិត្ត យើងនឹងក្លាយជាមនុស្សថ្មី ដែលបានផ្លាស់ប្ដូរតាមរយៈអំណាចនៃដង្វាយធួនរបស់ព្រះអង្គសង្គ្រោះ ។ ដើម្បីជួយសិស្សឲ្យយល់ពីសេចក្ដីពិតនេះ សូមអញ្ជើញសិស្សម្នាក់ឲ្យអានសេចក្ដីថ្លែងការណ៍ខាងក្រោមដោយអែលឌើរ ដេវីឌ អេ បែដណា នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់៖
“ ដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទហ៊ុំព័ទ្ធច្រើនជាងការចៀសវាង ការយកឈ្នះ និង ការសម្អាតពីអំពើបាប និង ឥទ្ធិពលអាក្រក់ទាំងឡាយនៅក្នុងជីវិតរបស់យើង វាក៏សំខាន់ដែលតម្រូវឲ្យមានការធ្វើល្អ ការធ្វើជាមនុស្សល្អ និង បានប្រសើរជាងនេះ ។ … ការផ្លាស់ប្ដូរដ៏ធំនេះមិនមែនជាលទ្ធផលសាមញ្ញនៃការធ្វើការខ្លាំង ឬ ការអភិវឌ្ឍវិន័យផ្ទាល់ខ្លួនដ៏អស្ចារ្យនោះទេ ។ ប៉ុន្ដែវាជាលទ្ធផលនៃការផ្លាស់ប្ដូរជាមូលដ្ឋាននៅក្នុងបំណងប្រាថ្នា ការជម្រុញ និង ធម្មជាតិរបស់យើងដែលធ្វើកើតឡើងតាមរយៈដង្វាយធួននៃព្រះគ្រីស្ទជាព្រះអម្ចាស់ ។ គោលបំណងខាងវិញ្ញាណរបស់យើងគឺត្រូវយកឈ្នះទាំងអំពើបាប និង ចំណង់ចង់ធ្វើបាប ទាំងស្នាមប្រឡាក់ និងអំណាចនៃអំពើបាប ” ( ដៃស្អាត និង ចិត្តបរិសុទ្ធ ” Ensign ឬ លេអាហូណា ខែ វិច្ឆិកា ឆ្នាំ 2007 ទំព័រ 81–82 ) ។
-
តើអ្នកគិតថា ហេតុអ្វីបានជាយើងត្រូវការដង្វាយធួននៃព្រះយេស៊ូវគ្រីស្ទដើម្បីផ្លាស់ប្ដូរយ៉ាងពិតប្រាកដនោះ ?
សូមធ្វើឲ្យសិស្សមានចំណាប់អារម្មណ៍ ទៅលើឃ្លា “ ដោយសារតែព្រះវិញ្ញាណនៃព្រះអម្ចាស់ដ៏មានគ្រប់ព្រះចេស្ដា ” នៅក្នុង ម៉ូសាយ 5:2 ។ អ្នកអាចត្រូវឲ្យនិយមន័យពាក្យ ដ៏មានគ្រប់ព្រះចេស្ដា ដែលមានន័យថា អំណាចទាំងឡាយ ។
-
តើយើងអាចរៀនអ្វីខ្លះពី ម៉ូសាយ 5:2–4 អំពីរបៀបដែលយើងអាចទទួលបាននូវការផ្លាស់ប្ដូរដ៏ធំនៅក្នុងជីវិតរបស់យើង ?
នៅពេលសិស្សពិភាក្សាសំណួរនេះ សូមប្រាកដថាពួកគេយល់ថា នៅពេលយើងអនុវត្តសេចក្ដីជំនឿទៅលើព្រះយេស៊ូវគ្រីស្ទ ហើយទទួលបានព្រះវិញ្ញាណបរិសុទ្ធ នោះយើងអាចទទួលបាននូវការផ្លាស់ប្ដូរដ៏ធំក្នុងដួងចិត្ត ។
សូមពន្យល់ថា ការទទួលបានការផ្លាស់ប្ដូរដ៏ធំក្នុងដួងចិត្តគឺជាដំណើរការមួយដែលកើតឡើងពេញមួយជិវិតរបស់យើង វាមិនមែនជាព្រឹត្តិការណ៍តែម្ដងនោះទេ ។ សូមអានសុន្ទរកថាខាងក្រោមនេះ ដែលថ្លែងដោយប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន ៖
ការប្រែក្លាយដូចជាព្រះគ្រីស្ទគឺជាការស្វែងរកពេញមួយជីវិត ហើយជាញឹកញាប់វាជាប់ទាក់ទងទៅនឹងការរីកចម្រើន និង ការផ្លាស់ប្តូរដែលមានសភាពយឺត ស្ទើរតែពុំអាចដឹងបាន » ។ …
“ … ការប្រែចិត្តដ៏ពិត ទាក់ទងនឹងការផ្លាស់ប្ដូរដួងចិត្ត វាមិនគ្រាន់តែជាការផ្លាស់ប្ដូរអាកប្បកិរិយាប៉ុណ្ណោះទេ ។ … ការប្រែចិត្តភាគច្រើនមិនទាក់ទងនឹងការផ្លាស់ប្ដូរដ៏ខ្លាំង ឬ សោកនាដកម្មទេ ប៉ុន្ដែវាជាការផ្លាស់ប្ដូរបន្ដមួយជំហានម្ដងមួយជំហានម្ដង និង ជាសកម្មភាពបន្ដឥតដាច់ឆ្ពោះទៅកាន់ភាពជាព្រះ” ( “A Mighty Change of Heart,” Ensign ខែ តុលា ឆ្នាំ 1989 ទំព័រ 5 ) ។
ដើម្បីជួយសិស្សឲ្យអនុវត្តគោលការណ៍នេះ ហើយវាយតម្លៃដំណើររបស់ពួកគេក្នុងការទទួលបានការផ្លាស់ប្ដូរដ៏ធំមួយក្នុងដួងចិត្តគេ សូមឲ្យពួកគេឆ្លើយតបនឹងសំណួរខាងក្រោមនៅក្នុងកំណត់ហេតុសិក្សាព្រះគម្ពីររបស់ពួកគេ ៖ ( អ្នកអាចសរសេរសំណួរទាំងនេះនៅលើក្ដារខៀនមុនចាប់ផ្ដើមថ្នាក់ រៀបចំក្រដាសដោយមានសំណួរចែកឲ្យសិស្ស ឬ អានសំណួរយឺយៗឲ្យសិស្សកត់ចូលនៅក្នុងកំណត់ហេតុសិក្សាព្រះគម្ពីររបស់ពួកគេ ។ )
-
តើបំណងរបស់អ្នកត្រូវបានផ្លាស់ប្ដូរដោយរបៀបណា នៅពេលអ្នកបានធ្វើតាមព្រះអង្គសង្គ្រោះ ?
-
តើអ្នកត្រូវធ្វើអ្វីខ្លះ ដើម្បីឲ្យព្រះអម្ចាស់បន្ដជួយអ្នកទទួលបានការផ្លាស់ប្ដូរនេះ ?
សូមឲ្យឱកាសដល់សិស្សម្នាក់ ឬ ពីរនាក់ចែកចាយចម្លើយរបស់ពួកគេ ។ សូមប្រាកដថា ពួកគេយល់ថា ពួកគេមិនមែនត្រូវតែចែកចាយបទពិសោធន៍ ឬ អារម្មណ៍ដែលផ្ទាល់ខ្លួន ឬ ឯកជនពេកនោះទេ ។
ម៉ូសាយ 5:5–15
ប្រជាជនរបស់ស្ដេចបេនយ៉ាមីនចូលទៅក្នុងសេចក្ដីសញ្ញាជាមួយនឹងព្រះ ហើយទទួលបានឈ្មោះថ្មីមួយ
សូមឲ្យសិស្សម្នាក់អាន ម៉ូសាយ 5:5 ឮៗ ។ សូមឲ្យសិស្សរកមើលអ្វីដែលប្រជាជនរបស់ស្ដេចបេនយ៉ាមីនមានឆន្ទៈនឹងធ្វើ ដោយសារតែដួងចិត្តរបស់ពួកគេត្រូវបានផ្លាស់ប្ដូរ ។
-
តើប្រជាជនមានឆន្ទៈនឹងធ្វើអ្វីខ្លះនាពេលឥឡូវ ដោយសារបំណងរបស់ពួកគេត្រូវបានផ្លាស់ប្ដូរតាមរយៈដង្វាយធួននៃព្រះយេស៊ូវគ្រីស្ទ ?
ដើម្បីជួយសិស្សឲ្យយល់ពីសេចក្ដីសញ្ញាកាន់តែច្បាស់ សូមឲ្យគេសិក្សាប្រធានបទនេះផ្ទាល់ខ្លួនពីរបីនាទី ។ អ្នកអាចស្នើថា ពួកគេគួរសិក្សាប្រធាននេះនៅក្នុងវចនានុក្រមព្រះគម្ពីរបរិសុទ្ធ ឬ ពិតចំពោះសេចក្ដីជំនឿ ឬ ឲ្យពួកគេរកមើលគម្ពីរពីប្រធានបទនេះនៅក្នុងលិបិក្រមព្រះគម្ពីរមរមន ឬ ព្រះគម្ពីរបីរួមបញ្ចូលគ្នា ។ ក្រោយពីមានពេលគ្រប់គ្រាន់ហើយ សូមឲ្យសិស្សធ្វើការជាដៃគូ ហើយពន្យល់ពីសេចក្ដីសញ្ញាដល់គ្នាទៅវិញទៅមកជាសម្ដីខ្លួនឯងផ្ទាល់ ។
-
តើពាក្យ ឬ ឃ្លាណាមួយនៅក្នុង ម៉ូសាយ 5:5 បង្ហាញពីភាពស្មោះត្រង់នៃបំណងប្រាថ្នារបស់ប្រជាជនដើម្បីធ្វើ និង រក្សាសេចក្ដីសញ្ញាជាមួយនឹងព្រះ ? ( ចម្លើយអាចមាន “ ធ្វើតាមឆន្ទៈរបស់ទ្រង់” , “ ក្នុងគ្រប់កិច្ចការទាំងអស់” និង “ ថ្ងៃដែលនៅសល់ទាំងអស់របស់យើង” ។ )
-
តើពាក្យ ឬ ឃ្លាណាមួយនៅក្នុង ម៉ូសាយ 5:5 រំឭកអ្នកអំពីសេចក្ដីសន្យាដែលយើងរំឭករាល់ពេលដែលយើងទទួលទានសាក្រាម៉ង់ ?
-
តើអ្នកគិតថា ការធ្វើនិងការរក្សាតាមសេចក្ដីសញ្ញាជួយយើងបន្ដនៅក្នុងដំណើរការនៃការទទួលបានការផ្លាស់ប្ដូរដួងចិត្តដោយរបៀបណា ?
សូមឲ្យសិស្សអាន ម៉ូសាយ 1:11 ដោយស្ងាត់ស្ងៀម ។ សូមឲ្យពួកគេរកមើលមូលហេតុមួយដែលស្ដេចបេនយ៉ាមីនបានប្រមូលប្រជាជនឲ្យជុំគ្នា ។ ( ដើម្បីដាក់ឈ្មោះមួយ ) ។ សូមពន្យល់ថា ម៉ូសាយ 5:7–15 កត់ត្រាការពន្យល់របស់ស្ដេចបេនយ៉ាមីនអំពីឈ្មោះដែលទ្រង់បានសន្យាថានឹងដាក់ឲ្យប្រជាជនរបស់ទ្រង់ ។ សូមឲ្យសិស្សអានត្រួសៗក្នុង ម៉ូសាយ 5:7–14 ពីរបីនាទី ដោយរកមើលពាក្យ ឈ្មោះ និង ត្រូវបានហៅ ។អ្នកអាចស្នើថា សិស្សគួរគូសចំណាំពាក្យទាំងនេះរាល់ពេលដែលគេឃើញវា ។
សូមឲ្យសិស្សពីរបីនាក់ប្រាប់ពីហេតុផលដែលពួកគេត្រូវបានដាក់ឈ្មោះរបស់ពួកគេ ។ ឧទាហរណ៍ អ្នកអាចឲ្យពួកគេប្រាប់អំពីរបៀបដែលឪពុកម្ដាយរបស់ពួកគេដាក់ឈ្មោះគេ ឬ អ្នកអាចសួរថាឈ្មោះរបស់គេមានអត្ថន័យជាក់លាក់ណាមួយទេ ។ បន្ទាប់មក សូមសួរសិស្សក្នុងថ្នាក់ ៖
-
តើអ្វីជាសារៈសំខាន់នៃឈ្មោះមួយ ? ( សូមសង្ខេបចម្លើយរបស់សិស្សចំពោះសំណួរនេះនៅលើក្ដារខៀន ។ ចម្លើយអាចរួមមាន ឈ្មោះគឺជារបៀបដែលយើងត្រូវបានគេស្គាល់ វាទាក់ទងនឹងអត្តសញ្ញាណរបស់យើង វាគឺជារបៀបដែលយើងត្រូវបានញែកចេញពីអ្នកដទៃ ហើយវាជាញឹកញាប់មាននូវកិត្តិយស និង ការរំពឹងទុកដោយសារតែគ្រួសារដែលជាប់ពាក់ព័ន្ធនឹងឈ្មោះនោះ
សូមឲ្យសិស្សម្នាក់អាន ម៉ូសាយ 5:7–8 ឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់រកមើលឈ្មោះដែលស្ដេចបេនយ៉ាមីនបានដាក់ដល់ប្រជាជនទ្រង់ ។ សូមឲ្យពួកគេរកមើលពាក្យ និង ឃ្លាដែលបង្ហាញពីសារសំខាន់នៃឈ្មោះផងដែរ ។ អ្នកអាចលើកទឹកចិត្តពួកគេឲ្យគូសចំណាំពាក្យ និង ឃ្លាទាំងនេះ ។
-
តើឈ្មោះអ្វីដែលស្ដេចបេនយ៉ាមីនបានដាក់ឲ្យប្រជាជនរបស់ទ្រង់ ?
-
តើពាក្យ និង ឃ្លាអ្វីដែលអ្នកបានកត់សម្គាល់ ? តើពាក្យ និង ឃ្លាទាំងនោះបង្រៀនអ្វីខ្លះដល់អ្នក អំពីព្រះនាមនៃព្រះគ្រីស្ទ ?
-
តើយើងលើកដាក់មកលើខ្លួនយើងនូវព្រះនាមនៃព្រះយេស៊ូវគ្រីស្ទនៅពេលណា ? ( សូមប្រាកដថាសិស្សយល់ថា យើងលើកដាក់មកលើខ្លួនយើងនូវព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ នៅពេលយើងធ្វើ និងរក្សាសេចក្ដីសញ្ញាដ៏ពិសិដ្ឋនានា
នៅពេលសិស្សពិភាក្សាខគម្ពីរទាំងនេះ ពួកគេអាចត្រូវការជំនួយដើម្បីយល់ពីគោលលទ្ធិដែលថា យើងអាចក្លាយជា “ បុត្រាបុត្រីរបស់ព្រះគ្រីស្ទ” ( ម៉ូសាយ 5:7 ) ។ អ្នកអាចបង្ហាញថា ឪពុកម្នាក់លះបង់ជីវិតសម្រាប់កូន ។ យើងគឺជាកូនចៅខាងវិញ្ញាណរបស់ព្រះវរបិតាសួគ៌ ។ យើងក៏ជាកូនចៅរបស់ឪពុកនៅលើផែនដី ដែលមានម្ដាយរបស់យើងផ្ដល់ឱកាសដល់យើងឲ្យរស់នៅលើផែនដីខាងរូបកាយសាច់ឈាម ។ ដោយសំដៅលើ ម៉ូសាយ 5:7 ប្រធាន យ៉ូសែប ហ្វីលឌីង ស្ម៊ីធ បានបង្រៀនថា ព្រះយេស៊ូវគ្រីស្ទក៏ “ ក្លាយជាព្រះបិតារបស់យើងដែរ” ដោយសារទ្រង់ “ ផ្ដល់ឲ្យយើងនូវជីវិត ជីវិតដ៏អស់កល្បជានិច្ច តាមរយៈដង្វាយធួនដែលទ្រង់បានធ្វើសម្រាប់យើង” ។ ប្រធាន ស្ម៊ីធ បានពន្យល់ថា “ យើងក្លាយជាបុត្រា និង បុត្រីនៃព្រះយេស៊ូវគ្រីស្ទ តាមរយៈសេចក្ដីសញ្ញានៃការគោរពតាមរបស់យើងចំពោះទ្រង់” ( Doctrines of Salvation, comp. ប្រ៊ូស អ័រ ម៉ាក់ខន់ឃី, វ៉ុលទី 3 ។ [1954–56], 1:29 ) ។
សូមឲ្យសិស្សមើលទៅពាក្យនៅលើក្ដារខៀន ដែលពិពណ៌នាអំពីសារសំខាន់នៃឈ្មោះ ។
-
តើពាក្យទាំងឡាយនៅលើក្ដារខៀនអាចជួយយើងឲ្យយល់ពីសារសំខាន់នៃការលើកដាក់មកលើខ្លួនយើងនូវព្រះនាមនៃព្រះយេស៊ូវគ្រីស្ទដោយរបៀបណា ?
សូមឲ្យសិស្សអាន ម៉ូសាយ 5:9–13 ដោយស្ងាត់ស្ងៀម ដោយរកមើលការប្រឹក្សាបន្ថែមពីស្ដេចបេនយ៉ាមីនអំពីការលើកដាក់នូវព្រះនាមនៃព្រះយេស៊ូវគ្រីស្ទមកលើខ្លួនយើង ។ អ្នកអាចស្នើថា សិស្សគួរអានខគម្ពីរទាំងនេះ ហាក់ដូចជាសេ្ដចបេនយ៉ាមីនកំពុងនិយាយទៅកាន់ពួកគេម្នាក់ៗ ។ សូមឲ្យសិស្សធ្វើការជាដៃគូ ហើយសូមឲ្យពួកគេពិភាក្សាអំពីសំណួរខាងក្រោមដោយផ្អែកលើអ្វីដែលពួកគេបានអាន ។ ( អ្នកអាចសរសេរសំណួរទាំងនេះនៅលើក្ដារខៀន ឬ ចែកជាក្រដាសដល់ពួកគេ ) ។
-
សូមគិតអំពីសារៈសំខាន់នៃការលើកដាក់ព្រះនាមនៃព្រះគ្រីស្ទមកលើខ្លួនយើង ។ តើអ្នកគិតថា ការមានព្រះនាមនៃព្រះគ្រីស្ទសរសេរនៅក្នុងដួងចិត្តរបស់អ្នកមានអត្ថន័យយ៉ាងដូចម្ដេច ? តើពរជ័យអ្វីខ្លះ ដែលមកដល់អ្នកមានព្រះនាមនៃព្រះគ្រីស្ទសរសេរនៅក្នុងដួងចិត្តរបស់ពួកគេ ?
-
សូមគិតអំពីមនុស្សដែលអ្នកស្គាល់ ដែលគោរពដល់ព្រះនាមនៃព្រះគ្រីស្ទ ។ តើមនុស្សទាំងនេះបានធ្វើអ្វីខ្លះ ដើម្បីបង្ហាញពីគារវភាព និង សេចក្ដីស្រឡាញ់ដែលពួកគេមានចំពោះព្រះនាមនៃព្រះគ្រីស្ទ ?
សូមឲ្យសិស្សម្នាក់អាន ម៉ូសាយ 5:15 ឮៗ ។ សូមអញ្ជើញសិស្សឲ្យរកមើលសកម្មភាពដែលបង្ហាញពីអ្នកដែលគោរពតាមសេចក្ដីសញ្ញារបស់ពួកគេ ។
-
តើសំណួរណាខ្លះ ដែលយើងអាចសួរខ្លួនឯងដើម្បីវាយតម្លៃពីទំហំដែលយើងបានលើកដាក់ព្រះនាមនៃព្រះគ្រីស្ទមកលើខ្លួនយើង ?
សូមចែកចាយនូវអារម្មណ៍របស់អ្នកអំពី អត្ថន័យនៃការលើកដាក់ព្រះនាមនៃព្រះគ្រីស្ទមកលើខ្លួនអ្នក ។ សូមថ្លែងទីបន្ទាល់ពីសារៈសំខាន់នៃការធ្វើដូច្នេះនៅក្នុងជីវិតរបស់អ្នក ។
ម៉ូសាយ 6:1–7
ម៉ូសាយចាប់ផ្ដើមរជ្ជកាលរបស់ទ្រង់ជាស្ដេច
សូមឲ្យសិស្សអាន ម៉ូសាយ 6:1–3 ដោយស្ងាត់ស្ងៀម ដោយរកមើលអ្វីដែលស្ដេចបេនយ៉ាមីនបានធ្វើ មុនពេលទ្រង់បានចាកចេញពីហ្វូងមនុស្ស ។
-
តើអ្នកគិតថា ហេតុអ្វីបានជាវាសំខាន់ដើម្បីកត់ត្រាឈ្មោះប្រជាជនទាំងអស់ដែលបានចូលទៅក្នុងសេចក្ដីសញ្ញា ? ហេតុអ្វីបានជាសេ្ដចប៊េនយ៉ាមីនតែងតាំងសង្ឃក្នុងចំណោមប្រជាជន ?
សូមពន្យល់ថា ក្រោយពីការនិយាយទៅកាន់ប្រជាជនហើយ ស្ដេចបេនយ៉ាមីនបានប្រគល់នគរទៅឲ្យបុត្រាទ្រង់ ម៉ូសាយ ។ បីឆ្នាំក្រោយមក ស្ដេចបេនយ៉ាមីនបានសុគត ។ សូមឲ្យសិស្សម្នាក់អាន ម៉ូសាយ 6:6–7 ឮៗ។ សូមឲ្យសិស្សរកមើលពាក្យ និង ឃ្លាដែលបង្ហាញថា ម៉ូសាយបានធ្វើតាមគំរូនៃបិតារបស់ទ្រង់ ហើយបានជួយប្រជាជនរបស់ទ្រង់ឲ្យបន្ដទទួលការផ្លាស់ប្ដូរនៃដួងចិត្តដ៏ធំរបស់ពួកគេ ។